មហាធៀ ម៉ូហាម៉ាដ

មហាធៀ មហាម៉ាត់ (ភាសាម៉ាឡេ៖ Mahathir Mohamad; ១០ កក្កដា ១៩២៥ – ) គឺជាអ្នកនយោបាយម៉ាឡេស៊ីម្នាក់ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី៤ និងទី៧។
ប្រវតិ្ត
[កែប្រែ]លោក មហាធៀ បានកើតក្នុងផ្ទះឈើនៃគ្រួសារមួយ ដែលស្ថិតនៅ ក្នុងទីក្រុង Alor Setar នៃរដ្ឋ Kedah ក្នុងដែនដីម៉ាឡេ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥កន្លងទៅនេះ ក្នុងនាមជាកូនពៅគេ ក្នុងចំណោមបងប្អូន ៩នាក់។ លោកមានឈ្មោះហៅក្រៅថា Cek Det។ លោកមិនបានកើតនៅក្នុងវណ្ណៈអភិជន ឬក្រុមគ្រួសារសាសនា ឬអ្នកនយោបាយ លេចធ្លោទេ។ ឪពុករបស់ ម៉ាហាធៀ ជានាយកសាលាដែលមានស្ថានភាពសេដ្ឋកិច្ចទាប សូម្បីកូនស្រីបង្កើតរបស់លោក ក៏មិនអាចមានលទ្ធភាពចុះឈ្មោះចូលរៀនបានផង។ នៅពេលចូលរៀន កុមារ មហាធៀ ជាក្មេងដែលប្រឹងប្រែងក្នុងការសិក្សាជាខ្លាំង។ បទវិន័យរបស់ឪពុក ជម្រុញឱ្យកុមាររូបនេះមានកម្លាំងចិត្តរៀនសូត្រ និងមានការចាប់អារម្មណ៍ខ្លះៗទៅលើវិស័យកីឡា។
មហាធៀ បានជួបភរិយារបស់លោកនាពេលបច្ចុប្បន្ន គឺអ្នកនាង Siti Hasmah Mohamad Ali ដែលសិក្សាផ្នែកឱសថដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក មហាធៀ បានធ្វើការជាវេជ្ជបណ្ឌិត ដែលបម្រើសេវាកម្មសម្រាប់រដ្ឋាភិបាល ហើយបានរៀបការក្នុងឆ្នាំ១៩៥៦។ លោកបានវិលត្រឡប់ទៅស្រុកកំណើត ដោយបើកគ្លីនិកកាន់កាប់ដោយខ្លួនឯង។ លោកទទួលបានជោគជ័យជាខ្លាំងក្នុងមុខរបរនេះ ដោយបានក្លាយជាវេជ្ជបណ្ឌិតដ៏ជំនាញតែម្នាក់ប្រចាំនៅទីនោះ ដែលអាចឱ្យលោកមានលទ្ធភាពសាងសង់ផ្ទះយ៉ាងធំ ព្រមទាំងវិនិយោគលើមុខរបរជាច្រើន។ ស្វាមីភរិយាទាំងពីរ មានកូនដំបូងក្នុងឆ្នាំ១៩៥៧ ដោយមានឈ្មោះថា Marina ក្រោយមកក៏មានកូនបីនាក់ និងសុំកូនមកចិញ្ចឹមបីនាក់ផ្សេងទៀត។
លោកបានក្លាយជាសមាជិកសភានៃប្រទេសម៉ាឡេស៊ី សម្រាប់មណ្ឌលបោះឆ្នោតឡាំងកាវ៉ា នៅកេដាដា។ ក្នុងឆ្នាំ១៩៧៦ លោកបានតែងតាំងធ្វើជា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រហូតដល់ឆ្នាំ១៩៨១ បន្ទាប់ពីលោក ហូសែន អន (Hussein Onn) ប្រកាសលាលែងពីដំណែង លោក មហាធៀ ស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីទីបួន របស់ប្រទេស ម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយជាអ្នកកាន់តំណែងនេះយូរជាងគេនៅប្រទេស ម៉ាឡេស៊ី។ អាជីពនយោបាយរបស់លោក មហាធៀ មានរយៈពេលជាង៧០ឆ្នាំ រាប់ចាប់តាំងពីលោកបានចូលរួមជាលើកដំបូងជាមួយ គណបក្ស UMNO ដែលទើបបង្កើតថ្មីនៅឆ្នាំ១៩៤៦ ក្រោយមកទើបលោកបង្កើតគណបក្សផ្ទាល់ខ្លួន គឺគណបក្ស Parti Pribumi Bersatu Malaysia (គណបក្សជនជាតិភាគតិចម៉ាឡេស៊ី) ក្នុងឆ្នាំ២០១៦។
ក្នុងអំឡុងពេល លោកកាន់តំណែងជានាយករដ្ឋមន្ត្រីលើកទីមួយ លោកបានធ្វើឱ្យប្រទេស ម៉ាឡេស៊ី ទទួលនូវបទពិសោធន៍នៃការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្ដួចផ្ដើមគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ ក្នុងនាមជាបិតានៃការអភិវឌ្ឍន៍ លោក មហាធៀ គឺជាអ្នកបង្កើតគោលដៅ ចក្ខុវិស័យឆ្នាំ២០២០ (ដែលត្រូវបានប្រកាសឡើងតាំងពីឆ្នាំ១៩៩១)។ គោលដៅនេះគឺដើម្បីប្រែក្លាយប្រទេសម៉ាឡេស៊ីឱ្យក្លាយជាប្រទេសជឿនលឿន និងឧស្សាហកម្មពេញលេញនៅត្រឹមឆ្នាំ២០២០។ លោកគឺជាឥស្សរជននយោបាយដ៏លេចធ្លោម្នាក់ ដែលបានឈ្នះការបោះឆ្នោតសកល ជាប់ៗគ្នាចំនួនប្រាំលើក និងយកឈ្នះលើគូប្រជែងជាបន្តបន្ទាប់ ក្នុងនាមជាមេដឹកនាំបក្ស UMNO។
បន្ទាប់ពីចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី លោក មហាធៀ បានក្លាយជាអ្នករិះគន់ដ៏សកម្មម្នាក់ ទៅលើនៃនាយករដ្ឋមន្រ្តីដែលស្នងតំណែងបន្តពីលោក គឺលោក អាប់ដុល្លាហ អាម៉ាដ បាដាវី (Abdullah Ahmad Badawi) និងលោក ណាជីប រ៉ាហ្សាក់ (Najib Razak)។ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក មហាធៀ បានចាកចេញពីបក្ស UMNO ដោយយល់ថា បក្សនេះបានបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សជនជាតិដើមភាគតិចម៉ាឡេស៊ី ត្រូវបានចុះបញ្ជីជាគណបក្សនយោបាយជាផ្លូវការ ដោយមានលោកផ្ទាល់ជាប្រធាន។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោកត្រូវបានប្រកាសថា ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨។
បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ លោក មហាធៀ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងវ័យ៩៣ឆ្នាំ ធ្វើឱ្យលោកក្លាយជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេលើពិភពលោក។ លោកក៏ជានាយករដ្ឋមន្ត្រីដំបូងគេនៅម៉ាឡេស៊ី ដែលធ្លាប់កាន់គណបក្សពីរផ្សេងគ្នា៕