ប្រាសាទចិនស្រម

ពីវិគីភីឌា
ប្រាសាទចិនស្រម

ឈ្មោះ: ប្រាសាទចិនស្រម
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី១០
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថឃ្លាំង
ទីតាំង: ភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ

ទីតាំងភូមិសាស្រ្ត[កែប្រែ]

ប្រាសាទចិនស្រម ឬប្រាសាទជាន់ស្រាំ ឬប្រាសាទព្រៃវែងមានទីតាំងស្ថិតនៅក្នុងភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមរួមស្រុកគូលែនកាត់តាមភូមិព្យួរជ្រុក ឆ្ពោះទៅកាន់ភូមិព្រៃវែងដែលមានចម្ងាយប្រមាណ ២៣គីឡូម៉ែត្រ។ ម្យ៉ាងទៀតអាចធ្វើដំណើរពីរមណីយដ្ឋានប្រាសាទកោះកេរទៅទិសខាងជើង ឆ្លងកាត់ស្ទឹងសែន និងឆ្លងកាត់ភូមិសម្បូរ ឆ្ពោះទៅកាន់ភូមិព្រៃវែងដែលមានចម្ងាយប្រមាណ១៨គីឡូម៉ែត្រ ដោយផ្លូវទៅកាន់តំបន់នេះមានការលំបាកខ្លាំងនៅរដូវវស្សា។ ប្រាសាទចិនស្រម អ្នកស្រុកក្នុងតំបន់ច្រើនហៅថា ប្រាសាទជាន់ស្រាំ ឬប្រាសាទព្រៃវែង។

លក្ខណៈស្ថាបត្យកម្ម[កែប្រែ]

ប្រាសាទនេះកសាងអំពីឥដ្ឋមានតួប្រាំ បែរមុខទៅទិសខាងកើត សង់នៅលើខឿនថ្មបាយក្រៀមមានបីថ្នាក់ នៅជុំវិញបរិវេណប្រាសាទមានហោត្រៃចំនួនពីរសង់អំពីឥដ្ឋ សំណង់បន្ទបើរាងចតុកោណកែងចំនួនប្រាំបីសាងសង់អំពីថ្មភក់ និងថ្មបាយក្រៀមមានគោបុរៈចំនួនពីរនៅទិសខាងកើត និងខាងលិចប្រាសាទមានកំពែងថ្មបាយក្រៀមព័ន្ធជុំវិញ និងស្រះទីក បារាយណ៍នៅទិសខាងកើត។ ផ្អែកតាមរចនាសម្ព័ន្ធប្រាសាទ និងភស្ថុតាងជាច្រើនដែលនៅសេសសល់នៅក្នុងតំបន់នោះ អាចសន្និដ្ឋានថាប្រាសាទនេះសាងសង់នៅសតវត្សរ៍ទី១០ និងបានជួសជុលកែលម្អឡើងវិញនៅសតវត្សរ៍ទី១១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនពស្ថិតនៅក្នុងរាជ ព្រះបាទសូរ្យវរ្ម័នទី១ការសនិ្នដ្ឋាននេះយោងតាមសិលាចារឹកដែលចារនៅលើមេទ្វារប្រាសាទនេះ។ បើតាមសិលាចារឹកនៅលើមេទ្វារនៃប្រាសាទភ្នំសណ្តកក៏បាននិយាយអំពីព្រះរាជគ្រូរបស់ព្រះបាទសូរ្យវរ្ម័នទី១ ដែលព្រះអង្គបានបញ្ជាឱ្យមកជួសជុលប្រាសាទ និងចារសិលាចារឹកនៅប្រាសាទនោះផងដែរ។ ប្រាសាទភ្នំសណ្តកមានចម្ងាយប្រហែល ៦គីឡូម៉ែត្រពីប្រាសាទនេះលផងដែរ។ នៅជុំវិញតួប៉មកណ្តាលមានតួប៉មតូចៗចំនួនបួនសង់នៅលើជ្រុងខឿននីមួយៗនៃជាន់ទី២ ដោយសង់អំពីឥដ្ឋបែរមុខទៅទិសខាងកើតមានសភាពបាត់បែក។ ប៉មតូចៗទាំងនេះបើពិនិត្យលើរចនាសម្ព័ន្ធ និងក្បាច់លម្អនៅលើផ្តែរប្រាសាទទំនងសាងសង់នៅក្នុងសតវត្សរ៍ទី១០នៃគ.ស នៅក្នុងរចនាបទកោះកេរ។ ខឿនជាន់ទី១ និងជាន់ទី២សាងសង់អំពីថ្មបាយក្រៀម។ ផ្នែកខាងក្រោមនៃទិសខាងកើតមានហោត្រៃចំនួនពីរសាងសង់អំពីឥដ្ឋបែរមុខមកទិសខាងលិចបានបាក់រលំស្ទើទាំងស្រុង។ ក្នុងនោះមានសំណង់រាងចតុកោណគែងមានលក្ខណៈដូចបន្ទប់ស្នាក់នៅ ឬជាឃ្លាំងមានរន្ធតូចៗសម្រាប់ខ្យល់ចេញចូល បច្ចុប្បន្នសំណង់នេះបានបាក់រលំស្ទើទាំងស្រុង ដោយបន្សល់គំនរថ្មបាយក្រៀមជាជញ្ជាំង និងសសរធ្វើអំពីថ្មភក់។ គោបុរៈខាងកើត និងខាងលិចកសាងឡើងវិញអំពីថ្មភក់នៅក្នុងសរវត្សរ៍ទី១១ ដំណាល់គ្នានឹងតួប៉មកណ្តាលដោយមានយកផ្តែរសតវត្សរ៍ទី១០ មកប្រើប្រាស់ឡើងវិញ។ ផ្តែរខាងកើតនៃគោបុរៈខាងកើត ជាផ្តែរដែលស្ថិននៅក្នុងរចនាបថឃ្លាំង ដែលអាចកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ចំណែកខាងលិចនៃគោបិរៈខាងកើតជាផ្តែរដែលមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថកោះកេរ ដែលសាងសង់នៅក្នុងសតវត្សរ៍ទី១០ នេះមានន័យថាផ្តែរត្រូវបានប្រើប្រាស់ឡើងវិញ។ ភាគខាងកើតនៃគោបុរៈខាងកើតមានស្រះទឹកចំនួនពីរ និងស្រះទឺកធំពីទៀតនៅទិសខាងលិច ស្រះទឹកទាងបួននេះ ជញ្ជាំងសង់អំពីថ្មបាយក្រៀមព័ន្ធជុំវិញកម្ពស់ពីរម៉ែត្រ[១]

ឯកសារយោង[កែប្រែ]

  1. អត្តបទដើមលោក លឹម វណ្ណច័ន្ទ