ធនាគារអេស៊ីលីដា

ពីវិគីភីឌា

ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាម​ប្រព័ន្ធ​ច្បាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ អេស៊ីលីដា បាន​ចាប់​បដិសន្ឋិ​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​ធំបំផុត និនិងខ្នាតធំ តាម​រយៈ​ការ​ផ្តល់​ឥណទាន ។ នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០០០ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ធនាគារ អេស៊ីលីដា មាន​លទ្ធភាព​បំពេញ​ទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​នូវ​សេវា​ធនាគារ​បាន​ ទូទៅ និង​ទូលំ​ទូលាយ​ថែម​ទៀត ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។

ប្រវត្តិធនាគារ[កែប្រែ]

ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ ជា​ច្រើន ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់​ទាំង ២៤​ខេត្ត-ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព​របស់​ធនាគារ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាព គឺ​ជា​កត្តា​ធំ​ពីរ ដែល​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថា ធនាគារ អេស៊ីលីដា គួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់ សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​ឲ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​ បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុន ការ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈ ឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្ម រវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីក ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើ​ឲ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយ ត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។

នៅ ​ក្នុង​ដំណើការ​កម្លាយ​ខ្លួន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស៊ីលីដា​ដើម បាន​បង្វែរ​ទ្រព្យ​សកម្ម និង​បំណុល​ក្នុង​ដៃ​អតិថិជន (ប្រាក់​កម្ចី​រយៈ​ពេល​វែង ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ) ទៅ​កាន់​ធនាគារ អេស៊ីលីដា ដែល​ទើប​បង្កើត​ថ្មី ដោយ​ប្តូរ​ត្រឡប់​ទៅ​វិញ​ជា​ភាគហ៊ុន ៤៤,៩១% របស់​ធនាគារ​ស្មើ​នឹង ៤ លាន​ដុល្លារ​អាមេរិក សមាគម​បុគ្គលិក​អេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែល​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​របស់​បុគ្គលិក បាន​ទិញ​ភាគហ៊ុន​ចំនួន ៦,០៩% ហើយ​ចំណែក​ដែល​នៅ​សល់ ៤៩% ទៀត​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​ភាគទុនិក​បរទេស​ចំនួន​បួន​គឺ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (សាខា​របស់​ធនាគារ​ពិភពលោក), DEG (ប្រទេស​អាល្លឺម៉ង់), FMO និង ធនាគារ​ទ្រីយ៉ូដូស (ប្រទេស​ហុល្លង់ដ៍) ។ នា​ពេល​អនាគត ធនាគារ អេស៊ីលីដា អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុន ក្នុង​ពេល​សមស្រប​ណា​មួយ ។

បន្ទាប់ ​ពី​បង្កើន​ដើម​ទុន​របស់​ខ្លួន​មួយ​ទ្វេរ​ជា​បី ឡើង​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ហើយ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ធនាគារ​អេស៊ីលីដា បាន​ប្រកាស​ពី​ការបង្កើន​ដើម​ទុន​ដែល​មាន​ពី ១៣.០០០.០០០​ដុល្លារ​អាមេរិក ទៅ​ដល់ ៣០.០០០.០០០​ដុល្លារ​អាមេរិក ។ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៨ ធនាគារ​អេស៊ីលីដា ​បាន​ប្រារព្ធ​ពិធី​គំរប់​ខួប​ទី១៥​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ ខ្លួន​ និង​បាន​ប្រកាស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី ៣០.០០០.០០០​ដុល្លារ​អាមេរិក ទៅ ៥០.០០០.០០០​ដុល្លារ​អាមេរិក​ ។

ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ធនាគារ​អេស៊ីលីដា បាន​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​យ៉ាង​លឿន ជា​មួយ​នឹង​អត្រា​កើន​ឡើង​ជា​មធ្យម​នៃ​ចំនួន​ទឹក​ប្រាក់​ឥណទាន​សរុប ៤៦,១៩% ក្នុង​មួយ​ឆ្នាំ ។ នា​ចុង​ឆ្នាំ​២០០៦ ធនាគារ​អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​សរុប​ប្រមាណ ១៥៨,៥​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ១៥៩.៩០០​នាក់ ដែល​ក្នុង​នោះ​មាន ៦០.៥៩% ជា​ស្ត្រី ។ ធនាគារ​អេស៊ីលីដា កាន់​កាប់​ទី​ផ្សារ​បាន​ប្រមាណ ១៨% នៃ​ទំហំ​ទី​ផ្សារ​ឥណទាន​សរុប ហើយ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត និង មាន​ទ្រព្យ​សកម្ម​លើស​ពី ២២២​លាន​ដុល្លារ​អាមេរិក ។​​​ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​បុគ្គលិក​សរុប ៥.៦១០ កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២១៩​ការិយាល័យ ដែល​គ្របដណ្តប់ ២៤​ខេត្ត-ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ធនាគារ អេស៊ីលីដា ត្រូវ​បាន​ធ្វើ​សវនកម្ម​តាម​ធម្មនិយាម​អន្តរជាតិ​ដោយ ប្រាយវ័តធ័រហាវខូភើស៍ និង មាន​ក្រុមប្រឹក្សា​ច្បាប់​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ គឺ Sciaroni & Associates ។

សេវាកម្មនិងការិយាល័យ[កែប្រែ]

ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មាន​បម្រើ​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រទេស​តាម​រយៈ Western Union និង SWIFT (សង្គម​ជុំវិញ​ពិភពលោក​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ) ។ ​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម រួម​មាន ៖ Documentary Collection, សេវា​លិខិត​ឥណទាន, សេវា​លិខិត​ធានា និង សេវា​ចាត់ចែង​សាច់​ប្រាក់ មាន​ដូចជា ៖ សេវា​ប្តូរ​ប្រាក់, សេវា Standing Order / Direct Debit, សេវា​ទូទាត់​សាច់​ប្រាក់, សេវា Cash Consolidation Accounts, សេវា​បើក​ប្រាក់​បៀវត្ស, សេវា​លិខិត​អះអាង​លើ​គណនី​និង​ព័ត៌មាន​អតិថិជន, សេវា​មូលប្បទានបត្រ​សាច់​ប្រាក់, សេវា​ប្រមូល​សាច់​ប្រាក់, សេវា​​មូលប្បទានបត្រ​​ទេសចរណ៍, សេវា​ទិញ​មូលប្បទានបត្រ​បរទេស, សេវា​មូលប្បទានប័ណ្ណ និង​សេវា​ធនាគារ​ដទៃ​ជា​ច្រើន​ទៀត ។

ការិយាល័យកណ្ដាល របស់​ធនាគារ អេស៊ីលីដា មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ជា​មួយ​នឹង​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់ ក្រុងភ្នំពេញ, ខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្ដាល, ខេត្តកោះកុង, ខេត្តកំពត, ក្រុងកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ក្រុងប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ក្រុងព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និង ខេត្តតាកែវ ។

ទស្សនៈនិងបេសកកម្ម[កែប្រែ]

ទស្សនៈ:ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញ​វត្ថុ​ល្អ​បំផុត ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។
បេសកកម្ម:ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម និង​សាធារណជន នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង ចាត់​ចែង​ធន​ធាន​ហិរញ្ញ​វត្ថុ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ឲ្យ​ប្រសើរ​ឡើង ដោយ​អនុវត្ត​ឲ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគទុនិក កម្មករ​និយោជិត ព្រម​ទាំង​សហគមន៍​ទាំង​អស់ ។ យើង​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌​វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត ។

​ក្រុម​ប្រឹក្សា​ភិបាល[កែប្រែ]

  1. លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ជនជាតិ​ខ្មែរ ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល​នៅ​ខែតុលា ឆ្នាំ២០០០ ។
  2. លោក John Brinsden អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ជនជាតិ​អង់គ្លេស សញ្ជាតិ​ណូវែល​សេឡង់ ។
  3. លោកស្រី Femke Bos នាយិកា ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៦៩ ។
  4. លោក Joseph J. Hoess នាយក ជនជាតិ​អាមេរិក កើត​ក្នុង​ឆ្នាំ១៩៦៦ ។
  5. បណ្ឌិត Peter Kooi នាយក ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៥៨ បាន​ចូល​រួម​ជា​ក្រុម​ប្រឹក្សាភិបាល​នៅ​ខែតុលា ឆ្នាំ២០០០ ។
  6. លោក Aftab Ahmed, នាយក បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល នៅ​ខែ​មីនា ឆ្នាំ២០០៨
  7. លោក ឡុញ ថុល នាយក ជនជាតិ​ខ្មែរ កើត​នៅ​ឆ្នាំ១៩៦១ បាន​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល នៅ​ខែតុលា ឆ្នាំ២០០០ ។
  8. លោកស្រី សុខ វណ្ណនី នាយិកា ជនជាតិ​ខ្មែរ កើត​នៅ​ឆ្នាំ១៩៦៦ បាន​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល នៅ​ខែតុលា ឆ្នាំ២០០០ ។
  9. លោក​ស្រី Jutta Wagenseil នាយិកា ជនជាតិ​អាល្លឺម៉ង់ កើត​នៅ​ឆ្នាំ១៩៥៣ បាន​ចូលរួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល ក្នុង​ខែកក្កដា ឆ្នាំ២០០១ ។

គណៈកម្មាធិការប្រតិបត្តិ[កែប្រែ]

  1. លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ កើត​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៦០ លោក​បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម​ពី​សាកលវិទ្យាល័យ​ន័រតុន និង​បាន​សិក្សា​លើ​ផែ្នក​គ្រប់គ្រង​អង្គភាព​​អាជីវកម្ម​នៅ​មហា​វិទ្យាល័យ Gwynedd Mercy សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ១៩៩០ ។
  2. លោក ឆាយ សឿន អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ កើត​ឆ្នាំ១៩៥៤ បាន​ប្រលង​ចេញ​ពី​វិទ្យាល័យ​នៅ​ឆ្នាំ១៩៧៣ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ក្នុង​ឆ្នាំ១៩៧៤ ។
  3. លោក​ស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ កើត​ឆ្នាំ១៩៦៣ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ជំនាញ​គ្រប់គ្រង ពី​សាកលវិទ្យាល័យ Charles Sturt នៅ Wagga Wagga, NSW ប្រទេស​អូស្ត្រាលី នៅ​ខែមេសា ឆ្នាំ២០០៧ ។
  4. លោក ជាម ទាង អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល​និង​ប្រតិបត្តិការ​អន្តរជាតិ កើត​ឆ្នាំ១៩៥៥ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម​ពី​សាកលវិទ្យាល័យ Rushmore នៅ Dakota Dunes សហរដ្ឋ​អាមេរិក ក្នុង​ខែមិថុនា ឆ្នាំ២០០១ ។# សរសេរជួរទី២
  5. ចាប់​ពី​ឆ្នាំ១៩៩៤ លោក​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​ជា​ច្រើន​ស្តី​ពី​ការ​គ្រប់គ្រង និង​មីក្រូ​ហិរញ្ញវត្ថុ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន ។
  6. លោក​ស្រី គឹម សុធាវី នាយិកា​ប្រតិបត្តិ​សវនកម្ម​ផ្ទៃ​ក្នុង កើត​ឆ្នាំ១៩៦៥ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ​វេសស្ទឺន ប្រទេស​កម្ពុជា​នៅ​ខែ​ធ្នូ ឆ្នាំ​២០០៧ ។
  7. លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន កើត​ឆ្នាំ១៩៧៥ បាន​ទទួល​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម ជំនាញ​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ Charles Sturt នៅ Wagga Wagga NSW ប្រទេស​អូស្ត្រាលី នៅ​ខែមេសា ឆ្នាំ២០០៦ ។