មហេន្ទ្រវម៌្ម (ក្សត្រចេនឡា)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទមហេន្ទ្រវរ្ម័ន)
មហេន្ទ្រវម៌្ម
វ្រះបាទ
រជ្ជកាលគ.ស. ៥៩៨-៦១០
រាជ្យមុនវ្រះបាទភវវម៌្មទី១
រាជ្យបន្តវ្រះបាទឦឝានវម៌្មទី១
បុត្រព្រះឦឝានសេនា
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាវ្រះបាទវីរវម៌្ម
មាតាមហេសីនៃព្រះបាទវីរវម៌្ម
ប្រសូតជយាទិត្យបុរ
សុគត៦១០
ឝម្ភុបុរ

វ្រះ​កម្រតេង៑​អញ៑​មហេន្ទ្រវម៌្ម ព្រះនាមផ្ទាល់ ចិត្រសេនា (ចិន: 質多斯那, ភិងអ៊ិង: Zhituosena) (គ.ស ?-៦១០) រជ្ជកាល (គ.ស ៥៩៨-៦១០) ជា​ស្ដេច​នៃ​នគរ​ខ្មែរ​កម្វុជ​នៅ​សតវត្ស​ទី ៦ នៃគ.ស. ដែល​ក្រោយ​មក ក្លាយ​ជា​កម្វុជទេឝ ។ ទ្រង់​ជា​ព្រះ​អនុជ​មាតា​តែ​មួយ របស់​វ្រះ​បាទ ភវវម៌្មទី១ និង​អ្នក​ស្នង​រាជ្យ​បន្ត​ពី​វ្រះ​បាទ​ភវវម៌្មទី១ ផងដែរ ។ បន្ទាប់​ពី​វ្រះ​បាទ​ភវវម៌្មទី១ សោយ​ទិវង្គត វ្រះ​បាទ​មហេន្ទ្រវម៌្ម​ទ្រង់​បាន​ឡើង​សោយ​រាជសម្បត្តិ​នៅ​រាជធានី​ឝម្ភុបុរ ត្រូវ​នឹង​សំបូរ​ព្រៃ​គុហ៍សព្វ​ថ្ងៃ ពេល​ជាមួយ​គ្នា​នោះ​ដែរ ស្វាមិនហិរណ្យវម៌្ម​ទ្រង់​ក៏​កំពុង​គ្រង​រាជ្យ​នៅ​កម្ពុជា​កណ្ដាល​ដែរ ដែល​ជា​ក្សត្របុរី​មួយ​នៅ​ទី​នោះ ។ នៅ​ក្នុង​រាជ្យ​របស់​ព្រះ​អង្គ មាន​សិលា​ចារឹក​ជា​ច្រើន ដែល​បាន​សរសេរ​​លើក​ពី​គុណ​សម្បត្តិ​ចម្បង​បំផុត​របស់​ព្រះ​អង្គ​ក្នុង​ការ​ធ្វើ​សឹក​សង្គ្រាម ។ សិលា​ចារឹក​បាន​បន្ថែម​ទៀត​ថា ព្រះ​អង្គ​ជា​វរជន​ក្នុង​លោក និង​ជា​អ្នក​កម្ទេច​សម្ព័ន្ធមិត្ត​ដ៏​មាន​មោទនភាពនៃ​គូ​សត្រូវ​របស់​ខ្លួន ។ ព្រះ​កិត្តិនាម​របស់​ព្រះ​អង្គ ត្រូវ​បាន​សាយ​ភាយ​ដោយ​ភាព​ខ្លាំង​ក្លា​និង​ដោយ​អានុភាព​ដ៏​កំពូល​របស់​ព្រះ​អង្គ ដូច​ព្រះ​អាទិត្យ​ចែង​ចាំង​រស្មី​ដ៏​ត្រចះ​ត្រចង់​ទៅ ។ ព្រះ​អង្គ​មាន​ថាមពល​និង​អានុភាព​​ល្បី​ល្បាញ ប្រៀប​បាន​នឹង​ព្រះ​ឥន្ទ្រ ។ ព្រះ​អង្គ​បាន​កសាង​លិង្គ​គីរី​ស តម្កល់​នៅ​ត្រង់​ពាមទន្លេមូល (ប្រទេសលាវ) ព្រះ​អង្គ​បាន​កាន់​កាប់​ផ្នែក​ខាង​ក្រោម​ទាំង​អស់​នៃ​ទន្លេ​មូល ។

ព្រះអង្គបាន​កសាង​សិវលិង្គ​ជា​លើក​ទី ១ តម្កល់​ទុក​នៅ​បាភ្នំ ដើម្បី​រំលឹក​ដល់​ជ័យ​ជំនះ​​នៃ​ការ​ដណ្ដើម​កាន់​កាប់​​បានអាណាចក្រភ្វូណាន ។ ការ​ធ្វើ​បែប​នេះ​ជា​ទំនៀម​ទម្លាប់​របស់​ព្រះ​អង្គ រាល់​ការ​ដណ្ដើម​កាន់​កាប់​បាន​នៅ​ជ័យ​ជំនះ​ក្រោយៗ ទៀត ។

ក្នុង​ឆាក​នយោបាយ ព្រះ​អង្គ​បាន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ចាម្ប៉ា ដើម្បី​រឹត​ចំណង​មេត្រីភាព​រវាង​ប្រទេស​ទាំង២។ ក្រោយ​ពី​ចូល​ទិវង្គត បុត្រា​របស់​ព្រះ​អង្គ ព្រះ​នាម វ្រះ​បាទ​ឦឝានវម៌្មទី១ ក៏​​បាន​​ឡើង​ស្នង​រាជ្យ​បន្ត។ ទ្រង់​បាន​គ្រប់​គ្រង​នគរ​នេះ​ រហូត​ដល់​ឆ្នាំ ៦២៨ នៃ​គ.ស.។

ប្រវត្តិ[កែប្រែ]

កាល​ពី​មុន គេ​ហៅ​ថា ពួក​មេ​កន្ទ្រាញដង​រែក ដែល​កាល​ណោះ ដែន​មេ​កន្ទ្រាញ​តូចៗ ភាគ​ខាង​ជើង​និង​ខាង​ត្បូង​នៃ​ជួរ​ភ្នំ​ដង​រែក មិន​សូវ​មាន​គេ​ស្គាល់​ទេ ។ ពួក​ស្តេច​ដែល​គេ​​ស្គាល់​លើក​ទី​មួយ ត្រូវ​បាន​វែក​ញែក នៅ​ក្នុង​សិលា​ចារឹក​ដើម​ដំបូង​ខ្លះ​ដែរ ។ សិលាចារឹកសំស្ក្រឹត (ដែល​មិន​បាន​ចុះ​កាលបរិច្ឆេទ) នៅ​វាល​កន្ទេល ខេត្ត​ស្ទឹង​ត្រែង (K. ៣៥៩) មាន​ឈ្មោះ​ក្សត្រ​មួយ​អង្គ ព្រះ​នាម វីរវម៌្ម ជា​ព្រះ​បិតា​នៃ​ព្រះ​នាង​មួយ​អង្គ ព្រះ​នាម​ព្រះ​នាង​មិន​ត្រូវ​បាន​វែក​ញែក​ទេ ដែល​បាន​រៀប​អភិសេក​ជាមួយ​នឹង​ព្រាហ្មណ៍​ម្នាក់ នាម សោមសម៌ន និង​ជា​ព្រះ​ភគិនី​នៃ​វ្រះ​បាទ​ភវវម៌្ម ។ តាម​រយៈ​សិលា​ចារឹក​មួយ​ មក​ពី​ចន្ទនគរ នៅ​បាសាក់/លាវ (K. ៣៦៣) វ្រះ​បាទ​វីរវម៌្ម ក៏​ជា​បិតា​ព្រះ​អង្គ​ម្ចាស់​ចិត្រសេនាដែរ ដែល​ត្រូវ​ជា​ព្រះ​អនុជ​នៃ​វ្រះ​បាទ​ភវវម៌្ម ។ មែន​ហើយ ព្រះ​អង្គ​ម្ចាស់​ទាំង​ពីរ​អង្គ មាន​ព្រះ​មាតា​តែ​មួយ តែ​បិតា​ផ្សេង​គ្នា ដែល​ត្រូវ​បាន​បញ្ជាក់​អះ​អាង​ដោយសិលា​ចារឹក​ស្រី​ទេព K. ៩៧៨ (ប្រទេស​ថៃសម័យ​បច្ចុប្បន្ន ៖ ១៥° ២៧’ ជ, ១០១° ៤’ ក) ដែល​ផ្ដល់​ព័ត៌មាន​ថា វ្រះ​បាទ​ភវវម៌្ម​ជា​បុត្រ​នៃ​វ្រះ​បាទ​ប្រថិវេន្ទ្រវម៌្ម និង​ជា​ព្រះ​នត្តា​នៃ​ព្រះ​ចក្រវរ្តិន (រុទ្រវម៌្មទី១) រី​ឯ​សិលា​ចារឹក​មួយ​ទៀត មក​ពីប៉ាក​មូល (ปากมูล) នៅ​ឧប្បល/ប្រទេស​ថៃ (K. ៤៩៦) បាន​ឲ្យ​ដឹង​ថា ព្រះ​នាម​នៃ​ព្រះ​បិតា​វ្រះ​បាទ​វីរវម៌្ម មាន​ព្រះ​នាម​ថា សាវ៌ភៅម ។ សិលា​ចារឹក​ទាំង​ប៉ុន្មាន​នេះ បាន​បញ្ជាក់​ថា ទឹក​ដី​មួយ​ភាគ​ធំ​កាល​ណោះ បាន​គ្រប់​គ្រង​ដោយ​បណ្ដា​ស្ដេច​អស់​ទាំង​នេះ ។ ដោយ​បាន​កត់​ត្រា​នៅ​ក្នុង​សិលា​ចារឹក K. ១៥១ ពី​របង​រមាស​នៅ​ឦឝានបុរ (ឦសានបុរៈ) (រមណីយដ្ឋាន​បុរាណវត្ថុសម្បូរព្រៃគុហ៍) បញ្ជាក់​ថា នរសិម្ហគុប្ត គឺ​ជា​បរិវារ (សមាន្តន្ឫប) នៃ​ស្ដេច​ស្នង​រាជ្យ​បន្ត​ពី​វ្រះ​បាទ​ភវវម៌្មទី១ វ្រះ​បាទ​មហេន្ទ្រវម៌្ម (ព្រះ​នាម​សម្រាប់​រាជ្យ​នៃ​ព្រះ​អង្គ​ម្ចាស់​ចិត្រសេនា) និង​វ្រះ​បាទ​ឦឝានវម៌្មទី១ បាន​កសាង​នៅ​ថ្ងៃ ១៣ មេសា ឆ្នាំ ៥៩៨ កំឡុង​រជ្ជកាល​វ្រះ​បាទ​ភវវម៌្ម នូវ​រូប​បដិមា​តំណាង​ឱ្យ​កល្បវាសុទេវ (ព្រះ​វិស្ណុ) ។ មាន​ការ​ស្រប​គ្នា​ជា​ច្រើន ជាមួយ​នឹង​អត្ថបទ​ចិន​បុរាណ​ដ៏​ចាស់​បំផុត ដែល​បាន​វែក​ញែក​អំពី​ចេនឡា ស៊្ហ្រុយឝ៊ូក 隋書 (កំណត់​ត្រា​ប្រវត្តិសាស្ត្រ​រាជវង្ស​សួយ) បាន​ចង​ក្រង​ដោយ អួយ-ចឹង 魏徵 (គ.ស. ៥៨០-៦៤៣) នៅឆ្នាំ ៦៣៦ គ.ស. ដែល​ក្នុងនោះ​ផ្ដល់​ព័ត៌មាន​ថា ចំណាប់​ផ្ដើម​នៃ​សតវត្ស​ទី៧ ចេនឡា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ ជឺទួស៊ឺណា (ចិត្រសេនា) (質多斯那) និង អ៊ីស្ឈ័រណាសៀនតែយ (ឦឝានវម៌្មទី១) (伊奢那先代) ។ រាជធានី​ចុង​ក្រោយ គឺ​ឦឝានបុរ (ឦសានបុរៈ) កាល​ពី​រជ្ជកាល​វ្រះ​បាទ​ភវវម៌្មទី១ រាជធានី​ស្ថិត​នៅ​ភវបុរ ជា​កន្លែង​មួយ​ទំនង​ជា​តាំង​នៅ​ក្នុង​បរិវេណ​ទី​រួម​ស្រុកធារាបរិវត្តន៍ (ថាឡា​បរិវ៉ាត់) នា​សម័យ​នេះ (១៣°៣៣’ ជ, ១០៥°៥៧’ ក) ។

ទ្រង់​បាន​ចូល​រួម​ច្បាំង​ត​ទល់​នឹង​បក្ស​ពួក​គុណវម៌្ម កាល​ពី​អន្តរសម័យ​ចេនឡា និង ភ្វូណាន ដែល​បាន​រុញ​ច្រាន​ស្ដេច​នគរភ្វូណាន ទៅ​តាំង​រាជធានី​នៅ​ឯ​នរវរនគរ ដែល​ត្រូវ​នឹង​[[អូរ​កែវ]​]សព្វ​ថ្ងៃ​នេះ ។ វ្រះ​បាទ​មហេន្ទ្រវម៌្ម ​ទ្រង់​​បាន​បន្ដ​នយោបាយ​របស់​ព្រះ​រៀម ហើយ​បាន​បញ្ចប់​ការ​វាយ​បង្ក្រាប​បណ្ដា​ខែត្រ​ដែល​វ្រះបាទ​ភវវម៌្មទី១​ មិន​​ទាន់​បាន​ដណ្ដើម​ដាក់​​ជា​ចំណុះ ។ ទ្រង់​មាន​​មន្ដ្រី​ ២ ​នាក់​​ បម្រើ​​ព្រះ​​អង្គ ​គឺ​ ធម្មទេវ និង​ សិម្ហទេវ ដែល​​ជា​​បង​ប្អូន​​ជីដូន​មួយ​​នឹង​​គ្នា ព្រោះ​​ជា​កូន​របស់​ព្រាហ្មណ៍​ ២ ​នាក់​​បង​ប្អូន ព្រាហ្មទត្ត និង​ ព្រាហ្មសិម្ហ ។ អ្នក​​ទាំង ​២ ​នេះ​​ធ្លាប់​ជាម​ន្ដ្រី​របស់​វ្រះបាទ​ភវវម៌្មទី១ ហើយ​វ្រះ​បាទ​មហេន្ទ្រវម៌្ម​ពិនិត្យ​ឃើញ​ថា​ ជា​ទី​ប្រឹក្សា​ល្អ ទ្រង់​ក៏​រក្សា​ទុក​ព្រោះ « ពួក​គេ​នេះ​ចេះ​ចាំ​ច្បាស់​លាស់​អំពី​វិទ្យាសាស្ដ្រ​ត្រឹមត្រូវ និង​វិទ្យាសាស្ដ្រ​មាន​ផល​ប្រយោជន៍ » មាន​ន័យ​ថា ជា​អ្នក​អនុវត្ដ​ជាក់ស្ដែង និង​ត្រឹម​ត្រូវ ។ មន្ដ្រី​ទាំង​ ២ ​នាក់​​នេះ ជា​ជំនួយ​ដែល​ជួយ​ឱ្យ​ព្រះ​អង្គ​ទទួល​បាន​នូវ​ជ័យជម្នះ ។ ទ្រង់​បាន​ចាត់​ឱ្យ​សិម្ហទេវទៅ​ធ្វើការ​ចរចា​ជាមួយ​នគរ​ចាម្ប៉ា ដើម្បី​រក្សា​ចំណង​មេត្រីភាព​រវាងកម្វុជ​និង​ព្រះរាជា​ចាម តាមលោក សេដែស (Cœdès) ប្រហែល​ក្នុង​រាជ្យព្រះរាជា​ចាម ព្រះ​នាម ឝម្ភុវម៌្ម ។ បេសកកម្ម​នេះ​ទទួល​បាន​ជោគជ័យ ហើយ​សន្ដិភាព​ត្រូវ​បាន​ធានា ។ វ្រះបាទ​មហេន្ទ្រវម៌្ម​ ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​៦១០ ​នៃ​គ្រិស្ដ​សករាជ​ ត្រូវ​​នឹង​​ឆ្នាំ ​៥៣២ ​នៃ​មហាសករាជ ។ ព្រះ​រាជបុត្រ​​របស់​វ្រះបាទ​មហេន្ទ្រវម៌្ម ក៏បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ ​ក្រោម​ ព្រះ​នាម​ថា ឝ្រីឦឝានវម៌្មទី១

ទ្រង់​បាន​គោរព​គណៈឝិវ ជា​សាសនា​ផ្លូវ​ការ ព្រោះ​មាន​កសាង​លិង្គ​ព្រះឥសូរជា​ច្រើន ក្នុង​សម័យ​ព្រះ​អង្គ។

ស្ថានភាពសង្គម[កែប្រែ]

ការ​លូត​លាស់​ពូជ​ពង្ស​នៃ​ជន​ជាតិ​ខ្មែរ​សម័យ​នោះ ពុំ​ទាន់​ធាត់​ធំ​ទេ ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃក្នុងប្រទេស។ ម្យ៉ាង​ទៀត លក្ខណៈ​ពិសេស​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស និង​ការ​វិវត្ត​ខាង​នយោបាយ​នៃ​ប្រទេស ពឹង​ផ្អែក​ទៅ​លើ​ដី​ស្រែចំការ។ វាល​ទំនាប​ទន្លេ​មេគង្គ សម្បូរ​ថ្លុក​ត្រពាំង។ ដូច​នេះ នៅ​នគរ​ភ្វូណាន ផ្ទៃ​ដី​សម្រាប់​ដាំ​ស្រូវ មាន​តូច តម្រូវ​ឲ្យ​មាន​ការ​វាត​ដី​ជា​បន្ត​បន្ទាប់ ដោយ​វិធី​បង្ខិត​បង្ខំ​កំលាំង​ទាសា​ទាសី ដែល​ជា​កសិករ។ ដី​ស្រែ​ចម្ការ គឺ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ហើយ​សំណង់​ទំនប់​ទឹក និង​ប្រព័ន្ធ​បង្ហូរ​ទឹក គឺ​កសាង និង​ដឹក​នាំ​ដោយ​រាជការ ។ ចេនឡា​មាន​ការ​រីក​ចម្រើន​ខ្លាំង​ខាង​វិស័យ​សេដ្ឋកិច្ច ។ រី​ឯ​អាណាចក្រ​ភ្វូណាន​វិញ រង​គ្រោះ​ធម្មជាតិ​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ នេះ​ជា​ឱកាស​ល្អសម្រាប់​រាជវង្ស​ខាង​ចេនឡា ធ្វើ​សញ្ជ័យ​លើ​អាណាចក្រភ្វូណាន។ ព្រះ​រាជា​ចេនឡា វ្រះ​បាទ​ភវវម៌្ម ទី១ និង​ប្អូន​ជីដូន​មួយ ចិត្រសេនា បាន​វាយ​លុក​អាណាចក្រភ្វូណាន ប្រហែល​រវាង គ.ស. ៥៥០ ។ អាណាចក្រភ្វូណាន​ក៏​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​រាជវង្ស​នៅ​ចេនឡា គឺ វ្រះ​បាទ​ភវវម៌្មទី១ ហើយ​អាណាចក្រភ្វូណាន​ក៏​ប្រែ​ឈ្មោះ​ជា កម្វុជ។ នៅ​សតវត្ស​ទី៨ រវាង​ឆ្នាំ៧០៦ កម្ពុជា​ត្រូវ​បាន​បែង​ចែក​ជា​ពីរ គឺ ចេនឡា​ដី​គោក ដែល​សម្បូរ​ភ្នំ និង​ជ្រលង​ភ្នំ និង​ចេនឡា​ទឹក​លិច ដែល​សម្បូរ​ទៅ​ដោយ​បឹង​និង​មាន​ឆ្នេរសមុទ្រ។ ការ​បែក​បាក់​ផ្ទៃ​ក្នុង រវាង​ចេនឡា​ទាំង​ពីរ ជា​ការ​បើក​ឱកាស​ឲ្យ​ពួក​ចោរ​ជាតិ​ជ្វា​ក្នុង​សម័យ​រាជវង្ស​សៃលេន្ទ្រ ចូល​ឈ្លាន​ពាន ហើយ​បាន​កៀរ​យក​ប្រជាជន​ មន្ត្រី និង​រាជវង្ស ទៅ​កាន់​ប្រទេស​ជ្វា៕

ពង្សាវលី[កែប្រែ]

ឯកសារយោង[កែប្រែ]

  • Cœdès, George (1962). "The Making of South-east Asia." London: Cox & Wyman Ltd.

តំណខាងក្រៅ[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ភវវម៌្មទី១
ស្ដេចនៃកម្វុជ
គ.ស. ៥៩៨-៦១០
តដោយ
ឦឝានវម៌្មទី១