ព្រះបរមរាជវាំងសារពើយុត្តិ
ព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋាន ឬ ព្រះបរមរាជវាំងសារពើយុត្តិ (អង់គ្លេស : The Royal Palace of Oudong) គឺជាអតីតព្រះបរមរាជវាំងនៃរាជធានីឧដុង្គមានជ័យដែលកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ២។
ប្រវត្តិសាស្ត្រ
[កែប្រែ]នៅក្នុងឆ្នាំ ១៦១៨ ព្រះបាទស្រីសុរិយោពណ៌មានព្រះជន្ម ៦៤ ព្រះវស្សាបានលើកបុត្រច្បងព្រះនាមជ័យជេដ្ឋាទី ០២ ឲ្យឡើងសោយរាជ្យនៅរាជធានីល្វាឯមនៅក្នុងព្រះជន្ម ៤០ ព្រះវស្សាដោយទុកព្រះឧទ័យជាឧបរាជដដែល។នៅក្នុងឆ្នាំ ១៦២០ ព្រះបាទស្រីសុរិយោពណ៌បានរឹតចំណងមិត្តភាពជាមួយស្ដេចយួនដោយស្ដីដណ្ដឹងបុត្រីស្ដេចយួនព្រះនាមក្សត្រីអង្គចូវ(ង្វៀង ផុក ង៉ុក វ៉ាង)ជាព្រះអគ្គមហេសីឲ្យព្រះបាទជ័យជេដ្ឋាទី ០២។បន្ទាប់មកព្រះអង្គឲ្យគេកសាងព្រះបរមរាជវាំងមួយនៅខាងជើងស្រះកែវបង្កើតទីក្រុងថ្មីមួយឈ្មោះថាឧដុង្គមានជ័យ។[១]
រាជធានីឧដុង្គមានជ័យចាប់ផ្ដើមកសាងឡើងនៅក្នុងសតវត្សរ៍ទី ១៧ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី ២ បើយោងតាមឯកសារព្រះរាជពង្សាវតារខ្មែរដែលដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរភាគទី ០៥ មានចែងថានៅក្នុងពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ព្រះបាទជ័យជេដ្ឋាទី ២ ជាម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចទ្រង់គង់នៅព្រះបរមរាជវាំងល្វាឯមទ្រង់បាននាំព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី និង នាម៉ឺនសព្វមុខមន្ត្រីខ្ញុំរាជការទាំងពួងចុះព្រះរាជទីន័ងនាវាស្ដេចយាងទៅប្រពាតនៅតំបន់អូរក្រងលាយនៅក្នុងខេត្តសំរោងទង។ទ្រង់ប្រថាប់នៅព្រះពន្លាជាយូរថ្ងៃរួចស្ដេចយាងទៅក្រសាលនៅទីតាដុងយាយជ័យទ្រង់បានទតឃើញទីទួលមួយនៅតំបន់ស្រះកែវជាទីមានទេសភាពល្អក៏ទ្រង់ចាប់ព្រះរាជហឫទ័យហើយទ្រង់មានព្រះតម្រាស់នឹងមន្ត្រីខ្ញុំរាជការទាំងពួងមានហោរាធិបតីជាដើមថា«យើងចង់សាងព្រះរាជវាំងគង់នៅទីនេះតើអស់អ្នកទាំងពួងយល់ថាម្ដេចដែរ?»។នៅគ្រានោះឧកញ៉ាហោរាធិបតីមុំបានគន់គូរពិនិត្យមើលទីតាំងដីនោះដោយក្បួនហោរាសាស្ត្រហើយក៏ក្រាបបង្គំទូលព្រះរាជាថា«ទីនេះជាទីជ័យភូមិល្អណាស់ត្រូវតាមក្បួនទាយថានឹងមានឬទ្ធីតបៈតេជៈឈ្នះអស់សត្រូវទាំង ០៨ ទិស»។ព្រះរាជាទ្រង់ជ្រាបដូច្នោះហើយព្រះអង្គទ្រង់ចាត់ឲ្យឧកញ៉ាក្រឡាហោមកែវឲ្យជានាយកចាត់ការកសាងព្រះបរមរាជវាំងនៅតំបន់ស្រះកែវនោះទ្រង់ចាត់ហើយស្ដេចទ្រង់យាងត្រឡប់មកកាន់ព្រះបរមរាជវាំងល្វាឯមវិញ។ឧកញ៉ាក្រឡាហោមកែវបានបង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្ដាប្រជានរាស្ត្រកាប់ឈើមកធ្វើជាព្រះបរមរាជវាំងតាមព្រះរាជបញ្ជា។លុះប្រមូលគ្រឿងសម្ភារៈបានសព្វគ្រប់ហើយឧកញ៉ាក្រឡាហោមកែវបានបង្គាប់មេការឲ្យចាប់ផ្ដើមចាត់ការលើកដីធ្វើជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់ធំតូច និង ចុងព្រះរាជរោងរយៈពេលប្រមាណ ១០ ខែទើបរួចស្រេចហើយឧកញ៉ាក្រឡាហោមកែវបានយកសេចក្ដីក្រាបបង្គំទូលថ្វាយដល់ព្រះរាជាទ្រង់ជ្រាបសព្វគ្រប់ការ។លុះទ្រង់ជ្រាបហើយព្រះបាទជ័យជេដ្ឋាទី ២ ជាអម្ចាស់ជីវិតតម្កល់លើត្បូងស្ដេចបានយាងចាកចេញពីព្រះបរមរាជវាំងល្វាឯមឡើងគង់ព្រះទីន័ងនាវាធ្វើព្រះរាជដំណើរតាមទន្លេសាបជាមួយព្រះអគ្គមហេសី ព្រះស្នំក្រមការ ព្រះរាជវង្សានុវង្ស សេនាបតី នាហ្មឺនសព្វមុខមន្ត្រីខ្ញុំរាជការគ្រប់ក្រុមជារាជបរិពារលុះដល់កំពង់តាដុងយាយជ័យទ្រង់ប្រថាប់នៅទីនោះ ០៣ រាត្រីទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថាកំពង់ហ្លួង(សព្វថ្ងៃគឺជាឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល)។ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់មុខក្រសួងឲ្យរៀបចំធ្វើព្រះរាជពិធីឡើងព្រះបរមរាជវាំងថ្មីដោយនិមន្តព្រះសង្ឃរាជាគណៈចម្រើនព្រះបរិត្ត ០៣ ថ្ងៃចូលព្រះរាជពិធីនៅថ្ងៃ ០៥ កើត ខែផល្គុន ឆ្នាំវក ទោស័ក ពុទ្ធសករាជ ២១៦៤ គ្រិស្តសករាជ ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រមការ សេនាបតី មន្ត្រីខ្ញុំរាជការជារាជបរិពារបានដង្ហែស្ដេចឡើងពីកំពង់ហ្លួងចូលទៅគង់នៅក្នុងព្រះបរមរាជវាំងថ្មីរួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធព្រះនគរ ០៣ ថ្ងៃទៀតដោយមានល្បែងមហោស្រពគ្រប់បែបសម្ដែងយ៉ាងឧឡារិកអធិកអធមក្រៃពេកទើបទ្រង់តាំងព្រះនាមព្រះនគរ(ទីក្រុង)ថ្មីនោះថាព្រះបរមរាជវាំងមហានគរឧដុង្គមានជ័យបុរីរម្យឧត្ដមរាជនិវេសនដ្ឋានដែលហៅខ្លីៗថាក្រុងឧដុង្គមានជ័យហើយសព្វថ្ងៃនៅសល់ត្រឹមឧដុង្គដែលជាឈ្មោះរបស់ស្រុកមួយនៅក្នុងខេត្តកំពង់ស្ពឺគឺស្រុកឧដុង្គ(បច្ចុប្បន្នត្រូវបានបំបែកចេញជាក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ)។[២]
ព្រះបរមរាជវាំង
[កែប្រែ]វត្តវាំងចាស់ មានឈ្មោះជាផ្លូវការថាវត្តហរិរក្សរាជិនីដែលមានទីតាំងស្ថិតនៅក្នុងភូមិក្នុងវាំង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានភ្នំព្រះរាជទ្រព្យឬភ្នំឧដុង្គ។ប្រសិនបើលោកអ្នកចង់ធ្វើដំណើរទៅកាន់វត្តដែលមានប្រវត្តិដ៏ចំណាស់នេះលោកអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ០៥ តាមទិសដៅទៅកាន់ផ្សារឧដុង្គ ក្រុងឧដុង្គម៉ែជ័យ។ពីខ្លោងទ្វារចូលរមណីយដ្ឋានភ្នំព្រះរាជទ្រព្យទៅដល់ផ្លូវជាតិលេខ ៥១(ផ្លូវភ្ជាប់ពីឧដុង្គទៅផ្សារថ្នល់ទទឹងផ្លូវជាតិលេខ ០៤)ដែលជាផ្លូវបត់ចូលវត្តនេះមានចម្ងាយជិត ០២ គីឡូម៉ែត្រ។លោកអ្នកត្រូវបត់ចូលតាមផ្លូវនោះ(ទៅពីភ្នំពេញស្ថិតនៅខាងឆ្វេងដៃ)នៅក្នុងចម្ងាយជាង ៨០០ ម៉ែត្រទើបដល់ខ្លោងទ្វារវត្ត។ទីតាំងវត្តនេះគឺជាអតីតព្រះបរមរាជវាំងសារពើយុត្តិដែលជាព្រះរាជនិវេសនដ្ឋាននាសម័យឧដុង្គហើយវត្តនេះកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទអង្គឌួង(គ.ស ១៨៤០-១៨៥៩)។យោងតាមឯកសារព្រះរាជពង្សាវតារជាសាស្រ្តាស្លឹករឹតនៅវត្តកោកកាក វត្តវាំងចាស់ត្រូវបានកសាងដំណាលគ្នានឹងវត្តព្រះពុទ្ធសេយ្យាសន៍ វត្តគ្រាំងពន្លៃ វត្តព្រះវិហារសំណ វត្តសាលាគូ និង វត្តវិហារខ្ពស់ដែលសុទ្ធសឹងតែស្ថិតនៅក្នុងបរិវេណរាជធានីឧដុង្គមានជ័យ។ចំពោះមូលហេតុដែលវត្តនេះមានឈ្មោះជាផ្លូវការថាវត្តហរិរក្សរាជិនីពីព្រោះដំបូងឡើយព្រះបរមកោដ្ឋបានថ្វាយទីតាំងព្រះបរមរាជវាំងចាស់នេះឲ្យសម្ដេចព្រះវររាជិនី ខត្តិយាវង្ស សិរីសេដ្ឋោវរោត្ដម បរមវរាតុល្យសកលមង្គល បរមបពិត្រដែលជាព្រះមាតារបស់ព្រះអង្គគង់ប្រថាប់ពេលដែលព្រះអង្គត្រូវយាងទៅគង់នៅព្រះបរមរាជវាំងចតុមុខវិញ។ក្រោយមកទីនោះក៏ក្លាយជាវត្តអារាមហើយជាប់នាមជាវត្តហរិរក្សរាជិនីតរហូតមកដល់សព្វថ្ងៃនេះ។នៅក្នុងសម័យដើមវត្តនេះមានភាពរុងរឿងគឺជាវត្តសម្បូរទៅដោយគម្ពីរដីកាជាភាសាបាលីសម្រាយគឺជាវត្តដែលបណ្តុះបណ្តាលព្រះសង្ឃបណ្ឌិតជាច្រើនអង្គក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ។ប៉ុន្តែវត្ថុបុរាណនិងសមិទ្ធផលស្ទើរតែទាំងអស់នៅក្នុងទីអារាមនេះត្រូវបានបាត់បង់អន្តរាយដោយសារសង្រ្គាមនិងរបបប្រល័យពូជសាសន៍។ក្រោយថ្ងៃទី ០៧ ខែមករា ឆ្នាំ ១៩៧៩ ទីអារាមនេះត្រូវបានបើកដំណើរការឡើងវិញប៉ុន្តែដំបូងឡើយមានតែសាឡុំមួយដែលកសាងនៅលើទីទួលព្រះវិហារចាស់។លុះមកដល់ថ្ងៃច័ន្ទ ០៥ កើត ខែពិសាខ ឆ្នាំជូត អដ្ឋស័ក ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៩៩៦ ព្រះវិហារថ្មីសព្វថ្ងៃត្រូវបានចាប់ផ្តើមស្ថាបនាក្រោមគំនិតផ្តួចផ្តើមដឹកនាំរបស់សម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាពុទ្ធសាសនិកឧបត្ថម្ភដ៏សកម្ម។ព្រះវិហារវត្តវាំងចាស់ត្រូវបានបញ្ចុះសីមានៅថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំជូត អដ្ឋស័ក ពុទ្ធសករាជ ២៥៤០ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៩៧។ក្រៅពីសមិទ្ធផលព្រះវិហារថ្មីសមិទ្ធផលជាច្រើនត្រូវបានកសាងអភិវឌ្ឍជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់រួមមានដងទង់ របង ខ្លោងទ្វារ ឧបដ្ឋានសាលា កុដិ សាលារៀន សាលាពុទ្ធិកសិក្សា រូបសំណាកវីរៈបុរសស្នេហាជាតិព្រមទាំងផ្លូវបេតុង។ទន្ទឹមនឹងនេះ វត្តក៏នៅសេសសល់ស្លាកស្នាមប្រវត្តិសាស្រ្តមួយចំនួនសម្រាប់សិស្ស និស្សិត និង អ្នកស្រាវជ្រាវជាតិនិងអន្តរជាតិសិក្សាស្វែងយល់ដូចជាស្រះទឹកឃ្លាំងប្រាក់ ស្រះសារពើយុត្តិ ស្រះស្រង់ ទីតាំងខឿនព្រះវិហារចាស់(អតីតប្រាសាទទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចាស់) ហោត្រៃ(បណ្ណាល័យ) សាលាឆាន់ និង កាំភ្លើងបុរាណចំនួន ១១ ដើមសម្រាប់ដាក់តាំងលម្អជុំវិញទីតាំងព្រះវិហារចាស់ថែមទៀតផង។បច្ចុប្បន្នទីអារាមនេះបានក្លាយជា រមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្តជួបជុំធ្វើបុណ្យទាននានានិងជាទីតាំងប្រវត្តិសាស្រ្តដ៏ពិសិដ្ឋសម្រាប់បណ្តាសិស្សនិស្សិតមកពីគ្រប់មជ្ឈដ្ឋានជិតឆ្ងាយចុះធ្វើកម្មសិក្សាឬទស្សនកិច្ចសិក្សាជាហូរហែពុំសូវដាច់។[៣]
ព្រះបរមរាជវាំងសារពើយុត្តិមានផ្ទៃដីធំទូលាយមានប្រវែងពីកើតទៅលិច ៩៦៥ ម៉ែត្រពីជើងទៅត្បូងមានប្រវែង ៤៧៨ ម៉ែត្រ ហើយមានកំពែងខ្ពស់ ០៣ ជាន់សម្រាប់ការពារខ្មាំងដោយ ៖
- កំពែងទី ០១ ធ្វើតាមបណ្តោយខ្នាតទំនប់បង្គោលជាឈើតាត្រាវកម្ពស់ ០៣ ម៉ែត្រវាយក្តារបិទជិតឈឹង
- កំពែងទី ០២ គឺទឹកនិងស្រះនីមួយៗព័ទ្ធជុំវិញព្រះបរមរាជវាំង ជម្រៅ ១៨ ម៉ែត្រមានចិញ្ចឹមក្រពើសម្រាប់ការពារខ្មាំងសត្រូវ
- កំពែងទី ០៣ នៅកៀកនឹងព្រះរាជដំណាក់គឺកំពែងឥដ្ឋកម្ពស់ ០៣ ម៉ែត្ររៀបឥដ្ឋនៅក្នុងដី ០៧ ជាន់ទទឹង ០១ ម៉ែត្រ។កន្លែងតួព្រះវិហារចាស់គឺជាប្រាសាទទេវាវិនិច្ឆ័យសម្រាប់ប្រជុំនាម៉ឺនមន្ត្រី កវី បណ្ឌិត ចាស់ព្រឹទ្ធាចារ្យ។ក្រោយប្រាសាទទេវាវិនិច្ឆ័យគឺមានព្រះរាជដំណាក់នៅខាងមុខគឺឃ្លាំងប្រាក់នៅតាមមាត់ផ្លូវចូលព្រះបរមរាជវាំងមានទីតាំងកាំភ្លើងធំៗ ការពារខ្មាំងសត្រូវ។សព្វថ្ងៃនេះកាំភ្លើងទាំងនេះមាននៅសេសសល់មួយចំនួននៅឡើយ។
ព្រះបរមរាជវាំងនេះមានរបងការពារធ្វើអំពីឈើមានគូទឹកព័ទ្ធជុំវិញនិងមានខ្លោងទ្វារមួយចូលពីទិសខាងកើត។បរិវេណនេះបែងចែកជា ០៣ ផ្នែក ៖
- ផ្នែកទី ០១ គឺជាកន្លែងកងការពារគឺមានសំណង់ឈើសម្រាប់ទាហានយាមកាមនិងមានដាក់កាំភ្លើងធំនៅតាមផ្លូវចូលទៅព្រះរាជដំណាក់
- ផ្នែកទី ០២ គឺជាកន្លែងសវនាការនិងព្រះរាជដំណាក់។នៅទីនេះគឺមានស្រះទឹកធំ ០២ ហើយនៅក្បែរនោះមានកន្លែងចិញ្ចឹមសេះនិងម្ខាងទៀតមានកូនប្រាសាទតូចមួយ។នៅក្បែរកូនប្រាសាទគឺជាសាលដ៏ធំសម្រាប់សោយព្រះក្រយាស្ងោយនិងទតរបាំ។នៅខាងស្តាំរោងរបាំគឺមានកន្លែងសម្រាប់តាំងគ្រឿងអលង្ការ កន្លែងសម្រាប់ព្រះរាជាគង់ប្រថាប់កម្សាន្ត និង មានសួនច្បារ។នៅខាងឆ្វេងរោងរបាំមានកន្លែងសម្រាប់ព្រះសង្ឃគង់ប្រថាប់និងមានកន្លែងសម្រាប់ទទួលភ្ញៀវអន្តរជាតិធំៗនិងសម្រាប់មន្ត្រីជាន់ខ្ពស់
- ផ្នែកទី ០៣ ខាងក្រោយព្រះបរមរាជវាំងគឺជាកន្លែងរោងជាងនិងកន្លែងជិះសេះ។នៅខាងក្រោយព្រះបរមរាជវាំងគឺជាព្រៃ(លោកហង់រី មូហូតសរសេរថាមានទ្វារមួយទៀតទៅស្រុកស្រែ)ខាងជើងព្រះបរមរាជវាំងមានស្ទឹងនៅខាងកើតផ្លូវចេញចូលមានផ្លូវខាងត្បូងទៅភ្នំព្រះរាជទ្រព្យនិងផ្លូវខាងជើងឆ្ពោះទៅកំពង់ហ្លួង។[៤]
ឯកសារយោង
[កែប្រែ]- ↑ https://sekhalay.duraseksa.gov.kh/uploads/files/1737211915.pdf[តំណភ្ជាប់ខូច]
- ↑ "«ក្រុងឧដុង្គ» មានព្រះមហាក្សត្រគង់នៅអស់២៤៣ឆ្នាំមុនផ្លាស់មកក្រុងភ្នំពេញ(វីដេអូ)". Koh Santepheap Daily. 2020-09-06. Retrieved 2025-11-14.
- ↑ "ទីតាំងអតីតវាំងសម័យឧដុង្គត្រូវបានក្រសួងទេសចរណ៍បង្កើតកម្មវិធីរៀបចំជាវត្តទេសចរណ៍គំរូ". SOVRIN Magazine. Retrieved 2026-02-11.
- ↑ "វត្តវាំងចាស់ អតីតព្រះបរមរាជវាំងព្រះបាទអង្គឌួង អាយុកាល១៧១ឆ្នាំ ជាទីអារាមដ៏ស័ក្កិសិទ្ធិ". buddhist.news. Retrieved 2026-01-11.