ប្រាសាទភ្នំហាន់ជ័យ
ប្រាសាទភ្នំហាន់ជ័យ | |
---|---|
ឈ្មោះ: | ប្រាសាទភ្នំហាន់ជ័យ |
អ្នកកសាង: | ព្រះបាទឥសានវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | សតវត្សទី៧ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថសម្បូណ៍ |
ទីតាំង: | ខេត្តកំពង់ចាម |
ប្រាសាទភ្នំហាន់ជ័យ
[កែប្រែ]ភ្នំហាន់ជ័យមានឈ្មោះផ្លូវការថាភ្នំជ័យគិរី ដែលមានទីតាំងស្ថិននៅទិសខាងកើតនៃខេត្តកំពង់ចាម ប៉ែកខាងលិចទន្លេមេគង្គ។ ភ្នំនេះស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្នំនេះមានចម្ងាយ១៨គីឡូម៉ែត្រតាមផ្លូវទឹក និងមានចម្ងាយ ២០គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តកំពង់ចាម។ ភ្នំហាន់ជ័យមានកំពស់ ៦៣ម៉ែត្រ។ នៅលើភ្នំមានព្រះវិហារ នងប្រាសាទគុកខាងត្បូង ដែលស្ថាបនាឡើងដោយឥដ្ឋតាន់បុរាណ ដែលមានទំហំ ៧ម៉ែត្របួនជ្រុង និងមានកំពស់ចំនួន ១២ម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី៧ ក្នុងរជ្ជកាល ព្រះបាទឥសានវរ្ម័នទី១។ ក្នុងចំណោមប្រាសាទធ្វើអំពីឥដ្ឋ និងដ្មជាច្រើនដែលមិនអាចកំណត់បានចំនួនឱ្យបានប្រាកដមានប្រាសាទតែបីទេ ដែលនៅរក្សារូបរាងល្អប្រសើរស្ថិននៅក្នុងបរិវេណនៃវត្តហាន់ជ័យបច្ចុប្បន្ន។ ក្រៅពីនេះគេឃើញតែតួប្រាសាទ និងគ្រឹះឥដ្ឋនៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ។ ក្រុមប្រាសាទទាំងនេះ ត្រូវបានកសាងឡើងនៅក្នុងសម័យអន្តរកាលសម័យនគរភ្នំ និងសម័យចេនឡា។ ក្រសួងវប្បធម៌ និថវិចិត្រសិល្បះបានជុសជុលប្រាសាទហាន់ជ័យខាងជើង ដែលហៅថាប្រាសាទគុកព្រះធាតុនៅក្នុងឆ្នាំ១៩៩៤[១]។
ប្រាសាទហាន់ជ័យខាងជើង(ប្រាង្គទី១) ឬ ប្រាសាទគុកព្រះធាតុ
[កែប្រែ]ប្រាសាទហាន់ជ័យខាងជើង ឬប្រាសាទគុកព្រះធាតុ ឬប្រាសាទនាងខ្មៅត្រូវបានកសាងនៅក្បែរដងទន្លេគង្គនៅលើចង្កេះភ្នំហាន់ជ័យ។ ដោយបូជនីយដ្ឋាននេះដ៏សំខាន់នេះមានលក្ខណៈស្រដៀង និងប្រាសាទអាស្រមមហាឥសីនៅស្រុកអង្គរបូរីក្នុងខេត្តតាកែវ នៅក្នុងសម័យកាលនគរភ្នំ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានជុសជុលវិមានប្រវត្តិសាស្រ្តនេះ តាមរបៀប Anaslylose ដោយចុះលេខរៀងថ្មនិមួយៗនៃប្រាសាទហើយផ្គុំរៀបឡើងវិញឱ្យដូចដើម។ ប្រាសាទបែរមុខទៅទិសខាងកើតហើយមានទ្រង់ទ្រាយដូចប្រាសាទអាស្រមមហាឥសីនៅខេត្តតាកែវ។ ទ្រង់ទ្រាយដំបូលមានរាងកោងជាថ្នាក់ៗតួប្រាសាទត្រូវបានសាងសង់លើខឿនមួយដ៏រឹងមាំ ដែលមានបីថ្នាក់ដោយថ្នាក់និមួយៗមានរចនាក្បាច់អង្កៃព័ន្ធជុំវិញទម្រង់មុខមនុស្សមានពាក់ក្រវិលធំៗដូចប្រាសាទអាស្រមមហាឥសី និងប្រាសាទមួយនៅសម្បូរព្រៃគុកនៃខេត្តកំពង់ធំ។ ផ្តែរប្រាសាទនេះមានរំលេចដោយក្បាច់រំយោងកម្រងផ្កា និងនៅចំកណ្តាលមានឆ្លាក់ជាមេដៃ ដែលមានរូបជាផ្កា។ រីឯនៅខាងចុងផ្តែរវិញមានមានលម្អដោយសត្វម្ករបែរមុខចូលក្នុង។
ប្រាសាទហាន់ជ័យខាងជើង(ប្រាង្គទី២)
[កែប្រែ]ការសិក្សាប្រៀបធៀបខាងស្ថាបត្យកម្មធ្វើឱ្យគេសន្និដ្ឋានបានថា ប្រាសាទហាន់ជ័យខាងជើងនេះត្រូវបានកសាងឡើងក្នុងសម័យកាលជាមួយគ្នា និងប្រាសាទអាស្រមមហាឥសី និងប្រាសាទមួយនៅសម្បូរព្រៃគុកនៃខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតមានរាងបួនជ្រុងមួយធ្វើអំពីថ្មភក់ សម្រាប់តាបសឥសីធ្វើសមាធិ។ ប្រាសាទនេះមានក្លោងទ្វារបែរមុខទៅទិសខាងកើត។ ថ្វីត្បិតតែប្រាសាទនេះមានទំហំប្រមាណ ២.១០ម៉ែត្របួនជ្រុង ដែលមានរូបរាងសមសួន សង្ហាអស្ចារ្យ។ ក្លោងទ្វារខាងកើតគឺជាក្លោងទ្វារតែមួយគត់ចូលទៅក្នុងប្រាសាទនេះ ដែលលម្អដោយសសរពេជ្រមួយគូររាងមូលលម្អអមសងខាងនៃមាត់ទ្វារ ដែលទ្រផ្តែរមួយមួយស្ថិតនៅខាងលើ។ ចំណែកផ្តែរមានរូបចម្លាក់រូបព្រះវិស្ណុ ឬព្រះនរាយណ៍មួយអង្គកំពង់ផ្ទុំនៅលើនាគមួយនៅចំកណ្តាលផ្តែរ អមដោយក្បាច់មេដៃជាក្បាច់ផ្កាឈូកទាំងសងខាង។
ប្រាសាទគុកខាងត្បូង
[កែប្រែ]ប្រាសាទគុកខាងត្បូងបែរមុខទៅទិសខាងកើត ប្រាសាទនេះកសាងឡើងអំពីឥដ្ឋ ដែលមានកំពស់ប្រមាណ ១៥ម៉ែត្រ។ ប្រាសាទនេះមានប្លង់រាងការ៉េ ដោយជ្រុងនិមួយៗមានប្រវែង ៦.៤ម៉ែត្រ។ ក្លោងទ្វារប្រាសទ្វារពិតចំនួនមួយ និងទ្វារបញ្ឆោតចំនួនបី។ ខ្លោងទ្វារនៅសល់តែស៊ុំមទ្វារចំណែកសសរពេជ្រ និងផ្តែរត្រូវបានបាត់បង់ទៅហើយ។ ចំណែងនៅស៊ុមទ្វារខាងជើងមានសិលាចារឹកជាភាសាសំស្រ្កឹត។ ស៊ុំមមានសិលាចារឹកនេះមានកំពស់១.១៩ម៉ែត្រ ជាតួអក្សរសំស្រ្កឹត ដែលមានចំនួន ៣៥បន្ទាត់ និងស៊ុំមទ្វារខាងត្បូងមានសិលាចារឹកកំពស់ប្រហែល ០.៥០ម៉ែត្រ ដែលមានចំនួន ១២បន្ទាត់។ ខ្លឹមសារនៃសិលាចារឹកនៅប្រាសាទនេះត្រូវបានបកប្រែនៅដើមសតវត្សរ៍ទី២០ ដែលបានរៀបរាប់ពីព្រឹត្តិការណ៍ក្នុងរជ្ជកាល ព្រះបាទភវវរ្ម័នទី១ ពោលគឺស្ថិតនៅក្នុងអំឡុងសតវត្សរ៍ទី៦ និងសតវត្សរ៍ទី៧នៃគ.ស។
ប្រាសាទឥដ្ឋនៅខាងត្បូងព្រះវិហារ
[កែប្រែ]នៅខាងមុខព្រអវិហារវត្តហាន់ជ័យ មានមានគំនឥដ្ឋ ដែលជាទីតាំងតួប្រាសាទ ដែលមានសល់សសរពេជ្រនៅក្នុងសម័យមុនអង្គរដ៏ស្រស់ស្អាត។ តាមរយៈសសរពេជ្រ គេអាចកំណត់ថាតួប្រាសាទនេះស្ថិតនៅក្នុងរចនាបទសម្បូរព្រៃគុក។
ប្រាសាទអណ្តូងព្រេង
[កែប្រែ]នៅជ្រុងខាងកើតឆៀងខាងជើងព្រះវិហារ មានប្រាង្គប្រាសាទឥដ្ឋមួយទៀត ដែលបាក់បែកខ្ទេចខ្ទាំនៅសល់តែគ្រឹះប្រាសាទ និងនៅចំកណ្តាល អណ្តូងមួយដែលអ្នកជឿថាអណ្តូងព្រេងបុរាណ។ ចាស់ៗរស់នៅក្បែរភ្នំហាន់ជ័យជឿថានៅសម័យបុរាណគេទម្លាក់ដូងទុំក្នុងអណ្តូងនោះ ដូងនេះមានអណ្តែតទៅទន្លែមេគង្គ។ តាមពិតទឹកដែលចេញពីអណ្តូងនេះមានប្រភពចេញពីដីសម្រាប់ប្រើប្រាស់ក្នុងពិធីកម្មសាសនាព្រាហ្មណ៍។វត្តមានអណ្តូងនៅចំកណ្តាលប្រាសាទក៏ជាសញ្ញាបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់ទេវស្ថាននេះដែរ។
ឯកសារយោង
[កែប្រែ]- ↑ សៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ខេត្តកំពង់ចាម ដោយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ឆ្នាំ២០១៤ ទំព័រទី៤០ -៥១