ឝ្រីឝៅគន្ធបទ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទសុគន្ធបទ និង ស្តេចកន)
Jump to navigation Jump to search
ឝ្រីឝៅគន្ធបទ
ព្រះបាទ
រជ្ជកាល គ.ស ១៥០៤-១៥១២
រាជ្យមុន ធម្មរាជាទី១
រាជ្យបន្ត ស្រីជេដ្ឋា
ស្វាមី/មហេសី អ្នកព្រះម្នាងកេសរបុប្ផា
បុត្រ ចៅពញាយសរាជា
ព្រះនាមពេញ
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះឝ្រីឝៅគន្ធបទ ចក្រពត្តិពង្សវរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធិពិធ្យាស្រ័យ មហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងព្រះមហានគរកម្ពុជា សិរីយយោធរបវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន
វង្ស ធម្មរាជា
សន្តតិវង្ស អង្គជ័យ
បិតា ធម្មរាជាទី១
មាតា ព្រះ​ភគវតី ​ស្រីធីតា​
ប្រសូត ១៤៧៨
ចតុម្មុខ
សុគត ១៥១២
បន្ទាយស្ទឹងសែន

ព្រះបាទឝ្រីឝៅគន្ធបទ រឺ ស្រីសុគន្ធរថ រឺ ចៅពញាដំខត្តិយរាជា (ប្រសូ. គ.ស ១៤៧៨-១៥១២) រជ្ជកាល (គ.ស ១៥០៤-១៥១២) ជាព្រះរាជបុត្រច្បង ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវររាជបិតា ព្រះស្រីធម្មរាជាទី១ ចាប់ពីឆ្នាំជូត ឆស័ក ព.ស. ២០៤៨ - គ.ស. ១៥០៤ - ម.ស. ១៤២៦ - ច.ស ៨៦៦ ក្នុងព្រះជន្មាយុ ២៦ ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះឝ្រីឝៅគន្ធបទ ចក្រពត្តិពង្សវរវង្សខត្តិយោ មហាសេដ្ឋោវរោរិទ្ធិពិធ្យាស្រ័យ មហ័យ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងព្រះមហានគរកម្ពុជា សិរីយយោធរបវរឥន្ទបត្ត កុរុរដ្ឋរាជធានី បុរីរម្យឧត្តមមហាស្ថាន

ស្ដេចបានតែងព្រះមេរុ ថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះវរបិតាស្រេចស្ដេចគង់នៅចតុម្មុខស្រុកភ្នំពេញ

ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស. ២០៤៩-គ.ស. ១៥០៥-ម.ស. ១៤២៧-ច.ស. ៨៦៧ ព្រះអង្គ និងរាជសេវកាមាត្យ ហែព្រះបរមអដ្ឋិ សម្ដេចព្រះវរបិតា ទៅសាងព្រះចេតិយ នៅខាងព្រះធាតុ ខេត្តអាសន្ទុក ប្របព្រះពុទ្ធចេតិយ ធ្វើបុណ្យជាឱឡារិកសន្ធឹកមហិមា បញ្ចុះព្រះបរមអដ្ឋិ សម្ដេចព្រះបិតាស្រេច ស្ដេចត្រឡប់មកចតុម្មុខមង្គលវិញ។ ព្រះអង្គសោយរាជ្យជាសុខមកបាន ៤ ឆ្នាំ។

តាមសិលាចារឹក K.៨២ B ជាភាសាខ្មែរថា សម្តេចឱកញាយស្យឝ្រីឝៅគន្ធបទ បានស្ថាបនាចៃតិយបញ្ចុះព្រះមហាសារីរិកធាតុ ធ្វើព្រះវិហារចន្លោះគោបុរៈខាងកើតនិងតួប៉មកណ្តាលនៃប្រាសាទ វត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលពេលនោះហៅថា នគរជយវីរសក្តិ និងធ្វើសន្លឹកសីមាវធិបញ្ចុះព័ទ្ធជុំវិញវិហារនេះ ហើយវេរប្រគេនព្រះអរិយសង្ឃនាម មហានាគសេនបពិត្រ នៅវេលាពីរស្រមោលពេលព្រឹក ថ្ងៃច័ន្ទ ទី១៤រោជ ខែអាសាឍ ឆ្នាំខាល នក្សត្រត្រូវនឹងគ.ស. ១៥៦៦។ ចំណែកអត្ថបទខាងភាសាបាលី K.៨២ A នៅបន្ទាត់ទី១-២ ថា អធិនាម សិរីសោគន្ធបទ គឺជាអតីតព្រះមហាក្សត្រ ឬអ្នកដែលបានទទួលឋានៈដូចព្រះមហាក្សត្រ។ នាមទាំងពីរនេះ ត្រូវអ្នកឯកទេសភាសាសំស្ក្រឹត និងបាលីថា ត្រូវនឹងពាក្យសម្រួលរបស់ខ្មែរថា «ស្រីសុគន្ធបទ»។ ដូច្នេះបានន័យថា ព្រះបាទស្រីសុគន្ធបទ ដែលក្នុងពង្សាវតារសតវត្សរ៍ទី១៩ សរសេរថា ព្រះអង្គត្រូវស្តេចកន ប្រើល្បិចកលសំលាប់ចោលនៅកំពង់ធំនាឆ្នាំ១៥១២នោះ គឺជារឿងមិនពិតទេ។ ចំណុចនេះ ឆ្លើយត្រូវគ្នានឹងកំណត់ត្រារបស់លោក ហ្គាស្ប៉ាដាគ្រុស ដែលបានកត់ត្រាទុក នៅពេលលោកស្នាក់នៅលង្វែកពីឆ្នាំ១៥៥៥-១៥៥៧ ថាព្រះមហាក្សត្រនៅពេលនោះបានឡើងសោយរាជ្យដោយសារតែមានការបះបោរដ៏ធំមួយរបស់ប្រជាជន ដែលបានបង្ខំឲ្យព្រះជេដ្ឋារបស់ព្រះអង្គជាព្រះមហាក្សត្រពេលនោះចុះចេញពីរាជបល្លង្ក។ បន្ទាប់ពីព្រះអង្គបង្រ្កាបការបះបោរបានដោយជោគជ័យ ទើបព្រះជេដ្ឋាព្រះអង្គប្រគល់ព្រះរាជាណាចក្រនេះឲ្យព្រះអង្គគ្រប់គ្រងជំនួសវិញ។ ម្ល៉ោះហើយ ព្រះបាទស្រីសុគន្ធបទ នៅមានព្រះជន្មនៅឡើយ បន្ទាប់ពីព្រះអនុជចន្ទរាជាបង្ក្រាបការបះបោរ ដែលគេជឿថាដឹកនាំដោយស្តេចកននោះរួច។ ត្រង់នេះមានសរសេរនៅក្នុងនិក្ខេបបទបណ្ឌិតរបស់លោក ម៉ៃឃើលវិកឃើរី (១៩៧៧)។

ព្រះនាម[កែប្រែ]

  • ក្នុងពង្សាវតារខ្មែរមួយចំនួន និង ឯកសារមហាបុរស ព្រះនាមព្រះ អង្គកាលនៅមិនទាន់គ្រងជាស្ដេចគឺ ដំខត្តិយរាជា ក្រោយឡើងសោយរាជ្យជា ស្រីសុគន្ធបទ រឺ ស្រីសុគន្ធរថ ឈ្មោះទ្រង់ស្រដៀងគ្នានឹងរាជវង្សមួយអង្គទៀត ព្រះនាមស្រីសុគន្ធចក្រដែលជាព្រះអង្គម្ចាស់មួយអង្គកាលពីមុនសម័យទ្រង់ហើយបានក្លាយជាអ្នកតានៅនគរបាជ័យ ដូចគ្នាទៀត។
  • ក្នុងសិលាចារឹកសម័យកណ្ដាលតាមការបកស្រាយរបស់លោកវង់-សុធារ៉ា ក្នុងសិលាចារឹកសរសេរថា <<សំតេចឱកញាយស្យឝ្រីឝៅគន្ធបទ>>។ ដែលធ្វើឱ្យគេយល់ថា ឋានន្តរសក្ដិ នៃពញា និងចៅពញា ជាឋានន្តរសក្ដិរបស់មន្ត្រីថ្នាក់ទាប ផ្ទុយទៅនឹងការបកស្រាយក្នុងពង្សាវតារខ្មែរ និង សៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកត្រឹង-ងា ក្នុងព្រះនាមនេះមានន័យថាឱកញា រឺ ឧកញ៉ ជាឋានន្តរសក្ដិ របស់ ស្ដេចត្រាញ់ រឺ ព្រះញាតិវង្ស កូនស្ដេចណាមួយ។

រើរាជធានី[កែប្រែ]

ក្នុងឆ្នាំរោង សំរឹទ្ធស័ក ព.ស. ២០៥២-គ.ស. ១៥០៨-ម.ស. ១៤៣០-ច.ស.៨៧០ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា: ទីទួលបាសាន (ស្រុកសន្ធរ) ដែលសម្ដេចព្រះបរមរាជា ពញាយ៉ាត ជាសម្ដេចព្រះអយ្យកោ សាងមុនម្ដងនោះ ស្រួលណាស់។ បើយើងមានសឹក ទ័ពយើងនឹងទទួលសង្គ្រាមបាន ដ្បិតមានបឹងខ័ណ្ឌខាងកើត មានទន្លេខ័ណ្ឌខាងអគ្នេយ៍ មានព្រៃធំខ័ណ្ឌខាងទិសទក្សិណ។ ទ្រង់ព្រះចិន្តាតែម៉្លេះហើយ ស្ដេចទ្រង់ចេញត្រាស់ប្រឹក្សា នឹងអស់ព្រះរាជវង្សានុវង្ស អគ្គសេវកាមាត្យ។ ព្រះរាជវង្សានុវង្ស អង្គអគ្គសេនាមាត្យ ក៏យល់ព្រមតាមព្រះរាជតំរិះ។ ព្រះបាទបរមនាថ បរមបពិត្រកាលបើទ្រង់យល់ថា : អង្គអគ្គសេវកាមាត្យ ព្រមព្រៀងដូច្នេះហើយ ស្ដេចត្រាស់បង្គាប់ឲ្យមុខងារត្រៀមព្រះទីនាំងនាវា និង ទូកជំនិះខ្លះ ឲ្យទៅរាយកាប់ឆ្ការ ធ្វើព្រះរាជវាំង ព្រះដំណាក់ ដោយខ្ជីខ្ជាចាំមុនសិន។ លុះដល់បានពិជ័យឫក្ស (ឫក្ស = វេលាមានជោគ មានមង្គល) ហើយ ព្រះអង្គទ្រង់នាំរាជសេវកាមាត្យ ទាំងខាងក្នុងទាំងខាងក្រៅ ចុះព្រះទីនាំងនាវាជលឫទ្ធិ ទៅគង់នៅបាសាន ព្រមដោយមុខមន្ត្រីគិតតបន្ទាយកំពែង តែងព្រះរាជវាំង តែពេលនោះពុំទាន់ស្រេចនៅឡើយទេ ព្រះអង្គប្រថាប់ដោយព្រះរាជវាំងខ្ជីខ្ជាសិន។ ព្រះបាទអ្នកជាម្ចាស់អង្គនេះ ទ្រង់សព្វព្រះទ័យប្រពាតបង់សំណាញ់នេសាទត្រីរឿយៗ។

ចៅហ្វាយស្រុកខេត្តបាសាន[កែប្រែ]

នេះនឹងនិយាយពី ព្រះពិជ័យនាគ ជាមន្ត្រីធំក្នុងខេត្តបាសាន។ អ្នកទៅយកនាងបាន ជាពលព្រះស្រីរតនត្រ័យ (ពល គឺពួកជនពូជសូទ្រៈ ជាវណ្ណៈទី៤ ឬពលព្រះរតនត្រ័យ គឺពលដែលមានមុខងារជាអ្នកថែរក្សាវត្តអារាម) ធ្វើជាភរិយា។ កាលក្នុងផែនដី ព្រះបាទសម្ដេចព្រះធម្មរាជានៅឡើយ នាងបាន មានកូនស្រីមួយ ឈ្មោះ ស។ ក្រោយនោះ នាងបានមានគភ៌គ្រប់ខែទៀត ទៀបនឹងប្រសូតទារកហើយ។ ថ្ងៃមួយ នាងចុះទៅដោះទុកសត្វក្នុងបង្គន់ ក៏របូតទារកនោះទៅក្នុងទឹកទៅ។ គ្រានោះមានហេតុជាអស្ចារ្យនាំឲ្យឃើញថា ទារកនោះមានបុណ្យមែន គឺថាវេលានោះ ស្រាប់តែត្រីពោធំមួយ មកទទួលលេបទារកនោះទៅ ក្នុងពោះបាត់ទៅ។ បន្ទាប់ពីនោះមក ព្រានប្រមង់ម្នាក់ ទៅបង់សំណាញ់ក៏ត្រូវជាប់ត្រីពោនោះបានមក។ ជាកុសលទារក នឹងមានបុណ្យ មិនស្លាប់ក្នុងថ្ងៃនោះ ក៏មានហេតុបណ្ដាលឲ្យសម្ដេចព្រះមហាសង្ឃរាជ (កាលនៅជាព្រះសង្ឃសត្ថា) យប់នោះផ្ទុំស្កប់ទៅយល់សប្តិឃើញថា : ដូចជាមានទេវតាមកទូលថា : ព្រឹកនោះឲ្យស្ដេចយាងទៅកំពង់ទឹក ដើម្បីឲ្យជួយសង្គ្រោះទារកម្នាក់ ជាអ្នកមានបុណ្យ មានវាសនាផង។ លុះតើនឡើង សម្ដេចក៏ទ្រង់នូវត្រៃចីវរ ចុះគង់ក្នុងទូកឲ្យសិស្សានុសិស្ស អុំចេញទៅ។ ទ្រង់បិណ្ឌបាត្រ តាមសព្វដង តែព្រះនេត្រ តែងគន់រំពៃមើល ក្រែងមានហេតុអ្វីជាចំលែក ដ្បិតមានិមិត្តពីយប់មិញនោះ ដូចជាច្បាស់ពេកណាស់។ លុះសិស្ស អុំបានបន្តិចទៅ ទូកក៏ទៅអែបប្របទូកព្រានប្រមង់នោះ។ សម្ដេចព្រះសង្ឃរាជ ស្ដេចឃើញត្រីពោ ក្នុងទូកព្រានប្រមង់នោះ ធំប្លែក ស្ដេចប្រឹងសង្កេត ទតឲ្យច្បាស់។ ព្រានប្រមង់ឃើញសម្ដេចព្រះមហាសង្ឃរាជ (សង្ឃសត្ថា) អើតទៅទតត្រីនោះ ក៏បង្កើតឲ្យមានសទ្ធា លើកត្រីពោនោះថ្វាយដល់ព្រះអង្គ។ ព្រះអង្គទ្រង់ទទួលហើយ ក៏ឲ្យអុំទូកបិណ្ឌបាតទៅទៀត។ លុះបិណ្ឌអស់ពេលហើយ ស្ដេចឲ្យសិស្សានុសិស្ស ត្រឡប់មកអារាមវិញ។ ខណៈនោះសម្ដេចព្រះសង្ឃរាជ ស្ដេចមានព្រះថេរវាចាថា ត្រីពោនេះជាពោធំប្លែកពីត្រីពោសព្វដង ប្រហែលជាមានហេតុអ្វី ក្នុងពោះត្រីនេះជាពុំខានឡើយ។ អស់ពួកសិស្សានុសិស្ស ឮពុទ្ធដិកាហើយ ក៏នាំគ្នាយកកាំបិត ទៅវះត្រីនោះ វះទៅឃើញទារកមួយនៅរស់។ ទើបសម្ដេច ឲ្យកូននោះទៅ អាបានមេទាគឺប្រុសឈ្មោះបាន និងស្រីឈ្មោះនាងទានេះជាប្ដីប្រពន្ធនឹងគ្នា។ សម័យពីដើម មនុស្សដែលឥតមានបណ្ដាសក្ដិ ឥតបានបួសរៀន បើប្រុសគេហៅ អា បើស្រីគេហៅមេ ជាខ្ញុំរបស់សម្ដេចព្រះសង្ឃរាជ) ឲ្យយកទៅចិញ្ចឹមរក្សា។

ព្រះពិជ័យនាគ និង ភរិយា លុះបានដឹងថា កូនខ្លួនពុំស្លាប់ទេ ក៏ទៅក្រាបថ្វាយបង្គំប្រគេនទារកនោះថា ឲ្យនៅនឹងសម្ដេចព្រះសង្ឃរាជចុះ។ សម្ដេចព្រះសង្ឃរាជឲ្យទារកនោះឈ្មោះ អា កៅ តែឪពុកម្ដាយហៅថា អាកន រៀងមក។

ព្រះមហេសី[កែប្រែ]

នេះនឹងនិយាយក្នុងផែនដី ព្រះបាទសម្ដេច ព្រះសុគន្ធបទវិញ។

សម័យថ្ងៃមួយនោះ ព្រះបរមពិត្រ ស្ដេចទៅថ្វាយបង្គំព្រះនៅវត្ត ស្ដេចទ្រង់ទតព្រះនេត្រទៅឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារនោះ ជាកូនព្រះពិជ័យនាគ មេបានជាភរិយា មានរូបរាងល្អប្រពៃ។ ស្ដេចទតម្ដងហើយម្ដងទៀត។ ខណៈនោះ ព្រះពិជ័យនាគ ស្គាល់ច្បាស់ព្រះរាជហឫទ័យ ទើបក្រោយមកក៏ចូលទៅ ក្រាបថ្វាយបង្គំព្រះបរមបពិត្រ ថ្វាយកូនស្រីនោះ ជាខ្ញុំបំរើល្អងធូលីព្រះបាទ តរៀងទៅ។ ព្រះបរមបពិត្រ ទ្រង់ព្រះសោមនស្សណាស់ ស្ដេចត្រាស់សួរថា : នាងនេះ កូនឯងឬ?

ព្រះពិជ័យនាគ ក្រាបទូលថា : នាងនេះហើយ ដែលទ្រង់ទតឃើញ ហើយមានព្រះបន្ទូលសួរថា : ស្រីនេះពីណាមក កូនចៅអ្នកណា ដែលឈរនៅខឿនព្រះវិហារនោះ គឺនាង សនេះឯង។

ព្រះបរមបពិត្រ ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រូវព្រះទ័យ ពន់ប្រមាណ តាំងនាមនាង ស (ឯកសារខ្លះថានាងពៅ) ជាអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក។ ទ្រង់ព្រះចិន្តាថា នាងនេះ រូបក៏ល្អសមសួន ចរិតឫកពាឥរិយាក៏ថ្លៃថ្លាលើសពីស្រីទាំងពួង គួរគប្បីនឹងយកនាមនាងនេះ តាងនាមព្រះនគរ កុំឲ្យបាត់ឈ្មោះតទៅ។ តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញត្តិឲ្យលើកលែងហៅ ស្រុកបាសាន ឲ្យហៅថា ស្រុកស្រីសឈរ ឬ ខែត្រស្រីសឈរ វិញ តែពាក្យនេះយារៗមក ក៏ប្រែក្លាយជាខែត្រស្រីសន្ធររហូតមកដល់សព្វថ្ងៃនេះ។

បិតាមាតា អ្នកព្រះម្នាង កេសរបុប្ផា នោះទ្រង់លើកយកឲ្យខ្ពស់ឡើង។ បិតាឲ្យហៅថា អ្នកព្រះបិតា ពិជ័យនាគ មាតា ឲ្យហៅថា អ្នកព្រះមាតា មេបាន។ ឯឈ្មោះ កន ដែលជាកូន អ្នកព្រះបិតាពិជ័យនាគនោះ លុះចំរើនធំឡើង មានចំណេះប្រាជ្ញាឆ្លៀវឆ្លាត បំរើគ្រូ គ្រូក៏ពេញព្រះទ័យ និង រៀនសូត្រអ្វីៗប្រាប់តែម្ដងក៏ចាំជាប់។ សម្ដេចព្រះមហាសង្ឃរាជ (ព្រះសង្ឃសត្ថា ទ្រង់ប្រិតប្រៀនទាំងអក្សរសាស្ត្រ ទាំងសិល្បសាស្ត្រមន្តវិជ្ជាការ គាថា កៅទណ្ឌ ក្បួនតំរាផងទាំងឡាយ គ្រប់សព្វសារពើឥតចន្លោះហើយ។ កន ក៏ចេះស្ទាត់លើសសិស្សានុសិស្សទាំងពួង។ គ្រូបានទំនាយឲ្យថា: កននេះនឹងបានគ្រងស្រុកថ្ងៃណាមួយជាមិនខាន។

អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន កាលឃើញកូនប្រុស មានរូបរាងល្អ មានចំណេះវិជ្ជា ប្រាជ្ញា ក៏ពូកែ អាយុ ១៦ ឆ្នាំហើយ ក៏នាំខ្លួនកូនទៅក្រាបទូលព្រះបរមបពិត្រ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបថា កនជាប្អូនអ្នកព្រះស្នំឯក ក៏ទ្រង់ប្រោសប្រាណ ឲ្យហៅនាយ កន នៅក្នុងតំណែងមហាតលិក។ លុះយូរបន្តិចមក ព្រះបរមបពិត្រ ទ្រង់ប្រោសតាំង នាយ កន ជាឧកម៉ឺនស្នេហាចមចិត្ត។ អស់រាស្ត្រប្រជា កោតខ្លាចអ្នកម៉ឺនស្នេហាចមចិត្ត ចូលពឹងបុណ្យអំណាច អ្នកព្រះពិជ័យនាគ អ្នកម៉ែបាន អ្នកម៉ឺនស្នេហាចមចិត្តជាច្រើន។

មានថ្ងៃមួយនោះ ព្រះបរមបពិត្រ ទ្រង់ចង់ទតព្រះនេត្រពីសិល្ប៍ធ្នូ និងចំណេះវិជ្ជារបស់ ឧកម៉ឺនស្នេហាចមចិត្ត កន ទើបទ្រង់ត្រាស់ឲ្យសំដែងពីចំណេះទាំងឡាយនោះថ្វាយ។ ឧកម៉ឺនស្នេហា ចមចិត្តដំឡើងធ្នូ ចាប់ព្រួញម្ដង ៥ បាញ់ទៅម្ដង ព្រួញចេញទៅត្រូវដើមឈើ ផ្លែឈើទាំង ៥ ទិស។ ឧកម៉ឺនសូត្រគាថាបាលី និង ក្បួនតំរាអ្វីៗ ក៏ឃើញថាស្ទាត់ទាំងអស់ ទើបទ្រង់ត្រាស់សួរថា វិជ្ជាការទាំងនេះ ចេះពីគ្រូណាមក។

ឧកម៉ឺនស្នេហាចមចិត្ត ក្រាបទូលថា: ទូលព្រះបង្គំជាខ្ញុំ រៀនពីសម្ដេចព្រះសង្ឃរាជ កាលនៅជាព្រះសង្ឃសត្ថា។

លុះក្រោយនោះព្រះម៉ែនាង កេសរបុប្ផា ព្រះស្នំឯក កើតរោគាជាទំងន់។ ពេទ្យហ្មច្រកថ្នាំប៉ុន្មាន ក៏មិនបានស្រាកស្រាន្តសោះឡើយ។ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់ ទើបទ្រង់ឧទ្ទិសថានថា: សូមឲ្យតែព្រះម្នាងកេសរបុប្ផាសះជាចុះ ព្រះអង្គនឹងសាងព្រះវិហារថ្វាយ ហើយព្រះអង្គនឹងឲ្យខ្លួនអ្នកព្រះម្នាងកេសរបុប្ផា ព្រះស្នំឯកទៅជំរះស្មៅព្រះអារាមរាល់ថ្ងៃសីល។ ទ្រង់បួងសួងតមក ៧ ថ្ងៃ ជំងឺនោះបានសះស្បើយជាដូចព្រះហឫទ័យ។ ព្រះអង្គស្ដេចមានព្រះអំណរណាស់ ទ្រង់ត្រាស់ឲ្យសាងព្រះវិហារមួយជាព្រះអារាមលួង។ អ្នកព្រះមាតាបិតា ក៏ធ្វើបុណ្យឆ្លងតាមព្រះពុទ្ធានុញ្ញាតរួចស្រេច ស្ដេចត្រាស់បង្គាប់ ភ្នាក់ងារព្រះសន្ធិយា (មកពីពាក្យសាណីក្លាយ មកជាសាណីយ ហើយក្លាយមកទៀតជាសន្ធិយា ប្រែថាវាំងនន) ឲ្យយកវាំងនន ទៅបាំងជួរស្នួទាំងសងខាងផ្លូវ តាំងពីព្រះរាជវាំងរៀងទៅដល់វត្តនោះ។ ទ្រង់ត្រាស់បញ្ញត្តិលើចាស់ទុំ អករ៍យាយថា : បើដល់ថ្ងៃឧបោសថកាលណា ឲ្យនាំអ្នក ព្រះស្នំឯក ទៅជំរះស្មៅព្រះវិហារនោះ ឲ្យរាល់ថ្ងៃសីល កុំឲ្យខានឡើយ។ តែធ្វើដូច្នេះលុះកន្លងមកជាយូរអង្វែង វាំងននក៏ចេះតែដាច់ដាចទៅជារឿយៗ នឹង តាំងដេរធ្វើជាថ្មីឡើងវិញ ក៏គ្មានប្រយោជន៍ប៉ុន្មាន។ ខណៈនោះ ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ឲ្យមន្ត្រីក្រុមវាំង រកកូនឈើឫស្សីព្រេចមកដាំជារបង ជាកំពែងទ័ពទាយរាយរៀប ដាក់ឲ្យជិតគ្នា ជារបាំងវាំងនន ជាស្នួមិនឲ្យមនុស្សមើលពីក្រៅទៅឃើញ អស់អ្នកអស់នាងនោះឡើយ។ អាស្រ័យហេតុនោះហើយបានជាកាលជាអនាគតរៀងមកខ្លះហៅ វត្តម៉ែបាន ខ្លះហៅ វត្តព្រែបាំងព្រោះចូលចិត្តតាមហេតុ ដែលខ្លួនដឹងទីទៃៗគ្នា។

ក្រោយពីនោះមក អ្នកព្រះស្នំឯក មានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាមចៅពញាយសរាជា ជាព្រះរាជឱរសាធិរាជនៃព្រះបរមបពិត្រ អ្នកជាម្ចាស់ជីវិតលើត្បូង

សាសនា[កែប្រែ]

ខព្រះបរមបពិត្រ ស្ដេចត្រាស់ឲ្យនិមន្តព្រះសង្ឃរាជ សង្ឃសត្ថា នោះមកទ្រង់តាំងជាសម្ដេចព្រះសុគន្ធាធិបតី សិរីសង្ឃនាយក លើព្រះសង្ឃទាំងអស់។

ឯអស់សេនាបតី មន្ត្រីធំតូចយល់ថា : ព្រះនគរបានក្សេមក្សាន្តហើយ ក៏នាំគ្នាកសាងព្រះវិហារសីមា ព្រះស្តូប ព្រះចេតិយ តាមធនធានតែរៀងរាល់ខ្លួន។ ព្រះបាទបរមបពិត្រ ទ្រង់យល់ថា: អស់នាម៉ឺនសព្វមុខមន្ត្រី កសាងព្រះវិហារ សីមាទុកជាកេរ្តិ៍នោះក៏ជាការគួរសមហើយ ឯការនេះពុំបានចំរើនទេ នឹងរលាយបាត់បង់ទៅវិញ។ ដូច្នេះ គួរអញសាងរូបអញ និង ប្រាសាទមួយទុក ក្នុងព្រះនគរបានជ័យបានការ បើអត់ពីខ្លួនអញទៅ គង់រូបអញនៅ ឲ្យអ្នកផងធ្វើសក្ការៈបូជា នោះឃើញថានឹងឋិតថេរជាជាងការទាំងពួង។ ទ្រង់ព្រះតំរិះតែម៉្លោះហើយ ក៏ចាត់ជាង និងកូនជាងឲ្យទៅសាងប្រាសាទមួយ ព្រះរូបព្រះអង្គមួយ ទុកក្នុងកំពែងនគរបានជ័យបានការ។ អាស្រ័យហេតុនេះហើយបានជាមានរូប ព្រះបាទសម្ដេចព្រះឝ្រីឝៅគន្ធបទនៅទីនោះ តែយារៗមក អ្នកស្រុកហៅថា អ្នកតាសុគន្ធបត្រ សព្វថ្ងៃនេះ។ លុះសាងព្រះរូបនោះរួចស្រេចហើយ ស្ដេចឲ្យធ្វើបុណ្យឆ្លងយ៉ាងធំ សង្គាយនា ៧ ថ្ងៃទើបទ្រង់ត្រឡប់មកក្រុងស្រីសឈរវិញ។

តែងតាំងព្រះចន្ទរាជាជាឧបរាជ[កែប្រែ]

ឆ្នាំថោះ នពស័ក ព.ស. ២០៥១-គ.ស. ១៥០៧-ម.ស. ១៤២៨-ច.ស. ៨៦៨ ព្រះបរមបពិត្រស្ដេចទ្រង់ព្រះតំរិះ អំពីកិច្ចការរាជការផងទាំងពួង ទ្រង់ឃើញថា ប្រទេសកម្ពុជា ត្រើយខាងលិចនោះឆ្ងាយណាស់ ឆ្ងាយអំពីកិច្ចការត្រួតត្រា គួរជាទីរងាអស់អាណាប្រជានុរាស្ត្រ។ ទ្រង់ព្រះពិចារណាឃើញថា: ចៅពញាចន្ទរាជា ជាព្រះអនុជនោះ មានតំរិះប្រាជ្ញា ល្មមជាទីកក់ក្ដៅ របស់រាស្ត្រត្រើយខាងលិចបាន ទើបទ្រង់តាំងឲ្យ ចៅពញាចន្ទរាជា ឡើងយសជា សម្ដេចព្រះបរមរាជា មហាឧបរាជរាជធិរាជ ហើយព្រះបរមបពិត្រ ជាអម្ចាស់ ស្ដេចឲ្យចេញទៅគង់នៅក្នុងក្រុងចតុម្មុខ មង្គលស្រុកភ្នំពេញ ឲ្យបានជាទីកោតក្រែង អ្នកត្រើយខាងលិច។ សម្ដេចព្រះអនុជ ចន្ទរាជាធិរាជ ថ្វាយបង្គំទទួលព្រះរាជឱង្ការហើយ ក៏លាចេញមក នាំបណ្ដារាស្ត្រជាខ្ញុំក្នុងព្រះអង្គចេញទៅគង់ចតុម្មុខមង្គល (រាជធានីភ្នំពេញយើងសព្វថ្ងៃនេះ) ដើម្បីទំនុកបំរុង អ្នកស្រុកត្រើយខាងលិច ឲ្យបានក្សេមក្សាន្ត ឥតមានកលិយុគ រៀងមកឡើយ។

សម្ដេចព្រះឝ្រីឝៅគន្ធបទរាជា ជាអម្ចាស់ជីវិតលើត្បូង កាលសម្ដេចព្រះអនុជថ្វាយបង្គំលាទៅហើយ ក្រោយនោះ ទ្រង់ព្រះតំរិះយល់ថា : ព្រះរូបរបស់អញ អញក៏បានសាងទុកជាព្រះកេរ្តិ៍ ជាព្រះយសរួចហើយ ខាងរាជការទៀត ត្រើយខាងកើតមានខ្លួនអញជាអ្នកត្រួតត្រារក្សាមាំមួនហើយត្រើយខាងលិច អញក៏បានចាត់ សម្ដេចព្រះអនុជចន្ទរាជាធិរាជ ឲ្យទៅត្រួតត្រាមាំមួនជ្រះស្រឡះហើយដែរ។

វណ្ណៈពលព្រះរតនត្រៃ[កែប្រែ]

នៅឡើយតែវង្សអ្នកព្រះស្នំឯក ដែលជាប់ក្នុងពលព្រះស្រីរតនត្រ័យ មិនទាន់បានគិតនឹងលោះដោះសារដូចម្ដេចឲ្យបានស្រឡះទាំងមាតាបិតា ទាំងអ្នកព្រះស្នំឯកផងនោះសោះ។ លុះទ្រង់ព្រះចិន្តាតែម៉្លោះហើយ ព្រះបរមបពិត្រ ស្ដេចចេញគង់ចង់ព្រះរាជរោងរម ជួបជុំព្រះរាជវង្សា ព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងអស់ ទើបទ្រង់ត្រាស់ប្រឹក្សាដូច ទ្រង់គិតគ្រប់ប្រការនោះ។

ព្រះរាជវង្សា សេនាបតី មន្ត្រីទាំងប៉ុន្មាន ព្រមគ្នាក្រាបទូលថា : ពលទាំងនេះ ព្រះមហាក្សត្រអំពីបុរាណ ទ្រង់បានឧទ្ទិសថាន ថ្វាយទៅព្រះស្រីរតនត្រ័យ ទ្រង់សច្ចាថាឲ្យគ្រប់ ៥០០០ ព្រះវស្សាទើបមនុស្សអាចដោះសារចេញឲ្យរួចបាន។ ប្រសិនបើទ្រង់ដោះសារ ក្នុងពេលឥឡូវនេះទៅ រឿងនេះគឺហាក់ដូចជាពុំឈឺឆ្អាល នឹងព្រះស្រីរតនត្រ័យ។ ប្រការនេះទោះបីនឹងយកមាសប៉ុនរូបបុរស ដែលជាពលនេះមួយរយ ឬមួយពាន់ដងទៅសុំសោះដោះសារ អំពីព្រះស្រីរតនត្រ័យនោះ ក៏ពុំបានដែរ ដ្បិតព្រះស្រីរតនត្រ័យនេះ ព្រះអង្គពុំប្រាថ្នាចំពោះ ត្រេកត្រង់តំលៃនោះសោះឡើយ។

ព្រះបាទបរមនាថ បរមពិត្រ ទ្រង់ព្រះសណ្ដាប់ មន្ត្រីក្រាបបង្គំទូលគ្រប់ប្រការហើយ ទ្រង់ចូលព្រះទ័យសព្វគ្រប់ទាំងអស់ ហើយស្ដេចចូលទៅខាងក្នុងវិញ។

ព្រះសុបិន[កែប្រែ]

អ្នកឧកស្នេហាចមចិត្ត ដែលត្រូវជាប្អូន អ្នកព្រះស្នំឯកនេះ ព្រះបរមពិត្រ ចង់តាំងឲ្យជាមន្ត្រីធំ ស្ដីរាជការថ្វាយ ប៉ុន្តែព្រះអង្គទើសទាស់នឹងមាតានៃឧកម៉ឺនស្នេហាចមចិត្តនោះ ជាប់ជាពលព្រះ ក្រែងខ្ញុំរាជការផងទាំងពួង គេនឹងនិន្ទាព្រះអង្គ ព្រះអង្គនឹងខូចកិត្តិយសជាមិនខាន។ ដូច្នេះ ព្រះបរមបពិត្រ ស្ដេចទ្រង់ប្រទានងារ ដល់អ្នកឧកម៉ឺនស្នេហាចមចិត្ត ជាឃុនហ្លួងព្រះស្ដេចសមុហសេនាបតីវិញ។ ក្នុងមុខងារនេះ ឃុនហ្លួងព្រះស្ដេច ត្រូវមានជំទប់ ៤ នាក់ ដែលមានងារគឺ ឃុននរេន្ទ្ររាជបញ្ញោ១ ឃុនមនោរាជបញ្ញា១ ឃុនធម្មធារា១ ឃុនបញ្ញាធិរាជ១។ ឃុនហ្លួងព្រះស្ដេច ក្នុងមុខងារថ្មីនេះ មានអំណាចឲ្យស្រដីត្រួតត្រា មើលពលបំរើព្រះស្រីរតនត្រ័យទាំងអស់ តែព្រះបរមបពិត្រ ស្ដេចពុំទាន់បានប្រទានសក្ដិ ដូចមន្ត្រីទាំងពួងឡើយ។ ឃុនហ្លួងព្រះស្ដេច មានព្រះរាជអាជ្ញា ឲ្យផ្ដន្ទាយកទោសមនុស្សពាលាពាលោមោហ៍បិទ ចិត្តអកតញ្ញូ និង បង្ខូចបង្ខុសព្រះស្រីរតនត្រ័យ ល្មើសបុរាណរាជប្រវេណី ចាស់ព្រឹទ្ធាចារ្យផងទាំងពួង។

កាលនោះ ព្រះរាជសីមា អាណាចក្រ នៅជាសុខក្សេមក្សាន្ត ឥតមានភ័យអន្តរាយអ្វីមកបៀតបៀនឡើយ។ អស់មន្ត្រី សេដ្ឋី ពាណិជកុះករប្រកបមុខរបររៀងមក ជាសុខគ្រប់ៗគ្នា។ ឃុនហ្លួងព្រះស្ដេច ក៏មានកេរ្តិ៍ឈ្មោះ អស់ខ្ញុំរាជការក៏កោតក្រែងណាស់ ម៉្លោះហើយឃុនហ្លួងព្រះស្ដេច ក៏កំរើកចិត្តព្រហើន អាងខ្លួនជាប្អូនព្រះស្នំឯក ជាមាព្រះរាជឱរសាធិរាជផង ពុំកោតក្រែងមន្ត្រីចាស់ទុំឡើយ។

លុះដល់មកឆ្នាំ រោង សំរឹទ្ធិស័ក ព.ស. ២០៥២-គ.ស. ១៥០៨-ម.ស. ១៤៣០-ច.ស.៨៧០ ក្នុងខែចែត្រ ចូលមហាសង្ក្រាន្ត នៅថ្ងៃនក្ខត្តឫក្សនោះ អស់មហាជន សឹងជួបជុំធ្វើបុណ្យ សក្ការៈបូជាទាំងទេពនិករអមរមេឃ សូមមង្គលសួស្ដី ចូលឆ្នាំថ្មីតទៅ។ ខណៈនោះ ទ្រង់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការៈបូជា ថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិសទសស្រេចហើយ ស្ដេចចូលក្រឡាព្រះបន្ទំ បរមសេយ្យាសន៍ (ឬសយ្យាសន៍ប្រែជាទីដេក ឬទីងងុយ) ជាសុខស្កល់។

កាលដែលនឹងកើតជាហេតុធំ ក្នុងព្រះនគរនោះ ទ្រង់ព្រះសុបិននិមិត្តឃើញថា : មាននាគមួយធំមានឫទ្ធិមហិមា មកដេញព្រះអង្គ និង មនុស្សម្នា ឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះ ក្ដៅពន់ប្រមាណណាស់ ឃើញហាក់ដូចជានាគនោះ ស្ទុះចូលមកខាំពាំស្វេតច្ឆ័ត្រ នាំទៅកាន់ទិសបូណ៌។ លុះល្មមព្រឹកឡើង ព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្ដេចព្រួយព្រះទ័យ នឹងព្រះសុបិនប្លែកនោះ ពន់ប្រមាណណាស់។ លុះស្ដេចស្រង់ ទ្រង់គ្រឿងស្រេច ស្ដេចចេញព្រះរាជរោងរម គង់លើព្រះសុវណ្ណទែនទិព្វអាសនា។ សម្ដេចព្រះអនុជ ចន្ទរាជាធិរាជ និង សម្ដេចឱរសាធិរាជព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូបមាលាជាទីតបស្នងឆ្លងព្រះតេជគុណ តាមព្រះរាជប្រវេណី។ ក្នុងវេលានោះ គ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុង ទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូបមាលា ពុំមានសេសសល់ដល់ម្នាក់ឡើយ។

ព្រះបាទបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលសូរសីហនាថព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្ដេចទតព្រះនេត្រទៅ អស់ព្រះបរមវង្សា និង ខ្ញុំរាជការ រៀងទៅដល់ឃុនលួងព្រះស្ដេចធិបតី។ ខណៈនោះ ស្ដេចទតឃើញ មានតួនាគពីរ ព័ទ្ធព័ន្ធលើឃុនលួងព្រះស្ដេចហើយងើបក្បាលឆ្វេងស្ដាំ ទន្ទឹមគ្នានឹងសិរសាឃុនលួងព្រះស្ដេច កន។ រូននាគនោះ ដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិននិមិត្ត។ កិរិយានាគនោះ ហាក់ដូចជានឹងស្ទុះទៅខាំព្រះអង្គ ព្រះអង្គទ្រង់ភ្ញាក់ព្រះទ័យត្រាស់ឲ្យមន្ត្រីមើល មន្ត្រីមើលពុំឃើញ តាមព្រះរាជបញ្ជាសោះ។ ដូច្នោះហើយ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់។

អព្ភូតហេតុចំលែក[កែប្រែ]

ក្នុងពេលទ្រង់ធ្វើសវនការ ចៅពញាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបង បានបកសំបុត្រប្ដឹងមកថា: ស្រះទឹកសំរាប់ព្រះមហាក្សត្រ ដែលនៅក្នុងគុហាភ្នំបាណន់នោះ ចេញជាឈាមដាលក្រហមដូចទឹកល័ខ។ ព្រះចៅអធិការ វត្តព្រះវិហារសួគ៌ ក៏មានសង្ឃដីកាបកចូលមកថា : ព្រះជ្រែប្រផ្នូលនោះ បាក់មែកចេញជាឈាម។ ថាព្រះឥសូរព្រះនរាយណ៍ ប្រេះព្រះឱរា ចេញជាឈាមដែរ។ ព្រះរាជគ្រូបុរោហិត ក៏ថ្វាយសេចក្ដីថា : ព្រះខឌ្ដជ័យមង្គលនោះមានស្នឹមច្រាលក្រហមពីត្រីសូល៍ដល់គល់។ ចៅហ្វាយស្រុកពោធិ៍សាត់ បកសំបុត្រប្ដឹងមកថា : ព្រះកាំបិតស្ដាំ រង្គោះផ្លែពីដង។ ថាមានផែះនៅក្នុងស្រោមកាំបិតនោះ។ ចៅហ្វាយស្រុកបាភ្នំ បកសំបុត្រចូលមកថា ព្រះពុទ្ធរូបក្នុងទីបាភ្នំហូរទឹកនេត្រមកជាឈាម ក្រហមដូចល័ខ

ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រួយព្រះទ័យណាស់។

លុះផុតវេលា ក្រាបបង្គំគាល់ហើយ ព្រះអនុជ អង្គចន្ទរាជាធិបតី ស្ដេចយាងត្រឡប់ទៅភ្នំពេញវិញ។ ខ្ញុំរាជការទាំងពួង ក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗរៀងខ្លួន។

កលឧបាយសំលាប់ស្ដេចកន[កែប្រែ]

ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្លង្ក តាំងប្រថាប់នៅមុខស្វេត្រច្ឆ័ត្រទើបត្រាស់ព្រះឥសីភ័ទ្ទ មហារាជគ្រូ និង រាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងទីស្ងាត់។ ខណៈនោះ ទ្រង់ប្រឹក្សាការណ៍ថា: ការផែនដីពេលនេះ មានហេតុគ្រប់ប្រការ ដូច្នេះអស់អ្នកយល់ថាដូចម្ដេច?

សម្ដេចព្រះឥសីភ័ទ្ទ យកសេចក្ដីក្រាបបង្គំទូលថា:

ព្រះខ័នជ័យមង្គល ដែលមានហេតុស្នឹមដល់គល់យ៉ាងនេះ តាមសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ទំនាយទុកនោះថា មុខជានឹងកើតហេតុធំពុំខានឡើយ។

ព្រះរាជហោរាធិបតី យកសេចក្ដីក្រាបបង្គំទូលថា:

តាមហេតុនេះ ផែនដី កើតកោលាហលដល់អស្ចារ្យ។ ផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់។

លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា:

"រាជសត្រូវនោះ មកពីក្នុង ឬ ក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល?"


ហោរា តាំងលេខតំរា គន់គូរបូកហត្ថទៅទៀត ដឹងច្បាស់ក្នុងតំរាហើយក្រាបទូលថា: " រាជសត្រូវនោះ នៅក្នុងព្រះនគរ"។ វាកើតឆ្នាំរោង ពង្សនាគ។ ទំនាយនេះ ឃើញចំពោះ ត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់។ ទំនាយថា បើកើតកលិយុគម្ដងនេះ គឺកើតមកពីឃុនហ្លួនព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំនាគ។ នាគដើមឆ្នាំនេះ កំពុងក្លាហានណាស់ សូមទ្រង់ជ្រាប។ សូមព្រះអង្គ ស្ដេចកុំប្រហែសព្រះអង្គឡើយ។

ព្រះបរមបពិត្រ បានទ្រង់ជ្រាបទំនាយ ត្រូវនឹងហេតុនិមិត្ត ដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយ ទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា:

អញក៏ឃើញពិត ដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះ មុខជានឹងមានពាក្យគេនិន្ទាជាមិនខាន។ មួយវិញទៀតបងវាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង។ បើបងវាដឹង ក្រែងនឹងញុះញង់កូនវា ឲ្យចេញជាសត្រូវនឹងអញ។ អញនឹងកើតសត្រូវចំបាំងព្រោះកូនឯង នាំឲ្យលំបាករាស្ត្រ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះ គឺថា ដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់ រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឲ្យជាប់ទាំងដៃទាំងជើង វានឹងឡើងក៏មិនរួច ហែលក៏មិនបាន។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅ សេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ។ តើអ្នករាល់គ្នាយល់ដូចម្ដេច? ព្រះឥសីភ័ទ្ទ និង រាជហោរា ឆ្លើយថា យល់តាម ព្រះរាជបរិហារគ្រប់គ្នា។

ឯព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ត្រី ប្រឹក្សាការផែនដីនោះ លបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំច្បាស់។ អ្នកព្រះម្នាង ឮ តែចុងពាក្យថា: ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់ តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្ដាប់បានប៉ុណ្ណេះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ។

មុខមន្ត្រី ដែលចូលជំនុំរាជការនោះ លុះទៅដល់មុខព្រះលានក្រៅហើយ ក៏បង្គាប់ឲ្យត្រៀមព្រះរាជយាន និង ព្រះទីនាំងនាវា សំរាប់គង់ប្រពាតមច្ឆា។ អស់ខ្ញុំរាជការទាំងពួង តំរូវឲ្យមានសំណាញ់មួយ ទូកមួយ។ សំណាញ់មួយម្នាក់ ប្រចាំហែស្ដេចទៅប្រពាតមច្ឆាក្នុងបឹង ថ្ងៃព្រឹកស្អែកនោះ។ មន្ត្រីគ្រប់ក្រុមខ្ញុំព្រះរាជការ ក៏ទទួលតាមបង្គាប់ ព្រៀងព្រមស្ដេចរង់ចាំនៅតាមតំណែងព្រះរាជការ។

លុះព្រឹកព្រាងស្វាងស្រេច ស្ដេចគង់ព្រះរាជយាន នាំអស់រាជការខាងក្នុងក្រៅ ហែចុះព្រះទីនាំងតូច សំរាប់ទ្រង់សំណាញ់នោះ។ ពួកពលក៏តាំងស្រែកហ៊ោគឹកកង ឆ្លងទៅដល់ទំនាបមានម្លប់ព្រឹក្សាទើបស្ដេចត្រាស់ឲ្យឈប់តាំងគ្រឿងសោយ ហើយឲ្យរៀបលៀងភោជនាហារ អស់ខ្ញុំព្រះរាជការទាំងក្នុងទាំងក្រៅពុំរើសមុខជាសុខសប្បាយរាល់គ្នា។

តែអ្នកព្រះស្នំឯកដែលបានដឹងសេចក្ដីនៃការជំនុំប្រឹក្សារាជការនោះមានចិត្តថប់បារម្ភនឹងប្អូនពុំស្រាកស្រាន្តសោះ។ កាលព្រះបរមបពិត្រ ស្ដេចឲ្យអស់ខ្ញុំរាជការទទួលលៀងភោជនាហារនោះព្រះស្នំឯកបង្គាប់ថា ឲ្យថយទូកទៅទីស្ងាត់រួច សឹមបរិភោគគ្រប់គ្នា។ លុះទូកថយទៅដល់ទីស្ងាត់ហើយ ព្រះស្នំឯក ក៏តាំងសរសេរជាអក្សររាយសេចក្ដីតាមហេតុស្រេចដាក់ក្នុងកញ្ចប់បាយ ហើយឲ្យទាសីម្នាក់យកទៅឲ្យឃុនហ្លួង ព្រះស្ដេចជាប្អូន។ ឃុនហ្លួងព្រះស្ដេចធិបតី កាលឃើញកញ្ចប់បាយនោះហើយ ក៏គិតថា: បងអញពុំដែលឲ្យបាយកញ្ចប់ដូច្នេះសោះ។​ បងធ្លាប់ឲ្យតែនឹងតុនឹងថាស។ ម្ដងនេះបងឲ្យយ៉ាងដូច្នេះ គួរឲ្យសង្ស័យណាស់។ លុះគិតដូច្នេះ ក៏កាន់បាយកញ្ចប់នោះទៅជ្រកក្នុងព្រៃស៊ុំទ្រុំ។ លុះយល់ថាស្ងាត់ហើយឃុនហ្លួងព្រះស្ដេច ក៏លាកញ្ចប់បាយនោះមើល ហើយឃើញកំណត់មួយច្បាប់មានសេចក្ដីថា "ឲ្យប្អូនប្រយ័ត្នឲ្យមែនទែន គេនឹងសំលាប់ហើយ។ បើហ្លួងប្រើឲ្យមុជទឹក ឲ្យប្អូនចេញរត់ទៅឲ្យឆ្ងាយ កុំត្រឡប់មកវិញឡើយ" ឃុនហ្លួងព្រះស្ដេចធិបតី ដឹងជាក់សេចក្ដីហើយ ធ្លាក់ថ្លើមក្ដុកភ័យណាស់ ចាប់ដីដាក់លើក្បាលប្រណម្យដៃទាំងពីរ ហើយតាំងសច្ចាថា: "ខ្លួនខ្ញុំនេះ សុចរិតពិតត្រង់ណាស់ ឥតមានបើទាស់ខុសនឹងអ្នកណាសោះឡើយ។ ដូច្នេះ សូមគុណបុណ្យលោកជួយខ្ញុំ ឲ្យខ្ញុំបានគង់ជីវិតក្នុងគ្រានេះ ខ្ញុំតាំងទីថ្ងៃនេះទៅ ប្រាកដជាអស់ទីពឹងហើយ។

លុះសច្ចាចប់ហើយ ក៏ត្រឡប់មកទីប្រជុំមន្ត្រីវិញ។ ខណៈនោះ ព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង កាលសោយស្រេចហើយ ស្ដេចចុះគង់ព្រះទីនាំង សំរាប់បង់សំណាញ់ អស់ខ្ញុំរាជការ ក៏ចាប់បង់សំណាញ់ លយតាមជលធីហែទៅ។ តែឃុនហ្លួងព្រះស្ដេចធិបតី ក៏ចុះទូកតូច តាមហែទៅជិតព្រះទីនាំងដែរ អ្នកខាងក្នុង និង ជំទាវនាងឃុនណាង ចាស់ទុំប្រជុំគ្នានៅលើគោក មើលហ្លួងទ្រង់សំណាញ់ និង អស់ខ្ញុំរាជការធំតូចបង់សំណាញ់។ អ្នកទាំងអស់ បង់ទំនងល្អអាក្រក់ផ្សេងៗគ្នា ខ្លះបានត្រីធំ ខ្លះបានត្រីតូច ខ្លះបានមែកឈើ ខ្លះពានទៅលើត្រឹប ចឿនចក អស់អ្នកអស់នាងជំទាវឃុនណាង ដែលនៅលើគោកនោះ ក៏ស្ដីចំអន់ចំអក សើចឡើងតែសព្វខ្លួន។

ចំណែកឯ ព្រះបរមបពិត្រ ជាអម្ចាស់ជីវិត ព្រះអង្គទ្រង់បង់សំណាញ់ពាក់ត្រូវមច្ឆាតរៀងៗទៅ។ លុះដល់អន្លង់មួយអន្លើ ជ្រៅក្រៃលែងជាងអន្លង់ទាំងពួង មានឫសឈើក៏ច្រើន ទើបមន្ត្រីម្នាក់ បង់សំណាញ់ចុះទៅក្នុងទីនោះ ហើយក្លែងថា: ជាប់សំណាញ់ហើយ។ ហើយក្រាបទូលថា: ត្រង់នេះត្រីច្រើនណាស់ ទូលព្រះបង្គំបង់ត្រូវទាញ លើកឡើងពុំរួចសោះ។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ទ្រង់ជ្រាបកលឧបាយដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់ ឲ្យប្រមូលទូកសំណាញ់ មកព័ទ្ធទីនោះ ហើយទ្រង់គ្រវែងសំណាញ់សំរាប់ព្រះហត្ថា ចុះទៅក្នុងព្រះគង្គា ជាមួយនឹងមន្ត្រីដែលបង់មុននោះ។ ខណៈនោះទ្រង់បង្គាប់ថា: អាកនឯង លោតចុះទៅដោះសំណាញ់ឲ្យអញមួយរំពេច។

ឃុនហ្លួងព្រះស្ដេចធិបតីថ្វាយបង្គំលោតចុះទៅក្នុងទឹកចាប់រាម (រាមគឺរនាម) ក្រាបរាបទៅនៅបាតបឹងនោះ។ ទូកមន្ត្រីជាងពីររយ ចូលព្រួតប្រឹង បង់គ្របប្រកិត ច្រើនត្រួតច្រើនជាន់ ដោយគិតថាឲ្យស្លាប់ កុំឲ្យហែលរត់ចេញអំពីទីនោះរួច។

ឃុនហ្លួងព្រះស្ដេចធិបតីកន កាលមុជចុះទៅក្នុងទឹកនោះ ភ័យណាស់ គិតអ្វីក៏ពុំឃើញ លុះដល់បាតដីហើយ គាតឮសព្ទសូរសំណាញ់ បង់គ្រាំគ្រេងខ្វែងខ្វាត់ គឹកកងរំពង ទឹកពីលើខ្លាំងណាស់ ក៏ដកដង្ហើមធំថប់គិតថា: អញមុខជានឹងស្លាប់ប្រាកដណាស់ម្ដងនេះ។ សំណាញ់ទាំងពួង ​​​​​​​​ក៏កាន់តែរួបរឹតជិតមកហើយ តែដោយហេតុថា ជាតេជៈ កុសលដែលគាត់បានសាង ក៏បណ្ដាលឲ្យមាននាគរាជមួយមកព័ទ្ធកណ្ដាលខ្លួន នាំហែលរត់យ៉ាងរហ័ស ផុតពីសំណាញ់ រួចអំពីចំណោម ហើយហែលបណ្ដោយបឹងទៅទិសខាងជើង រួចហើយនាគនោះ ក៏ភៀសកាយបាត់ទៅ។ ឃុនហ្លួងព្រះស្ដេចធិបតី ក៏ផុសលោតឡើង ដើរបន្លុយក្នុងទឹកទៅ។ ហេតុតែជាបុណ្យឲ្យបានសោយរាជ្យ ពេលនោះទើបមានសត្វទាព្រៃ ហើរពីលើខ្មួលខ្មៅ ហើយចុះទៅទុំលើក្បាលឃុនហ្លួងព្រះស្ដេច ប្រមាណជាងពីរឱបមើលពីឆ្ងាយទៅ ដូចជាគល់ឈើ បាំងបាត់ខ្លួនព្រះស្ដេច។ ព្រះស្ដេចខំបន្លុយខ្លួនក្នុងទឹក រត់ដោះទៅជ្រកពួនក្នុងត្រឹបច្រើនមួយអន្លើ ទំរាំយប់នឹងរត់តទៅទៀត។ អាស្រ័យហេតុនេះហើយ បានជាបឹងនោះ មានឈ្មោះហៅថា: បឹងទា យូរមកហៅថា បឹងទទាវិញ ទីបំផុតប្រែក្លាយជាបឹងទទង លុះដល់សព្វថ្ងៃនេះ។

សម្ដេចព្រះបរមបពិត្រ លុះបាត់ព្រះស្ដេច កន យូរពេក ទ្រង់ឲ្យស្រាវសំណាញ់ឡើង តែស្រាវមកពុំឃើញខ្លួនព្រះស្ដេច កន សោះ។ ស្ដេចឲ្យយកច្បូក សម ចាក់រកគ្រប់រាម ក៏ពុំឃើញទៀត។ ទ្រង់មិនអស់ព្រះទ័យសោះ ទើបទ្រង់ឲ្យមនុស្សពូកែមុជទឹក ឲ្យមុជចុះរកទៀតក៏ពុំឃើញ។ ស្ដេចរឹងព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: "អានេះរត់រួចទៅ ដូចជាខ្លារួចពីទ្រុង វាគង់នឹងត្រឡប់មកសងសឹកវិញពុំខានឡើយ"។

ចៅពញាយមរាជ ចៅពញាវង្សាអគ្គរាជ ក្រាបទូលថា:

ចំពោះស្ថានការណ៍ដូច្នេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យ។ ទូលព្រះបង្គំទាំងពីរនាក់ នឹងតាក់តែងទាហាន ឲ្យចាប់ខ្លួនឃុនលួងព្រះស្ដេចថ្វាយ ស្នងព្រះតេជៈគុណឲ្យបាន ថាហើយ ក៏ថ្វាយបង្គំលា ចេញទៅចាត់ទាហាន ស្រាល ឲ្យទៅល្បាតក្រវែល ចាំរកចាប់ខ្លួន ឃុនហ្លួងព្រះស្ដេចកន ជុំវិញបឹង។ សម្ដេចព្រះបរមបពិត្រ ទ្រង់គិតមកនេះ ពុំបានសម្រេចដូចព្រះចិន្តា ទ្រង់ពុំស្បើយព្រះវិតក្កសោះ ទើបស្ដេចត្រឡប់ចូលក្នុងព្រះបរមរាជវាំងវិញ ហើយស្ដេចក៏រឹតទ្រង់ព្រះវិតក្កណាស់ទៅទៀត។

ចំណែកឯ ឃុនហ្លួងព្រះស្ដេចធិបតី កន វិញ កាលខំរត់ឡើងអំពីបឹងហើយ ក៏ខំដើរទាំងយប់ទាំងអធ្រាត្រ ឥតឈប់ឈរ។ លុះដើរមកបានបន្តិច ក៏ជួបនឹងមនុស្សល្បាត។ មនុស្សល្បាត ឃើញឃុនហ្លួងព្រះស្ដេច កន ហើយក៏ដេញភ្លាមឥតបង្អង់។ ឃុនហ្លួងព្រះស្ដេចកន រត់ជ្រកពួនតាមគុម្ពព្រៃ ចេញផុតពីចំណោមទៅ ក៏ទៅប្រទះនឹងមនុស្សម្នាក់ទៀតកាន់ដាវវែង។ មនុស្សនេះឃើញហើយ ក៏ស្រែកថា:

នែ លោកព្រះស្ដេចទៅណា ហ្លួងត្រាស់ឲ្យចូលទៅគាល់។

ព្រះស្ដេចកន ឮហើយភ័យស្លុត រត់ទៅជល់នឹងដង្គត់ឫស្សីក៏ដួលចុះ។ នាយល្បាតម្នាក់នោះដេញទៅទាន់ ងាដាវទៅកាប់ ត្រឡប់ជាឃើញនាគមួយធំ បើកពពាដេញមក។ នាយភ័យណាស់ធ្លាក់ដាវពីដៃ ដួលចុះទៅនៅទីនោះ។ ព្រះស្ដេចកនយល់បានការណ៍ហើយក៏ស្ទុះកន្ត្រាក់យកដាវបានហើយកាប់ចៅនោះ ស្លាប់នៅនឹងកន្លែង

ការបះបោររបស់ព្រះស្រីជេដ្ឋា[កែប្រែ]

ព្រះស្ដេចកនបានដាវនោះរត់ទៅដល់វត្តសម្ដេចព្រះសង្ឃរាជ "សង្ឃសត្ថា" តាមដំណើរ។ សម្ដេចមានថេរវាចាថា:

បាកុំនៅក្នុងទីនេះឡើយបានឹងមានរាជភ័យជាមិនខាន។ បើបាឯងចង់ឲ្យរួចភ័យ ចូរបារត់ទៅទិសបូព៌ចុះ តែ ៣ ឆ្នាំបានឹងបានជាធំពុំខានឡើយ។

ព្រះស្ដេចកនបាន ឮទំនាយគ្រូហើយត្រេកអរណាស់ ក៏ថ្វាយបង្គំលាទៅដល់ក្រៅវត្ត។ នៅទីនោះ ព្រះស្ដេចកនបានប្រទះនឹងទាសកម្មកររបស់ខ្លួន ដែលបិតាមាតាឲ្យមករកលោកចាប់យាមឲ្យ។ ព្រះស្ដេចកន ​​​​​​​​​ត្រេកអរណាស់ ក៏ប្រើឲ្យទៅយកធ្នូព្រួញ សំរាប់ខ្លួននៅឯផ្ទះនោះ ហើយប្រមូលបាវព្រាវ សន្មតឲ្យមកជួបជុំ នៅព្រៃថ្មដា។ ឯខ្លួនក៏រត់ទៅពួន នៅប្របភូមិថ្មដានោះ ចាំអស់បាវព្រាវនិងស្ម័គ្របក្សពួកទាសកម្មករនោះ លុះទៅដល់ផ្ទះវិញហើយ ក៏ជំរាបអ្នកបិតាពិជ័យនាគ និង អ្នកមាតាម៉ែបាន ថាទៅជួបនឹងលោកព្រះស្ដេចហើយ។ លោសុខសប្បាយទេ។ លោកប្រើខ្ញុំបាទឲ្យត្រឡប់មកយកធ្នូ សំរាប់កាន់នោះទៅជូនលោកវិញ។ មាតាបិតាទាំងពីរនាក់បានកូននៅរស់ទេ ក៏មានចិត្តត្រេកអរណាស់ យកធ្នូនោះប្រគល់ឲ្យទៅទាសកម្មករជាបំរើ។ ​​​​​​បំរើទាំងនោះ ក៏ប្រមូលបាវព្រាវស្ម័គ្របក្សពួកបានប្រមាណ ៥០ នាក់ហើយក៏រត់ត្រឡប់មកជួបនឹងព្រះស្ដេចកនវិញ។ ព្រះស្ដេចកននាំស្ម័គ្របក្សពួកទាំងនោះរត់ទៅដល់ស្រុកបាភ្នំ។ វេលាព្រលប់ហើយ ទាំងអស់គ្នាក៏នាំគ្នាឡើងទៅលើផ្ទះចៅហ្វាយស្រុក។ ព្រះស្ដេចកន ឃើញចៅហ្វាយស្រុកកំពុងស្ដីការរាជការ យល់ប្រហែលខ្លួន ទើបស្ដេចកនក្លែងស្រែកថា: មានព្រះរាជឱង្ការ ឲ្យអញមកប្រហារជីវិតឯង ដ្បិតឯងក្បត់ ​​​​ចូលនឹងចៅពញាចន្ទរាជា។ ថាហើយ កនក៏ស្ទុះទៅកាប់ចៅហ្វាយស្រុកដល់អនិច្ចកម្មទៅ។ អស់ក្រមការ រាស្ត្រប្រជា ក៏ភ្ញាក់ផ្អើលឆោឡោអឺងកង ទើបព្រះស្ដេចកន ឧបាយស្រដីថា:

"ហ្លួងទ្រង់ជ្រាបថា" ចៅហ្វាយស្រុកនេះ ក្បត់ចូលនឹងចៅពញាចន្ទរាជា ដើម្បីនឹងដណ្ដើមរាជ្យ។ ហេតុនោះហើយ បានជាទ្រង់ត្រាស់បង្គាប់ឲ្យអញចេញមកសំលាប់។ បើអញសំលាប់បានហើយឲ្យកេណ្ឌទ័ពនាំចូលទៅលើកចៅពញាយសរាជាជាព្រះរាជឱរស ដែលត្រូវជាក្មួយអញ ឲ្យឡើងសោយរាជ្យ។ អស់អ្នករាល់គ្នាដែលឥតទោសកុំគិតវឹកវរបារម្ភឡើយ។ ចូលអ្នកនាំគ្នាយកអាសា ថ្វាយព្រះករុណាវិញទើបជា។ បើបានសំរេចការណ៍ថ្ងៃណា នោះពល (គឺពូជមនុស្សដែលទុកជាវណ្ណៈថោកទាបជាងគេបំផុត បណ្ដាវណ្ណៈទាំងបួនគឺ ព្រាហ្មណ៍ ក្សត្រិយ៍ វៃស្ស សូទ្រ ពលព្រះរតនត្រៃ) នឹងឲ្យរួចជាព្រៃងារ (ព្រៃងារ គឺមនុស្សអ្នកជាធម្មតាជាមនុស្សយកភាគទី៣។ ​​​​មនុស្សពួកនេះ មានសេរីភាពអាចធ្វើអ្វីបានគ្រប់យ៉ាង)។ ព្រៃងារនឹងឲ្យឡើងជាមន្ត្រី ហើយមន្ត្រីនឹងឲ្យជានាម៉ឺនធំ តាមមានគុណបំណាច់តិចច្រើន។ ឯអស់ក្រមការ ប្រជារាស្ត្របានឮ ឃុនហ្លួងព្រះស្ដេចកន និយាយបោកប្រាស់ដូច្នោះ ក៏ជឿចិត្តចុះចូលទាំងអស់។ ព្រះស្ដេចកនចែកចាត់ជា មេកង មេទ័ព ទៅកេណ្ឌពលហើយឲ្យចេញទៅសង្កត់ស្រុកតូចធំ រៀងមកដល់ខេត្តព្រៃវែងជាមុន បណ្ដាលឲ្យចៅហ្វាយស្រុកទាំងនោះ ជឿស្ដាប់ទៅទើបបានខែត្រព្រៃវែងនោះ និង ​​​​​​​​​​​​​​​ខែត្រឯទៀតជាច្រើនជាចំណុះ។

ឯកងល្បាតរបស់ពញាយមរាជ និង វង្សាអគ្គរាជ យល់មនុស្សម្នាក់ស្លាប់ ក៏ដឹងថា ព្រះស្ដេចកនសំលាប់ តែពុំដឹងជារត់ទៅទិសណា។ លុះស៊ើបតាមរាស្ត្រប្រជាទៅ ទើបដឹងជាក់ជារត់ទៅតាំងខ្លួនឯស្រុកបាភ្នំ។ ទាហានរបស់ពញាយមរាជ និងវង្សាអគ្គរាជគិតគ្នាថានឹងលើកទ័ពតាមទៅចាប់ព្រះស្ដេចកន តែរាស្ត្រទាំងនោះឃាត់ថានឹងទៅជាល្បាតដូច្នេះពុំបានទេ ដ្បិតព្រះស្ដេចកនសង្កត់បានតាំងពីខេត្តតូចធំ ចុះចូលជាច្រើនមានកងទ័ពរាប់ម៉ឺនរាប់ពាន់ទៅហើយ។ ឯនាយកងល្បាតស្ដាប់បានដំណឹងជាក់ហើយ ក៏នាំគ្នាយកសេចក្ដីនោះចូលទៅប្ដឹងចៅពញាយមរាជ និង ចៅពញាវង្សាអគ្គរាជជាសេនាបតី។ សេនាបតីទាំងពីរនេះយកសេចក្ដីនោះនាំឡើងក្រាបបង្គំទូលថា: សូមទ្រង់ត្រាស់បង្គាប់លើព្រះពិជ័យនាគឲ្យធ្វើសំបុត្រប្រាប់ប្រាមទៅកូនឲ្យចូលមកគាល់។ បើកូនពុំចូលមកទេ សឹមយើងលើកទ័ពធំទៅចាប់ព្រះស្ដេចកន ព្រះស្ដេចកនគង់រត់មិនរួចឡើយ។

សម្ដេចព្រះបរមពិត្រទ្រង់ព្រះសណ្ដាប់ហើយទ្រង់ត្រូវព្រះទ័យណាស់ ទើបត្រាស់បង្គាប់ព្រះពិជ័យនាគជាបិតា និង ព្រះស្នំឯកជាបងឲ្យធ្វើសំបុត្រប្រាប់ទៅព្រះស្ដេចកនឲ្យចូលមកគាល់ចុះ ទ្រង់នឹងលើកទោស លែងឲ្យមានទោសតទៅទៀតហើយ។ ព្រះពិជ័យនាគ និង ព្រះស្នំឯកក៏បានធ្វើតាមទ្រង់ត្រាស់បង្គាប់។

លុះបំរើនោះទៅដល់ទ្វាររបងហើយ ក៏ស្រែកប្រាប់នាយទ្វារថា:

ខ្ញុំជារាជបំរើហ្លួង។ ហ្លួងឲ្យខ្ញុំនាំសំបុត្រព្រះពិជ័យបិតា មកជូនឃុនហ្លួងព្រះស្ដេច

ឃុនហ្លួងព្រះស្ដេចដឹងកលនេះយល់ប្រាកដជាបិតាឲ្យមកយកខ្លួនហើយ ក៏គិតថា: អញបានចំណាប់ហើយ អញត្រូវនិយាយឲ្យរាស្ត្រដឹងឮច្បាស់ថា ហ្លួងឲ្យមកតឿនការសង្គ្រាមវិញ។ លុះគិតដូច្នេះហើយ ឃុនហ្លួងព្រះស្ដេចកន ក៏ក្លែងនិយាយប្រាប់ក្រមការទាំងពួងថា: ព្រះរាជឱង្ការនេះឲ្យមកតឿនការសំងាត់ហើយ។ ថាយើង ក៏រៀបចំមិនទាន់ស្រេច ដោយក្រមការធ្វើការធ្វេសប្រហែសពេកបានជាយឺតយូរ។ ឥឡូវព្រះរាជឱង្ការ ឲ្យអញ្ជើញមកដល់ហើយ ដូច្នេះចូរអស់ក្រមការរៀបគ្រឿងបូជាទៅអញ្ជើញព្រះរាជឱង្ការនោះចូលមក។

ក្រមការឮដូច្នោះហើយ រឹងឃើញថាកលរបស់ឃុនហ្លួងព្រះស្ដេចកននេះជាការណ៍ពិតណាស់ក៏តែងខ្លួនតាមយសសក្ដិ ហើយមានសេនាទាហាន កាន់គ្រឿងអាវុធ និង គ្រែមួយ ព្រមទាំងតោកជាន់ ចេញទៅតំកល់សំបុត្រនោះ ចូលមកតំកល់ក្នុងបន្ទាយ។ ព្រះស្ដេចកន ក៏ក្លែងធ្វើជា ក្រាបថ្វាយបង្គំ ៣ ដង ហើយបណ្ដេញក្រមការទាំងអស់ ឲ្យចេញទៅឆ្ងាយសិន ដ្បិតត្រូវថ្លែងព្រះរាជឱង្ការនោះសំងាត់។ ក្រមការទាំងអស់ ក៏ជឿពិតថា សេចក្ដីព្រះរាជឱង្ការនោះជាសំងាត់ ឲ្យមកតឿនការសំងាត់ គឺការសង្គ្រាមនោះមែន ក៏ដើរចេញទៅក្រៅអស់ទៅ។ ខណៈនោះ ព្រះស្ដេចកន មើលដឹងសេចក្ដីថា ព្រះពិជ័យបិតា និង ព្រះស្នំឯក ប្រាប់មកឲ្យខ្លួនចូលទៅគាល់ហ្លួង ហ្លួងនឹងលើកទោសហើយ។

ព្រះស្ដេចកន មើលចប់ដឹងសេចក្ដីហើយ ក៏ឆ្លើយប្រាប់ក្លែងទៅនឹងបំរើវិញថា:

ឲ្យជំរាបលោកឪពុក និង អ្នកបងថា! ទ្រង់ព្រះមេត្តាប្រោស លើកលែងទោសដូច្នោះ នោះព្រះគុណធំឥតស្មើជាទីបំផុត។ ខ្ញុំនឹងចូលទៅជាខ្ញុំរាជការតាមដើមវិញ តែសូមបង្អង់ចាំចាត់ឲ្យរាស្ត្រប្រជាដែលតាមមកផងនោះ ត្រឡប់ទៅទីលំនៅវិញសិន។ ខ្ញុំចាត់ការនេះស្រេចកាលណា ខ្ញុំនឹងចូលទៅជាក្រោយ កុំឲ្យលោកឪពុកអ្នកបងព្រួយចិត្តឡើយ។ លុះប្រាប់ចប់ហើយ នាយកនក៏ឲ្យរាជបំរើនោះត្រឡប់មកវិញ។ រាជបំរើនោះចេញផុតទៅ ព្រះស្ដេចកនធ្វើជារត់តាមទៅស្រែកផ្ដាំថា :

ឲ្យលោកឪពុក និង អ្នកបង ក្រាបទូលការណ៍នោះថាជិតបានសំរេចហើយ ខ្ញុំនឹងលើកទៅឆាប់ហើយឲ្យទ្រង់ទុកព្រះរាជហឫទ័យចុះ។ អ្នកឯងមក ឃើញមនុស្សម្នាមកកកកុំនឹងភ្នែកហើយ។

ខណៈដែលព្រះស្ដេចកនស្រែកផ្ដាំដូច្នោះ បំរើចូលចិត្តថា ប្រាកដជានឹងលើកលែងក្បត់ហើយ ហើយឲ្យកងទ័ពត្រឡប់ទៅស្រុកវិញមែន។

ចំណែកក្រមការ និង កំណែនទាំងប៉ុន្មាន កាលបានស្ដាប់សំដីថ្លែង របស់ព្រះស្ដេចកននេះហើយក៏ជឿចូលចិត្តថា ហ្លួងឲ្យមកតឿនកងទ័ពឲ្យប្រញាប់ទៅមែន។

ក្រោយនោះមក ព្រះស្ដេចកនឲ្យធ្វើសំបុត្រប្រកាសប្រាប់ ក្រមការ និងរាស្ត្រ ឲ្យដឹងគ្រប់គ្នាថា:

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើង ឲ្យយើងចេញមកជាមេកង ធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជាបំរើ ឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសា ចាប់ចៅពញាចន្ទរាជាសំលាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះ ជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយ ពុំដឹងឧបាយ ក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។

ព្រះរាជបំរើនោះត្រឡប់វិញ ទៅដល់ហើយ ក៏ចូលទៅក្រាបបង្គំទូលដំណើរ តាមសេចក្ដីព្រះស្ដេចកនផ្ដាំមក។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការ ក៏ស្មានថាជាការពិតមែន ទ្រង់ពុំបានឲ្យកេណ្ឌកងទ័ពរក្សាព្រះនគរឡើយ។ ទ្រង់បង្គាប់ព្រះស្នំឯកថា: ឲ្យចាត់បំរើស្រីៗ ឲ្យស្ដីលួងលោមព្រះស្ដេចកន ឲ្យចូលមកឲ្យឆាប់ កុំឲ្យបង្អង់ឲ្យយឺតយូរឡើយ។ អ្នកព្រះស្នំឯក ​​​​​​​​​​​​ពុំហ៊ានទូលទាស់ ក៏ចាត់បំរើស្រីស្រដីថា ឲ្យទៅស្រដីលួងលោម បញ្ចុះបញ្ចូលតាមត្រាស់បង្គាប់។ លុះបំរើទៅដល់ជំរាបថា: អ្នកជាម្ចាស់ បានក្រាបបង្គំទូលសុំ ព្រះរាជទានលើកទោស អ្នកព្រះស្ដេចអស់ហើយ។ បើអ្នកព្រះស្ដេចមិនចូលទៅគាល់ក្នុងវេលានេះទេ ព្រះបរមបពិត្រស្ដេចនឹងលើកទ័ពមកចាប់ដោយព្រះអង្គឯង។ ហេតុនេះ បើលោកបង្អង់ឲ្យយូរទៅ ការណ៍នេះនឹងកើតជាសឹកសង្គ្រាមជ័យ ហើយអ្នកជាម្ចាស់ នឹងជួយលោកពុំរួចទេ។

ព្រះស្ដេចកន ស្ដាប់ហើយក៏នឹកថាស្ដេចនេះល្ងង់ណាស់។ បើល្ងង់យ៉ាងនេះ គង់នឹងបានរាជសម្បត្តិមកអញហើយ។ លុះគិតដូច្នេះហើយ ព្រះស្ដេចកន ក៏តបជាឧបាយថា: ឲ្យអ្នកបង បង្អង់ទំរាំតែរាស្ត្រត្រឡប់ទៅស្រុកដើមវិញចុះ ប្រហែលជាខែក្រោយៗនេះ នឹងចូលទៅក្រាបបង្គំគាល់ ព្រះបរមនាថបរមបពិត្រហើយ សូមកុំឲ្យទ្រង់ព្រួយព្រះទ័យឡើយ។ កុំភ័យនឹងខ្ញុំៗមិនក្បត់ទេ។

ស្រីបំរើទាំងនោះ ត្រឡប់វិលមក យកសេចក្ដីក្រាបបង្គំទូល តាមដំណើរវិញគ្រប់ប្រការ។ ព្រះបរមបពិត្រ ស្ដេចបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យបង្អង់ស្ដាប់ការណ៍តទៅទៀត។

ព្រះស្ដេចកន កាលបើពួកស្រីបម្រើទាំងនោះ ត្រឡប់មកវិញហើយ ខ្លួនក៏រឹងរឹតតែចាត់កងទ័ព ចេញទៅសង្កត់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ បង្ហាត់សេនាទាហានបានជាច្រើន កើនចំនួនឡើងតែរាល់ថ្ងៃ។ អស់ប្រជានុរាស្ត្រ ដែលជាខ្ញុំរាជការឃើញមានព្រះរាជបំរើ ឲ្យទៅមករកគ្នារឿយៗហើយឮពាក្យប្រកាសរបស់ព្រះស្ដេចកនថា: ព្រះបាទអ្នកជាអម្ចាស់ ត្រាស់ប្រើឲ្យចេញទៅគិតការណ៍ សំលាប់ចៅពញាចន្ទរាជា ដូច្នេះក៏យល់ថាមែន។ រាស្ត្រទាំងនោះស្រដីតៗគ្នាថា: ហ្លួងព្រះស្ដេចកន ទៅបង្កើតទ័ពលើកទៅលុកសម្ដេចព្រះអនុជនេះ ឃើញថាពិតមែនហើយ ព្រោះមានបំរើទៅមកតឿនការរាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី

ឧបាយកលស្ដេចកន[កែប្រែ]

សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំមមី ឯកស័ក ត្រូវបានព្រះជន្មវស្សា ២៤ ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយ ទើបទ្រង់ព្រះចិន្តាថា: ពាក្យដែលឮនេះប្រហែលជាមែន បានជាសម្ដេចព្រះជេដ្ឋាធិរាជធ្វើព្រងើយកន្តើយឲ្យបំរើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះបើព្រោះតែយើងមួយ យើងនឹងនៅឲ្យគេទើសទាល់រវល់ថ្វី ទើបស្ដេចនាំអស់បណ្ដាជាខ្ញុំ ៥០ នាក់ដោះរត់ជើងគោកទាំងរាត្រីនោះពីក្រុងចតុម្មុខ​ស្រូតរូតចូលទៅក្រុងទេពបុរីទៅ។ លុះស្ដេចទៅដល់ខេត្តពោធិ៍សាត់ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលទៅសំណាក់អាស្រ័យ នៅផ្ទះតាមឿង (ក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថា តាមឿងនេះមិនមែនឈ្មោះមឿង ឬ ឈ្មោះឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជាពេជ ដូច្នេះទៅវិញ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅ ទៅកើតជាអ្នកតាចាស់ស្រុក ដែលសៀមហៅអ្នកតាចាស់ស្រុកតាមពាក្យ វាថា "ខ្លាងមឿង" ហើយខ្មែរយើងហៅតាមវាយារៗ មកជាឃ្លាំងមឿងដូច្នេះទេឬ?) មេស្មឹងភ្នំក្រវាញ។ តាមឿងឃើញស្ដេចយាងទៅដល់ហើយក៏អរណាស់ ចុះមកអញ្ជើញស្ដេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយាស្ងោយ ថ្វាយសោយ តាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី ៨ ​សេះ ១០ និងកូនប្រុស ៤ នាក់ជាខ្ញុំ តាមហែស្ដេចទៅក្រុងទេព។ ព្រះចៅចន្ទរាជាបានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្ដេចលាតាមឿង ឡើងដំរី លើកចេញទៅតាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឲ្យមន្ត្រីសៀម នាំឡើងក្រាបបង្គំទូល ព្រះចៅចក្រពត្តិតាមដំណើរគ្រប់ប្រការ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: យើងនឹងជួយទំនុកបំរុងដល់អ្នក ហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរ គ្រឿងឧបភោគបរិភោគ សំរាប់យសសក្ដិ និង វាំងដំណាក់ ឲ្យស្ដេចគង់ខាងវត្តប្រណែងធឿន ជាសុខរៀងមក។

ស្ដេចកន ដែលចាត់មេកងទ័ព ឲ្យចេញសង្កត់ខេត្តតូចធំ កេណ្ឌរេហ៍ពលបានមកជួបជុំល្មមជាមាំមួនហើយ លុះបានដឹងថា ចៅពញាចន្ទរាជារត់ទៅស្រុកសៀម ដូចឧបាយដែលខ្លួនគិតដូច្នោះហើយក៏អរណាស់ ទើបប្រឹក្សានឹងនាយកងទ័ពថា:

ពីដើមអញញញើតតែ ចៅពញាចន្ទរាជាមួយអង្គនេះឯង ក្រៅពីនេះ អញពុំឃើញនរណា នឹងក្លាហានចេញតនឹងអញបានឡើយ។ ឥឡូវចៅពញាចន្ទរាជា រត់ទៅស្រុកសៀមបាត់ហើយ បើដូច្នេះគំនិតអញនេះ គង់នឹងបានសំរេច ដោយងាយជាមិនខាន។ ព្រះស្ដេចកនថាហើយ ក៏ប្រជុំរេហ៍ពលចាត់ទ័ពជាប៉ែកឆ្វេងប៉ែកស្ដាំ ទ័ពស្រួចលើកទៅបោះនៅចុងខេត្តស្រីសឈរ ដែនព្រះនគរហ្លួង

ចំណែកឯ ព្រះបរមបពិត្រ ដែលស្ដេចរង់ចាំព្រះស្ដេចកន នឹងចូលមកគាល់នោះ លុះយល់បាត់យូរពេក ក៏ត្រាស់សួរអ្នកព្រះស្នំឯកថា:

ប្អូនឯង ម្ដេចក៏ពុំឃើញចូលមក តើឯងឮដំណឹងដូចម្ដេចដែរ?

ព្រះម្នាងកេសរបុប្ផា ក្រាបទូលថា :

ខ្ញុំម្ចាស់ឲ្យបំរើទៅតឿនវា វាថាកុំឲ្យភ័យនឹងវា វាមិនក្បត់ទេ។ ថាកាលណា វាជូនរាស្ត្រទៅស្រុករួចហើយ វានឹងចូលមកក្រាបបង្គំគាល់។ ឥឡូវស្រាប់តែបាត់ទៅៗ ចាំព្រឹកនេះ ខ្ញុំម្ចាស់នឹងចាត់បំរើ ឲ្យទៅតឿនវាទៀត។

ចំបាំងព្រះអង្គ និង អនុជថ្លៃ[កែប្រែ]

កងល្បាតព្រះនគរ កាលឃើញថា ព្រះស្ដេចកនលើកកងទ័ពធំមក បោះនៅចុងខេត្តស្រីសឈរដូច្នេះហើយ ក៏ស្រូតរូតនាំយកសេចក្ដីនេះ ទៅប្ដឹងចៅពញាយមរាជ សេនាបតីនេះ ក៏នាំឡើងក្រាបបង្គំទូលថា :

ឥឡូវនេះ ព្រះស្ដេចលើកកងទ័ព មកបោះនៅចុងខែត្រស្រីសឈរ គឺចុងដែនក្រុងហើយ។ កងល្បាតទប់ពុំជាប់ ក៏រត់ចូលមកប្ដឹង។

សម្ដេចព្រះបរមពិត្រ លុះបានទ្រង់ជ្រាបហើយទ្រង់ខ្ញាល់ណាស់ ទ្រង់ត្រាស់ថា : "អញស្មានថាវា នឹងចូលមកគាល់បំរើ នៅជាខ្ញុំរាជការតទៅទៀតមិនដឹងជាវាមានគំនិតចិត្តធំដល់ម៉្លេះឡើយ" ។

ទ្រង់ត្រាស់តែប៉ុណ្ណេះហើយ ក៏ត្រាស់បង្គាប់ឲ្យកេណ្ឌកងទ័ព បានចំនួនជាងប្រាំពាន់ប្លាយនាក់ទើបទ្រង់ចាត់ហើយឲ្យនៅចាំរក្សាព្រះនគរពីរពាន់ ចាត់ឲ្យចៅពញាយោធាសង្គ្រាម លើកទៅជាទ័ពមុខ ១០០០ នាក់ ចៅពញាចក្រីលើកទៅជាទ័ពធំ ២០០០ នាក់។ លុះបានឫក្សពារពិលាល្អហើយ ចៅពញាយោធាសង្គ្រាម ក៏លើកទ័ពទៅជាមុន ចៅពញាចក្រី លើកទ័ពធំទៅជាក្រោយ ដោយក្បួនពិជ័យសង្គ្រាម។ ព្រះបាទបរមបពិត្រ ទ្រង់យល់ទ័ពមុខ ទ័ពធំ លើកចេញហើយ ទ្រង់ត្រាស់បង្គាប់មន្ត្រីក្រុម រក្សាព្រះអង្គ ឲ្យទៅអញ្ជើញសម្ដេចព្រះអនុជចន្ទរាជា នឹងឲ្យចេញជាមេទ័ពហ្លួងលើកទៅជាក្រោយទៀត។ ខណៈនោះមន្ត្រីមហាថៃ (ថៃ ត្រូវនឹង ផ្ទៃ រឺ ទៃ) (សព្វថ្ងៃហៅក្រសួងមហាផ្ទៃ) ក្រាបទូលថា: សម្ដេចព្រះអនុជជ្រាបថា ព្រះអង្គត្រាស់ប្រើ ព្រះស្ដេចកនឲ្យប្រមូលកងទ័ពនឹងលើកទៅលុកព្រះអង្គ។ ព្រះអង្គភ័យណាស់ ក៏ប្រមូលតែបណ្ដាជាខ្ញុំ ៥០ នាក់ រត់ទៅក្រុងទេពទាំងយប់នោះទៅហើយ។ ព្រះបាទបរមនាថ បរមពិត្រទ្រង់ជ្រាបហើយ ទ្រង់ស្ដាយណាស់ ទ្រង់ត្រាស់ថា: មិនគួរជាប្អូនមិនសួរបងសិន ​មិនគួររត់ចោល ឲ្យបងព្រួយដល់ម៉្លេះទេ។ ត្រាស់ហើយព្រះអង្គយាងចូលទៅខាងក្នុងទៅ។

ចៅពញាយោធាសង្គ្រាម កាលជិះដំរីចេញទៅជាមេទ័ពមុខនោះបានជួបនឹងទ័ព ព្រះស្ដេចកន។ ព្រះស្ដេចកន ក៏បរដំរីចេញចំមុខកងទ័ពនោះ ទើបចៅពញាយោធាសង្គ្រាម ស្រែកថា : " យើ អ្នកព្រះស្ដេច ម្ដេចក៏អ្នកឯងមិនកោតក្រែងព្រះចេស្ដាសោះ។ បំណាច់ទ្រង់ ព្រះមេត្តាប្រោសអ្នកឯងដល់ម៉្លេះម្ដេចក៏ហ៊ានចេញក្បត់ ប្រព្រឹត្តអកតញ្ញូនឹង ព្រះមហាករុណាទិគុណយ៉ាងនេះ"​​​​​​​?

ព្រះស្ដេចកន ឮហើយគិតថា: បើអញនឹងបើកឲ្យចៅពញាយោធាសង្គ្រាមនិយាយវែងទៅទៀតក្រែងកងទ័ពយល់ថាខ្លួនជាមនុស្សក្បត់ ពុំមែនជាត្រាស់ប្រើទេទើបឆ្លើយថា:

អ្នកឯងកុំនិយាយការអ្វីជាជ្រៅខាងក្នុងនោះឲ្យសោះ ទ្រង់ព្រះបណ្ដាំនឹងខ្លួនខ្ញុំសព្វគ្រប់ហើយ។

ព្រះស្ដេចកន ថាហើយក៏យឹតធ្នូបាញ់ទៅត្រូវដើមកចៅពញាយោធាសង្គ្រាម ចៅពញាយោធាសង្គ្រាម ក៏ធ្លាក់ពីលើដំរីស្លាប់មួយរំពេច។

កងទ័ពឃើញនាយបរាជ័យហើយ ក៏បែកទ័ពរត់ទៅរកកងទ័ពធំ។ ចៅពញាចក្រី កាលឃើញទ័ពមុខបែកមកហើយ ក៏កាល់ពលឲ្យចូលតយុទ្ធនឹងព្រះស្ដេចកន តែចៅពញាចក្រីទប់ពុំឈ្នះ ទើបថយទ័ពមកជិតព្រះនគរ ហើយបញ្ឈប់កងទ័ពនៅទីនោះ ដើម្បីរាំងទ័ពព្រះស្ដេចកន កុំឲ្យដេញចូលមកទៀត។ ខណៈនោះ ចៅពញាចក្រី ក៏បកសំបុត្រចាត់បំរើ ឲ្យចូលមកសុំកងទ័ពថែមទៅទៀត។ ព្រះបរមបពិត្រ ព្រះបាទសម្ដេចព្រះឝ្រីឝៅគន្ធបទជាម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យប្រជុំសេនាបតី មន្ត្រីបុរោហិតព្រឹទ្ធាចារ្យ អាមាត្យទាំងឡាយមកជួបជុំត្រាស់ប្រឹក្សា កិច្ចការរាជការសង្គ្រាម។ ខណៈនោះ ចៅពញាយមរាជ យកសេចក្ដីក្រាបទូលថា:

ទ័ពអាព្រះស្ដេចកន លើកមកឥឡូវនេះ ប្រកិតជិតព្រះរាជវាំងណាស់ហើយ ថាបើយើងឲ្យទៅកេណ្ឌកងទ័ពត្រើយខាងលិចមក ក៏មុខជាយូរហើយមកមិនទាន់ការណ៍ផង។ ថាពលកងល្បាតយើងមានតែ ១០០០០ នាក់ប៉ុណ្ណោះ ទូលព្រះបង្គំយល់ថា មិនសួនការណ៍នឹងទទួលតនឹងទ័ពធំ អាព្រះស្ដេចកន បានឡើយ។ ហេតុដូច្នេះហើយ ទូលព្រះបង្គំសូមអញ្ជើញព្រះអង្គថយទាំងគ្រប់គ្រួ ទៅឯក្រុងចតុម្មុខសិន។ ​​​លុះបានទ័ពគ្រប់សព្វហើយ សឹមលើកត្រឡប់មកកាត់ក្បាលអាក្បត់ផែនដីនេះ ដោតទុកជាបំរាមតទៅ។ ឯខ្លួនទូលព្រះបង្គំជាខ្ញុំ នឹង ចៅពញាចក្រីពីរនាក់នេះ នឹងយកអាសាការ (គឺការពារ ឬ ​​​​​​​​កាល់) គ្រប់គ្រួ មិនឲ្យអាព្រះស្ដេចកន វាមកធ្វើអុកឡុកឲ្យអន្តរាយបានឡើយ។ លុះធ្វើការរួចសព្វគ្រប់ហើយ ទូលព្រះបង្គំ នឹងលើកទ័ពតាមដង្ហែ ទ្រង់ព្រះករុណាទៅជាក្រោយ។


ព្រះពិជ័យនាគ នឹកខឹងព្រះស្ដេចកនណាស់ថាដ្បិតវាទទឹងរឹងនឹងសំបុត្របង្គាប់របស់ខ្លួន ដែលឲ្យចូលមកមិនចូលមកនេះមួយ ថាទ្រង់ប្រោសប្រាណម៉្លេះហើយនៅតែប្រែចិត្តជាគិតក្បត់វិញនេះមួយទើបព្រះពិជ័យយកសេចក្ដីក្រាបបង្គំទូលថា:

កូនប្រពន្ធញាតិសន្តាន របស់ទូលព្រះបង្គំជាខ្ញុំទាំងប៉ុន្មាននោះ សុំឲ្យនៅតាមហែព្រះករុណាជាអម្ចាស់ទៅជាមុនទាំងអស់ចុះ តែចំណែកខ្លួនទូលព្រះបង្គំជាខ្ញុំមួយ ទូលព្រះបង្គំសូមព្រះរាជទានពល ១០០០ នាក់​ចេញទៅតដៃនឹងអាកន ដែលក្បត់នោះយកថ្វីដៃថ្វាយ។ ថាបើទូលបង្គំជាខ្ញុំ ប្រែចិត្តក្បត់ជាមួយនឹងអាកនវិញ សូមឲ្យទូលព្រះបង្គំស្លាប់តែនឹងត្រូវគ្រឿងសស្ត្រាវុធ ហើយសូមឲ្យសំលាប់បុត្រភរិយា ញាតិសន្តានទូលព្រះបង្គំជាខ្ញុំទាំងអស់តាមសព្វព្រះរាជហឫទ័យ

ព្រះបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ហើយទ្រង់ឲ្យបុរោហិតអញ្ជើញគ្រឿងអាវុធមកពិធីសុំទឹកពិភទ្ទសច្ចា ឲ្យព្រះពិជ័យនាគផឹក។ ព្រះពិជ័យនាគផឹកស្រេចហើយ ព្រះបរមបពិត្រ ស្ដេចព្រះរាជទាន ពល ១០០០ នាក់ឲ្យទៅព្រះពិជ័យនាគឲ្យលើកជាក្បួនទ័ពចេញទៅ។

ថ្ងៃ ៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព្រះបរមបពិត្រ ព្រះអង្គទ្រង់នាំគ្រប់គ្រួហ្លួង ​និង គ្រប់គ្រួខ្ញុំរាជការ ចុះព្រះទីនាំង និងទូកទាំងពួងឆ្លងទៅតាំងទ័ពនៅចតុម្មុខ ស្រុកភ្នំពេញ។ ទ្រង់ឲ្យបន្ថយគ្រប់គ្រួ ទាំងក្នុងទាំងក្រៅ ទៅឈប់នៅបន្ទាយលង្វែក ហើយទ្រង់ត្រាស់ឲ្យរកកេណ្ឌកងទ័ព ថែមបានរេហ៍ពលមកដល់ ២៥០០ នាក់។ ខែត្រណាដែលនៅឆ្ងាយ ក៏ពុំទាន់មកដល់។ ឯពញាយមរាជ លុះឃើញទ័ពហ្លួងចេញផុតទៅហើយ ហើយពុំឃើញមានកងទ័ពព្រះស្ដេចកន លើកទ័ពចូលមកសោះក៏ថយទ័ពតាមហែឆ្លងមកចតុម្មុខស្រុកភ្នំពេញដែរ។

ព្រះស្ដេចកនលុះដឹងថាទ័ពហ្លួងថយចោលក្រុងហើយ ក៏លើកកងទ័ពរេហ៍ពល ៥០០០០ នាក់ចូលទៅវាយទ័ពចៅពញាចក្រី។ ចៅពញាចក្រីបែកទ័ពស្លាប់ទាំងខ្លួនក្នុងសង្គ្រាមទៀត។ ព្រះស្ដេចកនលើកទ័ពទៅដល់ទ្វារព្រះនគរ ក៏ប្រទះនឹងទ័ពព្រះពិជ័យនាគជាបិតា។ នាយកនគិតថា: បិតាខ្លួនមកនេះប្រាកដជាមកហាមប្រាមបញ្ចុះបញ្ចូលខ្លួន។ ថាបើដូច្នេះខ្លួននឹងនៅស្ងៀមឲ្យបិតានិយាយទៅក្រែងបែកការណ៍ថាខ្លួនជាមនុស្សក្បត់។ ​លុះគិតដូច្នេះហើយ ព្រះស្ដេចកនក៏ស្រែកឲ្យកងទ័ពចូលប្រកាប់នឹងបិតាខ្លួន តែឯបិតានេះ ព្រះស្ដេចកនឲ្យពលចូលចាប់នឹងដៃ កុំបីធ្វើឲ្យសៅហ្មងដល់រូបកាយឡើយ។ នាយកងទ័ព និង រេហ៍ពលឮហើយក៏ស្ទុះចូលទៅដេញចាក់កាប់តែពលៗ។ ខាងព្រះស្ដេចកនមានពលច្រើន ខាងបិតាមានពលតិច។ ពលខាងព្រះស្ដេចកនសំលាប់ពលខាងបិតាស្លាប់ជាច្រើន។ ព្រះពិជ័យនាគឃើញដូច្នេះក៏ទាល់ប្រាជ្ញានឹងហាមាត់ស្ដីហាមប្រាមពុំបាន។ មួយរំពេចនោះពិជ័យនាគ នាំរេហ៍ពលដែលសល់ពីស្លាប់នោះរត់តាមថ្នល់ព្រះនគរចេញទៅ។ អស់រាស្ត្រដែលសល់នៅក្នុងព្រះនគរផ្អើលវឹកវរកោលាហល។ កងទ័ពព្រះស្ដេចកន ក៏លើកដេញចូលទៅក្នុងព្រះនគរចាក់កាប់សំលាប់រាស្ត្រ ដែលសល់នៅនោះ ហើយដេញព្រះពិជ័យនាគទៀត។ ព្រះពិជ័យនាគ សល់ពលតែ ៥០០ នាក់នាំរត់ទៅជ្រកកោនក្នុងព្រះអារាម សម្ដេចព្រះសុគន្ធាធិបតី ឈ្មោះ ហៅ វត្តស្ដីធំជាគ្រូព្រះស្ដេចកន ហើយឲ្យពលបិទទ្វារកំពែងជាន់ក្នុងចាំទទួលច្បាំង។ កងទ័ពព្រះស្ដេចកន ដែលដេញទៅទាន់ ក៏តាំងចោមព្រះអារាមនោះជាមាំមួនព័ទ្ធច្រើនជាន់ច្រើនសង្កាត់។ វេលានោះ មានចលាចលជាខ្លាំង រេហ៍ពលក៏ស្លាប់ជាច្រើនណាស់ ទើបសម្ដេចព្រះសុគន្ធាធិបតី ទ្រង់ឮអ៊ឹកធឹកហើយទ្រង់ចេញមកទូត។ ឃើញហើយទ្រង់វេទនានឹងមនុស្សស្លាប់ជាច្រើននាក់នោះណាស់ ទើបសម្ដេចព្រះសុគន្ធាចេញមកឲ្យកងទ័ពឈប់ ហើយហៅព្រះស្ដេចកនឲ្យចូលទៅសំពះសុំទោសបិតា។ លំដាប់តមក ព្រះសុគន្ធាធិបតីប្រាប់ពិជ័យនាគថា: កូនអ្នកឯងនេះនឹងមានបុណ្យជាព្រះមហាក្សត្រក្នុងកម្ពុជានេះហើយ។

ព្រះពិជ័យនាគកាលបានស្ដាប់ថេរវាចាហើយក៏ក្រាបទូលថា: បើសម្ដេចមានបន្ទូលដូច្នោះ បុត្រភរិយាញាតិសន្តានរបស់ខ្ញុំព្រះករុណាមិនស្លាប់អស់ហើយឬ? ថាហើយព្រះពិជ័យនាគ ក៏ហូតដាវស្ទុះទៅនឹងកាប់ព្រះស្ដេចកន។ តែពេលនោះអស់សេនាទាហាន រេហ៍ពលខាងព្រះស្ដេចកនព្រួតគ្នាចូលទៅដណ្ដើមចាប់យកដាវនោះ។ សម្ដេចព្រះសុគន្ធាធិបតីនាំព្រះពិជ័យនាគយកទៅទុកក្នុងព្រះវិហារ។ ក្រោយនោះ សម្ដេចព្រះសុគន្ធាធិបតី ស្ដេចមានថេរវាចាឲ្យបិតា និងបុត្រសះជានឹងគ្នាទៅ។ លុះផ្សះផ្សាស្រេចហើយ សម្ដេចឲ្យកងទ័ពយកគ្រឿងអាវុធមកប្រគងប្រកល់ដល់កំពស់ស្មើក្បាល ហើយស្ដេចឲ្យពិជ័យនាគ និងព្រះស្ដេចកនឡើងលើគំនរអាវុធទាំងពីរនាក់ ឲ្យបិតា និង បុត្រសត្យសញា (សម័យពីដើមបូរាណចារ្យច្រើនយកនាមនាមមកធ្វើជាកិរិយាសព្ទ)។ សម្ដេចព្រះសុគន្ធាធិបតីធ្វើជាអាចារ្យស្រោចទឹក ចំរើនជ័យមង្គលសិរីសួស្ដីឲ្យទាំងពីរនាក់។ ស្រេចហើយ ព្រះស្ដេចកនឲ្យរេហ៍ពលយកគ្រឿងអាវុធនោះទៅធ្វើជាចបជីកដីលើកជាថ្នល់ (សាស្ត្រាខ្លះថាយកអាវុធនោះទៅកប់ហើយយកដីលុបពីលើធ្វើជាថ្នល់) ថ្វាយសម្ដេចព្រះសុគន្ធាធិបតី ត្រង់ផ្លូវចេញពីព្រះវិហារ ពីអារាមរៀងទៅ ហើយប្រែឈ្មោះវត្តស្ដីធំនោះ ឲ្យឈ្មោះវត្តព្រះថ្នល់ រៀងមកដល់ឥឡូវនេះ។

លុះសុរេចការហើយ ព្រះស្ដេចកនចាត់ចែងនាយកងទ័ពឲ្យចេញកេណ្ឌសង្កត់ខេត្តធំតូច ត្រើយខាងកើតទាំងអស់ ហើយឲ្យប្រមូលមកជួបជុំលើកទ័ពជើងគោកជើងទឹកសន្ធឹកមហិមាឆ្លងទៅវាយបន្ទាយភ្នំពេញទៀត។

ព្រះបរមបពិត្រកាលបានទ្រង់ជ្រាបថា: ព្រះស្ដេចកនលើកទ័ពមកហើយ ក៏ស្ដេចចាត់រេហ៍ពល សកលយោធា លើកចេញទៅទទួលច្បាំងនឹងស្ដេចកន ៣ថ្ងៃ តែពុំទាន់ឈ្នះចាញ់សោះ។ ព្រះស្ដេចកនយល់ថា: ទ័ពខាងព្រះបរមបពិត្រ របឹងរឹងរូសណាស់នឹងវាយបង្ខំមិនបានទេ លុះវេលាយប់ស្ងាត់ ក៏ឱ្យកងទ័ព ៥០០០០ នាក់ឆ្លងទៅព័ទ្ធបន្ទាយភ្នំពេញពីទិសខាងលិចឲ្យមួយកងទៀតទៅព័ទ្ធពីខាងត្បូង។ កងទ័ពព្រះបរមបពិត្រតែ ៣០០០០ នាក់កងទ័ពខាងព្រះស្ដេចកន នាយកងនាយទ័ពចេះតែកេណ្ឌបញ្ចូលមកបានជួបជុំទាំងមុនទាំងក្រោយ ១២០០០០ នាក់លើកចោមបន្ទាយភ្នំពេញជាបីផ្លូវ ព្រមដោយនៅកាំភ្លើងធំតូច ធ្នូស្នាឧបមាបីដូចជាម្រោមចោមសំបុក ជាសន្ធឹកគឹកកងពន់ប្រមាណ។

ព្រះបាទបរមពិត្រ ស្ដេចចេញកងទ័ពទៅក៏ឃើញថា: កងទ័ពព្រះស្ដេចកនច្រើនក្ដាត់ចោមព័ទ្ធជាបីផ្លូវដូច្នេះហើយកងទ័ពខាងព្រះអង្គក៏ចេះតែរត់រាមិនទទួលច្បាំងសោះ។ ខណៈនោះ ព្រះអង្គថយទ័ពទៅតាំងនៅខេត្តលង្វែក បន្ថយគ្រប់គ្រួឲ្យទៅឈប់នៅសំរោងសែន ដែនខេត្តអាសន្ទុក (សព្វថ្ងៃសំរោងសែនជាឃុំមួយ នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង)។ ស្ដេចចាត់នាយកង នាយទ័ពឲ្យទៅកេណ្ឌកងទ័ពពីខេត្តខាងជើងថែមទៀត។

ស្ដេចកន ​​​កាលបានវាយបន្ទាយភ្នំពេញបែកហើយក៏ដេញកងទ័ពចូលបន្ទាយចាប់អស់រាស្ត្រប្រជា រឹបយកស្បៀងអាហារសស្ត្រាវុធបានជាច្រើន ហើយក៏តាំងនាម៉ឺនសព្វមុខមន្ត្រី ចៅហ្វាយស្រុកធំតូច ឲ្យចេញទៅសង្កត់ខេត្តខាងត្បូង ខាងលិច គឺខេត្តបាទី ព្រៃក្របាស ទ្រាំង បន្ទាយមាស កំពត កំពង់សោម ខេត្តបាសាក់ ព្រះត្រពាំង ឪម៉ោ ក្រមួនស ទឹកខ្មៅ រៀងដល់ព្រៃនគរ បារៀ ដូនណាយ លង់ហោ ផ្សារដែក សឹងចុះចូលព្រះស្ដេចកនទាំងអស់ ព្រោះក្នុងវេលានោះ បណ្ដារាស្ត្រចូលចិត្តថា: ព្រះស្ដេចកននេះ ជាអ្នកមានបុណ្យ ទើបអាណាប្រជានុរាស្ត្រ នាំគ្នាមកថ្វាយបង្គំ ចុះចូលជាច្រើន។

លុះដល់មកឆ្នាំ កុរ សប្តស័ក ព.ស. ២០៥៩ - គ.ស. ១៥១៥ - ម.ស. ១៤៣៧ - ច.ស. ៨៧៧ ព្រះស្ដេចកន ចាត់ចែងកងទ័ពជា ៤កង ឲ្យលើកទៅវាយបន្ទាយលង្វែកមួយកង មានរេហ៍ពល ៤០០០០ នាក់ឲ្យលើកទៅនៅបន្ទាយភ្នំពេញមួយកង មានរេហ៍ពល ៥០០០០ នាក់ឲ្យលើកទៅខាងផ្លូវទន្លេធំមួយកងមានពល ៣០០០០ នាក់។ តែខ្លួនព្រះស្ដេចកនឯង មានកងពល ៤០០០០ នាក់ត្រឡប់ទៅនៅខែត្រស្រីសន្ធរវិញ។

មេទ័ពដែលព្រះស្ដេចកនឲ្យទៅវាយបន្ទាយលង្វែកនោះបានលើកទៅចោមវាយមួយថ្ងៃហើយ តែមិនទាន់ជាបានការយ៉ាងណានៅឡើយ។ ឯមេទ័ពដែលទៅខាងផ្លូវទន្លេធំនោះ លុះទៅដល់ខែត្រកំពង់សៀមហើយ ​ក៏បោះបន្ទាយបញ្ឈប់ទ័ពចាំស្ដាប់កិច្ចកលចៅហ្វាយស្រុកនានា។ ចៅហ្វាយស្រុកខែត្រកំពង់សៀម ស្ទឹងត្រែង ដឹងថាមេទ័ពខាងព្រះស្ដេចកនលើកទ័ពចូលមកដល់ខែត្ររបស់ខ្លួនហើយ ក៏កេណ្ឌទ័ពបំរុងទុកចាំទទួលច្បាំងហើយក៏បកសំបុត្រប្ដឹងទៅសេនាបតីគ្រប់ប្រការ។ សេនាបតីយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ។ ព្រះបរមបពិត្រទ្រង់ជ្រាបគ្រប់ប្រការហើយទ្រង់ត្រាស់ថា: ខាងនេះមានកងទ័ពចូលមកចោមរោមខាងនោះក៏មានកងទ័ពទៅចោមដែរ។ បើដូច្នេះយើងនឹងចែកកងទ័ពឲ្យទៅជួយខ្លះកាលណាឡើយទ័ពយើងនឹងទ្រាំនឹងទ័ពសត្រូវបាន។ ព្រះបរមបពិត្រទ្រង់ត្រាស់តទៅទៀតថា: ពីដើមឡើយសង្ឃឹមសម្ដេចព្រះអនុជចន្ទរាជា ឥឡូវសម្ដេចព្រះអនុជចាញ់ឧបាយកលសត្រូវរត់ទៅក្រុងទេពបាត់ទៅហើយ។ នៅឡើយសង្ឃឹមតែចៅពញាយសរាជា ដែលឧកញ៉ាយមរាជយកទៅរក្សាតែបុត្រាក៏ទើបតែនឹងបានព្រះជន្មបួនប្រាំខួបប៉ុណ្ណោះនឹងរំពឹងលើអ្នកណាក៏ពុំបានទើបទ្រង់ត្រាស់ប្រើ ចៅពញាក្រឡាហោមឲ្យឃុំពលដែលទើបនឹងមកដល់ថ្មីនោះ ១០០០០ នាក់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើត។ ចៅពញាក្រឡាហោម បានទទួលរាជបញ្ជាហើយ ក៏ថ្វាយបង្គំ ឃុំពល ១០០០០នាក់នោះ លើកឆ្លងទៅតាមព្រះរាជបញ្ជា។ ព្រះបរមបពិត្រស្ដេចទុកទាហានឲ្យនៅរក្សាបន្ទាយលង្វែកតែពល ២៥០០០ នាក់ប៉ុណ្ណោះ។

មេទ័ពដែលព្រះស្ដេចកនឲ្យលើកទៅចោមទ័ពហ្លួងនៅបន្ទាយលង្វែកនោះ កាលដឹងថាបន្ទាយនោះធ្វើមាំមួនណាស់ ​​​​​​​​​​​​​​ប៉ុន្តែកងទ័ពដែលនៅរក្សាបន្ទាយនោះមានតែ ២៥០០០ នាក់ទេក៏មានសំបុត្របកមកសុំកងទ័ពពីបន្ទាយចតុម្មុខបាន ១០០០០ នាក់ទៀតជា ៥០០០០ នាក់ព្រមដោយគ្រឿងសស្ត្រាវុធផង។ កាលបានទ័ពហើយមេទ័ពខាងព្រះស្ដេចកន ក៏លើកទៅចោមបន្ទាយលង្វែកច្បាំងបាញ់គ្នាអស់ ៤យប់ ៤ថ្ងៃ ពុំឈប់ឈរសោះ។ វាយផ្លាស់គ្នាចូលចោមជាមាំមួនណាស់។ កងទ័ពហ្លួង ដែលមានរេហ៍ពលតិចក្រឡេកមើលទៅខាងកងទ័ពសត្រូវ ដែលផ្លាស់គ្នាដូចជាគេមានកងទ័ពថែមមកទៀតព្រះអង្គក៏យល់ថានឹងទ្រាំទៅទៀតពុំបានឡើយទើបទ្រង់ថយទ័ពទៅតាំងនៅខេត្តអម្រាគគិរិន្តបូណ៌ (គឺស្រុកបរិបូណ៌សព្វថ្ងៃនេះ)។ ទ្រង់ឲ្យបន្ថយគ្រប់គ្រូទៅនៅសំរោងសែន ក្នុងខែត្រសន្ទុកអស់។

មេទ័ពព្រះស្ដេចកន ក៏លើកទ័ពដេញតាមទៅ។ ចំណែកចៅពញាក្រឡាហោម ជាមេទ័ពហ្លួងដែលហ្លួងបង្គាប់ឲ្យលើកឆ្លងទៅជួយខែត្រខាងកើតនោះ លុះដល់ពាក់កណ្ដាលផ្លូវ ដឹងថាទ័ពហ្លួង បែកនឹងទ័ពសត្រូវហើយ ក៏លើកកងទ័ពត្រឡប់មកវាយទ័ពសត្រូវពីខាងក្រោយវិញ។ ឯសត្រូវ ក៏រាយទ័ពវាយត្រឡប់មក ប្រកាប់គ្នាយ៉ាងក្លាហាននឹងទ័ពចៅពញាក្រឡាហោមជាមេទ័ពហ្លួង។ ទ័ពសត្រូវនៅក្នុងចំណោមរេហ៍ពលហ្លួង ដែលវាយផ្ទប់ទាំងសងខាង ក៏ស្លុតស្លាប់ជាច្រើនពាន់ប្លាយ អន្តរាយបែកទ័ព រត់ត្រឡប់ចូលមកភ្នំពេញវិញ។

ឯសម្ដេចព្រះបរមបពិត្រ (មហាក្សត្រខ្មែរ) ស្ដេចត្រាស់ឲ្យចៅពញាសួគ៌ាលោក (ចៅហ្វាយស្រុកខែត្រពោធិ៍សាត់) ជាមេទ័ពឃុំពល ១០០០០ នាក់ ទៅឈររក្សាខែត្ររលាប្អៀ ឲ្យចៅពញាយមរាជជាបិតាលៀង (ឪពុកចិញ្ចឹម) របស់ចៅពញាយសរាជានាំពល ៥០០០ នាក់ ទៅវាយយកខែត្រខាងកើតឲ្យបានមកវិញ។ លុះចាត់ការរួចហើយ សម្ដេចព្រះបរមបពិត្រ លើកទ័ពទៅប្រជុំនៅខែត្រអាសន្ទុក

ចៅពញាយមរាជ បានទទួលព្រះរាជបញ្ជាហើយ ក៏ចាត់ចែងកងទ័ពជាប៉ែកមុខប៉ែកក្រោយប៉ែកឆ្វេងប៉ែកស្ដាំហើយលើកទ័ពចេញទៅ។ លុះទៅដល់ខែត្របារាយណ៍ ចៅពញាយមរាជ ក៏បានជួបនឹងទ័ពខាងមេទ័ពព្រះស្ដេចកន ហើយបានច្បាំងគ្នាជាកោលាហលយ៉ាងខ្លាំង។ ក្រោយដែលបានច្បាំងគ្នា ជាច្រើនយប់ច្រើនថ្ងៃមក ទ័ពខាងចៅពញាយមរាជ មានកំលាំងជាងខាងមេទ័ពព្រះស្ដេចកន ដូច្នេះចៅពញាយមរាជ ក៏បញ្ជាឲ្យទ័ពដេញមេទ័ពស្ដេចកនរហូតទៅ ហើយយកបានខែត្របារាយណ៍ ជើងព្រៃ កំពង់សៀម ស្ទឹងត្រង់ រួចចាត់មន្ត្រីឲ្យនៅរក្សាខែត្រទាំងនោះយ៉ាងមាំមួន។ តមក ចៅពញាយមរាជ ក៏លើកទ័ពទៅក្រាបបង្គំទូលព្រះបរមបពិត្រនៅខែត្រអាសន្ទុកថាបានវាយឈ្នះ ហើយយកបានខែត្រទាំងនេះតាមកិច្ចរាជការហើយដើម្បីសូមទ្រង់ជ្រាបគ្រប់ប្រការ។

សម្ដេចព្រះបរមបពិត្រ ស្ដេចទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់។

ស្ដេចកន តាំងតែពីវាយយកបានបន្ទាយភ្នំពេញមក ក៏ចាត់មេទ័ពឲ្យនៅរក្សាបន្ទាយនោះ យ៉ាងមាំមួន តែខ្លួនព្រះស្ដេចកន ត្រឡប់ទៅគ្រងស្រុកបាសានវិញ។ តមក ព្រះស្ដេចកន ក៏តាំងតែឲ្យកេណ្ឌទ័ពមកថែមទៀតបានទ័ពទាំងថ្មីទាំងចាស់ចំនួនទាំងអស់ដប់ម៉ឺននាក់ ហើយឲ្យធ្វើព្រះរាជពិធីលើកខ្លួនឯងឡើងជាមហាឧបរាជភូសំរេចរាជការមហាក្រស័ត្រសឹក។ ស្ដេចកន ឲ្យធ្វើទង់ពណ៌ក្រហម ប៉ាក់រូបនាគក្បាល៨ សំរាប់ទ័ព។ ខ្លួនស្ដេចកនបាំងក្លស់ដូចស្ដេច។ ហេតុនេះហើយ ​​បានជាមានពាក្យរាស្ត្រប្រជាហៅថា ស្ដេចកន តាមឈ្មោះពីឪពុកឲ្យខ្លះ តាមឈ្មោះដែលហ្លួងប្រទានឲ្យខ្លះ គឺហៅតាមឈ្មោះដែលគ្រូឲ្យខ្លះ។ មហាឧបរាជ កន តែងតាំងមន្ត្រីក្រៅ និង ក្នុងក្រុងជាស្រេចហើយ ទើបឲ្យព្រះពិជ័យនាគរក្សាបន្ទាយក្នុងនគរ។ ឯខ្លួនឯងលើកទ័ពឆ្លងទៅបោះ នៅខែត្រកំពង់សៀម

អស់មុខមន្ត្រី ដែលចៅពញាយមរាជឲ្យនៅរក្សាខែត្រទាំងឡាយ ដែលដណ្ដើមយកបានពីមេទ័ពស្ដេចកន កាលបើឃើញទ័ពរបស់សត្រូវ ច្រើនលប់លើសកំលាំងណាស់ ក៏រត់ប្រាសយកតែអាយុសព្វខ្លួន រួចចូលទៅក្រាបបង្គំទូលព្រះបរមពិត្រគ្រប់ៗគ្នា។

មហាឧបរាជកន លុះចូលតាំងបន្ទាយរាយទ័ពខ្ជាប់ខ្ជួនហើយ ទើបគិតឧបាយកលចាត់បំរើឲ្យទៅក្រាបទូល ព្រះបរមបពិត្រ។ លុះបំរើទៅដល់ ក៏ចូលប្ដឹងសេនាបតីសេនាបតីនាំឡើងគាល់ ព្រះបរមបពិត្រជាអម្ចាស់។ ខណៈនោះ ព្រះបាទឝ្រីឝៅគន្ធបទ ស្ដេចកំពុងចេញជួបជុំរាជសេវកាមាត្យ ជានាយកងខាងទ័ពហ្លួងកាលបើទ្រង់បានជ្រាបថាបំរើពីអាកនក្បត់ចូលមកហើយ ទ្រង់ក៏ត្រាស់ឲ្យដាក់ក្ដីម្ចាស់ និង ញាតិសន្តានវា ៥ ប្រការធ្វើហាក់ដូចជានឹងប្រហារជីវិត ហើយឲ្យចេញមកទទួលបំរើដែលចូលមកក្រាបបង្គំពេលនោះ។ លុះបំរើចូលដល់ព្រះរាជទីនាំងហើយ ព្រះបរមបពិត្រស្ដេចត្រាស់បង្គាប់ឲ្យអាល័ក្សទទួលសំបុត្រពីបំរើនោះមកសូត្រថ្វាយ។ សំបុត្រនោះមានសេចក្ដីថា:

"សូមទ្រង់ព្រះមេត្តាប្រោស ឃុនហ្លួងព្រះស្ដេចធិបតីទូលបង្គំជាខ្ញុំនេះ កាលដើមឡើយមានទោសសូមក្រាបថ្វាយបង្គំក្រោមល្អងធូលីព្រះបាទ សូមទ្រង់ជ្រាប។

ដ្បិតទូលព្រះបង្គំ ដែលបានធ្វើការមកទាំងម៉្លេះ មិនបានមានចិត្តប្រទូសរ៉ាយ ដល់ល្អងធូលីព្រះបាទក៏ទេគឺធ្វើនេះដោយខ្លាចព្រះរាជអាជ្ញាដោយពិតណាស់ ទើបបានជាទូលព្រះបង្គំគិតធ្វើការនោះឲ្យគង់តែជីវិតតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ទូលព្រះបង្គំមានចិត្តចង់មកនៅជាខ្ញុំ ល្អងធូលីព្រះបាទ ដូចកាលអំពីដើមរៀងមក ប៉ុន្តែក្រែងទ្រង់ជាអម្ចាស់ពុំប្រោសព្រះរាជទាន។

សេចក្ដីនេះ បើទ្រង់ជាអម្ចាស់ ទ្រង់ព្រះមេត្តាប្រោស អភ័យទោសនោះសូមព្រះបរមបពិត្រស្ដេចព្រះរាជទានម្ដាយ និងញាតិកា បងប្អូន ទៅទូលព្រះបង្គំជាមុនចុះដើម្បីឲ្យទូលព្រះបង្គំបានឃើញមុខនឹងបំបាត់ទុក្ខដោយសារព្រះរាជហឫទ័យទ្រង់ព្រះករុណាប្រោស។ ថាបើព្រះបរមបពិត្រទ្រង់នៅព្រះរាជករុណាមែនទូលព្រះបង្គំនឹងរំលាយកងទ័ពទាំងដប់ម៉ឺនឲ្យត្រឡប់ទៅកាន់ទីលំនៅតាមស្រុកទេស រៀងៗខ្លួនវិញជាពុំខាន។ គួរពុំគួរ សូមទ្រង់ព្រះករុណាប្រោស"។

សម្ដេចព្រះឝ្រីឝៅគន្ធបទ ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះពិរោធណាស់ ស្ដេចត្រាស់ឲ្យចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកអាសន្ទុកធ្វើសំបុត្រតបហើយប្រគល់ឲ្យបំរើវិញ។ បំរើបានសំបុត្រតបហើយ ក៏ក្រាបថ្វាយបង្គំលានាំសំបុត្រនោះដល់សម្ដេចមហាឧបរាជកន។ សម្ដេចមហាឧបរាជកន បើកស្រោមសំបុត្រមើលមានសេចក្ដីថា:

អ្នកចៅពញាឧទ័យធិរាជអគ្គមហាសេនា សេនាធិបតី ចៅហ្វាយខែត្រអាសន្ទុក ខាងក្រុមមហានគរ

"ឲ្យមកដល់ ឃុនលួងព្រះស្ដេចធិបតី" ឲ្យបានដឹង។

ដ្បិតក្នុងសំបុត្រឃុន ក្រាបទូលទៅព្រះបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូងនោះ មានសេចក្ដីថាសូមឲ្យទ្រង់ព្រះរាជទានគ្រប់គ្រួ និងម្ដាយមកឲ្យឃុនជាមុននោះពុំត្រឹមត្រូវតាមទំនៀមទេ។ បើឃុនមានចិត្តស្លូតត្រង់មែនគួរឃុនរៀបខ្លួនរំលាយកងទ័ពចូលតែខ្លួនទៅក្រាបបង្គំទូលគាល់ព្រះបាទអ្នកជាអម្ចាស់ទើបត្រូវតាមសណ្ដាប់អម្ចាស់និងខ្ញុំ។ បើឃុនប្រែចិត្តលែងក្បត់ មកប្រកាន់ចិត្តកតញ្ញូហើយរំលាយទ័ពចោលទៅនោះ យើងនឹងជួយបង្គំទូលសុំទោសឲ្យឃុន។ បើឃុនប្រឹងរឹងទទឹង មិនចូលទៅ គាល់ទេ យើងនឹងឲ្យសំលាប់ម្ដាយឃុន និង គ្រប់គ្រួទាំងអស់ឲ្យស្លាប់ពុំត្រាប្រណីឡើយ"។

ស្ដេចកន មហាឧបរាជភូសំរេចរាជការមហាក្រស័ត្រសឹក លុះអានចប់សេចក្ដីហើយ យល់ពុំដូចគំនិតរបស់ខ្លួន ក៏ឲ្យបំរើនាំសំបុត្រនោះទៅជូនព្រះពិជ័យនាគជាបិតាឲ្យបានដឹងផង។ ព្រះពិជ័យនាគ កាលបើបានដំណឹងថាមានសំបុត្រពីចៅពញាឧទ័យធិរាជមកដូច្នេះ ក៏ស្ទុះរត់ទៅប្រុងនឹងទទួលសំបុត្រនោះហើយនឹងដើម្បីសុំមហាឧបរាជកនកុំឲ្យធ្វើទ័ពតទៅទៀត។ លុះរត់ទៅដល់ទន្ទឹមនឹងទ្វារក៏ភ្លាត់ជើងដួលទៅត្រូវនឹងចុងដាវដែលដាក់នឹងដៃកែវចំចន្លោះឆ្អឹងដងកាំបិត ហើយដួលចុះសន្លប់បាត់ស្មារតីក្នុងទីនោះទៅ។ បាវព្រាវដែលនៅក្នុងទីនោះឃើញហើយក៏គ្រាហ៍ព្រះពិជ័យនាគទៅដាក់ឲ្យដេកនៅលើគ្រែ ហើយឲ្យបំរើទៅថ្វាយដំណឹងដល់មហាឧបរាជកនតាមដំណើរគ្រប់ប្រការ។

មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក បានជ្រាបថា បិតាត្រូវអាវុធមានរបួសជាទំងន់ណាស់ ក៏ថយកងទ័ពស្រូតរូតចូលមក។ លុះដល់មកបន្ទាយក្នុងព្រះនគរក៏ល្មមនឹងពេលដែលព្រះពិជ័យនាគអនិច្ចកម្មទៅដែរ។ មហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក ដឹងថាបិតាក្ស័យហើយ ក៏ទ្រង់វិយោគសោកអាល័យផ្សេងៗ ហើយផ្អាកការសង្គ្រាមដើម្បីធ្វើបុណ្យសពបិតាឲ្យបានជាឧឡារិក។

ចំណែកឯសម្ដេចព្រះឝ្រីឝៅគន្ធបទកាលទ្រង់ជ្រាបថា ព្រះពិជ័យនាគក្ស័យជីវិតហើយ ហើយព្រះស្ដេចកន ថយកងទ័ពទៅធ្វើបុណ្យឪពុកដូច្នោះ ទ្រង់ក៏ត្រាស់បង្គាប់ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខេត្តអាសន្ទុកឲ្យលើកកងទ័ពទៅវាយយកបន្ទាយលង្វែក ខែត្រកំពង់សៀមឲ្យបានហើយឲ្យលើកទៅវាយយកខែត្រត្បូងឃ្មុំទៀត។ ទ្រង់ឲ្យចៅពញាក្រឡាហោមលើកទ័ពទៅវាយយកបន្ទាយភ្នំពេញ។

ចៅពញាឧទ័យធិរាជ ចៅហ្វាយខែត្រអាសន្ទុក ចៅពញាក្រឡាហោម ចៅពញាសួគ៌ាលោកជាមេទ័ពហ្លួងទាំង ៣ នាក់នោះបានទទួលព្រះរាជបញ្ជាហើយ ក៏ក្រាបថ្វាយបង្គំលាចេញទៅចាត់ចែងសេនាទាហានរេហ៍ពល ១០០០០ នាក់ដើម្បីលើកទៅវាយបន្ទាយសត្រូវទាំងបីអន្លើ។ ក្នុងគ្រានោះមេទ័ពខាងមហាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹក ក៏ចាត់កងទ័ពឲ្យឡើងច្បាំងរក្សាបន្ទាយគ្រប់កង ហើយធ្វើសំបុត្រប្ដឹងទៅដល់មហាឧបរាជកន។ មហាឧបរាជភូសម្រេចរាជការ មហាក្រស័ក្រសឹកកាលបានដឹងថា ព្រះបរមបពិត្រស្ដេចចាត់មេទ័ពហ្លួងឲ្យមកវាយទ័ពខ្លួនដូច្នោះ ក៏ស្រើបស្រួលជាសេចក្ដីក្សេមក្សាន្ត ទើបចាត់ភោជឲ្យលៀងសេនាទាហានយ៉ាងធំ។ វេលាកំពុងស៊ីលៀងនោះ សេនាទាហានទាំងអស់និយាយគ្នាថា:

មហាឧបរាជយើង លោកធ្វើបុណ្យបិតានោះ បើមើលមុខលោកទៅឃើញថាលោកមានទុក្ខជាទំងន់ណាស់។ លោកធ្វើបុណ្យមិនទាន់ហើយផងគឺទើបតែនឹងមកសង្គាយនាហើយមានសំបុត្រប្ដឹងមកថា មានទ័ពចោមបន្ទាយនោះ លោកត្រឡប់ជាស្រើបស្រួលសប្បាយទៅវិញ។ ដូច្នេះ តើមានហេតុដូចម្ដេច ទើបបានជាមហាឧបរាជ លោកស្រើបស្រួលសប្បាយយ៉ាងនេះ?

មហាឧបរាជ កន ឮហើយឆ្លើយថា: អ្នកចាំពុំច្បាស់ទំនៀម ព្រះនគរនេះទេឬអ្វី? តាមទំនៀមរដូវចូលឆ្នាំថ្មីនេះមួយ ពេលគេធ្វើបុណ្យសពបិតាគេនេះមួយ ទោះបីម្ដេចម្ដាក៏គេតែងតែឈប់ធ្វើសង្គ្រាមកំណត់មួយរយថ្ងៃសិនដែរ ឥឡូវនេះស្ដេចនេះធ្វើល្មើសនឹងបទព្រះអយ្យការយ៉ាងនេះហើយ នោះយើងយល់ថា ស្ដេចនឹងអស់បុណ្យជាពិត ហើយផែនដីនឹងបានមកយើងដូចទំនាយលោកគ្រូទាយឲ្យយើងមិនខាន។

នាយកនថាតែប៉ុណ្ណេះហើយ ហេតុតែជាបុណ្យក៏បណ្ដាលឲ្យឃើញអស្ចារ្យជានាគមួយហោះព័ទ្ធរោងបុណ្យនោះ ៣ ជុំ។ ខណៈនោះមន្ត្រីសេនាទាហានទាំងអស់ ក៏ទះដៃតាំងហ៊ោថា: បន្ទូលព្រះមហាឧបរាជនោះ ពិតដូចទំនាយហើយ។

ចាប់តាំងពីនោះមកមន្ត្រីសេនាទាហាន ក៏ព្រមព្រៀងគ្នាប្រឹងខំធ្វើការទ្វេមួយជាប្រាំ។ ពេលនោះ សេនាទាហានដែលជាមេកំណែន កេណ្ឌរេហ៍ពល បានពីខែត្រខាងកើត ១២០០០០ នាក់ហើយនាំមកថ្វាយស្ដេចកន។ មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក យល់ថា ពលជួបជុំហើយទើបតាំងនាយកៅជាប្អូនម៉ែបានដែលត្រូវជាមាខ្លួនបង្កើតឲ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈ ហើយឲ្យឃុំពលមួយម៉ឺនប្រាំពាន់ លើកទៅជួយមេទ័ពរបស់ខ្លួន ដែលតាំងបន្ទាយនៅភ្នំពេញតនឹងទ័ពចៅពញាក្រឡាហោមដែលជាមេទ័ពហ្លួង តាំងពីឧកម៉ឺនកែវជាចៅពញាក្រឡាហោមឲ្យឃុំពល ១៥០០០ នាក់ឲ្យជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅលង្វែកតនឹងទ័ពចៅពញាសួគ៌ាលោកជាមេទ័ពហ្លួង។ ឯខ្លួនមហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក ឯងវិញឃុំពល ៤០០០០ នាក់លើកទៅជួយមេទ័ពខ្លួនដែលតាំងបន្ទាយនៅខែត្រកំពង់សៀមតនឹងទ័ពចៅពញាឧទ័យធិរាជ។ ខណៈនោះ មេទ័ព និងខ្លួនមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក លើកទៅដល់បន្ទាយទាំង ៣ ហើយក៏ចូលតនឹងមេទ័ពហ្លួង ទាំង ៣ ផ្លូវបានចូលតតាំងច្បាំងគ្នាតាំងពីអាវុធវែងរហូតដល់អាវុធខ្លីចូលប្រកាប់គ្នា កងទ័ពពីក្នុងបន្ទាយក៏បើកទ្វារបន្ទាយវាយផ្ទប់មកកងទ័ពហ្លួងនៅកណ្ដាលចំណោម។ កងទ័ពហ្លួងត្រូវនឹងអាវុធវែងខ្លី ស្លាប់អស់ជាច្រើន។ មេទ័ពហ្លួងទាំង៣ ផ្លូវ ក៏បែកទ័ពរត់ថយទៅក្រាបបង្គំទូលថ្វាយទោសគ្រប់ៗគ្នា។ សម្ដេចព្រះបរមបពិត្រទ្រង់ប្រោសប្រណីដល់មេទ័ពទាំង ៣ នាក់មិនឲ្យមានទោសឡើយទ្រង់ប្រោសឲ្យធ្វើរាជការរៀងរាល់ខ្លួនតទៅទៀត។

សម្ដេចព្រះឝ្រីឝៅគន្ធបទ ទ្រង់អាណិតលើកទោសមេទ័ពទាំង ៣ ហើយទ្រង់ត្រាស់បង្គាប់ឲ្យមន្ត្រីចេញទៅកេណ្ឌកងទ័ពពីខេត្តស្ទឹងត្រង់មួយ គោកខាន់មួយ សូរិន្ទមួយ ខ្លងសិញមួយ រិមជួសមួយ ជាំក្សាន្ត ចុងកាល់មួយ បាក្រង់មួយ ទង់តែមួយ ទំនប់មួយ មង្គលបុរីមួយ ឫស្សីសាញមួយ ទឹកជោរមួយ បាត់ដំបងមួយ ពោធិសាត់មួយ ក្រគរមួយ ខ្លុងក្រងមួយ អម្រាគគិរិន្តបូណ៌មួយ រលាប្អៀរមួយ ទាំង១៥ ខេត្តនេះ បានពលតែ ៥០០០០ នាក់ព្រោះរាស្ត្រខ្លាចចំបាំងរត់ចូលព្រៃអស់ជាង ១០០០០០០ នាក់ បានតែ ១០០០០០ នាក់រួមទាំងទ័ពហ្លួងដែលកេណ្ឌនៅខេត្តជិតៗនោះផង។

មហាឧបរាជកន យល់ឃើញថាបានការហើយ ក៏លើកទ័ពទាំងពីរផ្លូវត្រូវជាបីផ្លូវនឹងទ័ពខ្លួនឯងផង ចេញទៅដល់ចុងខេត្តអាសន្ទុក ហើយឲ្យឈប់ទ័ពតាំងបន្ទាយប្រជុំនាយកងទ័ពមកប្រឹក្សាការសង្គ្រាមថា: ទ័ពយើងដែលលើកទៅនេះបានពិជ័យឫក្សល្អណាស់។ បើយើងនឹងលើកទៅវាយយកជ័យជំនះកាលណាប្រាកដជាយើងនឹងបានដោយងាយក្នុងកាលនោះ តែស្លាប់រេហ៍ពលទាំងសងខាងខ្លះពុំខានឡើយ។ បើយើងមានជ័យជំនះកាលណាប្រាកដជាហ្លួងឲ្យសំលាប់ម្ដាយយើង និង ញាតិសន្តានយើង ស្លាប់អស់ឥតប្រយោជន៍។ ​​​​​​​​​ដូច្នេះ យើងយល់ថាយើងត្រូវគិតឧបាយកល យកម្ដាយ និង ញាតិសន្តានយើងឲ្យបាន ហើយឲ្យមានជ័យជំនះផង។ ដូច្នេះតើអស់កងសេនាទាហានយើងនេះ នរណានឹងអាចទទួលអាសាយើងយកកេរ្តិ៍ឈ្មោះទុកតទៅ។ អស់នាយកងទ័ពសួរថា:

ឧបាយកល មហាឧបរាជនោះ ដូចម្ដេច?

មហាឧបរាជ ថ្លែងប្រាប់ថា: កាលផែនដី សម្ដេចព្រះបរមរាជាពញាយ៉ាតនោះ ព្រះអង្គតែងប្រើឧបាយ មនុស្សដប់ពីរនាក់ ឲ្យចូលទៅលុកព្រះឥន្ទកុមាររាជា (ស្ដេចសៀម)។ ឧបាយនោះ ក៏នៅជាពុំសូវជ្រៅជ្រះណាស់នៅឡើយដែរ។ ថាបើនរណាទទួលអាសាយើង យើងនឹងឲ្យរង្វាន់ឲ្យយសសក្ដិឲ្យពេញចិត្ត ហើយយើងនឹងចិញ្ចឹមកូនចៅ ផៅសន្តានតទៅ ៧ ជួរគោត្រ។ ខណៈនោះ មានម្នាក់ឈ្មោះ ឱកម៉ឺនសូរិន្ទកែវ ជាកូនរបស់ចៅពញាយោធាសង្គ្រាម ដែលមានចិត្តឃោរឃៅខឹងនឹង សម្ដេចព្រះឝ្រីឝៅគន្ធបទថា ទ្រង់ប្រើចៅពញាយោធាសង្គ្រាម ជាបិតាខ្លួនទៅឲ្យមហាឧបរាជកន កាលនៅជាឃុនហ្លួងព្រះស្ដេចធិបតីបាញ់សំលាប់ ហើយមិនបានតាំងចិញ្ចឹមកូនចៅឲ្យកាន់នាទីបិតាតទៅ ក៏រត់ពីសម្ដេចព្រះឝ្រីឝៅគន្ធបទទៅនៅពឹងបុណ្យមហាឧបរាជកន បំណងប៉ងតែនឹងសងសឹកឈាមបិតាវិញតែប៉ុណ្ណោះ។ លុះឮប្រកាស មហាឧបរាជដូច្នោះហើយ ឱកម៉ឺនកែវ ក៏វារចូលទៅសំពះហើយនិយាយថា:

ខ្ញុំប្របាទម្ចាស់ទទួលអាសាមហាឧបរាជឲ្យបានសំរេច។

មហាឧបរាជកន កាលបានស្ដាប់ឱកម៉ឺនកែវសុំខ្លួនហើយ ក៏យល់ថាបានការទើបហៅឱកម៉ឺសូរិន្ទកែវឲ្យទៅទីស្ងាត់រួចខ្សឹបប្រាប់ឧបាយកលគ្រប់ប្រការ។ ឱកម៉ឺនសូរិន្ទកែវសំពះគំនាប់ហើយថាឧបាយរបស់មហាឧបរាជនេះខ្ញុំប្របាទម្ចាស់នឹង​​ធ្វើឲ្យបានសំរេចតែទាហានពីររយនាក់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំប្របាទម្ចាស់ សុំយកខ្លួន ចៈម៉ឺនចៃចុងរ័ក្សសោមជាក្រុមរបស់ខ្ញុំប្របាទម្ចាស់ ឲ្យឃុំទាហានក្រុមខ្ញុំប្របាទនោះទៅផងដ្បិតមនុស្សនេះជាទំនុកទុកចិត្តរបស់ខ្ញុំប្របាទម្ចាស់។

មួយរំពេចនោះ មហាឧបរាជកន ក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ ៤០ ជញ្ជីង ប្រគល់ឲ្យទៅឱកម៉ឺនសូរិន្ទកែវឲ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឱកម៉ឺនសូរិន្ទកែវឲ្យគ្រងទីយមរាជ។ ស្ដេចកនប្រាប់ថែមទៀតថា: បើឱកម៉ឺនសូរិន្ទកែវទៅហើយធ្វើបានដូចប្រាថ្នានោះ ខ្លួនឧបរាជកននឹងឲ្យឱកម៉ឺនសូរិន្ទកែវឡើងស៊ប់ក្នុងទីយមរាជ ហើយនឹងឲ្យរង្វាន់ឲ្យពេញចិត្តទៀតកុំឲ្យថប់បារម្ភអ្វីថាឯទាហានពីររយនាក់ដែលឯងបានរើសព្រមទាំង ចៈម៉ឺនចៃចុងរ័ក្ស ជាទាហានរួមចិត្តរបស់ឯងទៅនោះ ក៏ឲ្យយកតាមចិត្តចុះ។ ស្ដេចកននិយាយចប់ត្រឹមនេះហើយ ក៏ស្ទុះទៅយកមាស ២០០ ជញ្ជីង និងប្រាក់ ៤០០ ជញ្ជីង ឲ្យទៅឱកម៉ឺនសូរិន្ទកែវទៀត។ ហើយផ្ដាំថា ឲ្យយកមាស និងប្រាក់នោះ ទៅចែកម៉ឺនចៃចុងរ័ក្សសោមជាសំឡាញ់ឯង និង កូនទាហានពីររយនាក់នោះ ទុកជាស្បៀងតាមផ្លូវចុះ។

ឱកម៉ឺនសូរិន្ទកែវទទួលរង្វាន់ និងបណ្ដាំសព្វគ្រប់ហើយក៏សំពះលាថយទៅទីសំចតរបស់ខ្លួនរួចហើយឱកម៉ឺនសូរិន្ទកែវ ក៏ហៅចៈម៉ឺនចៃចុងរ័ក្ស និងកូនទាហានរួមចិត្តចូលទៅក្នុងព្រៃស្ងាត់ ចែកមាស ចែកប្រាក់នោះ រួចទើបប្រាប់ឧបាយតាមមហាឧបរាជកនផ្ដាំមកគ្រប់ប្រការ។

ចៈម៉ឺនចែចុងរ៉ាក់ និង ទាហានទាំងពីររយនាក់ បានទទួលរង្វាន់ហើយ ក៏និយាយថា : យើងតាំងចិត្តថា នឹងធ្វើរាជការ ពុំស្ដាយជីវិតទាំងម៉្លេះ ក៏ព្រោះតែប្រយោជន៍ និង គុណ ទុកតកេរ្តិ៍ ឲ្យកូនចៅ។ គ្រានោះ យើងបានដូចប្រាថ្នា ហើយត្រូវយើងប្រុងប្រៀបខ្លួន រាល់ខ្លួនធ្វើការឲ្យបានសម្រេចការតាមបង្គាប់របស់លោកមហាឧបរាជ។

ចៈម៉ឺនចៃចុងរ័ក្ស និង ប័ក្សពួកយល់ព្រមគ្នាទាំងអស់ហើយ ក៏ចូលទៅដេកដំណាក់តាមនាទីរបស់ខ្លួន។ ព្រឹកឡើងមហាឧបរាជកន ធ្វើជាដើរត្រួតកងទាហានគ្រប់នាទីទាំងអស់។ លុះដល់ទៅនាទីម៉ឺនសូរិន្ទកែវ មហាឧបរាជកន ឃើញឈ្មោះនេះដេករាល់ថ្ងៃចោលនាទីបន្ទាយរបស់ខ្លួនពុំបានត្រួតត្រាឲ្យបានដិតដល់។ ខណៈនោះ មហាឧបរាជកន បង្គាប់ឲ្យភូឃុំចាប់យកខ្លួនឧកម៉ឺនសូរិន្ទកែវគ្រងងារយមរាជនោះ ដាក់ក្ដីវាយខ្នង ៣០ ខ្វាប់ឲ្យបណ្ដើរអាក្រោស ឲ្យគ្រប់ ៣ ថ្ងៃ ហើយឲ្យសំលាប់ចោលក្នុងពេលនោះ។

ក្នុងគ្រានោះ មហាឧបរាជកន និង ចៅពញាឧទ័យធិរាជបោះបន្ទាយរាយទ័ពល្បាតប្រទល់គ្នា។ លុះភូឃុំ បណ្ដើរអាក្រោសឱកម៉ឺនសូរិន្ទកែវទៅមុខបន្ទាយចៅពញាឧទ័យធិរាជហើយ ក៏បោះឈើបំណងនឹងសំលាប់ឱកម៉ឺនសូរិន្ទកែវហើយបង្គាប់ឲ្យឱកម៉ឺនសូរិន្ទកែវភាវនា។ ខណៈនោះ ចៈម៉ឺនចៃចុងរ័ក្សសោម និងទាហានរួមចិត្តពីររយនាក់ឃើញថាដល់សន្មតហើយក៏តាំងហ៊ោចេញពីក្នុងព្រៃមក ដេញពួកភូឃុំដែលបណ្ដើរឱកម៉ឺនសូរិន្ទកែវនោះ ហើយដោះក្ដីឱកម៉ឺនសូរិន្ទកែវចេញពីបង្គោលរួចនាំគ្នារត់ទៅរកបន្ទាយចៅពញាឧទ័យធិរាជ។ ចៅពញាឧទ័យធិរាជក្រឡេកឃើញហើយសាកសួរទៅឱកម៉ឺន សូរិន្ទកែវ និង ចៈម៉ឺនចៃចុងរ័ក្សសោមព្រមទាំងទាហានទាំងពីររយនាក់ដោយចង់ដឹង។ មនុស្សទាំងនេះ ក៏ឆ្លើយត្រូវសេចក្ដីគ្នាថាខ្លួនដើរយាមល្បាតរាល់ថ្ងៃរាល់យប់។ ថាយប់ម្សិលមិញនេះ ឱកម៉ឺនសូរិន្ទកែវ ទទួលទានដំណេកទាល់ថ្ងៃ ក៏ព្រះស្ដេចកនដែលតាំងខ្លួនជាឧបរាជភូសម្រេចរាជការ មហាក្រស័ត្រសឹកនោះចេញមកដើរត្រួតត្រាបន្ទាយឃើញក៏ចាប់ទោសឲ្យយកមកសំលាប់ ហេតុនេះហើយបានជា ពួកខ្ញុំប្របាទម្ចាស់ទាំងពីររយនាក់នេះអាណិតអាសូរវេទនាដល់ជាតិត្រកូលឱកម៉ឺន សូរិន្ទកែវដែលជាកូនចៅពញាយោធាសង្គ្រាមស្លាប់ដោយមានគុណបំណាច់នឹងផែនដីនោះផង។ ខ្ញុំប្របាទទាំងអស់គ្នាខំដណ្ដើមយកខ្លួនឱកម៉ឺនសូរិន្ទកែវមកសុំជ្រកបុណ្យអំណាចព្រះតេជគុណសូមធ្វើរាជការសងសឹកបិតាក្នុងបុណ្យព្រះតេជគុណតទៅ។

ចៅពញាឧទ័យធិរាជសួរថា: ចៅពញាយោធាសង្គ្រាម ដែលអាព្រះស្ដេចកនបាញ់ធ្លាក់ពីក្បាលដំរីនោះ ឬ ជាបិតារបស់ឯង។

ឱកម៉ឺនឆ្លើយថា: បាទនុះឯងហើយ វាបាញ់បិតាខ្ញុំប្របាទស្លាប់ហើយវាចាប់យកខ្លួនខ្ញុំប្របាទយកទៅរាប់អានបញ្ចុះបញ្ចូល រួចក៏ឲ្យចូលទៅធ្វើរាជការនឹងវា។ ឥឡូវនេះខ្ញុំប្របាទម្ចាស់បានរួចពីវាមកហើយ ខ្ញុំប្របាទម្ចាស់ទាំងអស់គ្នានេះ សូមផ្ញើរអាយុជីវិតធ្វើរាជការក្នុងព្រះតេជគុណដើម្បីគិតសំលាប់ ព្រះស្ដេចកនសងឈាមបិតាខ្ញុំប្របាទឲ្យបានវិញ។

ចៅពញាឧទ័យធិរាជបានស្ដាប់ចំលើយអស់ទាំងពីររយនាក់នោះហើយ ឃើញថាឆ្លើយត្រូវគ្នាទាំងអស់ ក៏អាណិតវេទនានឹងទៅដល់ចៅពញាយោធាសង្គ្រាម ដ្បិតជាភ្នាក់ងារខ្ញុំព្រះរាជការចាស់ជាមួយគ្នា ជឿទុកចិត្តថា: សំដីបោកប្រាស់នេះជាសំដីពិតប្រាកដណាស់ទើបមានប្រសាសន៍ថា:

ការណ៍នេះ បើអ្នកស្លូតត្រង់ស្មោះចំពោះនឹងព្រះបរមបពិត្រជាម្ចាស់មែន យើងនឹងជួយទំនុកបំរុងក្រាបបង្គំទូលព្រះអង្គឲ្យបានសេចក្ដីគាប់ទៅជាខាងក្រោយ ប៉ុន្តែជាន់នេះតាមច្បាប់អាជ្ញាសឹកនឹងខានដាក់ក្ដី នាំខ្លួនឯងទាំងអស់គ្នាទៅថ្វាយព្រះអង្គពុំបានឡើយ។

ចៅពញាឧទ័យធិរាជថាហើយក៏បង្គាប់នាយកងនាយទ័ពឲ្យដាក់ឈ្មោះទាំង ២០២ នាក់ហើយចាត់បំរើឲ្យនាំខ្លួនទាំង ២០២ នាក់នោះទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រដែលស្ដេចគង់នៅក្នុងបន្ទាយស្ទឹងសែន

ទាហានទាំង ២០២ នាក់ បានទៅដល់ព្រះអង្គហើយក៏ក្លែងធ្វើជាក្រាបយំអណ្ដឺតអណ្ដករអាក់រអួលពន់ប្រមាណ។

សម្ដេចព្រះឝ្រីឝៅគន្ធបទរាជា ពេលនោះព្រះអង្គចេញគង់ចុងព្រះរាជរោងរម្យជួបជុំអស់នាម៉ឺនសេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការ នៅបន្ទាយស្ទឹងសែន លុះព្រះអង្គទតឃើញបំរើ ចៅពញាឧទ័យធិរាជ ថ្វាយសំបុត្រចំលើយទាហានទាំង ២០២ នាក់នោះទ្រង់ក៏ត្រាស់បង្គាប់មន្ត្រីខាងទាហានក្រុមមឿង ទាហានរក្សាព្រះអង្គ និង ក្រុមមហាផ្ទៃឲ្យពិចារណាសួរកត់យកចំលើយ ហើយឲ្យយកទៅសូត្ររាយការណ៍ថ្វាយទ្រង់ព្រះសណ្ដាប់។ មន្ត្រីទាំង ៣ ក្រុមក៏ធ្វើតាមព្រះរាជបង្គាប់។ លុះឃើញថាចំលើយរបស់ទាហានទាំង ២០២ នាក់នោះត្រូវដូចចំលើយក្នុងសំបុត្រ ចៅពញាឧទ័យធិរាជហើយទ្រង់ព្រះអាសូរដល់ចៅពញាយោធាសង្គ្រាមណាស់ ទ្រង់ក៏ឲ្យលើកទោសដោះក្ដី ទាហានទាំង ២០២ នាក់នោះចេញ។ ទ្រង់ទុកអ្នកទាំងនោះជាមន្ត្រីក្នុងទាហានរក្សាព្រះអង្គតទៅ។ បន្ទាប់មក ទ្រង់ព្រះរាជទានប្រាក់ ឱកម៉ឺនសូរិន្ទកែវ ជញ្ជីង ឲ្យចៈម៉ឺនចៃចុងរ័ក្សសោម ៤ ជញ្ជីង ឲ្យទាហានទាំង ២០០ នាក់ ៥ តម្លឹងៗម្នាក់។

មហាឧបរាជកន ភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលឱកម៉ឺនសូរិន្ទកែវគ្រងងារជាយមរាជរត់ចេញទៅហើយនោះ ក៏លើកកងទ័ពទៅចោមវាយបន្ទាយចៅពញាឧទ័យធិរាជយ៉ាងសាហាវ។ ចៅពញា ឧទ័យធិរាជ ក៏ឲ្យកងទ័ពទទួលតតាំងច្បាំងតាំងពីព្រឹកលុះដល់ថ្ងៃរសៀលជិតព្រលប់ទើបឈប់។ កងទ័ពខាងចៅពញាឧទ័យធិរាជស្លាប់អស់ជាច្រើន។ ចៅពញាឧទ័យធិរាជយល់ថានឹងទ្រាំច្បាំងតទៅទៀតពុំបាន លុះវេលាយប់ ក៏នាំកងទ័ពដោះថយទៅស្ទឹងសែនហើយឲ្យរៀបព្រះទីនាំងនាវា ទូកចំណុះ និង ទូកចំលងត្រៀមទុកដើម្បីនឹងអញ្ជើញព្រះបរមបពិត្រឲ្យស្ដេចនាំគ្រប់គ្រួទៅគង់ទៅនៅឯខែត្រពោធិ៍សាត់វិញ។

សោយទិវង្គត[កែប្រែ]

នៅវេលាយប់នោះ សម្ដេចព្រះឝ្រីឝៅគន្ធបទ ជាអម្ចាស់ផែនដី ស្ដេចចូលក្រឡាព្រះបន្ទំ ទ្រង់សុបិននិមិត្តឃើញថា: ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយមកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា ឥតមានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះស្ដេចឃើញ ដូចជាសម្ដេចព្រះវររាជបិតាមកដាស់ហៅព្រះអង្គថាឯងទៅនៅនឹងអញថាស្ដេចនាគរាជនោះកុំឲ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទរះមកពីទិសខាងលិចកាលណា វាក៏រលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណោះហើយ ក៏តើនចាកក្រឡាបព្រះបន្ទំ។ លុះដឹងព្រះអង្គស្រេច ស្ដេចចេញទៅខាងក្រៅ ត្រាស់ហៅព្រះបុរោហិត និង ហោរាមកថ្វាយព្យាករណ៍។ ព្រះហោរាធិបតី ថ្វាយព្យាករណ៍ថា: ការណ៍ដែលព្រះអង្គនិមិត្តឃើញនាគខាំពាំព្រះអង្គនាំទៅក្នុងទឹកស្ទឹងសែននោះត្រូវត្រង់ស្ដេចកននាំអ្នកជាមកប្រមាថព្រះអង្គបាន។ ថាត្រង់ដែលឃើញសម្ដេច ព្រះវររាជបិតា មកស្រែកហៅព្រះអង្គនោះទំនាយថា ព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើចៅពញាឧទ័យធិរាជឲ្យរៀបព្រះទីនាំងឲ្យថយទៅខេត្តពោធិ៍សាត់នោះ ឃើញថាត្រូវណាស់សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែលព្រះចន្ទរះមកពីទិសខាងលិចនឹងរលាយរូបនាគនោះទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូលនឹងចេញមកពីទិសបស្ចិមមកប្រាមប្រាបឲ្យរលាយព្រះស្ដេចកននេះពុំខានឡើយ។

កាលដែលហោរាទំនាយថ្វាយនោះ ត្រូវជាថ្ងៃ ១៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស.២០៥៦ គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤។ បើគិតពីត្រឹមកាលដែលព្រះអង្គ ព្រះឝ្រីឝៅគន្ធបទស្ដេចសោយរាជ្យជាសុខនោះបាន​ ៥ ឆ្នាំ ស្ដេចធ្វើសង្គ្រាមបាន ៤ ឆ្នាំបូករួមទៅត្រូវជា ៩ ឆ្នាំ ព្រះជន្មវស្សា ៣៤ ឆ្នាំ។

ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកម៉ឺនសូរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ័ក្សសោមមួយនាំទាហានទាំងពីររយនាក់ចូលទៅស្រែកថាមានការណ៍ធំណាស់សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គទាហានទាំងពីរកាយនេះកាប់ត្រូវព្រះអង្គជាទំងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅកូនទាហានទាំងពីររយនាក់នោះទទួលកាប់ចាក់គ្នាជាឧឡារិក ឮសូរសន្ធឹកនេះដល់ទៅចៅពញាយមរាជ ដែលជាបិតាលៀងនៃចៅពញាយសរាជាជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់​៣០​នាក់ស្លាប់ខាងទ័ពហ្លួងជាង ១០០ នាក់។

ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា: ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវរត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាស្រូវកន តែច្បាំងពុំបាន ក៏នាំចៅពញាយសរាជាចុះទូកចែវរត់ទៅ។ លុះដល់ខេត្តមហានគរហើយ ចៅពញាយមរាជក៏សុំយកដំរីសេះពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជលុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញ ចៅពញាយសរាជាចូលទៅក្រុងទេព

នេះនឹងស្រដីអំពី សម្ដេចព្រះឥសីភ័ទ្ទសួសថា: កាលដែលបន្ទាយសំរោងសែន បែកទ័ពនោះសម្ដេចព្រះឥសីភ័ទ្ទ ព្រមគ្នានឹងស្ម័គ្របក្សពួក អញ្ជើញយកព្រះខឌ្ដរតនមង្គល ព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រចុះទូកនាំហែទៅដល់ពាក់កណ្ដាលផ្លូវ។ នៅទីនោះ គាត់គិតថា: បើអញទ្រាំទៅឲ្យដល់ទៅស្រុកសៀមទៅ មុខជាសៀមមិនឲ្យអញត្រលប់មកវិញទេ។ លុះគិតដូច្នេះហើយសម្ដេចឥសីភ័ទ្ទ ក៏ធ្វើជាចូលទូកទៅបន្ទោបង់ឧច្ចារៈ (ដោះទុក្ខសត្វធំ) ក្នុងព្រៃ។ លុះទូកទីនាំងនាំចៅពញាយសរាជាហួសទៅសម្ដេចព្រះឥសីភ័ទ្ទ គាត់ក៏បត់ក្បាលទូកនោះ ចែវត្រឡប់មកត្រើយខាងលិចវិញ ហើយក៏ឡើងគោកចោលទូកនោះទៅយកតែព្រះខឌ្ដរាជ្យ និង លំពែងជ័យ ព្រះកៅទណ្ឌសរនោះឲ្យអាសូរជាខ្ញុំវេចស្ពាយរត់ទៅដល់ចុងខេត្តបាទី។ (គឺស្រុកកណ្ដាលស្ទឹងសព្វថ្ងៃនេះ ព្រោះសម័យពីដើម ស្រុកកណ្ដាលស្ទឹង ស្អាង សំរោង ភ្នំស្រួច ភ្នំស្រង់ គងពិសី ទាំងអស់នេះ នៅក្នុងខែត្របាទីដែរ)។ នៅទីនោះ សម្ដេចឥសីភ័ទ្ទ ក៏នាំគ្នានឹងអាសូរជាខ្ញុំពួនពាក់លាក់ខ្លួនមិនឲ្យអ្នកណាដឹងឡើយ។ ឯព្រះខឌ្ដរាជ្យ នឹងព្រះលំពែងជ័យ និងគ្រឿងព្រះបញ្ចក្សេត្រនោះ សម្ដេចឥសីភ័ទ្ទយកទៅលាក់ទុកនៅក្នុងរន្ធនៃប្រហោងដើមចំបក់មួយ។

ចំណែកឯចៅពញាយសរាជាជាព្រះរាជបុត្រព្រះឝ្រីឝៅគន្ធបទនោះព្រមទាំងបណ្ដាជាខ្ញុំក្រុមមហាតលិកនាំព្រះអង្គរត់ទៅដល់ស្រុកសៀមហើយក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា ជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួលទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយ ក្លែងឧបាយក្បត់ផែនដី។ ទ្រង់ថ្លែងសេចក្ដីពីសម្ដេចព្រះវររាជបិតាក្ស័យព្រះជន្ម នៅស្ទឹងសែន សព្វគ្រប់ប្រការ។

សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានសេចក្ដីអាល័យសម្ដេចព្រះជេដ្ឋាណាស់។ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេច ដែលវាចេញក្បត់ផែនដីទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ស្ដេចទ្រង់ព្រះកន្សែងទាំងពីរអង្គ ទាំងមុខមន្ត្រីក៏សោកយំគ្រប់គ្នា។ លុះបន្ទោសោកស្រេច សម្ដេចព្រះបរមរាជាមហាឧបរាជ ស្ដេចនាំចៅពញាយសរាជចូលគាល់សម្ដេចព្រះមហាចក្រពត្តិ "ស្ដេចសៀម" ទូលរឿងសព្វគ្រប់ហើយទូលពីសម្ដេចព្រះរៀម សុគតគ្រប់ប្រការរួចទូលសុំកងទ័ពលើកទៅចាប់អា (កន) ព្រះស្ដេច ប្រហារជីវិតឲ្យបាន។

ព្រះមហាចក្រពត្តិទ្រង់ប្រារព្ធនឹងក្រស័ត្រទាំងពីរព្រះអង្គហាក់ដូចជាឈឺឆ្អាលណាស់ថាចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។

រីឯ មហាឧបរាជកនភូសម្រេចរាជការ មហាក្រស័ត្រសឹក កាលបានជ័យជំនះឈ្នះ ព្រះមហាក្សត្រហើយ ក៏ទ្រើសចិត្តពន់ប្រមាណណាស់ ហើយឲ្យសម្ដេចចៅហ៊្វាកៅ ត្រូវជាមានិងនាយកងនាយទ័ព លើកទៅសង្កត់ខែត្រឲ្យរាបទាបទាំងអស់គឺខាងជើងទល់នឹងនគរលាវ ខាងលិចទល់នឹងនគរចាមខាងត្បូងទល់នឹងសមុទ្រ។ លុះសង្កត់ខែត្របានរាបទាបហើយចៅហ៊្វាកៅ ក៏តាំងចៅហ្វាយស្រុក ឲ្យនៅរក្សាខែត្រយ៉ាងមាំមួនរួចទើបត្រឡប់មករកមហាឧបរាជកនវិញ។

មហាឧបរាជ ភូសម្រេចការរាជការ (ភូ មានន័យថា អ្នក ឧទាហរណ៍ ភូឈួយ មានន័យថា អ្នកជួយ រឺ ជំនួយការ) មហាក្រស័ត្រសឹក បានដឹងថា អាណាខែត្ររាបទាបអស់ហើយ ក៏មានចិត្តត្រេកអរណាស់ ទើបឲ្យលើកកងទ័ពត្រឡប់មកក្រុងស្រីសន្ធរវិញ។ មហាឧបរាជលុះចូលទៅក្នុងព្រះរាជវាំងហើយ ក៏តាំងសម្ដេចចៅហ៊្វាកៅជាមាឲ្យជាធំសម្រេចរាជការខាងទាហាន។

ក្រៅពីនោះ តាំងឲ្យជាសេនាបតីមន្ត្រីធំតូចតាមមានគុណបំណាច់រាល់រូប។ លុះរៀបចំសេនាបតីរួចស្រេចហើយមហាឧបរាជកនក៏ប្រកាសថា: បើអ្នកណារកព្រះខឌ្ដរាជ្យមកថ្វាយបាន មហាឧបរាជនឹងឲ្យរង្វាន់ ជាមាស ៥០០ តម្លឹង តែរកពុំឃើញសោះ។ ស្ដេចកនឲ្យធ្វើព្រះខឌ្ដថ្មី វិចិត្រ រចនាដោយសុវណ្ណរតន៍ រួចស្រេចហើយ សម្ដេចចៅហ៊្វាកៅ និង អស់សេនាបតីមន្ត្រីតូចធំ ខ្ញុំព្រះរាជការជំនុំព្រមគ្នា រៀបចំពិធី ប្រាប្ដាភិសេក មហាឧបរាជ ឲ្យឡើងសោយរាជសម្បត្តិ គ្រប់គ្រងក្រុងកម្ពុជាធិបតីតទៅ។

សំគាល់[កែប្រែ]

ស្ដេចអង្គនេះបើតាមឯកសារអឺរ៉ុបថាទ្រង់បានប្រគល់រាជ្យអោយព្រះបាទអង្គចន្ទរាជា ព្រោះព្រះអង្គបានបង្ក្រាបការបះបោរ ហើយតាមរយៈសិលាចារឹកសម័យកណ្ដាលបានបញ្ជាក់ពីវត្តមានរបស់ទ្រង់មានព្រះជន្មក្នុងរាជព្រះចន្ទរាជានៅឡើយ ហើយអាចជាស្ដេចត្រាញ់មួយអង្គក្នុងតំបន់កំពង់ចាមបច្ចុប្បន្ននេះទៀតផង។ (សិលាចារឹកសម័យកណ្ដាលដោយសាស្ត្រាចារ្យសិលចារឹក វង់-សុធារ៉ា)

គោរម្យងារសំរាប់រាជ្យ
មុនដោយ
ធម្មរាជាទី១
កម្ពុជាធិបតី
(គ.ស ១៥០៤-១៥១២)
តដោយ
ស្រីជេដ្ឋា