ប្រាសាទព្រហ្មបាណន់
ប្រាសាទព្រហ្មបាណន់ (ឥណ្ឌូនេស៊ី: Candi Prambanan, ជ្វា: Rara Jonggrang, ហាណាការ៉ាកា: ꦫꦫꦗꦺꦴꦁꦒꦿꦁ) គឺជាបរិវេណប្រាសាទដ៏ធំបំផុតមួយដែលឧទ្ទិសដល់ព្រះសិវៈ ដែលកសាងឡើងនៅសតវត្សទី៩ នៃគ.ស (ប្រហែលឆ្នាំ ៨៥០ គ.ស) ដោយស្ដេច រ៉ាកៃ ពីកាតាន់។ ដោយចម្ងាយប្រហែល ១៥ គីឡូម៉ែត្រពីតំបន់ពិសេសនៃទីក្រុងយ៉ូកយ៉ាកាតាភាគខាងត្បូងនៃកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ។[១] ប្រាសាទបីត្រូវបានលម្អដោយចម្លាក់លៀនដែលបង្ហាញពីវីរភាពនៃរឿងរាមាយណៈ ដែលឧទ្ទិសដល់អាទិទេពហិណ្ឌូទាំងបី (ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម) និងប្រាសាទបីដែលឧទ្ទិសថ្វាយដល់សត្វជំនិះរបស់ពួកទ្រង់។[២]

ប្រាសាទព្រហ្មបាណន់នេះ មានកំពែងរាងការ៉េបីជាន់ព័ទ្ធជុំវិញ ទីធ្លាខាងក្នុងបំផុតមានមហាប្រាសាទចំនួន ៣ ខណៈប្រាសាទកណ្តាលសាងសង់ឡើងសម្រាប់ថ្វាយព្រះសិវៈ ប្រាសាទខាងត្បូងសម្រាប់ឧទ្ទិសថ្វាយព្រះព្រហ្ម និងប្រាសាទនៅទិសខាងជើងសម្រាប់ថ្វាយព្រះវិស្ណុ ប្រាសាទនេះមានប្រាង្គប្រាសាទតូចធំដល់ទៅ ២៤០ ។[៣] ប្រាសាទព្រហ្មបាណន់ ត្រូវបានគេស្គាល់ក្នុងស្រុកថាជាប្រាសាទរ៉ារ៉ាចុងក្រាង ឬប្រាសាទនៃ "ក្រមុំតូចច្រឡឹង" ។[១] នៅឆ្នាំ ១៩៩១ ប្រាសាទបានក្លាយជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងជាតំបន់ប្រាសាទហិណ្ឌូធំជាងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងធំទីពីរនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីអង្គរវត្ត។[៤] វាត្រូវបានកំណត់លក្ខណៈដោយស្ថាបត្យកម្មខ្ពស់ និងមុតស្រួចរបស់វា ដែលជាលក្ខណៈធម្មតានៃស្ថាបត្យកម្មហិណ្ឌូ និងដោយអគារកណ្តាលខ្ពស់ស្កឹមស្កៃ ៤៧ ម៉ែត្រ (១៥៤ ហ្វីត) ស្ថិតនៅក្នុងបណ្តុំប្រាសាទតូចៗដាច់ដោយឡែកពីគ្នាជាច្រើន។ បរិវេណប្រាសាទព្រហ្មបាណន់ ដើមឡើយមានរចនាសម្ព័ន្ធប្រាសាទចំនួន ២៤០ ដែលតំណាងឱ្យភាពអស្ចារ្យនៃសិល្បៈ និងស្ថាបត្យកម្មហិណ្ឌូបុរាណរបស់កោះជ្វា ហើយក៏ត្រូវបានចាត់ទុកថាជាស្នាដៃអស្ចារ្យនៃសម័យបុរាណនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។
ឯកសារយោង
[កែប្រែ]- 1 2 "Prambanan Temple Tourism". www.indonesia-tourism.com. Retrieved 2026-07-01.
- ↑ Centre, UNESCO World Heritage. "Prambanan Temple Compounds". UNESCO World Heritage Centre (in អង់គ្លេស). Retrieved 2026-07-01.
- ↑ "ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រាសាទព្រហ្មបាណន់ និងប្រាសាទ Borobudur នៅកោះជ្វា ប្រទេសឥណ្ឌូនេស៉ី". m.freshnews.com.kh (in អង់គ្លេស). Retrieved 2026-07-01.
- ↑ "Prambanan Temple Complex". www.borobudurpark.co.id (in British English). Archived from the original on 2011-10-06. Retrieved 2026-07-01.