សិរីចក្រពត្តិ

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ភគវតីសិរីចក្រពត្តិ)
សិរីចក្រពត្តិ
សម្ដេចព្រះភគវតី
រជ្ជកាល គ.ស. ១៥១៩-១៥៦៧
រាជ្យមុន មិនស្គាល់
រាជ្យបន្ត សិរីរតន៍រាជទេវី
ស្វាមី/មហេសី ចន្ទរាជា
បុត្រ រាមាធិបតី
ព្រះនាមពេញ
សម្ដេចព្រះភគវតី សិរីចក្រពត្តិ
សន្តតិវង្ស អង្គជ័យ

សម្ដេចព្រះភគវតី សិរីចក្រពត្តិ (រជ្ជ. គ.ស ១៥១៩-១៥៦៧) ទ្រង់ជាព្រះអគ្គមហេសីនៃព្រះបាទបរមខត្តិយាចន្ទរាជាស្ដេចនៃនគរកម្ពុជាធិបតី ក្រុងលង្វែក មហានគរ។

អភិសេក[កែប្រែ]

កាល ព.ស​ ២០៦៣, គ.ស​ ១៥១៩, ម.ស ​១៤៤១, ច.ស​ ៨៨១ ឆ្នាំថោះ ឯកស័ក លុះ​ចេញ​វស្សា​រដូវ​រួច​ដល់​ខែ​មិគសិរ ឆ្នាំថោះ​នោះ ព្រះ​បាទចន្ទរាជា​យក​ព្រះ​ក្សត្រី ព្រះ​វង្ស​ធំ លើក​ឡើងជា​ព្រះ​អគ្គមហេសី ទ្រង់​ព្រះ​នាម​សម្ដេចព្រះ​ភគវតី​សិរី​ចក្រពត្ដិ ហើយ​ព្រះ​អង្គ​តែងតាំង​ឲ្យ​មាន​ព្រះ​ស្នំ​ឯក ទោ ត្រី ចត្វាឲ្យ​មាន​យស​ស័ក្ដិធំ​តូច​តាម​លំដាប់។

បុត្រ[កែប្រែ]

ព.ស ​២០៦៤, គ.ស​ ១៥២០, ម.ស​ ១៤៤២, ច.ស ​៨៨២ ឆ្នាំរោងទោស័ក សិរី​រាជសម្បត្ដិ​ស្ដេច​គ្រប់គ្រង​នគរ​នៅ​​ខែត្រ​ខាងលិច​បាន​ ៥ ​ព្រះ​វស្សា សម្ដេចព្រះ​អគ្គមហេសី​សម្ភព​ព្រះរាជ​បុត្រា​មួយ​អង្គ ទ្រង់​ព្រះ​នាម ​ព្រះ​រាមាធិបតី​នោះ សម្ដេចព្រះ​បិតុរង្គាធិរាជជា​អម្ចាស់​ត្រាស់​ឲ្យ​ព្រះរាជ​គ្រូ​បុរោហិត ព្រឹទ្ធាចារ្យ សេនាបតីរៀប​ទទួល​តាម​ព្រះ​សិរី​យស សម្ដេចព្រះ​ឱរសាធិរាជ​ឯក​តាម​ទំនៀម។ លុះ​បាន​មួយ​ខែ​ក្រោយមក​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​មុខងារ​ធ្វើ​ព្រះរាជ​ពិធីចំរើន​ព្រះកេសា​ព្រៃ។ លុះ​ធ្វើ​ស្រេច​ហើយ អស់​សេនាបតី មន្ដ្រី​មុខងារ​ទាំងពួង​នាំ​កូនប្រុស​ស្រី និង​ទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញ​ហែ​សុវណ្ណមាលា​ថ្វាយ​ភួង​ព្រះ​ហស្ថ​រាល់ៗ​គ្នា។ ឯ​សម្ដេចព្រះ​វររាជ​បិតា​ក៏​ទ្រង់​ព្រះ​រាជទាន​សួយសារអាករ​ក្នុង​​ខែត្របាត់ដំបង​ជា​ចំណង​ព្រះ​ហស្ថ​នៃ​សម្ដេចព្រះ​ប្រិយ​បុត្រ​បរិសុទ្ធ​ រាមាធិបតី។

រើរាជធានី[កែប្រែ]

ព.ស. ២០៧២, គ.ស. ១៥២៨, ម.ស. ១៤៥០, ច.ស.៩០០ ឆ្នាំជូត ឯកស័ក ព្រះបាទបរមនាថ បរមខត្តិយា មហាចន្ទរាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំក្រមការ និងព្រះបរមវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំខ្ញុំព្រះរាជការលើកព្យូហយាត្រា ទាំងជើងទឹក ជើងគោក ចេញចាក ព្រះបរមនិវេសន៍ បន្ទាយមានជ័យ ខែត្រពោធិ៍សាត់ទៅគង់នៅព្រះរាជនិវេសន៍ បន្ទាយលង្វែកជាឯកមហាក្រស័ត្រ

កសាងព្រះពុទ្ធរូប[កែប្រែ]

ក្នុងគ្រា ព.ស ២១០០, គ.ស ១៥៥៦, ម.ស ១៤៧៨, ច.ស. ៩១៨ ឆ្នាំរោង អដ្ឋស័កនោះ ចៅអធិការវត្តព្រះពុទ្ធលាយល័ក្ខណ៍ លោកគង់ទូកសារាយអណ្ដែតនោះទៅបិណ្ឌបាត្រឯនគរវត្ត ព្រមដោយនូវព្រះភិក្ខុសាមណេរជាសិស្សានុសិស្ស។ លុះត្រឡប់មកវិញ លោកអុំពានទៅលើអន្លង់ឆ្លាម ឆ្លាមកាត់ទូកព្រះទីនាំចក្រពត្តិ សារាយអណ្ដែតនោះដាច់ជាពីរកំណាត់ខាងកន្សៃ ស្លាប់មនុស្ស ៤៦ នាក់ នៅខាងក្បាល និងកណ្ដាលនោះមានតែចៅអធិការ និងបរិស័ទ ៨៥ នាក់មកដល់ត្រើយឈប់ហើយ ទើបទឹកហូរចូលលិចទូក-ងព្រះទីនាំងនោះទៅ។ ព្រះបាទបរមបពិត្រទ្រង់ជ្រាប ទ្រង់រំពឹងដោយទិព្វញ្ញាណយល់ថា ទូកនេះជាសំរាប់ចំបាំងប្រាបប្រាមរាជសត្រូវ ឥឡូវតាំងពីពេលនេះតទៅអស់រាជសត្រូវហើយបានជាទេវតាឱ្យនិមិត្តដូច្នេះ។ ទ្រង់មានព្រះរាជឱង្ការតែប៉ុណ្ណេះចប់ហើយស្រាប់តែឮសូរតូរ្យតន្ត្រីទាំង ៨ ទិស បណ្ដាខ្ញុំរាជការដែលក្រាបបង្គំគាល់ទាំងប៉ុន្មានក៏សឹងសរសើរព្រះប្រាជ្ញាបារមីគ្រប់ៗគ្នា។ ទើបព្រះបរមបពិត្រ ទ្រង់ត្រាស់បង្គាប់ក្រុមមុខងារឱ្យទៅតាមយកកន្សៃ ទូកសារាយអណ្ដែត ដែលដាច់លិចនោះបានមកវិញហើយ។ ទ្រង់ឱ្យកាត់ទូកសារាយអណ្ដែតខាងក្បាលឱ្យប្រវែងខាងកន្សៃសាងរូបព្រះមហាអានន្ទ ព្រះសារីបុត្រ។ លុះសាងជាសូរេចហើយ ស្ដេចឱ្យធ្វើបុណ្យអភិសេកទេសនាឆ្លង ៧ ថ្ងៃជាសូរេចការបុណ្យនោះ។ ស្ដេចលើកព្រះរាជដំណើរមកដល់ខែត្ររលាប្អៀរ។ នៅទីនោះទ្រង់ឈប់កសាងព្រះវិហារមួយនៅទីបន្ទាយដែលកាលធ្វើទ័ពនោះ។ ទ្រង់ចេញព្រះរាជទ្រព្យជួលរេហ៍ពលឱ្យលើកដីខឿនព្រះវិហារ។ ការសាងព្រះវិហារវត្តនោះធ្វើល្អជាងព្រះវិហារវត្តក្រគរ វត្តខ្លុង វត្តត្រង។ ទ្រង់ត្រាស់ឱ្យសាងព្រះពុទ្ធរូបឈើស្នងព្រះអង្គ មួយព្រះអង្គកំពស់ស្មើព្រះអង្គ ទ្រង់សណ្ឋិតកណ្ដាល។ ទ្រង់ឱ្យសាងព្រះពុទ្ធរូបឈើមួយព្រះអង្គទៀតស្នងព្រះអង្គសំរាប់ព្រះអគ្គមហេសី ព្រះភគវតី ស្រីទាវធីតា កំពស់ស្មើព្រះអង្គ សណ្ឋិតម្ខាងទៀត។

ឯកសារយោង[កែប្រែ]

គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
សម្ដេចព្រះភគវតីនៃក្រុងមានជ័យ
គ.ស ១៥១៩-១៥២៨
តដោយ
បញ្ចប់
គោរម្យងារសំរាប់រាជ្យ
មុនដោយ
មិនស្គាល់
សម្ដេចព្រះភគវតីនៃក្រុងកម្ពុជាធិបតី
គ.ស ១៥២៨-១៥៦៧
តដោយ
សម្ដេចព្រះអគ្គមហេសីសិរីរតន៍រាជទេវី