Jump to content

ប្រាង្គព្រួញបី

ពីវិគីភីឌា
ប្រាង្គព្រួញបី

ឈ្មោះ:
ប្រាង្គព្រួញបី
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
ឧទ្ទិសថ្វាយ: ព្រះអវលោកិតេស្វរៈ(លោកេស្វរៈ) ព្រះនាងប្រាជ្ញាបារមីតា
ស្ថាបត្យកម្ម: ខ្មែរ
ទីតាំង:

ប្រាសាទប្រាង្គបីព្រួញបី (អង់គ្លេស: Phra Prang Sam Yod); (ថៃ: พระปรางค์สามยอด)ជាប្រាសាទខ្មែរបុរាណដែលស្ថិតនៅលើទឹកដីថៃ ស្ថិតក្នុងខេត្តលវបុរី ដែលមានរចនាបថបាយ័ន

ទីតាំង

[កែប្រែ]

ស្ថិត​ចម្ងាយ​ពី​ទីក្រុង​បាងកក​ប្រមាណ ១៥៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ ប្រាសាទ​ប្រាង្គ​មាន​កំពូល​បី​ដ៏​ធំ ដែល​ភាសា​ថៃ​ហៅថា សាម​យ​ត​មាន​ន័យ​ថា ប្រាង្គ​បី ឬ​ព្រួញ​បី ត្រូវបាន​កសាងឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១។ ប្រាសាទ​នេះ​ស្ថិត​ក្នុង​ទីក្រុង​លពបុរី​បច្ចុប្បន្ន ដែល​ជា​ទីក្រុង​មួយ​ធំ​របស់​ខ្មែរ​នា​ សម័យមហានគរ ដើម្បី​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា។ ទីក្រុង​ល្វ ឬ​លពបុរី​នេះ គឺជា​ឈ្មោះ​ខ្មែរ​សុទ្ធសាធ ដែល​ត្រូវបាន​កត់ត្រា​ក្នុង​ផ្ទាំង​សិលាចារឹក​នៃ​ប្រាសាទព្រះខ័ន នៅ​ខេត្ត​សៀមរាប​អង្គរ។​

លក្ខណៈ

[កែប្រែ]

​​ប្រាសាទ​ព្រួញ​បី ដែល​ងាយស្រួល​ក្នុងការ​សម្គាល់ គឺ​ប្រាសាទ​មាន​កំពូល​បី ឬ​ប្រាង្គ​បី​ត្រូវ​បាន​កសាងឡើង​ដោយ​ថ្មបាយក្រៀម​បូក​ពី​ក្រៅ​ដោយ​បាយ​អ។ ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​អង្គរ​ដ៏​ល្អ​គ្មាន​ពីរ​នេះ ជា​ការបង្ហាញ​ពី​បច្ចេកទេស​ដ៏​ប៉ិនប្រសព្វ​របស់​ខ្មែរ នា​រាជ្យព្រះបាទ​សូរ្យវរ្ម័នទី១ ដែល​បាន​ស្ថាបនា​បូជនីយដ្ឋាន​នេះ​បញ្ចប់​ជា​ស្ថាពរ។​ ​ ​ ការប្រើ​ថ្មបាយក្រៀម ដើម្បី​សាងសង់​ប្រាង្គ​ប្រាសាទ​បែបនេះ បាន​ចាប់​ពន្លក​តាំងពី​សម័យ​នគរ​ភ្នំ និង​ចេនឡា គឺ​ជា​ប្រពៃណី​ខ្មែរ​សុទ្ធសាធ។ ថ្វី​ត្បិត​តែ​ផ្នែក​សំខាន់ៗ​ជាច្រើន នៃ​ប្រាសាទ​កំពូល​បី ឬ​ព្រួញ​បី​ត្រូវ​បាន​ជន​ទុច្ចរិត​បំផ្លាញ​ចោល​ទៅ​ហើយ​ក៏​ដោយ ក៏ប៉ុន្ដែ​ក្បាច់ក្បូរ និង​ចម្លាក់​ដែល​នៅ​សេសសល់​បានបង្ហាញ​នូវ​សម្រស់​ទឹក​ដម ជា​លក្ខណៈ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យអង្គរ។​

ប្រវត្តិ

[កែប្រែ]

​ប្រាសាទ​ព្រួញ​បី ត្រូវបាន​កសាងឡើង​តាំងពី​សម័យ​មុន​គេ​បង្អស់ ដោយ​ព្រះបាទ​សូរ្យវរ្ម័នទី​១ នៅ​ឆ្នាំ​១០០២ ទៅ ១០៥០។ ប៉ុន្ដែ​នៅ​សម័យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ ទើប​បញ្ចប់​ការស្ថាបនា​ជា​ស្ថាពរ​នៅ​ឆ្នាំ​១១១៣ ដល់ ១១៥០។ លុះដល់​ចុង​សតវត្សរ៍​ទី​១២ ប្រាសាទ​នេះ​ត្រូវបាន​ជួសជុល​សាជាថ្មី​ឡើងវិញ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​កាន់​ព្រះពុទ្ធសាសនា គឺ​មុន​ទីក្រុង​ល្វនេះ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់ដៃ​រ​បស់​ថៃ ដូច្នេះ​ហើយ​ពុទ្ធបដិមា​ទាំងនេះ ស្ថិត​ក្នុង​រចនាបថ​បាយ័ន។ ប្រាសាទបុរាណ​ព្រួញ​បី នៅ​ទីក្រុង​ល្វនេះ​មាន​ទម្រង់​ធំ បន្ទាប់​ពី​ប្រាសាទ​ពិ​មា​យ និង​ប្រាសាទ​មឿង​តាំ (​ប្រាសាទក្រោម) ក្នុង​ខេត្ត​បុរីរម្យ​នាពេល​បច្ចុប្បន្ន។​

តែ​ទោះបីយ៉ាងណា​ក៏ដោយ សារៈសំខាន់​នៃ​ចម្លាក់​បុរាណ​របស់​ប្រាសាទ​ព្រួញ​បី គឺ​បាន​កែប្រែ​ទស្សនៈ​មួយចំនួន​ដែល​យល់​ថា តំបន់​នេះ​ដើមឡើយ​ជា​ទឹកដី​របស់​មន ដែល​ព្រះបាទ​សូរ្យវរ្ម័នទី២ ដណ្ដើម​បាន​នោះ។ តាមពិត​ទៅ​ទឹកដី​នៃ​ខេត្ត​លពបុរី​នេះ គឺជា​ទឹកដី​ដែល​ខ្មែរ​យើង​បាន​កាន់កាប់​ត្រួតត្រា​មុន​សតវត្ស​ទី​១២ ម្ល៉េះ ដូច​វត្តមាន​របស់​វត្ថុ​បុរាណ​ជា​សក្ខីកម្ម​ស្រាប់៕​ (​ម​.​ត្រា​ណេ​)[]

ឯកសារសៀមកាឡៃប្រវត្តិសាស្ត្រ

[កែប្រែ]

ប្រហែលសតវត្សទី១០ ទីក្រុងរដ្ឋទ្វារវត្តីទាំងនេះត្រូវបានបង្រួបបង្រួមជាមណ្ឌលពីរ លវោ (សម័យទំនើបលពបុរី) និងសុវណ្ណភូមិ (សុវ៌ណបុរីសម័យទំនើប)។ តាមរយៈរឿងនិទាននៅក្នុងពង្សាវតារភាគខាងជើង នៅឆ្នាំ៩០៣ ស្ដេចមួយអង្គនៃតម្ព្រលិង្គ បានលុកលុយនិងដណ្ដើមយកលវោ ហើយបានតែងតាំងព្រះអង្គម្ចាស់ម៉ាឡេមួយអង្គឱ្យឡើងសោយរាជ្យនៅល្វោ។ ព្រះអង្គម្ចាស់ម៉ាឡេអង្គនេះបានរៀបអភិសេកជាមួយព្រះនាងខ្មែរដែលបានភៀសព្រះកាយពីការសំលាប់រង្គាលរាជវង្សនៅមហានគរ។ បុត្រានៃគូស្វាមីទាំងពីរបានដណ្ដើមយកបានរាជបល្លង្កខ្មែរ ហើយបានក្លាយជាព្រះបាទសូយ៌្យវម៌្មទី១ ដូចនោះនាំឱ្យល្វោស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរឆ្លងតាមសហបុគ្គល។ សូយ៌្យវម៌្មទី១ក៏បានពង្រីកទឹកដីទៅដល់ខ្ពង់រាបគោរាជ (ក្រោយមកបានហៅថា ឦសាន) ដោយបានសាងសង់ប្រាសាទជាច្រើន។

សូយ៌្យវម៌្ម យ៉ាងណាមិញ ព្រះអង្គគ្មានរជ្ជទាយាទជាឱរសឡើយ ហើយលវោក៏បានទទួលឯករាជ្យឡើងវិញ។ ព្រះបាទអនិរុទ្ធនៃបាកានបានលុកលុយលវោនៅឆ្នាំ១០៥៨ និង បានយកព្រះនាងលវោមួយអង្គជាព្រះមហេសីរបស់ទ្រង់។ អំណាចនៃនគរលវោបានឡើងដល់កំពូលក្នុងរាជ្យនៃព្រះនរាយណ៍ (១០៧២-១០៧៦)។ លវោបានប្រឈមមុខនឹងការឈ្លានពានរបស់ភូមា ក្រោមរាជ្យក្យានហ៊្សីត្ថា ដែលមាតារបស់ទ្រង់គឺជាព្រះនាងនៃលវោ នៅឆ្នាំ១០៨០ ប៉ុន្តែព្រះអង្គប្រហែលត្រូវគេវាយច្រានឱ្យដកទ័ពថយក្រោយវិញ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះនរាយណ៍ យ៉ាងណាមិញ លវោបែរធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមរដ្ឋប្បវេណីបង្ហូរឈាមគ្នាឯង ហើយខ្មែរស្ថិតក្រោមរជ្ជកាលនៃព្រះបាទសូយ៌្យវម៌្មទី២ បានឆក់យកឱកាសដ៏ល្អនេះដោយបើកការលុកលុយលវោបានសំរេច រួចហើយក៏តែងតែព្រះរាជបុត្ររបស់ទ្រង់ជាស្ដេចនៃលវោ។

ម្ដងហើយម្ដងទៀត ផ្ទុយទៅវិញដោយមិនអាចបញ្ឈប់ការត្រួតត្រារបស់ខ្មែរបាន នៅទីបញ្ចប់ខ្មែរក៏បានធ្វើ "ខ្មែរូបនីយកម្ម" នគរលវោ។ លវោត្រូវបានប្រែទំរង់ពីទីក្រុងទ្វារវត្តីមនខាងថេរវាទទៅជាទីក្រុងខ្មែរបែបព្រហ្មញ្ញសាសនាទៅវិញ។ លវោបានក្លាយជាឃ្លាំងនៃវប្បធម៌ខ្មែរនិងមហាអំណាចនៃតំបន់អាងទន្លេចៅព្រះញា។ ចំលាក់លៀនរាក់នៅអង្គរវត្តបានបង្ហាញពីកងទ័ពលវោជាកងទ័ពរបស់នគរចំណុះនៃមហានគរខ្មែរ។ ប៉ុន្តែ ការចាប់អារម្មណ៍មួយគួរឱ្យយើងកត់សំគាល់នោះគឺថាកងទ័ពតៃត្រូវគេឃើញថាជាចំណែកមួយនៃកងទ័ពលវោ មួយសតវត្សមុនពេលពួកសៀមបង្កើតនគរសុខោទ័យ។

ឯកសារយោង

[កែប្រែ]
  1. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2010-05-10. Retrieved 2012-02-04.

កំណត់

[កែប្រែ]

មើលផងដែរ

[កែប្រែ]

មើលផងដែរ

[កែប្រែ]