ភ្នំសន្ទុក

ដោយវិគីភីឌា

ភ្នំសន្ទុកស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និងមានចំងាយ ១៧គមពីទីរួមខេត្តកំពង់ធំ តាមបណ្តោយផ្លូវជាតិលេខ៦ដែលជាតំបន់ទេសចរណ៍ ធម្មជាតិនិងវប្បធម៌​ មួយកន្លែងស្ថិតក្នុងខេត្តនេះ។ នៅពេលមានពិធីបុណ្យផ្សេងៗ និងថ្ងៃឈប់សំរាកនានា ប្រជាជនតែងតែនាំគ្នាទៅ ដើរកំសាន្តនៅទីនោះ លក្ខណៈជាក្រុមគ្រួសារ ឬមិត្តភក្ដិ ។

ដើម្បីធ្វើដំណើរទៅកាន់ភ្នំសន្ទុក យើងត្រូវធ្វើដំណើរ​ចុះពីថ្នល់ជាតិ បន្តិចតាមក្លោងទ្វារហូតដល់ ជើងភ្នំដោយមានទេសភាពស្រស់ត្រកាលអមដងផ្លូវ ។

ពេលមកដល់ជើងភ្នំយើងនឹងមើលឃើញទេសភាព ដ៍ស្រស់បំព្រងនៅជាប់នឹងជើងភ្នំ ហើយអាចឡើងទៅលើកំពូលភ្នំបានតាម២របៀប។​ របៀបទី១ យើងអាច ធ្វើ​ដំណើរដោយបើកបរយាន្តយន្ត ឬ ម៉ូតូឡើងតាមផ្លូវដែលក្រវិចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈ ថ្នល់ចាក់បេតុងយ៉ាងមាំ និងមានចំណតយានយន្តយ៉ាងធំទូលាយសំរាប់ចត។

របៀបទី២យើងអាចឡើងទៅលើកំពូលភ្នំបាន តាមរយៈកាំជណ្តើរពីរជើងភ្នំ ដល់កំពូលភ្នំ ដែលមានកាំជណ្តើរសរុប ៨០៩​ កាំ ហើយកាំជណ្តើរខ្លះទាប កាំជណ្តើរខ្លះខ្ពស់តាមកន្លែង និងមានបង្កាន់ដៃអមតាមផ្លូវ។ ពេលឡើងដល់កំពូលភ្នំ យើងនិងជួបព្រះវិហារ១នៅជាប់មាត់កាំជណ្តើរ អាស្រមអ្នកតា ថ្មអណ្តែត ហើយអាចមើលឃើញ ទេសភាពយ៉ាងស្អាតនៅជុំវិញ ខ្លួនយើងពីលើកំពូលភ្នំមកមាន វាលស្រែព្រៃឈើពណ៌បៃតង លំនៅស្ថានប្រជាជន ទឹកទន្លេស្ទឹងបឹងបួរ ផ្ទៃមេឃខៀវស្រងាត់ រួមជាមួយខ្យល់អាកាសបរិសុទ្ធធម្មជាតិ ទៀតផង។