ភូមិចំបក់ថ្លឹង

ពីវិគីភីឌា

ប្រវត្តិភូមិចំបក់ថ្លឹង

       កាលពីយូរលង់ណាស់មកហើយមានគ្រួសារមួយបានផ្លាស់ទីលំនៅមកនៅភូមិមួយដែលគ្មានមនុស្សនៅ។ ភូមិនេះពោពេញទៅដោយដើមផ្ចាក់ដុះពាស់ពេញហើយសម្បូរដំបូកនិងទូលធំៗជាច្រើន ។ គ្រួសារមួយនេះបានតាំងទីលំនៅអស់ជាច្រើនដំណរក៏កើតកូនកើតចៅហើយចេះតែទន្ទ្រានដីធំទៅៗ។ ពូកគេបានកាប់ដើមផ្ចាក់នោះយកដីបង្ករបង្កើនផល់។ក៏កើតបានជាភូមិមួយមានមនុស្សចេញចូលជាញឹកញាប់ តែនេះមិនទាន់មានឈ្មោះនោះទេ។នៅខាងកើតភូមិមានដើមចំបក់ចាស់មួយដើមធំមិនដឹងដុះទាំងពីពេលណាទេ មានមែកធំពីរមួយបែកទៅជើងមួយបែកទៅត្បូងរាងដូចជញ្ជីង នៅជាប់ផ្លូវជាទីសម្រាប់ថ្មើរសម្រាកនិងស្នាកអាស្រ័យ។ សម័យថ្ងៃមួយមានបុរសម្នាក់ឈ្មោះប៉ក់ សម្បុរខ្មៅមាឌតូច សក់ក្រញាញ់ បានមកចងកនៅនឹងដើមចំបក់មែកខាងជើង(ការចងកនេះមិនដឹងថាមានមូលហេតុអ្វីឲ្យច្បាស់លាស់នោះទេ អ្នកខ្លះថាគាត់ត្រូវបានខ្មោចនាំ ឯអ្នកខ្លះថាមកពីគាត់ខូចចិត្តឬមានវិបត្តអ្វីមួយ)។នៅពេលមានមនុស្សដើរកាត់ទីនោះក៏បានឃើញខ្មោចបុរសនោះចងកស្លាប់ ក៏ស្រែកហៅអ្នកភូមិឲ្យមកមើល ហើយសាកសព្វត្រូវបានយកទៅធ្វើបុណតាមប្រពៃណីខ្មែរ។ ដោយសាតែមានរូបភាពដែលបុរសឈ្មោះប៉ក់នោះស្លាប់នៅលើដើមចំបក់ដែលមានរាងដូចជញ្ជីង ទើអ្នកភូមិបានហៅភូមនេះថា ភូមិចំបក់ថ្លឹង ។ បុរសឈ្មោះ ប៉ក់ ជាមួយនឹងដើម ចំបក់ គឺវាមានសម្លេងស្រដៀងគ្នាផង ។ភូមចំក់ថ្លឹងនេះគឺនៅមានដល់សព្វថ្ងៃ ចំណែកឯដើមចំបក់គឺមិនដឹងថាងាប់ឬក៏កាប់តាំងពីពេលណានោះទេ។ភូមិនេះមានទីតាំនៅ ខេត្ត ស្វាយរៀង ស្រុកស្វាយជ្រុំ ឃុំគោកព្រីង ។ 


យោងតាមការចេះចាំតៗគ្នារបស់លោកតា វឿន ។

         ធ្វើនៅភូមិចំបក់ថ្លឹង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ។