ទ្វីបអឺរ៉ុប
|
| |
| ផ្ទៃក្រឡា | ១០,១៨០,០០០ គ.ម២ (៣,៩៣ ម៉ាយ ក.)[n] |
|---|---|
| ចំនួនប្រជាជន | 739,165,030[n] (2011), 3rd) |
| សន្ទភាពប្រជាជន | 72.5/km2 |
| ប្រជានាម | European |
| ប្រទេស | 50 (list of countries) |
| ភាសា | List of languages |
| ល្វែងម៉ោង | UTC to UTC+6 |
| អន្តរជាល ដ.ក.ច. | .eu (European Union) |
| ទីក្រុងសំខាន់ៗ | List of metropolitan areas in Europe |
អឺរ៉ុប (Europe) គឺជាទ្វីបមួយក្នុងចំណោមទ្វីបទាំង ៧ នៅលើពិភពលោក ដែលស្ថិតនៅចុងខាងលិចបំផុតនៃអឺរ៉ាស៊ី។ អឺរ៉ុប ត្រូវចែកចេញពីទ្វីបអាស៊ី ខាងកើតដោយខ្សែទឹកនៃ ជួរភ្នំអ៊ូរ៉ាល់ ទន្លេអ៊ូរ៉ាល់ សមុទ្រកាសព្យែន និង ខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស។ ក្រៅពីនេះ ទ្វីបអឺរ៉ុប ត្រូវបានព័ទ្ធជុំវិញដោយមហាសមុទ្រអាកទិកនៅខាងជើង, មហាសមុទ្រអាត្លង់ទិកនៅខាងលិច, សមុទ្រមេឌីទែរ៉ានេនៅខាងត្បូង និង សមុទ្រខ្មៅនៅប៉ែកអាគ្នេយ៍ ព្រមទាំងផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រមេឌីទែរ៉ានេ។ គេនៅពុំទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់សម្រាប់ទ្វីបអឺរ៉ុបនៅឡើយទេ បើយើងក្រឡេកមើលទៅសម័យកាលបុរាណដ៏យូរលង់មកហើយនោះ គឺជាអ្វីដែលជារំលោភបំពានដោយអំណាច ដូចជាពាក្យថា "ទ្វីប" (Continent) អាចតំណាងឲ្យការបែកចែកភាពខុសគ្នានូវ "វប្បធម៌ និង នយោបាយ" ឬក៏ លក្ខណៈរូបភូមិសាស្ត្រមួយ។
អឺរ៉ុប គឺជាទ្វីបតូចជាងគេទី២ បន្ទាប់ពី "អូសេអានី" ដែលមានក្រឡាផ្ទៃប្រមាណ ១០,១៨០,០០០ គីឡូម៉ែត្រការ៉េ ឬ ២% នៃផ្ទៃផែនដី និង ប្រហែល ៦.៨% នៃផ្ទៃដី។ អឺរ៉ុបមានប្រទេសប្រហែល ៥០ ដែលរុស្ស៊ីជាប្រទេសធំជាងគេទាំងផ្ទៃដី និង ប្រជាជន ចំណែក "បុរីវ៉ាទីកង់" ជារដ្ឋតូចជាងគេបង្អស់។ អឺរ៉ុប គឺជាទ្វីបដែលមានប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីអាស៊ី និង អាហ្វ្រិក ដែលមានប្រជាជន ៧៣១,០០០,០០០ ឬ ប្រហែល ១១% នៃប្រជាជនពិភពលោក។ ទោះយ៉ាងណាក៏ដោយ តាមរបាយការណ៍អង្គការសហប្រជាជាតិ ចំនួនប្រជាជននៅទ្វីបនេះ នឹងធ្លាក់មកនៅត្រឹមតែ ៧% នៅឆ្នាំ២០៥០ ដែលមានចំនួនប្រហែល ៦៥៣,០០០,០០០ ប៉ុណ្ណោះ។
អឺរ៉ុប គឺជាទីកន្លែងកំណើតនៃ"វប្បធម៌បស្ចិមលោក"។ ប្រជាជាតិអឺរ៉ុប បានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការសកលលោកចាប់ពីសតវត្សទី១៦មក ជាពិសេសការចាប់ផ្ដើមធ្វើអាណានិគម។ រហូតមកដល់សតវត្សទី១៧ និង ១៨ ជនជាតិអឺរ៉ុប បានត្រួតត្រាទ្វីបអាហ្វ្រិក និង អាមេរិក ស្ទើរតែទាំងមូល ព្រមទាំងមួយផ្នែកធំនៃទ្វីបអាស៊ី ។ សង្គ្រាមលោកលើកទី១ និង សង្គ្រាមលោកលើកទី២ បានបញ្ចប់នូវភាពនាំមុខរបស់អឺរ៉ុបនៅក្នុងកិច្ចការសកល ហើយបានធ្វើឲ្យប្រជាជាតិធំៗពីរគឺ៖ សហរដ្ឋអាមេរិក និង សហភាពសូវៀត បានលេចធ្លោឡើងជាកំពូលមហាអំណាចពិភពលោក។ សង្គ្រាមត្រជាក់រវាងកំពូលមហាអំណាចទាំងពីរ បានខណ្ឌចែកទ្វីបអឺរ៉ុបជាមួយ "វាំងននដែក" ។ ការបង្រួបបង្រួមទ្វីបអឺរ៉ុបឡើងវិញ បានអនុញ្ញាតឲ្យមានការបង្កើតឡើងនូវក្រុមប្រឹក្សាអឺរ៉ុប និង សហភាពអឺរ៉ុប នៅអឺរ៉ុបខាងលិច ហើយអង្គការទាំងពីរនេះបានពង្រីកខ្លួនទៅខាងកើតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត នាឆ្នាំ១៩៩១។
មាតិកា
និយមន័យ[កែប្រែ]
Islands
(Dk.)
ពាក្យ "អឺរ៉ុប" (Europe) ត្រូវបានប្រើក្នុងគោលដៅច្រើនយ៉ាង។ មូលដ្ឋានរបស់វា គឺយោងទៅតាមលក្ខណៈ ភូមិសាស្ត្រ និង នយោបាយ។
- តាមលក្ខណៈភូមិសាស្ត្រ អឺរ៉ុបគឺជាឧបទ្វីបចុងខាងលិចបំផុតនៃផ្ទាំងទ្វីប "អឺរ៉ាស៊ី" ព្រំដែនរបស់វាត្រូវបានគេកំណត់យ៉ាងជាក់លាក់ ដោយសមុទ្រនៅខាងជើង ខាងត្បូង និង ខាងលិច។ ជួរភ្នំអ៊ូរ៉ាល់ ជាធម្មតាត្រូវបានកំណត់ថាជាព្រំដែនខាងកើតនៃអឺរ៉ុប ជាមួយនឹងទន្លេអ៊ូរ៉ាល់ និង សមុទ្រកាសព្យែន។ អឺរ៉ុប អាចត្រូវបានសន្មតថាមានព្រំដែនខាងត្បូងឆៀងខាងកើតដោយជួរភ្នំកាវកាស សមុទ្រខ្មៅ និង ផ្លូវទឹកភ្ជាប់ទៅកាន់សមុទ្រខ្មៅ និង សមុទ្រមេឌីទែរ៉ានេ។ ព្រំដែនខាងកើត និង ខាងត្បូងឆៀងខាងកើត ត្រូវបានគេពិភាក្សាដូចខាងក្រោម។
- តាមលក្ខណៈនយោបាយ អឺរ៉ុបសំដៅទៅលើប្រទេសទាំងឡាយណាស្ថិតនៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែនៅពេលខ្លះអាចត្រូវបានប្រើជាផ្លូវការ ឬ ញឹកញាប់ តំណាងឲ្យទាំងសហភាពអឺរ៉ុប រួមជាមួយបណ្ដាប្រទេសមិនមែនសហភាពអឺរ៉ុបផងដែរ ឧទាហរណ៍ ក្រុមប្រឹក្សាអឺរ៉ុប មានសមាជិក ៤៧ ប្រទេស និង រួមបញ្ចូលទាំងសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុបផង។
- លើសពីនេះទៅទៀត ដោយតាមទន្លាប់ប្រជាជនរស់នៅក្នុងតំបន់ដូចជា៖ អៀរឡង់ រាជាណាចក្ររួម ស្កង់ឌីណាវ និង បណ្ដាកោះដែលស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្រមេឌីទែរ៉ានេ ត្រូវបានកាត់ចេញពីទ្វីបអឺរ៉ុប ("continental" or "mainland" Europe និយាយខ្លីគឺ Europe or "the Continent") ។
ប្រទេស និង តំបន់នៅអឺរ៉ុប[កែប្រែ]
សេដ្ឋកិច្ច[កែប្រែ]
អឺរ៉ុប គឺជាទ្វីបមួយដែលមានសេដ្ឋកិច្ចធំជាងគេនៅលើផែនដី នាពេលបច្ចុប្បន្ននេះ។ ជាមួយទ្វីបដទៃ អឺរ៉ុបមានការដោះដូរពាណិជ្ជកម្មយ៉ាងច្រើនជាមួយប្រទេសនានារបស់ខ្លួន។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងច្រើនស្ថិតនៅប៉ែកខាងលិច ចំណែកសេដ្ឋកិច្ចនៃបណ្ដាប្រទេស អឺរ៉ុបខាងកើតខ្លះទើបតែបានស្គាល់ភាពរីកចម្រើន នាក្រោយការរលំរលាយនៃសហភាពសូវៀត និង យូហ្គោស្លាវីប៉ុណ្ណោះ។ សហភាពអឺរ៉ុប ដែលជាអង្គការអន្តររដ្ឋាភិបាលមួយនៃប្រទេសអឺរ៉ុបចំនួន ២៧ បានលេចរូបរាងឡើងជា "តំបន់សេដ្ឋកិច្ចមួយធំបំផុត" (largest single economic area) នៅលើពិភពលោក។ បច្ចុប្បន្ន សមាជិកសហភាពអឺរ៉ុបចំនួន ១៥ បានប្រើប្រាស់រូបិយវត្ថុរួមគ្នាតែមួយគឺ "អឺរ៉ូ"។ ប្រទេស០៥នៃសហភាពអឺរ៉ុប បានជាប់ចំណាត់ថ្នាក់ក្នុងចំណោម១០ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក បើគិតតាមអំណាចទិញ (PPP) ។ ចំណាត់ថ្នាក់រួមមាន៖ អល្លឺម៉ង់ (៥), រាជាណាចក្ររួម (៦), រុស្ស៊ី (៧), បារាំង (៨) និង អ៊ីតាលី (១០) បើយោងទៅតាមទីន្នន័យរបស់ The CIA World Factbook ។[១៤]
ឧស្សាហកម្មលូតលាស់មុនសង្គ្រាមលោកលើកទី២[កែប្រែ]
បដិវត្តន៍ឧស្សាហកម្ម បានចាប់ផ្ដើមឡើងនៅអឺរ៉ុប ជាពិសេសរាជាណាចក្ររួម នាសតវត្សទី១៨ និង សតវត្សទី១៩ ដែលជាសម័យឧស្សាហកម្មនៅអឺរ៉ុប។ ភាពរីកចម្រើននៃសេដ្ឋកិច្ចត្រូវបានបង្អាក់ ដោយសារសង្គ្រាមលោកលើកទី១ ប៉ុន្តែពួកគេបានស្ដារសេដ្ឋកិច្ចឡើងវិញ និង អាចប្រកួតប្រជែងជាមួយកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិកបាន រហូតមកដល់មុនការចាប់ផ្ដើមសង្គ្រាមលោកលើកទី២។ ឧស្សាហកម្មអឺរ៉ុប បានរងការបំផ្លាញយ៉ាងដំណំម្ដងទៀត ដោយសង្គ្រាមលោកលើកទី២។
សង្គ្រាមត្រជាក់ (១៩៤៥-១៩៩០)[កែប្រែ]
ក្រោយសង្គ្រាមលោកលើកទី២ សេដ្ឋកិច្ចរាជាណាចក្ររួម បានស្ថិតនៅក្នុងភាពខ្ទេចខ្ទាំយ៉ាងដំណំ និងបានអូសបន្លាយស្ថានភាពបែបនេះជាច្រើនទសវត្សបន្តមកទៀត។ អ៊ីតាលី ក៏ស្ថិតនៅក្នុងស្ថានភាពតោកយ៉ាកដែរ ប៉ុន្តែបានស្គាល់នូវភាពរីកចម្រើនឡើងវិញនាទសវត្សឆ្នាំ១៩៥០។ អាល្លឺម៉ង់ខាងលិច បានស្ដារឡើងវិញយ៉ាងឆាប់រហ័ស និងបានបង្កើនផលិតផលទ្វេដងពីសម័យមុនសង្គ្រាម នាទសវត្សឆ្នាំ១៩៥០។ ប្រទេសបារាំង ក៏ស្ថិតនៅក្នុងដំណាក់កាលនៃភាពរុងរឿងដ៏អស្ចារ្យឡើងវិញ និងការធ្វើទំនើបកម្ម។ ក្រោយមក ប្រទេសអេស្ប៉ាញ ក្រោមការដឹកនាំរបស់ "ហ្វ្រង់កូ" ក៏បានស្ដារឡើងវិញ ហើយប្រជាជាតិបានស្គាល់នូវកំណើនសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលពុំដែលជួបប្រទះ នាទសវត្សឆ្នាំ១៩៦០ ដែលគេបានឲ្យឈ្មោះថា "អច្ឆរិយហេតុអេស្ប៉ាញ" (Spanish miracle) ។ បណ្ដារដ្ឋអឺរ៉ុបសំខាន់ៗជាច្រើន បានធ្លាក់ទៅក្នុងអំណាចគ្រប់គ្រងរបស់របស់សហភាពសូវៀត និង លើសពីនេះទៅទៀត បានក្លាយទៅជាសមាជិកនៃ "ក្រុមប្រឹក្សានៃកិច្ចសង្គ្រោះសេដ្ឋកិច្ចទៅវិញទៅមក" (Council for Mutual Economic Assistance) ដែលហៅកាត់ថា "កូមេកុង" (COMECON) ។ បណ្ដារដ្ឋដែលបានរក្សាទុកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ត្រូវបានទទួលជំនួយយ៉ាងច្រើនពីសហរដ្ឋអាមេរិក តាមរយៈ "ផែនការម៉ារសាល" (Marshall Plan) ។ ប្រទេសអឺរ៉ុបខាងលិច បានផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយគ្នា ដែលជាមូលដ្ឋានសម្រាប់សហភាពអឺរ៉ុប និងបង្កើនការធ្វើពាណិជ្ជកម្មឆ្លងប្រទេស។ គន្លឹះនេះ បានជួយឲ្យពួកគេទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ចំណែកបណ្ដានៃអង្គការសេដ្ឋកិច្ចកូមេកុង កំពុងតែតស៊ូពុះពារនៅក្នុងមួយផ្នែកធំក្នុងការចំណាយនៃសង្គ្រាមត្រជាក់។ រហូតមកដល់ឆ្នាំ១៩៩០ សហគមន៍អឺរ៉ុបបានបង្កើនសមាជិកពី ០៦ ទៅ ១២។ ចំណុចសំខាន់គឺការរស់រានឡើងវិញនៃសេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បាននាំមុខរាជាណាចក្ររួម ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប។
ការលេចឡើងនៃសហភាពអឺរ៉ុប[កែប្រែ]
ជាមួយនឹងការធ្លាក់ចុះនៃលទ្ធិកុម្មុយនិស្ត នៅអឺរ៉ុបខាងកើតនាឆ្នាំ១៩៩១មក ប្រទេសអឺរ៉ុបខាងកើតមួយចំនួន បានប្ដូរមកអនុវត្តរបបទីផ្សារសេរី។ មានជោគជ័យយ៉ាងល្អប្រសើរជាមួយប្រទេសអឺរ៉ុបកណ្ដាលខ្លះដូចជា ប៉ូឡូញ ហុងគ្រី និង ស្លូវ៉េនី ដែលបានធ្វើការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ចំណែកប្រទេសអឺរ៉ុបខាងកើតដូចជា អ៊ុយក្រែន និងរុស្ស៊ី នៅតែរក្សារបបសេដ្ឋកិច្ចចាស់ជាច្រើនឆ្នាំបន្តមកទៀត។ ប្រទេសអឺរ៉ុបខាងលិច បានជួយអឺរ៉ុបខាងកើត តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចជាមួយពួកគេ។ បន្ទាប់ពីប្រទេសអាល្លឺម៉ង់ទាំងពីរបានធ្វើការបង្រួបបង្រួមឡើងវិញនៅឆ្នាំ១៩៩០ សេដ្ឋកិច្ចអាល្លឺម៉ង់ខាងលិច បានជួបការលំបាក ដោយសារតែត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ធំ នៃប្រទេសអាល្លឺម៉ង់ខាងកើតឡើងវិញ។ ប្រទេសយូហ្គោស្លាវី ដែលមានការវិវត្តក្រោយគេ ត្រូវបានបំផ្លាញដោយសង្គ្រាម និងនៅឆ្នាំ២០០៣ នៅតែមានកងទ័ពរក្សាសន្តិភាពរបស់សហភាពអឺរ៉ុប និងអង្គការណាតូជាច្រើនស្ថិតនៅកូសូវ៉ូ សាធារណរដ្ឋម៉សេដូនី និង បូស្នៀ និងហេហ្សេហ្គូវីណា ដែលមានតែស្លូវ៉េនីប៉ុណ្ណោះបានស្គាល់នូវវឌ្ឍនភាពពិតប្រាកដ។ នាឱកាសឆ្លងសហស្សវត្សថ្មី សហភាពអឺរ៉ុបបានជួយឲ្យសេដ្ឋកិច្ចអឺរ៉ុបមានស្គាល់ការរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសប្រទេសអឺរ៉ុបចំនួន០៥ ដែលមានសេដ្ឋកិច្ចនាំមុខគេគឺ៖ អាល្លឺម៉ង់ រាជាណាចក្ររួម បារាំង អ៊ីតាលី និង អេស្ប៉ាញ។ នៅឆ្នាំ២០០៥ ប្រទេសចំនួន ១២ ក្នុងចំណោមសមាជិកទាំង ១៥ នៃសហភាពអឺរ៉ុបបានរួមគ្នាបង្កើតតំបន់ប្រាក់អឺរ៉ូ ដែលប្រើប្រាស់ប្រាក់អឺរ៉ូរួម ជំនួសឲ្យរូបិយវត្ថុជាតិរបស់ពួកគេ។ ប្រទេស ០៣ ទៀតដែលមិនប្រើប្រាស់ប្រាក់អឺរ៉ូមាន៖ រាជាណាចក្ររួម ដាណឺម៉ាក និង ស៊ុយអែត។
ភាសា[កែប្រែ]
ភាសានៅអឺរ៉ុបភាគច្រើន មានទំនងទៅនឹងអម្បូរភាសាឥណ្ឌូ-អឺរ៉ុបចំនួន០៣គឺ៖ ក្រុមភាសារ៉ូម៉ាំង ដែលបានមកពីភាសាឡាតាំងនៃចក្រភពរ៉ូម, ក្រុមភាសាអាល្លឺម៉ង់ ដែលចាប់កំណើតចេញមកពីភាសានៃតំបន់ស្កង់ឌីណាវ ខាងត្បូង និង ក្រុមភាសាស្លាវ។ ចំណែកភាសាអង់គ្លេស គឺជាភាសាមួយដែលស្ថិតនៅក្នុងក្រុមភាសាអាល្លឺម៉ង់ តែពាក្យជាច្រើននៃភាសាអង់គ្លេស មានប្រភពចេញមកពីក្រុមភាសារ៉ូម៉ាំង។
ក្រុមភាសារ៉ូម៉ាំង ត្រូវបាននិយាយជាបឋមនៅអឺរ៉ុបប៉ែកពាយ័ព្យដូចជា នៅរ៉ូម៉ានី និង ម៉ូលដូវី ជាដើម។ ក្រុមភាសាអាល្លឺម៉ង់ ត្រូវបាននិយាយនៅប៉ែកនិរតីនៃអឺរ៉ុប និង ផ្នែកខ្លះនៃអឺរ៉ុបកណ្ដាល។ ក្រុមភាសាស្លាវ ត្រូវបាននិយាយនៅប៉ែកកណ្ដាល ខាងកើត និង ប៉ែកអាគ្នេយ៍នៃអឺរ៉ុប។
នៅមានភាសាជាច្រើន ដែលមិនស្ថិតនៅក្នុងក្រុមភាសាទាំង០៣ខាងលើនេះ។ អម្បូរភាសាឥណ្ឌូ-អឺរ៉ុបផ្សេងទៀតមានដូចជា៖ ក្រុមភាសាបាលទិក (ដូចជា៖ ភាសាឡាតវី និង ភាសាលីទុយអានី), ក្រុមភាសាសែលទិក (ដូចជា៖ ភាសាអៀរឡង់, ភាសាស្កុតហ្កាអ៊ិលិក, ភាសាម៉ានស៍, ភាសាវ៉ែល, ភាសាកូរនីស្ហ និង ភាសាប្រេតុន), ភាសាក្រិច ភាសាអាល់បានី និង ភាសាអាមេនី ។ ក្រុមភាសាមួយទៀតដែលផ្សេងពីអម្បូរភាសាឥណ្ឌូ-អឺរ៉ុបគឺក្រុមភាសាអ៊ូរ៉ាល់ (Uralic Language) ដែលមាន៖ ភាសាអេស្តូនី, ភាសាហ្វាំងឡង់ និង ភាសាហុងគ្រី ត្រូវបាននិយាយនៅតាមតំបន់នៃប្រទេសខ្លះដូចជា៖ រ៉ូម៉ានី រុស្ស៊ី ស៊ែប៊ី និង ស្លូវ៉ាគី។ ភាសាមួយចំនួនផ្សេងទៀតដែលមិនមែនអម្បូរភាសាឥណ្ឌូ-អឺរ៉ុបដែរនោះមានដូចជា៖ ភាសាបាស្ក (Basque), ភាសាហ្សកហ្ស៊ី, ភាសាអហ្សែបែហ្សង់ និង ភាសានៃជនជាតិភាគតិចនៃប្រទេសរុស្ស៊ី។
ពហុភាសានិយម និង ការអភិរក្សភាសាតំបន់ និងភាសាជនជាតិភាគតិច ត្រូវបានទទួលស្គាល់ជាគោលដៅនយោបាយនៃអឺរ៉ុបនាពេលបច្ចុប្បន្ន។
សូមមើលផងដែរ[កែប្រែ]
កំណត់សម្គាល់[កែប្រែ]
- ↑ "Countries"។ គណៈកម្មការអឺរ៉ុប។ http://europa.eu/abc/european_countries។ បានយកមក 2008-06-13។
- ↑ អាមេនី ត្រូវបានសន្មតថាជាប្រទេសមួយមានភូមិសាស្ត្រស្ថិតនៅអាស៊ីខាងលិច ប៉ុន្តែប្រទេសមានប្រវត្តិសាស្ត្រ និង សង្គមនយោបាយជាមួយអឺរ៉ុប។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ អាហ្សែបែហ្សង់ ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបង្ហាញតែផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ ស៊ីប ត្រូវបានសន្មតថាជាប្រទេសមួយមានភូមិសាស្ត្រស្ថិតនៅអាស៊ីខាងលិច ប៉ុន្តែមានទំនាក់ទំនងប្រវត្តិសាស្ត្រ និង សង្គមនយោបាយខ្លាំងជាមួយអឺរ៉ុប។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ បារាំង ត្រូវបានដាក់បញ្ចូលតែទឹកដីកំណើតនៃប្រទេសបារាំងតែប៉ុណ្ណោះ។ អាណាខេត្តចំណុះបារាំងខ្លះ មានទីតាំងភូមិសាស្ត្រស្ថិតនៅក្រៅទ្វីបអឺរ៉ុប។
- ↑ ហ្សកហ្ស៊ី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូលរួមទាំងតំបន់ "អាប់ខាស៊ី" និង "អូសេទីខាងត្បូង" ដែលប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីហ្សកហ្ស៊ីផងដែរ។
- ↑ កាហ្សាក់ស្ថាន ជាប្រទេសមួយនៅអាស៊ីកណ្ដាល (UN Region) និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ កូសូវ៉ូ បានប្រកាសឯករាជ្យជាឯកតោភាគីពីស៊ែប៊ី នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨។ អធិបតេយ្យភាពរបស់រដ្ឋនៅពុំទាន់ប្រាកដនៅឡើយ។ ចំនួនប្រជាជនក្នុងទិន្នន័យនេះ ត្រូវបានគេប៉ាន់ស្មានកាលពីឆ្នាំ២០០៧។
- ↑ ទិន្នន័យនេះ បានមកពីចំនួនប្រជាជនហូឡង់ឆ្នាំ២០០៤។ យើងបានដាក់បញ្ចូលតែទិន្នន័យនៅផ្នែកអឺរ៉ុបប៉ុណ្ណោះ។ ហូឡង់ មានផ្នែកពីរដែលនៅក្រៅទ្វីបអឺរ៉ុបគឺ៖ អារូបា (Aruba) និង Netherlands Antilles ។
- ↑ ព័រទុយហ្គាល់ ត្រូវបានរួមបញ្ចូលទាំងប្រជុំកោះ "អាហ្សូរេស" (Azores) និង ម៉ាដេរ៉ា (Madeira) ដែលស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើងផងដែរ។
- ↑ រុស្ស៊ី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងជើង និង អឺរ៉ុបខាងកើត។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលផ្ទៃដី និង ប្រជាជនក្នុងប្រទេសទាំងមូល។
- ↑ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលទាំង "កូសូវ៉ូ" ដែលជាខេត្តផ្ដាច់ខ្លួន ហើយបានប្រកាសឯករាជ្យជាឯកតោភាគីកាលពីថ្ងៃ១៧ កុម្ភៈ ២០០៨ នេះផងដែរ។
- ↑ ទួរគី ត្រូវបានសន្មតថាជាប្រទេសមួយនៅអាស៊ីខាងលិច និង អឺរ៉ុបខាងត្បូង។ ក្នុងទិន្នន័យនេះ យើងបានដាក់បញ្ចូលទាំងផ្ទៃដី និង ប្រជាជននៅតំបន់អាស៊ី និង អឺរ៉ុប។
- ↑ The CIA World Factbook - GDP (PPP)". CIA (2008-07-15). Retrieved on 2008-07-19.