Jump to content

ប្រាសាទពោធិសោម

ពីវិគីភីឌា
ប្រាសាទពោធិលោក

ឈ្មោះ: ប្រាសាទពោធិលោក
អ្នកកសាង: ព្រះបាទពញាយ៉ាត
កាលបរិច្ឆេទកសាង: សតវត្សទី១៥ ឆ្នាំ១៤៣៧
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: វត្តឧណ្ណាលោម រាជធានីភ្នំពេញ

ប្រវត្តិប្រាសាទ

[កែប្រែ]

វត្តឧណ្ណាលោមជាវត្តមួយក្នុងចំណោមវត្តទាំង៦ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានសង់ក្នុងរជ្ជកាលព្រះចៅពញ្ញាយ៉ាត ឆ្នាំ១៤៣៧។ ក្នុងចំណោមវត្តទាំងនោះមានតែវត្តឧណ្ណាលោមមួយគត់ដែលមានស្លាកស្នាមប្រាសាទសម័យអង្គរ ដែលយោងតាមការសិក្សាប្រាសាទនេះក្នុងរវាងសតវត្សទី១១ ពោលគឺមុនការបង្កើតទីក្រុងភ្នំពេញ។ ប្រាសាទនេះបានប្រែក្លាយជាចេតិយនៅសម័យក្រោយអង្គរ សម្រាប់គោរពបូជាក្នុងព្រះពុទ្ធសាសនា។ ចេតិយនេះហើយដែលផ្តល់ឈ្មោះឲ្យវត្តមួយនេះ ដែលពីដើមឡើយគេហៅថាប្រាសាទពោធិលោម។ លុះក្រោយមកដោយគេជឿថាចេតិយនេះជាទីបញ្ចុះនូវឧណ្ណាលោម របស់ព្រះអស្សជិត្ថេរ ទើមគេហៅចេតិយនោះថាឧណ្ណាលោម។ ប្រាសាទនេះជាប្រាសាទទោលដែលសង់អំពីថ្មភក់ និងមានកំពែងព័ទ្ធជុំវិញដោយថ្មបាយក្រៀម។ បើយើងមើលពីក្រៅវាជាចេតិយមួយដែលមើលទៅហាក់ដូចសង់ថ្មីៗ តែបើយើងមើលខាងក្នុងវាជាប្រាសាទចំណាស់មួយដែលមានជញ្ជាំងតម្រៀបគ្នាដោយថ្មភក់ធំៗ ហើយក្រាស។ អ្វីដែលគួរឲ្យស្តាយនោះគឺយើងមិនអាចមើលឃើញពីចម្លាក់ផ្តែរ និងសិលាចារឹកមួយ ដែលនៅសល់តែបំណែកថ្មបាក់បែករប៉ាត់រប៉ាយប៉ុណ្ណោះ។ នៅខាងក្នុងប្រាសាទមានធ្នឹមឈើបណ្តោយថ្ងៃធំមួយ ដែលមានលោកតាម្នាក់នៅរក្សាជាប្រចាំ។ រូបភាពតូច|ប្រាសាទពោធិលោម១

វត្តឧណ្ណាលោម

[កែប្រែ]

ពាក្យ ឧណ្ណា = ចិញ្ចើម + លោម = រោម ដែលមានន័យថារោមចិញ្ចើម គឺរបស់ព្រះអសជិតត្ថេរ ដែលខ្មែរយើងតែងគោរពបូជារៀងមក។ កាលពីដើមត្រង់មុខវត្តឧណ្ណាលោមមានកំពង់ទឹកមួយដែលជាចំណតកប៉ាល់ ទូក កាណូត ដែលអ្នកពាណិជ្ជករ យកប្រាសាទនេះជាគោលសម្រាប់ជាសញ្ញាផ្លូវទឹករបស់ពួកគេ ព្រោះកាលនោះមិនទាន់មានចេតិយវត្តភ្នំទេ។ កាលនោះត្រង់វត្តឧណ្ណាលោមជាទីទួលមួយខ្ពស់ ហើយនៅជុំវិញសុទ្ធសឹងតែបឹង និងព្រៃរបោះៗ ហើយវត្តបទុមវត្តីសព្វថ្ងៃនេះ មានវិហារសង់អំពីឈើប្រក់ស្លឹក និងមានកុដិតូចៗ ដូចគ្នានឹងវត្តឧណ្ណាលោមដែរ។ ក្រោយមកទើបមានសំណង់អំពីបេតុងធំៗដូចសព្វថ្ងៃ។ បើយោងតាមឯកសារព្រះរាជពង្សាវតាខ្មែរដ៏ចំណាស់របស់ខ្មែរបានឲ្យដឹងថា ក្នុងរាជព្រះច័ន្ទរាជា កាលស្តេចកន គ្រប់គ្រងប្រទេសម្ខាងនោះ ចៅពញ្ញាសង្គ្រាម សុក មន្រ្តីខាងព្រះច័ន្ទរាជា បាននាំពល ៥០០ នាក់ រុករកគ្រឿងបញ្ចក្សត្រនោះបានទៅឃើញប្រាសាទថ្មមួយ ដែលមានចារឹកអក្សរថា ព្រះចេតិយ ព្រះឧណ្ណាលោម នៅក្នុងពុទ្ធសករាជ ២០៨៣ ត្រូវនឹងឆ្នាំ ១៥៣៩ ។ លុះចៅសង្គ្រាម សុក នាំដំណឹងនេះថ្វាយព្រះច័ន្ទរាជា ទ្រង់ក៏ចាត់តែងប្រាសាទនោះតាំងជាអារាម និងរៀបចំបញ្ចុះសីមា មានចៅអធិការគ្រប់គ្រងរៀងមក ។ លុះ១៤៥ ឆ្នាំក្រោយមក ក្នុងរាជព្រះជ័យចេស្តា គេហៅវត្តនោះថា វត្តព្រះស្រកាលេញ ទៅវិញ ក្នុងព.ស ២២២៨ ត្រូវគ.ស ១៦៨៤ ដូច្នោះយើងអាចនិយាយបានថាប្រាសាទថ្មនោះបានក្លាយជាវត្តអារាម តាំងពី ៤៧២ ឆ្នាំមុន។ ប្រាសាទនេះមានរាង ៤ជ្រុងស្មើ មានប្រវែងប្រហែល ៥.៥ម៉ែត្រ និងមានកម្ពស់ ១៨ម៉ែត្រ។ ប្រាសាទនេះសង់សម្រាប់ឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា តែក្រោយមកបានប្រែក្លាយមកជាព្រះពុទ្ធសាសនាវិញក្នុងរូបភាពជាចេតិយទៅវិញ ដោយមានតម្កល់ព្រះពុទ្ធរូប ដែលយើងសង្កេតពីទម្រង់សិល្បៈដូចគ្នាទៅនឹងព្រះពុទ្ធរូបថ្មទាំងឡាយក្នុងសម័យក្រោយអង្គរ។ ចំណែកឯសំណង់ទាំងឡាយដែលបានសង់បន្ថែមក្នុងសម័យកាលសម្តេចសង្ឃរាជ និល ទៀង ព្រះសង្ឃរាជទី១នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះអង្គបានសង់ភ្ជាប់បន្តពីប្រាសាទចាស់ជាចេតិយ ៥ទៀត ដែលធ្វើពីឥដ្ឋ បូកបាយអរ មានប្រវែងប្រហែល ៣.៥ម៉ែត្រ ដែលមានរាង​ ៤ជ្រុង និងមានការសង់និងកែលម្អមកក្រោយៗទៀត។ វត្តមានប្រាសាទនេះបានប្រាប់យើងថាភ្នំពេញមិនមែនមានមនុស្សរស់នៅត្រឹមរាជស្តេចពញ្ញាយ៉ាត ឡើយ គឺវាជាប្រជុំជនមួយតាំងពីសម័យអង្គរមកម្លេ៉ះ។ បើបានចូលវត្តឧណ្ណាលោម សូមទៅមើប្រាសាទនេះផង[]

ឯកសារយោង

[កែប្រែ]
  1. www.spktliv.com