បញ្ជីរាយព្រះនាមព្រះរាជអគ្គមហេសីនៃព្រះរាជាណាចក្រកម្ពុជា

ទំនៀមលំដាប់ថ្នាក់ព្រះយសព្រះភរិយានិងបាទបរិចារិកាព្រះមហាក្សត្រខ្មែរ
[កែប្រែ]ជាទំនៀមទម្លាប់តាំងពីសម័យបុរាណកាលមកក្រៅអំពីព្រះអគ្គមហេសីដែលជាព្រះភរិយាធំហើយនោះព្រះមហាក្សត្រស្តេចទ្រង់ទទួលនូវបណ្តាស្ត្រីផ្សេងៗទៀតជាអនុភរិយាឬភរិយាតូចតាមការសព្វព្រះរាជហឫទ័យឬតាមរយៈការបង្គំទូលថ្វាយពីសេនាបតីឬក៏ជាការផ្សំផ្គុំថ្វាយពីសំណាក់ព្រះរាជជនកនិងព្រះរាជជននីជាដើម។ខាងក្រោមនេះគឺជាការបែងចែកលំដាប់ថ្នាក់បណ្តាព្រះភរិយានិងបាទបរិចារិកាទាំង ១០ ថ្នាក់នៃអង្គព្រះមហាក្សត្រកម្ពុជាយើងនាសម័យបុរាណដែលត្រូវបានរៀបចំឲ្យមានជាក្រឹត្យក្រមឡើងវិញនៅក្នុងរជ្ជកាលព្រះបាទអង្គដួង ៖
០១. ព្រះមហេសី
តំណែងព្រះមហេសី គឺជាតំណែងដែលខ្ពង់ខ្ពស់ជាងគេបង្អស់នៅក្នុងចំណោមបណ្តាតំណែងព្រះភរិយាទាំងឡាយនៃព្រះមហាក្សត្រហើយក៏ជាតំណែងដែលនៅក្នុងព្រះនគរអាចមានតែមួយអង្គប៉ុណ្ណោះដើម្បីជាគូស្វាមីភរិយានឹងអង្គរាជា។យើងអាចហៅតំណែងនេះជាភាសាសាមញ្ញបានថាជាព្រះភរិយាធំនៃព្រះមហាក្សត្រ។ស្ត្រីដែលនឹងគ្រងឋានៈជាព្រះមហេសីនេះបានលុះត្រាតែមានជាតិកំណើតជាខត្តិយកញ្ញាហើយត្រូវតែជាព្រះរាជវង្សជាន់ខ្ពស់ផងដែរ។ពាក្យសម្រាប់ហៅនាំមុខតំណែងព្រះមហេសីជាទូទៅត្រូវបានបែងចែកចេញជា ០៣ គឺព្រះរាជអគ្គមហេសី ព្រះអគ្គមហេសី និង ព្រះមហេសីតាមរយៈការកំណត់ពីបុរាណមកប្រសិនបើខត្តិយស្ត្រីរូបណាដែលបានរៀបមង្គលអភិសេកជាមួយនឹងអង្គព្រះរាជាមានធ្វើពីធីដោយព្រាហ្មណ៍មានថ្វាយទឹកក្លស់ទឹកស័ង្ខតាមទំនៀមហើយមានព្រះមាតាបិតាចូលរួមផងនោះតម្រូវឲ្យហៅព្រះយសជាព្រះរាជអគ្គមហេសី។ប្រសិនបើអភិសេកដោយផ្ទាល់ព្រះអង្គជាមួយនឹងព្រះរាជាមិនមានព្រះមាតាបិតាចូលរួមទេឲ្យហៅព្រះយសជាព្រះអគ្គមហេសី។រីឯខត្តិយស្ត្រីណាដែលអភិសេកនឹងព្រះរាជាហើយតែពុំទាន់បានទទួលពិធីពីព្រាហ្មណ៍ទេលោកឲ្យមានព្រះយសត្រឹមជាព្រះមហេសី។
០២. ព្រះទេពី
តំណែងព្រះទេពី គឺជាតំណែងបន្ទាប់ពីតំណែងព្រះមហេសីឬដែលយើងអាចហៅជាភាសាសាមញ្ញបានថាជាភរិយារងនៃព្រះមហាក្សត្រ។នៅក្នុងមួយរជ្ជកាលរបស់ព្រះមហាក្សត្រអាចមានតំណែងព្រះទេពីនេះ ០១ អង្គក៏បាន ០២ អង្គក៏បានអាស្រ័យតាមព្រះរាជអធ្យាស្រ័យរបស់ព្រះអង្គដោយគេបែងចែកងារនៃតំណែងនេះជា ០២ គឺព្រះមង្គលទេវីនិងព្រះទេពីមង្គល។ស្ត្រីដែលអាចគ្រងឋានៈជាព្រះទេពីបានលុះត្រាតែមានជាតិកំណើតខ្ពង់ខ្ពស់ជាបុត្រីនៃព្រះបរមវង្សានុវង្សព្រះញាតិវង្សនៃអង្គព្រះមហាក្សត្រ។រីឯការកំណត់ព្រះយសពាក្យសម្រាប់នាំមុខព្រះឋានៈក៏ត្រូវបានបែងចែកជា ០៣ ដូចគ្នានឹងតំណែងព្រះមហេសីដែរគឺព្រះបរមរាជ ព្រះបរម និង ព្រះរាជ។ប្រសិនបើព្រះទេពីនោះបានរៀបមង្គលអភិសេកដោយមានការចូលរួមពីព្រះមាតាបិតាហើយមានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកក្លស់ទឹកស័ង្ខនោះឲ្យមានព្រះយសជាព្រះបរមរាជ(ព្រះបរមរាជទេពីមង្គល/ព្រះបរមរាជមង្គលទេវី)។តែប្រសិនបើមិនមានព្រះមាតាបិតាចូលរួមពិធីអភិសេកទេឲ្យហៅយសជាព្រះបរម។រីឯព្រះទេពីណាដែលអភិសេកដោយមិនទាន់មានពិធីព្រាហ្មណ៍លោកឲ្យហៅព្រះយសជាព្រះរាជសិន។
០៣. តំណែងព្រះបិយោ
តំណែងព្រះបិយោ គឺជាតំណែងសម្រាប់ព្រះភរិយាដែលមានជាតិកំណើតជារាស្ត្រសាមញ្ញតែតម្រូវសម្រាប់តែបុត្រីនៃសេនាបតីជាន់ខ្ពស់តែប៉ុណ្ណោះ។ព្រះមហាក្សត្រអាចមានព្រះបិយោបានច្រើននាក់និងអាចប្រទានជាគោរម្យងារផ្សេងៗពីគ្នាបាន។សម្រាប់ពាក្យព្រះយសនាំមុខតំណាងព្រះបិយោនេះគេបែងចែកជា ០៣ ដូចតំណែងទាំង ០២ ខាងលើដែរគឺព្រះបរម ព្រះរាជ និង ព្រះ។តាមការកំណត់មកថាប្រសិនបើស្ត្រីជាបុត្រីអគ្គមហាសេនាមន្ត្រីជាន់ខ្ពស់ណាបានរៀបមង្គលអភិសេកនឹងអង្គព្រះរាជាដោយមានព្រះមាតាបិតាចូលរួមហើយមានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកស័ង្ខនោះឲ្យមានយសជាព្រះបរម។ប្រសិនបើមិនមានព្រះមាតាបិតាមកចូលរួមពិធីទេឲ្យមានយសជាព្រះរាជ។ដោយឡែកប្រសិនបើស្ត្រីទទួលអភិសេកដោយផ្ទាល់ពីព្រះរាជាតែមិនទាន់មានព្រាហ្មណ៍ធ្វើពិធីថ្វាយទឹកស័ង្ខទេឲ្យមានយសជាព្រះបិយោធម្មតាសិន។
០៤. ព្រះមេយុវ ឬ ព្រះម៉ែយុវ
តំណែងព្រះមេយុវ គឺជាតំណែងសម្រាប់ព្រះភរិយាដែលមានជាតិកំណើតជារាស្ត្រសាមញ្ញតែតម្រូវឲ្យត្រូវតែជាបុត្រីរបស់អស់លោកមន្ត្រីរាជការ។ព្រះមហាក្សត្រអាចមានព្រះមេយុវបានច្រើននាក់និងអាចប្រទានជាគោរម្យងារផ្សេងៗពីគ្នា។សម្រាប់ពាក្យព្រះយសនាំមុខតំណែងព្រះមេយុវនេះគេបែងចែកជា ០៣ ហើយមានការកំណត់ដូចតំណែងព្រះបិយោដែរគឺ ព្រះបរម ព្រះរាជ និង ព្រះ។
០៥. ព្រះមេនាង ឬ ព្រះម៉ែនាង (ម្នាង)
តំណែងព្រះមេនាង គឺជាតំណែងព្រះស្នំដែលជាបុត្រីនៃអស់លោកមន្ត្រីរាជការបានថ្វាយខ្លួនជាបាទបរិចារិកាហើយបានរួមប្រវេណីនឹងអង្គព្រះរាជា។តំណែងព្រះមេនាងអាចមានច្រើនរូបនិងមានងារផ្សេងៗពីគ្នា។
០៦. ព្រះស្នំ
កាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីមន្ត្រីខ្ញុំរាជការជាបាទបរិចារិកាហើយមិនទាន់រួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីមន្ត្រីតំណែងព្រះពញាជាបាទបរិចារិកាហើយបានរួមប្រវេណីហើយលោកឲ្យបុត្រីនោះមានតំណែងជាព្រះស្នំហៅងារជាអ្នកព្រះនាងឬព្រះនាង។តំណែងនេះអាចមានច្រើនរូបស្របតាមព្រះរាជហឫទ័យនិងមានងារផ្សេងៗពីគ្នា។
០៧. ព្រះស្រឹង្គារ
កាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកមានត្រកូលជាបាទបរិចារិកាហើយបានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកបុត្រីព្រះពញាជាបាទបរិចារិកាហើយមិនបានរួមប្រវេណីឲ្យស្ត្រីនោះមានតំណែងជាព្រះស្រឹង្គារមានងារជាអ្នកនាង។តំណែងនេះអាចមានច្រើនរូបនិងមានងារផ្សេងៗពីគ្នា។
០៨. ព្រះក្រមការ
កាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកមានត្រកូលជាបាទបរិចារិកាហើយពុំទាន់បានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកងារជាបាទបរិចារិកាហើយបានរួមប្រវេណីឲ្យស្ត្រីនោះមានតំណែងជាព្រះក្រមការ។តំណែងព្រះក្រមការនេះអាចមានច្រើនអ្នកនិងមានងារផ្សេងៗពីគ្នា។
០៩. ព្រះស្រីការ
តំណែងព្រះស្រីការ គឺជាតំណែងរបស់ស្ត្រីដែលព្រះរាជាជាម្ចាស់ផែនដីយកកូនខ្ញុំបម្រើជាបាទបរិចារិកាហើយបានរួមប្រវេណីឬកាលបើព្រះរាជាជាម្ចាស់ផែនដីយកកូនអ្នកងារជាបាទបរិចារិកាហើយពុំទាន់បានរួមប្រវេណី។
១០. ព្រះបម្រើ
តំណែងព្រះបម្រើ គឺជាតំណែងរបស់ស្ត្រីដែលព្រះរាជាជាម្ចាស់ផែនដីយកកូនខ្ញុំបម្រើជាបាទបរិចារិកាហើយមិនទាន់បានរួមប្រវេណី។[១]
អំពីគោរមងារឃុន ម៉ម និង អ្នកម្នាង
[កែប្រែ]- ពាក្យឃុននៅក្នុងសម័យបុរាណហៅបានតែចំពោះបុរសដែលមានបណ្ដាស័ក្ដិបួនហ៊ូពាន់តែប៉ុណ្ណោះ(មានអំណាចត្រួតពលបានបួនពាន់នាក់)លុះមកដល់រជ្ជកាលព្រះបាទអង្គដួងរៀងមកគោរមងារនេះត្រូវបានហ្លួងប្រទានឲ្យទាំងបុរសទាំងស្ត្រីណាដែលជាអ្នកផ្តល់ជាប្រយោជន៍ចំពោះស្ដេចផែនដីមានគ្រូរបាំ គ្រូតន្ត្រី បាទបរិចាកា និង ព្រះញាតិវង្សនៃហ្លួង។បើគោរមងារឃុនបន្ថែមពាក្យចៅនៅពីមុខទៅជាចៅឃុនគោរមងារនេះនឹងឡើងខ្ពស់ជាងឃុនទទេ។
- ពាក្យម៉ម គឺជាគោរមងាដែលហ្លួងស្តេចសព្វព្រះរាជហឫទ័យប្រទានឲ្យចំពោះតែស្ត្រីដែលជាបាទបរិចារិកានៃហ្លួង ។គោរមងារម៉មនេះមានឋានៈខ្ពស់ជាងអ្នកម្នាងតែទាបជាងឃុននិងប្រើតាំងតែពីរជ្ជកាលបរមបុរាណរាងមក។
- ពាក្យអ្នកម្នាង គឺជាគោរមងារថ្នាក់ទី ០៥ នៅក្នុងលំដាប់ចៅចមទាំង ០៦ ថ្នាក់។គោរមងារនេះមានប្រើតាំងតែពីបរមបុរាណរៀងមកហើយទៀតសោតហ្លួងប្រទានចំពោះតែស្ត្រីដែលជារាស្ត្រសាមញ្ញហើយត្រូវបានហ្លួងលើកជាបាទបរិចារិកា។គោរមងារអ្នកម្នាងមានឋានៈទាបជាងម៉ម។[២]
គោរមងារចៅជិតចៅចមទាំង ០៦ ថ្នាក់នៅក្នុងរាជសំណាក់ក្រុងកម្ពុជានាផែនដីបរមបុរាណជាន់ចាស់
[កែប្រែ]ចៅជិតចៅចម គឺជារាជស័ព្ទប្រើសម្រាប់ហៅចំពោះរាល់ស្ត្រីដែលមានវង្សត្រកូលជាតិជារាស្ត្រសាមញ្ញហើយត្រូវបានហ្លួងសព្វព្រះរាជហឫទ័យតែងតាំងជាបាទបរិចារិកាគឺសម្តៅទៅលើស្ត្រីដែលហ្លួងទ្រង់រើសយកមកឲ្យធ្វើការងារផ្សេងៗឬធ្វើជាព្រះជាយា។នៅក្នុងក្បួនព្រះរាជស័ព្ទនារាជសំណាក់ក្រុងកម្ពុជាធិបតីចៅជិតចៅចមចែកជា ០៦ ថ្នាក់ដែលមានដូចជា ៖
- ថ្នាក់ទី ០១ គឺព្រះបិយោដែលមានតំណែងជាព្រះបរមដែលជាថ្នាក់ខ្ពស់បំផុត
- ថ្នាក់ទី ០២ គឺព្រះស្នំដែលមានតំណែងជាព្រះម្នាង។ព្រះស្នំនេះទៀតសោតបើហ្លួងសព្វព្រះរាជហឫទ័យនាងណាខ្លាំងទ្រង់លើកជាធំគឺឯកនោះបានន័យថានាងនោះគឺជាព្រះស្នំដែលមានអំណាចលើសអស់ស្នំដទៃៗទៀត
- ថ្នាក់ទី ០៣ គឺព្រះស្រឹង្គារដែលមានតំណែងជាព្រះម៉ែនាង
- ថ្នាក់ទី ០៤ គឺព្រះក្រមការដែលមានតំណែងជាព្រះនាង
- ថ្នាក់ទី ០៥ គឺព្រះស្រីការដែលមានតំណែងជាអ្នកម្នាង
- ថ្នាក់ទី ០៦ គឺព្រះកំណាន់ដែលមានតំណែងជាអ្នកនាង។[៣]