តិរច្ឆានកថា

ពីវិគីភីឌា

[៣៦៤] ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំ​ងឡាយ កុំពោល​ពាក្យតិរច្ឆានកថាច្រើន​ប្រការ ។ តិរច្ឆាន​កថា គឺអ្វី​ខ្លះ ? គឺនិយាយអំពី​ស្ដេច និយាយ​អំពី​ចោរ និយាយអំពី​មហាមាត្រ និយាយអំពី​សេនា និយាយ​អំពីភ័យ និយាយអំពី​ចម្បាំង និយាយអំពីគ្រឿងស៊ី និយាយ អំពីគ្រឿង​ផឹក និយាយអំពី​សំពត់ និយាយអំពី​ទីដេក និយាយអំពី​កម្រង​ផ្កា និយាយអំពី​គ្រឿង​ក្រអូប និយាយអំពី​ញាតិ និយាយអំពីយាន​ និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពីទាហានដ៏ក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់​ទឹក និយាយអំពីបុព្វ​ប្រេត​គឺញាតិដែល​ចែកស្ថាន​ទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍​ផ្សេងៗ និយាយអំពីលោក​ និយាយអំពីការជីកសមុទ្រ និយាយអំពីសេចក្ដីចម្រើន​និង​មិន​ចម្រើន​ ដូច្នេះ​ៗ ។ ដំណើរនោះ​ ព្រោះហេតុអ្វី​ ? ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា ការ​ពោល​នុ៎ះ មិន​ប្រកប​ដោយប្រយោជន៍ មិនមែន​ជាអាទិព្រហ្មចរិយធម៌ មិន​​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​នឿយ​ណាយ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រាសចាកតម្រេក ​មិន​ប្រព្រឹត្តទៅដើម្បី​សេចក្តីរម្លត់​ទុក្ខ មិន​ប្រព្រឹត្តទៅ​ដើម្បីសេចក្តី​ស្ងប់​ស្ងាត់ មិន​ប្រព្រឹត្តទៅ​ដើម្បី​ដឹងច្បាស់ មិន​ប្រព្រឹត្តទៅដើម្បី​ត្រាស់ដឹង មិន​ប្រព្រឹត្តទៅ​ដើម្បី​និព្វាន ។ ម្នាល​ភិក្ខុទាំងឡាយ កាលបើអ្នក​ទាំងឡាយ​ពោល ​ គួរពោលថា នេះជា​ទុក្ខ គួរ​ពោលថា នេះហេតុ​ជាទីកើត​ឡើង​នៃ​ទុក្ខ គួរ​ពោល​ថា នេះជា​ទី​រម្លត់​ទុក្ខ គួរ​ពោល​ថា នេះ​ជា​បដិបទា ជាដំណើរ​ទៅ​កាន់​ទី​រម្លត់​ទុក្ខ ។ ដំណើរនោះ ព្រោះ​ហេតុអ្វី ? ម្នាលភិក្ខុទាំងឡាយ​ ព្រោះ​ថា ការពោល​នុ៎ះប្រកប​ដោយ​ប្រយោជន៍ ការពោលនុ៎ះ​ជាអាទិព្រហ្មច​រិយធម៌ ការពោលនុ៎ះប្រព្រឹត្តទៅ​ដើម្បី​សេចក្ដី​នឿយ​​​ណាយ ដើម្បី​ប្រាសចាកតម្រេក ដើម្បីរម្លត់​ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹង​ច្បាស់ ដើម្បី​ត្រាស់​ដឹង ដើម្បី​និព្វាន ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​ទុក្ខ ។បេ។ គួរ​ធ្វើ​សេចក្ដី​ព្យាយាមថា នេះ​ជា​បដិបទា ជាដំណើរ​ទៅកាន់​ទី​រម្លត់​ទុក្ខ​ ។

(សមាធិវគ្គ តិរច្ឆានកថា បិដក​លេខ ៣៩ ទំព័រ​ទី ២៣៦)

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​​សាវត្ថី ។ ក្នុង​សម័យនោះឯង ភិក្ខុទាំងឡាយ​ច្រើនរូប ត្រឡប់​អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ ក៏អង្គុយ​ជួបជុំគ្នា ក្នុង​ឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ច្រើនយ៉ាង គឺនិយាយអំពី​ស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយអំពី​ម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់ទឹក និយាយ​អំពីញាតិ ដែល​ចែកឋាន​ទៅ​កាន់​បរលោក និយាយ​អំពីពាក្យ ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពី​លោក និយាយ​អំពីរឿង​ជីកសមុទ្រ និយាយ​អំពីសេចក្តី​ចម្រើន​ និង​មិនចម្រើន​ ដែលជា​ហេតុ​ឥត​ប្រយោជន៍ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញ​អំពីទី​សម្ងំ ក្នុង​សាយណ្ហសម័យ​ហើយ ស្តេចចូល​ទៅកាន់​ឧបដ្ឋានសាលា លុះ​ចូលទៅដល់ហើយ​ទ្រង់​គង់​លើអាសនៈ ដែលគេ​ក្រាលថ្វាយ ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ស្រេចហើយ ទើបត្រាស់​សួរភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងកាល​អម្បាញ់មិញ​នេះ អ្នក​ទាំងឡាយ​ប្រជុំគ្នា ដោយកថា​ដូចម្តេចហ្ន៎ ម៉្យាងទៀត អន្តរាកថា ដូចម្តេចហ្ន៎ ដែល​អ្នក​ទាំងឡាយ បញ្ឈប់​ទៅ ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចម្រើន​ ក្នុងទីនេះ ពួកខ្ញុំ​ព្រះអង្គ​ត្រឡប់អំពី​បិណ្ឌបាត ក្នុង​បច្ឆាភត្តហើយ អង្គុយ​ជួបជុំគ្នា ក្នុងឧបដ្ឋានសាលា ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង គឺនិយាយ​អំពីស្តេច និយាយ​អំពីចោរ ។បេ។ និយាយ​អំពីសេចក្តី​ចម្រើន​ និង​មិនចម្រើន​ ដែល​ជាហេតុ​ឥតប្រយោជន៍ ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ប្រកប​តិរច្ឆានកថា​ជាច្រើនយ៉ាង ដោយ​ហេតុណា ហេតុនោះ មិនសមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត​អ្នកចេញ​ចាកផ្ទះ​ដោយ​សទ្ធា ហើយចូលកាន់​ផ្នួស​ឡើយ តិរច្ឆានកថា​នោះគឺ និយាយ​អំពីស្តេច និយាយ​អំពីចោរ និយាយ​អំពីអាមាត្យធំ និយាយ​អំពីសេនាទាហាន និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយ​អំពីម្ហូបចំណី និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីទីដេក និយាយ​អំពីកម្រងផ្កា និយាយ​អំពី​គ្រឿង​ក្រអូប និយាយ​អំពីញាតិ និយាយ​អំពីយាន និយាយ​អំពីស្រុក និយាយ​អំពី​និគម និយាយ​អំពីនគរ និយាយ​អំពីជនបទ និយាយ​អំពីស្រ្តី និយាយ​អំពីយោធា​​ក្លៀវក្លា និយាយ​អំពីច្រកផ្លូវ និយាយ​អំពីកំពង់​ទឹក និយាយ​អំពីញាតិ ដែលចែកឋាន​ទៅកាន់​បរលោក និយាយ​ពាក្យ​ដែលឥត​ប្រយោជន៍ មាន​សភាពផ្សេង ៗ និយាយ​អំពីលោក និយាយ​អំពី​រឿងជីក​សមុទ្រ និយាយ​អំពីសេចក្តី​ចម្រើន​ និង​មិនចម្រើន​ ដែល​ជាហេតុ​ឥត​ប្រយោជន៍។ ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ (ហេតុគួរ​និយាយ) អម្បាល​នេះ​ មាន ១០ ប្រការ ។ កថាវត្ថុ ១០ ប្រការ តើដូចម្តេច​ខ្លះ ? គឺនិយាយ​អំពីសេចក្តី​ប្រាថ្នាតិច ១ និយាយ​អំពីសេចក្តី​សន្តោស ១ និយាយអំពី​សេចក្តី​ស្ងាត់ ១ និយាយ​អំពីសេចក្តី​មិនច្រឡូក​ច្រឡំដោយ​ពួកគណៈ ១ និយាយ​អំពីប្រារព្ធ​សេចក្តី​ព្យាយាម ១ និយាយ​អំពីសីល ១ និយាយ​អំពីសមាធិ ១ និយាយ​អំពីបញ្ញា ១ និយាយ​អំពីវិមុត្តិ ១ និយាយ​អំពី​វិមុត្តិញ្ញាណទស្សនៈ ១ ​ម្នាលភិក្ខុ​ទាំងឡាយ កថាវត្ថុ មាន ១០ ប្រការ​នេះឯង ។ ម្នាលភិក្ខុ​ទាំងឡាយ បើអ្នក​ទាំងឡាយ និយាយ​នូវកថា ដែល​អាស្រ័យ​កថាវត្ថុ ១០ ប្រការ​នេះឯង អ្នកទាំង​ឡាយ នឹងគ្រប​សង្កត់នូវ​តេជះនៃ​ព្រះចន្ទ និង​ព្រះអាទិត្យ​នេះឯង ដែល​មានឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាព​ធំយ៉ាងនេះ ដោយតេជះ​របស់ខ្លួន នឹងបាច់​ពោលទៅថ្វី ដល់​ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ឡើយ ។

(កថាវត្ថុសូត្រ ទី១ បិដក​លេខ ៥០ ទំព័រ​ទី ២៧៩)

[៣៥] ពាក្យថា គប្បីរារាំងត្រចៀកចាកគាមកថា សេចក្តីថា តិរច្ឆានកថា ៣២ លោកហៅថា គាមកថា ។ តិរច្ឆានកថា​នោះ តើដូចម្តេច ? គឺនិយាយ​អំពី​ព្រះរាជា និយាយ​អំពីចោរ និយាយ​អំពី​អាមាត្យធំ និយាយ​អំពីសេនា និយាយ​អំពីភ័យ និយាយ​អំពីចម្បាំង និយាយ​អំពីបាយ និយាយ​អំពីទឹក និយាយ​អំពីសំពត់ និយាយ​អំពីយាន និយាយ​អំពីទីដេក និយាយ​អំពីផ្កាកម្រង និយាយ​អំពី​គ្រឿងក្រអូប និយាយ​អំពីញាតិ និយាយ​អំពីស្រុក និយាយ​អំពីនិគម និយាយ​អំពីនគរ និយាយ​អំពី​ជនបទ និយាយ​អំពីស្រ្តី និយាយ​អំពីបុរស និយាយ​អំពីយោធា​ដែលក្លៀវក្លា និយាយ​អំពីច្រក និយាយ​អំពី​កំពង់ទឹក និយាយ​អំពីញាតិ​ដែលចែក​ឋានទៅ​កាន់បរលោក​ហើយ និយាយ​អំពីពាក្យ​ដែលឥត​ប្រយោជន៍​មានសភាព​ផ្សេងៗ និយាយ​អំពីលោក និយាយ​អំពីសមុទ្រ និយាយ​អំពីសេចក្តី​ចម្រើន និងមិនចម្រើន ហេតុនោះ (ទ្រង់​ត្រាស់ថា) ចាក​គាមកថា ។ ពាក្យថា គប្បី​រារាំង​ត្រចៀក គឺ​គប្បី​រារាំង ហាមឃាត់ ខាំងខា រក្សា គ្រប់គ្រង បិទ ផ្តាច់បង់​នូវត្រចៀក​ចាក​គាមកថា ហេតុនោះ (ទ្រង់​ត្រាស់ថា) គប្បី​រារាំងត្រចៀក ចាក​គាមកថា ។

(បិដក​លេខ​ ៦៦ ទំព័រ​ទី ៥៤)

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > មហាវារវគ្គ > សច្ចសំយុត្ត > សមាធិវគ្គ > តិរច្ឆានកថា (សៀវភៅ​ភាគ ៣៩ ទំព័រ​ទី ២៣៦)

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទុតិយបណ្ណាសក > យមកវគ្គ > ទសកនិបាត > កថាវត្ថុសូត្រ ទី​១ (សៀវភៅ​ភាគ ៥០ ទំព័រ​ទី ២៧៩)

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > មហានិទ្ទេស > តុវដកសុត្តនិទ្ទេស ទី ១៤ > តិរច្ឆានកថា (សៀវភៅ​ភាគ ៦៦ ទំព័រ​ទី ៥៤)

Tiracchana-Katha (Unskilful Talk)

Topics of Conversation (2)​ Kathāvatthu Sutta  (AN 10:70)

พระไตรปิฎก เล่มที่ ๑๙ > พระสุตตันตปิฎก เล่มที่ ๑๑ > สังยุตตนิกาย > มหาวารวรรค > ติรัจฉานกถาสูตร