ប្រវត្តិវត្តអារាម

ពីវិគីភីឌា

កាលសម័យដើម តាមរយៈការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ឯកសារទាំងឡាយដែលបុព្វបុរសយើងបានរក្សាទុកឲ្យគឺមានតែអក្សរចំណារលើសិលាចារឹកជាភាសំស្រ្តឹត និងភាសាខ្មែរបុរាណទុកតរៀងមក ដែលជាភស្តុតាងរបស់ប្រវត្តិសាស្រ្តផង និងជាប្រភពអក្សរសាស្រ្តដ៏សំខាន់ផង គឺប្រភពអក្សរសាស្រ្តនេះហើយ ដែលបានផ្តល់ព័ត៌មានឲ្យយើងដឹងពីប្រភពរបស់វត្តអារាមយ៉ាងច្បាស់។​

សម័យកាលទី១[១][កែប្រែ]

សម័យកាលនេះជាសម័យកាលនគរភ្នំពីក្នុងសតវត្សទី២ដល់សតវត្សទី៦។ កាលនោះស្តេចខ្មែរយើងនោះសុទ្ធតែគោរពសាសនាព្រាហ្មណ៍ភាគច្រើន និងពុទ្ធសាសនាមហាយានខ្លះៗ ព្រោះជនជាតិឥណ្ឌាត្រកូលកៅណ្ឌញ្ញ ដែលបានបោះជំរំបានយ៉ាងសមសួននៅលើដែនដីគោកធ្លកនេះ សុទ្ធតែជាអ្នកគោរពនិងនិយមសាសនាទាំងពីរខាងលើនេះ ទាំងអស់គ្នា។​

តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រាជ្ញាជនជាតិបារាំងមួយចំនួនដូចជាលោកហ្សក សឺដែស្តជាដើមបានឃើងសិលាចារឹក វ៉ូកាញ់ ខេត្តញាំត្រាង ដែលពីដើមជាអាណាចក្រខ្មែរគឺជាសិលាចារឹកដែលមានវ័យចំណាស់ជាងគេនៅលើដែនដីអាស៊ីអាគ្នេយ៍។ សិលាចារឹកនេះជាស្នាប្រហស្ថរបស់ព្រះរាជាខ្មែរមួយព្រះអង្គ កាលនៅក្នុងសតវត្សទី៣ នៃគ.ស មានព្រះនាមថាព្រះបាទឝ្រីមារញ។ សិលាចារឹកនេះបានបញ្ជាក់ថាក្នុងរាជស្តេចឝ្រីមារញនេះ ប្រទេសខ្មែរកាន់ព្រះពុទ្ធសាសនាមហាយាន ហើយព្រះរាជាបានយកចិត្តទុកដាក់ចំពោះប្រយោជន៍សត្វលោកប្រជារាស្រ្តជាខ្លាំងបានធ្វើបុណ្យឱ្យទានដល់ជនទុរគតដោយចិត្តជ្រះថ្លា ហើយបានរៀបចំជាបទបញ្ញាតិទុកឱ្យព្រះមហាក្សត្រក្រោយៗប្រតិបត្តិតាមដោយធម៌។

ចំណែកសិលាចារឹកមួយផ្ទាំងទៀត គឺសិលាចារឹកអ្នកតាដំបងដែក(ខេត្តតាកែវ) សិលាចារឹកនេះហើយបានថ្លែងអំពីមហេសីស្តេចកៅណ្ឌិន្យជ័យវម្ម៌ ឈ្មោះនាងប្រភាវតី ទ្រង់ជ្រះថ្លាចំពោះសាសនាព្រាហ្មណ៍ហើយបានកសាងទេវដ្ឋាន(ព្រះវិហារ)ដំកល់បដិមាព្រះវិស្ណុ ធ្វើអំពីមាសសុទ្ធ និងសាងសង់លំនៅដ្ឋាន វត្ត និងជីកស្រះសម្រាប់ពួកព្រាហ្មណ៍។

សិលាចារឹកទាំងនេះបានឆ្លុះបញ្ចាំងឱ្យយើងបានឃើញ ដឹងថាប្រាសាទបានវត្តន៍ក្លាយទៅជាព្រះវិហារ ឬវត្តវិញ កើតពីសម័យនោះម្ល៉េះ ប៉ុន្តែវត្ត និងវិហារខាងលើសាងសង់ឡើងសម្រាប់ឧទ្ទិសដល់សាសនាព្រាហ្មណ៍។

សម័យកាលទី២[១][កែប្រែ]

សម័យកាលនេះជាសម័យកាលមុនអង្គរ(៥៥០ ដល់ ៨០២) បានបង្ហាញឱ្យឃើញផងដែរ នូវសិលាចារឹកជាច្រើនដូចជា សិលាចារឹកនៅសម្បូរព្រៃគុក(កំពង់ធំ) សិលាចារឹកនេះបានបញ្ជាក់ថាខ្មែរយើងកាន់សាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធក៏មានឥទ្ធិពលខ្លាំងក្លាណាស់ដែរ។ លើសពីនេះសិលាចារឹកបានបញ្ជាក់ពីរូបសម្ជស្សសោភ័ណ្ឌខាងរូបរាងកាយរិទ្ធអំណាច និងជំនឿរបស់ព្រះបាទឥសានវម្ម៌ និងព្រះបាទមហិន្រ្ទវម្ម៌។ ស្តេចទាំងពីព្រះអង្គបានកសាងរាជទេវដ្ឋានសម្រាប់ដាក់រូបសំណាក់ទុកជាទីសក្ការៈបូជា។ សិលាចារឹកដែលមានសារៈសំខាន់ គឺសិលាចារឹកនៅវត្តព្រៃវែងស្រុកកំពង់ត្របែកខេត្តព្រៃវែង ចារក្នុងរាជស្តេចជ័យវម្ម៌ទី១ ឆ្នាំ៦៦៤នៃគ.ស។ សិលាចារឹកនេះបានបង្ហាញថា សម័យនោះប្រទេសខ្មែរកាន់សាសនាព្រះពុទ្ធដែលមានភិក្ខុសង្ឃកាន់ក្រឹត្យវិន័យបានយ៉ាងត្រឹមត្រូវ ហើយមានព្រះរាជបុត្ររបស់ព្រះមហាក្សត្រមកបួសផងដែរ ចំណែកឯការទំនុកបំរុងនៅក្នុងវត្តគឺព្រះមហាក្សត្រជាអ្នកទំនុកបណរុង។

សិលាចារឹកទាំងអស់នេះបានបង្ហាញឱ្យយើងដឹងថាការកសាងវត្តអារាមមានទីតាំងចាប់តាំងពីមានព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាហូចូលមកស្រុកខ្មែរ។

  1. ១,០ ១,១ ក្បួនខ្នាតខ្លះនៃសំណង់ក្នុងបរិវេណវត្តអារាម ដោយលោកភូ ជា ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យភ្នំពេញ ឆ្នាំ២០០១ ព.ស២៥៤៥ ទំព័រទី៥និងទី៦។