បូជនីយដ្ឋានវីរជនខ្មែរ

ពីវិគីភីឌា

រូបភាពតូច|បូជនីយដ្ឋានវិរជនខ្មែរ បូជនីយដ្ឋានវីរជនខ្មែរ ស្ថិតនៅក្បែរច្រកព្រំដែនបឹងត្រកួន ក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះជារូបសំណាកវីរជនខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងសង្គ្រាមឈ្លានពានក្នុងទសវត្សរ៍ឆ្នាំ៨០ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០។ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ(ក.ជ.រ.ប.ខ) ត្រូវបានបង្កើតឡើង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧៩។ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រ.ជ.រ.ប.ខ) ដែលហៅកាត់ថា ខេភី(KP) បានបង្កើតឡើងនៅខែតុលា ឆ្នាំ១៩៧៩ ដែលមានលោកតា សឺន សាន ជាប្រធាន។ ក្រោយមករណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ(រ.ជ.រ.ប.ខ) បានចូលរួមក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី ដោយមានសម្តេច នរោត្តម សីហនុ ជាប្រធាន និងសម្តេច សឺន សាន ជានាយករដ្ឋមន្ត្រី។ សម្តេច សឺន សាន បានទទួលរង្វាន់"អ្នកក្លាហានដើម្បីសេរីភាព" ប្រចាំឆ្នាំ១៩៨៥ ផ្ដល់ដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៨៦ ក្នុងឱកាសពិធីរំលឹកខួបលើកទី៦ នៃទិវាសេរីភាពពិភពលោក។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩០ សម្តេច សឺន សាន បានយល់ព្រមចូលជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩២ សម្តេច សឺន សាន បានទទួលការជ្រើសតាំងធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា។ សម្ដេច សឺន សាន បានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលភ្នំពេញ នៅឆ្នាំ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភាធម្មនុញ្ញ រហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅពេលសភាធម្មនុញ្ញ បានក្លាយជារដ្ឋសភា។ ពេលនោះសម្ដេច សឺន សាន ជាព្រឹទ្ធបុរសនៃរដ្ឋសភា។ នៅឆ្នាំ១៩៩៤ សម្ដេច សឺន សាន បានទទួលតំណែងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។ ឆ្នាំ១៩៩៧ សម្ដេចសឺន សាន បានទទួលដំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានតែងតាំងដោយផ្ទាល់។ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០០ សម្ដេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចកម្មនៅរាជធានីភ្នំពេញ។ បូជនីយដ្ឋានវីរជនខ្មែរ ដែលបានកសាងនៅក្នុងភូមិសាស្ត្រ ក្នុងថ្មពួក ដែលគ្រប់គ្រងដោយកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់សម្តេច សឺន សាន កាលពីទសវត្សរ៍ឆ្នាំ៨០ ដែលមាននាយទាហាន ពលទាហានបានបាត់បង់ជីវិតក្នុងជំនាន់តស៊ូប្រដាប់អាវុធរវាងខ្មែរ និងខ្មែរនោះមានចំនួនជាង២ម៉ឺននាក់ តែនៅជុំវិញខឿននៃស្តូបនេះ មានឆ្លាក់ឈ្មោះជិត៣ពាន់នាក់ប៉ុណ្ណោះ។ នៅតាមជ្រុងនីមួយៗ នៃស្ដូបវីរជនខ្មែរនេះ មានសរសេរពាក្យស្លោក ដែលមានន័យខុសៗគ្នា គួរឱ្យចាប់អារម្មណ៍ពន់ពេកក្រៃ[១]

ឯកសារយោង[កែប្រែ]

  1. ក្រុមទេសចរខ្មែរ-Khmer Tourist