ប្រាសាទឯកភ្នំ

ពីវិគីភីឌា

ប្រវត្តិប្រាសាទ[កែប្រែ]

ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត ទៅទិសខាងលិច មានប្រវែង២៥ម៉ែត្រ ហើយពីទិសខាងត្បូង ទៅទិសខាងជើងមានប្រវែង៤៩ម៉ែត្រ មានរាងបួនជ្រុង ស្មើគ្នាធ្វើអំពីថ្មភក់បែរមុខទៅទិសខាងកើត សង់លើខឿនមួយមានពីរថ្នាក់ មានថែវពទ្ធ័ជុំវិញតួប៉មនៃប្រាសាទ និងកំពែងធ្វើពីថ្មបាយក្រៀមហើយមានគូរទឹកព័ទ្ធជុំវិញផង។ ហើយប្រាសាទនេះមានដើមពោធិ៍ ដុះជុំវិញជាច្រើនដើម បង្កើតអោយជាម្លប់ដ៏ត្រឈឹងត្រឈៃ និងខ្យល់ត្រជាក់បរិសុទ្ធ។ រីឯនៅខាងត្បូងប្រាសាទវិញ មាននៅសល់គូរទឹកដែលបច្ចុប្បន្ន បានក្លាយទៅជាស្រះទឹកសំរាប់ព្រះសង្ឃប្រើប្រាស់ជាប្រចាំ។

ប្រាសាទឯកភ្នំជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។

ប្រាសាទឯកភ្នំមានទីតាំងស្ថិតនៅក្នុងភូមិគម ឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយប្រមាណ៨គីឡូម៉ែត្រខាងជើងក្រុងបាត់ដំបង។ ទីតាំងប្រាសាទសព្វថ្ងៃស្ថិតនៅក្រោយវិហារដែលទើបនឹងធ្វើថ្មី។ ប្រាសាទនេះសង់លើឃឿនថ្មបាយក្រៀមបីថ្នាក់ កម្ពស់ប្រមាណ៣ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញដោយកាត់ដោយផ្លូវចូលពីខាងកើត និងលិច។ ឡើងតាមជណ្ដើរថ្មបាយក្រៀមនៅទិសខាងកើតទៅដល់ច្រកទ្វារចូលធ្វើពីថ្មភក់ យើង​នឹង​ឃើញ​តួ​ចម្បង​នៃ​ប្រាសាទ​សង់​លើ​ឃឿន​ថ្មភក់​​នៅ​ទីតាំង​កណ្ដាល។ តួ​ចម្បង​​នេះ​ព័ទ្ធជុំវិញ​ដោយ​ថែវធ្វើពីថ្មបាយក្រៀម ដែលភ្ជាប់​ដោយ​​ច្រក​ចេញចូលពីរធ្វើពីថ្មភក់នៅទិសខាង​កើត​ និង​ខាង​លិច។ តួកណ្ដាល​នៃ​ប្រាសាទ​នេះ​មាន​ទ្វារ​ចូល​ពីគ្រប់បួនទិស នៅទិសខាង​កើត​នៃតួ​កណ្ដាល​មាន​មណ្ឌប​ (ជា​បន្ទប់ទ្រវែង​ដែល​រត់​ភ្ជាប់នឹង​តួ​កណ្ដាល) មួយ​ដែល​មាន​ទ្វារ​ចូល​ពីគ្រប់​បួនទិស (ទ្វារខាង​លិច​នៃ​មណ្ឌប​រត់​ត្រង់ទៅ​កាន់​ទ្វារ​ខាង​កើត​នៃ​តួ​កណ្ដាល)។ ផ្នែកនេះ​ធ្វើ​ពី​ថ្មភក់​នៅ​លើ​ខឿន​ថ្ម​បាយ​ក្រៀម​ដែល​ស្រោប​ដោយ​ថ្ម​ភក់នៃផ្នែក​ខាង​ក្រៅ។ នៅទិសអាគ្នេយ៍មាន​នៃមណ្ឌប មានអគារមួយដែលអ្នកស្រុកហៅថា «បន្ទប់កូនក្រមុំ» ក៏ប៉ុន្តែ​ជាទូទៅ គេហៅតាមសៀវភៅថា «បណ្ណាល័យ» ឡើងរត់មាត់ បើទោះជាការពិតមុខងារ​នៃអគារនេះមិនទាន់ត្រូវបានដឹងឱ្យច្បាស់យ៉ាងណាក្ដី។នៅ​ផ្នែក​មណ្ឌប មាន​តែ​ចម្លាក់​នៃទ្វារ​ខាង​ត្បូង​ប៉ុណ្ណោះ​ដែល​នៅ​សេស​សល់​ ឯនៅ​ទិស​ផ្សេង​ទៀតធ្លាក់​​ទៅ​លើ​ដី​បាក់បែក​រក​មើល​មិន​យល់​នោះទេ។ រូប​នៅ​ខាង​ឆ្វេង​ដៃ​នេះ ផ្ដែរ​​ប្រហែល​ជា​បង្ហាញ​ឈុតរឿងត្រីវិក្រម ដែល​យើង​ឧស្សាហ៍​ប្រទះ​ឃើញ​ជា​រឿយៗ​ នៅ​តាម​ប្រាសាទ​នានា។ មូលហេតុ​ដែល​នាំ​ឱ្យគិត​ថា​រូប​នេះ​ជា​​ឈុត​រឿង​ត្រី​វិក្រម ពីព្រោះហោជាង​នៅ​លើ​ផ្ដែរ​នេះ​បង្ហាញ​ឈុត​រឿង​វិស្ណុអានន្តសាយិន ឬ​និយាយឱ្យ​ស្រួល​ថា ព្រះនារាយណ៍ផ្ទុំ។​

ឯកសារយោង[កែប្រែ]