ញឹក ឌឹម
ញឹក ឌឹម | ||
|---|---|---|
| ជីវប្រវត្តិសង្ខេប | ||
| នាមពេញ | ញឹក ឌឹម | |
| រហស្សនាម | ||
| សញ្ជាតិ | ||
| អាជីព |
| |
| ជំនាញ | ||
| ស្នាដៃ | ||
| ថ្ងៃខែឆ្នាំកំណើត | ||
| ថ្ងៃទទួលមរណភាព | ||
| ទទួលមរណភាពដោយសារ | ||
| ស្រុកកំណើត | ||
| ឪពុក | ||
| ម្តាយ | ||
| ភរិយា | ||
| បុត្រ | ||
ប្រភពដើម ភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ជាកន្លែងវិចិត្រករឆ្នើមលោកញឹក ឌឹម ចាប់កំណើត ។ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៣៤ ស្ត្រីជាម្តាយបានផ្តល់កំណើតឱ្យលោកញឹក ឌឹម ដោយមិនអាចដឹងមុនអំពីជោគវាសនារបស់លោកទៅអនាគត ហើយដែលច្រើនឆ្នាំក្រោយមកកេរ្តិ៍ឈ្មោះជាវិចិត្រករធ្វើឱ្យលោកលេចធ្លោឡើង ។
ផ្តល់កំណើតឱ្យកូនដែលមានទេពកោសល្យខ្ពស់ផ្នែកសិល្បៈគំនូរដែលនរណាក៏សរសើរ តែឪពុកម្តាយរបស់លោកញឹក ឌឹម គឺលោកញឹក ពិដោ និងអ្នកស្រីព្រំ ប៉ុល មានជីវិត និងនិស្ស័យឆ្ងាយពីសិល្បៈ គឺជាកសិករថ្នឹកតែនឹងការងារធ្វើស្រែ ។
និស្ស័យនឹងសិល្បៈគំនូរ មនុស្សយើងកើតមកមាននិស្ស័យ ខុសៗគ្នា ខ្លះទោរទន់ទៅរកសិល្បៈ ខ្លះកីឡា ខ្លះជំនួញ ចំណែកលោកញឹក ឌឹម ថ្វីបើកើតក្នុងវង្សត្រកូលកសិករ តែមាននិស្ស័យទៅលើសិល្បៈគំនូរ ។
ឃើញកូនមាននិស្ស័យទៅលើសិល្បៈគំនូរ ដោយបង្ហាញភស្តុតាងជាក់ស្តែង គឺមានទេពកោសល្យគូររូបតាំងពីក្មេង ឪពុក ម្តាយលោកញឹក ឌឹម បានបញ្ជូនលោកទៅសាលាគំនូរ។ បន្ទាប់ពីរៀនចប់ថ្នាក់បឋមសិក្សានៅស្រុកកំណើតនាឆ្នាំ១៩៤៩ លោកញឹក ឌឹម លាចាកជនបទចូលទៅរៀនសិល្បៈគំនូរនៅសាលាវិចិត្រសិល្បៈនាទីក្រុងភ្នំពេញ ។
ប៉ុន្មានឆ្នាំក្រោយ គឺនៅឆ្នាំ១៩៥៤ លោកញឹម ឌឹម បានរៀនចប់ជំនាញគូរគំនូររបស់ខ្លួន។
ស្ថានទូតអាមេរិក ប្រចាំនៅក្រុងភ្នំពេញ ជាកន្លែងដែលលោកញឹក ឌឹម ចូលធ្វើការដំបូង ។ វិចិត្រករញឹក ឌឹម បានទៅបញ្ចេញស្នាដៃរបស់ខ្លួននៅប្រទេសហ្វ៊ីលីពីន នាឆ្នាំ១៩៥៧ ។
ស្នាដៃ និងកេរ្តិ៍ឈ្មោះ ដើម្បីបង្កើនសមត្ថភាពជំនាញ លោកញឹក ឌឹម បានទៅសហរដ្ឋអាមេរិកនាឆ្នាំ១៩៦៧ ដើម្បីសិក្សាពីរបៀបផលិតរឿងគំនូរជីវចល ។
«ទន្សាយឆ្លាតវៃ» ជាស្នាដៃរឿងគំនូរជីវចលដំបូងរបស់វិចិត្រករញឹក ឌឹម ដែលបានឈ្នះក្នុងការប្រកួតប្រជែងស្នាដៃសិស្ស ក្រោមការរៀបបចំដោយក្រុមហ៊ុនផលិតរឿងគំនូរជីវចលអាមេរិក «វ៉ល ឌីស្ន៊ី (walt Disney) ។
តាំងពីពេលនោះមកស្នាដៃគំនូរជីវចលបែបចំអក និងកំប្លែងរបស់លោកញឹក ឌឹម បានផ្សព្វផ្សាយលើទំព័រទស្សនាវដ្តីមួយចំនួន ។
លើសពីនោះទៅទៀតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ បានឱ្យលោកញឹក ឌឹម គូរគំនូរនៅលើសៀវភៅបទចម្រៀងដែលជាស្នាដៃព្រះហស្តរបស់ព្រះអង្គ ។
ទឹកដៃគំនូររបស់វិចិត្រករញឹក ឌឹម ទទួលបានការពេញចិត្ត និងកោតសរសើរពីមហាជនទូទៅ ។ ស្នាដៃជាច្រើនរបស់វិចិត្រកររូបនេះដែលទទួលបានការសរសើរមានដូចជា សម្រស់រមណីយដ្ឋានទឹកឈូ ខេត្តកំពត ប្រាសាទអង្គរវត្ត រូបខ្មែរជំនាន់ដើម រូបអ្នកចម្រៀងលោកស៊ីន ស៊ីសាមុត អ្នកស្រីរស់ សេរីសុទ្ធា អ្នកស្រីប៉ែន រ៉៉ន និងអ្នកស្រីហួយ មាសជាដើម ។
រូបភាពត្រជាក់ភ្នែក និងរឹតតែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀតរបស់វិចិត្រករញឹក ឌឹមនោះ គឺរូបនារីក្រមុំស្លៀកសារុង និងរុំស្បៃឃើញសម្រស់ដងខ្លួន និងសុដន់ក្រពុំមូលក្លំ ។
ទេពកោសល្យលើសពីសិល្បៈគំនូរ កេរ្តិ៍ឈ្មោះជាវិចិត្រករលុបលើទេពកោសល្យផ្សេងទៀតរបស់លោកញឹក ឌឹម ។ តើមានមនុស្សប៉ុន្មាននាក់ដែលដឹងថា វិចិត្រករញឹក ឌឹម ក៏ជាអ្នកនិពន្ធទំនុកច្រៀងនិងបទភ្លេងដែរនោះ ។
អ្នកនិយមស្តាប់បទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត មានបទ «ទុក្ខស្នេហ៍កម្ម»«អ្នកណាឱ្យគូរ» (លោកស៊ីន ស៊ីសាមុត ច្រៀងឆ្លើយឆ្លងជាមួយអ្នកស្រីប៉ែន រ៉ន) និងបទ«កុលាបមួយទង» ដឹងត្រឹមតែអ្នកច្រៀង តែមិនដឹងថា ទំនុកច្រៀងនិងបទភ្លេងនៃបទទាំងនោះជាស្នាដៃរបស់វិចិត្រករញឹក ឌឹមទេ ។
បទចម្រៀង «ទុក្ខស្នេហ៍កម្ម» ដែលផ្តើមទំនុកថា «ស្រឡាញ់បងហើយម្តេចឡើយមិនស្មោះ អូនអាងសម្ផស្សកើតចិត្តអប្រិយ ប្រែជាក្បត់ភ្លេចសម្បថ ក្រឡាស់សម្តី បើកចិត្តឱ្យប្រុសថ្មី ចោលប្តីឥតក្តីស្រណោះ…» និពន្ធបទភ្លេងដោយលោកញឹក ឌឹម សម្រួលតន្ត្រីដោយលោកម៉ក់ ឈួន និងនិពន្ធទំនុកច្រៀងដោយលោកហ៊៊ុយ ស៊ីផាន់ ។
បទចម្រៀង «អ្នកណាឱ្យគូរ» និពន្ធទំនុកច្រៀងដោយលោកញឹក ឌឹម និងនិពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោកគឹម សំអែល ។
បទចម្រៀង «កុលាបមួយទង» និពន្ធទំនុកច្រៀងដោយលោកញឹក ឌឹម និងនិពន្ធបទភ្លេង និងសម្រួលតន្ត្រីដោយលោកគឹម សំអែល ។
ខឹងលោកស៊ីន ស៊ីសាមុត រឿងច្រៀងដៀមដាម បទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត មានចំណងជើងថា «រំដួលដងស្ទឹងសង្កែ» ជាបទពេញនិយមមួយ ។
បទចម្រៀង «រំដួលដងស្ទឹងសង្កែ» លោកគង្គ ប៊ុនឈឿន តែងទាំងទំនុកច្រៀង និងបទភ្លេងនៅឆ្នាំ១៩៧៤ និងសម្រួលតន្ត្រីដោយលោកមែន ប៊ុុន ។
នោះគឺជាប្រវត្តិនៃបទចម្រៀង «រំដួលដងស្ទឹងសង្កែ» ប៉ុន្តែលោកញឹក ឌឹម បែរជាយកមកភ្ជាប់ពាក់ព័ន្ធនឹងរូបលោកទៅវិញ ។ បើតាមលោកគង្គ ប៊ុនឈឿន បញ្ជាក់ថា ពេលបទចម្រៀង «រំដួលដងស្ទឹងសង្កែ» ចាក់ផ្សាយលើកដំបូង លោកញឹក ឌឹម មានប្រតិកម្មខ្លាំង រករឿងខឹងលោកស៊ីន ស៊ីសាមុត ដែលជាអ្នកច្រៀងដោយចោទថា លោកស៊ីន ស៊ីសាមុត ច្រៀងដៀមដាមឱ្យលោក ។ លោកញឹក ឌឹម ចាប់ចំណុចចោទលោកស៊ីន ស៊ីសាមុត ត្រង់ឃ្លានៃចម្រៀងថា «វិចិត្រករអើយកុំបាច់គូរអី នៅក្នុងលោកិយស្រីល្អគ្មានទេ» ។
នៅពេលបានដឹងថា បទចម្រៀង «រំដួលដងស្ទឹងសង្កែ» ជាបទដែលលោកគង្គ ប៊ុនឈឿន តាក់តែងោឡើងដើម្បីរំឭកដល់អនុស្សាវរីយ៍ពីអតីតកាល គឺសំដៅរំដួលដងស្ទឹងសង្កែ នៅក្នុងក្តីសស្រមៃរបស់លោក ប៉ុន្តែគ្មានបំណងដៀមដាម ឬរិះគន់ឱ្យលោកញឹក ឌឹមទេនោះទើបលោកស្រាកខឹងវិញ ។
ស្នេហា វិចិត្រករញឹក ឌឹម បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីម៉ៅ សាមេន ។ គូស្វាមី ភរិយានេះបានផ្តល់កំណើតឱ្យកូន៦នាក់ មានប្រុស៣នាក់ និងស្រី៣នាក់ ។ ក្នុងចំណោមកូនទាំង៦នាក់ របស់លោកញ៉ឹក ឌឹម នោះ កូនស្រីទាំង៣នាក់បានស្លាប់ទាំងវ័យក្មេង ។
ជីវិតចុងក្រោយ មិនមានឯកសារលាតត្រដាងពីជីវិតរបស់វិចិត្រករញឹក ឌឹម នៅក្នុងរបបខ្មែរក្រហមទេ។ នៅពេលរបបខ្មែរក្រហមមកដល់ ទំនងជាគេជម្លៀសលោកញឹក ឌឹម ឱ្យទៅរស់នៅឃុំរមេញ ស្រុកគិរីវង់ ខេត្តតាកែវ ទើបលោកស្លាប់បាត់បង់ជីវិតនៅទីនោះ ។ លោកញឹក ឌឹម ស្លាប់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៧៨ មុនថ្ងៃរំដោះ៧មករា ១៩៧៩ តែជាង២០ថ្ងៃប៉ុណ្ណោះ ។
(ឯកសារយោងសៀវភៅកំណាព្យស្នេហ៍មាស, វិគីភីឌា និងឯកសាររបស់អ្នកស្រីកែវ ច័ន្ទបូរណ៍) ៕
