ធម៌

ពីវិគីភីឌា

ធម៌ (សំ, បាលី: Dhamma) ជាសភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត។ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌។

និយមន័យ[កែប្រែ]

ពាក្យ​ថា ធម៌ ឬ ធម្មៈ​នេះ បាន​ដល់​សច្ចធម៌ (សេចក្ដី​ពិត) សុចរិត​ធម៌ (ការ​ប្រព្រឹត្ត​ល្អ) យុត្តិ​ធម៌ (ការ​ប្រព្រឹត្ត​ត្រូវ) ។ មួយ​ទៀត ការ​ប្រតិបត្តិ​ចំពោះ​ច្បាប់​ណា​មួយ​ដែល​ប្រាស​ចាក អគតិ​ធម៌ ៤ យ៉ាង មាន​ឆន្ទាគតិ​ជា​ដើម លោក​ហៅ​ថា​ធម៌ ។ ពាក្យ​ថា ធម៌​នេះ បើ​ទុក​ជា​មិន​មាន​គុណ​ស័ព្ទ​ជា កុសល ឬ អកុសល​នៅ​ជិត​ខាង ក៏​បណ្ឌិត​អាច​យល់​បាន​តាម​ដំណើរ​សេចក្ដី ។

ពាក្យថា ធម៌ ដែល​មាន​មក​ក្នុង​ផ្ទៃ​ពុទ្ធភាសិត​ខាង​លើ​នុ៎ះ សំ​ដៅ​យក​សន្តិ គឺ​សេចក្ដី​ស្ងប់​កាយ​វាចា​ចិត្ត ចាក​កិលេស មាន​លោភៈ​ជា​ដើម ដូច​សេចក្ដី​ប្រែ​នៃ​ភាសិត ព្រម​ទាំង​អធិប្បាយ វែក​ញែក​ពង្រីក​ឲ្យ​ពិស្ដារ​ត​ទៅ​នេះ ។

“រាជ​រថ​ទាំង​ឡាយ ដែល​នាយ​ជាង​រចនា​ល្អ​ហើយ រមែង​ចាស់​គ្រាំ​គ្រា​ទៅ​ពុំ​ខាន ទោះ​ទាំង​សរីរៈ​រាង​កាយ (របស់​សត្វ​ទាំង​ឡាយ) ក៏​ដល់​នូវ​សេចក្ដី​ចាស់​គ្រាំ​គ្រា​ដូច្នោះ​ដែរ ទើប​ឯ​ធម៌​របស់​លោក​អ្នក​ស្ងប់ មិន​ដល់​នូវ​សេចក្ដី​គ្រាំ​គ្រា​ដូច្នោះ​ឡើយ ពួក​លោក​អ្ន​ក​ស្ងប់​កិ​លេស រមែង​សន្ទនា​ជា​មួយ​នឹង​ពួក​លោក​អ្នក​ស្ងប់​ផង​គ្នា​បាន” ។

សុភាសិត​ដែល​អាង​មក​នេះ ដើម្បី​បញ្ជាក់​ចំពោះ​ពាក្យ​ថា​ធម៌​ជា​សភាវៈ​ឥត​រូប ដោយ​ហេតុ​ថា​ជា​ច្បាប់​សម្រាប់​ជឿ​កាន់ សម្រាប់​ប្រព្រឹត្ត ដើម្បី​ស្ងប់ ឬ លាង​ជម្រះ​បោស​សម្អាត​កិលេស​ក្នុង​ខន្ធ​សន្តាន​របស់​សត្វ​លោក​ឲ្យ​ជ្រះ​ស្អាត ឲ្យ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ស្ងប់​រម្ងាប់ ។ មួយ​ទៀត ពាក្យ​ថា​ធម៌​បាន​ដល់​សភាវៈ​ឥត​រូប​មាន​តែ​នាម ដែល​ចប់​កំណើត​រស់​នៅ​ក្នុង​លោក​សម្រាប់​ដឹង​បាន​ដោយ​អាស្រ័យ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះ​អង្គ​បាន​ឃើញ​ច្បាស់ ហើយ​ទ្រង់​បាន​សម្ដែង​ស្រាវ​ជ្រាវ​ប្រកាស​ចំពោះ​សត្វ​លោក ដើម្បី​ឲ្យ​សត្វ​ប្រតិបត្តិតាម ។ មួយ​វិញទៀត ពាក្យ​ថា ធម៌ សំដៅ​យក​ទាំង​សេចក្ដី​ល្អ ទាំង​សេចក្ដី​អាក្រក់ ទាំង​បុណ្យ​ទាំង​បាប គុណ​ទោស ទាំង​មគ្គផល​និព្វាន ព្រោះ​សភាវៈ​ទាំង​នេះ តែង​រស់​នៅ​ប្រាកដ​ប្រចាំ​លោក មិន​អាច​វិនាស​ចាក​លោក ដោយ​អន្តរាយ​ណា​មួយ​បាន​ឡើយ សូម្បី​លោក​ធាតុ​ទាំ​ងមូល​ត្រូវ​ភ្លើង​ឆេះ ក៏​មិន​អាច​សាបសូន្យ ។ ពាក្យ​ដែល​គេ​តែង​និយាយ​ថា​ព្រះ​ធម៌​សាប​សូន្យ​នោះ ដោយ​ហេតុ​តែ​មិន​មាន​មនុស្ស​គោរព​សិក្សា​ប្រតិបត្តិ​ប៉ុណ្ណោះ ។ ពាក្យ​ថា “ធម៌” នេះ​ជា​គូ​នឹង​ពាក្យ​ថា “វិន័យ” របស់​ព្រះ​សម្ពុទ្ធ​ រួម​ពាក្យ​ទាំង​ពីរ​ម៉ាត់​នេះ​ហៅ​ថា “ពុទ្ធ​សាសន”​ ប្រែ​ថា ប្រៀន​ប្រដៅ​អប់​រំ ឬ​ជា​មេ​រៀន​ទន្ទិញ​របស់​ព្រះ​សម្មាសម្ពុទ្ធ ដើម្បី​បាន​នូវ​ស​ន្តិវរ​បទ គឺ​ផ្លូវ​សន្តិភាព​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ​ពុទ្ធសាសនា ។

ព្រះ​ពុទ្ធសាសនា​សម្បូណ៌​ដោយ​ទ្រឹស្ដី ដោយ​អត្ថ​បទ ដោយ​និទាន ដែល​ប្រកប​ដោយ​ហេតុ​ផល​ជា​ច្រើន​ណាស់ ជា​សាសនា​ស្រោច​ស្រង់​សត្វ​លោក​ឲ្យ​រួច​ចាក​ទុក្ខ​តាំង​អំពី​បច្ចុប្បន្ន រហូត​ដល់​អនាគត ទុក​ថា​ជា​បទ​សម្រាប់​សិក្សា​ជាន់​ខ្ពស់​បំ​ផុត ដើម្បី​ស្វែង​រក​សន្តិភាព​យ៉ាង​ជាក់​ច្បាស់ បើ​មនុស្ស​ក្នុង​លោក​គ្រប់​ប្រទេស​ទទួល​សិក្សា​ប្រតិបត្តិ​ដោយ​ហ្មត់​ចត់ ។​

សេចក្ដី​ក្នុង​ពុទ្ធភាសិត​គាថា​ខាង​លើ​នុ៎ះ ជា​បទ​សម្រាប់​ពិចារណា​ឲ្យ​ឃើញ​ថា សេចក្ដី​ល្អ, សេចក្ដី​អាក្រក់, មគ្គផល និព្វាន ជា​ធម្មជាត​នៅ​ថ្មី​ជា​និច្ច​គ្រប់​កាល​ទាំង​ពួង មិន​ដល់​នូវ​ការ​គ្រាំ​គ្រា​បាក់​បែក​ទ្រុឌ​ទ្រោម​សាប​សូន្យ​ដូច​រូប​កាយ​មនុស្ស​សត្វ ឬ​សម្ភារៈ​ណា​មួយ​ឡើយ ។​ មនុស្ស​ក្នុង​សកល​លោក​គ្រប់​ប្រទេស ច្រើន​តែ​មាន​ជំនឿ​បាក់​ផ្នត់​គំនិត ទៅ​តាម​ទ្រឹស្ដី​សាសនា​របស់​ខ្លួន ៗ ស្រេច​នឹង​គ្រូ​ប្រដៅ​សាសនា ដែល​ជា​អ្នក​ដឹក​នាំ​មុន​ដំបូង ។ ក្នុង​ចំណោម​សាសនា​ដែល​នៅ​គ្រប់​ប្រទេស សាសនា​ខ្លះ​ក៏​មាន​ហេតុ​ផល​ល្អ, សាសនា​ខ្លះ ក៏​ឥត​ហេតុ​ផល​ទាល់​តែ​សោះ ប៉ុន្តែ​ដោយ​អំណាច​ជំនឿ​បាក់​ផ្នត់ តាម​វង្ស​ត្រកូល​ជា​យូរ​មក​ហើយ ជា​ហេតុ​នាំ​ឲ្យ​ស្លាប់​គំនិត ដែល​អាច​កែ​ប្រែ​រើ​ខ្លួន​ចេញ​ចាក​សាសនា​នោះ ៗ បាន​ដោយ​ក្រ​ណាស់ ។

ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​មាន​ហេតុ​ផល ជា​មជ្ឈិម​បដិបទា​ដែល​កើត​អំពី​មហា​បុរស​មួយ​រូប គឺ​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ព្រះ​អង្គ​មាន​ជាតិ​ជា​មនុស្ស ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​សុទ្ធោទនៈ សោយ​រាជ្យ​ក្នុង​ក្រុង​កបិល​ពស្តុរាជ​ធានី សព្វ​ថ្ងៃ​ហៅ​ថា​ក្រុង​កដ្ឋ​មណ្ឌូ ប្រទេស​នេប៉ាល់ តាម​ប្រវត្តិ​ដោយ​ពិត​ប្រាកដ ពុំ​មែន​ព្រះ​ពុទ្ធ​ដោយ​មនោគតិ​របស់​អ្នក​និពន្ធ​គម្ពីរ​សាសនា​នោះ​ឡើយ ។ ឧត្តមគតិ​របស់​មនុស្ស អ្នក​កាន់​សាសនា​ក្នុង​លោក​ផ្សេង ៗ គ្នា ដោយ​ហេតុ​ទ្រឹស្ដី​របស់​សាសនា​នោះ ​ៗ នាំ​បំបែក​ឲ្យ​ទៅ​ជា​មនុស្ស​អ្នក​កាន់​អ្នក​ជឿ​នោះ កាច​ឃោរឃៅ​ក្នុង​ការ​កាប់​សម្លាប់​ឥត​គិត​ដល់​ជីវិត​មនុស្ស​សត្វ​សោះ រាប់​ថា​ជា​សាសនា​ខ្វះ​ព្រហ្ម​វិហារ​ធម៌ មិន​គួរ​រាប់​ថា​សាសនា​មាន​ហេតុ​ផ​ល​ល្អ ប្រព្រឹត្ត​ទៅ​ដើម្បី​សន្តិភាព​បាន​ឡើយ ។

ឧត្តមគតិ​របស់​មនុស្ស​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា សម្បូណ៌​ដោយ​ព្រហ្មវិហារ​ធម៌​ចំពោះទាំង​មនុស្ស ទាំង​តិរច្ឆាន គឺ​ទាំង​ជីវិត ទ្រព្យ​សម្បត្តិ​និង​ទី​កន្លែងទឹក​ដី​របស់​អ្នក​ដទៃ រាប់​ថា​ជា​សាសនា គោរព​សិទ្ធិ​សេរីភាព​របស់​មនុស្ស​សត្វ​ជា​សាធារណៈ ​ឥត​រើស​ពូជ​ពង្ស​ជាន់​ថ្នាក់​វណ្ណៈណា​មួយ​ទេ ។ ពុទ្ធសាសនា រាប់​ថា​ជា​សាសនា​មាន​ហេតុ​ផល សាង​សន្តិភាព​ដើម្បី​ប្រជា​ពល​លោក​ដោយ​ពិត ជា​សាសនា​ស្លូត​សុភាព ចំពោះ​ជីវិត និង​ទ្រព្យ​សម្បត្តិ​នៃ​គ្នា​និង​គ្នា សម្រាប់​ឧបត្ថម្ភ​ជ្រោម​ជ្រែង​សង្គម​មនុស្ស ឲ្យ​បាន​សន្តិ​សុខ​ចម្រើន​រុង​រឿង​តាម​ឧបនិស្ស័យ​របស់​មនុស្ស មិន​ប្រើ​អំណាច​ជិះ​ជាន់​ឈ្លោះ​ប្រកែក ប្រកាស​សង្គ្រាម​ដល់​គ្នា​នឹង​គ្នា​ឡើយ ។

ធម៌​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​សម្ដែង​ចាប់​ដើម​អំពី​បឋម​ពោធិកាល រហូត​ដល់​មច្ឆិម​ពោធិ​កាល​នោះ​មាន​ឈ្មោះ​ថា មាន​ន័យ​ច្រើន​យ៉ាង​ជា​អនេក ។ ធម្ម​ទេសនា​របស់​ព្រះអង្គ តាម​ដែល​សង្កេត​ឃើញ​ក្នុង​គម្ពីរ ជួន​កាល​មាន​សេចក្ដី​ល្អិត​ញឹក​ជ្រាល​ជ្រៅ ជួន​កាល​រាក់ ៗ តាម​ឧបនិស្ស័យ​វាសនា​និង​ចរិត​របស់​បរិស័ទ​អ្នក​ស្ដាប់ បើ​ព្រះ​អង្គ​សម្ដែង​ធម៌​ចំពោះ​គ្រហស្ថ​សុទ្ធ ដែល​មិន​លាយ​ដោយ​ពួក​បព្វជិត​ផង​ទេ ច្រើន​តែ​សម្ដែង​អំពី​អនុបុព្វីក​ថា ៥ យ៉ាង មាន​ទាន​កថា​ជា​ដើម និង​ប្រយោជន៍ ៣ យ៉ាង គឺ​ប្រយោជន៍​បច្ចុប្បន្ន ១ បរលោក ១ ព្រះនិព្វាន ១ ។

បើ​ព្រះ​អង្គ​សម្ដែង​ចំពោះ​បព្វជិត​ច្រើន​តែស​ម្ដែង​អំពី​ផ្លូវ​ឈាន សមាបត្តិ និង​ ព្រះនិព្វាន ដើម្បី​ឲ្យ​សម​តាម​កិច្ច​របស់​អ្នក​បួស​ក្នុង​សាសនា ។ មួយ​ទៀត ធម្ម​ទេសនា ដែល​ព្រះ​អង្គ​សម្ដែង​ចំពោះ​បុគ្គល​នោះ ៗ ច្រើន​តែ​ប្រកាស​ចង្អុល បង្ហាញ​ធម៌​ទាំង​ពីរ​ចំណែក គឺ​ធម៌​ដែល​គួរ​បំពេញ​ឲ្យ​មាន​ឡើង ហៅ​ថា ភាវនា​ខន្ធ ១ ធម៌​ដែល​គួរ​លះ​ចេញ​ហៅ​ថា ប​ហាន​ក្ខន្ធ ១ ។

កុសលធម៌​ទាំង​អស់ ដែល​គួរ​បណ្តុះ​បង្កើត​ឲ្យ​មាន​ឡើង ក្នុង​ខន្ធ​សន្តា​ន​ហៅ​ថា ភាវនា​ខន្ធ បាន​ដល់​និច្ច​សីល ឧបោសថ​សីល បញ្ញាកិ​រិយា​វត្ថុ ១០ និង​សតិប្បដ្ឋាន ៤ ជាដើម ។ អកុសល​ធម៌​ដែល​ត្រូវ​លះ​កាត់​កាល់​ចោល​ចេញ​ដូច​យ៉ាង​កិលេស​ទាំង​ឡាយ មាន​អភិជ្ឈា​វិសម​លោភៈ និង​សំយោជន​ធម៌ ១០ យ៉ាង​ជា​ដើម ហៅ​ថា បហានក្ខន្ធ ។

មនុស្ស​ក្នុង​សក​លលោ​ក ដែល​ធ្លាប់​មាន​ជំនឿ​ក្នុង​សាសនា​ដោយ​រៀង ៗ ខ្លួន គួរ​ពិចារណា​រឿយ ៗ ឲ្យ​ហ្មត់​ចត់ ហើយ​គួរ​កែ​ប្រែ​ជំ​នឿ​ជា​ថ្មី ចំពោះ​សាសនា​ដែល​មិន​មាន​ហេតុ​មិន​មាន​ផល មិន​គួរ​ឲ្យ​គំនិត​ដេក​ដួល​លង់​ទ្រនេស​បាក់​ផ្នត់​ដូច្នោះ​ឡើយ ។