ពោជ្ឈង្គសូត្រ

ដោយវិគីភីឌា
Jump to navigation Jump to search

ពោជ្ឈង្គសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ (អង្គនៃធម៌​ជាគ្រឿងត្រាស់ដឹង) ៧ យ៉ាងនេះ ដែលភិក្ខុ​បានចម្រើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​វិជ្ជា ៣ ប្រការឲ្យ​ពេញ​លេញបាន ។ ៧ យ៉ាង តើអ្វីខ្លះ? គឺ សតិសម្ពោជ្ឈង្គ, ធម្មវិចយសម្ពោជ្ឈង្គ, វីរិយសម្ពោជ្ឈង្គ, បីតិសម្ពោជ្ឈង្គ, បស្សទ្ធិសម្ពោជ្ឈង្គ, សមាធិសម្ពោជ្ឈង្គ, ឧបេក្ខាសម្ពោជ្ឈង្គ ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុ​បានចម្រើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​វិជ្ជា ៣ ប្រការ ឲ្យពេញ​លេញបាន ។ វិជ្ជា ៣ ប្រការ តើអ្វីខ្លះ? ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ រមែងរលឹក​ឃើញនូវ​បុព្វេនិវាសច្រើន​ប្រការ គឺរលឹកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ ។បេ។ រមែង​រលឹកឃើញ​នូវ​បុព្វេនិវាសច្រើន​ប្រការ ព្រមទាំងអាការ ទាំង​ឧទ្ទេសដោយ​ប្រការ​ដូច្នេះ ១ មាន​ចក្ខុ​ដូចជា​ទិព្វ​ដ៏បរិសុទ្ធ កន្លងបង់​នូវចក្ខុ​របស់​មនុស្ស ។បេ។ រមែង​ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោលទៅ​តាម​យថាកម្ម ១ ព្រោះអស់ទៅ​នៃអាសវៈ​ទាំងឡាយ ។បេ។ ធ្វើឲ្យជាក់​ច្បាស់​ហើយ សម្រេច​សម្រាន្តនៅ ១ ។ ម្នាលភិក្ខុ​ទាំងឡាយ ពោជ្ឈង្គ ៧ នេះឯង ដែលភិក្ខុ​បាន​ចម្រើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ រមែងញុំាង​វិជ្ជា ៣ ប្រការនេះ ឲ្យពេញលេញបាន ។

(ព្រះត្រៃបិដក ភាគ ៥១ ទំព័រទី ២ ដល់ ៣ សុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត; )