ភ្នំពេញ

Pp-semi
ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ទីក្រុងភ្នំពេញ)

ភ្នំពេញ

Phnom Penh Skyline 2022
ឈ្មោះផ្លូវការណ៍ រាជធានីភ្នំពេញ
រកឃើញ គ.សករាជ ១៤០០
អ្នកបង្កើត បរមរាជាទី១ពញ្ញាយ៉ាត
រាជសម័យ សម័យកាលចតុមុខ
នាមសម្គាល់ហៅ ក្រុងចតុមុខ
បោះបង់លើកទី១ គ.សករាជ ១៤៦១
ក្នុងរាជ ព្រះស្រីរាជា
មូលហេតុ ចម្បាំងដុតក្រុងចតុមុខរវាង

ព្រះស្រីរាជា និង
ស្រីសុរិយោទ័យ

បង្កើតឡើងវិញ ក្នុងរាជ ព្រះនរោត្តម
កាលបរិច្ឆេទ ១៨៦៥
សម័យកាល កម្ពុជាក្រោមអណាព្យាបាលបារាំង
តាងនាមទីក្រុង យកតាមឈ្មោះ (វត្តភ្នំ) និង

លោកយាយ ដូនពេញ

ត្រូវបានហៅថា ក្រុងភ្នំពេញ
បោះបង់លើកទី២ ១៩៧៥
សម័យកាល កម្ពុជាប្រជាធិបតេយ្យ
ការសម្លាប់ប្រជាជនក្នុងក្រុង ប្រមាណ 1.2 លាននាក់
ទីតាំង រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ការចាប់ផ្ដើមឡើងវិញ ១៩៨២ រហូតដល់បច្ចុប្បន្ន
មជ្ឈមណ្ឌល កំណត់ជាទីក្រុងធំទី១
រហស្សនាម ទីក្រុងវប្បធម៌
ចំនួនប្រជាជន 2.3 លាននាក់ (2023)
កំណើនប្រជាជន increase 2.8 លាននាក់ (2024)
increase 3.1 លាននាក់ (2025)
ផ្ទៃក្រឡាទីក្រុង 679 km²
ផ្ទៃក្រឡាពង្រីកបន្ថែម increase 919 km² (2024)
អភិបាលក្រុង លោក ឃួង ស្រេង (CPP)
រដ្ឋបាលក្រុង សាលារាជធានីភ្នំពេញ
និមិត្តសញ្ញាត្រាក្រុង
ចំនួនខណ្ឌ 14 ខណ្ឌ
ចំនួនសង្កាត់ 105 សង្កាត់
កំណើនសេដ្ឋកិច្ច
(GDP growth)
5.6% (2023)[១]
increase 6.6% (2024)

ភ្នំពេញ គឺជារាជធានីរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅច្រើនជាងមួយលាននាក់ និង ជាទីក្រុងធំលំដាប់ទី១ ដែលមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសកម្ពុជា ។ ក្រុងភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលប្រមូលផ្ដុំទៅដោយ សំណង់អាគារលំនៅដ្ឋាន សាលារៀន មន្ទីពេទ្យ វត្តអារាម ទីផ្សារដោះដូរមុខទំនិញ លើមុខជំនួញជួញដូរ ទាំងក្នុងស្រុក និង ក្រៅស្រុក ក្នុងលំហូរសាច់ប្រាក់ជាអតិបរមា ដែលរួមបញ្ចូលទាំងសេដ្ឋកិច្ចទីផ្សារ សង្គមកិច្ច និង នយោបាយ ដែលនាំឱ្យទីក្រុងទាំងមូលក្លាយជាទីកន្លែងរស់នៅប្រកបដោយភាពសម្បូរបែប ។[២]

ប្រវត្តិនៃទីក្រុង[កែប្រែ]

ទីក្រុងភ្នំពេញត្រូវបានបង្កើតឡើងដំបូងក្នុងរាជ ព្រះបរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលបានប្រកាសជាផ្លូវការ ក្នុងឆ្នាំ ១៤០០ នៃគ.ស ត្រូវនឹង ស.វទី១៥ ។ ក្រុងភ្នំពេញ បានចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ ១៣៩៧ នៃគ.ស អំឡុងពេលដែលរាជធានីទួលបាសាន នាខេត្ត កំពង់ចាម ត្រូវបានទឹកជំនន់ជន់លិច ហើយព្រះរាជាបានផ្លាស់រាជធានីមកតំបន់ចតុមុខ ដើម្បីកសាងទីក្រុងនេះឡើង ដែលប្រើពេលសាងសង់អស់រយៈពេល ៣ឆ្នាំ ទើបញ្ចប់ក្នុងឆ្នាំ ១៤០០ នៃគ.ស ហើយទ្រង់បានប្រកាសរាជធានីថ្មីនេះថា "ក្រុងចតុមុខ មង្គលសកលកម្ពុជាធិបតី សិរីធរៈបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ" ដែលត្រូវបានហៅកាត់ថា "ក្រុងចតុមុខ" ។[៣]

ការបោះបង់ទីក្រុងលើកទី១[កែប្រែ]

ទីក្រុងភ្នំពេញ ត្រូវបានបោះបង់ចោលជាលើកដំបូង អំឡុងពេលដែលកម្ពុជាមានជម្លោះរាជវង្សដណ្ដើមរាជ នៅគ.សករាជ ១៤៦១ ព្រះស្រីសុរិយោទ័យ ដែលត្រូវជាព្រះនុជ (ប្អូនបង្កើត) ព្រះស្រីរាជា បានធ្វើររាជប្រហារដណ្ដើមយករាជបល្ល័ងដោយមានការជម្រុញពីពួកមន្ត្រីក្បត់ក្នុងជួរមន្ត្រីនៃមុខងារជាតិកម្ពុជា ដោយប្រកាសថ្លែងរាជសារឡើងគ្រងរាជជាព្រះមហាក្សត្រក្នុងពេលនោះ ការឡើងគ្រងរាជដោយចិត្តឯងបែបនេះ បានធ្វើឱ្យ ព្រះធម្មរាជាទី២ ដែលជាព្រះអនុជទី៣ មិនពេញចិត្តនិងទង្វើររបស់ព្រះរាម ស្រីសុរិយោទ័យ នោះទេ ដោយទ្រង់បានលួចយកគ្រឿងបញ្ចាក្សេត្រ ដែលជាគ្រឿងសម្រាប់ឡើងគ្រងរាជ យកមកលាក់ទុក ដើម្បីកុំឱ្យ ស្រីសុរិយោទ័យ ឡើងគ្រងរាជដោយស្របច្បាប់បាននាពេលនោះ ហើយទ្រង់បានលួចផ្ញើសារលិខិត ទៅព្រះស្រីរាជា អំពីការធ្វើរាជប្រហារដណ្ដើមរាជនេះផងដែរ ។ ព្រះស្រីរាជា ដែលកំពុងច្បាំងជាមួយពួកសៀម ក្រោយពេលបានទទួលដំណឹងនេះ ទ្រង់បានដកទ័ពត្រឡប់មកវិញ ស្រីសុរិយោទ័យ ទ្រង់ខ្ញាល់និង ធម្មរាជា ជាខ្លាំងដែលលួចផ្ញើសារលិខិតទៅ ស្រីរាជា ដូចនេះទ្រង់បញ្ជារឱ្យពលសេនាតាមសម្លាប់ធម្មរាជា ហើយពេលនោះពលសេនាប្រមាណ ៥០០នាក់ បានចម្បាំងរំដោះ ព្រះធម្មរាជា នាំទ្រង់ភៀសព្រះកាយទៅតាំងបន្ទាយនៅសំរោងទង (បច្ចុប្បន្ន: កំពង់ស្ពឺ) ដើម្បីតតាំងក្នុងជម្លោះដណ្ដើមរាជនេះ ។ នៅអំឡុងខែកក្កដា គ.សករាជ ១៤៦១ ស្រីរាជា បានដឹកនាំទ័ព ៧០,០០០ (៧មុឺននាក់) វាយលុកចូលរាជធានីចតុមុខ កងទ័ពរបស់ស្រីសុរិយោទ័យមិនអាចទប់ទល់បាន បានដកថយទៅបោះបន្ទាយនៅទួលបាសាន ខេត្តកំពង់ចាម ។ ច្បាំងគ្នាអស់ពេលពេញមួយខែ ក្រុងចតុមុខរងការខូចខាត ស្ទើរទាំងស្រុងដោយគ្រាប់កាំភ្លើងធំ ដោយសេចក្ដីគ្រោធខឹង ព្រះស្រីរាជា បានបញ្ជារឱ្យពលសេនា ដុតកំទេចរាជវាំងចតុមុខ ក្នុងពេលនោះ ហើយទ្រង់បានដកទ័ពទៅបោះបន្ទាយនៅស្រុកបរិបូរណ៍នា ខេត្តកំពង់ឆ្នាំង វិញ ហើយនេះជាព្រឹត្តិការណ៍នៃជម្លោះដណ្ដើរាជធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលប្រទេសកម្ពុជាទាំងមូលមានស្ដេចចំនួន៣ និងចែកជាតំបន់ត្រួតត្រាបី ហើយក្រុងចតុមុខត្រូវបានបោះបង់ចោលចាប់ពីពេលនោះមករហូតដល់រាជ ព្រះបាទ នរោត្ដម ទើបទ្រង់បង្កើតរាជធានីនៅតំបន់ចតុមុខនេះឡើងវិញក្នុងឆ្នាំ ១៨៦៥ នៃគ.សករាជ ។[៤]

ការបោះបង់ទីក្រុងលើកទី២[កែប្រែ]

ទីក្រុងភ្នំពេញ ត្រូវបានបោះបង់ចោលជាលើកទី២ អំឡុងពេលដែលកម្ពុជាជួបវិបិត្តនៃសង្គ្រាមសុីវិល (Civil-War) ដោយទទួលរងឥទ្ធិពលពីសង្គ្រាមត្រជាក់រវាងប្រទេស មហាអំណាចពីរគឺ សហភាពសូវៀត និង សហរដ្ឋអាមេរិក ។ ក្នុងឆ្នាំ ១៩៧៥ ដោយពួកខ្មែរក្រហម ដែលកាន់ លទ្ធិគុម្មុយនីស្ត បានយកឈ្នះលើ របបសាធារណៈរដ្ឋខ្មែរ របស់លោក សេនាប្រមុខ លន់ នល់ និង បានបង្ខំឱ្យប្រជាជនក្នុងទីក្រុងភ្នំពេញ ជម្លៀសចេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ហើយវាជាការចាប់ផ្ដើមនូវសុបិនអាក្រក់ដែលយូរបំផុត របស់ប្រជាជនកម្ពុជា ដែលរស់នៅក្នុងទុក្ខវេទនា អស់រយៈពេលជិត ៤ ឆ្នាំ ក្រោមកណ្ដាប់ដៃដ៏សាហាវឃោឃៅជាទីបំផុត របស់ពួកខ្មែរក្រហម ។[៥]

ភ្នំពេញក្នុងរបប កម្ពុជាប្រជាធិបតេយ្យ[កែប្រែ]

នៅចុងឆ្នាំ ១៩៧៤ ដោយកងទ័ពខ្មែរក្រហមបានវាយក្រសោប ជិតមកដល់ក្រុងភ្នំពេញ ប្រជាជនបានបន្តភៀសខ្លួនចូលមករស់នៅក្នុងក្រុងភ្នំពេញកាន់តែ ច្រើនឡើងៗ រហូតដល់ជាង ២លាននាក់ តែជាចុងក្រោយកងទ័ពខ្មែរក្រហមបានយកឈ្នះ របបសាធារណៈរដ្ឋខ្មែរ ហើយចូលមកដល់ក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅវេលាម៉ោង ៧ព្រឹក កងទ័ពខ្មែរក្រហមបានវាយកាន់កាប់ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង អ្នកដំណើរជាច្រើនត្រូវបានចាប់ខ្លួន នៅវេលាម៉ោង ៨ព្រឹក កងឆ្លបរបស់ពួកខ្មែរក្រហម បានវាយចូលកាន់កាប់ក្រសួងឃោសនាការ វិទ្យុផ្សាយទាំងអស់ត្រូវបានគ្រប់គ្រងដោយពួកខ្មែរក្រហម នៅវេលាម៉ោង ១០ព្រឹក កងទ័ពខ្មែរក្រហមបានចូលមកពាសពេញក្រុងភ្នំពេញ ប្រជាជនក្នុងក្រុងបានចេញមកទទួលស្វាគមន៍ពួកគេ និង ទះដៃអបអរពួកគេនូវតាមដងផ្លូវ ហើយស្រែកថា ជ័យយោ! ខ្មែរឈប់ច្បាំងគ្នាហើយ ចំណែកឯកងទ័ពសាធារណៈរដ្ឋខ្មែរ បានកាន់ទង់ជ័យស បញ្ចាក់ពីការចុះចាញ់ និង ទម្លាក់អវុធក្នុងដៃចោលផងដែរ ។ នៅវេលាម៉ោង ១១ព្រឹក ពួកខ្មែរក្រហម បានប្រកាសតាម ឃោសនៈសព្ទ ហើយប្រកាសថា សហរដ្ឋអាមេរិក និង ទម្លាក់គ្រាប់បែកនៅទីក្រុងភ្នំពេញ សូមប្រជាជនទាំងអស់ចាកចេញពីទីក្រុងភ្នំពេញ រយៈពេល ៣ថ្ងៃ និង ត្រឡប់មកវិញហើយ ពួកខ្មែរក្រហមបានចុះទៅភ្ជុងកាំភ្លើងភ្លាមៗ ដល់ប្រជាជនក្នុងក្រុង ឱ្យចាកចេញពីក្រុងភ្នំពេញជាបន្ទាន់ អ្នកមិនទាន់បានត្រៀមអ្វីទាំងអស់ត្រូវទៅទាំងខ្លួនទទេ អ្នកបានដឹងខំរត់ទៅស្រវេស្រវ៉ារករបស់របរដែលខ្លួនអាចយកទៅតាមខ្លួនបាន ដូចជា៖ អង្ករ ត្រីសាច់ និង គ្រឿងបរិភោគផ្សេងៗ ការជម្លៀសធ្វើឡើងក្នុងទម្រង់ជាបន្ទាត់ខ័ណ្ឌ មានន័យថាក្នុងតំបន់ដែលពួកខ្មែរក្រហមកំពុងជម្លៀសប្រជាជន តំបន់ជាប់ៗគ្នានៅតែមិនអាចដឹងពីភាពវឹកវរអ្វីទាំងអស់ ប្រជាជនត្រូវជម្លៀសឱ្យអស់ពីទីក្រុងក្នុងរយៈពេលបីថ្ងៃ យ៉ាងហើចណាស់ប្រជាជនជាង ២០,០០០ (២មុឺននាក់) ត្រូវបាញ់សម្លាប់ក្នុងលំនៅដ្ឋានរបស់ពួកគេ ករណីដែលពួកគេមិនព្រមចាកចេញ ។ ក្នុងពេលដែលពួកខ្មែរក្រហមកំពុងជម្លៀសប្រជាជនក្នុងក្រុង អ្នកដែលមានសម្លៀកបំពាក់ជាកងទ័ពសាធារណៈរដ្ឋខ្មែរ ពួកខ្មែរក្រហមបានបណ្ដើរយកពួកគេទៅបាញ់សម្លាប់ចោលតែម្ដង យ៉ាងហើចណាស់ កងទ័ព ក្នុងរបបសាធារណៈរដ្ឋខ្មែរ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅក្រៅក្រុងប្រមាណជា ៣០,០០០ (៣មុឺននាក់) ចំពោះអ្នកដែលបានជម្លៀសចេញពីទីស្នាក់ការ នៃអគារ រដ្ឋបាលណាមួយ ដែលសម្គាល់ជាពួកមន្ត្រីរាជការក្នុងរបបសាធារណៈរដ្ឋខ្មែរ ពួកខ្មែរក្រហម តម្រូវឱ្យចងខ្សែរអំបោះពណ៌ក្រហមនៅម្រាមដៃមេ របស់ពួកគេ ដោយចង និង បណ្ដើរពួគគេជាជួរដើម្បីសម្គាល់ក្រុមមនុស្សដែលស្ថិតក្នុងរាជការរបស់លោក លន់នល់ រាល់អ្នកណាម្នាក់ដែលធ្វើឱ្យដាច់ខ្សែរអំបោះនោះ ពួកខ្មែរក្រហម និងបាញ់សម្លាប់ពួកគេទាំងជួរតែម្ដង ។ ប្រជាជន ក្នុងក្រុងភ្នំពេញជាង ២លាននាក់ ត្រូវបានជម្លៀសចេញទាំងបង្ខំ ដោយពួកខ្មែរក្រហម ក្រោមការបង្គាប់បញ្ជារផ្ទាល់ពីលោក ខៀវ សំផន ចំណែកឯជនបរទេសដែលរស់នៅក្នុងក្រុងភ្នំពេញ ពួកខ្មែរក្រហម បានចាប់ពួកគេ យកទៅដាក់ប្រមូលផ្ដុំនៅក្នុងស្ថានទូតបារាំង ដើម្បីរៀបចំដឹកជញ្ជូនពួកគេតាមរថយន្ត និង បណ្ដេញពួកគេចេញពីប្រទេសកម្ពុជា ក្នុងពេលនោះផងដែរ តាមរយៈច្រកព្រំដែនខ្មែរ-ថៃ ។[៦]

ទុក្ខវេទនា នៃការជម្លៀស[កែប្រែ]

ប្រជាជន ក្នុងក្រុងភ្នំពេញជាង ២លាននាក់ ដែលត្រូវបានជម្លៀសចេញទាំងបង្ខំក្នុងនោះ មានជនចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកមានពិការភាព ក្មេងតូចៗ ដែលវង្វេងក្រុមគ្រួសារក្នុងពេលកំពុងជម្លៀស បានធ្វើដំណើរជាច្រើនគីឡូម៉ែត្រនៅតាមដងផ្លូវក្នុងរយៈពេល ១សប្ដាហ៍ ១ខែ រហូតដល់ ៣ខែ ដើម្បីទៅតំបន់គោលដៅ ដែលរៀបចំដោយ "សាឡុតស" ឬ ប៉ុល ពត ដែលជាថ្នាក់ដឹកនាំកំពូលដោយគេឱ្យរហ័សនាមលោកថាជា "មេអង្គការ" (Organization Leader) ដែលជាមេបញ្ជារការកំពូល នៃគណៈមជ្ឈឹមបក្ស ។ ប្រជាជនរាប់លាននាក់បានកកស្ទះនៅលើ ស្ពានព្រះមុនីវង្ស អ្នកដែលជម្លៀសចេញទៅដោយខ្លួនទទេ មិនមានទឹក ឬ អាហារសម្រាប់ទ្រទ្រង់ អ្នកដែលមិនអាចទ្រាំបាន បានលោតសម្លាប់ខ្លួននៅលើស្ពានព្រះមនុវង្ស ក្នុងចំនួនរាប់រយនាក់ ។ ដើម្បីមិនឱ្យមានការកកស្ទះនៅលើស្ពានព្រះមុនីវង្ស ពួកខ្មែរក្រហម ប្រកាសឱ្យប្រជាជនដែលជម្លៀស ត្រូវបោះបង់យាន្តជំនិះរបស់ពួកគេដើម្បីបន្តដំណើរទៅមុខទៅតាមគោលដៅដែលពួកគេបានរៀបចំ ក្នុងដំណើររាប់ខែនៃការជម្លៀស យ៉ាងហើចណាស់ មានប្រជាជនជាង ២០០,០០០ (២០មុឺននាក់) ត្រូវបានស្លាប់នៅតាមដងផ្លូវដោយការអត់អាហារ និង មិនមានការព្យាបាល ។ ប្រជាជនដែលកំពុងជម្លៀសចេញពីទីក្រុងភ្នំពេញត្រូវបានពួកខ្មែរក្រហមហៅសម្គាល់ថា ពួក១៧មេសា ពួកប្រជាជនថ្មី ពួកដែលត្រូវធ្វើវិសុទ្ធកម្ម ដែលមានន័យថាការស្វែងរកសាច់ញាតិដែលពាក់ព័ន្ធ នៃក្រុមមនុស្សដែលធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ដើម្បីយកពួកគេទៅសម្លាប់ផ្ដាច់ពូជ ដែលមានន័យថា ការសម្លាប់៩តំណពូជ រាប់ពីចៅលួត រហូតដល់សាច់ថ្លៃ ។[៧]

ភ្នំពេញក្លាយជាទីក្រុងខ្មោច[កែប្រែ]

រយៈពេលតែ ៣ថ្ងៃ ប៉ុនណោះ ប្រជាជនដែលរស់ក្នុងក្រុងភ្នំពេញប្រមាណជា ២លាននាក់ ត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យជម្លៀសចេញអស់ពីទីក្រុងភ្នំពេញ ទីក្រុងទាំងមូលក្លាយជាទីក្រុងស្ងាត់ជ្រងំ គ្មានសូម្បីតែនរណាម្នាក់ ទីផ្សារទាំងអស់ក្នុងក្រុងទាំងមូលបន្សល់ទុកតែ របស់របរប្រើប្រាសដែលប្រជាជនមិនអាចយកទៅតាមខ្លួនបាន ៣ថ្ងៃនៃការជម្លៀស ពួកខ្មែរក្រហមបានប្រកាសហាមមិនឱ្យមានការដោះដូររូបបិយវត្ថុថែមទៀត នោះគឺការចរាចរណ៍ប្រាក់រៀល មិនមានសូម្បីតែការចាយលុយ សេដ្ឋកិច្ចជាតិទាំងមូលចាប់ផ្ដើមដាំក្បាលចុះយ៉ាងគំហុក មិនត្រឹមតែប៉ុនណោះ ប៉ុលពត បានដាក់បទបញ្ជារដោយផ្ទាល់ គឺលុបបំបាត់ទស្សនៈវិស័យទាំងអស់នៅទូទាំងប្រទេសកម្ពុជា ការលុបបំបាត់ដូចជា៖ វិស័យចម្រៀង វិស័យភាពយន្ត វិស័យសិល្បៈតន្ត្រី វិស័យសុខាភិបាល វិស័យអប់រំ វិស័យឧហ្សាហកម្ម វិស័យកសិកម្ម វិស័យសិប្បកម្ម ត្រូវបានបិទចោលទាំងអស់តែម្ដង ទីក្រុងភ្នំពេញដែលជាទីក្រុងសុីវុីល័យ ដែលគេឱ្យរហ្សសនាមថា ទីក្រុងអលង្ការនៃអាសុីភាគខាងត្បូង (Phnom Penh is Jewel City of South Asia) ដែលប្រជាជនចូលចិត្តពាក់មាសពេជ្របង្អួតគ្នា ត្រូវបានក្លាយជាទីក្រុងខ្មោច (Ghost city) ក្នុងមួយប៉ប្រិចភ្នែក ភ្នំពេញដែលជាទីក្រុងដ៏ស្រស់បំព្រម ត្រូវបានបោះបង់ចោលជាលើកទី២ នៅខែមេសា ឆ្នាំ 1975 រហូតដល់ឆ្នាំ 1982 ទើបទីក្រុងទាំងមូលចាប់ផ្ដើមនៃសកម្មភាពរស់នៅរបស់ប្រជាជនឡើងវិញបន្តិចម្ដងៗ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។[៨]

ការរំដោះទីក្រុងភ្នំពេញ[កែប្រែ]

រយៈពេលជិត៤ឆ្នាំនៃការបោះបង់ទីក្រុងភ្នំពេញ ប្រជាជនដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ប្រមាណជា ១,២០០,០០០ (១.២លាននាក់) តាមរយៈការបន្ថែមគោលនយោបាយថ្មី របស់លោក ខៀវ សំផន គោលនយោបាយរាវរកខ្មាំងសុីរូងផ្ទៃក្នុងដែលធ្វើឱ្យរាំងស្ទះ ដល់ចលនាបដិវត្តន៍កម្ពុជា ខ្មាំងដែលបង្កប់ក្នុងជួរប្រជាជន កសិករ និង កម្មករ ដែលមានន័យថា ប្រជាជនដែលធ្វើឱ្យបាក់បែករបស់របរ ដែលពួកខ្មែរក្រហមបានចែកឱ្យ ដូចជា៖ ការធ្វើឱ្យបាក់នង្គ័ល បាក់រនាស់ បាក់ចប ឬ របស់របរផ្សេងៗទៀត ដែលអ្នកណាម្នាក់ធ្វើឱ្យខូចខាតនៅឧបករណ៍ទាំងអស់នោះ ពួកគេទាំងនោះនិងត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ចោលតែម្ដង គោលនយោបាយនេះត្រូវបានអនុម័តដោយ នួន ជា ។ ទំនាស់រវាងពួកខ្មែរក្រហម និង វៀតណាម ត្រូវបានចាប់ផ្ដើមឡើងក្នុងឆ្នាំ ១៩៧៧ លើទំនាស់អធិបតេយ្យភាពនៃដែនដី កោះត្រល់ ប្រតិបត្តិការបោសសម្អាតក្នុងជួរបក្ស របស់ពួកខ្មែរក្រហម ត្រូវបានធ្វើឡើងដោយការចោទសមាជិក នៃគណៈកម្មាភិបាលក្នុងជួរបក្សរបស់ខ្លួនថាជា គិញសម្ងាត់របស់យួន យ៉ាងហើចណាស់ប្រជាជនប្រមាណជា ៧០០,០០០ (៧០មុឺននាក់) ត្រូវបានយកទៅសម្លាប់បន្ថែមទៀត នៅអំឡុងឆ្នាំ ១៩៧៧ ។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៧៧ ពួកខ្មែរក្រហម ដែលដឹកនាំដោយ សុន សេន បានបើកការវាយប្រហារទៅលើប្រទេសវៀតណាម នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងបានវាយចូលជ្រៅមកដល់ខេត្តតាយនិញ (Tay Ninh) នៃប្រទេសវៀតណាម ដូចនេះវៀតណាម បានប្រកាសវាយបកទៅលើពួកខ្មែរក្រហមវិញផងដែរ ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ វៀតណាមបានបើកការវាយប្រហារទៅលើមូលដ្ឋានទ័ពពួកខ្មែរក្រហម ក្នុងខេត្តមួយចំនួនដូចជា៖ ខេត្តក្រចេះ, ព្រៃវែង និង ស្វាយរៀង ពេលនោះហើយដែលប្រជាជនកម្ពុជាមួយចំនួនបានរត់ភៀសខ្លួនពីការគាបសង្កត់របស់ពួកខ្មែរក្រហម ទៅចូលរួមជាមួយនិងកងកម្លាំងរបស់ពួកវៀតណាម និង បានបង្កើតឱ្យមានចលនារំដោះជាតិមួយដែលមានឈ្មោះថា "រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា" (Kampuchea United Front for National Salvation) ដែលប្រកាសឡើងនៅថ្ងៃទី០២ ខែធូ ឆ្នាំ ១៩៧៨ ដែលដឹកនាំដោយលោក ប៉ែន សុវណ្ណ[៩]

៧ មករា ថ្ងៃជ័យជំនះ[កែប្រែ]

មុននិងវៀតណាម ឈានដល់ការឈ្លានពានកម្ពុជា ជាទ្រង់ទ្រាយធំ ជាការពិតណាស់វៀតណាមត្រូវបញ្ចុះបញ្ចូល សមាជិកភាព នៃប្រទេសរដ្ឋគុម្មុយនីស្តជាមុនសិន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ ប្រទេស សហភាពសូវៀត ដែលជាស្ថាបនិកនៃលទ្ធិគុម្មុយនីស្ត បានយល់ព្រមចុះហត្ថលេខា និងបញ្ចូនកងកម្លាំងរបស់ខ្លួនមកចូលរួមជាមួយនិងកងកម្លាំងវៀតណាម តាមរយៈការយល់ស្របដែលភាគីវៀមណាមលើកឡើងថា មេដឹកនាំជាន់ខ្ពស់ នៃបក្សគុម្មុយនីស្តកម្ពុជា បានអនុវត្តគោលនយោបាយ សម្លាប់ប្រជាជនរបស់ខ្លួន ដោយទម្លាក់កំហុសមកលើវៀតណាម ហើយបានប្រើលេះមួយនេះបង្ករក្ដីវិវាទមកលើខ្លួន ការអនុវត្តន៍គោលនយបាយសម្លាប់ប្រជាជននេះក៏និងធ្វើឱ្យ លទ្ធិគុម្មុយនីស្ត បាត់បង់ប្រជាប្រិយភាពនៅលើពិភពលោកផងដែរ ។ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ១៩៧៨ កងកម្លាំង រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានកងកម្លាំង ២០,០០០ (២មុឺននាក់) កងកម្លាំង សហភាពសូវៀត ១០,០០០ (១មុឺននាក់) និង កងកម្លាំងរបស់ វៀតណាម ប្រមាណជា ១០០,០០០ (១សែននាក់) បានបើកការវាយប្រហារទៅលើពួកខ្មែរក្រហម ដែលមានចំនួន ៥០,០០០ (៥មុឺននាក់) នៅឈរជើងតាមបន្ទាត់ព្រំដែន ។ រយៈពេលតែមួយសប្ដាហ៍ប៉ុនណោះ កងកម្លាំងចំរុះបានវាយរុញច្រានកងទ័ពរបស់ពួកខ្មែរក្រហមជិតមកដល់ក្រុងភ្នំពេញ អំឡុងពេលដែលកងកម្លាំងចំរុះវាយរុញច្រានទ័ពរបស់ពួកខ្មែរក្រហម ប្រជាជនខ្លះបានរត់គេចពីពួកខ្មែរក្រហម មកខាងភាគីនៃកងកម្លាំងចំរុះ ហើយប្រជាជនទាំងនោះបានទទួលនូវការផ្ដល់ទឹក និងស្បៀងអាហារខ្លះៗសម្រាប់ពួកគេ ចំណែកឯប្រជាជនមួយចំនួនដែលត្រូវបានពួកខ្មែរក្រហមបង្ខំឱ្យរត់ទៅជាមួយពួកគេជាបន្តទៀតដើម្បីយកប្រជាជនធ្វើជាចំណាត់ខ្មាំង ហើយពួកខ្មែរក្រហម និង សម្លាប់ប្រជាជនចោលក្រោយពួកខ្មែរក្រហមភៀសខ្លួនរួច ដោយកងកម្លាំងចំរុះវាយរុញច្រានពួកខ្មែរក្រហមកាន់តែលឿន ពួកខ្មែរក្រហមបានសំរេចចិត្តមិននាំពលរដ្ឋរត់ទៅជាមួយទៀតនោះទេ នៅក្នុងស្ថានភាពដ៏វឹកវរនេះប្រជាជន ដែលកំពុងរត់គេចមាន ស្ត្រី ចាស់ ក្មេង ដែលរត់នៅលើដងផ្លូវ ត្រូវបានពួកខ្មែរក្រហមបើករថក្រោះកិនសម្លាប់នៅលើដងផ្លូវតែម្ដង ។[១០] [១១] នៅថ្ងៃទី០៣ ខែមករា ឆ្នាំ ១៩៧៩ ចារកិច្ចពិសេស របស់បក្សគុម្មុយនីស្ត ចិន បានជួយជ្រោមជ្រែងដល់លោក អៀង សារី ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស របស់ពួកខ្មែរក្រហម និងបានប្រាប់ជាសម្ងាត់ ឱ្យក្រុមកម្មាភិបាលរបស់ពួកខ្មែរក្រហមភៀសខ្លួនចាកចេញពីទីក្រុងភ្នំពេញជាប្រញាប់ ព្រោះកងកម្លាំងរបស់ សហភាពសូវៀត និង កងកម្លាំងរបស់ វៀតណាម និងវាយកាន់កាប់ទីក្រុងភ្នំពេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដូចនេះថ្នាក់ដឹកនាំនៃពួកខ្មែរក្រហម បានភៀសខ្លួន និង បាននាំយក សម្ដេចព្រះ នរោត្តមសីហនុ ដែលជាប់ឃុំឃាំងនៅព្រះបរមរាជវាំង ទៅជាមួយផងដែរ ដោយពួកគេនិងចាកចេញទៅលាក់ខ្លួននៅតំបន់ភាគខាងលិចប្រទេសកម្ពុជា ឬ លាក់ខ្លួននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ហើយប៉ុលពត បានរក្សាទុកនៅកងទ័ពចំនួន ៥,០០០ (៥ពាន់នាក់) ប៉ុនណោះ ដើម្បីការពារទីក្រុងភ្នំពេញ ។ ប៉ុន្មានថ្ងៃក្រោយមក កងកម្លាំងចម្រុះ ដែលមានក្រុម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រុម សហភាពសូវៀត និង ក្រុម វៀតណាម បានរួមគ្នាវាយផ្ដួលរំលំរបប កម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំពួកខ្មែរក្រហម នៅទីក្រុងភ្នំពេញ ដែលកំណត់យកជាថ្ងៃប្រវត្តិសាស្ត្រ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ។[១២]

សច្ចភាព ប្រវត្តិសាស្ត្រ[កែប្រែ]

ក្រោយការដួលរំលំរបស់ពួកខ្មែរក្រហម មានជនបរទេស មួយចំនួន បានចងក្រងអំពីប្រវត្តិសាស្ត្រនៅកម្ពុជា ទាក់ទងអំពីព្រឹត្តិការណ៍នេះ ប៉ុន្តែការចងក្រងរបស់ពួកគេគឺមិនត្រឹមត្រូវនោះទេ ពួកគេបានសរសេរ ក្លែងប្រវត្តិសាស្ត្រ និង បំភ្លៃសេចក្ដីពិតថា ទីក្រុងភ្នំពេញ គឺជាកូនក្រុង (Town) មានប្រជាជនរស់នៅប្រមាណជា 6 សែននាក់ ហើយក្នុងអំឡុងពេលពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញ ប្រជាជនស្លាប់ប្រមាណជា 3 ពាន់នាក់ ចំណែកឯប្រជាជនកម្ពុជាទាំងមូល ដែលស្លាប់នៅទូទាំងប្រទេសកម្ពុជា ពីឆ្នាំ 1975 - 1979 មានចំនួនតែ 1.5 លាននាក់ ទៅ 2 លាននាក់ ប៉ុនណោះ កាលលើកឡើងទាំងនេះ ក្រុមបុរាណាចារ្យ សូមប្រកាសទាត់ចោលទាំងស្រុងដែលក្រុមបរទេសមួយចំនួន មកសរសេរប្រវត្តិសាស្ត្រអំពីកម្ពុជា ប៉ុន្តែពួកគេធ្វើដំណើរមកដល់ស្នាក់នៅត្រឹម ប្រទេសថៃ ប៉ុនណោះ ហើយពួកគេអង្គុយវិភាគ និង សរសេរប្រវត្តិសាស្ត្រកម្ពុជា ដោយអារម្មណ៍ផ្ទាល់ខ្លួនប៉ុនណោះ ការលើកឡើងរបស់ជនបរទេសមួយចំនួននោះគឺផ្ទុយនិង សច្ចភាពប្រវត្តិសាស្ត្រកម្ពុជាទាំងស្រុង សច្ចភាពប្រវត្តិសាស្ត្រ គឺ ជាប្រវត្តិសាស្ត្រពិត ដែលចងក្រងពីមួយជំនាន់ទៅមួយជំនាន់ ទៅតាមព្រឹត្តិការណ៍នៃសង្គមមនុស្ស ដែលបានកើតឡើងជាក់ស្ដែង តាមទីកន្លែង និង ពេលវេលាច្បាស់លាស់ ។ តាមរបាយការណ៍ នៃការធ្វើជំរឿនអំពីប្រជាជនកម្ពុជា ឆ្នាំ 1994 ដោយ អង្គការសហប្រជាជាតិ ប្រទេសកម្ពុជា ដែលបានឆ្លងកាត់សម័កាលខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុលពត ពីឆ្នាំ 1975 ដល់ឆ្នាំ 1979 ប្រជាជនកម្ពុជាទាំងមូលបានបាត់បងជីវិត ចន្លោះពី 2.7 លាននាក់ រហូតដល់ 3 លាននាក់ ។[១៣]

សារនយោបាយ[កែប្រែ]

ថ្លែងពីសេចក្ដីឈឺចាប់របស់ប្រជាជនកម្ពុជា ដែលបាត់បង់ជិវិតចន្លោះពី 2.7 លាននាក់ រហូតដល់ 3 លាននាក់ ក្នុងរបប កម្ពុជាប្រជាធិបតេយ្យ ឆ្នាំ 1975 - 1979 ដែលដឹកនាំដោយ ប៉ុលពត, ខៀវ សំផន, នួនជា, អៀង សារី, កាំង ហ្កិច អ៊ាវ និង បក្សពួកដ៏ទៃៗទៀត រាល់ជនទាំងឡាយណា ដែលសរសេរក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រ ដោយលើកក្រុមបក្សពួកខ្មែរក្រហមជាអ្នកស្នេហាជាតិ ពួកគេគឺជាខ្មាំងប្រឆាំងនិងប្រជាជាតិកម្ពុជា គ្មានការបង្កើតទឹកដីណាមួយនៅលើពិភពលោក ដែលគ្មានវត្តមាន ប្រជាជាតិនោះទេ ។ សេចក្ដីអំពាវនាវ ចំពោះរដ្ឋាភិបាលកម្ពុជា របស់ ក្រុមបុរាណាចារ្យ រាល់សាច់ញាតិ របស់ពួកខ្មែរក្រហម មិនថា ជីដូនមួយ ឬ សាច់ថ្លៃ ដាច់ខាតសូមកុំឱ្យពួកគេបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋរបស់កម្ពុជា ។

ដង់សុីតេប្រជាជន[កែប្រែ]

ដង់សុីតេប្រជាជន គឺជាស្ថិតិដែលបង្ហាញពីចំនួនរស់នៅរបស់ប្រជាជនជាអចិន្រ្តៃយ៍ក្នុងមួយគីឡូម៉ែត្រការ៉េ គិតត្រឹមឆ្នាំ 2023 ក្រុងភ្នំពេញមានប្រជាជនសរុបចំនួន 2.3 លាននាក់ និងមានអត្រាប្រជាជនចំនួន 5,700 នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (5,700/km²) ការប៉ាន់ស្មានចំនួនប្រជាជន និងការព្យាករទាំងនេះបានមកពីការកែសម្រួលចុងក្រោយបំផុតនៃចក្ខុវិស័យនគរូបនីយកម្មពិភពលោករបស់អង្គការសហប្រជាជាតិ ។ ការប៉ាន់ប្រមាណទាំងនេះតំណាងឱ្យការប្រមូលផ្តុំការរស់នៅ ក្នុងទីក្រុងភ្នំពេញ ដែលជាធម្មតារួមបញ្ចូលចំនួនប្រជាជនទីក្រុងភ្នំពេញ បន្ថែមពីលើតំបន់ជាយក្រុងដែលនៅជាប់គ្នា ។ អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ​ភាគ​ច្រើន​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​ប្រមាណជា 90% នៃ​ប្រជាជន​សរុប​ក្នុង​ទីក្រុង ចំណែកឯជនជាតិផ្សេងៗទៀត មានប្រមាណជា 10% ដែលជាជនជាតិចំរុះជាតិសាសន៍មកពីជុំវិញពិភពលោក ខណៈ​ដែល​ភាសា​ផ្លូវការណ៍​គឺជា ភាសាខ្មែរ ហើយភាសាទំនាក់ទំនងអន្តរជាតិ គឺជាភាសា អង់គ្លេស ដែលមានអ្នកប្រើប្រាសពេញនិយមច្រើនជាងគេ ចំណែកឯភាសាបន្ទាប់បន្សំគឺជា ភាសាចិន និង ភាសាបារាំង ។ ប្រជាជន ក្នុងក្រុងភ្នំពេញប្រមាណជា 90% កាន់ ពុទ្ធសាសនា 5% កាន់ ឥស្លាមសាសនា និង 5% ទៀតកាន់ គ្រឹស្តសាសនា ផងដែរ ។[១៤]

ស្ថិតិប្រជាជនប្រចាំឆ្នាំ[កែប្រែ]

ទីក្រុងវប្បធម៌ ភ្នំពេញ[កែប្រែ]

ទីក្រុង​វប្បធម៌​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២១។

ភ្នំពេញជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនរស់នៅប្រមាណជា ២.៣ លាននាក់នៅក្នុងឆ្នាំ ២០២៣ ។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាទីប្រជុំជនដែលមានការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា បណ្តុំសំណង់អាគារធំៗជាច្រើនបានប្រមូលផ្ដុំគ្នាបង្កើតបានជា ស្កាយឡាញ (Skyline) និង អាគារកប់ពពក (Skyscraper) ដែលរួមបញ្ចូលការរស់នៅតាមបែបស្តង់ដារទំនើបដូចជា៖ ខុនដូ (Condo), ខុនដូថ្នាក់កណ្ដាល (Condominium) អផាតមិន (Apartment), ការរស់នៅបែបលំនៅដ្ឋានឯកជន (Residential), និង ការរស់នៅបែបប្រណិតអភិជន (Luxury living) ភ្នំពេញ ដែលរួមបញ្ជូលទាំងសេដ្ឋកិច្ចទីផ្សារ និង ផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា មានសាលារៀន និង សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ មានព្រលានយន្តហោះអន្តរជាតិ មានកំពង់ផែទេសចរណ៍ កំពង់ផែស្ងួតសម្រាប់វិស័យដឹកជញ្ជូន មានសួនកំសាន្តជាច្រើន និង មានកន្លែងសម្រាប់សំរាកលំហែរជាច្រើនទៀត ថែមពីលើនេះទៅទៀតមាននៅសំណង់អាគារបុរាណ សំណង់ស្ថាបត្យកម្មដែលបន្សល់ទុកតាំងពីសម័យកាល កម្ពុជាក្រោមអណាព្យាបាលបារាំង មានសារៈមន្ទីរជាតិ ព្រះបរមរាជវាំង វត្តអារាមចំណាស់ៗ និង សំណង់បូជនីស្ថានប្រវត្តិសាស្ត្រជាច្រើនទៀតផងដែរ ដែលធ្វើឱ្យទីក្រុងទាំងមូលពោពេញទៅដោយសម្បត្តិវប្បធម៌ ដែលត្រូវបានគេឱ្យរហស្សនាមថាទីក្រុងវប្បធម៌ ។[១៩]

សេដ្ឋកិច្ច[កែប្រែ]

ភ្នំពេញ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយសារទីក្រុងនេះមានចំណែកធំនៃសេដ្ឋកិច្ចរបស់កម្ពុជា អត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កឱ្យមានការរីកដុះដាលលើការវិនិយោគ ដូចជា ៖ អគារស្នាក់នៅ អគារលំនៅដ្ឋាន អគារការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន បារ និង ក្លឹបកំសាន្តជាច្រើនទៀត ដែលបានផុសឡើងជាបន្តបន្ទាប់ក្នុងទីក្រុងភ្នំពេញ ។ ទីក្រុងភ្នំពេញ ដែលត្រៀមខ្លួនក្លាយជាទីក្រុងខ្លាសេដ្ឋកិច្ចថ្មី ដើម្បីប្រកួតប្រជែងសក្ដានុពលនៃទីក្រុងក្នុងតំបន់អាស៊ាន ដែលអាចក្លាយជាទីក្រុងគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅលើពិភពលោកក្នុងពេលអនាគតផងដែរ ។ ក្រឡេកទៅមើល វិបត្តិហិរញ្ញវត្ថុឆ្នាំ 2008-2009 ឬវិបត្តិហិរញ្ញវត្ថុសកល គឺជាវិបត្តិសេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរដែលបានកើតឡើងនៅដើមសតវត្សទី 21 ដែលធ្វើឱ្យកម្ពុជាបានធ្លាក់ចុះយ៉ាងកំហុគ លើវិស័យទីផ្សារអចលនទ្រព្យ ដែលធ្វើឱ្យគម្រោងអាគារជាច្រើនបានជាប់គាំង និង លុបចោល យ៉ាងណាក្រោយពេលឆ្លងផុតវិបិត្តសេដ្ឋកិច្ចពិភពលោកឆ្នាំ 2009 ទីក្រុងភ្នំពេញចាប់ផ្ដើមមានកំណើនអ្នកវិនិយោគលើវិស័យអចលនទ្រព្យឡើងវិញក្នុងឆ្នាំ 2011 ដែលបានកើនឡើងការវិនិយោគប្រមាណជា 20% នៃ ទំហំពាណិជ្ជកម្ម របស់កម្ពុជា មួយត្រីមាសកន្លងមក នៃប្រជាជនដែលបានធ្វើការក្នុងទីក្រុងភ្នំពេញ ពួកគេបានបំពេញការងារ ក្នុងវិស័យមុខងារសាធារណៈ និង យ៉ាងហើចណាស់មានចំនួន 26% ដែលបានបម្រើកាងារក្នុង វិស័យមុខងារឯកជន ។[២០] ក្នុងឆ្នាំ 2013 ថវិកាជាតិ ត្រូវបានសម្រេចតាមផែនការទាក់ទងនឹងការបង្កើនប្រាក់ចំណូល ការទទួលបានសមតុល្យថវិកា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ។ ការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំ 2013 មានចំនួន 3.1 ពាន់លានដុល្លារ កើនឡើងពី 2.95 ពាន់លានដុល្លារក្នុងឆ្នាំ 2012 ។ ទន្ទឹមនឹងនេះដែរ ប្រាក់ចំណូលក្នុងស្រុកបានកើនឡើងដល់ 2.06 ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើងពី 2.01 ពាន់លានដុល្លារក្នុងឆ្នាំ 2012 ។ យោងតាមសេចក្តីថ្លែងការណ៍របស់ MEF បាននិយាយថា "ក្នុងឆ្នាំ 2013 ក្រសួងសេដ្ឋកិច្ចបានព្យាយាមគ្រប់គ្រង និងបន្តធ្វើការលើកំណែទម្រង់ដើម្បីកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីបង្កើនជំនាញក្នុងការប្រើប្រាស់ធនធានពីការប្រមូលចំណូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការថវិកាលើការចំណាយ ប្រាក់ខែសាធារណៈ និងការវិនិយោគ" ។ ការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន 1.06 ពាន់លានដុល្លារពីមូលនិធិបរទេសបានកើនឡើង 9 ភាគរយក្នុងឆ្នាំ 2013 ពី 972 លានដុល្លារក្នុងឆ្នាំ 2012 ។ រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ជាង 743 ​លាន​ដុល្លារ ​លើ​ប្រាក់​ឈ្នួល​វិស័យ​សាធារណៈ កើនឡើង​ពី 644 ​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១២ ។ ទោះជាសេដ្ឋកិច្ចកម្ពុជាក្នុងពេលនោះមានភាពល្អប្រសើរបន្តិចក្ដី តែកម្ពុជាបានឈានដល់ការនៅទ្រឹង លើវិស័យទីផ្សារអចលនទ្រព្យ ជាពិសេសទីក្រុងភ្នំពេញ ដោយសារតែការជាប់គាំងផ្នែកនយោបាយ ក្នុងអំឡុងឆ្នាំ 2013-2014 ។[២១]

ការរីកចំរើនសំណង់[កែប្រែ]

ក្រុងភ្នំពេញ​ក្នុង​ខែ​មករា ឆ្នាំ​២០១៥ មុន​នឹង​ការ​រីក​ចម្រើន​សំណង់​នៅ​ឆ្នាំ​២០១៦។

ទិន្នន័យដែលទទួលបានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) បានបង្ហាញថា គម្រោងសាងសង់ចំនួន 990 ត្រូវបានអនុម័តក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2016 នេះ ដែលជាការកើនឡើងគួរឲ្យភ្ញាក់ផ្អើលបើធៀបនឹងឆ្នាំ 2015 ដែលមានត្រឹមតែ 2,305 គម្រោងដែលត្រូវបានអនុម័តពេញមួយឆ្នាំ ។ គម្រោងចំនួន 990 ដែលបានអនុម័តត្រឹមដើមខែដំបូង ក្នុងឆ្នាំ 2016 នេះមានតម្លៃ 6.5 ពាន់លានដុល្លារ ដែលស្មើនឹងការកើនឡើងនៃតម្លៃគម្រោង 400% ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលសរុបក្នុងឆ្នាំ 2015 តម្លៃនៃគម្រោងដែលបានអនុម័តគឺត្រឹមតែ 3.3 ពាន់លានដុល្លារប៉ុណ្ណោះ ។[២២] នៅក្នុងការរីកដុះដាលនៃអគារដ៏គួរឱ្យកត់សម្គាល់បំផុតមួយរបស់អាស៊ី លំនៅដ្ឋានពហុជាន់ថ្មីៗជាច្រើនកំពុងស្ថិតក្រោមការសាងសង់ ដែលខ្ពស់ស្រឡះពីអ្វីដែលធ្លាប់ជាទីក្រុងទាប និងឈរជានិមិត្តសញ្ញានៃការពង្រីកសេដ្ឋកិច្ចដ៏យូររបស់ប្រទេសកម្ពុជា ។ ដោយមានការជំរុញដោយការកើនឡើងនៃចំនួនភ្ញៀវទេសចរ និងការនាំចេញសម្លៀកបំពាក់ទៅកាន់ អឺរ៉ុប និង សហរដ្ឋអាមេរិក សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានកើនឡើងប្រហែលពី 6% ទៅ 7% ក្នុងមួយឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍កន្លះកន្លងមកនេះ ។ ថ្មីៗនេះ សំណង់បានក្លាយជាវិស័យសំខាន់កាន់តែខ្លាំងឡើង ទោះជាយ៉ាងនេះក្តី បង្កើតបានជាកំណើនមួយភាគប្រាំមួយកាលពីឆ្នាំមុន នេះបើយោងតាមធនាគារពិភពលោក ។ មិនមែនអ្នកអភិវឌ្ឍន៍ និងភ្នាក់ងារអចលនវត្ថុទាំងអស់នៅក្នុងទីក្រុងយល់ស្របនឹងទស្សនៈរបស់ TEHO ដែលថាទីផ្សារលំនៅដ្ឋានរបស់ទីក្រុងភ្នំពេញ ប្រឈមនឹងការផ្គត់ផ្គង់លើសតម្រូវការនោះទេ ដោយលើកឡើងពីកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងចំនួនប្រជាជនវ័យក្មេង លោក TEHO នៃក្រុមហ៊ុន Meridian International Holding (Cambodia) បាននិយាយថា "យើងជឿថានៅពេលខាងមុខ មនុស្សគ្រប់ជំនាន់នៅក្នុងប្រទេសកម្ពុជានឹងទទួលយកគំនិតនៃខុនដូបន្តិចម្តងៗ ហើយនេះ នឹងនាំឱ្យមានតម្រូវការខ្ពស់នៅពេលក្រោយ" ជាមួយនឹង 50% នៃចំនួនប្រជាជន 16 លាននាក់របស់ខ្លួនដែលមានអាយុក្រោម 24 ឆ្នាំ និង 2 ភាគ 3 ក្រោម 30 ឆ្នាំ ប្រទេសនេះគួរតែបន្តរីកចម្រើនខាងសេដ្ឋកិច្ច បន្ទាប់ពីឆ្នាំនេះឆ្លងកាត់កម្រិតផលិតផលក្នុងស្រុកសរុបរបស់ធនាគារពិភពលោកសម្រាប់ប្រទេសដែលមាន "ចំណូលមធ្យមកម្រិតទាប" ។ របាយការណ៍ថ្មីៗនេះស្តីពីទីក្រុងអាស៊ីអាគ្នេយ៍ដែលចេញផ្សាយដោយ Economist Intelligence Unit បានបង្ហាញថា ប្រាក់ចំណូលគ្រួសារជាមធ្យមរបស់ទីក្រុងភ្នំពេញអាចឡើងដល់ 32,200 ដុល្លារក្នុងមួយឆ្នាំនៅឆ្នាំ 2030 ពី 10,900 ដុល្លារក្នុងឆ្នាំ 2015 ។ ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារបច្ចុប្បន្នរបស់ទីក្រុងភ្នំពេញគឺស្ថិតនៅក្រោមកម្រិតដែលអាចប្រៀបធៀបបានគឺ $12,400 នៅទីក្រុងបាងកក និងច្រើនជាងពីរដងនៃទីក្រុងហូជីមិញ $5,200 នៅវៀតណាម ។ ប៉ុន្តែ​វា​គឺ​ជិត​ប្រាំបួន​ដង​ដែល​ប៉ាន់​ស្មាន​ថា GDP របស់​ប្រទេស​កម្ពុជា​ចំនួន 1,250 ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់​ដែល​បង្ហាញ​ថា​ប្រាក់​ចំណូល​នៅ​តាម​ជនបទ​ធ្លាក់ចុះ​ទាប​ជាង​ចំនួន​ក្នុង​រាជធានី ។ ក្នុងឆ្នាំ 2015 សំណង់ និងអចលនទ្រព្យមានចំនួន 62% នៃគម្រោងវិនិយោគបរទេសដែលត្រូវបានអនុម័ត ខណៈដែលកាលពីដើមឆ្នាំនេះ Knight Frank បានរាយការណ៍ថាអចលនទ្រព្យមានចំនួន 15% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបក្នុងរយៈពេលពីរទសវត្សរ៍ចាប់ពីឆ្នាំ 1994 ។[២៣]

រដ្ឋបាលភ្នំពេញ[កែប្រែ]

ភ្នំពេញ គឺជារាជធានីដែលមានផ្ទៃដី 678.46 គីឡូម៉ែត្រការ៉េ (261.95 sq mi) ដែលមានឋានៈរដ្ឋាភិបាលស្មើនឹងខេត្ត ។ ក្រុង​ភ្នំពេញ​ត្រូវ​បាន​បែង​ចែក​ជា 14 ផ្នែក​រដ្ឋបាល​ដែល​ហៅ​ថា ខណ្ឌ (Distrists) ស្រុកត្រូវបានបែងចែកទៅជា ថ្នាក់ឃុំ (Commune) ដែលមាន 105 សង្កាត់ (Boroughs) និងបែងចែកបន្តទៅជា 953 ភូមិ (Villages) ហើយខណ្ឌទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជធានីភ្នំពេញ ។ រចនាសម្ព័នរដ្ឋបាលរាជធានី មានដូចជា៖ ក្រុមប្រឹក្សា ចែកចេញជា៤ ដូចជា គណៈកម្មការសម្របសម្រួលបច្ចេកទេស គណៈកម្មការលទ្ធកម្ម គណៈកម្មការពិគ្រោះយោបល់ស្ត្រី និង កុមារ គណៈកម្មការផ្សេងៗទៀត ។ បន្ទាប់មកមាន មន្ទីរអង្គភាពជំនាញ គណៈអភិបាលក្រុង បន្ទាប់មក នាយករដ្ឋបាល ចែកចេញជា ៨ ទៀតដូចជា ១.ទីចាត់ការរដ្ឋបាល ២.ទីចាត់ការផែនការ និង វិនិយោគ ៣.ទីចាត់ការហរិញវត្ថុ ៤.ទីចាត់ការរៀបចំក្រុង ៥.ទីចាត់ការគ្រប់គ្រងធនធានមនុស្ស ៦.ទីចាត់ការអន្តរវិស័យ ៧.ទីចាត់ការច្បាប់ និង សិទ្ធមនុស្ស ៨.ទីចាត់ការ កិច្ចការគ្រប់គ្រងកាកសំណល់ ។[២៤]

ផ្នែករដ្ឋបាលនីមួយៗនៃរដ្ឋបាលភ្នំពេញបានបែកចែកជាការិយាល័យផ្សេងៗទៀតដូចជា៖

ទីចាត់ការរដ្ឋបាល មានចំនួន ៥ការិយាល័យ ដូចជា៖ ១.ការិយាល័យរបៀប និង ឯកសារ ២.ការិយាល័យទំនាក់ទំនង និង សហប្រតិបត្តិការអន្តរជាតិ ៣.ការិយាល័យ សរុប និង ព័ត៌មាន ៤.ការិយាល័យស្ថិតិ និង អត្រានុកូលដ្ឋាន ៥.ការិយាល័យលេខាធិការក្រុមប្រឹក្សា ។

ទីចាត់ការផែនការ និង វិនិយោគ មានចំនួន ៤ការិយាល័យ ដូចជា៖ ១.ការិយាល័យផែនការ ២.ការិយាល័យគាំទ្រថ្នាក់មូលដ្ឋាន ៣.ការិយាល័យវិនិយោគ ៤.ការិយាល័យអភិវឌ្ឈន៍សហគមន៍អ្នកក្រីក្រ ។

ទីចាត់ការហរិញវត្ថុ មានចំនួន ៤ការិយាល័យ ដូចជា៖ ១.ការិយាល័យហិរញ្ញវត្ថុ ២.ការិយាល័យគណនេយ្យ ៣.ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ ៤.ការិយាល័យលទ្ធកម្ម ។

ទីចាត់ការរៀបចំក្រុង មានចំនួន ២ការិយាល័យ ដូចជា៖ ១.ការិយាល័យនគរូបនីយកម្ម ២.ការិយាល័យគ្រប់គ្រងការអភិវឌ្ឈន៍ និង សំណង់ ។

ទីចាត់ការគ្រប់គ្រងធនធានមនុស្ស មានចំនួន ២ការិយាល័យ ដូចជា៖ ១.ការិយាល័យគ្រប់គ្រងបុគ្គលិក ២.ការិយាល័យកសាងសមត្ថភាព ។

ទីចាត់ការអន្តរវិស័យ មានចំនួន ២ការិយាល័យ ដូចជា៖ ១.ការិយាល័យសេដ្ឋកិច្ច និង សង្គមកិច្ច ២.ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្ម ។

ទីចាត់ការច្បាប់ និង សិទ្ធមនុស្ស មានចំនួន ២ការិយាល័យ ដូចជា៖ ១.ការិយាល័យសុវត្ថិភាពសាធារណៈ ២.ការិយាល័យកិច្ចការច្បាប់ និង ការដោះស្រាយវិវាទនៅមូលដ្ឋាន ។

ទីចាត់ការ កិច្ចការគ្រប់គ្រងកាកសំណល់ មានចំនួន ២ការិយាល័យ ដូចជា៖ ១.ការិយាល័យបច្ចេកទេស និង ត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន ២.ការិយាល័យរដ្ឋាករគ្រប់គ្រងកាកសំណល់ ។

តារាងរដ្ឋបាលភ្នំពេញ[កែប្រែ]

រាជធានី​ភ្នំពេញ​គ្រប់គ្រង​ដោយ​អភិបាលក្រុង ដែល​មាន​តួនាទី​ជា​នាយក​ប្រតិបត្តិ​កំពូល​របស់​ក្រុង ក៏ដូចជា​ត្រួតពិនិត្យ​កងរាជអាវុធហត្ថ​ក្រុង នគរបាល​ក្រុង និង​ការិយាល័យ​កិច្ចការ​ក្រុង ។ ខាង​ក្រោម​អភិបាល​ក្រុង គឺ​អភិបាល​រង​ទី​១ និង ​អភិបាល​រង​៥​រូបទៀត បន្ទាប់មកមាន នាយកខុទ្ទកាល័យដែលមានឋានៈដូចគ្នានឹងអភិបាលរង ដែលដឹកនាំគណៈរដ្ឋមន្ត្រីដែលមានអនុប្រធានខុទ្ទកាល័យចំនួន 8 ដែលនៅក្នុងវេនទទួលបន្ទុកនាយកដ្ឋានរដ្ឋបាលទាំង 27 ហើយខណ្ឌនីមួយៗក៏មានមេដឹកនាំផងដែរ ។[២៥]

រដ្ឋបាលភ្នំពេញ
លេខរៀង ឈ្មោះ សង្កាត់ ភូមិ
1 ខណ្ឌចំការមន 5 40
2 ខណ្ឌដូនពេញ 11 134
3 ខណ្ឌ៧មករា 8 66
4 ខណ្ឌទួលគោក 10 143
5 ខណ្ឌដង្កោ 12 81
6 ខណ្ឌមានជ័យ 7 59
7 ខណ្ឌឫស្សីកែវ 7 30
8 ខណ្ឌសែនសុខ 6 47
9 ខណ្ឌពោធិ៍សែនជ័យ 7 75
10 ខណ្ឌជ្រោយចង្វារ 5 22
11 ខណ្ឌព្រែកព្នៅ 5 59
12 ខណ្ឌច្បារអំពៅ 8 49
13 ខណ្ឌបឹងកេងកង 7 55
14 ខណ្ឌកំបូល 7 93

ខណ្ឌ និង សង្កាត់[កែប្រែ]

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ គឺ​មាន​ខណ្ឌ ២ ដែល​ទើប​បង្កើត​ថ្មី កាលពីខែមករា​កន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បាន​កាត់​សង្កាត់​មួយចំនួន​ពី​ខណ្ឌផ្សេងៗ ពោលគឺ​ខណ្ឌបឹងកេងកង កាត់​ ៧សង្កាត់​ពី​ខណ្ឌចំការមន ចំណែក​ឯ​ខណ្ឌកំបូល កាត់​យក​ ៦សង្កាត់​ពី​ខណ្ឌពោធិសែនជ័យ និង ១សង្កាត់​ ពី​ខណ្ឌដង្កោ ។[២៦] សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ របស់​រាជធានី​ភ្នំពេញ រួម​មាន​ដូចខាងក្រោម៖

១. ខណ្ឌ ចំការមន ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី ១, សង្កាត់ទួលទំពូងទី ២, សង្កាត់បឹងត្របែក និង​សង្កាត់ផ្សារដើមថ្កូវ។

២. ខណ្ឌ ដូនពេញ ចែកចេញ​ជា ១១ សង្កាត់ ៖ សង្កាត់ផ្សារថ្មីទី ១, សង្កាត់ផ្សារថ្មីទី ២, សង្កាត់ផ្សារថ្មីទី ៣, សង្កាត់បឹងរាំង, សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២, សង្កាត់ចតុមុខ, សង្កាត់ជ័យជំនះ, សង្កាត់ផ្សារចាស់, សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។

៣. ខណ្ឌ ៧មករា ចែកចេញ​ជា ៨ សង្កាត់ ៖ សង្កាត់អូរឫស្សីទី ១, សង្កាត់អូរឫស្សីទី ២, សង្កាត់អូរឫស្សីទី ៣, សង្កាត់អូរឫស្សីទី ៤, សង្កាត់មនោរម្យ, សង្កាត់មិត្ដភាព, សង្កាត់វាលវង់ និង សង្កាត់បឹងព្រលឹត ។

៤. ខណ្ឌ ទួលគោក ចែកចេញ​ជា ១០ សង្កាត់ ៖ សង្កាត់ផ្សារដេប៉ូទី ១, សង្កាត់ផ្សារដេប៉ូទី ២, សង្កាត់ផ្សារដេប៉ូទី ៣, សង្កាត់ទឹកល្អក់ទី ១, សង្កាត់ទឹកល្អក់ទី ២, សង្កាត់ទឹកល្អក់ទី ៣, សង្កាត់បឹងកក់ទី ១, សង្កាត់បឹងកក់ទី ២, សង្កាត់ផ្សារដើមគរ និង សង្កាត់បឹងសាឡាង ។

៥. ខណ្ឌ ដង្កោ ចែកចេញ​ជា ១២ សង្កាត់ ៖ សង្កាត់ដង្កោ, សង្កាត់ពងទឹក, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ក្រាំងពង្រ, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់គងនយ, សង្កាត់ព្រែកកំពឹស, សង្កាត់រលួស, សង្កាត់ស្ពានថ្ម និង សង្កាត់ទៀន ។

៦. ខណ្ឌ មានជ័យ ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម, សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣, សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២ ។

៧. ខណ្ឌ ឫស្សីកែវ ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ស្វាយប៉ាក, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី ១, សង្កាត់ច្រាំងចំរេះទី ២, សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២ ។

៨​. ខណ្ឌ សែនសុខ ចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មី, សង្កាត់ទឹកថ្លា, សង្កាត់ឃ្មួញ, សង្កាត់ក្រាំងធ្នង់, សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាំង ។

៩. ខណ្ឌ ពោធិ៍សែនជ័យ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២ ។

១០. ខណ្ឌ ច្បារអំពៅ ចែកចេញជា ៨ សង្កាត់ ៖ សង្កាត់ច្បារអំពៅទី ១, សង្កាត់ច្បារអំពៅទី ២, សង្កាត់និរោធ, សង្កាត់ព្រែកប្រា, សង្កាត់វាលស្បូវ, សង្កាត់ព្រែកឯង, សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី ។

១១. ខណ្ឌ ជ្រោយចង្វារ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក, សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង ។

១២. ខណ្ឌ ព្រែកព្នៅ ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង ។

១៣. ខណ្ឌ បឹងកេងកង (ទើប​បង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ ​សង្កាត់​បឹងកេងកេង១, សង្កាត់​បឹងកេងកេង២, សង្កាត់​បឹងកេងកេង៣, សង្កាត់​អូរឡាំពិក, សង្កាត់​ទំនប់ទឹក, សង្កាត់​ទួលស្វាយព្រៃ១ និង ​សង្កាត់​ទួលស្វាយព្រៃ២ ។

១៤. ខណ្ឌ កំបូល (ទើបបង្កើតថ្មី) ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់​កំបូល, សង្កាត់​កន្ទោក, សង្កាត់​ឱឡោក, សង្កាត់​ស្នោរ, សង្កាត់​ភ្លើងឆេះ​រទេះ, សង្កាត់​បឹងធំ និង ​សង្កាត់​ប្រទះឡាង ។

រថយន្តក្រុងសាធារណៈភ្នំពេញ[កែប្រែ]

រថយន្តក្រុងសាធារណៈភ្នំពេញ គឺជាប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរសាធារណៈក្នុងទីក្រុង ដែលបម្រើដល់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយប្រព័ន្ធនេះបានបើកជាសាធារណៈនៅខែកញ្ញា ឆ្នាំ 2014 ជាមួយនិងតម្លៃសំបុត្រថោកសមរម្យផងដែរ ។ ការបើកដំណើរការនៃខ្សែររត់ជាលើកដំបូងមានតែ 3 ខ្សែ ប៉ុនណោះ ចំណែកឯខ្សែរត់ផ្សេងទៀតត្រូវបានបន្ថែមជាបណ្តើរៗក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គិតត្រឹមឆ្នាំ 2018 មាន 11 ខ្សែរត់ពេញទីក្រុង ។ ប្រព័ន្ធនេះគ្របដណ្តប់ ព្រែកព្នៅ (ខាងជើង) តាខ្មៅ (ខាងត្បូង) ច្បារអំពៅ (ខាងកើត) និងតំបន់សេដ្ឋកិច្ចពិសេស (ខាងលិច) មានគម្រោងពង្រីកបណ្តាញទៅខាងក្រៅ ។ តម្លៃសំបុត្រសម្រាប់រថយន្តក្រុងសាធារណៈគឺ 1,500 រៀល (USD0.37) ក្នុងមួយការធ្វើដំណើរដោយមិនគិតពីចម្ងាយ ។ មានតែប្រាក់រៀលក្នុងស្រុកប៉ុណ្ណោះដែលត្រូវបានទទួលយក ប្រជពលរដ្ឋ ដែលមានវ័យចំណាស់ (អាយុលើសពី ៧០ឆ្នាំ) កុមារតូចៗ (ក្រោម១ម៉ែត្រ) ជនពិការ ព្រះសង្ឃ គ្រូបង្រៀន សិស្ស កម្មកររោងចក្រ (រហូតដល់ខែកញ្ញា ឆ្នាំ ២០១៩) ធ្វើដំណើរដោយមិនគិតថ្លៃត្រឹមឆ្នាំ ២០១៨ ទោះបីជាអ្នកត្រូវតែបញ្ជាក់អត្តសញ្ញាណដោយពាក់កាតសិស្សក៏ដោយ លោកគ្រូ កាតឬកាតការងារមុនពេលឡើងជិះ ហើយរថយន្តក្រុងចាប់ផ្តើមជារៀងរាល់ថ្ងៃចាប់ពីម៉ោង 05:30 វេលាព្រឹករហូតដល់ម៉ោង 20:30 វេលាយប់ ។[២៧]

សួនកំសាន្ត[កែប្រែ]

សួនទឹក Garden City Water Park ដែលជាសួនទឹកធំជាងគេនៅទីក្រុងភ្នំពេញ សាងសង់ដោយគ្រុមហ៊ុន LYP Group របស់លោក ឧកញ៉ា លី យ៉ុងផាត់ ដែលវិនិយោគលើទំហំទឹកប្រាក់ $44 លានដុល្លារអាមេរិក បានបើកដំណើរការជាផ្លូវការណ៍នៅខែសីហា ឆ្នាំ 2020 ដែលជាផ្នែកមួយក្នុងការជំរុញវិស័យទេសចរណ៍នៅទីក្រុងភ្នំពេញផងដែរ ។ សួនទឹក Garden City មានឧបករណ៍កម្សាន្តទំនើប និងគុណភាពខ្ពស់ចំនួន 38 មុខ ឧបករណ៍ទាំងនោះ​រួម​មាន រលកឋានសួគ៌សម្បនិមិត (Wave Paradise) និង អាណាចក្រទឹក (Water Empire) ឋានសួគ៌កុមារ (Children's Paradise), ជិះរលកក្ដារស្គី (Wave Skiing) និង បណ្ដែតខ្លួនតាមជ្រលងទឹកហូរ (Whirlpool Valley) ដែលជាឧបករណ៍នាំចូលពីសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុប ពួកវាត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យ រួមទាំងកុមារ ក្មេងជំទង់ និងមនុស្សពេញវ័យ សួនទឹក Garden City នេះផងដែរ ត្រូវបានសាងសង់លើផ្ទៃដី ៨,៦ ហិកតា មានចំណតរថយន្ត ២,៤ ហិកតា និងនៅសល់សម្រាប់សួនកម្សាន្តខ្លួនឯង ។[២៨]

អភិបាលរាជធានីភ្នំពេញ[កែប្រែ]

មើលផងដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. Khmer Times (2023) Economy to stay healthy this year, says MEF, Website: khmertimeskh.com, Publication: August 10, 2023
  2. Milton E. Osborne (2008) Phnom Penh: A Cultural and Literary History, Publisher: Signal Books, independent publisher based in Oxford, England p.232 ISBN: 1904955401, 9781904955405
  3. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  4. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  5. Roland Neveu (2009) The Fall of Phnom Penh: 17 April 1975, Publisher: Asia Horizons Books p.129 ISBN: 9748371522, 9789748371528
  6. United States. Congress. Senate. Committee on the Judiciary (1976) Indochina Evacuation and Refugee Problems: Hearing Before the Subcommittee to Investigate Problems Connected With Refugees and Escapees Of..., 94-1...., Publisher: Indochina Evacuation and Refugee Problems: Hearing Before the Subcommittee to Investigate Problems Connected With Refugees and Escapees Of..., 94-1...., p.203
  7. United States. Congress. House. Committee on International Relations (1976) Hearings, Reports and Prints of the House Committee on International Relations, Publisher: U.S. Government Printing Office, Original from the University of California p.322
  8. N. S. Saksena (1985) Terrorism History and Facets: In the World and in India, Publisher: Abhinav Publications p.323 ISBN: 8170172012, 9788170172017
  9. British Broadcasting Corporation. Monitoring Service (1989) Summary of World Broadcasts: The Far East. Part III, Publisher: Monitoring Service of the British Broadcasting Corporation, 1989 Original from The Ohio State University, p.A-38
  10. R. S. Chavan (1979) Chinese Foreign Policy: The Chou En-lai Era, Publisher: Sterling, Original from the University of Michigan p.261
  11. Surjit Mansingh (1998) Indian and Chinese Foreign Policies in Comparative Perspective, Contributor: Nehru Memorial Museum and Library, Publisher: Radiant Publishers, Original from the University of Michigan p.530 ISBN: 8170272203, 9788170272205
  12. Arindam Sen Gupta (1984) The Survivors, Kampuchea, 1984, Publisher: Patriot Publishers, Original from the University of Michigan p.132
  13. David P. Chandler (1998) Facing the Cambodian Past: Selected Essays, 1971-1994, Publisher: Silkworm Books, Original from the University of Michigan p.331 ISBN: 9747100649, 9789747100648
  14. World Population Review (2023) Phnom Penh Population 2023, Website: worldpopulationreview.com, Publication: 2023 World Population Review, Data Source: United Nations - World Population Prospects
  15. Charles F. Keyes (1994) The Golden Peninsula: Culture and Adaptation in Mainland Southeast Asia, Publisher: University of Hawaii Press p.384 ISBN: 0824840682, 9780824840686
  16. United States Geological Survey (USGS) (2009) Population Change Earth Resources Observation and Science (EROS) Center, Website: eros.usgs.gov, Publication: U.S. Department of the Interior DOI Inspector General White House
  17. George C. Hildebrand, Gareth Porter (1976) Cambodia: Starvation and Revolution, Publisher: Monthly Review Press, Original from the University of Michigan p.124 ISBN: 0853453829, 9780853453826
  18. Chenda Keo (2013) Human Trafficking in Cambodia, Publisher: Routledge p.240 ISBN: 1134710526, 9781134710522
  19. Milton E. Osborne (2008) Phnom Penh: A Cultural and Literary History, Publisher: Signal Books p.232 ISBN: 1904955401, 9781904955405
  20. Asian Development Bank (2012) Financial Sector Development Strategy 2011-2020 [Cambodia], Publisher: Asian Development Bank p.103 ISBN: 9290926899, 9789290926894
  21. The Phnom Penh Post (2014) Government spending, foreign aid up in 2013, Website: phnompenhpost.com, Publication: Eddie Morton, Phnom Penh, Publication date 22 May 2014 | 00:00 ICT
  22. B2B Cambodia (2016) 2016 A Boom Year For Construction, Website: b2b-cambodia.com, Publication: 15 July 2016
  23. NIKKEI Asia (2016) Phnom Penh building boom prompts pride and puzzlement, Website: asia.nikkei.com, Publication: SIMON ROUGHNEEN, Asia regional correspondent October 12, 2016 21:57 JST
  24. Asit K. Biswas, Pawan K. Sachdeva, Cecilia Tortajada (2020) Phnom Penh Water Story: Remarkable Transformation of an Urban Water Utility, Publisher: Springer Nature p.153 ISBN: 9813340657, 9789813340657
  25. Gazetteer Database Online (2015) List of district Phnom Penh, Website: db.ncdd.gov.kh, Publication: 2015
  26. Kley Kley News (2019) Names of 105 Sangkats in 14 Districts of Phnom Penh, Website: kleykley.sabay.com.kh, Publication: 01 April 2019
  27. Tourism of Cambodia (2014) Information Center Phnom Penh City Bus, Website: tourismcambodia.com, Publication: @ 1999-2014 Tourism of Cambodia
  28. Khmer Times (2020) $44 million international standard Garden City Water Park opens to the public, Website: khmertimeskh.com, Publication: Khmer Times August 17, 2020