ទន្លេឥរ៉ាវ៉ាឌី
ទន្លេឥរ៉ាវ៉ាឌី (ភាសាភូមា : ဧရာဝတီမြစ်) គឺជាទន្លេសំខាន់របស់មីយ៉ាន់ម៉ា ដែលហូរកាត់កណ្តាលនៃប្រទេស។ ផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់មីយ៉ាន់ម៉ា មានប្រវែងប្រហែល ២ ១៧០ គីឡូម៉ែត្រ។ ចាប់ផ្តើមចេញពីចំណុចប្រសព្វនៃទន្លេណឹម៉ៃ (N'mai) និង ម៉ាលី ដែលហូរពីទិសខាងជើងទៅខាងត្បូង មុនពេលហូរកាត់ដីសណ្ដឥរ៉ាវ៉ាឌី ក្នុងតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyarwady) ចូលទៅក្នុងសមុទ្រអង់ដាម៉ង់ ។ អាងស្តុកទឹករបស់វាមានទំហំប្រហែល ៤០៤,០០០គីឡូម៉ែត្រការ៉េ គ្របដណ្តប់ ៦១% នៃផ្ទៃដីនៃប្រទេសភូមា និងមានទីក្រុងធំៗចំនួនប្រាំ។


នៅដើមសតវត្សរ៍ទីប្រាំមួយ ទន្លេត្រូវបានប្រើប្រាស់សម្រាប់ពាណិជ្ជកម្ម និងដឹកជញ្ជូន ហើយបណ្តាញប្រឡាយស្រោចស្រពយ៉ាងទូលំទូលាយត្រូវបានបង្កើតឡើងដើម្បីទ្រទ្រង់កសិកម្ម។ ទន្លេនៅតែមានសារៈសំខាន់ជាផ្លូវទឹកពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ វាក៏ផ្តល់សេវាប្រព័ន្ធអេកូឡូស៊ីសំខាន់ៗដល់សហគមន៍ និងវិស័យសេដ្ឋកិច្ចផ្សេងៗគ្នា រួមទាំងកសិកម្ម នេសាទ និងទេសចរណ៍។
ក្នុងឆ្នាំ២០០៧ របបផ្តាច់ការយោធារបស់មីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីចំនួន ៧ ដែលផ្តល់ទិន្នផលសរុប ១៣,៣៦០ MW នៅក្នុងទន្លេណឹម៉ៃ និង ម៉ាលី រួមទាំងទំនប់ Myitsone ៣៦០០ MW នៅចំនុចប្រសព្វនៃទន្លេទាំងពីរ។ អង្គការបរិស្ថានបានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានរបស់គម្រោងទៅលើប្រព័ន្ធអេកូឡូស៊ីជីវចម្រុះទន្លេ។ សត្វដែលរងផលប៉ះពាល់មានសក្តានុពលរួមមាន ផ្សោតក្បាលត្រឡោក ដែលជិតផុតពូជ និងត្រីឆ្លាមហ្គេង (Ganges) ដែលជិតផុតពូជ។