Jump to content

ប្រាសាទភ្នំថ្មដុះ

ពីវិគីភីឌា
ប្រាសាទភ្នំថ្មដុះ

ឈ្មោះ: ប្រាសាទភ្នំថ្មដុះ
អ្នកកសាង: សូរ្យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សទី១១
ឧទ្ទិសថ្វាយ: លិង្គស្វយម្ភូ
ស្ថាបត្យកម្ម: រចនាបថបាពួន
ទីតាំង: ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ

ប្រាសាទមានទីតាំងលើភ្នំថ្មដុះ ដែលមានកំពស់ប្រមាណជា ៣៥ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងនាស.វទី ១១នៃគ.ស ហើយស្ថិតក្នុងរចនាបថ បាពួន។ ប្រាសាទនេះ បែរមុខទៅទិសខាងកើត មានកម្ពស់ប្រមាណជា ១៣ម៉ែត្រ ជាប្រាសាទទោល ស្ថាបនាឡើងអំពីឥដ្ឋដើម្បីឧទ្ទិសដល់ព្រះសិវៈ ដែលនៅទីនេះតំណាងដោយ ថ្មធម្មជាតិមួយយ៉ាងធំ ស្ថិតនៅចំកណ្តាលប្រាង្គ បូជនីយដ្ឋាននេះ។ ជ្រុងខាងក្រៅប្រាសាទមានប្រវែង៧.៥ម. សង់គ្របលើថ្មធម្មជាតិមួយ ហៅថាលិង្គស្វយម្ភូ (លិង្គកើតឡើងខ្លួនឯងពីធម្មជាតិ)។ ផ្ដែរដែលបាក់ធ្លាក់ចុះ តម្កល់នៅខាងមុខប្រាសាទ មានចម្លាក់ព្រះឥសូររាំមានព្រហស្ថ១០ និងទេវរូបស្រីនៅខាងលើ ផ្នែកខាងក្រោមមានរូបព្រះគណេស និងទេវរូបផ្សេងទៀត។ ប្រាសាទនេះ បានក្លាយទៅជាពុទ្ធសាសនស្ថាន ហើយ វត្តមានរបស់ថ្មធម្មជាតិមួយកណ្ដាលប្រាសាទនេះហើយ ដែលគេជឿថាជាថ្មដុះ ឆ្លុះបញ្ចាំងភាពស្អិតរមួត រវាងលិង្គព្រះឥសូរ និងថ្មពិសិដ្ឋ។ លិង្គស្វយម្ភូបែបនេះ មាននៅប្រាសាទ ដទៃដូចជា ប្រាសាទភ្នំព្រះធាតុ កំពង់ឆ្នាំង និងប្រាសាទក្នុងរូងភ្នំបីទៀតក្នុងខេត្តកំពង់ឆ្នាំង។