ភាគ១៥

ពីវិគីភីឌា
Jump to navigation Jump to search

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ

ទុតិយភាគ[កែប្រែ]

កូដទន្តសូត្រ ទី៥[កែប្រែ]

[១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ ៥០០រូប ទ្រង់ពុទ្ធដំណើរទៅកាន់ស្រុកព្រាហ្មណ៍ ឈ្មោះខានុមត្តៈ របស់មគធជនបទ ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឱទ្យាន ឈ្មោះអម្ពលដ្ឋិកា ទៀបខានុមត្តគ្រាមនោះ ។ ក៏ក្នុងសម័យនោះ កូដទន្តព្រាហ្មណ៍ អ្នកគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករដោយមនុស្ស សត្វ បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត ។

[២] សម័យនោះឯង កូដទន្តព្រាហ្មណ៍កំពុងចាត់ចែងមហាយញ្ញ (ការបូជាធំ) ។ ព្រាហ្មណ៍នោះ បានយកគោឈ្មោល ៧០០ កូនគោឈ្មោល ៧០០ កូនគោញី ៧០០ ពពែ ៧០០ កែះ ៧០០ ទៅចងទុកនឹងបង្គោល សម្រាប់យញ្ញពិធី ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកខានុមត្តៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានមកដល់ខានុមត្តគ្រាម គង់នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ក៏កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះ ឮពីរោះ ខ្ចរខ្ចាយ សុះសាយមកយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត ជាសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ព្រះអង្គជាបុគ្គលប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គ ទ្រង់សំដែងធម៌ មានលម្អបទដើម លម្អបទកណ្តាល លម្អបទចុង ព្រះអង្គ ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ការបានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពដូច្នេះ រមែងឲ្យសម្រេចប្រយោជន៍ ។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុកខានុមត្តៈ ចេញពីខានុមត្តគ្រាម ជាក្រុម ជាពួក ជាគណៈ ចូលសំដៅទៅកាន់អម្ពលដ្ឋិកាឱទ្យាន ។

[៣] សម័យនោះឯង កូដទន្តព្រាហ្មណ៍ ចូលទៅកាន់ដំណេកវេលាថ្ងៃ ឰដ៏ប្រាសាទជាន់ខាងលើ ។ កូដទន្តព្រាហ្មណ៍នោះ បានឃើញពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុកខានុមត្តៈ នាំគ្នាចេញពីខានុមត្តគ្រាម ជាក្រុម ជាពួក ជាគណៈ ដើរត្រសង ចូលទៅកាន់អម្ពលដ្ឋិកាឱទ្យាន លុះបានឃើញហើយ ទើបហៅខត្តាមាត្យមកសួរថា នែខត្តៈដ៏ចម្រើន មានហេតុដូចម្តេច បានជាពួកព្រាហ្មណ៍ គហបតីអ្នកស្រុកខានុមត្តៈ នាំគ្នាចេញពីខានុមត្តគ្រាម ជាក្រុម ជាពួក ជាគណៈ ត្រសង ចូលទៅកាន់អម្ពលដ្ឋិកាឱទ្យាន ។ ខត្តាមាត្យជម្រាបថា បពិត្រលោកដ៏ចម្រើន មានសមណឈ្មោះ គោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល មកបួស មានដំណើរមកកាន់ចារិក ក្នុងដែនមគធៈ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានមកដល់ខានុមត្តគ្រាមហើយ នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ជិតខានុមត្តគ្រាម កិត្តិសព្ទ សរសើរព្រះគោតមដ៏ចម្រើននោះ ឮពីរោះ ខ្ចរខ្ចាយ សុះសាយមកយ៉ាងនេះថា ព្រះមានព្រះភាគនោះ ជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត បពិត្រលោកដ៏ចម្រើន ពួកព្រាហ្មណ៍ និងគហបតីទាំងនុ៎ះ នាំគ្នាចូលទៅរកព្រះគោតមដ៏ចម្រើននោះ ។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា អញបានឮពាក្យនេះមកថា ព្រះសមណគោតម ទ្រង់ជ្រាបយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦ ចំណែកអាត្មាអញ មិនបានដឹងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦ទេ ប៉ុន្តែអញបម្រុងនឹងបូជានូវមហាយញ្ញ បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកព្រះសមណគោតម ហើយសួរនូវយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦ ។ ទើបកូដទន្តព្រាហ្មណ៍ និយាយនឹងខត្តាមាត្យថា នែខត្តៈដ៏ចម្រើន បើដូច្នោះ ចូរអ្នកទៅរកពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុខានុមត្តៈ លុះចូលទៅដល់ហើយ ចូរនិយាយនឹងពួកព្រាហ្មណ៍ គហបតីអ្នកស្រុកខានុមត្តៈយ៉ាងនេះថា នែអ្នកទាំងឡាយដ៏ចម្រើន កូដទន្តព្រាហ្មណ៍ ផ្តាំមកយ៉ាងនេះថា សូមឲ្យអ្នកដ៏ចម្រើនទាំងឡាយ រង់ចាំផង ដ្បិតកូដទន្តព្រាហ្មណ៍ នឹងចូលទៅរកព្រះសមណគោតមដែរ ។ ខត្តាមាត្យនោះ ទទួលពាក្យកូដទន្តព្រាហ្មណ៍ថា បពិត្រលោកដ៏ចម្រើន យ៉ាងនេះឯង ហើយក៏ចូលទៅរកពួកព្រាហ្មណ៍ គហបតីអ្នកស្រុកខានុមត្តៈ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹងពួកព្រាហ្មណ៍ គហបតីអ្នកស្រុកខានុមត្តៈថា នែអ្នកទាំងឡាយដ៏ចម្រើន កូដទន្តព្រាហ្មណ៍ ផ្តាំមកយ៉ាងនេះថា សូមឲ្យអ្នកដ៏ចម្រើនទាំងឡាយ រង់ចាំផង ដ្បិតកូដទន្តព្រាហ្មណ៍ នឹងចូលទៅរកព្រះសមណគោតមដែរ ។

[៤] សម័យនោះឯង ពួកព្រាហ្មណ៍ច្រើនរយ ដែលនៅអាស្រ័យក្នុងខានុមត្តគ្រាម គិតគ្នាថា យើងនឹងបរិភោគនូវមហាយញ្ញរបស់កូដទន្តព្រាហ្មណ៍ ។ លុះពួកព្រាហ្មណ៍ទាំងនោះ បានឮដំណឹងថា កូដទន្តព្រាហ្មណ៍ នឹងចូលទៅរកព្រះសមណគោតមដែរ ។ ទើបពួកព្រាហ្មណ៍ទាំងអម្បាលនោះ នាំគ្នាចូលទៅរកកូដទន្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងកូដទន្តព្រាហ្មណ៍ថា បានឮថា លោកកូដទន្តៈ នឹងចូលទៅរកព្រះសមណគោតម ពិតមែនឬ ។ កូដទន្តព្រាហ្មណ៍ឆ្លើយថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំនិយាយយ៉ាងនេះមែនថា ខ្ញុំឯងនឹងចូលទៅរកព្រះសមណគោតម ។ ព្រាហ្មណ៍ទាំងនោះនិយាយថា លោកកូដទន្តៈ កុំចូលទៅរកព្រះសមណគោតមឡើយ លោកកូដទន្តៈ មិនគួរនឹងចូលទៅរកព្រះសមណគោតមទេ បើលោកកូដទន្តៈ ខំចូលទៅរកព្រះសមណគោតម យសរបស់លោកកូដទន្តៈ នឹងសាបសូន្យ យសព្រះសមណគោតម នឹងចម្រើន ប្រសិនបើយសរបស់លោកកូដទន្តៈ នឹងសាបសូន្យ យសរបស់ព្រះសមណគោតម នឹងចម្រើនឡើង ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរនឹងចូលទៅរកព្រះសមណគោតមទេ គួរតែព្រះសមណគោតមទេតើ ទើបគួរចូលមករកលោកកូដទន្តៈវិញ ដ្បិតលោកកូដទន្តៈ មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណ នៃជីដូនជីតាជាគម្រប់៧មក មិនមានអ្នកណា រិះគន់ តិះដៀលបាន ដោយពោលដល់ជាតិកំណើតឡើយ លោកកូដទន្តៈ មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌បរិសុទ្ធ តាំងអំពីតំណនៃជីដូនជីតាជាគម្រប់៧មក មិនមានអ្នកណារិះគន់ តិះដៀលបាន ដោយពោលដល់ជាតិកំណើតឡើយ ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរនឹងចូលទៅជួប នឹងព្រះសមណគោតមទេ គួរតែព្រះសមណគោតមទេតើ ចូលមករកលោកកូដទន្តៈវិញ ដ្បិតថាលោកកូដទន្តៈ ជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានរបស់ប្រើប្រាស់ច្រើន មានសម្បត្តិច្រើន មានមាសប្រាក់ច្រើន ម្យ៉ាងទៀត លោកកូដទន្តៈ ជាអ្នករាយមន្ត ចេះចាំនូវមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកស្គាល់នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ លោកកូដទន្តៈ មានរូបល្អ គួររមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង មានសម្បុរដ៏ប្រសើរ មានសរីរៈស្រដៀងនឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង លោកកូដទន្តៈ ជាអ្នកមានសីលធម៌ មានសីលធម៌ដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន លោកកូដទន្តៈ មានសម្តីពីរោះ និយាយពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជាវាចាច្បាស់លាស់ ប្រាសចាកទោស អាចញ៉ាំងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីជាក់លាក់បាន លោកកូដទន្តៈ ជាអាចារ្យ ជាប្រធានលើអាចារ្យនៃជនច្រើន បានបង្រៀនមន្តមាណព៣០០នាក់ មិនតែប៉ុណ្ណោះ ពួកមាណពច្រើននាក់ តែងមកអំពីទិសផ្សេងៗ អំពីជនបទផ្សេងៗ ជាអ្នកត្រូវការដោយមន្ត ចង់រៀនមន្តក្នុងសំណាក់លោកកូដទន្តៈ លោកកូដទន្តៈ ជាមនុស្សចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ ឯព្រះសមណគោតម ជាមនុស្សក្មេងផង ទើបនឹងបួសថ្មីផង មួយទៀត លោកកូដទន្តៈ ព្រះបាទមាគធសេនិយពិម្ពិសារ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងលោកកូដទន្តៈដែរ មួយវិញទៀត លោកកូដទន្តៈ នៅគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស សត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ លោកកូដទន្តៈ នៅគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស សត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជាស្រុកព្រះរាជទ្រព្យ ដែលព្រះបាទមាគធសេនិយពិម្ពិសារប្រទាន ជាព្រះរាជអំណោយដ៏ប្រសើរ ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរចូលទៅរកព្រះសមណគោតមឡើយ គួរតែព្រះសមណគោតមទេតើ ចូលមករកលោកកូដទន្តៈវិញ ។

[៥] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ កូដទន្តព្រាហ្មណ៍ ក៏និយាយនឹងព្រាហ្មណ៍ទាំងនោះយ៉ាងនេះថា នែអ្នកដ៏ចម្រើន បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ពាក្យខ្ញុំសិន គួរតែយើងចូលទៅរកព្រះគោតមដ៏ចម្រើននោះវិញ មិនគួរព្រះគោតមដ៏ចម្រើននោះ ចូលមករកយើងទេ នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងខាងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកាជាគម្រប់៧មក មិនមានអ្នកណា រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ នែអ្នកទាំងឡាយដ៏ចម្រើន ព្រះសមណគោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងខាងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធ តាំងអំពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគម្រប់៧មក មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ មិនគួរឲ្យព្រះសមណគោតមដ៏ចម្រើននេះ ចូលមករកយើងទេ គួរតែយើងរាល់គ្នា ចូលទៅរកព្រះសមណគោតមដ៏ចម្រើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម ព្រះអង្គលះបង់នូវពពួកញាតិជាច្រើន ចេញទៅទ្រង់ព្រះផ្នួស នែអ្នកទាំងឡាយដ៏ចម្រើន ឮថា ព្រះសមណគោតម ទ្រង់លះបង់នូវមាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅក្នុងផែនដី និងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គនៅកំលោះនៅឡើយ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយវ័យដ៏ចម្រើន ឋិតនៅក្នុងបឋមវ័យ ចេញចាកគេហដ្ឋាន ទៅបួសក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ ដោយការងារក្នុងផ្ទះ នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ ដោយការងារក្នុងផ្ទះ នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះរូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ប្រកបដោយសីលជាកុសល នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះវាចាដ៏ពីរោះ មានព្រះពុទ្ធដីកាដ៏ពីរោះ ប្រកបដោយព្រះវាចាជារបស់អ្នកក្រុង ជាព្រះវាចាច្បាស់លាស់ប្រាសចាកទោស អាចញ៉ាំងអ្នកស្តាប់ឲ្យចូលចិត្តសេចក្តីច្បាស់លាស់បាន នែគ្នាយើង ឮថា ព្រះសមណគោតម ជាអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកជនច្រើន នែគ្នាយើង ឮថា ព្រះសមណគោតម អស់កាមរាគៈហើយ ប្រាសចាកសេចក្តីស្រើបស្រាលហើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាកម្មវាទី ជាកិរិយវាទី ព្រះអង្គ ទ្រង់ធ្វើធម៌ដែលគ្មានបាប ទុកជាខាងមុខ ក្នុងពួកព្រាហ្មណ៍ និងពួកសត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលដ៏ខ្ពស់ខ្ពស់ ជាត្រកូលក្សត្រិយ៍ មិនលាយច្រឡំ មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន ភោគៈច្រើន មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅដែនក្រៅ អ្នកនៅជនបទក្រៅ តែងនាំគ្នាមកសាកសួរព្រះសមណគោតម នែគ្នាយើង ឮថា ទេវតាមានពាន់ដ៏ច្រើន បានដល់នូវព្រះសមណគោតម ជាសរណៈស្មើដោយជីវិត នែគ្នាយើង ឮថា កិត្តិសព្ទសរសើរព្រះសមណគោតម ឮពីរោះ ខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ នែគ្នាយើង ឮថា ព្រះសមណគោតម តែងពោលថា អ្នកមកចុះល្អហើយ ព្រះអង្គមានព្រះវាចាដ៏ពីរោះ ព្រះអង្គទ្រង់ឈ្លាសក្នុងការសំណេះសំណាល មានព្រះភក្ត្ររីករាយ ស្រស់ស្រាយ ព្រះអង្គតែងមានព្រះវាចារាក់ទាក់ជាមុន នែគ្នាយើង ឮថា ព្រះសមណគោតម តែងមានពួកបរិសទ្យទាំង៤ ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង នែគ្នាយើង ឮថា ពួកទេវតា និងមនុស្សជាច្រើន នាំគ្នាជ្រះថ្លាខ្លាំង ចំពោះព្រះសមណគោតម នែគ្នាយើង ឮថា ព្រះសមណគោតម គង់អាស្រ័យក្នុងស្រុកណា ឬក្នុងនិគមណា ពួកអមនុស្សក្នុងស្រុក ឬក្នុងនិគមនោះ មិនហ៊ានបៀតបៀនមនុស្សឡើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាគណាចារ្យរបស់ពួកក្រុម ព្រះអង្គប្រាកដជាចម្បង ជាងពួកមេលទ្ធិទាំងឡាយដ៏ច្រើន នែគ្នាយើង យសបរិវារ របស់សមណព្រាហ្មណ៍នុ៎ះ តែងចម្រើនរុងរឿងឡើង ដោយហេតុតាមតែបាន (មានមិនស្លៀកសំពត់ជាដើម) យ៉ាងណា ឯយសបរិវារ របស់ព្រះសមណគោតម មិនមែនចម្រើន រុងរឿងឡើង ដោយហេតុយ៉ាងនោះទេ តាមដែលពិត យសបរិវារ របស់ព្រះសមណគោតម ចម្រើនរុងរឿងឡើង ដោយការបរិបូណ៌ ដោយវិជ្ជា និងចរណៈ នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំងព្រះរាជបុត្រ ទាំងអគ្គមហេសី ទាំងរាជបរិសទ្យ និងអមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល ព្រមទាំងព្រះរាជបុត្រ និងអគ្គមហេសី ព្រមទាំងបរិសទ្យ និងអមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រាហ្មណ៍បោក្ខរសាតិ ព្រមទាំងបុត្រ ភរិយា ទាំងបរិសទ្យ និងអមាត្យ បានដល់នូវព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រាហ្មណ៍បោក្ខរសាតិ បានធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រះសមណគោតម បានមកដល់ខានុមត្តគ្រាមហើយ ឥឡូវនេះគង់ក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមកដល់គាមក្ខេត្ររបស់យើងហើយ ពួកសមណព្រាហ្មណ៍ទាំងនោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះសមណគោតមនេះឯង បានមកដល់ខានុមត្តគ្រាមហើយ ឥឡូវគង់នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ព្រះសមណគោតម ជាភ្ញៀវរបស់យើងហើយ ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ដោយហេតុនេះហើយ បានជាមិនគួរឲ្យព្រះសមណគោតមដ៏ចម្រើននោះ ចូលមករកយើងទេ ពួកយើងទេតើ ទើបគួរនឹងចូលទៅរកព្រះគោតមដ៏ចម្រើននោះវិញ ខ្ញុំដឹងគុណ (ដែលគួរសរសើរ) របស់ព្រះសមណគោតម ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតមដ៏ចម្រើននោះ មិនមែនមានគុណដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតមដ៏ចម្រើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបានឡើយ ។

[៦] លុះកូដទន្តព្រាហ្មណ៍និយាយយ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ ក៏និយាយពាក្យនុ៎ះ នឹងកូដទន្តព្រាហ្មណ៍ថា អម្បាលយ៉ាងលោកកូដទន្តៈ ម្តេចគង់ពោលសរសើរគុណព្រះសមណគោតម ទោះបីព្រះសមណគោតមដ៏ចម្រើន គង់នៅក្នុងទីប្រមាណ១០០យោជន៍ អំពីទីនេះក្តី គួរណាស់តែកុលបុត្រដែលមានសទ្ធា រកស្បៀងយកទៅតាមផ្លូវ ដើម្បីនឹងទៅគាល់ឲ្យបាន ។ ព្រាហ្មណ៍ទាំងនោះ ក៏និយាយគ្នាថា នែគ្នាយើង បើដូច្នោះ យើងទាំងអស់គ្នា នឹងចូលទៅគាល់ព្រះសមណគោតម ។ គ្រានោះ កូដទន្តព្រាហ្មណ៍ ព្រមដោយពួកព្រាហ្មណ៍ច្រើននាក់ ក៏ចូលទៅកាន់អម្ពលដ្ឋិកាឱទ្យាន សំដៅទៅត្រង់ទីដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះពួកព្រាហ្មណ៍ គហបតីអ្នកស្រុកខានុមត្តៈ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ពួកខ្លះថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏ពោលពាក្យសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏ផ្គងអញ្ជលី សំដៅទៅរកព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏ប្រកាសនាម និងគោត្រ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ ។ លុះកូដទន្តព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ក៏ក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮថា ព្រះសមណគោតម ចេះយញ្ញសម្បទា៣ប្រការ មានបរិក្ខារ១៦ មែនឬ ខ្ញុំព្រះអង្គមិនចេះយញ្ញសម្បទា៣ប្រការ មានបរិក្ខារ១៦ទេ តែខ្ញុំព្រះអង្គ ប្រាថ្នាដើម្បីនឹងបូជាមហាយញ្ញ សូមព្រះគោតមដ៏ចម្រើន មេត្តាប្រោស សំដែងយញ្ញសម្បទា៣ប្រការ មានបរិក្ខារ១៦ ដល់ខ្ញុំព្រះអង្គឲ្យទាន ។

[៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាំស្តាប់ ចូរអ្នកធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង ។ កូដទន្តព្រាហ្មណ៍ ក៏ទទួលព្រះពុទ្ធដីកាថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ កាលពីព្រេងនាយ មានមហាក្សត្រិយ៍មួយព្រះអង្គ ព្រះនាមមហាវិជិត ជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានទ្រព្យ និងគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតិ ជាទ្រព្យច្រើន មានជង្រុក និងឃ្លាំងក៏បរិបូណ៌ ។ ម្នាលព្រាហ្មណ៍ គ្រានោះ ព្រះបាទមហាវិជិត ស្តេចចូលទៅក្នុងទីរហោស្ថាន ជាទីចេញចាកពួក ហើយពួនសម្ងំ មានសេចក្តីត្រិះរិះកើតឡើងក្នុងព្រះហឫទ័យយ៉ាងនេះថា ភោគសម្បត្តិទាំងឡាយ ជារបស់មនុស្សដ៏ពេញបរិបូណ៌ អាត្មាអញបានហើយ ប្រឹថពីមណ្ឌលដ៏ធំទូលាយ អាត្មាអញបានប្រាបប្រាមរួចហើយនៅគ្រប់គ្រង បើដូច្នោះ មានតែអាត្មាអញបូជាមហាយញ្ញ ដែលអាចប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់ខ្លួនអញ អស់កាលដ៏យូរអង្វែង ។ ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រះបានមហាវិជិត ត្រាស់ឲ្យហៅព្រាហ្មណ៍បុរោហិតមក ហើយទ្រង់មានព្រះបន្ទូលថា ម្នាលព្រាហ្មណ៍ យើងបានចូលទៅទីរហោស្ថាន ជាទីចេញចាកពួក ហើយពួនសម្ងំ មានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្តយ៉ាងនេះថា ភោគសម្បត្តិទាំងឡាយ ជារបស់មនុស្សដ៏ពេញបរិបូណ៌ អាត្មាអញបានហើយ ប្រឹថពីមណ្ឌលដ៏ធំទូលាយ អាត្មាអញបានប្រាបប្រាមរួចហើយនៅគ្រប់គ្រង បើដូច្នោះ មានតែអាត្មាអញបូជាមហាយញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់អាត្មាអញ អស់កាលជាយូរអង្វែង ម្នាលព្រាហ្មណ៍ យើងប្រាថ្នាដើម្បីបូជាយញ្ញ ចូរអ្នកដ៏ចម្រើន ជួយពន្យល់យើងផង ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់យើង អស់កាលដ៏យូរអង្វែង ។

[៨] ម្នាលព្រាហ្មណ៍ កាលបើព្រះរាជា ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍បុរោហិត ក៏ក្រាបទូលព្រះបាទមហាវិជិតដូច្នេះថា ជនបទរបស់ព្រះរាជាដ៏ចម្រើន ប្រកបដោយចំរូង គឺចោរ ប្រកបដោយចោរបៀតបៀន ពួកចោរសម្លាប់អ្នកស្រុកក៏មាន សម្លាប់អ្នកនិគមក៏មាន សម្លាប់អ្នកនគរក៏មាន ចាំស្កាត់សម្លាប់តាមផ្លូវក៏មាន បើព្រះរាជាដ៏ចម្រើន លើកលែងយកសួយ ក្នុងជនបទដែលប្រកបដោយចំរូង គឺចោរ ប្រកបដោយចោរបៀតបៀនយ៉ាងនេះ ព្រោះហេតុនោះ ព្រះរាជាដ៏ចម្រើន ឈ្មោះថាធ្វើមិនត្រូវតាមទំនៀមទេ មួយទៀត ព្រះរាជាដ៏ចម្រើន តែងទ្រង់ត្រិះរិះយ៉ាងនេះថា អញនឹងដកដង្គត់ គឺចោរកំណាចនុ៎ះចេញ ដោយការសម្លាប់ចោលខ្លះ ដោយការឃុំខាំងខ្លះ ដោយរឹបជាន់ឲ្យវិនាសខ្លះ ដោយធ្វើទោសផ្ចាលខ្លះ ដោយបំបរបង់ខ្លះ យ៉ាងនេះមិនឈ្មោះថា ការដកឡើងនូវដង្គត់ គឺចោរនុ៎ះ ដោយប្រពៃឡើយ (ព្រោះថា) ចោរទាំងឡាយណា ដែលនៅសល់អំពីគេសម្លាប់ ចោរទាំងនោះ មុខជានឹងបៀតបៀនពួកមនុស្សអ្នកជនបទរបស់ស្តេច ក្នុងកាលជាខាងក្រោយ លុះតែអាស្រ័យការចាត់ចែងដូចតទៅនេះ ទើបឈ្មោះថា ដកដង្គត់ គឺចោរនុ៎ះបាន ដោយប្រពៃយ៉ាងនេះ សូមព្រះរាជាដ៏ចម្រើន (ប្រកបការដូច្នេះ) ពួកជនណា អាចធ្វើស្រែ រក្សាគោក្នុងជនបទរបស់ព្រះរាជាដ៏ចម្រើន សូមព្រះរាជាដ៏ចម្រើន ប្រទានពូជធារ និងភត្តាហារដល់ពួកជននោះ ពួកជនណាអាចខ្មីឃ្មាត ក្នុងការជួញក្នុងជនបទរបស់ព្រះរាជាដ៏ចម្រើន សូមព្រះរាជាដ៏ចម្រើន ប្រទានព្រះរាជទ្រព្យជាដើមទុន ដល់ជនទាំងនោះ ពួករាជបុរសណា ដែលប្រឹងប្រែងធ្វើរាជការ ក្នុងជនបទរបស់ព្រះរាជាដ៏ចម្រើន សូមព្រះរាជាដ៏ចម្រើន កំណត់នូវបៀវ័ត្សរ៍ ដល់រាជបុរសទាំងនោះ ទើបមនុស្សទាំងនោះ នឹងខំខ្វល់ខ្វាយ ក្នុងមុខការរបស់ខ្លួន និងមិនបៀតបៀននូវជនបទរបស់ព្រះរាជាឡើយ ឯគំនរនៃព្រះរាជទ្រព្យ ក៏នឹងមានច្រើនឡើង ពួកអ្នកជនបទ ក៏តាំងនៅដោយក្សេមក្សាន្ត មិនមានចំរូង គឺចោរ មិនមានមនុស្សបៀតបៀនគ្នាឡើយ មនុស្សទាំងឡាយ ក៏នឹងពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង ប្រហែលជានឹងមិនចាំបាច់បិទទ្វារផ្ទះក៏បាន (ព្រោះមិនមានចោរ) ។ ម្នាលព្រាហ្មណ៍ ព្រះបាទមហាវិជិតរាជ ទទួលពាក្យព្រាហ្មណ៍បុរោហិតថា យ៉ាងហ្នឹងល្អហើយ ពួកជនណាខ្មីឃ្មាត ក្នុងការភ្ជួរស្រែ និងរក្សាគោក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ ក៏បានប្រទានពូជធារ និងភត្តាហារដល់ជនទាំងនោះ ពួកជនណាខ្មីឃ្មាត ក្នុងការជួញ ក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ ក៏បានប្រទានព្រះរាជទ្រព្យជាដើមទុន ដល់ជនទាំងនោះ ពួករាជបុរសណា ដែលប្រឹងប្រែងធ្វើរាជការ ក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ បានកំណត់នូវបៀវ័ត្សរ៍ ដល់ជនទាំងនោះ មនុស្សទាំងនោះ ក៏ខំខ្វល់ខ្វាយ ក្នុងមុខការរបស់ខ្លួន មិនបានបៀតបៀនជនបទរបស់ព្រះរាជាឡើយ ។ ឯគំនរនៃព្រះរាជទ្រព្យ មានច្រើនឡើង ជនអ្នកនៅក្នុងជនបទ ក៏តាំងនៅដោយក្សេមក្សាន្ត មិនមានចំរូង គឺចោរ មិនមានមនុស្សបៀតបៀនគ្នាឡើយ មនុស្សទាំងឡាយ ក៏ពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង មិនចាំបាច់បិទទ្វារផ្ទះក៏បាន ។

[៩] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រះបាទមហាវិជិតរាជ មានព្រះតម្រាស់ឲ្យហៅព្រាហ្មណ៍បុរោហិតមក ហើយទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន ដង្គត់ គឺចោរនុ៎ះ យើងបានដកចោលហើយ ព្រោះអាស្រ័យនូវការចាត់ចែងរបស់អ្នកដ៏ចម្រើន ទ្រព្យរបស់យើង ក៏បានជាគំនរច្រើនឡើងហើយ អ្នកជនបទទាំងឡាយ ក៏នៅដោយក្សេមក្សាន្ត ឥតមានចំរូង គឺចោរ ឥតមានមនុស្សបៀតបៀនឡើយ មនុស្សទាំងឡាយ ក៏ពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង មិនចាំបាច់បិទទ្វារផ្ទះក៏បាន ម្នាលព្រាហ្មណ៍ យើងចង់បូជាមហាយញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចម្រើន ជួយណែនាំយើងផង ។ ព្រាហ្មណ៍បុរោហិត ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បើដូច្នោះ ពួកជនណា ទោះជាក្សត្រិយ៍ ដែលនៅក្នុងនិគមក្តី ដែលនៅក្នុងជនបទក្តី ដែលចុះចូលក្នុងជនបទរបស់ព្រះរាជាដ៏ចម្រើន សូមព្រះរាជាដ៏ចម្រើន ទ្រង់ហៅជនទាំងនោះមកប្រាប់ថា ម្នាលគ្នាយើង យើងចង់បូជាមហាយញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចម្រើនរាល់គ្នា យល់តាមយើង ពួកជនណាជាអាមាត្យ រាជបរិសទ្យ ក្នុងជនបទរបស់ព្រះរាជាដ៏ចម្រើន ទោះនៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ។បេ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគមក្តី អ្នកជនបទក្តី ។បេ។ ពួកគហបតី អ្នកសន្សំទ្រព្យជានិច្ច ជាអ្នកនិគមក្តី ជាអ្នកជនបទក្តី សូមព្រះរាជាដ៏ចម្រើន ទ្រង់ហៅជនទាំងនោះមកហើយ ទ្រង់ប្រាប់ថា នែអ្នករាល់គ្នា យើងចង់បូជាមហាយញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខ ដល់យើងអស់កាលជាយូរអង្វែង ចូរអ្នកដ៏ចម្រើនទាំងឡាយ យល់ព្រមតាមយើង ។ ម្នាលព្រាហ្មណ៍ ព្រះបាទមហាវិជិតរាជ ក៏ទទួលពាក្យព្រាហ្មណបុរោហិតថា យ៉ាងហ្នឹងហើយ ជនទាំងឡាយណា ជាក្សត្រិយ៍ នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលចុះចូលមកក្នុងជនបទរបស់ព្រះរាជា ព្រះបាទមហាវិជិតរាជ ក៏ទ្រង់ត្រាស់ហៅជនទាំងនោះមក ទ្រង់ត្រាស់ថា នែអ្នករាល់គ្នា យើងចង់បូជាមហាយញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកទាំងឡាយដ៏ចម្រើន យល់ព្រមតាមយើង ។ ពួកជននោះ ក៏ក្រាបបង្គំទូលថា បពិត្រមហារាជ កាលនេះ ជាកាលគួរនឹងបូជាយញ្ញហើយ សូមព្រះរាជាដ៏ចម្រើន ទ្រង់បូជាយញ្ញចុះ ។ ជនទាំងឡាយណា ជាអាមាត្យ រាជបរិសទ្យក្នុងជនបទ របស់ព្រះរាជា ទោះជាអ្នកនិគមក្តី ជាអ្នកជនបទក្តី ។បេ។ ពួកព្រាហ្មណ៍មហាសាល ជាអ្នកនិគមក្តី ជាអ្នកជនបទក្តី ។បេ។ ពួកគហបតី អ្នកសន្សំទ្រព្យជានិច្ច ជាអ្នកនិគមក្តី ជាអ្នកជនបទក្តី ព្រះបាទមហាវិជិតរាជ ក៏ទ្រង់ត្រាស់ហៅជនទាំងឡាយនោះមក ទ្រង់មានព្រះរាជឱង្ការថា នែអ្នករាល់គ្នា យើងចង់បូជាមហាយញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើន ដើម្បីសេចក្តីសុខដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចម្រើនទាំងឡាយ យល់ព្រមតាមយើង ។ ជនទាំងនោះ ក៏ក្រាបទូលថា បពិត្រមហារាជ កាលនេះ ជាកាលគួរនឹងបូជាយញ្ញហើយ សូមព្រះរាជាដ៏ចម្រើន បូជាយញ្ញចុះ ។ ពួកជនទាំង៤ពួកនេះ ជាអ្នករួមសេចក្តីយល់ព្រម ជាបរិក្ខារនៃយញ្ញនោះ ដោយប្រការដូច្នេះ ។

[១០] ព្រះបាទមហាវិជិត ប្រកបដោយអង្គ៨ប្រការ គឺព្រះអង្គមានព្រះជាតិល្អ ទាំងពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធអំពីតំណ នៃអយ្យកោ អយ្យិកា ជាគម្រប់៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបាន១ ព្រះអង្គមានព្រះរូបល្អ គួររមិលមើល ។បេ។ ព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង១ ព្រះអង្គ ជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីគាប់ចិត្តច្រើន មានធនធាន នឹងធញ្ញាហារច្រើន មានឃ្លាំង និងជង្រុកដ៏បរិបូណ៌១ ព្រះអង្គមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលស្តាប់បង្គាប់ ធ្វើតាមព្រះរាជឱវាទ (ទ្រង់ទូន្មានមនុស្សទាំងឡាយ) ព្រះអង្គមានតេជានុភាព ហាក់ដូចជាដុតបំផ្លាញនូវពួកសត្រូវ ដោយរាជឥស្សរិយយស១ ព្រះអង្គ មានព្រះរាជសទ្ធា ជាទាយក ជាទានបតិ មិនបានបិទទ្វារ ព្រះអង្គដូចជាអណ្តូងទឹក សម្រាប់ផឹករបស់សមណព្រាហ្មណ៍ និងមនុស្សកំព្រា អ្នកដំណើរ មនុស្សអ្នកពណ៌នា (គុណរបស់ទាន) ហើយសូម និងយាចកទាំងឡាយ រមែងទ្រង់ធ្វើនូវបុណ្យ១ ព្រះអង្គជាពហុស្សូត គឺទ្រង់បានរៀនសូត្រស្តាប់ច្រើន១ ទ្រង់ជ្រាបច្បាស់នូវសេចក្តីអធិប្បាយនៃសុតៈ គឺវិជ្ជា ចំណេះនោះៗ នៃភាសិតនោះៗ ដោយន័យច្បាស់លាស់ថា នេះជាសេចក្តីអធិប្បាយនៃភាសិតនេះៗ១ ព្រះអង្គជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញាអង់អាច និងទ្រង់ព្រះរាជតម្រិះនូវប្រយោជន៍ទាំងឡាយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន១ ។ ព្រះបាទមហាវិជិតរាជ ទ្រង់ប្រកបដោយអង្គទាំង៨នេះឯង ។ អង្គ៨នេះ ជាបរិក្ខារ របស់យញ្ញនោះ ដោយប្រការដូច្នេះ ។

[១១] ព្រាហ្មណ៍បុរោហិត ប្រកបដោយអង្គ៤ គឺជាអ្នកអ្នកមានកំណើតស្អាតទាំងពីរចំណែក គឺខាងមាតា និងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃជីដូនជីតា ជាគម្រប់៧ មិនមានអ្នកណា រិះគន់ តិះដៀល ដោយពោលដល់ជាតិ កំណើតបាន១ ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថយថោក គឺស្ទាត់ជំនាញក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកមានសីល មានសីលដ៏ចម្រើន ប្រកបដោយសីលដ៏ចម្រើន១ ជាអ្នកប្រាជ្ញមានប្រាជ្ញាឈ្លាសវៃ ជាបុគ្គលទី១ ឬទី២ របស់ព្រាហ្មណ៍ អ្នកទទួលនូវការបូជា ។ ព្រាហ្មណ៍បុរោហិត ប្រកបដោយអង្គទាំង៤នេះឯង ។ អង្គទាំង៤នេះ ជាបរិក្ខារ របស់យញ្ញនោះ ដោយប្រការដូច្នេះ ។

[១២] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រាហ្មណ៍បុរោហិត បានសំដែងវិធីតម្កល់ចិត្ត៣យ៉ាង ដល់ព្រះបាទមហាវិជិតរាជ ក្នុងកាលមុនយញ្ញពិធីថា កាលបើព្រះរាជាដ៏ចម្រើន នឹងបូជាមហាយញ្ញ គង់នឹងមានសេចក្តីក្តៅក្រហាយណាមួយមិនខាន ឱហ្ន៎ គំនរភោគៈយ៉ាងច្រើនរបស់អញ នឹងវិនាសទៅ ព្រះរាជាដ៏ចម្រើន កុំគប្បីធ្វើសេចក្តីក្តៅក្រហាយនោះឡើយ ។ កាលបើព្រះរាជាដ៏ចម្រើន នឹងបូជាមហាយញ្ញ នឹងមានសេចក្តីក្តៅក្រហាយណាមួយមិនខាន ឱហ្ន៎ គំនរភោគៈយ៉ាងច្រើនរបស់អញ វិនាសទៅ ព្រះរាជាដ៏ចម្រើន កុំគប្បីធ្វើសេចក្តីក្តៅក្រហាយនោះឡើយ ។ កាលបើព្រះរាជាដ៏ចម្រើន នឹងបូជាមហាយញ្ញ នឹងមានសេចក្តីក្តៅក្រហាយណាមួយមិនខានថា ឱហ្ន៎ គំនរភោគៈយ៉ាងច្រើនរបស់អញ វិនាសទៅហើយ ព្រះរាជាដ៏ចម្រើន កុំគប្បីធ្វើសេចក្តីក្តៅក្រហាយនោះឡើយ ។ ម្នាលព្រាហ្មណ៍ ព្រាហ្មណ៍បុរោហិត បានសំដែងវិធីតម្កល់ចិត្ត៣យ៉ាងនេះ ដល់ព្រះបាទមហាវិជិតរាជ ក្នុងកាលមុនយញ្ញពិធី ។

[១៣] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រាហ្មណ៍បុរោហិត បានបន្ទោបង់នូវសេចក្តីក្តៅក្រហាយ របស់ព្រះបាទមហាវិជិតរាជ ក្នុងពួកបុគ្គលអ្នកទទួលនូវគ្រឿងបូជា ដោយអាការទាំង១០ ក្នុងកាលមុនយញ្ញពិធី ។ (ថា) ពួកមនុស្សអ្នកសម្លាប់សត្វក៏មាន អ្នកវៀរចាកការសម្លាប់សត្វក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកសម្លាប់សត្វ ផលរបស់ការសម្លាប់សត្វនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ជាអ្នកវៀរចាកការសម្លាប់សត្វ សូមព្រះអង្គ ទ្រង់ព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះជនទាំងនោះចុះ ។

[១៤] ពួកមនុស្សអ្នកលួចទ្រព្យគេក៏មាន អ្នកវៀរចាកការលួចទ្រព្យគេក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកលួចទ្រព្យគេ ផលរបស់ការលួចទ្រព្យគេនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកវៀរចាកការលួចទ្រព្យគេ សូមឲ្យព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យរបស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[១៥] ពួកមនុស្សអ្នកប្រព្រឹត្តខុសក្នុងកាមក៏មាន អ្នកវៀរចាកការប្រព្រឹត្តខុសក្នុងកាមក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកប្រព្រឹត្តខុសក្នុងកាម ផលរបស់ការប្រព្រឹត្តខុសក្នុងកាមនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកវៀរចាកការប្រព្រឹត្តខុសក្នុងកាម សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យរបស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[១៦] ពួកមនុស្សអ្នកពោលពាក្យកុហកក៏មាន អ្នកវៀរចាកការពោលពាក្យកុហកក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកពោលពាក្យកុហក ផលរបស់ការពោលពាក្យកុហកនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ ពួកមនុស្សណា ដែលជាអ្នកវៀរចាកការពោលពាក្យកុហក សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[១៧] ពួកមនុស្សអ្នកនិយាយញុះញង់ក៏មាន អ្នកវៀរចាកការនិយាយញុះញង់ក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកនិយាយញុះញង់ ផលរបស់ការនិយាយញុះញង់នោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកវៀរចាកការនិយាយញុះញង់ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[១៨] ពួកមនុស្សអ្នកនិយាយពាក្យទ្រគោះក៏មាន អ្នកវៀរចាកការនិយាយពាក្យទ្រគោះក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកនិយាយពាក្យទ្រគោះ ផលរបស់ការនិយាយពាក្យទ្រគោះនោះ ក៏មានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកវៀរចាកការនិយាយពាក្យទ្រគោះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[១៩] ពួកមនុស្សអ្នកនិយាយពាក្យរោយរាយក៏មាន អ្នកវៀរចាកការនិយាយពាក្យរោយរាយក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកនិយាយពាក្យរោយរាយ ផលរបស់ការនិយាយពាក្យរោយរាយនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកវៀរចាកការនិយាយពាក្យរោយរាយ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[២០] ពួកមនុស្សអ្នកមានអភិជ្ឈាក៏មាន អ្នកមិនមានអភិជ្ឈាក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកមានអភិជ្ឈា ផលរបស់អភិជ្ឈានោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកមិនមានអភិជ្ឈា សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លាចំពោះមនុស្សទាំងនោះចុះ ។

[២១] ពួកមនុស្សដែលមានចិត្តព្យាបាទក៏មាន អ្នកមិនមានចិត្តព្យាបាទក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកមានចិត្តព្យាបាទ ផលរបស់ចិត្តព្យាបាទនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកមិនមានចិត្តព្យាបាទ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។

[២២] ពួកមនុស្សជាមិច្ឆាទិដ្ឋិក៏មាន ជាសម្មាទិដ្ឋិក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយញ្ញរបស់ព្រះអង្គ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាមិច្ឆាទិដ្ឋិ ផលរបស់មិច្ឆាទិដ្ឋិនោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្សទាំងនោះ មនុស្សពួកណា ដែលជាសម្មាទិដ្ឋិ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គជ្រះថ្លា ចំពោះមនុស្សទាំងនោះចុះ ។ ម្នាលព្រាហ្មណ៍ ព្រាហ្មណ៍បុរោហិត បានបន្ទោបង់នូវសេចក្តីក្តៅក្រហាយ របស់ព្រះបាទមហាវិជិតរាជ ក្នុងបដិគ្គាហកៈ ក្នុងកាលមុនយញ្ញពិធី ដោយអាការ១០នេះឯង ។

[២៣] ម្នាលព្រាហ្មណ៍ កាលនោះ ព្រាហ្មណ៍បុរោហិត បានញ៉ាំងព្រះហឫទ័យ នៃព្រះបាទមហាវិជិតរាជ ដែលកំពុងបូជាមហាយញ្ញ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយអាការ១៦ថា កាលព្រះរាជាដ៏ចម្រើន កំពុងបូជាមហាយញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយញ្ញ តែថា ពួកក្សត្រិយ៍ នៅក្នុងនិគម និងជនបទ ដែលនៅក្នុងព្រះរាជអំណាច ទ្រង់មិនមានព្រះបន្ទូលហៅរកផង បើទុកជាដូច្នោះ ព្រះរាជាដ៏ចម្រើន ក៏គង់តែបូជាមហាយញ្ញមានសភាពយ៉ាងនេះបាន ។ ជនអ្នកពោលដោយធម៌ ចំពោះមហារាជដ៏ចម្រើនយ៉ាងនេះ ក៏មិនមានឡើយ ។ ឯពួកក្សត្រិយ៍នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលនៅក្នុងព្រះរាជអំណាច ព្រះរាជាដ៏ចម្រើន បានមានព្រះបន្ទូលហៅមកហើយ សូមព្រះរាជាដ៏ចម្រើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយអាការនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ ។

[២៤] កាលព្រះរាជាដ៏ចម្រើន កំពុងបូជាមហាយញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយញ្ញ តែថា ពួកអមាត្យ រាជបរិសទ្យ អ្នកនិគម និងអ្នកជនបទ ព្រះអង្គក៏មិនមានព្រះបន្ទូលហៅមកឡើយ ។បេ។ ពួកព្រាហ្មណ៍មហាសាល អ្នកនិគម និងអ្នកជនបទ ។ ពួកគហបតី អ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ (ព្រះរាជាមិនមានព្រះបន្ទូលហៅមកឡើយ) បើទុកជាដូច្នោះ ព្រះរាជាដ៏ចម្រើន ក៏គង់តែបូជាមហាយញ្ញ មានសភាពយ៉ាងនេះបាន ។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចម្រើនយ៉ាងនេះ ក៏មិនមានឡើយ ។ ឯពួកគហបតីអ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ព្រះរាជាដ៏ចម្រើន បានមានព្រះបន្ទូលហៅមកហើយ សូមព្រះរាជាដ៏ចម្រើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយអាការនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ ។

[២៥] កាលព្រះរាជាដ៏ចម្រើន កំពុងបូជាមហាយញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយញ្ញ តែថា ព្រះអង្គមិនមែនជាស្តេច មានព្រះជាតិស្អាតទាំង២ខាង គឺខាងព្រះមាតា និងព្រះបិតា ទ្រង់ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃព្រះអយ្យកោ ព្រះអយ្យិកា ជាគម្រប់៧មក មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបានឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចម្រើន គង់តែបូជាមហាយញ្ញ មានសភាពយ៉ាងនេះបាន ។ ជនអ្នកពោលដោយធម៌ ចំពោះមហារាជដ៏ចម្រើន យ៉ាងនេះមិនមានឡើយ ។ តែព្រះរាជាដ៏ចម្រើន មានព្រះជាតិស្អាតទាំង២ខាង គឺខាងព្រះមាតា និងខាងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃព្រះអយ្យកោ ព្រះអយ្យិកា ជាគម្រប់៧មក ក៏មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបានឡើយ សូមព្រះរាជាដ៏ចម្រើន ទ្រង់ជ្រាបសេចក្តីនេះ ដោយអាការនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ ។

[២៦] កាលព្រះរាជាដ៏ចម្រើន កំពុងបូជាមហាយញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយញ្ញ ព្រះអង្គជាស្តេចមានព្រះរូបមិនល្អ មិនគួររមិលមើល មិនគួរឲ្យកើតសេចក្តីជ្រះថ្លា មិនប្រកបដោយសម្បុរដ៏ល្អយ៉ាងក្រៃលែង មិនដូចជាសម្បុរនៃព្រហ្ម មិនមានសរីរៈស្រដៀងនឹងព្រហ្ម មិនមានសព៌ាង្គរាងកាយ គួរឲ្យរមិលមើលមិនលែង ។បេ។ ព្រះអង្គជាស្តេចមិនស្តុកស្តម្ភ មិនមានទ្រព្យច្រើន មិនមានរបស់ប្រើប្រាស់ច្រើន មិនមានមាសប្រាក់ច្រើន មិនមានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មិនមានធនធាន និងធញ្ញាហារច្រើន មិនមានឃ្លាំង និងជង្រុកដ៏បរិបូណ៌ ។បេ។ ព្រះអង្គជាស្តេចមិនមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលស្តាប់បង្គាប់ ធ្វើតាមព្រះឱវាទ ព្រះអង្គមិនមានតេជានុភាព ហាក់ដូចជាដុតបំផ្លាញនូវពួកសត្រូវ ដោយព្រះរាជឥស្សរិយយសបាន ព្រះអង្គជាស្តេចមិនមានសទ្ធា មិនមែនជាទាយក មិនមែនជាទានបតី មិនមែនជាអ្នកបើកទ្វារ មិនមែនដូចជាអណ្តូងទឹកសម្រាប់ផឹក របស់សមណព្រាហ្មាណ៍ និងអ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាគុណរបស់ទានហើយសូម និងយាចកទាំងឡាយ ហើយធ្វើនូវបុណ្យ ព្រះអង្គមិនបានចេះចាំច្រើន មិនទ្រង់ជ្រាប នូវសេចក្តីអធិប្បាយនៃសុតៈនោះៗ នៃភាសិតនោះៗថា នេះជាសេចក្តីអធិប្បាយនៃភាសិតនេះ នេះជាសេចក្តីអធិប្បាយនៃភាសិតនេះ ព្រះអង្គមិនមែនជាបណ្ឌិត វាងវៃ មិនមានព្រះបា្រជ្ញាអង់អាច ដើម្បីនឹងគិតសេចក្តីក្នុងអតីត អនាគត និងបច្ចុប្បន្នបានឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចម្រើន ក៏គង់តែបូជាមហាយញ្ញ មានសភាពយ៉ាងនេះបាន ។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចម្រើន យ៉ាងនេះ ក៏មិនមានឡើយ ។ ព្រះរាជាដ៏ចម្រើន ជាបណ្ឌិត ឈ្លាសវៃ មានព្រះបា្រជ្ញាអង់អាច ដើម្បីនឹងគិតសេចក្តីក្នុងអតីត អនាគត និងបច្ចុប្បន្នបាន សូមព្រះរាជាដ៏ចម្រើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយហេតុនេះចុះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ ។

[២៧] កាលព្រះរាជាដ៏ចម្រើន កំពុងបូជាមហាយញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយញ្ញ ទាស់តែព្រាហ្មណ៍បុរោហិត មិនមានកំណើតល្អទាំង២ផ្នែក គឺខាងមាតា និងខាងបិតា មិនបានប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃអយ្យកោ អយ្យិកា ជាគម្រប់៧មកឡើយ មិនមែជាអ្នកឥតមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបានឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចម្រើន គង់តែបូជាមហាយញ្ញ មានសភាពយ៉ាងនេះបាន ។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចម្រើន យ៉ាងនេះ មិនមានឡើយ ។ ឯព្រាហ្មណ៍បុរោហិត របស់ព្រះរាជាដ៏ចម្រើន ជាអ្នកមានជាតិបរិសុទ្ធ ទាំង២ចំណែកដែរ គឺខាងមាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃអយ្យកោ អយ្យិកា ជាគម្រប់៧មក មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ សូមព្រះរាជាដ៏ចម្រើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយហេតុនេះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ ។

[២៨] កាលព្រះរាជាដ៏ចម្រើន កំពុងបូជាមហាយញ្ញ ក្រែងមានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយញ្ញ ទាស់តែព្រាហ្មណ៍បុរោហិត របស់ព្រះអង្គ មិនមែនជាអ្នករាយមន្ត មិនចេះចាំមន្ត មិនចេះចប់នូវគម្ពីរត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគម្រប់៥ ជាអ្នកមិនដឹងនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថយថោក គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ទាស់តែព្រាហ្មណ៍បុរោហិត របស់ព្រះរាជានោះ មិនមែនជាអ្នកមានសីល មានសីលដ៏ចម្រើន មិនប្រកបដោយសីលដ៏ចម្រើន ព្រាហ្មណ៍បុរោហិតរបស់ព្រះរាជានោះ មិនមែនជាបណ្ឌិត ឈ្លាសវៃ មានបា្រជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍អ្នកទទួលនូវការបូជាឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចម្រើន ក៏គង់តែបូជាមហាយញ្ញ មានសភាពយ៉ាងនេះបាន ។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចម្រើន យ៉ាងនេះ មិនមានឡើយ ។ ឯព្រាហ្មណ៍បុរោហិត របស់ព្រះរាជាដ៏ចម្រើន ជាបណ្ឌិត ឈ្លាសវៃ មានបា្រជ្ញា ជាបុគ្គលទី១ ឬទី២ របស់ពួកព្រាហ្មណ៍ អ្នកទទួលនូវការបូជាមែន សូមព្រះរាជាដ៏ចម្រើន ទ្រង់ជ្រាបនូវសេចក្តីនុ៎ះ ដោយហេតុនេះចុះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ ។ ម្នាលព្រាហ្មណ៍ ព្រាហ្មណ៍បុរោហិត បានញ៉ាំងព្រះហឫទ័យ របស់ព្រះបាទមហាវិជិតរាជ ដែលកំពុងបូជាមហាយញ្ញ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយអាការទាំង១៦នេះឯង ។

[២៩] ម្នាលព្រាហ្មណ៍ ក្នុងយញ្ញនោះឯង មនុស្សទាំងឡាយ ក៏ខានសម្លាប់គោ ខានសម្លាប់ពពែ និងកែះ ខានសម្លាប់មាន់ ជ្រូក ពួកសត្វផ្សេងៗ ក៏មិនបានដល់នូវសេចក្តីវិនាស ខានកាប់ដើមឈើ មកធ្វើជាគោល (សម្រាប់ចារឹកឈ្មោះ) ខានច្រូតស្បូវភ្លាំង ដើម្បីឲ្យលំបាក (ដល់ជនឯទៀត) ។ ចំណែកខាងពួកជនណា ដែលជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ ព្រះរាជាក៏មិនបានគម្រាម ដោយអាជ្ញា មិនបានគម្រាមឲ្យភ័យ មិនមានមុខជោកដោយទឹកភ្នែក ស្រែកទ្រហ៊ោយំធ្វើការងារឡើយ ។ ដោយពិតនោះថា ពួកជនណា ចង់ធ្វើការងារ ពួកជននោះ ក៏ធ្វើទៅ ពួកជនណា មិនចង់ធ្វើការងារ ពួកជននោះ ក៏ខានធ្វើទៅ ។ ពួកជនចង់ធ្វើការណា ក៏ធ្វើការនោះទៅ មិនចង់ធ្វើការណា ក៏ខានធ្វើការនោះទៅ ។ ឯយញ្ញពិធីនោះ ក៏សម្រេចដោយទឹកដោះថ្លា ប្រេង ទឹកដោះខាប់ ទឹកដោះជូរ ទឹកឃ្មុំ និងទឹកអំពៅប៉ុណ្ណោះឯង ។

[៣០] ម្នាលព្រាហ្មណ៍ កាលនោះ ពួកក្សត្រិយ៍អ្នកនៅក្នុងនិគម និងជនបទ ដែលនៅក្នុងព្រះរាជអំណាច ។ ពួកអមាត្យ រាជបរិសទ្យ ជាអ្នកនិគម និងអ្នកជនបទ ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគម និងអ្នកជនបទ ពួកគហបតី អ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាយកទ្រព្យសម្បត្តិជាច្រើន ចូលទៅគាល់ព្រះបាទមហាវិជិតរាជ ហើយក្រាបទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ទ្រព្យសម្បត្តិច្រើនទាំងនេះ ជារបស់មហាបពិត្រ យើងខ្ញុំព្រះអង្គនាំមកថ្វាយ ចំពោះមហាបពិត្រ សូមមហាបពិត្រ ទ្រង់ទទួលនូវទ្រព្យសម្បត្តិនោះចុះ ។ ព្រះបាទមហាវិជិតរាជ ត្រាស់តបថា ណ្ហើយអ្នកទាំងឡាយ ទ្រព្យសម្បត្តិនៃខ្ញុំនេះឯង ដែលសម្រេចហើយ ដោយពលិកម្មប្រកបដោយធម៌ច្រើនណាស់ហើយ ទ្រព្យទាំងនោះ ត្រូវបានទៅអ្នកទាំងឡាយវិញចុះ មួយទៀត ចូរអ្នកទាំងឡាយ យកទ្រព្យរបស់ខ្ញុំឯង ថែមទៅទៀតខ្លះចុះ ។ ពួកជនទាំងនោះ កាលបើព្រះរាជាទ្រង់ប្រកែកហើយ ក៏ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិតព្រមគ្នាយ៉ាងនេះថា បើពួកយើងយកទ្រព្យសម្បត្តិទាំងនេះ ទៅកាន់ផ្ទះខ្លួនវិញ ដោយហេតុណា ហេតុនោះ ឈ្មោះថា មិនសមគួរដល់ពួកយើងឡើយ ដ្បិតព្រះបាទមហាវិជិតរាជ កំពុងបូជាមហាយញ្ញ បើដូច្នោះ ពួកយើង ចូរនាំគ្នាបូជាតាមព្រះអង្គទៅចុះ ។

[៣១] ម្នាលព្រាហ្មណ៍ កាលនោះ ពួកក្សត្រិយ៍ អ្នកនៅក្នុងនិគម និងនៅក្នុងជនបទ ដែលនៅក្នុងព្រះរាជអំណាច នាំគ្នាផ្តើមធ្វើទានក្នុងទិសខាងកើតនៃរោងយញ្ញ ។ ពួកអមាត្យរាជបរិសទ្យ អ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងត្បូងនៃរោងយញ្ញ ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងលិចនៃរោងយញ្ញ ។ ពួកគហបតីអ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងជើងនៃរោងយញ្ញ ។ ម្នាលព្រាហ្មណ៍ ក្នុងទីយញ្ញពិធីទាំងនោះ មនុស្សទាំងឡាយ មិនបានសម្លាប់គោ មិនបានសម្លាប់ពពែ និងកែះ មិនបានសម្លាប់មាន់ និងជ្រូក ពួកសត្វផ្សេងៗ ក៏មិនដល់នូវសេចក្តីវិនាសឡើយ មិនបានកាប់ដើមឈើមកធ្វើជាគោល (សម្រាប់ចារិកឈ្មោះ) ខានច្រូតស្បូវភ្លាំង ដើម្បីឲ្យលំបាក (ដល់ជនឯទៀត) ។ ចំណែកខាងពួកមនុស្សណា ជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការងារក្តី ជនទាំងនោះ មិនបានត្រូវគម្រាមដោយអាជ្ញា មិនបានត្រូវគម្រាមឲ្យភ័យ មិនមានមុខជោកដោយទឹកភ្នែក ស្រែកទ្រហ៊ោយំធ្វើការងារឡើយ ។ ដោយសេចក្តីពិតនោះថា ពួកជនណា ចង់ធ្វើការងារ ពួកជននោះ ក៏ធ្វើទៅ ពួកជនណា មិនចង់ធ្វើការងារ ពួកជននោះ ក៏ខានធ្វើទៅ ពួកជនចង់ធ្វើការងារណា ក៏ធ្វើការងារនោះទៅ មិនចង់ធ្វើការងារណា ក៏ខានធ្វើការងារនោះទៅ ។ ឯយញ្ញពិធីនោះ ក៏សម្រេចដោយទឹកដោះថ្លា ប្រេង ទឹកដោះខាប់ ទឹកដោះជូរ ទឹកឃ្មុំ និងទឹកអំពៅប៉ុណ្ណោះឯង ។ ម្នាលព្រាហ្មណ៍ ជនទាំង៤ពួក មានគំនិតយល់ត្រូវគ្នា១ ព្រះបាទមហាវិជិតរាជ ប្រកបដោយអង្គ៨ប្រការ១ ព្រាហ្មណបោរោហិត ប្រកបដោយអង្គ៤ប្រការ១ រួមជាយញ្ញវិធី៣យ៉ាង នេះហៅថា យញ្ញសម្បទា៣យ៉ាង មានបរិក្ខារ១៦ ដោយប្រការដូច្នេះឯង ។

[៣២] កាលបើព្រះសាស្តា ទ្រង់មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ មានសម្លេងបន្លឺគឹកកង មានសំឡេងហ៊ោ សំឡេងស្រែកថា អើហ្ន៎ យញ្ញ យញ្ញសម្បទាហ្ន៎ ។ ឯកូដទន្តព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម ។ លំដាប់នោះ ព្រាហ្មណ៍ទាំងនោះ បានពោលពាក្យនេះ នឹងកូដទន្តព្រាហ្មណ៍ថា ព្រោះហេតុអ្វី បានជាលោកកូដទន្តៈ មិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យជាសុភាសិតសោះ ។ កូដទន្តព្រាហ្មណ៍ឆ្លើយថា នែអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំមិនមែនជាមិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យជាសុភាសិតទេ បើបុគ្គលណាមិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យជាសុភាសិតទេ ក្បាលរបស់បុគ្គលនោះ នឹងបែកមិនខាន ម្នាលអ្នកទាំងឡាយដ៏ចម្រើន មួយទៀត ខ្ញុំនៅមានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម មានព្រះពុទ្ធតម្រាស់យ៉ាងនេះថា តថាគត បានឮមកយ៉ាងនេះ ឬថាហេតុនោះ គួរនឹងទៅជាយ៉ាងនេះ មួយយ៉ាងទៀត ព្រះសមណគោតម មានព្រះពុទ្ធតម្រាស់ថា រឿងយ៉ាងនេះ បានមានហើយ ក្នុងកាលនោះ រឿងនេះបានមានហើយ ក្នុងកាលនោះឯង ម្នាលអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំមានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងសម័យនោះ ព្រះសមណគោតម ជាព្រះបាទមហាវិជិតរាជ ជាម្ចាស់យញ្ញដោយពិត ឯបុរោហិត គ្រាន់តែជាអ្នកណែនាំឲ្យបូជាយញ្ញ របស់ព្រះអង្គ ។ កូដទន្តព្រាហ្មណ៍ ទូលសួរថា ចុះព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបថា បុគ្គលបូជាឯងក្តី ឲ្យគេបូជាក្តី នូវយញ្ញមានសភាពយ៉ាងនេះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងបានចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ដូច្នេះដែរឬ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតដឹងច្បាស់ថា បុគ្គលបូជាឯងក្តី ឲ្យគេបូជាក្តី នូវយញ្ញមានសភាពយ៉ាងនេះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងបានចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ម្នាលព្រាហ្មណ៍  សម័យនោះ តថាគតជាព្រាហ្មណបុរោហិត ជាអ្នកណែនាំឲ្យបូជាយញ្ញ របស់ព្រះបាទមហាវិជិតរាជនោះ ។

[៣៣] កូដទន្តព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន យញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ មានដែរឬទេ ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ យញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ មានដែរ ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ចុះយញ្ញ ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នោះ តើដូចម្តេច ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ និច្ចភត្តទាន គឺយញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលណា ដែលបុគ្គលឲ្យចំពោះពួកបព្វជិត អ្នកមានសីល ម្នាលព្រាហ្មណ៍ យញ្ញនេះឯងហើយ ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលធ្វើឲ្យនិច្ចភត្តទាន គឺយញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូល មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកអរហន្ត ឬពួកអ្នកដែលបានសម្រេចនូវអរហត្តមគ្គ មិនបានចូលទៅរកយញ្ញពិធី មានសភាពយ៉ាងនេះទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ ព្រោះការប្រហារដោយដំបងក្តី ការចាប់ត្រង់បំពង់កក្តី រមែងមានប្រាកដតែក្នុងយញ្ញវិធីនុ៎ះ ព្រោះហេតុដូច្នោះ ពួកព្រះអរហន្ត ឬពួកអ្នកដែលបានសម្រេចនូវអរហត្តមគ្គ មិនចូលទៅរកយញ្ញពិធី មានសភាពយ៉ាងនេះ ម្នាលព្រាហ្មណ៍ និច្ចភត្តទាន គឺយញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលណា ដែលគេឲ្យ ចំពោះពួកបព្វជិត អ្នកមានសីល ម្នាលព្រាហ្មណ៍ ពួកអរហន្ត ឬពួកលោកដែលបានសម្រេចនូវអរហត្តមគ្គ រមែងចូលទៅរកយញ្ញមានសភាពយ៉ាងនេះ ដំណើរនោះ ព្រោះអ្វី ម្នាលព្រាហ្មណ៍ ព្រោះហេតុថា ការប្រហារដោយដំបងក្តី ការចាប់ត្រង់បំពង់កក្តី រមែងមិនប្រាកដ ក្នុងយញ្ញវិធីនុ៎ះទេ ហេតុដូច្នោះ បានជាពួកអរហន្ត ឬពួកអ្នកដែលបានសម្រេចអរហត្តមគ្គ រមែងចូលទៅរកយញ្ញពិធី មានសភាពយ៉ាងនេះ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ ដែលធ្វើឲ្យនិច្ចភត្តទាន គឺយញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូល មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះឯង ។

[៣៤] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន យញ្ញឯទៀត ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង មានដែរឬទេ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ យញ្ញឯទៀត មានអានិសង្សច្រើនជាងយញ្ញសម្បទា៣ប្រការនេះផង មានដែរ ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះយញ្ញឯទៀត មានអានិសង្សច្រើនជាងយញ្ញសម្បទា៣ប្រការនេះផង តើដូចម្តេច ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា បានធ្វើវិហារចំពោះសង្ឃ ដែលមកអំពីទិសទាំង៤ ម្នាលព្រាហ្មណ៍ យញ្ញនេះឯង ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន និងមានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង ។

[៣៥] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន យញ្ញឯទៀត ។បេ។ មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង មានដែរឬ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ យញ្ញឯទៀត មានដែរ ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះយញ្ញឯទៀតនោះ តើដូចម្តេច ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា មានចិត្តជ្រះថ្លា ដល់នូវព្រះពុទ្ធជាសរណៈ ដល់នូវព្រះធម៌ជាសរណៈ ដល់នូវព្រះសង្ឃ ជាសរណៈ ម្នាលព្រាហ្មណ៍ យញ្ញនេះឯង ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង ជាងវិហារទាននេះផង ។

[៣៦] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន យញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង ។បេ។ មានដែរឬ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ យញ្ញឯទៀត មានអានិសង្សច្រើនជាងយញ្ញសម្បទា៣ប្រការនេះផង មានដែរ ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន យញ្ញឯទៀត មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង តើដូចម្តេច ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា មានចិត្តជ្រះថ្លា បានសមាទាននូវសិក្ខាបទទាំងឡាយ គឺចេតនាធម៌ ជាហេតុវៀរចាកបាណាតិបាត១ វៀរចាកអទិន្នាទាន១ វៀរចាកកាមេសុមិច្ឆាចារ១ វៀរចាកមុសាវាទ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន១ ម្នាលព្រាហ្មណ៍ យញ្ញនេះឯង ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់នៃត្រកូលនេះផង ។បេ។

[៣៧] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះយញ្ញឯទៀត មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់នៃត្រកូលនេះផង មានដែរឬ ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ យញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦នេះផង ជាងនិច្ចភត្តទាន គឺយញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង ជាងវិហារទាននេះផង ជាងសរណគមន៍ទាំងនេះផង ជាងសិក្ខាបទទាំងនេះផង មានដែរ ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចម្រើន ចុះយញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង ។បេ។ នោះ តើដូចម្តេច ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ ។បេ។ (បណ្ឌិតគប្បីសំដែងពាក្យទាំងអស់ឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះឯង ។ ភិក្ខុនោះឯង រមែងចូលដល់បឋមជ្ឈាន សម្រាន្តឥរិយាបទនៅ ។ ម្នាលព្រាហ្មណ៍ យញ្ញនេះឯង មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញទាំងឡាយអំពីមុនៗ ។ ភិក្ខុនោះ រមែងចូលដល់ទុតិយជ្ឈាន ។ តតិយជ្ឈាន ។ ចតុត្ថជ្ឈាន សម្រាន្តឥរិយាបទនៅ ។ ម្នាលព្រាហ្មណ៍ យញ្ញនេះឯង មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញទាំងឡាយមុនៗ ។ ភិក្ខុនោះ រមែងតម្រង់ ផ្ចង់បង្អោនចិត្ត ដើម្បីញាណទស្សនៈ ហើយដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្មចរិយៈអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច ក៏អញបានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ចនេះទៅទៀត មិនមានឡើយ ។ ម្នាលព្រាហ្មណ៍ យញ្ញនេះឯង មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿងប្រុងប្រៀបតិច តែមានផលច្រើន មានអានិសង្សច្រើន ជាងយញ្ញទាំងឡាយមុនៗ ម្នាលព្រាហ្មណ៍ មួយទៀត យញ្ញសម្បទាឯទៀតលើសលុបជាង ឬថ្លៃថ្លាជាងយញ្ញសម្បទានេះ មិនមានឡើយ ។

[៣៨] កាលបើព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់យ៉ាងនេះហើយ កូដទន្តព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយនេះឯង ប្រៀបដូចជាគេបើករបស់ដែលផ្កាប់ឲ្យផ្ងារឡើង ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ឬដូចជាបុគ្គលប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវរតនត្រ័យ ជាសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គនេះ នឹងដោះលែងគោឈ្មោល ៧០០ កូនគោឈ្មោល ៧០០ កូនគោញី ៧០០ ពពែ ៧០០ កែះ ៧០០ ខ្ញុំព្រះអង្គនឹងឲ្យជីវិត ចូរឲ្យសត្វទាំងនេះ ទំពាស៊ីនូវស្មៅស្រស់ផង ចូរផឹកនូវទឹកត្រជាក់ផង ចូរឲ្យខ្យល់ត្រជាក់ បក់មកត្រូវសត្វទាំងនោះចុះ ។

[៣៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង នូវអនុបុព្វីកថា ចំពោះកូដទន្តព្រាហ្មណ៍ អនុបុព្វីកថានោះ ដូចម្តេច គឺព្រះអង្គទ្រង់ប្រកាស ទានកថា សីលកថា សគ្គកថា ប្រកាសទោសរបស់កាមដ៏ថោកទាប សៅហ្មង ប្រការនូវអានិសង្សក្នុងកិរិយាចេញចាកកាម ។ កាលណាព្រះមានព្រះភាគ បានជ្រាបថា កូដទន្តព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តអណ្តែតឡើង មានចិត្តជ្រះថ្លាហើយ កាលនោះ ព្រះអង្គក៏ទ្រង់សំដែងធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺប្រកាសនូវទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១ ។ ធម្មតា សំពត់ដ៏ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់កូដទន្តព្រាហ្មណ៍ លើអាសនៈនោះឯងថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានសេចក្តីរលត់ទៅជាធម្មតា យ៉ាងនោះឯង ។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ បានឃើញអរិយសច្ចធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់អរិយសច្ចធម៌ បានជឿច្បាស់អរិយសច្ចធម៌ ឆ្លងផុតសេចក្តីសង្ស័យ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវភាវៈ ជាអ្នកក្លាហាន មិនបាច់អាងបុគ្គលដទៃ (ដឹកនាំ) ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា សូមបពិត្រព្រះគោតមដ៏ចម្រើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ កូដទន្តព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ ។

[៤០] គ្រាកាលដែលកន្លងរាត្រីនោះទៅ កូដទន្តព្រាហ្មណ៍ ប្រើគេតាក់តែងនូវខាទនីយៈ ភោជនីយាហារដ៏ថ្លៃថ្លា ក្នុងរោងយញ្ញពិធីរបស់ខ្លួន ហើយឲ្យក្រាបបង្គំទូលនូវភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន កាលដល់ហើយ ភត្តក៏សម្រេចហើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ទ្រង់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ពុទ្ធដំណើរទៅកាន់រោងយញ្ញពិធី របស់កូដទន្តព្រាហ្មណ៍ ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ ក៏បានអង្គាសខាទនីយៈ ភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែឃាត់ ។ លុះកូដទន្តព្រាហ្មណ៍ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ លែងលូកព្រះហស្តក្នុងបាត្រទៀតហើយ ក៏កាន់យកអាសនៈមួយទាបជាង ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះកូដទន្តព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេចចេញទៅ ។

ចប់ កូដទន្តសូត្រ ទី៥ ។

មហាលិសូត្រ ទី៦[កែប្រែ]

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី ។ សម័យនោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ចូលទៅអាស្រ័យនៅក្នុងក្រុងវេសាលី ដោយករណីយកិច្ចណានីមួយ ។ ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈនោះ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ឥឡូវ មកគង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុងវេសាលី កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចម្រើននោះ ពីរោះឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ (ជាព្រះអរហន្ត) ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះមានព្រះភាគនោះ ញ៉ាំងលោកនេះ ព្រមទាំងទេវលោក និងមារលោក ។បេ។ ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង (ជាការប្រពៃពេក) ។ គ្រានោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ក៏បានចូលសំដៅទៅកាន់កូដាគារសាលា ព្រៃមហាវ័ន ។

[៤២] សម័យនោះឯង ព្រះនាគិតត្ថេរមានអាយុ ជាឧបដ្ឋាកព្រះមានព្រះភាគ ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ចូលសំដៅទៅរកកន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ទើបពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតៈដ៏ចម្រើន ឥឡូវនេះ ព្រះគោតមដ៏ចម្រើននោះ ព្រះអង្គគង់នៅទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះគោតមដ៏ចម្រើននោះ ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលអ្នកមានអាយុទាំងឡាយ កាលនេះ មិនមែនជាកាលគួរ នឹងទៅគាល់ព្រះមានព្រះភាគទេ (ព្រោះ) ព្រះមានព្រះភាគ កំពុងសម្រាកព្រះអង្គ ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈនោះ អង្គុយនៅក្នុងទីសមគួរ ក្បែរកន្លែងនោះ ហើយប្រឹក្សាគ្នាថា យើងទាំងឡាយ ចាំគាល់ព្រះគោតមដ៏ចម្រើននោះឲ្យបាន ហើយសឹមទៅ ។

[៤៣] ឯក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី [អដ្ឋកថា ថា បានជាមាននាមដូច្នេះ ព្រោះជាអ្នកតាំងនៅក្នុងដំណែងដ៏ស្តុកស្តម្ភ ។] បានចូលសំដៅទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវីឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតត្ថេរៈដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធនោះ ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលមហាលិ កាលនេះ មិនមែនជាកាលគួរនឹងគាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុងសម្រាកព្រះអង្គ ។ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏គង់នៅក្នុងទីសមគួរ [អដ្ឋកថា ថា គង់ក្រោមម្លប់ឈើដ៏ស្រួល ហើយពោលសរសើគុណព្រះរតនត្រ័យ ជាមួយនឹងលិច្ឆវិបរិសទ្យ ។] ក្បែរកន្លែងនោះ ហើយគិតថា អញចាំគាល់ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន ហើយសឹមទៅ ។

[៤៤] គ្រានោះ សមណុទ្ទេសឈ្មោះសីហៈ ចូលសំដៅត្រង់កន្លែងដែលព្រះនាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះសីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះកស្សប [ហៅតាមគោត្តនាមរបស់ព្រះនាគិតត្ថេរ] ដ៏ចម្រើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈជាច្រើនទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ ព្រះមានព្រះភាគ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះកស្សបដ៏ចម្រើន សូមឲ្យប្រជុំជនទាំងនោះ បានគាល់ព្រះមានព្រះភាគផង ។ ព្រះនាគិតត្ថេរពោលថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាបបង្គំទូលព្រះមានព្រះភាគខ្លួនឯងចុះ ។ សីហសមណុទ្ទេស ទទួលពាក្យព្រះនាគិតត្ថេរមានអាយុថា យ៉ាងហ្នឹងហើយ ព្រះករុណាដ៏ចម្រើន ហើយចូលសំដៅទៅត្រង់កន្លែង ដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ ។ លុះសីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ព្រះមានព្រះភាគ ទាំងក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះអង្គដ៏ចម្រើន សូមឲ្យប្រជុំជននេះ បានគាល់ព្រះមានព្រះភាគផង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារចុះ ។ សីហសមណុទ្ទេស ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារ ។ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ (ទៅ) គង់លើអាសនៈ ដែលគេក្រាល ត្រង់ម្លប់ខាងមុខវិហារ ។ លំដាប់នោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈទាំងនោះ ចូលសំដៅទៅត្រង់កន្លែងដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។

[៤៥] ចំណែកខាងឱដ្ឋទ្ធលិច្ឆវី ព្រមទាំងលិច្ឆវិបរិសទ្យជាច្រើន ក៏ចូលទៅគាល់ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី គង់ស៊ប់ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលថ្ងៃមុនៗ សុនក្ខត្តលិច្ឆវិបុត្ត ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ បានពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាលមហាលិ ខ្ញុំចូលទៅនៅអាស្រ័យនឹងព្រះមានព្រះភាគ រាប់តាំងពីថ្ងៃខាងដើមមក មិនយូរប៉ុន្មាន បានត្រឹមតែ៣ឆ្នាំ ខ្ញុំបានឃើញរូបទិព្វទាំងឡាយ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ទាស់តែស្តាប់សំឡេងទិព្វ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមិនឮ បពិត្រព្រះអង្គដ៏ចម្រើន សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ ឬក៏សំឡេងទាំងនោះ ពុំមានទេ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ សំឡេងទិព្វ ដែលមានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្ត ស្តាប់មិនឮ មិនមែនជាគ្មានទេ ។ មហាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមានពិតមែន មិនមែនជាពុំមានទេ ចុះអ្វីជាហេតុ អ្វីជាបច្ច័យហ្ន៎ បានជាសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ ។

[៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ បានចម្រើនសមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនក្នុងទិសបូព៌ ដើម្បីឃើញរូបដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែងឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន តែថា មិនឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនហើយមួយចំណែក ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ ។

[៤៧] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនដោយចំណែកមួយ ក្នុងទិសទក្សិណ ។បេ។ ក្នុងទិសបស្ចិម ។បេ។ ក្នុងទិសឧត្តរ ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែមិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មិនមែនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នោះ) ភិក្ខុនោះ រមែងឃើញរូបដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបាន តែមិនឮសំឡេងដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ ។

[៤៨] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចម្រើនសមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល សមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែលភិក្ខុបានចម្រើនមួយចំណែក ក្នុងទិសបូព៌ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែងឮសំឡេងដ៏ជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន ទាស់តែមើលរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមិនឃើញ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនមួយចំណែក ក្នុងទិសបូព៌ ដើម្បីស្តាប់សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានឡើយ ។

[៤៩] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនចំណែកមួយ ក្នុងទិសទក្សិណ ។បេ។ ក្នុងទិសបស្ចិម ។បេ។ ក្នុងទិសឧត្តរ ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល សមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីស្តាប់សំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដូច្នោះ បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបជាទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ ភិក្ខុនោះ រមែងឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់បាន តែមិនឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានបំពេញមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន ។

[៥០] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចម្រើនសមាធិទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង កាលបើសមាធិ ដែលភិក្ខុនោះ បានចម្រើនទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វផង ។បេ។ ដើម្បីឮសំឡេងទិព្វផង ។បេ។ ភិក្ខុនោះ រមែងឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង រមែងឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ក្នុងទិសបូព៌ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែសមាធិ ដែលភិក្ខុនោះ បានចម្រើនទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វផង ។បេ។ ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ។

[៥១] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា សមាធិ ដែលភិក្ខុបានចម្រើនទាំងពីរចំណែក ក្នុងទិសទក្សិណ ។បេ។ ក្នុងទិសបស្ចិម ។បេ។ ក្នុងទិសឧត្តរ ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល និងដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល កាលបើសមាធិ ដែលភិក្ខុនោះបានចម្រើនទាំង២ចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង (ដូច្នោះ) បានជាភិក្ខុនោះ ឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបានផង ទាំងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែភិក្ខុ បានចម្រើនសមាធិ ទាំង២ចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង (នោះឯង) ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ ដែលសុនក្ខត្តលិច្ឆវិបុត្ត មិនបានឮសំឡេងទិព្វ មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដែលមានពិត មិនមែនជាមិនមាន (នោះ)ទេ ។

[៥២] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ គ្រាន់តែជាហេតុធ្វើឲ្យច្បាស់នូវសមាធិភាវនាប៉ុណ្ណោះទេឬ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមហាលិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត មិនមែនគ្រាន់តែជាហេតុធ្វើឲ្យច្បាស់ នូវសមាធិភាវនាប៉ុណ្ណោះទេ ម្នាលមហាលិ នៅមានធម៌ដទៃទៀត ដែលលើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចុះធម៌ដែលលើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ (អាច) ធ្វើឲ្យជាក់ច្បាស់បាន តើដូចម្តេច ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ជាសោតាបន្នបុគ្គល មិនមានកិរិយាធ្លាក់ទៅក្នុងអបាយទាំង៤ ជាធម្មតា គឺលែងទៅកាន់អបាយ ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹងទៅខាងមុខ ព្រោះកិរិយាអស់ទៅនៃសំយោជនៈ៣ ម្នាលមហាលិ ធម៌នេះឯង ដែលឈ្មោះថា លើសលុបជាង ប្រសើរជាងសមាធិភាវនា ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៣] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាសកទាគាមិបុគ្គល មកកាន់លោកនេះត្រឹមតែម្តងទៀត ក៏ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈ៣ ព្រោះស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៤] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាឧបបាតិកៈកំណើត ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងអាយ៥ ហើយបរិនិព្វានក្នុងភពនោះ មានកិរិយាមិនត្រឡប់មក អំពីលោកនោះវិញធម្មតា ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៥] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ហើយដល់ស៊ប់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងអត្តភាពនេះឯង ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ម្នាលមហាលិ ធម៌ទាំងនេះហើយ ដែលឈ្មោះថា លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន ។

[៥៦] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ចុះមគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើមានដែរឬទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ មគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ មានជាប្រាកដ ។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើនចុះ មគ្គ និងបដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើដូចម្តេចខ្លះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា មគ្គប្រកបដោយអង្គ៨ ជាផ្លូវដ៏ប្រសើរនេះឯង គឺសេចក្តីឃើញត្រូវ១ ត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ រលឹកត្រូវ១ តម្កល់ចិត្តត្រូវ១ ម្នាលមហាលិ នេះឯងឈ្មោះថា មគ្គ នេះឯងឈ្មោះថា បដិបទា សម្រាប់ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងឡាយនុ៎ះ ។

[៥៧] ម្នាលមហាលិ សម័យមួយ តថាគតនៅក្នុងឃោសិតារាម ទៀបនគរកោសម្ពី ។ គ្រានោះ មានបព្វជិតពីររូប គឺមណ្ឌិយបរិព្វាជក១ ជាលិយ ជាអន្តេវាសិកនៃទារុបត្តិកបរិព្វាជក [អដ្ឋកថា ថា ឧបជ្ឈាយ៍របស់ជាលិយៈនោះ តែងត្រាច់ទៅបិណ្ឌបាតដោយបាត្រឈើ បានជាហៅថា ទារុបត្តិកៈ ។]១ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះបព្វជិតទាំង២រូបនោះ ឈរនៅក្នុងទីដ៏សមគួរហើយ បាននិយាយនឹងតថាគតដូច្នេះថា អាវុសោគោតម ជីវៈនោះ ក៏គឺសរីរៈនោះឬ ៗជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ តថាគតប្រាប់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយចាំស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ។ ម្នាលអាវុសោ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហំ សម្មាសម្ពុទ្ធ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះ ។បេ។ បានដល់នូវបឋមជ្ឈាន ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីររូប ប្រាប់តថាគតថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ដឹងហេតុនេះយ៉ាងនេះ ឃើញហេតុនេះយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន ។ នូវតតិយជ្ឈាន ។ នូវចតុត្ថជ្ឈាន ។ ម្នាលអាវុសោ បើភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ក៏ដឹងយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ភិក្ខុតម្រង់ ផ្ចង់បង្អោនចិត្ត ទៅដើម្បីញាណទស្សនៈ ។ ម្នាលអាវុសោ ភិក្ខុណា ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៀត មិនមានទេ ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ (លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ) តថាគតប្រាប់ថា ម្នាលអាវុសោ តថាគត ដឹងហេតុនោះយ៉ាងនេះ ឃើញហេតុនោះយ៉ាងនេះដែរ បានជាតថាគត មិនបានពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ (ចប់ហើយ) ។ ឱដ្ឋទ្ធលិច្ឆវី ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភាគ ។

ចប់ មហាលិសូត្រ ទី៦ ។

ជាលិយសូត្រ ទី៧[កែប្រែ]

[៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងឃោសិតារាម [អារាមដែលឃោសិតសេដ្ឋីកសាង ។] ទៀបក្រុងកោសម្ពី ។ គ្រានោះ មានបព្វជិត២រូប គឺបរិព្វាជក ឈ្មោះមណ្ឌិយៈ១ ឈ្មោះជាលិយៈ ជាអន្តេវាសិកនៃទារុបត្តិកបរិព្វាជក១ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះបព្វជិតទាំង២រូបនោះ ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា អាវុសោគោតមដ៏ចម្រើន ជីវៈនោះ គឺសរីរៈនោះឬ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយចាំស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ។ បព្វជិតទាំង២រូបនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយអាវុសោ ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលអាវុសោ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះ ។

[៥៩]  ។បេ។ ភិក្ខុបានដល់នូវបឋមជ្ឈាន ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ គួរពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ បរិព្វាជកទាំងពីរពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលទេ ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ដឹងនូវហេតុនោះយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។

[៦០] ភិក្ខុបានដល់នូវទុតិយជ្ឈាន ។ នូវតតិយជ្ឈាន ។ នូវចតុត្ថជ្ឈាន ។ ម្នាលអាវុសោ បើភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនពីគ្នាដែរឬ ។ បរិព្វាជកទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកតថាគត ដឹងហេតុនុ៎ះយ៉ាងនេះ ឃើញយ៉ាងនេះដែរហើយ ប៉ុន្តែតថាគត មិនបានពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។

[៦១] ភិក្ខុតម្រង់ ផ្ចង់បង្អោនចិត្ត មកដើម្បីញាណទស្សនៈ ។ ម្នាលអាវុសោ ភិក្ខុណា ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៀត មិនមានទេ ។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនដែរឬ ។ បរិព្វាជកទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ការដឹង និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរនឹងពោលថា ជីវៈនោះ គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួនទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាងតថាគត ក៏ដឹងនូវហេតុនេះយ៉ាងនេះ ឃើញយ៉ាងនេះដែរ បានជាតថាគត មិនពោលថា ជីវៈនោះ ក៏គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈដោយខ្លួន ។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះ (ចប់)ហើយ ។ បព្វជិតទាំង២រូបនោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ ។

ចប់ ជាលិយសូត្រ ទី៧ ។

មហាសីហនាទសូត្រ ទី៨[កែប្រែ]

[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រៃ ឈ្មោះកណ្ណកថលៈ ជាទីឲ្យអភ័យដល់ម្រឹគ ទៀបក្រុងឧជុញ្ញា ។ គ្រានោះ អចេលៈ (បរិព្វាជកអាក្រាត) ឈ្មោះកស្សប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ លុះអចេលកស្សប ឈរក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំបានឮពាក្យដូច្នេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង បពិត្រព្រះគោតមដ៏ចម្រើន ពួកសមណព្រាហ្មណ៍ណា បានពោលយ៉ាងនេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកពោលតាមហេតុ ដែលព្រះគោតមដ៏ចម្រើនពោលហើយ ឬមិនពោលបង្កាច់ព្រះគោតមដ៏ចម្រើន ដោយពាក្យមិនពិតទេ ឬពោលនូវធម៌ដ៏សមគួរដល់ធម៌ ឬវាទានុវាទៈណាមួយ ប្រកបដោយធម៌ មិនដល់នូវឋានៈ ដែលពួកវិញ្ញូជន គួរតិះដៀលទេឬ ឯយើងទាំងឡាយ មិនប៉ងនឹងពោលបង្កាច់ព្រះគោតមដ៏ចម្រើនទេ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលកស្សប ពួកសមណព្រាហ្មណ៍ណា បានពោលហើយយ៉ាងនេះថា ព្រះសមណគោតម រមែងតិះដៀលតបៈទាំងពួង រមែងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង ពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនពោលតាមវាទៈ ដែលតថាគតពោលហើយ (ដោយសព្វគ្រប់)ទេ ពោលបង្កាច់តថាគត (ខ្លះក៏មាន) មួយវិញទៀត ពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែនពោលបង្កាច់តថាគត ដោយពាក្យមិនមាន មិនពិត (ក៏មាន) ។ ម្នាលកស្សប តថាគត បានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ដែលមានអាជីវៈសៅហ្មង ពួកខ្លះក្នុងលោកនេះ ដែលរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលកស្សប តថាគត មានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងវិស័យរបស់មនុស្ស តថាគតមើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ជាអ្នកចិញ្ចឹមជីវិតសៅហ្មង ដែលរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខតិច លុះរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យរបស់មនុស្ស មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខតិច លុះរំលាងខន្ធ អំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងស្ថានសួគ៌ ។ ម្នាលកស្សប តថាគត ដឹងជាក់នូវដំណើរមកផង ដំណើរទៅផង ដំណើរឃ្លាតចេញផង ដំណើរកើតផង របស់ពួកអ្នកកាន់តបៈទាំងនេះ តាមពិតយ៉ាងនេះឯង តថាគតឯង នឹងតិះដៀលតបៈទាំងពួង នឹងចំអកមើលងាយតែមួយយ៉ាង នូវអ្នកកាន់តបៈទាំងអស់គ្នា ដែលមានអាជីវៈសៅហ្មង ដូចម្តេចបាន (តថាគត តិះដៀលតែកម្ម ដែលគួរតិះដៀល សរសើរកម្ម ដែលគួរសរសើទេតើ) ។

[៦៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាបណ្ឌិត មានប្រាជ្ញាល្អិត ដឹងច្បាស់នូវវាទៈរបស់អ្នកដទៃ អាចទម្លាយនូវទិដ្ឋិរបស់បុគ្គលដទៃ ដោយកម្លាំងប្រាជ្ញារបស់ខ្លួន ដូចជាខ្មាន់ធ្នូ អ្នកបាញ់នូវសរសៃសក់បាន ។ សមណព្រាហ្មណ៍ទាំងនោះ ត្រូវគ្នានឹងតថាគត ក្នុងស្ថានខ្លះក៏មាន មិនត្រូវគ្នាក្នុងស្ថានខ្លះក៏មាន ។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ [អដ្ឋកថា ថា សំដៅយកបញ្ចពិធសីល]ថាល្អ យើងក៏ពោលថាល្អដែរក៏មាន ។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ [សំដៅយកបញ្ចវេរា] ថាមិនល្អ យើងក៏ពោលថាមិនល្អដែរក៏មាន ។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ [សង្រួមក្នុងទ្វារទាំង៥] ថាល្អ តែយើងពោលថាមិនល្អក៏មាន ។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ [អដ្ឋកថា ថា មិនសង្រួមក្នុងទ្វារទាំង៥] ថាមិនល្អ តែយើងពោលថាល្អក៏មាន ។ យើងពោលនូវអ្វីខ្លះ ថាល្អ ពួកសមណព្រាហ្មណ៍ដទៃ ក៏ពោលថាល្អដែរក៏មាន ។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ ពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អដែរក៏មាន ។ យើងពោលនូវអ្វីខ្លះ ថាល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អក៏មាន ។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាល្អក៏មាន ។ តថាគត ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ស្ថានណា ដែលមិនត្រូវគ្នានឹងតថាគត ស្ថាននោះ លើកទុកសិនចុះ ស្ថានណា ដែលត្រូវគ្នានឹងតថាគត ពួកវិញ្ញូជន ត្រូវសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុទាំងពីរ ប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួក ក្នុងស្ថាននោះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចម្រើនទាំងនេះ តើនរណា លះបង់ធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន សមណគោតមឬ ឬក៏ពួកគណាចារ្យដ៏ចម្រើនឯទៀត ។

[៦៤] ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ កាលបើពួកវិញ្ញូជន សួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏និយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចម្រើនទាំងនេះ ព្រះសមណគោតម លះបង់ធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកគណាចារ្យដ៏ចម្រើនឯទៀតទេ ។ ម្នាលកស្សប ពួកវិញ្ញូជនក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌ទាំងនោះ ដោយប្រការដូច្នេះឯង ។

[៦៥] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួកជនដ៏ចម្រើនទាំងនេះ តើនរណា សមាទានធម៌ទាំងនេះ មិនឲ្យសេសសល់ ហើយប្រព្រឹត្តកាន់បាន សមណគោតម ឬក៏ពួកគណាចារ្យដ៏ចម្រើនឯទៀត ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ជនដ៏ចម្រើនទាំងនេះ ព្រះសមណគោតម សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកគណាចារ្យដ៏ចម្រើនឯទៀត ។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង ។

[៦៦] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ពួកជនដ៏ចម្រើនទាំងនេះ នរណាលះបង់ធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ពួកសាវ័ករបស់ព្រះគោតម ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចម្រើនឯទៀត ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរសេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ជនដ៏ចម្រើនទាំងនេះ ពួកសាវ័ករបស់ព្រះសមណគោតម លះបង់ធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចម្រើនឯទៀត ។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង ។

[៦៧] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិនដេញដោលរកហេតុ មិនសួរស្ទាក់រកលទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ជនដ៏ចម្រើនទាំងនេះ នរណា សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ពួកសាវ័ករបស់ព្រះគោតម ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចម្រើនឯទៀត ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏មុខជានិយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរសេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួកជនដ៏ចម្រើនទាំងនេះ ពួកសាវ័ករបស់ព្រះសមណគោតម សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្តកាន់បាន ឬក៏ពួកសាវ័ករបស់គណាចារ្យដ៏ចម្រើនឯទៀត ។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការដូច្នេះឯង ។ ម្នាលកស្សប លោកុត្តរមគ្គក៏មាន បុព្វភាគប្បដិបទា (សេចក្តីប្រតិបត្តិជាចំណែកខាងដើម) ក៏មាន ដែលបុគ្គលប្រតិបត្តិឲ្យសមគួរហើយ គង់ដឹងជាក់ច្បាស់នូវសាមញ្ញផល គង់នឹងឃើញដោយខ្លួនឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយប្រកបដោយប្រយោជន៍ និយាយត្រូវតាមធម៌ និយាយត្រូវតាមវិន័យ ។ ម្នាលកស្សប ចុះលោកុត្តរមគ្គនោះ តើដូចម្តេច បុព្វភាគប្បដិបទា តើដូចម្តេច ដែលបុគ្គលប្រតិបត្តិឲ្យសមគួរហើយ គង់ដឹងជាក់ច្បាស់នូវសាមញ្ញផល គង់នឹងឃើញដោយខ្លួនឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយប្រកបដោយប្រយោជន៍ និយាយត្រូវតាមធម៌ និយាយត្រូវតាមវិន័យ ។ នេះឯងជាមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ គឺសេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ សេចក្តីរលឹកត្រូវ១ ដម្កល់ចិត្តត្រូវ១ ។ ម្នាលកស្សប នេះឯង ជាលោកុត្តរមគ្គ នេះឯង បុព្វភាគប្បដិបទា ដែលបុគ្គលប្រតិបត្តិឲ្យសមគួរហើយ គង់ដឹងច្បាស់នូវសាមញ្ញផល គង់នឹងឃើញដោយខ្លួនឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយប្រកបដោយប្រយោជន៍ និយាយត្រូវតាមធម៌ និយាយត្រូវតាមវិន័យ ។

[៦៨] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលព្រះមានព្រះភាគថា អាវុសោគោតម ការផ្តើមនូវតបៈទាំងនេះ ដែលរាប់ថាជាកិច្ចការរបស់សមណៈផង រាប់ថាជាកិច្ចការរបស់ព្រាហ្មណ៍ផង របស់ពួកសមណព្រាហ្មណ៍ទាំងនេះ (មានច្រើនប្រការ) គឺជាបុគ្គលគ្មានសំពត់ (អាក្រាត) លះបង់មារយាទល្អ ស៊ីលិទ្ធដៃ ឬជម្រះឧច្ចារៈដោយម្រាមដៃ គេអញ្ជើញថា ចូលមក ក៏មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្តដែលគេនាំមកមុន មិនត្រេកអរនឹងចង្ហាន់ ដែលគេនាំមកចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ អចេលកៈនោះ មិនទទួលភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមក ត្រង់ចន្លោះធរណីទ្វារ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះអង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ កំពុងបរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិនទទួលភត្តរបស់ស្រីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រីដែលនៅក្នុងចន្លោះបុរស មិនទទួលភត្តក្នុងទីដែលពួកគ្នាឯងណែនាំ មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិនទទួលភត្តក្នុងទីដែលមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ ។ អចេលកៈនោះ ទទួលភត្តចំពោះតែក្នុងផ្ទះមួយ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយដុំបាយមួយពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះពីរ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួលភត្តចំពោះតែក្នុងផ្ទះ៧ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ចំពោះតែក្នុងដុំបាយ៧ពំនូតខ្លះ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍១ខ្លះ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍២ខ្លះ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ ស៊ីអាហាររំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ ស៊ីអាហាររំលង៧ថ្ងៃខ្លះ ។ អចេលកៈ ប្រកបដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះឯង ។ អាវុសោ គោតម ការផ្តើមតបៈទាំងនេះ ដែលរាប់ថាជាកិច្ចការ របស់សមណៈផង រាប់ថាជាកិច្ចការ របស់ព្រាហ្មណ៍ផង របស់ពួកសមណព្រាហ្មណ៍ទាំងនេះ (មានច្រើនប្រការ) គឺបុគ្គលមានបន្លែស្រស់ជាអាហារខ្លះ មានអង្ករស្រងែជាអាហារខ្លះ មានស្កួយជាអាហារខ្លះ មានកំទេចស្បែក (ចម្នៀរស្បែក) ជាអាហារខ្លះ មានជ័រជាអាហារខ្លះ មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌកជាអាហារខ្លះ មានបាយក្តាំងជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើព្រៃជាអាហារខ្លះ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា ។ អាវុសោ គោតម ការផ្តើមតបៈទាំងនេះ រាប់ថាជាកិច្ចការ របស់សមណៈផង រាប់ថាជាកិច្ចការ របស់ព្រាហ្មណ៍ផង របស់ពួកសមណព្រាហ្មណ៍ទាំងនេះ (មានច្រើនប្រការ) គឺទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់បំសុកូលខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងជាសំពត់ខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់ចំរៀកក្តារ ជាសំពត់ខ្លះ ទ្រទ្រង់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់សំពត់កម្ពលដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ទ្រទ្រង់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ទុកសក់ [ក្នុងសៀវភៅភាគ២៥ ទំព័រ៩៤ ត្រង់លេខយោង ឲ្យកែថា ”ទុកសក់”  ។] និងពុកមាត់ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមទុកសក់ និងពុកមាត់ខ្លះ ឈរសម្រឹងហាមឃាត់នូវអាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមច្រហោងខ្លះ ផ្អែកលើបន្លា សម្រេចការដេកលើបន្លាខ្លះ សម្រេចការដេកលើផែនក្តារខ្លះ សម្រេចការដេកផ្ទាល់ផែនដីខ្លះ ដេកផ្អៀងតែម្ខាង មានសរីរៈប្រឡាក់ដោយធូលីខ្លះ នៅកណ្តាលវាល អង្គុយលើអាសនៈតាមតែបានខ្លះ បរិភោគតែលាមក ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាម បរិភោគតែលាមកខ្លះ តមទឹកត្រជាក់ ប្រព្រឹត្តកាន់វត្ត តមទឹកត្រជាក់ខ្លះ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ ។

[៦៩] ម្នាលកស្សប បើអចេលកៈ ជាអ្នកលះបង់មារយាទល្អ បរិភោគលិទ្ធដៃ ។បេ។ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះឯង ។ ចំណែកខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនបានចម្រើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត ។ ម្នាលកស្សប ភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា ។ ខាងឯសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនដែលបានចម្រើន មិនដែលបានធ្វើឲ្យជាក់ច្បាស់ឡើយ ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត ។ ម្នាលកស្សប ភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។ ម្នាលកស្សប បើអចេលកៈនោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ ។ ចំណែកខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏អចេលកៈនោះ មិនបានចម្រើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ ។ អចេលកៈនោះ ឈ្មោះថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង ដោយពិត ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។

[៧០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន សាមញ្ញគុណ កម្រធ្វើបានណាស់ ព្រហ្មញ្ញគុណ កម្រធ្វើបានណាស់ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប សម្តីដែលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាននេះ ជាសម្តីប្រក្រតីក្នុងលោកទេ ។ ម្នាលកស្សប បើអចេលកៈ លះបង់នូវមារយាទល្អ បរិភោគលិទ្ធដៃ ។បេ។ ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះ ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តីប្រតិបត្តិបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ ធ្វើបានដោយលំបាក នុ៎ះ មិនគួរទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញ ធ្លាប់ជាអ្នកអាក្រាត ជាអ្នកលះបង់មារយាទល្អ ជាអ្នកបរិភោគលិទ្ធដៃ ។បេ។ អាត្មាអញ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មានសភាពយ៉ាងនេះហើយ ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចប៉ុណ្ណេះ និងវៀរចាកការផ្តើមតបៈនេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបានក្រៃពេក នុ៎ះ ក៏គួរខ្លះដែរ ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តីប្រតិបត្តិបន្តិចបន្តួចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះមិនគួរឡើយ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញធ្លាប់ជាអ្នកមានបន្លែស្រស់ជាអាហារ ឬអង្ករស្រងែជាអាហារ ។បេ។ អាត្មាអញ ធ្លាប់ជាអ្នកមានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ក៏គួរនឹងពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន ដូច្នេះ ក៏គួរដែរ ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។ ម្នាលកស្សប បើអចេលកៈ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែអចេលកៈវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែមិនគួរនឹងពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបានដូច្នេះទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេគិតឃើញថា ណ្ហើយចុះ អាត្មាអញធ្លាប់ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្ត មានប្រមាណតិចប៉ុណ្ណេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រធ្វើបាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សាមញ្ញគុណ កម្រធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះក៏គួរខ្លះ ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។

[៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ដែលហៅថា សមណៈ បុគ្គលដឹងបានដោយកម្រ ហៅថា ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប សម្តីដែលថា សមណៈ បុគ្គលដឹងបានដោយកម្រ ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រ នេះជាសម្តីប្រក្រតីក្នុងលោកទេ ។ ម្នាលកស្សប បើអចេលកៈ លះបង់នូវមារយាទល្អ បរិភោគលិទ្ធដៃ ។បេ។ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះ ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ដែលថា បុគ្គលដឹងបានដោយកម្រ ក៏រឹតតែដឹងបានដោយកម្រក្រៃពេក ព្រោះតែអចេលកវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សមណៈ បុគ្គលដឹងបានដោយកម្រ ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រនុ៎ះ មិនគួរទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវបុគ្គលនេះថា នេះជាអចេលកៈ អ្នកលះបង់មារយាទល្អ បរិភោគលិទ្ធដៃ ។បេ។ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មានសភាពយ៉ាងនេះ ដូច្នេះ ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ក៏គួរនឹងពោលថា សមណៈ គេដឹងបានដោយក្រដូច្នេះដែរ ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករស្រងែជាអាហារ ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ ឈ្មោះថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះអចេលកវត្ត និងការផ្តើមនូវតបៈ មានប្រមាណប៉ុណ្ណេះ តែពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ ក៏គេដឹងបានដោយក្រ នុ៎ះមិនគួរឡើយ ទោះបីគហបតី ឬបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវបុគ្គលនេះបាន ថាបុគ្គលនេះ មានបន្លែស្រស់ជាអាហារ ឬអង្ករស្រងែជាអាហារ ។បេ។ មានមើមឈើ ផ្លែឈើព្រៃជាអាហារ បរិភោគតែផ្លែឈើ ដែលជ្រុះស្រាប់ចំអែតអាត្មា ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងវៀរចាកការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រ នុ៎ះក៏គួរដែរ ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។ ម្នាលកស្សប បើបុគ្គល ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះតែអចេលកៈវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះ ពាក្យដែលពោលថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រនុ៎ះ មិនគួរទេ ទោះបីគហបតី ឬបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងបុគ្គលនេះបានថា បុគ្គលនេះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់ដែលគេត្បាញលាយគ្នាខ្លះ ។បេ។ ប្រព្រឹត្តកាន់វត្ត ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចនេះ និងការផ្តើមតបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះហេតុនោះ ពាក្យដែលនិយាយថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រ នុ៎ះក៏គួរដែរ ។ ម្នាលកស្សប កាលណាបើភិក្ខុចម្រើនមេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួនឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍ក៏បាន ។

[៧២] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ អចេលកស្សប បានក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន សីលសម្បទា តើដូចម្តេច ចិត្តសម្បទា តើដូចម្តេច បញ្ញាសម្បទា តើដូចម្តេច ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលកស្សប ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហំ សម្មាសម្ពុទ្ធ ។បេ។ បណ្ឌិតគប្បីសំដែងឲ្យពិស្តារផងចុះ ។ ម្នាលកស្សប ដូចម្តេចដែលហៅថា ភិក្ខុជាអ្នកបរិបូណ៌ដោយសីល ម្នាលកស្សប ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសាស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់ហើយនូវសេចក្តីអាណិត មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងពួង នេះជាសីលសម្បទា នៃភិក្ខុនោះឯង ។បេ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ រមែងទទួលនូវសេចក្តីសុខ មិនមានទោសតាំងនៅខាងក្នុង ម្នាលកស្សប យ៉ាងនេះហៅថា ភិក្ខុបរិបូណ៌ដោយសីល ម្នាលកស្សប នេះឯងឈ្មោះថា សីលសម្បទា ។បេ។ បានដល់នូវបឋមជ្ឈាន នេះជាចិត្តសម្បទានៃភិក្ខុនោះឯង ម្នាលកស្សប នេះឯងឈ្មោះថា ចិត្តសម្បទា  ។បេ។ ភិក្ខុផ្ចង់តម្រង់បង្អោនចិត្ត ដើម្បីញាណទស្សនៈ នេះឯងជាបញ្ញាសម្បទារបស់ភិក្ខុនោះ ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីនេះ មិនមានឡើយ នេះឯងជាបញ្ញាសម្បទារបស់ភិក្ខុនោះ ម្នាលកស្សប នេះឯង ឈ្មោះថា បញ្ញាសម្បទា  ។ ម្នាលកស្សប សីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទាឯទៀត ដ៏លើសលុបថ្លៃថ្លា ជាងសីលសម្បទា ចិត្តសម្បទា បញ្ញាសម្បទានេះគ្មានទេ ។

[៧៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាសីលវាទៈ (អ្នកពោលអាងសីល) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណរបស់សីលដោយអនេកបរិយាយ ។ ម្នាលកស្សប (បើទុកជា) អរិយសីលដ៏ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើតថាគតក្នុងអរិយសីលនោះទេ ក្រៃលែងជាងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិសីលនោះដោយពិត ។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា តបោជិគុច្ឆវាទ (អ្នកពោលអាងការខ្ពើមកិលេសដោយតបៈ) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណនៃការខ្ពើមកិលេស ដោយតបៈ ជាអនេកបរិយាយ ។ ម្នាលកស្សប (បើទុកជា) ការខ្ពើមកិលេស ដោយតបៈ ដ៏ប្រសើរក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងការខ្ពើមកិលេស របស់តថាគត ក្នុងតបៈនោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺការខ្ពើមកិលេស ដោយពិត ។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា បញ្ញាវាទៈ (អ្នកពោលអាងបញ្ញា) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណនៃបញ្ញា ដោយអនេកបរិយាយ ។ ម្នាលកស្សប (បើទុកជា) បញ្ញាដ៏ប្រសើរក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងបញ្ញា របស់តថាគតក្នុងបញ្ញានោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិបញ្ញានោះដោយពិត ។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា វិមុត្តិវាទៈ (អ្នកពោលអាងវិមុត្តិ) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណរបស់វិមុត្តិ ដោយអនេកបរិយាយ ។ ម្នាលកស្សប (បើទុកជា) វិមុត្តិដ៏ប្រសើរ ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងវិមុត្តិ របស់តថាគត ក្នុងវិមុត្តិនោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិវិមុត្តិនោះដោយពិត ។

[៧៤] ម្នាលកស្សប សេចក្តីនេះជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ ប៉ុន្តែបន្លឺសីហនាទនោះ បានតែក្នុងផ្ទះស្ងាត់ មិនបន្លឺក្នុងពួកបរិសទ្យទេ ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ ម្នាលកស្សប អ្នកត្រូវប្រាប់គេថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺតែក្នុងពួកបរិសទ្យ មិនបន្លឺក្នុងផ្ទះស្ងាត់ទេ ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺក្នុងពួកបរិសទ្យដែរហើយ តែមិនជាអ្នកក្លៀវក្លាបន្លឺទេ ។ អ្នកត្រូវប្រាប់ពួកបរិព្វាជកទាំងនោះថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ដែលពួកតិរ្ថិយបរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ តែទេវតា និងមនុស្សទាំងឡាយ មិនដែលសួរប្រស្នានឹងលោកឡើយ ទោះបីសួរប្រស្នានឹងលោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរ មិនបានទេ ទោះបីលោកដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរបាន លោកក៏មិនញ៉ាំងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នា បើទុកជាញ៉ាំងចិត្តឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ជនទាំងឡាយ ក៏មិនសំគាល់ថា គួរស្តាប់ទេ ទោះសំគាល់ថា គួរស្តាប់ ក៏គ្រាន់តែស្តាប់ហើយ មិនជ្រះថ្លាទេ ទុកជាស្តាប់ហើយជ្រះថ្លា ក៏គ្រាន់តែជ្រះថ្លាប៉ុណ្ណោះ តែមិនធ្វើអាការជ្រះថ្លា (មែនទែន)ទេ ទុកជាជ្រះថ្លា ហើយធ្វើអាការជ្រះថ្លា ក៏មិនប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះទេ បើទុកជាប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះបាន ក៏មិនប្រតិបត្តិ ឲ្យពេញព្រះទ័យនៃលោកបានទេ ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ ពួកទេវតា និងមនុស្ស សួរប្រស្នានឹងលោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរបាន លោកញ៉ាំងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ទាំងពួកជន ក៏សំគាល់ថា ពាក្យរបស់លោក ជាពាក្យគួរស្តាប់ លុះស្តាប់ហើយ ក៏ជ្រះថ្លានឹងលោក លុះជ្រះថ្លាហើយ ក៏ធ្វើអាការជ្រះថ្លា ប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះ ប្រតិបត្តិឲ្យពេញព្រះទ័យលោកបាន ។ ម្នាលកស្សប សម័យមួយ តថាគត នៅលើភ្នំគិជ្ឈកូដ ជិតនគររាជគ្រឹះ ។ មានបរិព្វាជកម្នាក់ ឈ្មោះនិគ្រោធ ជាសព្រហ្មចារីនៃអ្នកក្នុងនគររាជគ្រឹះទាំងនោះ មកសួរប្រស្នានឹងតថាគត ក្នុងការខ្ពើមកិលេសយ៉ាងក្រៃលែង តថាគត ក៏បានដោះប្រស្នាដែលនិគ្រោធបរិព្វាជកនោះសួរ ក្នុងការខ្ពើមកិលេស យ៉ាងក្រៃលែង លុះតថាគតដោះប្រស្នារួចហើយ បរិព្វាជកនោះ ក៏មានចិត្តត្រេកអរពន់ប្រមាណ ។

[៧៥] បពិត្រព្រះអង្គដ៏ចម្រើន នរណាហ្ន៎ ដែលបានស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ មិនមានចិត្តត្រេកអរពន់ប្រមាណ បពិត្រព្រះអង្គដ៏ចម្រើន ឯខ្ញុំព្រះអង្គ ស្តាប់ធម៌របស់ព្រះមានព្រះភាគហើយ មានចិត្តត្រេកអរពន់ប្រមាណណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលគេផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ នឹងឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។

[៧៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយមកហើយ តែចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា អន្យតិរ្ថិយនោះ ត្រូវនៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ ឯតថាគត ដឹងនូវសេចក្តីផ្សេងគ្នា នៃបុគ្គលក្នុងកិច្ចដែលនៅបរិវាសនេះ [អដ្ឋកថា ថា ទ្រង់ជ្រាបថា បុគ្គលនេះ គួរនៅបរិវាស បុគ្គលនេះ មិនគួរនៅបរិវាស ។] ។ អចេលកស្សប ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន បើបុគ្គលធ្លាប់ជាអន្យតិរ្ថិយមកហើយ ចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា ត្រូវនៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ ដូច្នេះ ខ្ញុំព្រះអង្គ នឹងនៅរហូត៤ឆ្នាំបាន លុះកន្លង៤ឆ្នាំហើយ ភិក្ខុទាំងឡាយគង់មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈជាភិក្ខុ ។ អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភាគ លុះព្រះកស្សបមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ជាបុគ្គលម្នាក់ឯង ដោះខ្លួនចេញចាកពួក ឥតមានសេចក្តីប្រមាទ ខំព្យាយាមដុតនូវកិលេស ប្រថុយលះបង់នូវអត្តភាព ពួកកុលបុត្ត ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងអត្តភាពនេះ សម្រាន្តនៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិ (កំណើត) របស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញក៏បានអប់រំចប់ហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីនេះតទៅទៀត មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏ជាព្រះអរហន្តអង្គមួយដែរ ។

ចប់ មហាសីហនាទសូត្រ ទី៨ ។

បោដ្ឋបាទសូត្រ ទី៩[កែប្រែ]

[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង មានបរិព្វាជកម្នាក់ ឈ្មោះបោដ្ឋបាទ នៅអាស្រ័យក្នុងមល្លិការាម [អដ្ឋកថា ថា សួនដែលបរិបូណ៌ដោយផ្កា និងផ្លែឈើរបស់នាងមល្លិកា ជាព្រះរាជទេពីរបស់ព្រះបាទបសេនទិកោសល ។] ដែលមានសាលាមួយ [អារាមនោះ ដម្បូងឡើយ មានសាលាតែមួយមែន តែដល់កាលជាខាងក្រោយមក មានគេកសាងសាលាច្រើនឡើង ព្រោះអាស្រ័យបរិព្វាជកម្នាក់មានបុណ្យច្រើន ។] មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី (សម្រាប់ពួកជនមានព្រាហ្មណ៍ជាដើម) ប្រជុំគ្នា ជជែកអំពីលទ្ធិ (របស់ខ្លួន) ជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើនចំនួន៣០០០នាក់ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកណាស់ បើដូច្នោះ គួរតែតថាគត ចូលទៅរកបោដ្ឋបាទបរិព្វាជក នៅក្នុងមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រជុំគ្នា ជជែកអំពីលទ្ធិ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ចូលទៅឯមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រជុំគ្នា ជជែកអំពីលទ្ធិ ។

[៧៨] សម័យនោះឯង បោដ្ឋបាទបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជកបរិសទ្យច្រើននាក់ កំពុងតែនិយាយពាក្យតិរច្ឆានកថាច្រើនយ៉ាង ដោយសំឡេងហ៊ោ សំឡេងឮខ្លាំង កងរំពង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយអំពីមហាមាត្យ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីគ្រឿងស៊ី និយាយអំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីបុព្វប្រេត គឺញាតិដែលចែកឋានទៅហើយ និយាយអំពីពាក្យឥតប្រយោជន៍ មានប្រការផ្សេងៗ និយាយអំពីលោក (មានរឿងក្អែកស និងកុកក្រហមជាដើម) និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចម្រើន និងសេចក្តីសាបសូន្យដូច្នេះៗ ។ បោដ្ឋបាទបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា ម្នាលគ្នាយើង ចូរនិយាយសំឡេងតិចៗ ម្នាលគ្នាយើង កុំនិយាយសំឡេងឮខ្លាំងឡើយ (ដ្បិត) ព្រះសមណគោតម អង្គនេះ ស្តេចមក ឯព្រះសមណគោតមមានអាយុនោះឯង លោកពេញព្រះទ័យនឹងសំឡេងតិច តែងពោលសរសើរសំឡេងតិច ធ្វើដូចម្តេចឲ្យលោកជ្រាបថា បរិសទ្យនិយាយសំឡេងតិច ហើយសំគាល់ថាគួរនឹងចូលមកបាន ។ កាលបោដ្ឋបាទបរិព្វាជក និយាយឃាត់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម ។

[៧៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលសំដៅទៅរកកន្លែងដែលបោដ្ឋបាទបរិព្វាជកនៅ ។ បោដ្ឋបាទបរិព្វាជក ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចមក បពិត្រព្រះអង្គដ៏ចម្រើន ដំណើរដែលព្រះមានព្រះភាគស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចម្រើន យូរណាស់ហើយតើ ព្រះមានព្រះភាគ បានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ និមន្តគង់អាសនៈ ដែលរៀបចំស្រាប់នេះ ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលគេរៀបចំស្រាប់ហើយ ។ ឯបោដ្ឋបាទបរិព្វាជក ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះបោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលបោដ្ឋបាទ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយប្រជុំគ្នា និយាយពាក្យដូចម្តេច ចុះពាក្យជាចន្លោះដូចម្តេច [អដ្ឋកថា ថា ពាក្យក្នុងរវាងនៃកាលពួកបរិព្វាជក ប្រជុំនិយាយគញនា តាំងអំពីដំបូង មកទល់នឹងកាលដែលព្រះមានព្រះភាគស្តេចមកដល់ ។] ដែលអ្នកទាំងឡាយ និយាយមិនទាន់ស្រេច ។

[៨០] កាលបើព្រះមានព្រះភាគទ្រង់ត្រាស់សួរយ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលយើងខ្ញុំទាំងឡាយ ប្រជុំគ្នានិយាយអម្បាញ់មិញនេះ ទុកស្លេះសិនចុះ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ព្រះមានព្រះភាគ មិនមែនបានដោយកម្រទេ នឹងបានទ្រង់ព្រះសណ្តាប់ក្នុងកាលខាងក្រោយមិនខាន បពិត្រព្រះអង្គដ៏ចម្រើន កាលថ្ងៃពីមុនៗមក មានពួកសមណព្រាហ្មណ៍ ដែលមានលទ្ធិផ្សេងៗ អង្គុយប្រជុំគ្នា ក្នុងកោតុហលសាលា [សាលាដែលសមណព្រាហ្មណ៍មានលទ្ធិខុសគ្នា ប្រជុំនិយាយពាក្យផ្សេងៗទ្រហឹងអឺងកង ។] ក៏បានផ្តួចផ្តើម និយាយគ្នា ក្នុងអភិសញ្ញានិរោធថា អ្នកដ៏ចម្រើន អភិសញ្ញានិរោធ តើដូចម្តេច បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ខ្លះ ពោលយ៉ាងនេះថា សញ្ញារបស់បុរសកើតក្តី រលត់ក្តី មិនមានហេតុ មិនមានបច្ច័យឡើយ សញ្ញាកើតឡើងក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ សញ្ញារលត់ទៅក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ តែសមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចម្រើន ដំណើរនុ៎ះ មិនមែនជាយ៉ាងនេះទេ នែអ្នកទាំងឡាយដ៏ចម្រើន ព្រោះថា សញ្ញាជាខ្លួនរបស់បុរស ឯខ្លួននោះ មាននៅខ្លះ ប្រាសទៅខ្លះ ខ្លួនមាននៅក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ខ្លួនប្រាសទៅក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចម្រើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំងឡាយដ៏ចម្រើន ព្រោះថា សមណព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន សមណព្រាហ្មណ៍ទាំងនោះឯង ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់បុរសនេះ ទាញសញ្ញាចូលក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចម្រើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំងឡាយដ៏ចម្រើន ព្រោះថា ពួកទេវតា មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន ទេវតាទាំងនោះ ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់បុរសនេះ ទាញសញ្ញាចូលក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានចាប់ភ្លឹក នឹកប្រារព្ធចំពោះព្រះមានព្រះភាគ តែមួយយ៉ាងថា ព្រះមានព្រះភាគណា ទ្រង់ឈ្លាសវៃ ក្នុងធម៌ទាំងនេះ ព្រះមានព្រះភាគអង្គនោះ គប្បីសំដែងបាន ដោយអស្ចារ្យក្រៃលែង ព្រះសុគតណា ទ្រង់ឈ្លាសវៃ ក្នុងធម៌ទាំងនេះ ព្រះសុគតអង្គនោះ គប្បីសំដែងបាន ដោយអស្ចារ្យក្រៃលែង បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ព្រះអង្គឈ្លាសវៃ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវអភិសញ្ញានិរោធ បពិត្រព្រះអង្គដ៏ចម្រើន អភិសញ្ញានិរោធនោះ តើដូចម្តេច ។

[៨១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលពោលយ៉ាងនេះថា សញ្ញារបស់បុរសកើតក្តី រលត់ក្តី មិនមានហេតុ មិនមានបច្ច័យ ដូច្នេះ សេចក្តីយល់ឃើញរបស់សមណព្រាហ្មណ៍ទាំងនោះ ចាត់ជាខុស តាំងអំពីដើមទាំងស្រុង ។ ដំណើរនុ៎ះ ព្រោះហេតុអ្វី ។ ម្នាលបោដ្ឋបាទ ព្រោះថា សញ្ញារបស់បុរស ប្រកបដោយហេតុ ប្រកបដោយបច្ច័យ ទាំងកើត ទាំងរលត់ សញ្ញាខ្លះកើត ព្រោះការហាត់ក៏មាន សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ក៏មាន ក៏ការហាត់សញ្ញានោះ តើដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់ឆ្លើយដោយព្រះអង្គឯងថា ម្នាលបោដ្ឋបាទ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។ ម្នាលបោដ្ឋបាទ ភិក្ខុអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង ។បេ។ កាលភិក្ខុនោះពិចារណាឃើញ នូវនីវរណៈទាំង៥នេះ ក្នុងខ្លួនដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ ក៏កើតឡើង កាលបើភិក្ខុមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ ភិក្ខុដែលមានកាយស្ងប់រម្ងាប់ហើយ ក៏ទទួលនូវសុខ ចិត្តរបស់ភិក្ខុដែលមានសុខ ក៏តាំងនៅមាំ ។ ភិក្ខុនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយក៏បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខកើតអំពីសេចក្តីស្ងាត់នោះ កាមសញ្ញា (តម្រេក ប្រកបដោយកាមគុណទាំង៥) ខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺបីតិ និងសុខដែលកើតអំពីសេចក្តីស្ងាត់ ក៏មានឡើងក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីវិវេកក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ (ដូចពណ៌នាមកនេះ) នេះឯងហៅថា ការហាត់សញ្ញា ។

[៨២] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះរម្ងាប់វិតក្កៈ វិចារៈចេញបាន ភិក្ខុក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន មានសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក៏មានក្នុងសម័យនោះឡើង ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញា ដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯងដែលហៅថា ការហាត់ ។

[៨៣] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា ភិក្ខុមានសតិ និងសម្បជញ្ញៈ រមែងទទួលនូវសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល អ្នកបានតតិយជ្ឈាននោះ ថាជាអ្នកប្រកបដោយឧបេក្ខា មានស្មារតី មានប្រក្រតីនៅជាសុខ ក៏បានដល់នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា ។

[៨៤] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះលះបង់នូវសុខ និងទុក្ខហើយ ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុន ភិក្ខុក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ដែលឥតទុក្ខ ឥតសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ឥតទុក្ខ ឥតសុខ  ក្នុងសម័យនោះ សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា ។

[៨៥] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវរូបសញ្ញា [សេចក្តីសំគាល់ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ ។] ព្រោះអស់ទៅនៃបដិឃសញ្ញា [សេចក្តីសំគាល់ ដែលកើតឡើងដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់គ្នានឹងអារម្មណ៍ មានរូបជាដើម ។] ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [សញ្ញា ដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ) ។] ដោយប្រការទាំងពួងហើយ ភិក្ខុក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ រូបសញ្ញា ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា ។

[៨៦] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា ។

[៨៧] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វត្ថុតិចតួច មិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក្នុងសម័យនោះឯង សញ្ញាខ្លះ កើតព្រោះការហាត់ សញ្ញាខ្លះ រលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯង ដែលហៅថា ការហាត់សញ្ញា ។

[៨៨] ម្នាលបោដ្ឋបាទ ភិក្ខុណាក្នុងសាសនានេះ មានសេចក្តីសំគាល់ (ក្នុងបឋមជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាកបឋមជ្ឈាននោះហើយ ចូលទុតិយជ្ឈានឯណោះ ចេញចាកទុតិយជ្ឈាននោះហើយ ចូលតតិយជ្ឈានឯណោះ (លុះចូលឈាន) តាមលំដាប់ហើយ ក៏បាននូវសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅក្នុងសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើបប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹងចូលឈាន សញ្ញាក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរនឹងចូលឈាន មិនគួររវល់តែនឹងចូលឈានឡើយ ។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់នឹងចូលឈាន កាលបើភិក្ខុនោះ លែងចូលឈាន លែងរវល់នឹងចូលឈាន សញ្ញាទាំងនោះ ក៏រលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា ក៏មិនកើតឡើង ភិក្ខុនោះ បាននូវនិរោធ ។ ម្នាលបោដ្ឋបាទ យ៉ាងនេះហៅថា អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ [សមាបត្តិរបស់ភិក្ខុ ដែលមានសេចក្តីដឹងខ្លួនដោយល្អ ប្រកបដោយសេចក្តីរលត់នៃសញ្ញាដោយលំដាប់ ។] ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ មានសភាពយ៉ាងនេះ អ្នកធ្លាប់បានឮមក ក្នុងកាលមុនអំពីកាលនេះដែរឬ ។ បោដ្ឋបាទបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីនេះ ខ្ញុំព្រះអង្គមិនធ្លាប់បានឮទេ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ទើបតែនឹងដឹងនូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយអាការយ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ ភិក្ខុណា មានសេចក្តីសំគាល់ (ក្នុងបឋមជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាកបឋមជ្ឈាននោះហើយ ចូលទុតិយជ្ឈានឯណោះ ចេញចាកទុតិយជ្ឈាននោះហើយ ចូលតតិយជ្ឈានឯណោះ (លុះចូលឈាន) តាមលំដាប់ ក៏បាននូវសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅក្នុងសញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើបប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹងចូលឈាន សញ្ញាក្នុងអាកិញ្ចញ្ញាយតនជ្ឈានទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញាដ៏គ្រោតគ្រាតដទៃ គឺភវង្គសញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរនឹងចូលឈាន មិនគួររវល់តែនឹងឈាន ។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់នឹងចូលឈាន កាលបើភិក្ខុនោះ លែងចូលឈាន លែងរវល់នឹងឈាន សញ្ញាទាំងនោះ ក៏រលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺភវង្គសញ្ញា ក៏មិនកើតឡើង ភិក្ខុនោះ បាននូវនិរោធ ។ ម្នាលបោដ្ឋបាទ យ៉ាងនេះហៅថា អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ ។

[៨៩] ម្នាលបោដ្ឋបាទ អភិសញ្ញានិរោធ យ៉ាងនេះឯង ។ បោដ្ឋបាទបរិព្វាជក ក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូលតែមួយយ៉ាងប៉ុណ្ណេះទេ ឬទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូលច្រើនយ៉ាង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ តថាគត បញ្ញត្តនូវសញ្ញា ជាកំពូលតែមួយប៉ុណ្ណេះក៏មាន បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏មាន ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូលតែមួយយ៉ាងក៏មាន ទ្រង់បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏មាន តើដូចម្តេច ។ ម្នាលបោដ្ឋបាទ ភិក្ខុបាននូវនិរោធយ៉ាងណាៗ តថាគត ក៏បញ្ញត្តនូវសញ្ញាជាកំពូលយ៉ាងនោះៗ ។ ម្នាលបោដ្ឋបាទ តថាគតបញ្ញត្តនូវសញ្ញាជាកំពូល តែមួយយ៉ាងក៏មាន បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏មាន យ៉ាងនេះឯង ។

[៩០] បពិត្រព្រះអង្គដ៏ចម្រើន សញ្ញា [សញ្ញាក្នុងទីនេះ សំដៅយកឈានសញ្ញាក៏មាន វិបស្សនាក៏មាន ន័យខ្លះទៀតថា មគ្គសញ្ញា ។] កើតមុន ញាណ [ញាណក្នុងទីនេះ សំដៅយក វិបស្សនាញាណក៏មាន មគ្គញាណក៏មាន ផលញ្ញាណក៏មាន អដ្ឋកថា ប្រាប់ជា៣ន័យ យ៉ាងនេះ ។] កើតក្រោយ ឬញាណកើតមុន សញ្ញាកើតក្រោយ ឬក៏ទាំងសញ្ញា ទាំងញាណ កើតដំណាលគ្នាតែម្តង ។ ម្នាលបោដ្ឋបាទ សញ្ញាកើតមុន ញាណកើតក្រោយ ដ្បិតថា ការកើតឡើងនៃញាណបាន ក៏ព្រោះតែសេចក្តីកើតឡើងនៃសញ្ញា ភិក្ខុនោះ ក៏ដឹងយ៉ាងនេះថា ញាណរបស់អាត្មាអញកើតហើយ ព្រោះសញ្ញានេះជាបច្ច័យ ។ ម្នាលបោដ្ឋបាទ រឿងនេះ អ្នកត្រូវដឹងតាមទំនងនេះចុះថា សញ្ញាកើតមុន ញាណកើតក្រោយ ដ្បិតញាណកើតឡើងបាន ក៏ព្រោះតែសញ្ញាកើតឡើង ។

[៩១] បពិត្រព្រះអង្គដ៏ចម្រើន សញ្ញាឈ្មោះថា ខ្លួនរបស់បុរស ឬក៏សញ្ញាដទៃ ខ្លួនដទៃទេ ។ ម្នាលបោដ្ឋបាទ អ្នកជឿថា ខ្លួនដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជឿថា ខ្លួនដ៏គ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណី ។ ម្នាលបោដ្ឋបាទ មែនហើយ ខ្លួនរបស់អ្នកដ៏គ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណី ។ ម្នាលបោដ្ឋបាទ កាលបើហេតុយ៉ាងនេះមានហើយ សញ្ញារបស់អ្នកក៏ដទៃ ខ្លួនក៏ដទៃ ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមទំនងនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត ។ ម្នាលបោដ្ឋបាទ ខ្លួនដែលគ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណីនេះ ចូរលើកទុកសិនចុះ កាលបើដូច្នោះ សញ្ញាដទៃ របស់បុរសនេះកើតឡើង សញ្ញាឯទៀតរលត់ទៅ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមទំនងនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត ។

[៩២] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជឿថា ខ្លួនសម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាប ។ ម្នាលបោដ្ឋបាទ ប្រសិនបើខ្លួនរបស់អ្នក សម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាប ។ ម្នាលបោដ្ឋបាទ កាលបើហេតុដូច្នេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃ ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃមែន ។ ម្នាលបោដ្ឋបាទ ក៏ខ្លួនសម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាបនេះ ចូរលើកទុកសិនចុះ កាលបើដូច្នោះ សញ្ញាដទៃរបស់បុរសនេះកើតឡើង សញ្ញាឯទៀត ក៏រលត់ទៅវិញដោយពិត ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃមែន ។

[៩៣] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជឿថា ខ្លួនមិនមានរូប សម្រេចដោយសញ្ញាដោយពិត ។ ម្នាលបោដ្ឋបាទ ខ្លួនរបស់អ្នកមិនមានរូប សម្រេចដោយសញ្ញាមែនហើយ ។ ម្នាលបោដ្ឋបាទ កាលបើហេតុយ៉ាងនេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃពិត ។ ម្នាលបោដ្ឋបាទ អ្នកគប្បីដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត ។ ម្នាលបោដ្ឋបាទ ខ្លួនមិនមានរូប សម្រេចដោយសញ្ញានេះ ចូរលើកទុកសិនចុះ កាលបើយ៉ាងនេះ សញ្ញាដទៃរបស់បុរសនេះ តែងកើតឡើង សញ្ញាដទៃ តែងរលត់ទៅ ។ ម្នាលបោដ្ឋបាទ អ្នកគប្បីដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត ។

[៩៤] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គអាចដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួនរបស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដូច្នេះខ្លះ ។ ម្នាលបោដ្ឋបាទ អ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាមក្នុងទីផ្សេង មានអាចារ្យក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះបានឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន បើខ្ញុំព្រះអង្គជាអ្នកមានសេចក្តីយល់ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានការព្យាយាមក្នុងទីផ្សេង មានអាចារ្យក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរសដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះ បពិត្រព្រះអង្គដ៏ចម្រើន ចុះដែលគេថា លោកទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើឬ ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថាលោកទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើដូច្នេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះពាក្យថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើទេឬ ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា លោកមិនទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើដូច្នេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះពាក្យថា លោកមានទីបំផុត ។បេ។ លោកមិនមានទីបំផុត ។ ជីវៈនោះ ក៏គឺសរីរៈនោះ ។ ជីវៈផ្សេង សរីរៈក៏ផ្សេងទេ ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មាន ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនមាន ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែន នេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យឥតអំពើឬ ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅមានក៏មិនមែន មិនមាន ក៏មិនមែន នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ (ពាក្យឥតអំពើ)ដូច្នេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករសេចក្តីនុ៎ះ ។ ម្នាលបោដ្ឋបាទ ព្រោះថា ពាក្យនុ៎ះមិនប្រកបដោយប្រយោជន៍ មិនប្រកបដោយនវលោកុត្តរធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា គឺមិនមែនអធិសីលសិក្ខាទេ មិនប្រព្រឹត្តទៅដើម្បីនឿយណាយ ក្នុងសំសារវដ្ត មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេកក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីរំលត់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីរំងាប់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងចំពោះវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់នូវវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត មិនព្យាករសេចក្តីនោះឡើយ ។

[៩៥] បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ ទ្រង់ព្យាករពាក្យអ្វីទៅវិញ ។ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាហេតុនាំឲ្យកើតទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាធម៌ដែលរំលត់ទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ ។ ម្នាលបោដ្ឋបាទ ព្រោះថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ពាក្យនេះ ប្រកបដោយធម៌ ពាក្យនេះ ជាអាទិព្រហ្មចរិយកាសិក្ខា គឺអធិសីលសិក្ខា ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ក្នុងសង្សារវដ្ត ដើម្បីប្រាសចាកតម្រេកក្នុងវដ្តៈ ដើម្បីរំលត់នូវវដ្តៈ ដើម្បីរម្ងាប់នូវវដ្តៈ ដើម្បីដឹងចំពោះវដ្តៈ ដើម្បីដឹងច្បាស់នូវវដ្តៈ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត ព្យាករពាក្យនេះ ។ បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាលដែលនឹងធ្វើនូវពុទ្ធដំណើរចុះ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់ពុទ្ធដំណើរចេញទៅ ។

[៩៦] លំដាប់នោះឯង កាលបើព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ មិនទាន់បានយូរប៉ុន្មាន ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោត នូវបោដ្ឋបាទបរិព្វាជក ដោយជន្លួញ គឺសម្តីជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យណាៗ បោដ្ឋបាទដ៏ចម្រើននេះ ក៏អនុមោទនាពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ឯពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោកមិនទៀង ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ ។

[៩៧] កាលបើពួកបរិព្វាជកទាំងនោះ ពោលពាក្យយ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក៏និយាយទៅនឹងបរិព្វាជកទាំងនោះ យ៉ាងនេះថា នែអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំឯងក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀងឬ ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះដែរទេ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនងនៃធម៌ ក៏កាលបើព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនង នៃធម៌ដូច្នោះហើយ មិនសមបើបុរស ជាវិញ្ញូដូចយ៉ាងខ្ញុំ មិនអនុមោទនាសុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ ។

[៩៨] លុះកន្លងពីនោះទៅ បាន២.៣ថ្ងៃ ចិត្តហត្ថិសារីបុត្ត [អដ្ឋកថា ថា ចិត្តហត្ថិសារីបុត្តនោះ ជាកូននៃហ្មដំរី ក្នុងក្រុងសាវត្ថី បានបួសក្នុងសំណាក់ព្រះមានព្រះភាគ បានរៀនព្រះត្រៃបិដក ជាអ្នកឈ្លាសក្នុងអត្ថដ៏សុខុម តែសឹកចេញជាគ្រហស្ថអស់វារៈ៧លើក លុះលើកក្រោយបំផុត ទើបតែនឹងសឹកបាន ២.៣ថ្ងៃ ក៏បានទៅកាន់សំណាក់បោដ្ឋបាទបរិព្វាជក ៗ ក៏នាំទៅថ្វាយបង្គំព្រះមានព្រះភាគ ។] និងបោដ្ឋបាទបរិព្វាជក ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ទើបចិត្តហត្ថិសារីបុត្ត ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ ឯបោដ្ឋបាទបរិព្វាជក ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលដែលព្រះអង្គ ទ្រង់ពុទ្ធដំណើរចេញមក មិនទាន់បានយូរប៉ុន្មាន ក្នុងកាលនោះ ក៏ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោតខ្ញុំព្រះអង្គ ដោយជន្លួញ គឺវាចាជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យណាៗ បោដ្ឋបាទបរិព្វាជកដ៏ចម្រើននេះ ក៏អនុមោទនាពាក្យនោះៗ របស់ព្រះសមណគោតមនោះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោកមិនទៀង ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ បពិត្រព្រះអង្គដ៏ចម្រើន កាលបើបរិព្វាជកទាំងនោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏និយាយទៅនឹងបរិព្វាជកទាំងនោះ ដូច្នេះថា នែអ្នកទាំងឡាយដ៏ចម្រើន ខ្ញុំឯងក៏មិនដឹងច្បាស់ នូវធម៌ណាមួយ ដោយដាច់ខាត ដែលព្រះសមណគោតម បានសំដែងថា លោកទៀងឬ ។បេ។ ឬថាសត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះដែរ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនងនៃធម៌ ក៏កាលព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាពតាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនង នៃធម៌ដូច្នោះ មិនសមបើបុរស ជាវិញ្ញូដូចយ៉ាងខ្ញុំហើយ មិនអនុមោទនាសុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ ។

[៩៩] ម្នាលបោដ្ឋបាទ ឯបរិព្វាជកទាំងអស់គ្នានោះឯង សុទ្ធតែជាបុគ្គលខ្វាក់ ឥតមានចក្ខុ គឺបញ្ញាសោះឡើយ បណ្តាបរិព្វាជកទាំងនោះ មានតែអ្នកឯងមួយ ជាបុគ្គលមានចក្ខុ គឺបញ្ញាដោយពិត ។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ដែលប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយក៏មាន ។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយដែលមិនប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ក៏មាន ។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយ ដែលមិនប្រព្រឹត្តទៅ ដោយចំណែក១ តថាគត បានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅដោយចំណែកមួយថា លោកទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។បេ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមានទីបំផុតដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនមានទីបំផុតដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈនោះ គឺសរីរៈនោះ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈផ្សេង សរីរៈផ្សេង ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅមាន ។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនមាន ។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ ។បេ។ ម្នាលបោដ្ឋបាទ ធម៌មិនប្រព្រឹត្តទៅ ដោយចំណែកមួយថា តថាគត បានសំដែងហើយ បានបញ្ញត្តហើយថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះឯង ។ ម្នាលបោដ្ឋបាទ ក៏ធម៌មិនប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគត បានសំដែងហើយ បានបញ្ញត្តហើយ ព្រោះហេតុអ្វី ។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនប្រកបដោយធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ បានជាតថាគត បានសំដែងហើយ បានបញ្ញត្តហើយ ។

[១០០] ម្នាលបោដ្ឋបាទ ចុះធម៌ទាំងឡាយប្រព្រឹត្តទៅដោយចំណែក១ ដែលតថាគតបានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅដោយចំណែកមួយថា នេះជាទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជាហេតុនាំឲ្យកើតទុក្ខ ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅដោយចំណែកមួយថា នេះជាសេចក្តីរំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជាបដិបទា ដំណើរទៅកាន់ធម៌រំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ ។ ម្នាលបោដ្ឋបាទ ចុះធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគតបានសំដែងហើយ បានបញ្ញត្តហើយ តើព្រោះហេតុអ្វី ។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនោះ ប្រកបដោយប្រយោជន៍ ធម៌ទាំងនុ៎ះ ប្រកបដោយធម៌ ធម៌ទាំងនុ៎ះ ជាអាទិព្រហ្មចរិយកាសិក្ខា ធម៌ទាំងនុ៎ះ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ បានជាតថាគត បានសំដែងហើយ បានបញ្ញត្តហើយ ។

[១០១] ម្នាលបោដ្ឋបាទ មានសមណព្រាហ្មណ៍ទាំងនុ៎ះ តែមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគតចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅដូច្នេះ ពិតមែនឬ ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ក៏ប្តេជ្ញាថា ករុណា (ពិតមែន) តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា សត្វលោកមានសេចក្តីសុខតែមួយយ៉ាងមែនឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយចាំបាននូវខ្លួន ថាមានសេចក្តីសុខតែមួយយ៉ាង អស់យប់មួយ ថ្ងៃមួយ ឬអស់កន្លះយប់ កន្លះថ្ងៃ ដូច្នេះឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាងឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក មានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយប្រតិបត្តិដោយល្អទៅ ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើងប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យដោយពិត ។

[១០២] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរស និយាយយ៉ាងនេះថា ខ្ញុំត្រូវការចង់បាន នូវនាងជនបទកល្យាណី [ស្ត្រីដែលល្អឆ្នើម ក្នុងជនបទ] ក្នុងជនបទនេះ ពួកជនសួរទៅបុរសនោះ យ៉ាងនេះថា នែបុរសអើយ អ្នកត្រូវការចង់បាន នូវនាងជនបទកល្យាណីណា អ្នកស្គាល់នូវនាងជនបទកល្យាណីនោះថា ជាក្សត្រិយានី ព្រាហ្មណី វេស្សី ឬសុទ្ទីដែរឬ ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ប្រាប់ថា មិនស្គាល់ទេ ជនទាំងឡាយ សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកប្រាថ្នា ចង់បាននូវនាងជនបទកល្យាណីណា អ្នកស្គាល់នូវនាងជនបទកល្យាណីនោះថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ ខ្ពស់ ទាប ឬយ៉ាងកណ្តាល មានសម្បុរខ្មៅ សម្បុរខ្មៅស្រឯម ឬសម្បុរខ្មៅស្រស់ ក្នុងស្រុក ឬនិគម ឬក៏ក្នុងនគរឯណោះ ដូច្នេះដែរឬ ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ជនទាំងឡាយ សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកឯងមិនស្គាល់ មិនឃើញនូវស្ត្រីណាហើយ ប្រាថ្នាចង់បាន នូវស្ត្រីនោះដែរឬ ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ក៏ប្រាប់ថា បាទ ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ សម្តីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះ មានហើយ សម្តីរបស់បុរសនោះ មិនមែនជាអស្ចារ្យដោយពិត ។ ម្នាលបោដ្ឋបាទ ពួកសមណព្រាហ្មណ៍ណា ដែលនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ណា ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅដូច្នេះ ពិតមែនឬ ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ប្តេជ្ញាថា ករុណា ពិតមែន តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមានសេចក្តីសុខតែម្យ៉ាងដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនដឹង មិនឃើញទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមានសេចក្តីសុខតែម្យ៉ាង អស់យប់មួយ ថ្ងៃមួយ ឬអស់ត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ឆ្លើយថា មិនស្គាល់ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា នែគ្នាយើងទាំងឡាយ ចូរអ្នកប្រតិបត្តិដោយល្អទៅ នែគ្នាយើងទាំងឡាយ ចូរអ្នកប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង នែគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើងទាំងឡាយ ប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនបានឮទេ ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យដោយពិតទេ ។

[១០៣] ម្នាលបោដ្ឋបាទ ពុំនោះសោត ប្រៀបដូចបុរសធ្វើជណ្តើរ ក្នុងផ្លូវធំទាំង៤ បម្រុងនឹងឡើងទៅកាន់ប្រាសាទ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬខាងត្បូង ខាងលិច ឬខាងជើង ជាប្រាសាទខ្ពស់ ទាប ឬយ៉ាងកណ្តាល ដែរឬ ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា មិនស្គាល់ទេ ពួកជន ក៏សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសដ៏ចម្រើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទ ដែលខ្លួនមិនស្គាល់ មិនឃើញ បានដែរឬ ។ បុរសនោះ លុះគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ សម្តីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះ មានហើយ សម្តីរបស់បុរសនោះ មិនជាអស្ចារ្យដោយពិតទេ ។ ម្នាលបោដ្ឋបាទ មានឧបមេយ្យ ដូចពួកសមណព្រាហ្មណ៍ ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគត ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ ពិតមែនឬ ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរដូច្នេះហើយ ក៏ប្តេជ្ញាថា ព្រះករុណា ព្រះអង្គ តថាគត ក៏សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមានសេចក្តីសុខតែម្យ៉ាងដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមានសេចក្តីសុខតែមួយយ៉ាង អស់យប់មួយ ថ្ងៃមួយ ឬត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ អ្នកទាំងឡាយ ចូរអ្នកប្រតិបត្តិដោយល្អទៅ ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើង ប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគត សួរដូច្នេះហើយ ឆ្លើយថា ទេ ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យដោយពិតទេ ។

[១០៤] ម្នាលបោដ្ឋបាទ ការបាននូវអត្តភាពនេះ មាន៣យ៉ាង គឺ បាននូវឱឡារិកអត្តភាព [អដ្ឋកថា ថា ឱឡារិកអត្តភាព នោះ បានដល់កាមាវចរសត្វ រាប់តាំងអំពីអវិចី រៀងរហូតដល់បរនិម្មិតវសវត្តី ។] (អត្តភាពគ្រោតគ្រាត)១ បាននូវមនោមយអត្តភាព [ មនោមយអត្តភាព នោះ បានដល់រូបព្រហ្ម ។] (អត្តភាពសម្រេចអំពីចិត្ត)១ បាននូវអរូបអត្តភាព [ អរូបអត្តភាព នោះ បានដល់អរូបព្រហ្ម ។] (អត្តភាពគ្មានរូប)១ ។ ម្នាលបោដ្ឋបាទ ចុះការបាននូវ ឱឡារិកអត្តភាព តើដូចម្តេច ។ កាយដែលមានរូប ប្រកបដោយមហាភូតរូប៤ មានកវលីការាហារជាចំណី នេះឈ្មោះថា ការបាននូវ ឱឡារិកអត្តភាព ។ ការបាននូវ មនោមយអត្តភាព តើដូចម្តេច ។ កាយដែលមានរូបសម្រេចហើយដោយចិត្ត មានអវយវៈតូចធំគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប នេះឈ្មោះថា ការបាននូវមនោមយអត្តភាព ។ ការបាននូវ អរូបអត្តភាព តើដូចម្តេច ។ សត្វដែលមិនមានរូប សម្រេចហើយដោយសញ្ញា នេះឈ្មោះថា ការបាននូវអរូបអត្តភាព ។

[១០៥] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបានឱឡារិកអត្តភាពចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ [អដ្ឋកថា ថា បានដល់អកុសលចិត្តុប្បាទ១២ ។] ទាំងឡាយ ពួកអ្នកនឹងលះបង់បាន វោទានិយធម៌ [បានដល់សមថៈ និងវិបស្សនា ។] ទាំងឡាយ នឹងចម្រើនដុះដាលឡើង អ្នកទាំងឡាយ នឹងធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថនៅ ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្កិលេសិកធម៌ទាំងឡាយ បុគ្គលនឹងលះបង់បាន វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើងបាន បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថនៅ តែការសម្រេចឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក ។ ម្នាលបោដ្ឋបាទ អ្នកមិនគួរយល់ឃើញដំណើរនុ៎ះ យ៉ាងនេះឡើយ ។ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅផង វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើងផង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ ឯបាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏នឹងកើតមានឡើង ។

[១០៦] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវមនោមយអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយនឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង អ្នកទាំងឡាយ នឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញនឹងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ តែការសម្រេចឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក ។ ម្នាលបោដ្ឋបាទ អ្នកមិនគួរយល់ឃើញដំណើរនុ៎ះ យ៉ាងនេះឡើយ ។ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅផង វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើងផង (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏កើតមានឡើង ។

[១០៧] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវអរូបអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ ។ (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ និងការសម្រេចឥរិយាបថ នៅជាសុខ ក៏កើតមានឡើង ។

[១០៨] ម្នាលបោដ្ឋបាទ ប្រសិនបើពួកជនដទៃ សួរយើងយ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបានឱឡារិកអត្តភាពណា ការបាននូវឱឡារិកអត្តភាពនោះ តើដូចម្តេច ។ យើង កាលបើពួកជនទាំងនោះ សួរយ៉ាងនេះហើយ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង អ្នកទាំងឡាយ នឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបានឱឡារិកអត្តភាពណា ការបាននូវឱឡារិកអត្តភាពនោះ គឺអត្តភាពប្រកបដោយមហាភូតរូប៤ នេះឯង ។

[១០៩] ម្នាលបោដ្ឋបាទ ប្រសិនបើពួកជនដទៃសួរពួកយើងយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវមនោមយអត្តភាពនោះ តើដូចម្តេច ។ (សេចក្តីបំប្រួញដូចគ្នានឹងន័យមុននោះដែរ) អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង ។បេ។ នឹងសម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបាននូវអរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយសេចក្តីអស្ចារ្យដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់ព្រះអង្គ) ប្រកបដោយសេចក្តីអស្ចារ្យដោយពិត ។

[១១០] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរសធ្វើជណ្តើរ បម្រុងនឹងឡើងកាន់ប្រាសាទ ដាក់ខាងក្រោមប្រាសាទនោះឯង ពួកជនសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬទិសខាងត្បូង ទិសខាងលិច ឬទិសខាងជើង ជាប្រាសាទខ្ពស់ទាប ឬយ៉ាងកណ្តាល ដូច្នេះដែរឬ ។ បើបុរសនោះប្រាប់ពួកជនយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ខ្ញុំធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា ដាក់ខាងក្រោមប្រាសាទនោះឯង ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់ នូវសេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ សម្តីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ សម្តីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដោយពិត ។ ម្នាលបោដ្ឋបាទ បើពួកដទៃសួរពួកយើងយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវឱឡារិកអត្តភាពនោះ តើដូចម្តេច ។បេ។ ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវមនោមយអត្តភាពនោះតើដូចម្តេច ។ ម្នាលអ្នកទាំងឡាយមានអាយុ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចម្រើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថ នៅដូច្នេះ ដើម្បីលះបង់នូវការបាននូវអរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច ។ យើង កាលដែលជនទាំងនោះ សួរយ៉ាងនេះហើយ គប្បីព្យាករយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ការបាននូវអរូបអត្តភាពនោះ គឺសត្វដែលមិនមានរូប សម្រេចដោយសញ្ញានេះឯង ។បេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់នូវសេចក្តីនេះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយសេចក្តីអស្ចារ្យដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិតរបស់ព្រះអង្គ ប្រកបដោយសេចក្តីអស្ចារ្យដោយពិត ។

[១១១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចិត្តហត្ថិសារីបុត្ត ក៏ក្រាបទូលសួរចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ការបាននូវឱឡារិកអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវមនោមយអត្តភាព ការបាននូវអរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ គឺខានបាន ក្នុងសម័យនោះ បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចម្រើន ការបាននូវមនោមយអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិកអត្តភាព ការបាននូវអរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ ក្នុងសម័យនោះ បានត្រឹមតែមនោមយអត្តភាពប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចម្រើន ការបាននូវអរូបអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិកអត្តភាព ការបាននូវមនោមយអត្តភាពរបស់សត្វនោះ ទទេសោះសូន្យ ក្នុងសម័យនោះ បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះឬ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចិត្តៈ ការបាននូវ ឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ រមែងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវអរូបអត្តភាព ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព ក្នុងសម័យណា សម័យនោះ រមែងមិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវអរូបអត្តភាព ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែមនោមយអត្តភាពប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ អរូបអត្តភាព ក្នុងសម័យណា សម័យនោះ រមែងមិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ ។

[១១២] ម្នាលចិត្តៈ បើជនទាំងឡាយសួរអ្នកយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីតកាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើតក្នុងអនាគតកាល អ្នកមិនមែនជាមិនកើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែនជាមិនកើតទេឬ ។ ម្នាលចិត្តៈ កាលបើគេសួរយ៉ាងនេះហើយ អ្នកគប្បីដោះស្រាយដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន បើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីតកាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើតក្នុងអនាគតកាល អ្នកមិនមែនជានឹងមិនកើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែនជាមិនកើតទេឬ បពិត្រព្រះអង្គដ៏ចម្រើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ខ្ញុំធ្លាប់កើតក្នុងអតីតកាល ខ្ញុំមិនមែនជាមិនធ្លាប់កើតទេ ខ្ញុំនឹងកើតក្នុងអនាគតកាល ខ្ញុំមិនមែនជានឹងមិនកើតទេ ខ្ញុំកើតក្នុងកាលឥឡូវនេះ ខ្ញុំមិនមែនជាមិនកើតទេ បពិត្រព្រះអង្គដ៏ចម្រើន កាលបើគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង ។

[១១៣] ម្នាលចិត្តៈ បើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអនាគត និងបច្ចុប្បន្ន ជាការសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់អ្នកក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេឬ ម្នាលចិត្តៈ កាលដែលគេសួរយ៉ាងនេះហើយ តើអ្នកគប្បីដោះស្រាយដូចម្តេច ។ បពិត្រព្រះអង្គដ៏ចម្រើន បើជនទាំងឡាយ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអនាគត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់អ្នក ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់អ្នក ក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអនាគត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់ខ្ញុំ ក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង ។

[១១៤] ម្នាលចិត្តៈ យ៉ាងនោះឯងហើយ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវអរូបអត្តភាព ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព ។បេ។ ម្នាលចិត្តៈ ការបាននូវ អរូបអត្តភាព ក្នុងសម័យណា សម័យនោះ ក៏មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ ។ ម្នាលចិត្តៈ ប្រៀបដូចទឹកដោះស្រស់ (កើត) អំពីមេគោ ទឹកដោះជូរ (កើត) អំពីទឹកដោះស្រស់ ទឹកដោះខាប់ (កើត) អំពីទឹកដោះជូរ ទឹកដោះរាវ (កើត) អំពីទឹកដោះខាប់ ទឹកដោះថ្លា (កើត) អំពីទឹកដោះរាវ ទឹកដោះស្រស់ មានក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា ទឹកដោះជូរ មិនដល់នូវការរាប់ថា ទឹកដោះខាប់ មិនដល់នូវការរាប់ថា ទឹកដោះរាវ មិនដល់នូវការរាប់ថា ទឹកដោះថ្លា ដល់នូវការរាប់ថា ត្រឹមតែទឹកដោះស្រស់ប៉ុណ្ណោះ ។ សម័យណា ជាទឹកដោះជូរ ។ ជាទឹកដោះខាប់ ។ ជាទឹកដោះរាវ ។ ជាទឹកដោះថ្លា សម័យនោះ មិនដល់នូវការរាប់ថា ទឹកដោះស្រស់ មិនដល់នូវការរាប់ថា ទឹកដោះជូរ មិនដល់នូវការរាប់ថា ទឹកដោះខាប់ មិនដល់នូវការរាប់ថា ទឹកដោះរាវ ក្នុងសម័យនោះ ដល់នូវការរាប់ ត្រឹមតែថាទឹកដោះថ្លាប៉ុណ្ណោះ ។ ម្នាលចិត្តៈ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព មិនដល់នូវការរាប់ថា បាននូវអរូបអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ ។ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព ។បេ។ ការបាននូវអរូបអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ ក៏យ៉ាងនោះឯង ។ ម្នាលចិត្តៈ សម្តីទាំងនេះឯង ជាឈ្មោះសម្រាប់លោក ជាភាសាសម្រាប់លោក ជាវោហាររបស់លោក ជាបញ្ញត្តិក្នុងលោក តថាគត រមែងពោលដែរ តែមិនប៉ះពាល់ដោយសេចក្តីប្រកាន់ទេ ។

[១១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះមានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ ។ ចំណែកខាងចិត្តហត្ថិសារីបុត្ត ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀបដូចគេបើកនូវរបស់ដែលកំបាំង ។បេ។ ទ្រោលបំភ្លឺប្រទីប ដោយគិតថា មនុស្សមានភ្នែកភ្លឺ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ប្រកាស ដោយអនេកបរិយាយ ក៏យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។ ចិត្តហត្ថិសារីបុត្ត ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។ ចិត្តហត្ថិសារីបុត្តដ៏មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ដោះខ្លួន ចេញចាកពួក ជាបុគ្គលតែម្នាក់ឯង ឥតមានសេចក្តីប្រមាទឡើយ ព្យាយាមដុតកិលេស បញ្ជូនចិត្តឲ្យបែរទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវអនុត្តរធម៌នោះ ជាទីបំផុត នៃមគ្គព្រហ្មចរិយៈ ក្នុងបច្ចុប្បន្ន មិនយូរប៉ុន្មាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ ក៏បានអប់រំហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចដទៃក្រៅពីនេះទៅទៀត គ្មានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តមានអាយុ ជាព្រះអរហន្តមួយអង្គដែរ ។

ចប់ បោដ្ឋបាទសូត្រ ទី៩ ។

សុភសូត្រ ទី១០[កែប្រែ]

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ មិនទាន់យូរប៉ុន្មាន [ក្នុងអដ្ឋកថា ថា ព្រះមានព្រះភាគ បរិនិព្វានទៅបានជាង១ខែ ។] ព្រះអានន្ទមានអាយុ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី ។

[១១៧] សម័យនោះឯង សុភមាណព ជាកូននៃតោទេយ្យព្រាហ្មណ៍ នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចឯណានីមួយ ។ លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ហៅមាណពម្នាក់មកថា ម្នាលមាណព ឯងចូរមកនេះ ឯងចូរទៅរកព្រះសមណៈ ឈ្មោះអានន្ទ លុះចូលទៅដល់ហើយ ចូរសួរនូវអាការមានអាពាធតិច មានរោគតិច ក្រោកទៅមកបានរហ័សរហួន មានកម្លាំង នៅជាសុខសប្បាយ នឹងព្រះសមណៈ ឈ្មោះអានន្ទ តាមពាក្យរបស់អញថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ផ្តាំឲ្យសួរនូវអាការមានអាពាធតិច មានរោគតិច ក្រោកទៅមក បានរហ័សរហួន និងកម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទដ៏ចម្រើន រួចហើយ ឯងចូរនិមន្តថា សូមព្រះអានន្ទជាម្ចាស់ អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តមកកាន់ទីលំនៅរបស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន ។ មាណពនោះ ទទួលពាក្យសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា បាទ អ្នកម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះអានន្ទមានអាយុថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ សួរនូវអាការមិនមានអាពាធ មិនមានរោគ ក្រោកទៅមកបានរហ័សរហួន កម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទជាម្ចាស់ រួចហើយឲ្យនិមន្តយ៉ាងនេះថា សូមព្រះអានន្ទដ៏ចម្រើន អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តទៅកាន់លំនៅរបស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន ។

[១១៨] កាលមាណព ពោលពាក្យយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាដូច្នេះ ទៅនឹងមាណពនោះថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិតថ្ងៃនេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យសិន ហើយសឹមទៅក្នុងថ្ងៃស្អែក ។ មាណពនោះ ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណាលោកម្ចាស់ ហើយក្រោកចាកអាសនៈ ចូលទៅរកសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា ខ្ញុំបាននិយាយនឹងព្រះអានន្ទដ៏ចម្រើននោះ តាមពាក្យរបស់អ្នករួចហើយថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍សូរនូវអាការមិនមានអាពាធ មិនមានរោគ ក្រោកទៅមកបានរហ័សរហួន និងកំឡាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទដ៏ចម្រើន ហើយនិមន្តយ៉ាងនេះថា សូមព្រះអានន្ទដ៏ចម្រើន អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តទៅកាន់លំនៅសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន បពិត្រអ្នកម្ចាស់ កាលដែលខ្ញុំពោលយ៉ាងនេះហើយ ព្រះសមណៈអានន្ទ បានពោលពាក្យនេះ នឹងខ្ញុំថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិតថ្ងៃនេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យសិន ហើយសឹមទៅក្នុងថ្ងៃស្អែក បពិត្រអ្នកម្ចាស់ ព្រះអានន្ទដ៏ចម្រើននោះ បានធ្វើឱកាស ដើម្បីនិមន្តមកឆាន់ក្នុងថ្ងៃស្អែក ដោយកិច្ចណា កិច្ចនេះ ខ្ញុំបានធ្វើសម្រេចហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះ ។

[១១៩] លុះកន្លងរាត្រីនោះហើយ ព្រះអានន្ទមានអាយុ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ មានភិក្ខុ១រូប ឈ្មោះចេតកៈ ជាបច្ឆាសមណៈ ក៏ចូលសំដៅទៅត្រង់ទីលំនៅ របស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលបម្រុងទុក ។ លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ។ បានទូលស្នើរឿងនេះ នឹងព្រះអានន្ទមានអាយុថា ព្រះអានន្ទដ៏ចម្រើន ជាឧបដ្ឋាក ជាអ្នកនៅជិតដិត ជាអ្នកបម្រើជិត នៃព្រះគោតមដ៏ចម្រើននោះ អស់កាលជាអង្វែង ព្រះអានន្ទដ៏ចម្រើន គួរនឹងដឹងរឿងនុ៎ះ ព្រះគោតមដ៏ចម្រើននោះ បានពោលសរសើរធម៌ទាំងឡាយណា ទាំងណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋានក្នុងធម៌ទាំងឡាយណា បពិត្រព្រះអានន្ទដ៏ចម្រើន ព្រះគោតមដ៏ចម្រើននោះ បានពោលសរសើរធម៌ទាំងឡាយនោះ ដូចម្តេចខ្លះ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ក្នុងធម៌ដូចម្តេចខ្លះ ។ ព្រះអានន្ទតបថា ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គបានពោលសរសើរខន្ធ៣យ៉ាង ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ក្នុងខន្ធទាំង៣យ៉ាងនុ៎ះ ខន្ធទាំង៣យ៉ាងនោះ តើដូចម្តេចខ្លះ គឺអរិយសីលក្ខន្ធ១ អរិយសមាធិក្ខន្ធ១ អរិយបញ្ញាខន្ធ១ ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គបានពោលសរសើខន្ធទាំង៣យ៉ាងនេះឯង ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ក្នុងខន្ធទាំង៣យ៉ាងនេះ ។

[១២០] សុភមាណពទូលសួរថា បពិត្រព្រះអានន្ទដ៏ចម្រើន ចុះអរិយសីលក្ខន្ធ ដែលព្រះគោតមដ៏ចម្រើននោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននោះ តើដូចម្តេច ។ ព្រះអានន្ទតបថា ម្នាលមាណព ព្រះតថាគតកើតឡើងក្នុងលោកនេះ បានជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ។បេ។ ព្រះអង្គញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ។បេ។ ព្រះអង្គ ទ្រង់ប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ ។ គហបតីក្តី កូនរបស់គហបតីក្តី ឬបុគ្គល កើតក្នុងត្រកូលឯណានីមួយ ជាខាងក្រោយក្តី ស្តាប់នូវធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌នោះហើយ រមែងបាននូវសទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតចង្អល់ ជាផ្លូវហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើបមានឱកាសទំនេរ បុគ្គលដែលនៅជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ ពេញលេញ ឲ្យបរិសុទ្ធពេញលេញ ដូចស័ង្ខដែលគេខាត់ហើយនោះទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់នូវសំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ លុះកាលជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់សំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ។ កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សង្រួមក្នុងបាតិមោក្ខសំវរសីល ប្រកបដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយកាយកម្ម និងវចីកម្មជាកុសល មានអាជីវៈដ៏បរិសុទ្ធ បរិបូណ៌ដោយសីល រក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិសម្បជញ្ញៈ ជាអ្នកសន្តោស ។

[១២១] ម្នាលមាណព ចុះភិក្ខុជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច ម្នាលមាណព ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានចិត្តអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ។ ម្នាលមាណព ភិក្ខុលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿងសស្ត្រាដាក់ចុះហើយ មានសេចក្តីខ្មាសបាប មានចិត្តអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ដោយអំពើណា អំពើនេះឯង ជាសីលរបស់ភិក្ខុនោះ (សីលទាំងពួងក្រៅអំពីនោះ បណ្ឌិតគប្បីសំដែងឲ្យពិស្តារផងចុះ) ។បេ។

[១២២] មួយយ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ។ គឺវិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ វិធីធ្វើប្រយោគមន្ត ដែលបុគ្គលនៅក្នុងភូមិ ផ្ទះគួររៀនខ្លះ វិធីធ្វើមនុស្សខ្ទើយ ឲ្យដូចជាមនុស្សប្រុសខ្លះ វិធីធ្វើមនុស្សប្រុស ឲ្យដូចជាមនុស្សខ្ទើយខ្លះ វិធីសង់ផ្ទះ លើទីដីដែលមិនធ្លាប់បានធ្វើខ្លះ វិធីធ្វើពលីកម្ម ចំពោះសំណង់ផ្ទះខ្លះ វិធីជំរះមុខឲ្យស្អាត ដោយទឹកខ្លះ វិធីស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យជនដទៃខ្លះ វិធីបូជាភ្លើងខ្លះ វិធីផ្សំថ្នាំក្អកខ្លះ វិធីផ្សំថ្នាំបញ្ចុះខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងលើ មានប្រមាត់ជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោម មានបំពង់បស្សាវៈជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាល នាំចេញនូវស្លេស្មជាដើមខ្លះ វិធីស្លប្រេងបន្តក់ត្រចៀកខ្លះ វិធីស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ វិធីផ្សំថ្នាំសម្រាប់ហិតខ្លះ វិធីផ្សំថ្នាំសម្រាប់បន្តក់ភ្នែកខ្លះ វិធីផ្សំថ្នាំត្រជាក់សម្រាប់លាបភ្នែកខ្លះ វិធីធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ វិធីធ្វើកម្មរបស់ពេទ្យវះខ្លះ វិធីធ្វើពេទ្យរក្សាកូនក្មេងខ្លះ វិធីឲ្យកំឡាំងថ្នាំក្រោយ ដល់ថ្នាំមុនខ្លះ វិធីលាងថ្នាំដើម [អដ្ឋកថា ថា កាលបើមានរោគដំបៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដំបៅនោះ កាលបើដំបៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ ។] ចេញខ្លះ ។ ភិក្ខុវៀរស្រឡះ ចាកការចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង ។ ម្នាលមាណព ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចម្រើនពួកមួយ បរិភោគភោជន ដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច ។ វិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ ។បេ។ វិធីលាងថ្នាំដើមចេញខ្លះ ។ ភិក្ខុវៀរស្រឡះ ចាកការចិញ្ចឹមជីវិតខុស ព្រោះតែតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះ ដោយអំពើណា អំពើនេះឯង ជាសីលរបស់ភិក្ខុនោះដែរ ។ ម្នាលមាណព ភិក្ខុនោះឯង បានបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយ ដែលកើតអំពីសេចក្តីសង្រួមក្នុងសីលឡើយ ។ ម្នាលមាណព ប្រៀបដូចព្រះបរមក្សត្រិយ៍ ដែលបានមុទ្ធាភិសេកជាស្តេចហើយ បានកំចាត់បង់នូវសត្រូវអស់ហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយ ដែលកើតអំពីសត្រូវឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានបរិបូណ៌ដោយសីលយ៉ាងនេះហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយឡើយ ដែលកើតអំពីសេចក្តីសង្រួម ក្នុងសីល ដូច្នោះឯង ។ ភិក្ខុនោះ ប្រកបព្រមដោយអរិយសីលក្ខន្ធនេះហើយ រមែងទទួលសេចក្តីសុខ ឥតមានទោស ក្នុងសន្តាននៃខ្លួន ។ ម្នាលមាណព ភិក្ខុជាអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង ។ ម្នាលមាណព នេះឯងជាអរិយសីលក្ខន្ធ ដែលព្រះមានព្រះភាគ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចម្រើន ហេតុនេះជាអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចម្រើន ហេតុនេះមិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចម្រើន ក៏អរិយសីលក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនជាមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសីលក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងពួកសមណៈដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះទេ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ គង់បានឃើញអរិយសីលក្ខន្ធ ដែលបរិបូណ៌ហើយ យ៉ាងនេះក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍ទាំងនោះ ពេញចិត្តដោយគុណ ត្រឹមតែសីលក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយគុណ មានប្រមាណប៉ុណ្ណោះ សម្រេចហើយដោយគុណ មានប្រមាណប៉ុណ្ណេះ ប្រយោជន៍នៃសាមញ្ញគុណ យើងបានដល់ដោយលំដាប់ហើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើតទៅ មិនមានឡើយ ។ ចំណែកព្រះអានន្ទដ៏ចម្រើន ពោលយ៉ាងនេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។

[១២៣] បពិត្រព្រះអានន្ទដ៏ចម្រើន ចុះអរិយសមាធិក្ខន្ធ ដែលព្រះគោតមដ៏ចម្រើន ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាននោះ តើដូចម្តេច ។ ម្នាលមាណព ចុះភិក្ខុជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច ។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ បានឃើញនូវរូបារម្មណ៍ ដោយចក្ខុហើយ តែមិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយនោះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្ទ្រិយ ។ បានឮសម្លេងដោយត្រចៀកហើយ ។បេ។ បានធំក្លិនដោយច្រមុះហើយ ។ បានទទួលរសដោយអណ្តាតហើយ ។ បានពាល់ត្រូវនូវផោដ្ឋព្វារម្មណ៍ ដោយកាយហើយ ។ បានដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវមនិន្ទ្រិយនោះ ព្រោះហេតុមិនសង្រួមនូវមនិន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ ។ ភិក្ខុនោះ បានប្រកបព្រមដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះហើយ រមែងទទួលនូវអធិចិត្ត សុខដែលមិនបានច្រឡូកច្រឡំដោយកិលេស ក្នុងសន្តាននៃខ្លួន ។ ម្នាលមាណព ភិក្ខុជាអ្នករក្សានូវទ្វារក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង ។

[១២៤] ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ តើដូចម្តេច ។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ កាលដើរទៅមុខ ឬថយក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ (ឆ្វេងស្តាំ) ក៏មានសេចក្តីដឹងខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់នូវសង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគភោជន ឬផឹកទឹក ទំពាស៊ីខាទនីយៈ លិទ្ធភ្លក់នូវភេសជ្ជៈ មានសប្បិជាដើម ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោង់នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឬឈរ អង្គុយ ជិតដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម ក៏មានសេចក្តីដឹងខ្លួន ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ យ៉ាងនេះឯង ។

[១២៥] ម្នាលមាណព ចុះភិក្ខុជាអ្នកសន្តោស តើដូចម្តេច ។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ភិក្ខុនោះ កាលបើចៀសចេញទៅក្នុងទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ម្នាលមាណព ប្រៀបដូចជាសត្វសកុណជាតិ ដែលមានស្លាប កាលហើរទៅក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាបរបស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿងរក្សាផ្ទៃ ភិក្ខុនោះ កាលបើចេញទៅទិសណាៗ តែងកាន់យក (នូវគ្រឿងបរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ក៏ដូច្នោះឯង ។ ម្នាលមាណព ភិក្ខុជាអ្នកសន្តោស យ៉ាងនេះឯង ។

[១២៦] ភិក្ខុនោះ ប្រកបដោយអរិយសីលក្ខន្ធនេះផង ប្រកបដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ប្រកបដោយសេចក្តីសន្តោសដ៏ប្រសើរនេះផង តែងគប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល គំនរចំបើង ឬស្លឹកឈើ ។ ភិក្ខុនោះ លុះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្តហើយ ក៏អង្គុយពត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យមានមុខចំពោះ (ទៅរកកម្មដ្ឋាន) ។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈាក្នុងលោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ជំរះចិត្តឲ្យស្អាត ចាកអភិជ្ឈា លះបង់នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ ជាអ្នកប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ ជាអ្នកបរិបូណ៌ ដោយសតិ និងសម្បជញ្ញៈ ជំរះចិត្តឲ្យស្អាត ចាកថីនមិទ្ធៈ លះបង់ នូវឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ និងសេចក្តីរសាយចិត្ត មានចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់ស្ងាត់ក្នុងសន្តានរបស់ខ្លួន ជំរះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់ នូវវិចិកិច្ឆា គឺសេចក្តីសង្ស័យ ជាអ្នកឆ្លងផុតវិចិកិច្ឆាហើយ មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយទេ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា ។

[១២៧] ម្នាលមាណព ដូចជាបុរស ដែលយកទ្រព្យជាបំណុលគេ ទៅប្រកបការងារទាំងឡាយ ឯការងារទាំងនោះ របស់បុរសនោះក៏បានសម្រេច ។ បុរសនោះ បានសងទ្រព្យជាដើមបំណុលចាស់រួច ឯទ្រព្យដែលចំណេញរបស់បុរសនោះ ក៏មានសល់នៅច្រើន ល្មមចិញ្ចឹមប្រពន្ធ (កូន)បាន ។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ បានយកទ្រព្យជាបំណុល មកប្រកបការងារទាំងឡាយ ឯការងារទាំងនោះ របស់អាត្មាអញ បានសម្រេច អាត្មាអញសោត ក៏បានសងទ្រព្យជាដើមបំណុលចាស់អស់ហើយ ទាំងទ្រព្យដែលចំណេញរបស់អាត្មាអញ ក៏មានសល់នៅច្រើន ល្មមចិញ្ចឹមប្រពន្ធ (កូន)បាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គឺសេចក្តីរីករាយ គប្បីបាននូវសេចក្តីសោមនស្ស មានទ្រព្យដែលចំណេញនោះជាហេតុ ។ ម្នាលមាណព មួយទៀត ដូចជាបុរសដែលមានអាពាធ ដល់នូវសេចក្តីទុក្ខវេទនា មានជំងឺធ្ងន់ បរិភោគអាហារក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏មិនមាន ។ លុះសម័យជាខាងក្រោយមក បុរសនោះឯង បានជាសះស្បើយ អំពីអាពាធនោះ បរិភោគអាហារក៏បាន ទាំងកម្លាំងក្នុងខ្លួនក៏មាន ។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ មានអាពាធ ដល់នូវសេចក្តីទុក្ខ វេទនា មានជម្ងឺធ្ងន់ បរិភោគអាហារ ក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏មិនមាន ឥឡូវនេះ អាត្មាអញ បានជាសះស្បើយ អំពីអាពាធនោះហើយ បរិភោគអាហារ ក៏បាន ទាំងកម្លាំងក្នុងខ្លួន ក៏មាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តីសោមនស្ស មានជាអំពីអាពាធនេះជាហេតុ ។ ម្នាលមាណព មួយទៀត ដូចជាបុរសដែលជាប់គុក លុះសម័យខាងក្រោយមក បុរសនោះ បានរួចពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃភោគៈ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន ។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ ជាប់គុក ឥឡូវនេះ អាត្មាអញបានរួចអំពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃភោគៈ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តីសោមនស្ស មានការរួចអំពីគុកនោះ ជាហេតុ ។  ម្នាលមាណព មួយទៀត ដូចជាបុរស ដែលជាទាសៈគេ តែងមិនបានធ្វើការអ្វីមួយ តាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ ទៅទីណា តាមសេចក្តីពេញចិត្តខ្លួន មិនបានទេ ។ លុះសម័យជាខាងក្រោយមក បុរសនោះ បានរួចអំពីភាវៈនៃខ្លួន ជាទាសៈគេនោះ ជាអ្នកធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្តរបស់ខ្លួនក៏បាន ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ ជាទាសៈគេ មិនបានធ្វើការអ្វីមួយតាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ ទៅទីណា តាមសេចក្តីពេញចិត្តខ្លួនមិនបានឡើយ ឥឡូវនេះ អាត្មាអញ រួចអំពីភាវៈនៃខ្លួនជាទាសៈគេហើយ ជាអ្នកធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្តទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្តខ្លួនក៏បាន ។ បុរសនោះ គប្បីបាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស មានការរួចអំពីភាវៈនៃខ្លួនជាទាសៈគេនោះ ជាហេតុ ។ ម្នាលមាណព មួយទៀត ដូចជាបុរសមានទ្រព្យ មានភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ដែលជាផ្លូវរកអាហារបានដោយក្រ ជាផ្លូវប្រកបដោយភ័យចំពោះមុខ ។ លុះសម័យខាងក្រោយមក បុរសនោះ ក៏បានឆ្លងផុត អំពីផ្លូវដាច់ស្រយាលនោះ បានដល់ទៅខាងក្នុងស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញសោត ជាអ្នកមានទ្រព្យ មានភោគៈ បានដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ដែលជាផ្លូវរកអាហារបានដោយក្រ ជាផ្លូវប្រកបដោយភ័យចំពោះមុខ ឥឡូវនេះ អាត្មាអញ បានឆ្លងផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះហើយ បានចូលមកដល់ខាងក្នុងស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី ។ បុរសនោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តីសោមនស្ស មានការដល់មកខាងក្នុងស្រុក ជាទីក្សេមនោះ ជាហេតុ យ៉ាងណាមិញ ។ ម្នាលមាណព ភិក្ខុពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនេះ ក្នុងខ្លួន ដែលមិនទាន់លះបង់បាន ដូចជាបំណុល ដូចជារោគ ដូចជាគុក ដូចជាអ្នករួចជាអ្នកជា ឬដូចជាផ្លូវឆ្ងាយដាច់ស្រយាល ដូច្នោះឯង ។ ម្នាលមាណព ភិក្ខុដែលពិចារណាឃើញ នូវនីវរណៈធម៌ទាំង៥ប្រការនេះក្នុងខ្លួន ដែលលះបង់បានហើយ ដូចជាមិនជំពាក់បំណុល ដូចជាមិនមានរោគ ដូចរួចអំពីគុក ដូចជាអ្នករួចជាអ្នកជា ដូចជាទីដ៏ក្សេម ដូច្នោះឯង កាលបើភិក្ខុនោះ ពិចារណាឃើញនូវនីវរណៈទាំង៥ប្រការនេះក្នុងខ្លួន ដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ រមែងកើតឡើង កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយ រមែងស្ងប់រម្ងាប់ កាលបើភិក្ខុមានកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែងតាំងខ្ជាប់ ។ ភិក្ខុនោះ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកពូកអកុសលធម៌ហើយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ ។ ម្នាលមាណព ដូចជាអ្នកផ្ងូតទឹកក្តី កូនសិស្សរបស់អ្នកផ្ងូតទឹកក្តី ដែលជាអ្នកឈ្លាសវៃ រោយរាយនូវលំអិតសម្រាប់ងូត ក្នុងភាជន៍សម្រិទ្ធិ ហើយស្រោច ប្រស់ព្រំដោយទឹក ឯដុំលំអិត សម្រាប់ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុង ខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុបានសម្រេចបឋមជ្ឈាន ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុស្ងាត់ចាកកាមទាំងឡាយហើយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ មិនមានឡើយ ដោយអំពើណា ។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះ ។

[១២៨] ម្នាលមាណព មួយវិញទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯង គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ។ ម្នាលមាណព ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយជាទីហូរនៃទឹក ក្នុងទិសខាងកើត នៃអន្លង់ទឹកនោះ ក៏មិនមានឡើយ ប្រឡាយជាទីហូរនៃទឹកក្នុងទិសខាងត្បូង ក៏មិនមាន ប្រឡាយជាទីហូរនៃទឹកក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជាទីហូរនៃទឹក ក្នុងទិសខាងជើង ក៏មិនមាន បើមានភ្លៀងបង្អុរចុះនូវធារទឹកដោយប្រពៃ សព្វៗកាល ធារទឹកត្រជាក់ ក៏ស្រាប់តែជោរឡើងអំពីអន្លង់ទឹកនោះ ហើយញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់នោះឯង ប្រទេសបន្តិចបន្តួចនៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានទុតិយជ្ឈាន ដ៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុបានរម្ងាប់វិតក្កៈ និងវិចារៈហើយ ។បេ។ បានដល់នូវទុតិយជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ មិនមានឡើយ ដោយអំពើណា ។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះដែរ ។

[១២៩] ម្នាលមាណព មួយវិញទៀត ភិក្ខុនឿយណាយ ចាកបីតិ ហើយប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈានថា បុគ្គលដែលបាននូវតតិយជ្ឈាន មានចិត្តប្រកបដោយឧបេក្ខា មានស្មារតី នៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាននោះ សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ ។ ម្នាលមាណព ដូចជាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងត្រពាំង ព្រលិតក្តី ក្នុងត្រពាំងឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ចម្រើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក ឯជលជាតិទាំងនោះ តែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ រហូតដល់ចុង រហូតដល់គល់ អវយវៈបន្តិចបន្តួច នៃជលជាតិទាំងអស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានតតិយជ្ឈាន ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុនឿយណាយចាកបីតិហើយ ។បេ។ ក៏បានដល់នូវតតិយជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុនោះញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ ដោយអំពើណា ។ អំពើនេះ ជាសមាធិរបស់ភិក្ខុនោះឯងដែរ ។

[១៣០] ម្នាលមាណព មួយវិញទៀត ព្រោះលះបង់នូវសុខ ព្រោះលះបង់នូវទុក្ខ ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស ក្នុងកាលមុនហើយ ភិក្ខុក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍ មិនជាទុក្ខ មិនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ ដែលកើតអំពីឧបេក្ខា សម្រាន្តឥរិយាបថនៅ ។ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យផ្សព្វផ្សាយ ដោយចិត្តបរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ។ ម្នាលមាណព ដូចបុរសយកសំពត់សស្អាត ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់បុរសនោះឯង ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់សស្អាត មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ។បេ។ ម្នាលមាណព ភិក្ខុ ព្រោះលះបង់នូវសុខៈ ។បេ។ ក៏បានដល់នូវចតុត្ថជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញ៉ាំងករជកាយនេះ ឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច នៃកាយទាំងអស់របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ដូច្នោះឯង ដោយអំពើណា អំពើនេះឯង ជាសមាធិ របស់ភិក្ខុនោះ ។ ម្នាលមាណព នេះឯង ជាអរិយសមាធិក្ខន្ធនោះ ដែលសម្តេចព្រះមានព្រះភាគ ទ្រង់បានពោលសរសើរហើយ ទាំងទ្រង់ណែនាំប្រជុំជននេះ ឲ្យប្រតិបត្តិ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ឯកិច្ច ដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចម្រើន ហេតុនេះអស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចម្រើន ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចម្រើន ក៏អរិយសមាធិក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ បពិត្រព្រះអានន្ទដ៏ចម្រើន ឯពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះ គង់បានឃើញអរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍ទាំងនោះឯង ពេញចិត្តដោយគុណ ត្រឹមតែសមាធិក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយគុណ មានប្រមាណប៉ុណ្ណេះ សម្រេចហើយដោយគុណ មានប្រមាណប៉ុណ្ណេះ ប្រយោជន៍នៃសាមញ្ញគុណ យើងបានដល់ហើយដោយលំដាប់ កិច្ចនីមួយ ដែលយើងទាំងឡាយគប្បីធ្វើតទៅ មិនមានឡើយ ។ ចំណែកព្រះអានន្ទដ៏ចម្រើន ពោលយ៉ាងនេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត ។

[១៣១] មាណពសួរថា បពិត្រព្រះអានន្ទដ៏ចម្រើន ចុះអរិយបញ្ញាខន្ធ ដែលព្រះគោតមដ៏ចម្រើន ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន នោះ តើដូចម្តេច ។ ព្រះអានន្ទតបថា កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងផ្ចង់តម្រង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ [ក្នុងអដ្ឋកថា ថា មគ្គញ្ញាណក្តី ផលញ្ញាណក្តី សព្វញ្ញុតញ្ញាណក្តី បច្ចវេក្ខណញ្ញាណក្តី វិបស្សនាញាណក្តី លោកហៅថា ញាណទស្សនៈ តែក្នុងទីនេះ ព្រះថេរៈ សំដែងសំដៅវិបស្សនាញាណតែម្យ៉ាង ។] ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប៤ កើតមកអំពីមាតា បិតា មានសេចក្តីចម្រើន ដោយជាតិបាយ និងនំ មានការលាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏វិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ។ ម្នាលមាណព ដូចកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌ដោយអាការទាំងពួង (មានដុសលាងជាដើម) ប្រសិនបើគេដោតអំបោះទៅក្នុងកែវនោះ ជាអំបោះមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី បុរសដែលមានភ្នែកភ្លឺ គប្បីយកកែវនោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌ដោយអាការទាំងពួង អំបោះដែលគេដោតក្នុងកែវនោះ ជាអំបោះមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី យ៉ាងណាមិញ ម្នាលមាណព ភិក្ខុដែលបានញាណទស្សនៈ ក៏យ៉ាងនោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាវពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ គឺវិបស្សនាញាណ ភិក្ខុ ក៏ដឹងច្បាស់យ៉ាងនេះថា កាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូប៤ កើតអំពីមាតា បិតា មានសេចក្តីចម្រើនដោយជាតិបាយ និងនំ មានការលាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជាធម្មតា ក៏ឯវិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់នៅក្នុងកាយនេះ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចអំពីចិត្ត ។ ភិក្ខុនោះ ក៏និម្មិតនូវកាយដទៃ ចេញអំពីកាយនេះ មានរូបសម្រេចអំពីចិត្ត មានអវយវៈតូចធំ សព្វគ្រប់ មានឥន្ទ្រិយមិនថោកថយ ។ ម្នាលមាណព ដូចជាបុរសដកបណ្តូលចេញ អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ឯស្មៅយាប្លងដទៃ បណ្តូលដទៃ តែថាបណ្តូលដែលអាត្មាអញដកចេញមក គឺដកអំពីស្មៅយាប្លងហ្នឹងឯង ។ ម្នាលមាណព មួយទៀត ដូចជាបុរសហូតដាវចេញអំពីស្រោម បុរសនោះរមែងមានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាដាវ នេះជាស្រោម ឯដាវដទៃ ស្រោមដទៃ តែថាដាវដែលអាត្មាអញហូតចេញ គឺហូតចេញមកអំពីស្រោមហ្នឹងឯង ។ ម្នាលមាណព ពុំនោះសោត ដូចបុរស ទាញយកពស់ចេញអំពីស្រោម បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាពស់ នេះជាស្រោម ឯពស់ដទៃ ស្រោមដទៃ តែថាពស់ដែលអាត្មាអញ ទាញចេញពីស្រោមហ្នឹងឯង ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានញាណទស្សនៈ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីនិមិ្មតនូវកាយ ដែលសម្រេចមកអំពីចិត្ត ដោយអំពើណា ។បេ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិ ។ ភិក្ខុនោះ រមែងបាននូវការតាក់តែងឫទ្ធិជាច្រើនប្រការ គឺថាមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន ។ ភិក្ខុនោះ ធ្វើនូវការងើបឡើង ឬមុជចុះក្នុងផែនដី ដូចជាងើបឡើង ឬមុជចុះក្នុងទឹកក៏បាន ដើរលើទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនោះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលមាណព មួយទៀត ដូចជាស្មូនឆ្នាំងក្តី កូនសិស្សរបស់ស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើដីស្អិតដែលគេធ្វើបរិកម្មល្អហើយ បើប្រាថ្នានឹងធ្វើភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវភាជន៍នោះៗបាន ម្នាលមាណព ពុំនោះសោត ដូចជាងភ្លុកក្តី កូនសិស្សរបស់ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើភ្លុកដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកណាៗ គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃភ្លុកដ៏ប្លែកនោះៗបាន ម្នាលមាណព ពុំនោះសោត ដូចជាជាងមាសក្តី កូនសិស្សរបស់ជាងមាសក្តី ដែលឈ្លាសវៃ កាលបើមាសដែលគេធ្វើបរិកម្មល្អហើយ បើចង់ធ្វើគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេចនូវគ្រឿងប្រើប្រាស់ ជាវិការៈនៃមាសដ៏ប្លែកនោះៗបាន ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹងមិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីតាក់តែងឫទ្ធិបាន ភិក្ខុនោះ រមែងបាននូវការតាក់តែងឫទ្ធិ ជាច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ។បេ។ ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីទិព្វសោតធាតុ (ត្រចៀកទិព្វ) ។ ភិក្ខុនោះ រមែងឮនូវសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់មនុស្សធម្មតា១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធ កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា ។ ម្នាលមាណព ដូចបុរស អ្នកដើរទៅកាន់ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា សម្លេងស្គរធំដូច្នេះក្តី សម្លេងសំភោរដូច្នេះក្តី សម្លេងស័ង្ខដូច្នេះក្តី សម្លេងស្គរជ័យដូច្នេះក្តី សម្លេងស្គរតូចដូច្នេះក្តី ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានទិព្វសោតធាតុ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងឮសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់មនុស្សធម្មតា១ ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធស្អាត កន្លងបង់នូវសោតធាតុ ជារបស់មនុស្សធម្មតា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ គឺការកំណត់ដឹងនូវចិត្តនៃសត្វដទៃ ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវចិត្តរបស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវភាវៈជាធំ បានខាងរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺ រូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងខ្ជាប់ខ្ជួន ចិត្តដែលមិនទាន់បានតាំងខ្ជាប់ខ្ជួនក្តី [ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ] ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បានតាំងខ្ជាប់ខ្ជួន ចិត្តដែលរួចស្រឡះ (ចាកកិលេស) ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ។ ម្នាលមាណព ដូចស្ត្រីក្តី បុរសក្តី ដែលនៅក្មេង ជាក្រមុំ កម្លោះ នៅកំពុងចូលចិត្ត នឹងគ្រឿងប្រដាប់តាក់តែងរាងកាយ កាលឆ្លុះមើលស្រមោលមុខ របស់ខ្លួននៅក្នុងកញ្ចក់ ដ៏ស្អាត ផូរផង់ក្តី ក្នុងភាជន៍ដ៏ពេញដោយទឹកថ្លាក្តី បើស្រមោលមុខរបស់ខ្លួន ប្រកបដោយទោស មានមុន (ជាដើម)ក្តី ក៏ដឹងថា ប្រកបដោយទោស បើស្រមោលមុខរបស់ខ្លួន មិនប្រកបដោយទោសក្តី ក៏ដឹងថា មិនប្រកបដោយទោស ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានចេតោបរិយញ្ញាណ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីចេតោបរិយញ្ញាណ ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវចិត្តរបស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ។បេ។ ចិត្តមិនទាន់បានរួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បានរួចស្រឡះ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ។ ភិក្ខុនោះ ក៏រលឹកនូវខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ រលឹកខន្ធដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកនូវសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បានថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ ក៏បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ ក៏បានមកកើតក្នុងភពនេះ ។ ភិក្ខុនោះ រលឹកបាននូវខន្ធ ដែលខ្លួនអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រយ៉ាងនេះ ។ម្នាលមាណព ដូចបុរស ចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ហើយទៅកាន់ស្រុកដទៃទៀត បុរសនោះឯង ក៏ត្រឡប់មកពីស្រុកនោះ ហើយមកកាន់ស្រុករបស់ខ្លួនវិញ ហើយបុរសនោះ ក៏នឹងរលឹកឃើញយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុករបស់ខ្លួន ហើយទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ លុះអាត្មាអញ ចេញអំពីស្រុកនោះហើយ ទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀមយ៉ាងនេះ ឥឡូវនេះ អាត្មាអញ ត្រឡប់មកពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានបុព្វេនិវាសានុស្សតិញ្ញាណ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកនូវបុព្វេនិវាសជាច្រើនប្រការ រលឹកបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ។បេ។ ភិក្ខុនោះ រលឹកបាននូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់បុរសនោះ ។

[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ គឺសេចក្តីដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់នៃមនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកដៀលព្រះអរិយៈបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះរំលាងកាយទៅបន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងអបាយ [កំណើតសត្វតិរច្ឆាន] ទុគ្គតិ [បេតវិស័យ] វិនិបាត [អសុរកាយ ដែលមានមហិទ្ធិឫទ្ធិ ដូចរាហូអសុរិន្ទជាដើម ។] នរក [នរក គឺលោកដែលគ្មានសេចក្តីចម្រើន មានច្រើនប្រការ មានអវិចិនរកជាដើម ។] មួយសោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត មិនតិះដៀលនូវព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងកាយទៅ បន្ទាប់អំពីមរណៈ ក៏ទៅកើតក្នុងលោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះឯង ។ ម្នាលមាណព ដូចជាប្រាសាទ ដែលតាំងនៅក្បែរផ្លូវត្រឡែងកែង ជាកណ្តាលក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅលើប្រាសាទនោះ គប្បីឃើញនូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់សញ្ចរអំពីច្រកផ្លូវ ទៅកាន់ថ្នល់ក្តី ដែលអង្គុយក្បែរផ្លូវត្រឡែងកែង នាកណ្តាលក្រុងក្តី បុរសនោះ គប្បីដឹងច្បាស់ យ៉ាងនេះថា មនុស្សទាំងនុ៎ះ ដើរចូលមកកាន់ផ្ទះ មនុស្សទាំងនុ៎ះ ចេញមកអំពីផ្ទះ មនុស្សទាំងនុ៎ះ សញ្ចរអំពីច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយនៅក្បែរផ្លូវត្រឡែងកែង នាកណ្តាលក្រុង ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានសត្តានំចុតូបបាតញ្ញាណ ក៏ដូច្នោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្សធម្មតា រមែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣៨] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី អាសវក្ខយញ្ញាណ គឺសេចក្តីដឹងនូវធម៌ ជាគ្រឿងអស់ទៅនៃអាសវៈ ។ ភិក្ខុនោះ ក៏ដឹងតាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្តីរលត់អាសវៈ ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ ករណីយកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលមាណព ដូចជាអន្លង់ទឹក លើកំពូលភ្នំ ដែលថ្លាឈ្វេង ឥតមានកករល្អក់ បុរសដែលមានភ្នែកភ្លឺ ឈរទៀបមាត់នៃអន្លង់ទឹកនោះ គប្បីឃើញនូវខ្យង និងគ្រំក្តី ដុំក្រួស និងបំណែកក្តី ហ្វូងត្រីដែលហែលទៅមក ឬឋិតនៅក្តី បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់ទឹកនេះឯង ថ្លាឈ្វេង ឥតមានកករល្អក់ ខ្យង និងគ្រំទាំងឡាយនេះក្តី ដុំក្រួស និងបំណែកទាំងឡាយនេះក្តី ហ្វូងត្រីទាំងឡាយនេះ ដែលកំពុងហែលទៅមក ឬកំពុងឋិតនៅក្តី ក្នុងអន្លង់ទឹកនោះ យ៉ាងណាមិញ ម្នាលមាណព ភិក្ខុ ដែលបានអាសវក្ខយញ្ញាណ ក៏យ៉ាងនោះឯង ។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន ។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ។ ភិក្ខុនោះ ក៏ដឹងតាមពិតថា នេះជាទុក្ខ ។បេ។ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវសេចក្តីរលត់អាសវៈ ។ ភិក្ខុនោះ កាលបើដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង ។ កាលបើចិត្តផុតស្រឡះហើយ សេចក្តីដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតនៃអាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ ករណីយកិច្ចដទៃ នៃអាត្មាអញ ដែលប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ដោយអំពើណា ។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ ។

[១៣៩] ម្នាលមាណព នេះឯងជាអរិយបញ្ញាខន្ធ ដែលព្រះមានព្រះភាគអង្គនោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន  កិច្ចដែលគួរធ្វើតទៅទៀត ក្នុងសាសនានេះ មិនមានឡើយ ។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអានន្ទដ៏ចម្រើន ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចម្រើន អរិយបញ្ញាខន្ធនោះ បរិបូណ៌ហើយ មិនមែនមិនបរិបូណ៌ទេ បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយបញ្ញាខន្ធ ដែលបរិបូណ៌យ៉ាងនេះ ក្នុងសមណព្រាហ្មណ៍ទាំងឡាយដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើតទៅទៀត មិនមានឡើយ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអានន្ទដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះអានន្ទដ៏ចម្រើន ធម៌ដែលលោកម្ចាស់ សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងារនូវភាជន៍ ដែលផ្កាប់ ឬដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេបំភ្លឺប្រទីបក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ (ភ្លឺ) នឹងមើលឃើញរូបទាំងឡាយ បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំព្រះករុណានេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះអានន្ទដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ។

ចប់ សុភសូត្រ ទី១០ ។

កេវដ្តសូត្រ ទី១១[កែប្រែ]

[១៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន ជិតស្រុកនាលន្ទា ។ គ្រានោះ គហបតិបុត្រ ឈ្មោះកេវដ្តៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះកេវដ្តៈគហបតិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ គឺកុសលកម្ម១០ សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ក៏នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ ។ កាលកេវដ្តគហបតិបុត្រ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេវដ្តគហបតិបុត្រថា ម្នាលកេវដ្តៈ តថាគត មិនសំដែងធម៌ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកធ្វើបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ ដល់ពួកគ្រហស្ថ អ្នកស្លៀកពាក់សដូច្នេះឡើយ ។ កេវដ្តគហបតិបុត្រ បានក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគ ជាគម្រប់២ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ មិនបានតាំងព្រះមានព្រះភាគ (ឲ្យសំដែង)ទេ ខ្ញុំព្រះអង្គ គ្រាន់តែក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ស្រុកនាលន្ទានេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្សកុះករ មានមនុស្សជ្រះថ្លាក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌បាន សូមព្រះមានព្រះភាគ បង្គាប់ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ ។ (កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលនូវសេចក្តីនេះទៀត) ជាគម្រប់៣ដងផង ។បេ។

[១៤១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ បាដិហារ្យ៣យ៉ាងនេះ ដែលតថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែងបាន បាដិហារ្យ៣យ៉ាង តើដូចម្តេច គឺឥទ្ធិបាដិហារ្យ១ អាទេសនាបាដិហារ្យ១ អនុសាសនីបាដិហារ្យ១ ។ ម្នាលកេវដ្តៈ ចុះ ឥទ្ធិបាដិហារ្យ តើដូចម្តេច ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ បាននូវឥទ្ធិវិធី គឺការតាក់តែងឫទ្ធិបានជាច្រើនប្រការ មនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បាន ងើបឡើងទាំងមុជចុះក្នុងផែនដី ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន ទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ កុលបុត្រឯណានីមួយ ជាអ្នកមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការ គឺមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុងអាកាសក៏បាន ងើបឡើង ទាំងមុជចុះក្នុងផែនដី ហាក់ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជាដើរលើផែនដីក៏បាន ទៅក្នុងអាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់អ្នកដទៃ ដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន ភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការគឺ ធ្វើមនុស្សម្នាក់ ឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់វិញក៏បាន ។បេ។ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ជនដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លា គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន មានវិជ្ជាមួយយ៉ាង ឈ្មោះគន្ធារិ គឺវិជ្ជាដែលឫសី ឈ្មោះគន្ធារៈ តាក់តែងទុកមក ភិក្ខុនោះ បាននូវឥទ្ធិវិធីជាច្រើនប្រការ ដោយវិជ្ជានោះ ។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន ។ ម្នាលកេវដ្តៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លានោះ នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះដែរឬ ។ កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ជននោះគប្បីនិយាយដែរ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ តថាគត ពិចារណាឃើញច្បាស់ នូវទោសក្នុងឥទ្ធិបាដិហារ្យនេះហើយ ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកឥទ្ធិបាដិហារ្យ ។

[១៤២] ម្នាលកេវដ្តៈ ចុះ អាទេសនាបាដិហារ្យ តើដូចម្តេច ។ ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ ទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ [អដ្ឋកថា លោកសំដៅយកសោមនស្សចេតសិក និងទោមនស្សចេតសិក ។] ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ កុលបុត្រឯណានីមួយ ដែលមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរភិក្ខុនោះ ដល់ជនដទៃ ដែលជាអ្នកមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន ភាវៈនៃសមណៈ ជាអ្នកមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លានោះ គប្បីនិយាយប្រាប់ដំណើរភិក្ខុនោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចម្រើន មានវិជ្ជាមួយយ៉ាង ឈ្មោះមណិកា [អដ្ឋកថា ប្រាប់ វិជ្ជាឈ្មោះចិន្តាមណី ។] ជាវិជ្ជាសម្រាប់ដឹងចិត្តបុគ្គលដទៃ ភិក្ខុនោះទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់ពួកសត្វដទៃ បុគ្គលដទៃ ដោយវិជ្ជានោះថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ ។ ម្នាលកេវដ្តៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច ជនដែលមិនទាន់មានសទ្ធា មិនទាន់ជ្រះថ្លា នឹងគប្បីនិយាយពាក្យយ៉ាងនេះ ទៅនឹងកុលបុត្រ ដែលមានសទ្ធា មានសេចក្តីជ្រះថ្លានោះដែរឬ ។ គហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចម្រើន ជននោះគប្បីនិយាយដែរ ។ ម្នាលកេវដ្តៈ តថាគត កាលពិចារណាឃើញច្បាស់ នូវទោសក្នុងអាទេសនាបាដិហារ្យនេះឯង ទើបនឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកអាទេសនាបាដិហារ្យ ។

[១៤៣] ម្នាលកេវដ្តៈ ចុះ អនុសាសនីបាដិហារ្យ តើដូចម្តេច ។ ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនានេះ តែងប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំត្រិះរិះយ៉ាងនេះឡើយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុកក្នុងចិត្តយ៉ាងនេះឡើយ អ្នកទំាងឡាយ ចូរលះបង់នូវតម្រេក ក្នុងបញ្ចកាមគុណនេះ អ្នកទាំងឡាយ ចូរដល់នូវលោកុត្តរធម៌នេះ ហើយសម្រេចឥរិយាបថនៅ ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។

[១៤៤] ម្នាលកេវដ្តៈ មួយវិញទៀត ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ។បេ។ (អ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។ ភិក្ខុបានដល់នូវទុតិយជ្ឈាន ។ តតិយជ្ឈាន ។ ចតុត្ថជ្ឈាន ហើយសម្រាន្តឥរិយាបថនៅ ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។បេ។ ភិក្ខុដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ ។ ម្នាលកេវដ្តៈ បាដិហារ្យទាំង៣យ៉ាងនេះឯង ដែលតថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបាន ។

[១៤៥] ម្នាលកេវដ្តៈ រឿងធ្លាប់មានមកថា ភិក្ខុមួយរូប ក្នុងភិក្ខុសង្ឃនេះឯង កើតមានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា មហាភូតរូបទាំង៤នេះគឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែលតាំងខ្ជាប់ដោយសមាធិ ផ្លូវជាទីទៅកាន់ទេវលោក ក៏កើតប្រាកដឡើង ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា លុះចូលទៅដល់ហើយ បានសួរសេចក្តីនេះ នឹងពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកាថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយនេះឯង មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាទេ បពិត្រភិក្ខុ តែមានមហារាជ៤ព្រះអង្គ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ មហារាជទាំង៤នោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា ដូច្នេះ (មិនខាន) ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុក៏ចូលទៅរកមហារាជទាំង៤ព្រះអង្គ លុះចូលទៅដល់ហើយ ក៏សួរសេចក្តីនេះ នឹងមហារាជទាំង៤ថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហារាជទាំង៤ព្រះអង្គ ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ សូម្បីយើងទាំងឡាយ ក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានទេវតាទាំងឡាយ ដែលឋិតនៅក្នុងឋានតាវត្តិង្ស ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ ពួកទេវតាទាំងនោះឯង គប្បីដឹងសេចក្តីនេះ ។បេ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុក៏ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្សថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានទេវរាជ ឈ្មោះសក្កៈ ជាធំជាងទេវតាទាំងឡាយ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ សក្កទេវរាជនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះ ។បេ។ ម្នាលកេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ លុះចូលទៅដល់ហើយ ក៏សួរនូវសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលបើភិក្ខុនោះសួរយ៉ាងនេះហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានទេវតា ឈ្មោះយាមៈ (ទេវតាឋិតនៅក្នុងឋានយាមៈ) ។បេ។ ទេវបុត្រឈ្មោះសុយាមៈ ។បេ។ ទេវបុត្រឈ្មោះតុសិតៈ (ទេវតាឋិតនៅក្នុងឋានតុសិត) ។បេ។ ទេវបុត្រឈ្មោះសន្តុសិតៈ ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតា ដែលឋិតនៅក្នុងឋាននិម្មានរតី) ។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត (ទេវតា ឋិតនៅក្នុងឋានបរនិម្មិតវសវត្តី) ។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តី ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ ទេវបុត្រឈ្មោះ បរនិម្មិតវសវត្តីនោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា (មិនខាន) ។

[១៤៦] ម្នាលកេវដ្តៈ លំដាប់នោះឯង ភិក្ខុនោះ ចូលទៅរកទេវបុត្រ ឈ្មោះវសវត្តី លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវបុត្រឈ្មោះ វសវត្តីថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ទេវបុត្រឈ្មោះ វសវត្តី ក៏បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ ។ បពិត្រភិក្ខុ តែមានពួកទេវតា ឈ្មោះ ព្រហ្មកាយិកៈ (ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម) ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ ពួកទេវតានោះ គប្បីដឹងសេចក្តីយ៉ាងនេះ (មិនខាន) ។បេ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែលតាំងខ្ជាប់ ដោយសមាធិ ផ្លូវជាទីទៅកាន់ព្រហ្មលោក ក៏កើតប្រាកដឡើង ។

[១៤៧] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មថា ម្នាលអាវុសោទាំងឡាយ មហាភូតរូប៤នេះ ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម បានឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងក៏មិនដឹងសេចក្តីនេះដែរ ។បេ។ បពិត្រភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែង [ជាអ្នកចែកសត្វលោកឲ្យទៅជាក្សត្រ ជាព្រាហ្មណ៍ ជាដើម (ពាក្យនេះជាសេចក្តីយល់របស់ពួកព្រហ្មខ្លះៗ) ។] សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លាជាងយើងទាំងឡាយ មហាព្រហ្មនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណា (មិនខាន) ។ ភិក្ខុនោះសួរថា ម្នាលអាវុសោ ចុះឥឡូវនេះ មហាព្រហ្មនោះ នៅក្នុងទីណា ។ ពួកទេវតានោះ ឆ្លើយតបថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹងថា ព្រហ្មនៅក្នុងទីណា ឬនៅក្នុងទីចំណែកនៃទិសណាដែរ បពិត្រភិក្ខុ ប៉ុន្តែនិមិត្តទាំងឡាយតែងប្រាកដ ពន្លឺតែងកើតច្បាស់ រស្មីតែងកើតប្រាកដក្នុងទីណា ព្រហ្មនឹងមានប្រាកដក្នុងទីនោះ នេះជាបុព្វនិមិត្ត ដើម្បីមានប្រាកដនៃព្រហ្ម គឺពន្លឺក៏កើតច្បាស់ រស្មីមានប្រាកដ ។ ម្នាលកេវដ្តៈ លំដាប់នោះ មិនយូរប៉ុន្មានឡើយ មហាព្រហ្មនោះ ក៏មានរូបប្រាកដឡើង ។

[១៤៨] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ចូលទៅរកមហាព្រហ្ម លុះចូលទៅដល់ហើយ បានសួរសេចក្តីនេះ នឹងមហាព្រហ្មនោះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយតបសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតមកហើយ និងសត្វនៅក្នុងផ្ទៃ ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្មនោះ ជាគម្រប់២ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ ។ ម្នាលកេវដ្តៈ មហាព្រហ្មនោះ បានឆ្លើយតបសេចក្តីនេះនឹងភិក្ខុនោះ ជាគម្រប់២ដងទៀតថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តីនេះ នឹងមហាព្រហ្ម ជាគម្រប់៣ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នកយ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះមហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុគ្រប់យ៉ាង ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វលោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតានៃសត្វ ដែលប្រសូតចេញមកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ ។

[១៤៩] ម្នាលកេវដ្តៈ គ្រានោះ មហាព្រហ្មនោះ ចាប់ដើមដៃភិក្ខុនោះ ហើយនាំចៀសចេញទៅ ក្នុងទីដ៏សមគួរ ហើយនិយាយសេចក្តីនេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្មទាំងនេះឯង តែងស្គាល់នូវខ្ញុំយ៉ាងនេះថា ហេតុអ្វីនីមួយ ឈ្មោះថា ព្រហ្មមិនដឹង មិនឃើញ មិនស្គាល់ មិនធ្វើឲ្យច្បាស់នោះ មិនមានឡើយ ព្រោះហេតុនោះ ទើបខ្ញុំមិនព្យាករ ក្នុងទីចំពោះមុខនៃទេវតាទាំងនុ៎ះ បពិត្រភិក្ខុ ខ្ញុំសោត ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ បពិត្រភិក្ខុ លោកម្ចាស់ លះបង់ចោលព្រះមានព្រះភាគហើយ ដល់នូវការស្វែងរក (បុគ្គល) ខាងក្រៅវិញ ដើម្បីព្យាករណ៍នូវប្រស្នានេះ ដោយអំពើណា អំពើនោះ លោកម្ចាស់ធ្វើមិនល្អទេ អំពើនោះ លោកម្ចាស់ធ្វើខុសហើយ បពិត្រភិក្ខុ ព្រោះហេតុនោះ លោកម្ចាស់ចូលទៅគាល់ព្រះមានព្រះភាគអង្គនោះ ហើយសួរនូវប្រស្នានេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករ ដល់លោកម្ចាស់យ៉ាងណា លោកម្ចាស់គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនោះចុះ ។

[១៥០] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះមុខតថាគត (រហ័ស) ប្រៀបដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ចូលនូវដៃដែលលាចេញ ។ ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ថ្វាយបង្គំតថាគតរួចហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ ម្នាលកេវដ្តៈ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏បានសួរនូវសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ តថាគត ក៏បានសំដែងសេចក្តីនេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ រឿងធ្លាប់មានមកហើយថា មានពួកឈ្មួញសមុទ្រ បាននាំយកសត្វស្លាប ដែលជាសត្វមើលឃើញត្រើយសមុទ្រ ហើយចុះទៅកាន់សមុទ្រដោយសំពៅ ពួកឈ្មួញទាំងនោះ កាលបើសំពៅដែលបើកទៅ មើលមិនឃើញត្រើយសមុទ្រ ក៏លែងសត្វបក្សីដែលមើលឃើញត្រើយសមុទ្រ សត្វបក្សីនោះ ក៏ហើរទៅកាន់ទិសខាងកើត ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិសខាងលើ ទៅកាន់ទិសតូច បើសត្វបក្សីនោះ មើលឃើញត្រើយសមុទ្រជុំវិញ ក៏ហើរបាត់ទៅតែម្តង ប្រសិនបើ សត្វបក្សីនោះ មើលមិនឃើញត្រើយសមុទ្រជុំវិញទេ ក៏ហើរត្រឡប់មករកសំពៅនោះវិញ ម្នាលភិក្ខុ ខ្លួនអ្នក បានដើរស្វែងរក (បុគ្គល) ដើម្បីព្យាករណ៍នូវប្រស្នានេះ រហូតដល់ព្រហ្មលោក ក៏ត្រឡប់មកកាន់សំណាក់នៃតថាគតវិញដូច្នោះឯង ម្នាលភិក្ខុ ប្រស្នានេះ អ្នកមិនត្រូវសួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះឡើយ ។ ម្នាលភិក្ខុ ប្រស្នានោះ អ្នកត្រូវសួរយ៉ាងនេះថា ។

[១៥១] អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងទីណា (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អក្តី អាក្រក់ក្តី រលត់ក្នុងទីណា នាម និងរូបរលត់ ឥតមានសេសសល់ក្នុងទីណា ។

សេចក្តីដោះស្រាយ ក្នុងប្រស្នាដូច្នេះ ។

[១៥២] វិញ្ញាណ គឺព្រះនិព្វាន មិនមែនជាទីសម្រាប់ឃើញ (ដោយចក្ខុបាន)ទេ ជាធម្មជាតគ្មានទីបំផុត មានពន្លឺ (កម្មដ្ឋាន) ដោយជុំវិញ អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងព្រះនិព្វាននុ៎ះឡើយ (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ អាក្រក់ក្តី តែងរលត់ ក្នុងព្រះនិព្វាននុ៎ះ នាមនិងរូប តែងរលត់ ឥតមានសេសសល់ក្នុងព្រះនិព្វាននុ៎ះ នាម និងរូបនោះ តែងរលត់ក្នុងព្រះនិព្វាននុ៎ះ ព្រោះរលត់ទៅនៃវិញ្ញាណ ។

ព្រះមានព្រះភាគ បានសំដែងព្រះសូត្រនេះចប់ហើយ ។ កេវដ្តគហបតិបុត្រ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ ។

ចប់ កេវដ្តសូត្រ ទី១១ ។

លោហិច្ចសូត្រ ទី១២[កែប្រែ]

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ព្រះដំណើរ ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយពួកភិក្ខុច្រើន ប្រមាណ៥០០រូប ក៏បានទៅដល់ស្រុកឈ្មោះ សាលវតិកា [ក្នុងអដ្ឋកថា ថា ស្រុកនោះ គេដាំដើមឈើព័ទ្ធជុំវិញ ហាក់ដូចជារបង ហេតុនោះ បានជាឈ្មោះថា សាលវតិកា ។] ក៏សម័យនោះឯង ព្រាហ្មណ៍ឈ្មោះលោហិច្ច នៅអាស្រ័យក្នុងស្រុកសាលវតិកា ដែលជាស្រុកកុះករដោយសត្វ គឺមនុស្ស និងតិរច្ឆាន មានដំរី សេះ ជាដើម បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយស្រូវអង្ករ ជាព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះអំណោយ ជារង្វាន់ដ៏ប្រសើរ ។

[១៥៤] ជួនសម័យនោះឯង ទិដ្ឋិអាក្រក់ មានសភាពដូច្នោះ ក៏កើតឡើង ដល់លោហិច្ចព្រាហ្មណ៍ថា សមណៈ ឬព្រាហ្មណ៍ ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថា អ្នកដទៃ នឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចងចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ ក៏យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ។ តមកលោហិច្ចព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្សត្រកូល ទៅបួស ហើយទ្រង់ព្រះដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប បានដល់មកស្រុកសាលវតិកាហើយ កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ទ្រង់បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាល និងបទចុង ព្រះអង្គ ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ កិរិយាដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មានសភាពដូច្នេះ ជាការប្រពៃណាស់ ។

[១៥៥] លំដាប់នោះឯង លោហិច្ចព្រាហ្មណ៍ បាននិយាយនឹងអ្នកផ្ងូតទឹក ឈ្មោះរោសិកៈថា ម្នាលរោសិកៈ ជាសំឡាញ់ អ្នកចូរមកអាយ អ្នកចូរទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះសមណគោតម តាមពាក្យរបស់យើងថា បពិត្រព្រះគោតមដ៏ចម្រើន លោហិច្ចព្រាហ្មណ៍ (ផ្តាំឲ្យ) ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះគោតមដ៏ចម្រើន រួចហើយ ចូរទូលយ៉ាងនេះថា សូមព្រះគោតមដ៏ចម្រើន ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ ។ អ្នកផ្ងូតទឹក ឈ្មោះរោសិកៈ ទទួលពាក្យរបស់លោហិច្ចព្រាហ្មណ៍ថា បាទ អ្នកម្ចាស់ ហើយក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះអ្នកផ្ងូតទឹកឈ្មោះរោសិកៈ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ក៏បានយកសេចក្តីនេះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន លោហិច្ចព្រាហ្មណ៍ (ផ្តាំឲ្យ) ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះមានព្រះភាគ ហើយឲ្យទូលនិមន្តព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព ។

[១៥៦] លំដាប់នោះ អ្នកផ្ងូតទឹកឈ្មោះ រោសិកៈ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចហើយដើរចូលទៅរកលោហិច្ចព្រាហ្មណ៍ លុះចូលទៅដល់ហើយ បាននិយាយប្រាប់សេចក្តីនុ៎ះ ចំពោះលោហិច្ចព្រាហ្មណ៍ថា ខ្ញុំបានទូលព្រះមានព្រះភាគនោះ តាមពាក្យរបស់អ្នកម្ចាស់ហើយថា បពិត្រព្រះអង្គដ៏ចម្រើន លោហិច្ចព្រាហ្មណ៍ ឲ្យទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះមានព្រះភាគ ហើយឲ្យនិមន្តព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ ឯឥឡូវ ព្រះមានព្រះភាគនោះ ក៏ទ្រង់បានទទួលនិមន្តស្រេចហើយ ។ លុះកន្លងរាត្រីនោះហើយ លោហិច្ចព្រាហ្មណ៍ ឲ្យតាក់តែងខាទនីយាហារ ដ៏ឆ្ងាញ់ពីសារ ក្នុងផ្ទះរបស់ខ្លួន រួចហើយ ហៅអ្នកផ្ងូតទឹកឈ្មោះរោសិកៈមកនិយាយថា ម្នាលរោសិកៈជាសំឡាញ់ អ្នកចូរមកអាយ អ្នកចូរទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរក្រាបទូលភត្តកាល ចំពោះព្រះសមណគោតមថា បពិត្រព្រះគោតមដ៏ចម្រើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ ។ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ទទួលពាក្យរបស់លោហិច្ចព្រាហ្មណ៍ថា បាទ អ្នកដ៏ចម្រើន ហើយក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយឈរក្នុងទីដ៏សមគួរ ។ លុះអ្នកផ្ងូតទឹកឈ្មោះរោសិកៈ ឈរក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលនូវភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ ។

[១៥៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងស្រុកឈ្មោះ សាលវតិកានោះ ព្រមដោយភិក្ខុសង្ឃ ។ សម័យនោះឯង អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ក៏ដើរតាមក្រោយៗ នៃព្រះមានព្រះភាគ ។ វេលានោះ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ បានយកសេចក្តីនេះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់លោហិច្ចព្រាហ្មណ៍ថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថា អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ហើយចងចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ជួយដោះលោហិច្ចព្រាហ្មណ៍ ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះចេញ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលរោសិកៈ កិច្ចប៉ុណ្ណេះ មិនមែនជាភារៈ នៃតថាគតទេ ម្នាលរោសិកៈ កិច្ចប៉ុណ្ណេះ មិនសមគួរដល់តថាគតទេ ។ រួចព្រះមានព្រះភាគ ទ្រង់ព្រះដំណើរទៅកាន់លំនៅលោហិច្ចព្រាហ្មណ៍នោះ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ គ្រានោះឯង លោហិច្ចព្រាហ្មណ៍ បានអង្គាសថ្វាយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសាដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់ ។

[១៥៨] លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ លោហិច្ចព្រាហ្មណ៍ ក៏កាន់យកអាសនៈមួយ ដ៏ទាបហើយ អង្គុយក្នុងទីដ៏សមគួរ ។ ព្រះមានព្រះភាគ ទ្រង់សួរសេចក្តីនុ៎ះ ចំពោះលោហិច្ចព្រាហ្មណ៍ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលលោហិច្ច បានឮថា ទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះអ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចោលចេញហើយ ចងនូវចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ ក៏យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបានដូច្នេះ ពិតមែនឬ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន យ៉ាងនោះមែន ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកអាស្រ័យនៅក្នុងស្រុកសាលវតិកា មិនមែនឬ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន យ៉ាងនោះមែន ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច ជនណានិយាយយ៉ាងនេះថា លោហិច្ចព្រាហ្មណ៍ គ្រប់គ្រងស្រុកសាលវតិកា សួយណាដែលកើតឡើងក្នុងស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវបរិភោគសួយនោះតែម្នាក់ឯង មិនត្រូវឲ្យអ្នកដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ តើឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅ ព្រោះអាស្រ័យនឹងអ្នក ឬក៏មិនមែនទេ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយមែន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា (បើ) ជននោះឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយ តើជននោះ នឹងហៅថា អ្នកអនុគ្រោះដោយប្រយោជន៍ ដល់ពួកញាតិមិត្តទាំងនោះ ឬមិនអនុគ្រោះ ដោយប្រយោជន៍ទេ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ហៅថា អ្នកមិនអនុគ្រោះដោយប្រយោជន៍ទេ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា (បើ) ជននោះមិនអនុគ្រោះ ដោយប្រយោជន៍ហើយ នឹងហៅថា អ្នកតាំងចិត្តមេត្តាទៅរកញាតិមិត្តទាំងនោះ ឬហៅថា ជាសឹកសត្រូវ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ហៅថា សឹកសត្រូវ ។ ព្រះអង្គ ទ្រង់ត្រាស់ថា កាលបើចិត្តជាសឹកសត្រូវ តាំងឡើងហើយ នឹងហៅថា ជននោះជាមិច្ឆាទិដ្ឋិ ឬជាសម្មាទិដ្ឋិ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ហៅថាជាមិច្ឆាទិដ្ឋិ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច តថាគតតែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ ។

[១៥៩] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលលោហិច្ច អ្នកសំគាល់សេចក្តីនោះដូចម្តេច ក្រែងព្រះបាទបសេនទិកោសល គ្រប់គ្រងដែនកាសី និងកោសលឬ ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ពិតមែន ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច ជនណានិយាយយ៉ាងនេះថា ព្រះបាទបសេនទិកោសល គ្រប់គ្រងដែនកាសី និងដែនកោសល សួយណាកើតឡើង ក្នុងដែនកាសី និងកោសល ព្រះបាទបសេនទិកោសល ត្រូវបរិភោគសួយនោះ តែមួយព្រះអង្គឯង មិនត្រូវប្រទានដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ តើនឹងចាត់ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់អ្នកទាំងឡាយ និងពួកជនដទៃ ដែលរស់នៅដោយសារព្រះបាទបសេនទិកោសលនោះ ឬមិនមែនទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ចាត់ជាអ្នកធ្វើសេចក្តីអន្តរាយ ។ (បើ) ចាត់ជាអ្នកធ្វើសេចក្តីអន្តរាយហើយ តើនឹងចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់ពួកជនទាំងនោះ ឬមិនចាត់ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ទេ ។ (បើ) មិនចាត់ជននោះ ថាជាអ្នកអនុគ្រោះ ដោយប្រយោជន៍ទេ តើនឹងចាត់ថាជាអ្នកតាំងមេត្តាចិត្ត ទៅរកញាតិមិត្តទាំងនោះ ឬចាត់ថាជាសឹកសត្រូវ ។ បពិត្រព្រះគោតមដ៏ចម្រើន ចាត់ថាជាសឹកសត្រូវ ។ កាលបើចិត្តជាសឹកសត្រូវ កើតឡើងហើយ តើនឹងចាត់ជននោះជាមិច្ឆាទិដ្ឋិ ឬជាសម្មាទិដ្ឋិ ។ បពិត្រព្រះគោតមដ៏ចម្រើន ចាត់ថាជាមិច្ឆាទិដ្ឋិ ។ ម្នាលលោហិច្ច តថាគត តែងសំដែងនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ ។

[១៦០] ម្នាលលោហិច្ច បានឮមកថា ជនណាមួយនិយាយយ៉ាងនេះថា លោហិច្ចព្រាហ្មណ៍ នៅគ្រប់គ្រងស្រុកសាលវតិកា សួយណាដែលកើតឡើង ក្នុងស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវបរិភោគសួយនោះតែម្នាក់ឯង មិនត្រូវឲ្យដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅដោយសារអ្នក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវ កើតប្រាកដឡើងហើយ បុគ្គលនោះ ឈ្មោះថា ជាមិច្ឆាទិដ្ឋិ ។ ម្នាលលោហិច្ច យ៉ាងហ្នឹងហើយ (បើ) ជនណាមួយនិយាយយ៉ាងនេះថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះបានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់ដល់បុគ្គលដទៃទេ ព្រោះថា បុគ្គលដទៃ នឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន ។ ដូចបុគ្គលកាត់ចំណងចាស់ចោលចេញ ។បេ។ នឹងធ្វើ ។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកកុលបុត្ត អ្នកអាស្រ័យនូវធម្មវិន័យ ដែលតថាគត បានប្រកាសស្រេចហើយ បានសម្រេចគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនោះ ទាំងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលខ្លះ ទាំងដល់ពួកកុលបុត្រ (ដែលស្តាប់ធម្មទេសនារបស់ព្រះតថាគតហើយ តែមិនទាន់បានលុះអរិយភូមិនៅឡើយ) គ្រាន់តែបង្អោនចិត្តទៅកាន់ទេវលោក ដើម្បីកើតក្នុងទេវលោក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយ ចិត្តជាសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសត្រូវកើតប្រាកដហើយ ជននោះឈ្មោះថា មិច្ឆាទិដ្ឋិ ។ ម្នាលលោហិច្ច តថាគត តែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ ។

[១៦១] ម្នាលលោហិច្ច បានឮមកថា ជនណាមួយ និយាយយ៉ាងនេះថា ព្រះបាទបសេនទិកោសល នៅគ្រប់គ្រងដែនកាសី និងកោសល សួយណាដែលកើតឡើង ក្នុងដែនកាសី និងកោសល ព្រះបាទបសេនទិកោសល ត្រូវសោយសួយនោះ តែមួយព្រះអង្គឯង មិនត្រូវប្រទានដល់ពួកជនដទៃទេ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់រាជបរិពារ គឺពួកអ្នករាល់គ្នា និងពួកជនឯទៀត ដែលរស់នៅដោយសារព្រះបាទបសេនទិកោសល កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថាជាអ្នកមិនអនុគ្រោះ ដោយប្រយោជន៍ កាលបើមិនអនុគ្រោះ ដោយប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ឈ្មោះថា កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវ កើតប្រាកដហើយ ជននោះ ឈ្មោះថាជាមិច្ឆាទិដ្ឋិ ។ ម្នាលលោហិច្ច យ៉ាងហ្នឹងហើយ (បើ) ជនណាមួយ និយាយយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះបានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់បុគ្គលឯទៀតទេ ព្រោះថា បុគ្គលឯទៀត នឹងធ្វើអ្វីឲ្យបុគ្គលឯទៀតបាន ។ ដូចជាបុគ្គលកាត់ចំណងចាស់ចោលចេញហើយ ចងចំណងថ្មីដទៃទៀតឡើងវិញ ដូច្នេះឯង ខ្ញុំយល់ថា លោភធម៌ ជាអំពើដ៏លាមក ព្រោះហេតុថា បុគ្គលឯទៀត នឹងធ្វើអ្វីឲ្យបុគ្គលឯទៀតកើត ។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកកុលបុត្រ ដែលអាស្រ័យនូវធម្មវិន័យ ដែលតថាគត សំដែងហើយ បានសម្រេចគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ហើយធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលខ្លះ ទាំងដល់ពួកកុលបុត្រ (ដែលបានស្តាប់ធម្មទេសនារបស់តថាគតហើយ តែមិនទាន់បានលុះអរិយភូមិនៅឡើយ) គ្រាន់តែបង្អោនចិត្តទៅកាន់ទេវលោក ដើម្បីកើតក្នុងទេវលោក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះ ដោយប្រយោជន៍ កាលបើមិនអនុគ្រោះ ដោយប្រយោជន៍ ចិត្តជាសឹកសត្រូវ ឈ្មោះថា កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវកើតឡើងហើយ ជននោះ ឈ្មោះថា មិច្ឆាទិដ្ឋិ ។ ម្នាលលោហិច្ច តថាគត តែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ ។

[១៦២] ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះ ដែលគួរដល់ការចោទប្រកាន់បានក្នុងលោក មួយទៀត ជនណា ចោទប្រកាន់ពួកគ្រូ ដែលមានសភាពយ៉ាងនេះ ការចោទប្រកាន់នោះជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ គ្រូទាំង៣ពួកនោះ តើដូចម្តេចខ្លះ ម្នាលលោហិច្ច គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនបានសម្រេចឡើយ ។ គ្រូនោះមិនបានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះ ហើយសំដែងធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ។ ពួកសាវ័ករបស់គ្រូនោះ រមែងមិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ឡើយ មានតែនាំគ្នាប្រព្រឹត្តគេចចេញ ចាកពាក្យប្រដៅរបស់គ្រូ ។ គ្រូនោះ អ្នកផងគួរចោទប្រកាន់ យ៉ាងនេះថា លោកមានអាយុ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា (បើ) ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនទាន់បានសម្រេចទេ លោកមិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះ ហើយសំដែងធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ។ សាវ័កទាំងនោះ របស់លោក រមែងមិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ មានតែនាំគ្នាប្រព្រឹត្តគេចចេញ ចាកពាក្យប្រដៅរបស់គ្រូ បុរសចូលទៅរកស្ត្រី ដែលមិនស្ម័គ្រ គឺស្ត្រីដែលមិនប្រាថ្នារួមសំវាសជាមួយ ឬចូលទៅឱបស្ត្រីពីខាងក្រោយ សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំ (យល់)ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃដូចម្តេច នឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន ក៏យ៉ាងនោះដែរ ។ ម្នាលលោហិច្ច នេះឯងជាគ្រូទី១ ដែលគួរដល់ការចោទប្រកាន់បានក្នុងលោក បើអ្នកណាចោទប្រកាន់គ្រូ មានសភាពដូច្នោះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតមានទោសទេ ។

[១៦៣] ម្នាលលោហិច្ច សេចក្តីតទៅទៀតថា គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនទាន់បានសម្រេចនៅឡើយ ។ គ្រូនោះ មិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះ ហើយសំដែងធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏ស្តាប់ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តប្រុងស្តាប់ ដើម្បីដឹងច្បាស់ មិននាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូទេ ។ គ្រូនោះ អ្នកផងគួរចោទប្រកាន់ យ៉ាងនេះថា លោកមានអាយុ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនទាន់បានសម្រេច លោកមិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះទេ ហើយសំដែងធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏ស្តាប់ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តប្រុងស្តាប់ ដើម្បីដឹងច្បាស់ មិននាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូទេ បុគ្គល លះបង់ស្រែរបស់ខ្លួនចេញហើយ ទៅសំគាល់ស្រែរបស់បុគ្គលដទៃថាគួរជំរះ (ស្មៅ) សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃនឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន ក៏យ៉ាងនោះដែរ ។ ម្នាលលោហិច្ច នេះជាគ្រូទី២ ដែលគួរដល់ការចោទប្រកាន់ក្នុងលោក បើបុគ្គលណា ចោទប្រកាន់គ្រូ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតមានទោសទេ ។

[១៦៤] ម្នាលលោហិច្ច សេចក្តីតទៅទៀតថា គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនទាន់បានសម្រេចនៅឡើយ ។ គ្រូនោះ មិនទាន់បានសម្រេចសាមញ្ញគុណនោះ ហើយសំដែងធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ទេ មានតែនាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូ គ្រូនោះ គួរឲ្យអ្នកផងចោទប្រកាន់ យ៉ាងនេះថា លោកមានអាយុ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនបានសម្រេចនៅឡើយ លោកមិនទាន់សម្រេចសាមញ្ញគុណនោះ ហើយសំដែងធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ទេ មានតែប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូ បុគ្គលកាត់ចំណងចាស់ចេញហើយ ចងចំណងថ្មីដទៃឡើងវិញ សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃ នឹងជួយធ្វើអ្វី ដល់បុគ្គលដទៃបាន ក៏យ៉ាងនោះដែរ ។ ម្នាលលោហិច្ច នេះជាគ្រូទី៣ ដែលគួរដល់ការចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់គ្រូ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ ។ ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះឯង ដែលគួរដល់ការចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់គ្រូទាំងឡាយ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ ។

[១៦៥] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន គ្រូណាមួយ ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោក តើមានឬទេ ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច គ្រូដែលមិនគួរដល់ការចោទប្រកាន់ក្នុងលោកមានដែរ ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះគ្រូដូចម្តេច ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោក ។ ម្នាលលោហិច្ច ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលលោហិច្ច ភិក្ខុជាអ្នកបរិបូណ៌ ដោយសីល យ៉ាងនេះឯង ។បេ។ បានដល់នូវបឋមជ្ឈាន ។ ម្នាលលោហិច្ច សាវ័ក រមែងសម្រេចនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា ។ ម្នាលលោហិច្ច សាស្តានេះឯង មិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើអ្នកណាចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ ។បេ។ ភិក្ខុ បានដល់នូវទុតិយជ្ឈាន ។ នូវតតិយជ្ឈាន ។ នូវចតុត្ថជ្ឈាន ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេច នូវគុណវិសេសលើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា ។ ម្នាលលោហិច្ច សាស្តានេះឯង មិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា ។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៅទៀត មិនមានឡើយ ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា ។ ម្នាលលោហិច្ច សាស្តានេះឯង ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ ។

[១៦៦] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុរសចាប់សក់បុរសផងគ្នា ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ ទាញឡើងលើគោកបានយ៉ាងណា ព្រះគោតមដ៏ចម្រើន ក៏ស្រង់ខ្ញុំព្រះអង្គ ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ គឺអបាយភូមិ យកមកដាក់លើគោក គឺឋានសួគ៌ បានយ៉ាងនោះដែរ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដូចជាគេផ្ងារវត្ថុដែលផ្កាប់ ឬដូចជាបើកនូវវត្ថុដែលកំបាំង ពុំនោះសោត ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ដូច្នោះឯង ។បេ។ សូមព្រះគោតមដ៏ចម្រើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ ។បេ។

ចប់ លោហិច្ចសូត្រ ទី១២

តេវិជ្ជសូត្រ ទី១៣[កែប្រែ]

[១៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានដល់ទៅស្រុកព្រាហ្មណ៍ ឈ្មោះមនសាកត របស់កោសលជនបទ ។ ឮថា ព្រះមានព្រះភាគ ទ្រង់ប្រថាប់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ក្នុងទិសខាងជើង នៃមនសាកតគ្រាម ជិតស្រុកមនសាកតនោះ ។

[១៦៨] សម័យនោះ ពួកព្រាហ្មណមហាសាល ដែលមានឈ្មោះល្បីល្បាញច្រើននាក់ មកសំណាក់នៅក្នុងស្រុកមនសាកត ព្រាហ្មណ៍ទាំងនោះ ឈ្មោះអ្វីខ្លះ គឺឈ្មោះវង្គីព្រាហ្មណ៍ [អដ្ឋកថា ថា នៅក្នុងក្រុងឈ្មោះឱបសាទ] តារុក្ខព្រាហ្មណ៍ [នៅក្នុងក្រុង ឈ្មោះឥច្ឆានង្គលៈ ។] បោក្ខរសាតិព្រាហ្មណ៍ [នៅក្នុងក្រុង ឈ្មោះឧក្កដ្ឋ ។] ជាណុសោនិព្រាហ្មណ៍ [នៅក្នុងក្រុង ឈ្មោះសាវត្ថី ។] តោទេយ្យព្រាហ្មណ៍ [នៅក្នុងក្រុងតុទិគ្រាម ។] និងពួកព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ ។ គ្រានោះ ពួកមាណព ជាវាសេដ្ឋគោត្រ និងភារទ្វាជគោត្រ កំពុងនាំគ្នាដើរត្រសងចុះឡើង ឲ្យស្រួលជើង (ដើម្បីបន្ទោបង់សេចក្តីរួយស្រពន់) ក៏កើតពាក្យជជែកគ្នា អំពីផ្លូវ និងមិនមែនផ្លូវឡើង ។ វាសេដ្ឋមាណព បាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ។ ចំណែកខាងភារទ្វាជមាណព បាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ ។ វាសេដ្ឋមាណព មិនអាចដើម្បីញ៉ាំងភារទ្វាជមាណពឲ្យចូលចិត្តបាន ចំណែកភារទ្វាជមាណព ក៏មិនអាចដើម្បីញ៉ាំងវាសេដ្ឋមាណព ឲ្យចូលចិត្តបានដែរ ។

[១៦៩] គ្រានោះ វាសេដ្ឋមាណពបានប្រឹក្សានឹងភារទ្វាជៈថា ម្នាលភារទ្វាជៈ ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាកសក្យត្រកូល មកទ្រង់ព្រះផ្នួស ឥឡូវនេះ គង់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ទិសខាងជើង នៃមនសាកតគ្រាម ក្បែរស្រុកមនសាកត កិត្តិសព្ទ សរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ ។បេ។ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភារទ្វាជៈ មក យើងទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងសួរសេចក្តីនុ៎ះ ចំពោះព្រះសមណគោតម (បើ) ព្រះសមណគោតម ទ្រង់ដោះស្រាយដល់ពួកយើងយ៉ាងណា យើងនឹងចាំនូវសេចក្តីនោះ យ៉ាងនោះ ។ ភារទ្វាជមាណព បានទទួលស្តាប់ពាក្យរបស់វាសេដ្ឋមាណពថា ម្នាលអ្នកដ៏ចម្រើន យ៉ាងហ្នឹងហើយ ។

[១៧០] គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន កាលដែលយើងខ្ញុំកំពុងនាំគ្នាដើរត្រសងចុះឡើង ឲ្យស្រួលជើង ក៏កើតសម្តីជជែកគ្នា អំពីផ្លូវ និងមិនមែនផ្លូវ ក្នុងទីហ្នឹង ខ្ញុំព្រះអង្គពោលយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ចំណែកខាងភារទ្វាជមាណព បាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ បពិត្រព្រះគោតមដ៏ចម្រើន ការប្រកាន់ខុសគ្នា ក៏មាន ការជជែកគ្នាក៏មាន ការពោលផ្សេងគ្នាក៏មាន អំពីផ្លូវ និងមិនមែនផ្លូវនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋ បានឮថា អ្នកនិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ឯភារទ្វាជមាណព ពោលយ៉ាងនេះថា នេះជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ផ្លូវនេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ ម្នាលវាសេដ្ឋ កាលបើដូច្នោះ អ្នកទាំងឡាយ ប្រកាន់ខុសគ្នា ព្រោះហេតុដូចម្តេច ជជែកគ្នា ព្រោះហេតុដូចម្តេច ពោលពាក្យផ្សេងគ្នា ព្រោះហេតុដូចម្តេច ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន (យើងខ្ញុំព្រះអង្គ ជជែកគ្នា) ព្រោះផ្លូវ និងមិនមែនផ្លូវ បពិត្រព្រះគោតមដ៏ចម្រើន ព្រាហ្មណ៍ទាំងឡាយ គឺពួកអទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួកពវ្ហរិធព្រាហ្មណ៍ បញ្ញត្តផ្លូវទាំងឡាយផ្សេងៗគ្នា ក៏ពិតមែនហើយ តែថា ផ្លូវទាំងអស់នោះ សុទ្ធតែស្រោចស្រង់សត្វ នាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន បពិត្រព្រះគោតមដ៏ចម្រើន ដូចផ្លូវដ៏ច្រើន ជិតស្រុក ឬនិគម ទោះបីជាផ្លូវផ្សេងៗគ្នាមែន ប៉ុន្តែផ្លូវនោះ សុទ្ធតែមូលមករកស្រុកទាំងអស់ ដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍ទាំងឡាយ គឺពួកអទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួកពវ្ហរិធព្រាហ្មណ៍ បញ្ញត្តផ្លូវទាំងឡាយផ្សេងៗគ្នា ក៏ពិតមែនហើយ តែផ្លូវទាំងអស់នោះ សុទ្ធតែជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម ដូច្នោះឯង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ និយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន ។ ម្នាលវាសេដ្ឋៈ អ្នកអ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ និយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន ។ ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបានឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គ និយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន ។

[១៧១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថាសួរថា ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ ទោះបីព្រាហ្មណ៍ម្នាក់ក្តី ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ វាសេដ្ឋមាណពក្រាបទូលថា បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនោះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណនៃអាចារ្យ ជាគម្រប់៧មក ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋៈ ចុះពួកឫសីជាន់មុនៗ ជាអ្នកតែងមន្ត អ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្តបែបបុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះអ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលពាក្យនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅត្រង់កន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការស្គាល់ និងការឃើញនុ៎ះ មិនមានទេ ។

[១៧២] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលវាសេដ្ឋ បណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើបានឮថា មាននរណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែលឃើញព្រហ្មនេះផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែលឃើញនូវព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋ ចុះបណ្តាពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណអាចារ្យ ជាជីតារបស់អាចារ្យ ជាគម្រប់៧ ដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ការឃើញនូវព្រហ្មនេះ មិនមានទេ ។ ម្នាលវាសេដ្ឋៈ ចុះពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្តបុរាណនេះមកហើយ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលមក តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះអ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ ។ ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជានោះឯង តែងនិយាយយ៉ាងនេះថា យើងមិនស្គាល់ យើងមិនឃើញទេ តែយើងទាំងឡាយ សំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះបានថា នេះឯងជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្មបាន ។

[១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ជាភាសិតមិនបានសេចក្តីអស្ចារ្យទេឬ ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន កាលបើដូច្នេះ តាមដោយនូវពិត ភាសិតរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាភាសិតមិនមានសេចក្តីអស្ចារ្យទេ ។ ម្នាលវាសេដ្ឋ ត្រូវហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនស្គាល់ព្រហ្មណា មិនឃើញព្រហ្មណាទេ តែសំដែងនូវផ្លូវដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន ហេតុនុ៎ះ នឹងយកជាការមិនបានទេ ។ ម្នាលវាសេដ្ឋ ដូចមនុស្សមានភ្នែកខ្វាក់ ដើរជាជួរតោងគ្នានឹងគ្នា អ្នកដើរមុន ក៏មើលមិនឃើញ អ្នកដើរកណ្តាល ក៏មើលមិនឃើញ អ្នកដើរក្រោយ ក៏មើលមិនឃើញ ដូចម្តេចមិញ ម្នាលវាសេដ្ឋៈ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ក៏មានទំនងឧបមេយ្យ ដូចជាមនុស្សខ្វាក់ ដើរជាជួរ អ្នកដើរមុន ក៏មើលមិនឃើញ អ្នកដើរកណ្តាល ក៏មើលមិនឃើញ អ្នកដើរក្រោយ ក៏មើលមិនឃើញ ដូច្នោះឯង ភាសិតនេះ របស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាពាក្យគួរឲ្យអ្នកផងសើចចំអកបាន ជាភាសិតឱនថយ (លាមក) ជាភាសិតទទេ ជាភាសិតសោះសូន្យ មែនពិត ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា រមែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ។ បពិត្រព្រះគោតមដ៏ចម្រើន ដូច្នោះមែនហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ។

[១៧៤] ម្នាលវាសេដ្ឋៈ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីតែពួកជនឯទៀតច្រើននាក់ ក៏ឃើញព្រះចន្ទ្រ និងព្រះអាទិត្យដែរ ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ល្មមសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យ ដូច្នេះ មានឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមានទេ ។ ម្នាលវាសេដ្ឋ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នាអង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនល្មមសំដែង ផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យបានឡើយ ឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា អាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា ពួកអាចារ្យ ជាប្រធានលើអាចារ្យពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា ពួកបុព្វាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តាំងអំពីតំណនៃអាចារ្យ ជាជីតារបស់អាចារ្យជាគម្រប់៧ ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយតាមបទមន្តនេះ ជារបស់ចាស់ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសីណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ បានពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងស្គាល់ទីនុ៎ះ យើងឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោលយ៉ាងនេះថា យើងមិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន ។

[១៧៥] ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការទេ មិនមែនឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការណ៍ទេ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មនោះបាន ហេតុនេះ នឹងយកជាការណ៍ពុំបានឡើយ ។

[១៧៦] ម្នាលវាសេដ្ឋៈ ដូចជាបុរសពោលយ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននូវស្ត្រី ដែលមានរូបល្អ ក្នុងជនបទនេះ ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចម្រើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថាជានាងខត្តិយានី ឬនាងព្រាហ្មណី ជានាងវេស្សី ឬជានាងសុទ្ទីដែរឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ។ ជនទាំងឡាយ សួរបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចម្រើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ ខ្ពស់ ឬទាប ឬយ៉ាងកណ្តាល ខ្មៅ ឬស្រអែម ឬសម្បុរខ្មៅស្រស់ស្អាតថា នៅក្នុងស្រុកឯណោះ និគមឯណោះ ឬនគរឯណោះដែរឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកមិនស្គាល់ មិនឃើញស្ត្រីណា អ្នកប្រាថ្នាចង់បានស្ត្រីនោះឬ ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា បាទ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ មិនមែនទេឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើយ៉ាងនេះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ ។បេ។

[១៧៧] ម្នាលវាសេដ្ឋៈ ដូចជាបុរសធ្វើជណ្តើរ បម្រុងឡើងប្រាសាទ ត្រង់ផ្លូវធំបែកជា៤ ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកធ្វើជណ្តើរបម្រុងឡើងប្រាសាទណា ចុះអ្នកស្គាល់ប្រាសាទនោះថា (នៅ) ក្នុងទិសខាងកើត ឬទិសខាងត្បូង ឬទិសខាងលិច ឬទិសខាងជើង ប្រាសាទនោះខ្ពស់ ឬទាប ឬយ៉ាងកណ្តាលដែរឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនដឹងទេ ។ ជនទាំងឡាយ សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចម្រើន អ្នកមិនដឹង មិនឃើញប្រាសាទណាទេ តែធ្វើជណ្តើរបម្រុងឡើងប្រាសាទនោះឬ ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ឆ្លើយថា បាទ ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច កាលបើដូច្នោះ សម្តីនៃបុរសនោះ មិនបានការណ៍ មិនមែនឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើយ៉ាងនេះ សម្តីរបស់បុរសនោះ មិនបានការណ៍ទេ ។ ម្នាលវាសេដ្ឋៈ មែនហើយ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន បានឮថា ពួកអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកអាចារ្យ ជាប្រធានលើអាចារ្យរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏មិនដែលបានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកបុព្វាចារ្យរបស់ពួកព្រាហ្មណ៍ តាំងពីតំណនៃអាចារ្យ ជាជីតារបស់អាចារ្យជាគម្រប់៧ ក៏មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយតាមបទមន្តបុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសីណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ សូម្បីឫសីទាំងនោះ ក៏មិនពោលយ៉ាងនេះថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុងកន្លែងណា យើងទាំងឡាយ ស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោលយ៉ាងនេះថា យើងមិនស្គាល់ព្រហ្មណា យើងមិនឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្មបាន ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នោះ សម្តីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសម្តីមិនបានការណ៍ឬ ។ បពិត្រព្រះគោតមដ៏ចម្រើន មែនពិតហើយ កាលបើយ៉ាងនេះ សម្តីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសម្តីមិនបានការណ៍ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋ ព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មិនស្គាល់ព្រហ្មណា មិនឃើញព្រហ្មណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងព្រហ្ម ហេតុនេះ យកជាការណ៍ពុំបានទេ ។

[១៧៨] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹកល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកនឹងទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បុរសនោះ បានមកដល់ ក៏ឈរនៅត្រើយខាងអាយ ហើយស្រែកហៅត្រើយខាងនាយថា ម្នាលត្រើយខាងនាយ អ្នកចូរមករកត្រើយខាងអាយ ម្នាលត្រើយខាងនាយ អ្នកចូរមករកត្រើយខាងអាយ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ត្រើយខាងនាយ នៃស្ទឹងអចិរវតី (នោះ) មុខជានឹងមករកត្រើយខាងអាច ព្រោះហេតុនៃបុរសនោះស្រែកហៅ ឬព្រោះហេតុនៃបុរសនោះអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុសេចក្តីត្រេកអរបានដែរឬ ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន មិនដូច្នោះទេ ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍អ្នកត្រៃវិជ្ជា ក៏ដូច្នោះដែរ គេប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនមែនធ្វើបុគ្គលទៅជាព្រាហ្មណ៍វិញ ហើយពោលយ៉ាងនេះថា យើងហៅព្រះឥន្ទ្រ ហៅព្រះចន្ទ ហៅព្រះវរុណ ហៅព្រះឦសាន ហៅព្រះបជាបតិ ហៅព្រះព្រហ្ម ហៅព្រះមហិន្ទ្រ ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ លុះបែកធ្លាយកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ព្រោះហេតុស្រែកហៅ ឬព្រោះហេតុសេចក្តីអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុសេចក្តីត្រេកអរ ហេតុដូច្នេះនេះ មិនដែលមានឡើយ ។

[១៧៩] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមកដល់ (ស្ទឹងនោះ) ក៏យកខ្សែដ៏មាំ មកចងដើមដៃទៅខាងក្រោយ (ចងស្លាបសេក) យ៉ាងខ្ជាប់ ទុកនៅត្រើយខាងអាយ ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ នឹងចេញពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅត្រើយខាងនាយ តើបានឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនបានទេ ។ ម្នាលវាសេដ្ឋៈ ដូច្នោះមែនហើយ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅកាមគុណទាំង៥នេះថា ខ្នោះក៏មាន ថាចំណងក៏មាន កាមគុណទាំង៥ តើដូចម្តេចខ្លះ គឺរូប ដែលគួរដឹងបានដោយចក្ខុ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ សំឡេង ដែលគួរដឹងបានដោយត្រចៀក ។បេ។ ក្លិន ដែលគួរដឹងបានដោយច្រមុះ ។ រស ដែលគួរដឹងបានដោយអណ្តាត ។ ផោដ្ឋព្វៈ ដែលគួរដឹងបានដោយកាយ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ ។ ម្នាលវាសេដ្ឋៈ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅកាមគុណ៥នេះឯង ថាខ្នោះក៏មាន ថាចំណងក៏មាន ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាប់ជក់នៅ ជ្រប់នៅ លិចលង់នៅ ឃើញថាមិនមានទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួន តែងបរិភោគកាមគុណទាំង៥នេះឯង ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ ជាប់ជក់នៅ លិចលង់នៅ ឃើញថាមិនមានទោស មិនមានប្រាជ្ញា ជាគ្រឿងរលាស់ខ្លួន តែងបរិភោគកាមគុណទាំង៥ ជាអ្នកមានកាមឆន្ទៈ ជាចំណង លុះបែកធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនគួរមានឡើយ ។

[១៨០] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់ច្រាំង ឱនផឹកបាន វេលានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាងនាយ អ្នកទៅកាន់ត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមកដល់ បុរសនោះ ក៏ទទូរអស់ទាំងក្បាល ហើយដេកទៀបត្រើយខាងអាយ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរចេញអំពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅឯត្រើយខាងនាយ បានឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនេះ ពុំគួរទៅបានទេ ។ ម្នាលវាសេដ្ឋៈ ក៏ដូច្នោះដែរ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅនីវរណធម៌៥ប្រការនេះថា អាវរណៈ (គ្រឿងទប់) ក៏បាន ហៅថា នីវរណៈ (គ្រឿងរារាំង) ក៏បាន ហៅថា ឱនាហនៈ (គ្រឿងទាញយិត)ក៏បាន ហៅថា បរិយោហនៈ (គ្រឿងរួបរឹត) ក៏បាន នីវរណៈទាំង៥ប្រការ តើដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលវាសេដ្ឋៈ ក្នុងវិន័យរបស់ព្រះអរិយៈ លោកហៅ នីវរណៈទាំង៥ប្រការនេះឯង ថា អាវរណៈក៏បាន ហៅថា នីវរណៈក៏បាន ហៅថា ឱនាហនៈក៏បាន ហៅថា បរិយោហនៈក៏បាន ។

[១៨១] ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ត្រូវនីវរណៈទាំង៥នេះដោតក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍ចេញ ហើយប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យទៅជាព្រាហ្មណ៍វិញ ព្រាហ្មណ៍ទាំងនោះ ត្រូវនីវរណៈទាំង៥ ដោតក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ លុះបែកធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនមានសោះឡើយ ។

[១៨២]ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យ ប្រធានលើអាចារ្យទាំងឡាយ និយាយថា ព្រហ្ម មានស្ត្រីជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ ព្រហ្មមានចិត្តចងពៀរ ឬមិនបានចងពៀរទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានចិត្តចងពៀរទេ ។ ព្រហ្មមានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានចិត្តប្រកបដោយព្យាបាទទេ ។ ព្រហ្មមានចិត្តសៅហ្មង ឬមិនមានចិត្តសៅហ្មងទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មមិនមានចិត្តសៅហ្មងទេ [អដ្ឋកថា ពន្យល់ថា ព្រហ្មមិនមានចិត្តសៅហ្មង ព្រោះមិនមានឧទ្ធច្ចកុក្កុច្ចៈ ។] ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន [ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រោះមិនមានវិចិកិច្ឆា ។] ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានស្ត្រីជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាមានស្ត្រីជាគ្រឿងជាប់ចំពាក់ (គ្រប់គ្រងស្រីដែរ) ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ឬមានចិត្តមិនសៅហ្មងទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបាន ទេ ។

[១៨៣] ម្នាលវាសេដ្ឋៈ អើ បើថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មានស្ត្រីជាគ្រឿងជាប់ចំពាក់ដូច្នេះ ឯព្រហ្ម ជាអ្នកមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ទេ ចុះបណ្តាពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលមានស្ត្រីជាគ្រឿងជាប់ចំពាក់ តើប្រៀបផ្ទឹមនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនុ៎ះ ប្រៀបធៀបមិនសមគ្នាទេ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែលមានស្ត្រីជាគ្រឿងជាប់ចំពាក់ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏ទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ ហេតុដូច្នេះនេះ មិនដែលមានទេ ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ មានចិត្តចងពៀរ ចំណែកខាងព្រហ្ម មិនមានចិត្តចងពៀរទេ ប្រៀបធៀបពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែលមានចិត្តចងពៀរ ជាមួយនឹងព្រហ្ម ដែលមិនមានចិត្តចងពៀរ តើសមគ្នាដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនុ៎ះ ប្រៀបធៀបមិនបានទេ ។ ម្នាលវាសេដ្ឋៈ បានឮថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ មានចិត្តប្រកបដោយព្យាបាទ ព្រហ្ម មិនមានចិត្តប្រកបដោយព្យាបាទទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ព្រហ្មមិនមានចិត្តសៅហ្មងទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ព្រហ្ម ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ចុះបើប្រៀបធៀបពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលប្រព្រឹត្តទៅតាមអំណាចចិត្តមិនបាន ជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន តើសមគ្នាដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនុ៎ះ ប្រៀបធៀបមិនបានទេ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទាំងនោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន ហេតុដូច្នេះនេះ មិនដែលមានទេ ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍ អ្នកត្រៃវិជ្ជាទាំងនោះ ចូលទៅ (កាន់ទីមិនមែនផ្លូវ ដោយសំគាល់ថាផ្លូវ) ក្នុងផ្លូវជាទីទៅកាន់ព្រហ្មលោក (ដូចជា) ចុះទៅ (កាន់ទីមានភក់ ដោយសំគាល់ថា ទីរាបស្មើ) លុះចុះទៅហើយ ក៏ដល់នូវសេចក្តីបាក់បែក (នៃអវយវៈតូចធំ) សំគាល់នូវការឆ្លងថាស្រួលហើយ ក៏ឆ្លងទៅ ព្រោះហេតុនោះ ត្រៃវិជ្ជារបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានេះ អ្នកប្រាជ្ញ តែងហៅថា ព្រៃធំ គឺត្រៃវិជ្ជាខ្លះ ហៅថា ព្រៃដែលគ្មានទឹក គឺត្រៃវិជ្ជាខ្លះ ហៅថា សេចក្តីវិនាស គឺត្រៃវិជ្ជាខ្លះ ។

[១៨៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតមស្គាល់ផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្ម មែនឬ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច មនសាកតគ្រាម នៅក្នុងទីជិតនឹងទីនេះ មនសាកតគ្រាម មិនមែននៅក្នុងទីឆ្ងាយអំពីទីនេះទេឬ ។ បពិត្រព្រះគោតមដ៏ចម្រើន យ៉ាងនោះហើយ មនសាកតគ្រាម នៅក្នុងទីជិតនឹងទីនេះ មនសាកតគ្រាម មិននៅក្នុងទីឆ្ងាយអំពីទីនេះទេ ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសដែលកើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាមនេះ មានអ្នកផង សួររកផ្លូវនៃមនសាកតគ្រាម ចំពោះបុរសនោះ ដែលចេញទៅអំពីមនសាកតគ្រាម ក្នុងខណៈនោះ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាមនេះ កាលបើគេសួររកផ្លូវនៃមនសាកតគ្រាម សម្តីយឺតយូរ និងអឹមអៀម តើមានខ្លះដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន សម្តីនេះ មិនយឺតយូរ មិនអឹមអៀមទេ ។ សេចក្តីនោះព្រោះហេតុអ្វី ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រោះបុរសឯណោះ កើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាម បានជាបុរសនោះ ស្គាល់ផ្លូវទាំងអស់ ដែលទៅកាន់មនសាកតគ្រាម ដោយច្បាស់លាស់ ។ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចម្រើនហើយ ក្នុងមនសាកតគ្រាមនោះ កាលបើមានអ្នកផង សួររកផ្លូវនៃមនសាកតគ្រាម គង់មានសម្តីយឺតយូរ និងអឹមអៀមខ្លះ ឯតថាគត កាលបើអ្នកផង សួររកផ្លូវទៅកាន់ព្រហ្មលោក ឬបដិបទា ជាទីទៅកាន់ព្រហ្មលោក មិនមានការប្រព្រឹត្តិយឺតយូរ និងការអឹមអៀមឡើយ ម្នាលវាសេដ្ឋៈ តថាគត ស្គាល់ទាំងព្រហ្ម ស្គាល់ទាំងព្រហ្មលោក ស្គាល់ទាំងបដិបទា ជាទីទៅកាន់ព្រហ្មលោក មិនតែប៉ុណ្ណោះសោត ព្រហ្មប្រតិបត្តិយ៉ាងណា ទើបបានទៅកើតក្នុងព្រហ្មលោក តថាគត ក៏ស្គាល់ច្បាស់ នូវសេចក្តីប្រតិបត្តិនោះ ។

[១៨៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតម សំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្មបាន ខ្ញុំព្រះអង្គ សូមឱកាស សូមព្រះគោតមដ៏ចម្រើន សំដែងផ្លូវ ដើម្បីទៅកើត ជាមួយនឹងព្រហ្ម សូមព្រះគោតមដ៏ចម្រើន ស្រោចស្រង់ព្រាហ្មណ៍ និងពពួកសត្វផងចុះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគត នឹងសំដែងប្រាប់ ។ វាសេដ្ឋមាណព បានទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលវាសេដ្ឋៈ ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ) ។បេ។ ម្នាលវាសេដ្ឋៈ ភិក្ខុជាអ្នកបរិបូណ៌ ដោយសីលយ៉ាងនេះឯង ។បេ។ កាលភិក្ខុនោះ បានពិចារណាឃើញច្បាស់នូវនីវរណៈ៥នេះក្នុងខ្លួន ដែលខ្លួនលះបង់ហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរយ៉ាងល្មម ក៏កើតឡើង កាលបើបាមោជ្ជៈ កើតឡើងហើយ បីតិក៏កើតឡើង កាលចិត្តប្រកបដោយបីតិ កើតឡើងហើយ កាយក៏រមែងស្ងប់រម្ងាប់ កាលបើមានកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុដែលបានសេចក្តីសុខហើយ ក៏រមែងតាំងនៅមាំ ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា រមែងផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ទិសទី៤ ទាំងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ទូលាយ ធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងពួង គ្រប់ទិស គ្រប់តំបន់ ។ ម្នាលវាសេដ្ឋៈ មនុស្សមានកំឡាំង ផ្លុំស័ង្ខ អាចញ៉ាំងបុគ្គលឲ្យដឹងបានគ្រប់ទិសទាំង៤ ដោយមិនលំបាក យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរណា ក្នុងមេត្តាចេតោវិមុត្តិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបានកៀចក្រាញនៅក្នុងរូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅក្នុងរូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង ។ ម្នាលវាសេដ្ឋៈ នេះឯងហៅថា ផ្លូវដើម្បីទៅកើតជាមួយនឹងព្រហ្ម ។

[១៨៦] ម្នាលវាសេដ្ឋៈ សេចក្តីតទៅទៀតថា ភិក្ខុមានចិត្តប្រកបដោយករុណា ។បេ។ មានចិត្តប្រកបដោយមុទិតា ។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ទិសទី៤ ទាំងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ទូលាយធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោកទាំងអស់ គ្រប់ទិស គ្រប់តំបន់ ។ ម្នាលវាសេដ្ឋៈ មនុស្ស ដែលមានកំឡាំង ផ្លុំស័ង្ខ អាចញ៉ាំងបុគ្គលឲ្យដឹងបានគ្រប់ទិសទាំង៤បាន ដោយមិនលំបាក យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរណា ក្នុងឧបេក្ខាចេតោវិមុត្តិ ដែលបុគ្គលបានចម្រើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបានកៀចក្រាញនៅ ក្នុងរូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅក្នុងរូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង ។ ម្នាលវាសេដ្ឋៈ នេះឯងជាផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្ម ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ភិក្ខុមានមេត្តាព្រហ្មវិហារយ៉ាងនេះ ជាអ្នកមានស្ត្រី ជាគ្រឿងជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ ។ ភិក្ខុនោះ មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមានចិត្តចងពៀរទេ ។ ភិក្ខុនោះ មានចិត្តប្រកបដោយព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមានចិត្តប្រកបដោយព្យាបាទទេ ។ ភិក្ខុនោះ មានចិត្តសៅហ្មង ឬមិនមានចិត្តសៅហ្មងទេ ។ បពិត្រព្រះគោតមដ៏ចម្រើន មិនមានចិត្តសៅហ្មងទេ ។ ភិក្ខុនោះ ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ឬមិនប្រព្រឹត្តទៅតាមអំណាចចិត្តបានទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ។ ម្នាលវាសេដ្ឋៈ អើ បើថា ភិក្ខុ ជាអ្នកមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ ព្រហ្ម ក៏ជាអ្នកមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ហើយ តើប្រៀបធៀប ភិក្ខុដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ នឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រៀបធៀបសមគ្នាហើយ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុ ដែលមិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ ហេតុដូច្នេះនេះ តែងមានជាប្រាកដ ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ភិក្ខុ មិនមានចិត្តចងពៀរ ព្រហ្ម ក៏មិនមានចិត្តចងពៀរដែរ ។បេ។ ភិក្ខុ មិនមានចិត្តប្រកបដោយព្យាបាទ ព្រហ្ម ក៏មិនមានចិត្តប្រកបដោយព្យាបាទដែរ ។ ភិក្ខុ មានចិត្តមិនសៅហ្មង ព្រហ្មក៏មានចិត្តមិនសៅហ្មងដែរ ។ ភិក្ខុ ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រហ្ម ក៏ប្រព្រឹត្តទៅតាមអំណាចចិត្តបានដែរ ប្រៀបធៀបភិក្ខុ ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន នឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន តើសមដែរឬទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រៀបធៀប សមគ្នាហើយ ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុប្រព្រឹត្តទៅតាមអំណាចចិត្តបាននោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាចចិត្តបាន ហេតុដូច្នេះនេះ តែងមានជាប្រាកដ ។

[១៨៧] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ ធម៌ដែលព្រះអង្គ ទ្រង់សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) បពិត្រព្រះគោតមដ៏ចម្រើន គួរនាដូចជាមនុស្សចាប់របស់ដែលផ្កាប់ចុះ ឲ្យផ្ងារឡើងបាន ពុំនោះដូចជាមនុស្សបើកបង្ហាញរបស់ដែលគេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្សប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានចក្ខុ មើលឃើញនូវរូបទាំងឡាយបាន យើងទាំងឡាយនោះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ជាទីរលឹក ចាប់ដើមតាំងពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ។

ចប់ តេវិជ្ជសូត្រ ទី១៣ ។

បញ្ជីនៃសីលក្ខន្ធវគ្គ នោះ មានសូត្រ១៣គឺ

ព្រហ្មជាលសូត្រ១ សាមញ្ញផលសូត្រ១ អម្ពដ្ឋសូត្រ១ សោណទណ្ឌសូត្រ១ កូដទន្តសូត្រ១ មហាលិសូត្រ១ ជាលិយសូត្រ១ មហាសីហនាទសូត្រ១ បោដ្ឋបាទសូត្រ១ សុភសូត្រ១ កេវដ្តសូត្រ១ លោហិច្ចសូត្រ១ តេវិជ្ជសូត្រ១ ។

ចប់ សីលក្ខន្ធវគ្គ ។

ចប់ ភាគ១៥ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ