ធម្មចក្កប្បវត្តនសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

ធម្មចក្កប្បវត្តនសូត្រ

[១៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅបញ្ចវគ្គិយភិក្ខុទាំង​ឡាយមក ហើយ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម៌អមខាង ទាំងពីរប្រការនេះ គឺបព្វជិត​មិនគួរ​សេពគប់​ឡើយ។ (ធម៌អមខាងទាំងពីរប្រការ​នោះគឺ) ការ​ប្រកបរឿយៗនូវសេចក្តី​ជាប់ជំពាក់​ដោយ​កាម​សុខ​ក្នុងកាមទាំងឡាយណា ដែលជាធម៌​ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់អរិយបុគ្គលទេ មិន​ប្រកប​ដោយ​ប្រយោជន៍(មួយ) ការប្រកបរឿយៗ​នូវសេចក្តី​ព្យាយាម​ធ្វើខ្លួនឯងឲ្យលំបាកណា តែង​នាំ​មកនៅសេចក្តីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រ​កប​ដោយ​​ប្រយោជន៍ឡើយ (មួយ) ម្នាល​ភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា (គឺសេចក្តីប្រតិបត្តិ​យ៉ាង​កណ្តាល) មិនប៉ះពាល់នឹងធម៌​អមខាងទាំង​ពីរ​​នោះ  តថាគត​បានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើអោយកើតបញ្ញាចក្ខុ (គឺធ្វើឲ្យកើត​សេចក្តី​ចេះដឹង) ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវ​អរិយសច្ច ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច ​ដែល​តថាគត​​ត្រាស់​ដឹង​ហើយ ជាសេចក្តីប្រតិបត្តិ​ធ្វើ​អោយកើតបញ្ញាចក្ខុ ប្រព្រឹត្ត​ទៅដើម្បី​សេចក្តី​រម្ងាប់​កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន (មជ្ឈិមាបដិបទា​នោះ) គឺ អរិយមគ្គប្រកបដោយអង្គ៨នេះ​ឯង អរិយមគ្គប្រកប​ដោយអង្គ​៨​ប្រការ ​ដូចម្តេច អរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តី​ត្រិះរិះ​ត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តី​ព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការ​តម្កល់​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទានេះឯង​ដែល​តថាគតត្រាស់ដឹងហើយ ជា​​សេចក្តី​ប្រតិបត្តិ​ធ្វើ​​ឲ្យកើត​បញ្ញាចក្ខុ តែងប្រព្រឹត្តទៅ​ដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បី​ស្គាល់​នូវ​អរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន។

[១៤] ម្នាលភិក្ខុ​ទាំង​ឡាយ ក៏សេចក្តីទុក្ខនេះឯងហៅថា អរិយសច្ច គឺ កំណើត (ទាំង៤ មានជលាពុជជាដើម) ជាកងទុក្ខ១ សេចក្តីចាស់គ្រាំគ្រាជាកងទុក្ខ១ ពួកជម្ងឺដំកាត់ជាកងទុក្ខ១  សេចក្តីស្លាប់ជាកងទុក្ខ១ ដំណើរប្រសប់ចូលដោយសត្វ និងសង្ខារ​មិនជាទីស្រឡាញ់​ទាំង​ឡាយ ជាកងទុក្ខ១ សេចក្តីព្រាត់​បា្រស​ចាក​សត្វ​និង​សង្ខារ​ជាទី​ស្រឡាញ់ទាំងឡាយ ជាកង​ទុក្ខ១ បុគ្គលប្រាថ្នាវត្ថុណា មិនបាន​វត្ថុ​នោះ (ដូចបំណង) ជាកងទុក្ខ១ បើពោលដោយសង្ខេប ឧបាទានខន្ធទាំង៥ (មានរូបខន្ធជាដើម) ជាកងទុក្ខ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុជា​ដែនកើត​នៃកងទុក្ខ​នេះឯង ហៅថា អរិយសច្ច គឺតណ្ហា នេះឯង ជាធម្មជាតិនាំសត្វឲ្យកើតទៀត ប្រកប​ដោយ​សេចក្តីរីករាយ និង​សេចក្តីត្រេកត្រអាល ជាធម្មជាតិ​នាំសត្វឲ្យ​ត្រេកត្រអាលនៅ​ក្នុងភព​នោះៗ (ឬក្នុងអារម្មណ៍​នោះៗ) តណ្ហានោះដូចម្តេច តណ្ហា​នោះ គឺ​កាមតណ្ហា (សេចក្តី​ប្រាថ្នា​ក្នុង​កាមភព)១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១ វិភវតណ្ហា (សេចក្តី​ប្រាថ្នាក្នុង​ភពសូន្យ)១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃកងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងនិព្វានធម៌ ជាសភាវៈ នឿយណាយ និងរំលត់ដោយមិនមាន​សេស​សល់​ជាសភាវៈលះបង់ គ្រវែងចោល ជម្រុះចោល មិនអាល័យ ត្រង់តណ្ហានោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តីប្រតិបត្តិនាំសត្វឲ្យដល់នូវព្រះនិព្វានជាទីរលត់​នៃ​កងទុក្ខនេះឯង ហៅថា អរិយសច្ច បានខាងអរិយមគ្គ​ប្រកបដោយអង្គ៨នេះឯង អរិយមគ្គប្រកបដោយ​អង្គ​៨នោះដូច​ម្តេច អរិយមគ្គប្រកបដោយអង្គ៨នោះគឺ សេចក្តីឃើញត្រូវ១។បេ។ ការដម្កល់​ចិត្តត្រូវ១។

[១៥] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​មិន​ដែលបានឮ ក្នុងកាលពីមុនមកថា កងទុក្ខនេះឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ពន្លឺកើតឡើងហើយ​ដល់​តថាគតថាកងទុក្ខនោះ​ឯង ឈ្មោះថា អរិយសច្ច បុគ្គល​គួរ​កំណត់​ដឹង។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើត​ឡើងហើយ ពន្លឺ​កើតឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំងឡាយ​​ដែល​តថាគត​មិនដែល​បានឮ​ក្នុងកាលពីមុនមក​ថា កងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបាន​កំណត់​ដឹង​ហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញា​កើត​ឡើង​ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌​ទាំងឡាយ​ដែល​តថាគត​មិន​ដែលបានឮក្នុងកាលពីមុនមកថា តណ្ហា​ជាដែន​កើតឡើងនៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ច​​ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើតឡើង​ហើយ ​ដល់​តថាគតថា តណ្ហា​ជាដែន​កើតឡើងនៃកងទុក្ខនោះឯង ឈ្មោះថា ​អរិយ​សច្ច​ដែលបុគ្គលគួរលះចោល។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើត​ឡើង​ហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើត​ឡើង​ហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​មិនដែល​បាន​ឮ​ក្នុង​កាលពីមុនមកថា តណ្ហាជា​ដែនកើត​ឡើង​នៃ​កងទុក្ខនោះឯង ឈ្មោះថា​អរិយសច្ច ដែល​បុគ្គល​​លះចោល​ហើយ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុ​កើត​ឡើងហើយ ញាណកើតឡើងហើយ បញ្ញា​កើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺ​កើត​ឡើង​ហើយ ដល់តថាគត ក្នុងធម៌​ទាំង​ឡាយ​​ដែលតថាគត​មិនដែលបានឮ​ក្នុង​កាលពី​មុន​មក​ថា និព្វានធម៌ជាទីរលត់​នៃកងទុក្ខនេះ ឈ្មោះថា អរិយសច្ចដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺកើតឡើងហើយ ដល់តថាគតថា និព្វាន​ធម៌ជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច​ដែលបុគ្គលគួរធ្វើអោយ​ជាក់​ច្បាស់។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើត​ឡើង​ហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើត​ឡើងហើយ​ដល់​តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​​មិនដែល​បានឮក្នុងកាលពីមុនមកថា និព្វានធម៌​ជាទី​រលត់​នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលបាន​ធ្វើឲ្យជាក់ច្បាស់​ហើយ។ ម្នាល​ភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជា​កើត​ឡើង​ហើយ ពន្លឺកើត​ឡើង​ហើយដល់​តថាគត ក្នុងធម៌ទាំងឡាយ​ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលពីមុនមកថា សេចក្តីប្រតិបត្តិ នាំសត្វ​ឲ្យដល់នូវ​និព្វាន​នេះឈ្មោះថា អរិយសច្ច​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ពន្លឺ​កើត​ឡើង​ហើយដល់តថាគតថា សេចក្តី​ប្រតិបត្តិ​នាំសត្វ​ឲ្យដល់​និព្វានជាទីរលត់នៃកងទុក្ខនោះឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គល​គួរចំរើន។បេ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណ​កើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជា​កើតឡើងហើយ ពន្លឺកើតឡើង​ហើយ​ដល់​តថាគត ក្នុងធម៌ទាំងឡាយ​ដែលតថាគត​មិនដែល​បានឮ​​ក្នុងកាលពីមុនមក​ថា សេចក្តី​ប្រតិបត្តិ​នាំសត្វឲ្យ​ដល់នូវនិព្វាន​ជាទីរលត់នៃកងទុក្ខ​នោះ​ឯង ឈ្មោះថា អរិយសច្ច ដែលបុគ្គលចំរើន​ហើយ។

[១៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ញាណទស្សនៈ (ការដឹងការឃើញ) តាម​ពិត មាន​បរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ក្នុងអរិយសច្ចទាំងឡាយ​៤នេះរបស់តថាគត  នៅមិន​ទាន់​បរិសុទ្ធត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគតក៏មិនទាន់ប្តេជ្ញាខ្លួនថា ជាអ្នក​ត្រាស់ដឹង​ចំពោះ​នូវ​សម្មា​សម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រមទាំងទេវលោក មារលោក​និងព្រហ្ម​លោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតានិងមនុស្សត្រឹមនោះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ម្យ៉ាងទៀត ញាណទស្សនៈ តាមពិត មានបរិវដ្តៈ៣ មានអាការៈ១២យ៉ាងនេះ ​ក្នុង​អរិយសច្ច​ទាំងឡាយ៤នេះ របស់តថាគត បរិសុទ្ធហើយក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើប​តថាគតប្តេជ្ញាខ្លួនថាជាអ្នកត្រាស់​ដឹងចំពោះនូវ​សម្មាសម្ពោធិញាណដ៏ប្រសើរ ក្នុងលោក ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទេវតា​និង​មនុស្សក្នុងកាលនោះ។ ម្យ៉ាងទៀត ទស្សនកិច្ច គឺកាដឹង កើតឡើងដល់​តថាគតថា វិមុត្តិ (គឺ​អរហត្តផល) របស់តថាគត​មិនកម្រើកឡើយ ជាតិនេះ​ផុត​ត្រឹមនេះហើយ តពីនេះទៅ ភពថ្មី​មិន​មានឡើយ។ ក៏កាលដែលព្រះដ៏មាន​ព្រះភាគកំពុងសំដែង​នូវវេយ្យាករណ៍នេះ ធម្មចក្ខុ  (ភ្នែកឃើញធម៌) ដ៏ប្រាសចាក​ធូលី គឺរាគាទិក្កិលេស ប្រាសចាកមន្ទិល (គឺទិដ្ឋិ និងវិចិកិច្ឆា) បានកើតឡើងដល់កោណ្ឌញ្ញភិក្ខុដ៏មានអាយុថា ធម្មជាតិណាមួយ ដែល​កើត​ឡើងជាធម្មតា ធម្មជាតិទាំងនោះ​ក៏​រលត់​ទៅវិញជាធម្មតា។

[១៧] ក៏កាលបើព្រះធម្មចក្ក ដែលព្រះដ៏មាន​ព្រះភាគឲ្យប្រព្រឹត្តទៅ (គឺទ្រង់សំដែង​ដូចគេបង្វិល) (យ៉ាងនេះ) ហើយ ភុម្មទេវតាទាំង​ឡាយបន្លឺនូវសូរសព្ទថា ព្រះធម្មចក្កហ្នឹង មិនមានចក្កដទៃក្រៃលែង​ជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតា​ក្តី មារក្តី ព្រហ្មក្តី ជន​ឯណានីមួយក្តីក្នុងលោក មិនអាចបដិវត្ត (កែប្រែ) បានឡើយ (ឥឡូវ) ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុង​ពារាណសី។ ទេវតានៅ​ក្នុង​ស្ថាន​ចាតុម្មហារាជិកៈទាំងឡាយ ឮសម្លេងរបស់ភុម្មទេវតាទាំងឡាយហើយ ក៏បន្លឺនូវសម្លេង (ថា​ដូចគ្នា)។ ទេវតានៅ​ក្នុងស្ថាន​តាវត្តឹង្សទាំងឡាយ ឮ​សម្លេងរបស់​ចាតុម្មហារាជិកៈ​ទេវតា​ទាំងឡាយ​ហើយ ក៏បន្លឺនូវសំឡេង (ថាដូចគ្នា)។បេ។ ទេវតានៅ​ក្នុងស្ថានយាមាទាំងឡាយ ទេវតានៅក្នុងស្ថាន​តុសិតទាំងឡាយ…ទេវតានៅក្នុងស្ថាននិម្មានរតីទាំងឡាយ…ទេវតា​នៅក្នុង​ស្ថាន​​បរនិម្មិតវសវតីទាំងឡាយ…  ទេវតាដែលរាប់ក្នុងពពួកនៃព្រហ្មទាំងឡាយ ក៏បន្លឺ​នូវ​សូរ​សព្ទ​ថា ព្រះធម្មចក្កហ្នឹង មិនមាន​ចក្កដទៃ​ក្រៃលែងជាង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតា​ក្តី មារក្តី ព្រហ្ម​ក្តី ជនឯណានីមួយក្តីក្នុងលោក មិនអាចនឹងឲ្យប្រព្រឹត្តទៅបានឡើយ (ឥឡូវ)  ព្រះដ៏​មានព្រះភាគ ទ្រង់ឲ្យប្រព្រឹត្តទៅបានហើយ ក្នុងឥសិបតនមិគទាយវន ជិតក្រុង​ពារាណសី។ សំឡេង​(កងរំពង) ក៏លាន់ឮឡើង​ទៅដរាបដល់​ព្រហ្មលោក​ក្នុងខណៈ​នោះ ​ក្នុង​មួយ​រំពេចនោះ ដោយប្រការដូច្នេះ។ រីឯលោកធាតុទាំងមួយហ្មឺន​នេះ ក៏កក្រើក​រំពើក​ញាប់​ញ័រ។ ទាំងពន្លឺភ្លឺធំទូលាយ ប្រមាណមិនបាន កន្លងលើស​អានុភាព​របស់ទេវតាទាំងឡាយ ក៏​កើត​ប្រាដកឡើង​ក្នុងលោក។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់បន្លឺនូវឧទានវាចាថា អើហ្ន៎ កោណ្ឌញ្ញៈ​​បានត្រាស់ដឹងពិតហើយ អើហ្ន៎ កោណ្ឌញ្ញៈ​បានត្រាស់ដឹង​ពិតហើយ។ ព្រោះហេតុ​នោះ ពាក្យថា អញ្ញាកោណ្ឌញ្ញនេះឯង ក៏​បាន​ជាប់​ជានាមរបស់ព្រះកោណ្ឌញ្ញៈភិក្ខុ​ដ៏មាន​អាយុ។

(ព្រះត្រៃបិដក ភាគ ៦ ទំព័រទី ២៨ ដល់ ៣៦ វិនយបិដក មហាវគ្គ បឋមភាគ)