ប្រាសាទត្រពាំងប្រាសាទ

ពីវិគីភីឌា

ប្រពពទី១: ចេញពីទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកអន្លង់វែង ឆ្ពោះទៅស្រុកត្រពាំងប្រាសាទ មានចម្ងាយសរុប ១១៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ ៥០០ម៉ែត្រ ខាងជើងរង្វង់មូលទីរួមស្រុកត្រពាំងប្រាសាទ។

ប្រាសាទនេះបែរមុខទៅទិសខាងកើតមានតួប៉មបី ប្រាសាទមានប្លង់រាងបួនជ្រុងស្មើដែលធ្វើពីឥដ្ឋរត់ជាជួរពីជើងទៅត្បូង។ មានស៊ុមទ្វារពីរ នៅផ្នែកខាងលិចនៃតួប៉មកណ្ដាលធ្វើពីថ្មភក់ និងទ្វារបីទៀតជាទ្វារបញ្ឆោតដែលធ្វើអំពីឥដ្ឋ។ តួប៉មទាំងនេះសង់នៅលើខឿនតែមួយធ្វើអំពីថ្មបាយក្រៀមរួមទាំងកំពែងចតុកោណកែងធ្វើអំពីថ្មបាយក្រៀម។

មិនតែប៉ុណ្ណោះប្រាសាទនេះមានដានកសិនបុរាណ (គូទឹក) ព័ទ្ធជុំវិញ</ref>។ មានត្រពាំងបុរាណមួយនៅចំពីមុខអ័ក្សរបស់ប្រាសាទពីកើតទៅលិចមានចម្ងាយ ២០០ម៉ែត្រ ហើយត្រពាំងនេះរីងស្ងួតនៅរដូវប្រាំង។

ប្រាសាទនេះកសាងឡើងមុនសម័យអង្គរហើយឧទ្ទិសចំពោះព្រះសិវៈ។

ប្រភពទី២:

កាលពីឆ្នាំ២០០៩ លោកបណ្ឌិត ផុន កសិកា បានដឹកនាំមន្ត្រីស្រាវជ្រាវផ្នែក បុរាណវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជាចុះសិក្សាស្រាវជ្រាវនៅប្រាសាទ ត្រពាំងប្រាសាទ ដែលស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ គឺស្ថិតនៅតាមបណ្ដោយជួរភ្នំដងរែក។

លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ប្រាសាទត្រពាំងប្រាសាទជាបណ្ដុំប្រាសាទពីរ ខណ្ឌ័ដាច់ដោយផ្លូវលំមួយខ្សែផ្ជាប់ពីវត្ដត្រពាំងប្រាសាទ ទៅទីប្រជុំជន។ យើងសន្មតហៅឈ្មោះប្រាសាទទាំងពីរ គឺប្រាសាទខាងត្បូងផ្លូវ និងប្រាសាទខាងជើងផ្លូវ ដែលមានត្រពាំងនៅចំពីមុខប្រាសាទ។ ត្រពាំងនៃប្រាសាទខាងត្បូងមានប្រវែង ៨៥០ ម៉ែត្រ និង ទទឹង ១៨០ ម៉ែត្រ។ តាមរយៈការសិក្សាសង្កេតរយៈពេលខ្លី ប្រាសាទទាំងពីរកសាងក្នុងរចនាប័ទ្មខុសគ្នា ប៉ុន្តែក្នុងសម័យអង្គរដូចគ្នា។ ប្រាសាទត្រពាំងប្រាសាទខាងត្បូងប្រហែលសាងសង់នៅក្នុងសតវត្សទី១០ ក្នុងរចនាបថកោះកេរ និង ប្រែរូប។ ចំណែក ប្រាសាទត្រពំាងប្រាសាទខាងជើងវិញមានរូបរាង និងប្លង់ដូចគ្នានឹងមន្ទីរពេទ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានកសាងនៅតាមផ្លូវបុរាណក្នុងរាជរបស់ព្រះអង្គ។ ដូច្នេះ ប្រាសាទត្រពាំងប្រាសាទខាងជើងប្រហែលសង់ក្នុងសតវត្សទី១៣ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧។

  1. ប្រភពទី1 https://ihss.rac.gov.kh/2020/10/03/%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%91%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%96%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%b6%e1%9e%91%e1%9f%96/ Archived 2022-02-11 at the វេយប៊ែខ ម៉ាស៊ីន.
  2. ប្រភពទី2 https://www.oddarmeanchey.gov.kh/detail/6821