តំបន់អឌ្ឍច័ន្ទមាស

ពីវិគីភីឌា
ផែនទីបង្ហាញតំបន់ផលិតហេរ៉ូអ៊ីនទាំង២

តំបន់អឌ្ឍច័ន្ទមាស ជាតំបន់ផលិតអាភៀនដ៏ធំមួយក្នុងចំនោមតំបន់ផលិតអាភៀនទាំង២​នៅអាស៊ី។ វាស្ថិតនៅតំបន់ភ្នំប្រសព្វ​រវាង​ប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និង ប៉ាគីស្ថាន។ តំបន់ជួរភ្នំព័ទ្ធជុំវិញតំបន់នេះ​មានរាងជាអឌ្ឍច័ន្ទ ទើបគេដាក់ឈ្មោះវាបែបនេះ។

ការិយាល័យអង្គការសហប្រជាជាតិសំរាប់អង្កេតពីគ្រឿងញៀននិងឧក្រិដកម្ម (UNODC) បានប៉ាន់ប្រមាណ​ថាមានបំលាស់ប្ដូរ​ប្រភពចំបងរបស់​ហេរ៉ូអ៊ីន​ យ៉ាងគួរកត់សំគាល់​ក្នុងកំលុង​១០ឆ្នាំនេះ។ ផលិតកម្មហេរ៉ូអ៊ីននៅអាស៊ីអាគ្នេយ៍មានការធ្លាក់ចុះយ៉ាងគំហុក ខណៈផលិតកម្មនៅអាស៊ីខាងលិចកើនឡើង។ ប្រទេសអាហ្វហ្គានីស្ថានបានក្លាយជាប្រទេសផលិតអាភៀន​ច្រើនជាងគេនៅលើពិភពលោក ដោយផលិតអាភៀនប្រមាណ ១៧៨២ ម៉ែត្រគូប ក្នុងមួយឆ្នាំ (តួលេខតាមការប្រមាណរបស់​ក្រសួងការបរទេសសហរដ្ឋអាមេរិក) លើសមីយ៉ាន់ម៉ាទៅទៀត។ ការធ្លាក់ចុះផលិតកម្ម​ហេរ៉ូអ៊ីននៅមីយ៉ាន់ម៉ា​បណ្ដាលមកពី​លក្ខខណ្ឌ​ដាំដុះមិនអំណោយផល​ជាប់ៗគ្នាក្នុងប៉ុន្មានឆ្នាំនេះផង​និងគោលនយោបាយ​លុបបំបាត់​គ្រឿងញៀនរបស់រដ្ឋាភិបាល​ថ្មីផង។ ប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នផលិតអាភៀន៩០%នៃចំនួនផលិតសរុបលើទូទាំងពិភពលោក។

តំបន់អឌ្ឍច័ន្ទមាស​មានប្រវត្ដិខាងផលិតអាភៀនយូរអង្វែងជាងតំបន់ត្រីកោណមាសនៅអាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែតំបន់នេះ​បានផ្លាស់ខ្លួនជា​តំបន់ផលិតអាភៀន​សម័យទំនើបនៅទស្សវត្សរ៍៧០ ខណៈតំបន់ត្រីកោណមាសផ្លាស់ខ្លួនតាំងពីទស្សវត្សរ៍៥០។

ទោះបីហេរ៉ូអ៊ីនដែលចរាចរក្នុងផ្សារងងឹតនៅអាស៊ីភាគច្រើនមានប្រភពមកពី​តំបន់ត្រីកោណមាសក៏ដោយ តំបន់អឌ្ឍច័ន្ទមាសកំពង់តែពង្រីកទីផ្សាររបស់ខ្លួន​ចូលទៅចិនខាងលិត ជាពិសេសខេត្តស៊ីនជាំង