បារខែម (កម្ពុជា)

ពីវិគីភីឌា

បារខែម (នៅ​ប្រទេស​កម្ពុជា) គឺ​ជា​ព្រឹត្តិការណ៍​ជួបជុំ​គ្នា​រយៈ​ពេល២ថ្ងៃ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​និង​បទពិសោធន៍​ផ្សេងៗ ដែល​ទាក់ទង​ទៅ​នឹង​បច្ចេកវិទ្យា មធ្យោបាយ​ទំនាក់​ទំនង និង​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ។ ការ​ជួប​ជុំ​គ្នា​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ អ្នក​ជំនាញ​កុំព្យូទ័រ អ្នក​ធុរកិច្ច​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា អ្នកអភិវឌ្ឍ​វិបសាយ និង​កម្មវិធី​កុំព្យូទ័រ អ្នក​គ្រប់​គ្រង​សន្តិ​សុខ​ព័ត៌មាន​វិទ្យា អ្នក​សារព័ត៌មាន​សង្គម សហគ្រិន​វ័យ​ក្មេង ព្រម​ទាំង​សិស្ស​និស្សិត​ជា​ច្រើន​ទៀត។[១] គោល​ដៅ​មួយ​សំខាន់​នៃ​ព្រឹត្តិការណ៍​មួយ​នេះ គឺ​ការ​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សហគ្រិនភាព​ក្នុង​ប្រទេស​កម្ពុជា ដល់​អ្នក​ដែល​ចង់​ចាប់​ផ្ដើម​បង្កើត​អ្វី​មួយ និង​ជម្រុញ​ដល់​មនុស្ស​ទាំង​ឡាយ​ឲ្យ​យល់​ច្បាស់​អំពី​សារសំខាន់​នៃ​ចំណេះ​ដឹង​ទូទៅ និង​ជម្រុញ​ឲ្យ​មាន​ការ​បង្កើត​ទំនាក់​ទំនង​រវាង​សិស្ស និស្សិត អ្នក​ជំនាញ​ព័ត៌មានវិទ្យា អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សហគ្រិន​នានា។[២]

ប្រវត្តិ[កែប្រែ]

បារខែម នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​លើក​ដំបូង​នៅ​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០០៨[៣] មាន​ឈ្មោះ​ថា បារខែមភ្នំពេញ (BarCamp Phnom Penh) ក្នុង​បរិវេណ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (ហៅកាត់ CJCC) មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៣០០នាក់ ដែល​ព្រឹត្តិការណ៍​នេះ​​មាន​ការ​ផ្ដួច​ផ្ដើម​គំនិត​ដំបូង​ដោយ​លោក ប៊ុន ថារម្យ និង​សមាជិក​ដទៃ​ទៀត។[៤] ព្រឹត្តិការណ៍ បារខែម​ភ្នំពេញ ឆ្នាំ២០០៨ ចំណាយ​ប្រហែល ៣០០០ ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​​លើកដំបូង​នេះ ក៏​ជា​ការ​ចាប់ផ្ដើម​ដ៏ល្អ​មួយ​ដើម្បី​បញ្ជាក់​ទៅ​កាន់​ពិភពលោក​ថា វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ប្រទេស​កម្ពុជា គឺ​រួចរាល់​ក្នុង​ការ​ចាប់ផ្ដើម​ហើយ។[៥]

ដោយ​ការ​ធ្វើ​ជា​លើក​ដំបូង​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ប្រសើរ ក្រុម​ការ​ងារ​បាន​ចាប់​ផ្ដើម​បន្ត​រៀប​ចំ​ព្រឹត្តិការណ៍ បារខែម ជា​បន្ត​បន្ទាប់​ទៀត​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។

បារខែម​ភ្នំពេញ ឆ្នាំ២០០៩
  • បារខែមភ្នំពេញ បាន​រៀប​ចំ​ជា​លើក​ទី២ ចាប់​ពីថ្ងៃ​ទី២ - ៣ ខែ​តុលា ឆ្នាំ២០០៩ នៅ​ក្នុង​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា (Paññāsāstra University of Cambodia) មាន​អ្នក​ចូលរួម​ប្រមាណ​ ៨០០ នាក់។
បារខែម​ភ្នំពេញ ឆ្នាំ២០១០
  • បារខែមភ្នំពេញ បាន​រៀប​ចំ​ជាលើកទី៣ ចាប់​ពី​ថ្ងៃទី​២៥ - ២៦ ខែកញ្ញា ឆ្នាំ២០១០ នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ (University of Puthisastra) ។
បារខែម​ភ្នំពេញ ឆ្នាំ២០១១
  • បារខែមភ្នំពេញ បាន​រៀបចំ​ជា​លើក​ទី៤ ចាប់​ពី​ថ្ងៃ​ទី​២២ - ២៣ ខែតុលា ឆ្នាំ២០១១ នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ (University of Puthisastra) ។
បារខែម​ភ្នំពេញ ឆ្នាំ២០១២
  • បារខែម​ភ្នំពេញ បាន​រៀបចំ​ជា​លើក​ទី៥ ចាប់​ពី​ថ្ងៃ​ទី​២២ - ២៣ ខែ​កញ្ញា ឆ្នាំ២០១២ នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ (University of Puthisastra) ។
  • និង​បារខែម​អង្គរ ជា​លើក​ទី១ នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី២៣ - ២៤ ខែ​មីនា ឆ្នាំ២០១២ នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ខេត្ត​សៀមរាប

បច្ចុប្បន្ន​ភាព[កែប្រែ]

ដោយ​នៅ​ក្នុង​ឆ្នាំ២០១៣ គម្រោង បារខែមកម្ពុជា បាន​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​​សហរដ្ឋ​​អាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ទើប​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​ឲ្យ​មាន​នៅ​តាម​បណ្ដា​ខេត្ត​និង​ក្រុង​មួយ​ចំនួន​ រួម​មាន៖

ហើយ​​ក៏​មាន​គម្រោង​នៅ​ខេត្ត​ចំនួន​ពីរ​ទៀត​កំពុង​រៀបចំ​ដោយ​ដៃគូ​សហការ​ជាមួយ​ក្រុម​ការងារ បារខែម គឺ​នៅ​ខេត្ត​កំពត (ក្នុង​ខែ​កញ្ញា) និង ខេត្ត​បន្ទាយមានជ័យ។

គោល​បំណង[កែប្រែ]

គោល​បំណង​របស់ បារខែមកម្ពុជា ក៏​មិន​ខុស​ពី​គោល​បំណង​របស់ បារខែម តាម​បណ្ដាល​ប្រទេស​ផ្សេងៗ​ដែរ។ គោល​បំណង​ទាំង​នោះ​មាន​រួម​មាន៖

  • បង្កើត​ឲ្យ​មាន​ជា​ទីកន្លែង​ជួប​ប្រជុំ​មួយ​រវាង​អ្នកជំនាញ វិនិយោគិន អ្នក​រក​ឃើញ​អ្វី​ថ្មីៗ សិស្ស និស្សិត ដើម្បី​បង្កើត​ទំនាក់​ទំនង​រវាង​គ្នា ព្រម​ទាំង​ទទួល​បាន​ចំណេះ​ដឹង​ពីគ្នា​ទៅវិញ​ទៅមក។ ដូច្នេះ​នេះ​ជា​ឱកាស​ក៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​ចែក​រំលែក​ចំណេះ​ដឹង​របស់​ខ្លួន ទៅ​កាន់​អ្នក​ចូលរួម​ដទៃ​ទៀតដើម្បី​ឲ្យ​បាន​ដឹង​បន្ថែម​អំពី​បច្ចេកវិទ្យា​សម័យ​ថ្មី ព្រម​ទាំង​ប្រធាន​បទ​ដទៃ​ទៀត​ដែលជា​ប្រយោជន៍​ដល់​ការ​រស់​នៅ និង​ការ​អប់រំ។
  • បង្ហាញ​ស្នាដៃ​ជោគជ័យ​របស់​ខ្លួន​ដល់​បណ្ដា​អ្នក​ចូលរួម ដែល​នេះ​ក៏​ដូច​ជា​ការ​ផ្សព្វផ្សាយ​អំពី​ខ្លួន​ឯង​ដើម្បី​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ដឹង និង​បាន​ឃើញ​អំពី​សមត្ថភាព​របស់​ខ្លួន។
  • ការ​លើក​ស្ទួយ និង​ជម្រុញ​ឲ្យ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​រីករាយ​ចម្រើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដើរ​ឲ្យទាន់​ការ​វិវឌ្ឍ​នៃ​ពិភពលោក​មួយ​នេះ។
  • ផ្សព្វផ្សាយ​អំពីឧបករណ៍​បច្ចេកទេស​ណា​មួយ​ដែល​ជួយ​បម្រើ​ដល់​ផល​ប្រយោជន៍​មនុស្ស​ទូទៅ សហគ្រាស អង្គការ និង​ស្ថាប័ន​នានា។

ការ​រំពឹង​ទុក[កែប្រែ]

  • សិស្ស និស្សិត ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ និង​យល់បាន​ច្រើន​អំពី​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​យក​ជំនាញ ឬ ក្រុមហ៊ុន​ដែល​ពួក​គេ​ប្រាថ្នា​ចង់​ចូលរួម​ក្នុង​ពេល​អនាគត។
  • សង្គមស៊ីវិល នឹងចែក​រំលែក​និង​សិក្សា​ពី​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​សម្រួល​ដល់​ការ​ងារ​របស់​ពួក​គេ។
  • សហគ្រាស ឬ ក្រុមហ៊ុន នឹង​បាន​យល់​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដើម្បី​ពង្រីក​ទីផ្សារ​ផលិតផល ផ្សព្វផ្សាយ និង​ចែកចាយ​ផលិត​ផល ឬ សេវាកម្ម​របស់​ពួក​គេ​បាន​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត ជា​ពិសេស​នៅ​តាម​សកម្មភាព​អនឡាញ (online) ។
  • សហគ្រិន ឬ អ្នក​មាន​គំនិត​បង្កើត​អ្វី​ថ្មីៗ នឹងពង្រឹង​គំនិត​ព្រម​ទាំង​ភាព​ជាដៃ​គូ​ដែល​អាច​ផ្ដល់​នូវ​ផលិតផល​ថ្មី​មួយ កើត​ចេញ​ពី​គំនិត​ច្នៃប្រឌិត និង​ទទួល​បាន​ផល​ចំណេញ​ទាំង​អ្នក​ប្រើ​ប្រាស់ និង​អ្នក​ផលិត។
  • អ្នក​ជំនាញ​នឹង​បាន​យល់​ដឹង​បន្ថែម​អំពី​លក្ខណៈ​នៃ​បច្ចេកវិទ្យា ហើយ​ពិចារណា​ពី​វិធីសាស្ត្រ​ក្នុង​ការ​ដាក់​បញ្ចូលបច្ចេកវិទ្យា​ទាំង​នោះ​ទៅ​ក្នុង​អង្គការ​របស់​ពួកគេ។
  • អ្នក​ចូលរួម​ទាំង​អស់​អាច​បង្កើត​ទំនាក់​ទំនង​ជាមួយ​អ្នក​ជំនាញ និងចូលរួម​ជា​សមាជិក​ក្នុង​ក្រុម​ផ្ដោត​លើ​វិស័យ​ណា​មួយ ដែល​អាច​ឲ្យ​ពួក​គេ​ពង្រឹង​សមត្ថភាព​បាន​ច្រើន ហើយ​ក៏ជា​ការ​លើក​ស្ទួយ​វប្បធម៌​នៃ​ការ​ចែក​រំលែក​ដើម្បី​ឲ្យ​អ្នក​ទាំង​អស់​គ្នា​រីក​ចម្រើន​បាន​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន។[៦]

ឯកសារ​យោង[កែប្រែ]

  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-09-19. Retrieved 2013-08-25.
  2. ភ្នំពេញប៉ុស្តិ៍: http://www.phnompenhpost.com/business/barcamp-unites-cambodias-industry-professionals
  3. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-08-25. Retrieved 2013-08-25.
  4. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-09-05. Retrieved 2013-08-25.
  5. ភ្នំពេញប៉ុស្តិ៍ : http://www.phnompenhpost.com/national/cloggers-find-new-way-exchange-ideas-technology
  6. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2013-07-02. Retrieved 2013-08-25.