ច្បាប់ហៃមហាជន

ដោយវិគីភីឌា
Jump to navigation Jump to search

ច្បាប់ហៃមហាជន គឺជាកាព្យបទព្រហ្មគីតិ ដែលជាច្បាប់សម្រាប់ទូន្មានដល់មហាជនខ្មែរ ទាំងប្រុសទាំងស្រី។

ខ្លឺមសារដើម[កែប្រែ]

ហៃមហាជនសប្បុរស ទោះស្រីប្រុសកបកិរិយា

គួរគិតយកប្រាជ្ញា ចងចាំច្បាប់ជាគន្លង។

មានច្បាប់ពីបុរាណ លោកទូន្មានទុកឲ្យហោង

ជនជាតិនៅឯក្រោយ ចងចាំច្បាប់ទុកគ្រប់ប្រាណ។

ធម្មតាអ្នកចិត្ដល្អ ពុំដែលក្រខ្សត់ប៉ុន្មាន

ទេព្ដាជាប្រធាន តែងចំរើនសុខឥតសៅ។

បើធ្វើចិត្ដអាក្រក់ ដើរលួចឆក់លោកសៅដៅ

ទ្រព្យនោះណាបាត់ទៅ ដូចអគ្គីឆេះរោលរាល។

ទេព្ដានឹងផ្ដន្ទា ឲ្យវេទនានៅកណ្ដាល

នរកទុក្ខអម្បាល លំបាកណាស់ណាអ្នកអើយ។

សម្បត្ដិក្នុងលោកិយ បរលោកក្ដីពុំត្រាស្បើយ

ទុក្ខច្រើនពេកណាស់ហើយ តែងនឹងរកកម្មវេរា។

បើចង់ឲ្យបានសុខ ឲ្យវិតក្កក្នុងចិន្ដា

ខិតខំពិចារណា នឹងចរចាមានមេត្រី។

បើចង់បានជាធំ នោះឲ្យខំរៀនសេចក្ដី

ឲ្យច្បាស់តាមបាលី កេរ្ដិ៍គម្ពីរច្បាប់ធម៌ថា។

កុំអាងតែសក្ដិបុណ្យ ចិត្ដលោភលន់លើមាត្រា

ឬបុណ្យនោះអសារ ទ្រព្យធនណាអន្ដរាយ។

ចេះចាំក្នុងសេចក្ដី មានមេត្រីពាក្យបរិយាយ

មេត្ដាអ្នកទាំងឡាយ អ្នកនោះនឹងជួយឲ្យពរ។

ឯកសារយោង[កែប្រែ]

  • (ដកស្រង់ពីសៀវភៅច្បាប់ផ្សេងៗរបស់ពុទ្ធសាសនបណ្ឌិត្យ)