មហាបរិនិព្វានសូត្រ

ពីវិគីភីឌា
Jump to navigation Jump to search

មហាបរិនិព្វានសូត្រ ទី ៣[កែប្រែ]

ពុទ្ធភាណវារៈ ទី១[កែប្រែ]

[៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ [ហ្វូងត្មាតតែងនៅលើកំពូលភ្នំនោះ ឬភ្នំនោះ មានកំពូលស្រដៀងត្មាត បានជា​ហៅថា គិជ្ឈកូដ ។] ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះរាជា ជាធំក្នុងដែនមគធៈ ព្រះនាមអជាតសត្តុ វេទេហីបុត្រ [ជាព្រះឱរសរបស់ព្រះនាងទេវី ព្រះនាម​វេទេហី ។] មានព្រះបំណងនឹងយាត្រា ទៅញាំញីដែនវជ្ជី ។ ព្រះអង្គមានព្រះបន្ទូល​យ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំ​យ៉ាង​នេះ អញ​(មានបំណងនឹងយាត្រាទៅជិះជាន់) ដែនវជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើ​ដែន​វជ្ជី​ឲ្យដល់នូវ​សេចក្តីវិនាស ។ គ្រានោះ ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ត្រាស់ហៅ​វស្សការព្រាហ្មណ៍ ដែលជាមហាមាត្យក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះមានព្រះភាគ ដោយត្បូងតាមពាក្យខ្ញុំ រួចទូលសួរអំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស កម្លាំងកាយ និងការនៅសប្បាយគ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំ​ព្រះបាទាព្រះមាន​ព្រះភាគ ដោយព្រះសិរ្ស៍ ហើយផ្តាំមកក្រាបបង្គំទូលសួរ អំពីអាការ​មិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័ស ព្រះកាយពល និងការគង់នៅ​ស្រួល គ្រប់​ឥរិយាបថ មួយទៀត ចូរក្រាបទូលយ៉ាងនេះតទៅទៀតថា បពិត្រព្រះអង្គ​ដ៏​ចម្រើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណងនឹងយាត្រាទៅញាំញី​ដែន​វជ្ជី ព្រះអង្គមានបន្ទូលយ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នកដែនវជ្ជីទាំងនេះ ដែល​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹងយាត្រាទៅជិះជាន់) ដែន​វជ្ជី និងបំផ្លាញដែនវជ្ជី និងធ្វើដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស ប៉ុន្តែបើព្រះមានព្រះភាគ ទ្រង់​ព្យាករដល់អ្នកយ៉ាងណា ត្រូវអ្នកត្រាប់ត្រង រងព្រះពុទ្ធដីកានោះ ឲ្យជាក់ច្បាស់ ហើយមក​ប្រាប់ខ្ញុំវិញ ព្រោះតថាគតទាំងឡាយ មិនដែល​មានបន្ទូលខុសទេ ។ វស្សការ​ព្រាហ្មណ៍ ជាមហាមាត្រក្នុងដែន​មគធៈ ទទួល​ព្រះរាជឱង្ការព្រះបាទអជាតសត្តុ វេទេហីបុត្រ មាគធរាជ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយទើបឲ្យ ៣១៥ រៀបចំយានទាំងឡាយដែលល្អៗ ហើយឡើងជិះយាន ដែលល្អៗ បរចេញ​អំពីក្រុង​រាជគ្រឹះ ទៅដោយយានដែលល្អៗ បរសំដៅ​ទៅកាន់​ភ្នំគិជ្ឈកូដ ទៅដោយយាន កំណត់ត្រឹមទីដែលបរយានទៅបាន រួចចុះអំពីយានដើរទៅ ដោយជើង​ទទេ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ  ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែន​មគធៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចម្រើន ព្រះបាទ​អជាតសត្តុ វេទេហីបុត្ត មាគធរាជ ថ្វាយបង្គំ​ព្រះបាទា​នៃព្រះគោតម​ដ៏ចម្រើន ដោយព្រះសិរ្ស៍ ហើយផ្តាំ​ឲ្យទូលសួរ​អំពីអាការមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើងរហ័ស ព្រះកាយពល និងការគង់នៅស្រួល គ្រប់ឥរិយាបថ បពិត្រព្រះគោតមដ៏ចម្រើន ព្រះបាទអជាតសត្តុ វេទេហីបុត្ត មាគធរាជ មានព្រះបំណង​នឹងស្តេច​​ទៅញាំញីដែនវជ្ជី ព្រះអង្គ​មានបន្ទូល​យ៉ាងនេះថា អញនឹងផ្តិលផ្តាច់អ្នក​ដែនវជ្ជី​ទាំងនេះ ដែលមានប្ញទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ អញ (មានបំណងនឹង​យាត្រា​ទៅជិះជាន់) ដែនវជ្ជី នឹងបំផ្លាញ​ដែនវជ្ជី នឹងធ្វើដែនវជ្ជី​ឲ្យដល់នូវសេចក្តីវិនាស ។

[៦៨] សម័យនោះឯង ព្រះអានន្ទមានអាយុ ឋិតនៅអំពីខាង​ក្រោយ​ព្រះមាន​ព្រះភាគ កំពុងពាត់ (បក់) ថ្វាយព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរឬ ។ ព្រះអានន្ទ ក្រាបបង្គំទូលថា​បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានឮដំណឹងនេះថា ពួកស្តេច​ក្នុង​ដែនវជ្ជី មានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន ដូច្នេះដែរ ។ ម្នាលអានន្ទ បើពួកស្តេចក្នុងដែនវជ្ជី នឹងមានការប្រជុំគ្នារឿយៗ មានការប្រជុំគ្នាដោយច្រើន អស់​កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុង​ដែនវជ្ជី សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី ដូច្នេះដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងថា ពួកវជ្ជីក្សត្រិយ៍ ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី ដូច្នេះ​ដែរ ។ ម្នាលអានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកលែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើ​កិច្ច​ក្នុងដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមាន​ប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនបញ្ញត្តច្បាស់ (ដែល​ពួកស្តេចពីដើម) មិន​បាន​​បញ្ញត្ត មិនដកច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែន​វជ្ជី​អំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍មិនបញ្ញត្តច្បាប់ (ដែល​ពួកស្តេចពីដើម) មិនបាន​បញ្ញត្ត មិនដកច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា ដូច្នេះដែរ ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនបញ្ញត្តច្បាប់ ដែលស្តេចពីដើមមិនបាន​បញ្ញត្តហើយ មិនដក​ច្បាប់ដែលបាន​បញ្ញត្តរួចហើយ កាន់តាម​ប្រព្រឹត្ត​តាមច្បាប់ ក្នុងដែនវជ្ជីអំពីបូរាណ ដែលបានបញ្ញត្តរួចហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ ធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ដែលគួរ​ស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែលមានព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យដែលគួរ​ស្តាប់ របស់ពួកក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ ថាជាពាក្យគួរស្តាប់ ដូច្នេះដែរ ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​វជ្ជីក្សត្រិយ៍ ដែល​មាន​ព្រះជន្មច្រើនជាងវជ្ជីក្សត្រិយ៍ទាំងឡាយ ទាំងជឿពាក្យគួរ​ស្តាប់ របស់​ពួក​ក្សត្រិយ៍ ដែលមានព្រះជន្ម​ច្រើនទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែង​មាន​ប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រី​ក្នុង​ត្រកូល ពួក​កុមារី​ក្នុង​ត្រកូល ឲ្យនៅរួម ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ មិនកំហែង បង្ខំពួកស្រីក្នុងត្រកូល ពួកកុមារី​ក្នុង​ត្រកូល ឲ្យនៅ​រួម ដូច្នេះ​ដែរ ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងមិនកំហែង បង្ខំពួកស្រីក្នុង​ត្រកូល ពួក​កុមារី ក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមានប្រាកដ​ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ។ ម្នាល​អានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ [ទី​កន្លែង​ទេវតា ដែលគេធ្លាប់គោរព (អដ្ឋកថា)] ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅ​ខាង​ក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំ​ព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ តែងធ្វើសក្ការៈ គោរព រាប់អាន បូជា​ចេតិយ ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅ​នគរក្តី និង​មិន​ធ្វើ​គ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់​ចេតិយ​ទាំង​នោះ ឲ្យសាប​សូន្យទៅ ដូច្នេះដែរ ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួក​អ្នកដែន​វជ្ជី ដែលនៅខាងក្នុងនគរក្តី ខាងក្រៅនគរក្តី និងមិនធ្វើគ្រឿងបូជាប្រកប​ដោយ​ធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់ធ្វើដល់ចេតិយទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែង​មានប្រាកដ​ដល់​ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ។ ម្នាលអានន្ទ អ្នកបានឮថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែង​ត្រឹម​ត្រូវ នូវការរក្សាការពារ និងការគ្រប់​គ្រង​ប្រកបដោយធម៌ ក្នុងអរហន្តទាំងឡាយ ដោយបំណង​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្ត​ទាំង​ឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែនរបស់យើង ព្រះអរហន្តទាំងឡាយ ដែល​មក​ស្រាប់ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែនរបស់យើង ដូច្នេះដែរឬ ។ បពិត្រព្រះអង្គ​ដ៏​ចម្រើន ខ្ញុំព្រះអង្គ បានឮដំណឹងនេះថា ពួកវជ្ជីក្សត្រិយ៍ បានចាត់ចែងដោយ​ត្រឹម​ត្រូវ នូវ​ការរក្សាការពារ និងការគ្រប់​គ្រង​ប្រកប​ដោយ​ធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយ​បំណង​​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែន​របស់​យើង ព្រះអរហន្តទាំងឡាយ ដែលមក​ស្រាប់​ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែន​របស់យើង ដូច្នេះដែរ ។ ម្នាល​អានន្ទ បើពួកវជ្ជីក្សត្រិយ៍ នឹងចាត់ចែង​ដោយត្រឹម​ត្រូវ នូវ​ការរក្សាការពារ និងការគ្រប់គ្រង​ប្រកប​ដោយ​ធម៌ ក្នុងព្រះអរហន្តទាំងឡាយ ដោយ​បំណង​​ថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យ​មកកាន់​ដែន​របស់​យើង ព្រះអរហន្តទាំងឡាយ ដែលមក​ស្រាប់​ហើយ ក៏សូមឲ្យគង់នៅជាសុខ ក្នុង​ដែន​របស់យើង អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចម្រើន តែងមាន​ប្រាកដ​ដល់​ពួក​វជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ។

[៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងវស្សការព្រាហ្មណ៍ ជា​មហាមាត្យ ក្នុងដែនមគធៈថា ម្នាលព្រាហ្មណ៍ សម័យមួយ តថាគតនៅក្នុង​សារន្ទទ​ចេតិយ ទៀបក្រុងវេសាលី តថាគត បានសំដែង អបរិហានិយធម៌ ទាំង ៧ នេះ របស់​ពួក​វជ្ជី​ក្សត្រិយ៍ ក្នុងសារន្ទទចេតិយនោះឯង ម្នាលព្រាហ្មណ៍ អបរិហានិយធម៌ ទាំង ៧ នេះ តាំង​នៅក្នុងពួកវជ្ជីក្សត្រិយ៍ ឬថាពួក​វជ្ជីក្សត្រិយ៍ នឹងប្រតិបត្តិក្នុងអបរិហានិយធម៌ ទាំង ៧ នេះ អស់​កាលត្រឹមណា ម្នាលព្រាហ្មណ៍ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកវជ្ជីក្សត្រិយ៍ សេចក្តីសាបសូន្យមិនមានឡើយ (អស់កាលត្រឹមណោះ) ។ កាលបើព្រះមានព្រះភាគ មាន​ព្រះបន្ទូលយ៉ាងនេះហើយ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បាន​ក្រាប​បង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន សេចក្តីចម្រើន តែង​មានប្រាកដ សេចក្តីសាបសូន្យ មិនមានដល់​ពួកវជ្ជីក្សត្រិយ៍ ដែលប្រកបដោយ​អបរិហានិយធម៌ សូម្បីតែមួយៗ ចាំបាច់និយាយទៅថ្វី ដល់ទៅគ្រប់អបរិហានិយធម៌ ទាំង​៧ បពិត្រព្រះគោតមដ៏ចម្រើន មួយទៀត ព្រះបាទអជាតសត្តុវេទេហីបុត្រមាគធរាជ មិន​គប្បី​ចាប់ពួកវជ្ជីក្សត្រិយ៍ ដោយការច្បាំងបានទេ វៀរលែងតែការលួងលោម យកចិត្ត ឬ​ការ​ធ្វើឲ្យបែកគ្នា បពិត្រព្រះគោតមដ៏ចម្រើន ណ្ហើយចុះ ខ្ញុំព្រះអង្គសូមលាទៅឥឡូវ​នេះ ខ្ញុំព្រះអង្គមានកិច្ចច្រើន មានការងារច្រើន ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកចូរ​សំគាល់នូវកាលគួរនឹងទៅ ក្នុងវេលានេះចុះ ។ លំដាប់នោះ វស្សការព្រាហ្មណ៍ ជា​មហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយ នឹងភាសិតរបស់​ព្រះមានព្រះភាគ ហើយ​ក្រោកចាកអាសនៈ ចេញទៅ ។

[៧០] កាលដែលវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈចេញទៅ​មិនយូរ​ប៉ុន្មាន ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នក​ចូរ​ទៅឲ្យភិក្ខុទាំងអស់ ដែលនៅអាស្រ័យក្នុងក្រុងរាជគ្រឹះប្រជុំគ្នា ក្នុងឧបដ្ឋានសាលា [រោងឆាន់ ឬរោងសម្រាប់ប្រើប្រាស់ ។] ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយប្រជុំភិក្ខុសង្ឃទាំងអស់ ដែល​នៅអាស្រ័យក្នុងក្រុងរាជគ្រឹះ ក្នុងឧបដ្ឋានសាលា ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចឋិតនៅក្នុងទីសមគួរ ។ ព្រះអានន្ទ​ដ៏មានអាយុ លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុសង្ឃប្រជុំគ្នាហើយ បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគ សំគាល់នូវកាលគួរនឹងស្តេច​ទៅក្នុងកាលឥឡូវនេះ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកអំពីអាសនៈ ហើយស្តេចចូលទៅកាន់​ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក ។ លុះព្រះមានព្រះភាគ គង់នៅហើយ ក៏ទ្រង់​ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​អបរិហានិយធម៌ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែងប្រាប់ ។ ភិក្ខុទាំងឡាយនោះ ក៏ទទួល​ព្រះបន្ទូលនៃព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រជុំគ្នារឿយៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នាលើកទីប្រជុំ ព្រមព្រៀងគ្នាធ្វើកិច្ច​របស់សង្ឃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងមិនបញ្ញត្តសិក្ខាបទ ដែលតថាគត​មិនបាន​បញ្ញត្តហើយ មិនដកសិក្ខាបទ ដែលតថាគតបញ្ញត្តហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគត​បញ្ញត្តហើយយ៉ាងណា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងធ្វើសក្ការៈ គោរព រាប់អាន បូជា​ពួកភិក្ខុជាថេរៈ អ្នកដឹងរាត្រី (ច្រើន) បួសយូរ ជាបិតានៃសង្ឃ ជាបរិនាយក របស់សង្ឃ (ជាអ្នកណែនាំសង្ឃ) ទាំងរាប់អានជឿពាក្យដែល​គួរស្តាប់ របស់ភិក្ខុជាថេរៈ​ទាំងនោះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនលុះក្នុងអំណាចតណ្ហា ជាធម្មជាតិនាំសត្វទៅក្នុងភពថ្មីទៀត ដែលកើត​ឡើងហើយ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីប្រាថ្នា ក្នុងសេនាសនៈទាំងឡាយ ដែល​តាំង​នៅក្នុងព្រៃ [អដ្ឋកថា ថា ប្រទេសដែលនៅឆ្ងាយពីស្រុកកំណត់ ៥០០ ជួរធ្នូឡើងទៅ ។] អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងស្មារតីក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួកសព្រហ្មចារី [ភិក្ខុមានព្រហ្មចារ្យស្មើគ្នា ។] មានសីលធម៌ជាទីស្រឡាញ់ ដែលមិនទាន់មកដល់ ក៏សូម​ឲ្យ​និមន្តមក ពួកសព្រហ្មចារី មានសីលធម៌ជាទីស្រឡាញ់ ដែលមកដល់ហើយ សូមឲ្យ​នៅ​ជាសុខ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំងឡាយនឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

[៧១] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុមិនជាអ្នកមានការងារ ជាទីត្រេកអរ [សំដៅយកកិច្ចរបស់ភិក្ខុ មានដេរចីវរ​ជាដើម បើភិក្ខុណាធ្វើកិច្ចនោះអស់១ថ្ងៃទាំងមូល មិនមានពេលរៀនសូត្រសោះ ភិក្ខុ​នោះ ទើបឈ្មោះថា ត្រេកអរនឹង​ការងារ បើភិក្ខុដែលធ្វើការងារខ្លះ ប្រកបការរៀនសូត្រខ្លះ​ក្នុង​១ថ្ងៃៗ ភិក្ខុនោះ មិនឈ្មោះថាត្រេកអរនឹងការងារឡើយ ។] មិនត្រេកអរ​ក្នុងការងារ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការងារ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹង​មិនជាអ្នក​មានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ មិនត្រេកអរក្នុងការនិយាយ (តិរច្ឆានកថា) មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានការនិយាយ (តិរច្ឆានកថា) ជាទីត្រេកអរ អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ​នឹងមិន​ជាអ្នក​មានសេចក្តីដេកលក់ ជាទីត្រេកអរ មិនត្រេកអរក្នុងសេចក្តីដេកលក់ មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានសេចក្តីដេកលក់ ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនជាអ្នក​មានគ្នីគ្នា​ជាទីត្រេកអរ មិនត្រេកអរក្នុងការមានគ្នីគ្នា មិនប្រកបរឿយៗ នូវភាវៈជាអ្នកមានគ្នីគ្នា ជាទីត្រេកអរ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានសេចក្តី​ប្រាថ្នា​អាក្រក់ មិនលុះក្នុងអំណាចសេចក្តីប្រាថ្នាអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនមានមិត្រអាក្រក់ មិនមាន​សំឡាញ់​អាក្រក់ មិនជាអ្នកងាកទៅរកបុគ្គលអាក្រក់ អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងមិនដល់នូវសេចក្តី​បន្ធូរបន្ថយ​ព្យាយាមក្នុងចន្លោះ ដោយការត្រាស់ដឹងនូវគុណវិសេសត្រឹមតែជាន់ក្រោម អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

[៧២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងមានសេចក្តីជឿ ។បេ។ មានចិត្តប្រកបដោយសេចក្តី​ខ្មាស​ខ្ពើម​បាប ។ មានសេចក្តី​ខ្លាចបាប ។ ជាពហុស្សូត ។ ប្រារព្ធសេចក្តីព្យាយាម ។ ជាអ្នកមានស្មារតី​ខ្ជាប់​ខ្ជួន ។ ជាអ្នកមានប្រាជ្ញា អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែង​មាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុ​ប្រតិបត្តិ ក្នុង​អបរិហានិយធម៌ ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងចម្រើនសតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ ជាគ្រឿងត្រាស់ដឹង គឺសេចក្តី​រលឹក) ។បេ។ ចម្រើនធម្មវិចយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺបញ្ញា ជាគ្រឿង​ពិចារណា) ។ ចម្រើនវីរិយសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺព្យាយាម) ។ ចម្រើនបីតិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីឆ្អែតស្កប់ក្នុងធម៌) ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីស្ងប់រម្ងាប់) ។ ចម្រើនសមាធិសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីដម្កល់ចិត្តមាំ) ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ (ហេតុនៃធម៌ជាគ្រឿងត្រាស់ដឹង គឺសេចក្តីព្រងើយក្នុងសុខនិង​ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៧ នេះ នឹងឋិតនៅក្នុងពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

[៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​អបរិហានិយធម៌ ៧ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងចម្រើនអនិច្ចសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹង​អនិច្ចានុបស្សនា) ។បេ។ ចម្រើនអនត្តសញ្ញា (សេចក្តីសំគាល់ដែលកើតជាមួយនឹង​អនត្តានុបស្សនា) ។ ចម្រើនអសុភសញ្ញា (សេចក្តីសំគាល់នូវអាការ ​៣២ ថាមិនស្អាត) ។ ចម្រើនអាទីនវសញ្ញា (សេចក្តីសំគាល់នូវកាយថាមានទោស) ។ ចម្រើនបហានសញ្ញា (សេចក្តី​សំគាល់ក្នុងការលះនូវអកុសលវិតក្កៈ) ។ ចម្រើនវិរាគសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ដែលប្រាសចាកតម្រេក) ។ ចម្រើននិរោធសញ្ញា (សេចក្តីសំគាល់ក្នុងព្រះនិព្វាន ជាគ្រឿង​រលត់ទុក្ខ) អស់កាលត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចម្រើន តែងមាន​ប្រាកដ ដល់​ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើ​អបរិហានិយធម៌ ទាំង ៧ នេះ នឹងឋិតនៅ​ក្នុង​ពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយ​ធម៌ ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​អបរិហានិយធម៌ ៦ដទៃទៀត ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ភាសិតនោះ ចូរ​ប្រុង​ធ្វើទុកក្នុងចិត្តដោយល្អ​ចុះ តថាគតនឹងសំដែងប្រាប់ ។ ពួកភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគ ដោយ​ពាក្យ​ថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនឹងប្រុងដម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំង​ឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនឹងប្រុងកម្កល់វចីកម្ម ប្រកបដោយ​មេត្តា ។បេ។ ប្រុងដម្កល់មនោកម្មប្រកបដោយមេត្តា ក្នុងសព្រហ្មចារី​ទាំង​ឡាយ ទាំងក្នុងទីចំពោះមុខ និងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើលាភទាំងឡាយណា ដែល​ប្រកប​ដោយធម៌ ដែលបានមកដោយធម៌ ហោចទៅ សូម្បីវត្ថុដែលគេដាក់ចុះក្នុងបាត្រ ពួកភិក្ខុមានការបរិភោគ ដោយមិនបាច់ចែករំលែកដោយលាភទាំងឡាយ មានសភាព​យ៉ាងនោះ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ជាមួយនឹងសព្រហ្មចារីទាំងឡាយ ដែល​មានសីល អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុ​ទាំងឡាយ សីលទាំងឡាយណាមិនដាច់ មិនធ្លុះ មិនពព្រុះ មិនពពាល ជាសីល​របស់​មនុស្សអ្នកជា (មិនជាខ្ញុំតណ្ហា) អ្នកប្រាជ្ញតែងសរសើរ ជាសីលមិនបានជ្រោកជ្រាក​ដោយ​តណ្ហា និងទិដ្ឋិ ជាសីលញុំាង​សមាធិ​ឲ្យប្រព្រឹត្ត​ទៅបាន ពួកភិក្ខុជាអ្នកមានសីលស្មើគ្នា ដោយ​សព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ មានសភាពយ៉ាងនោះ ទាំងក្នុង​ទី​ចំពោះមុខ និងក្នុងទីកំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិណាដែលឥតទោស ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់​សេចក្តីទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ពួកភិក្ខុជាអ្នកមានទិដ្ឋិស្មើគ្នា ដោយ​សព្រហ្មចារីទាំងឡាយ ក្នុងទិដ្ឋិមានសភាពយ៉ាងនោះ ទាំងក្នុងទីចំពោះមុខ និងក្នុង​ទី​កំបាំងមុខ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ ទាំង ៦ នេះ នឹងឋិតនៅ​ក្នុង​ពួកភិក្ខុ ឬពួកភិក្ខុប្រតិបត្តិ ក្នុង​អបរិហានិយធម៌ ទាំង ៦ នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ) ។ កាលដែលព្រះមានព្រះភាគ គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្សច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្ត [សំដៅយកមគ្គចិត្ត និង​ផលចិត្ត ។] ដែលអប់រំដោយបញ្ញា រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ​ពិត គឺកាមាសវៈ (ធម៌ជាគ្រឿងត្រាំ គឺកាម) ភវាសវៈ (ធម៌ជាគ្រឿងត្រាំ គឺភព) អវិជ្ជាសវៈ (ធម៌ ជាគ្រឿងត្រាំ គឺអវិជ្ជា) ។

[៧៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅ​កាន់ឱទ្យានឈ្មោះអម្ពលដ្ឋិកា ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់អម្ពលដ្ឋិកាឱទ្យាន មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងរាជាគារកៈ (ព្រះរាជដំណាក់) នៅនាអម្ពលដ្ឋិកាឱទ្យាន​នោះ ។ កាលព្រះមានព្រះភាគគង់ក្នុងរាជាគារកៈ ក្នុងអម្ពលដ្ឋិកាឱទ្យាននោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្សច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់រំដោយបញ្ញា រមែង​រួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ ។

[៧៧] លុះព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពលដ្ឋិកាឱទ្យាន តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅ​កាន់ស្រុកនាឡន្ទា ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅដល់​ស្រុក​នាឡន្ទា មួយអន្លើដោយភិក្ខុសង្ឃជាច្រើន ។ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុងនាឡន្ទានោះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ ព្រះសារីបុត្តមានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជ្រះថ្លា​ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ ។ ព្រះមានព្រះភាគ ទ្រង់​មានព្រះ​បន្ទូលថា ម្នាលសារីបុត្ត អាសភិវាចា [សំដីអង់អាច ឥតខ្លាចញញើត ។] ដែលអ្នក​និយាយ​នេះ លើសលុបពេក សីហនាទ ដែលអ្នកប្រកាន់ហើយ បន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជ្រះថ្លា​ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុង​សម្ពោធិញ្ញាណ មិនមានក្នុងអតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមាន​ក្នុង​បច្ចុប្បន្ន​កាល​នេះទេ ដូច្នេះជាសំដីដោយឡែក ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នក​បាន​កំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ មានសីល​យ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ ។ មានបញ្ញាយ៉ាងនេះ ។ មានធម៌ជាគ្រឿង​នៅ [ធម៌​ជាគ្រឿងនៅ មាន ៩ គឺរូបសមាបត្តិ ៤ អរូបសមាបត្តិ ៤ និងសញ្ញាវេទយិតនិរោធ១ ធម៌ទាំង​ ៩ នេះ នឹងហៅអនុបុព្វវិហារធម៌ ដូច្នេះវិញក៏បាន ។] យ៉ាងនេះ ។ ព្រះមានព្រះភាគទាំងនោះ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ ។ ព្រះសារីបុត្តមានអាយុ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ ។ ម្នាលសារីបុត្ត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​នឹងមាន​ក្នុងអនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគទាំងនោះ នឹងមានសីល​យ៉ាងនេះ ដូច្នេះផង នឹងមានធម៌យ៉ាងនេះ ។ នឹងមានបញ្ញាយ៉ាងនេះ ។ នឹងមានធម៌ជាគ្រឿង​នៅយ៉ាងនេះ ។ ព្រះមានព្រះភាគទាំងនោះ នឹងមានចិត្តរួចស្រឡះ​ហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ ។ ម្នាលសារីបុត្ត តថាគត ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងកាល​ឥឡូវនេះ អ្នកបានកំណត់ដឹងច្បាស់នូវចិត្ត ដោយចិត្តរបស់ខ្លួនថា ព្រះមានព្រះភាគ មានសីល​យ៉ាងនេះ ដូច្នេះផង មានធម៌យ៉ាងនេះ ។ មានបញ្ញាយ៉ាងនេះ ។ មានធម៌ជាគ្រឿង​នៅយ៉ាងនេះ ។ ព្រះមានព្រះភាគ មានចិត្តរួចស្រឡះហើយ ចាកអាសវៈយ៉ាងនេះ ដូច្នេះដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះ ខ្ញុំព្រះអង្គ​កំណត់​ដឹង​មិនបានទេ ។ ម្នាលសារីបុត្ត បើអ្នកគ្មានញាណ ជាគ្រឿងកំណត់ដឹងចិត្តរបស់ព្រះអរហន្ត សម្មាសម្ពុទ្ធ​ទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលទាំងនោះទេ ម្នាលសារីបុត្ត ម្តេចឡើយ ក៏អ្នកពោលអាសភិវាចា ដ៏លើសលុបនេះ ក្នុងកាល​ឥឡូវនេះ អ្នក​ប្រកាន់​បន្លឺឡើងហើយនូវសីហនាទដោយមាំមួនថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ​ជ្រះថ្លា​ក្នុងព្រះមានព្រះភាគ ដោយហេតុយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ដទៃ ជាអ្នកត្រាស់​ដឹងក្រៃលែងជាង​ព្រះមានព្រះភាគ ក្នុងសម្ពោធិញ្ញាណ មិនមានក្នុង​អតីតកាល មិនមាន​ក្នុងអនាគតកាល ឬមិនមានក្នុងបច្ចុប្បន្នកាលនេះទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ គ្មានញាណជាគ្រឿងកំណត់ដឹងនូវចិត្ត​របស់​ព្រះ​អរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ដែលមានក្នុងអតីតកាល អនាគតកាល និងបច្ចុប្បន្នកាលទេ តែថា ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ បពិត្រព្រះអង្គដ៏ចម្រើន ប្រៀបដូចទីក្រុង ដែលតាំងនៅ​ក្នុងទីបំផុត​ដែនរបស់ស្តេច ដែលមានទ្វារមាំ មានកំផែង និងក្លោងទ្វារដ៏មាំមួន មានទ្វារ​តែ​មួយ ក្នុងទីក្រុងនោះ មានអ្នកចាំយាមទ្វារ ជាបណ្ឌិតឈ្លាសវៃ មានប្រាជ្ញា ឃាត់ហាម​ពួក​មនុស្សដែលមិនស្គាល់ ឲ្យតែពួក​មនុស្សដែលស្គាល់ចូលទៅ នាយទ្វារនោះ ក៏ដើរទៅតាម​ផ្លូវ ដើម្បីពិនិត្យមើលជុំវិញទីក្រុងនោះ ក៏មិនឃើញនូវទីកំផែង ឬចន្លោះកំផែង ដោយ​ហោចទៅ សូម្បីតែប្រហោងល្មមសត្វឆ្មាចេញបាន ក៏មិនឃើញឡើយ នាយទ្វារ​នោះ ក៏​មានសេចក្តីយល់យ៉ាងនេះថា ពួកសត្វណានីមួយ ដែលមានកាយធំ ចូលមកកាន់​ទីក្រុង​នេះក្តី ចេញទៅក្តី ពួកសត្វទាំងអស់នោះ គង់ចូល ឬចេញតាមទ្វារនេះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គដឹងច្បាស់តាមទំនងធម៌ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​មានក្នុង​អតីតកាល ព្រះមានព្រះភាគទាំងអស់នោះ បានលះនីវរណៈធម៌ ទាំង ៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យដម្កល់​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង ៤ ចម្រើនពោជ្ឈង្គ ទាំង ៧ ដោយពិត ទ្រង់ត្រាស់ដឹងហើយនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលនឹងមានក្នុង​អនាគតកាល ព្រះមានព្រះភាគទាំងអស់នោះ នឹងលះនីវរណធម៌ ទាំង ៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង មានព្រះហឫទ័យដម្កល់​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង ៤ ចម្រើនពោជ្ឈង្គ ទាំង ៧ ដោយពិត ហើយត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ ក៏លះនីវរណធម៌ ទាំង ៥ ដែល​ជា​ឧបក្កិលេសរបស់ចិត្ត ជាធម៌ធ្វើប្រាជ្ញាឲ្យថយកំឡាំង ទ្រង់មានព្រះហឫទ័យ​ដម្កល់​​មាំ​ល្អ ក្នុងសតិបដ្ឋានទាំង ៤ ចម្រើនពោជ្ឈង្គ ទាំង ៧ ដោយពិត ហើយត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណ ។ ព្រះមានព្រះភាគគង់ក្នុងបាវាទិកម្ពវ័ន ទៀបក្រុង​នាឡន្ទា​នោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា សីលដូច្នេះ សមាធិ​ដូច្នេះ បញ្ញាដូច្នេះ សមាធិ ដែលអប់រំដោយសីល រមែង​មានផលច្រើន មានអានិសង្ស​ច្រើន បញ្ញាដែល​អប់រំ​ដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់រំដោយបញ្ញាហើយ រមែង​រួចស្រឡះចាកអាសវៈទាំងឡាយ ដោយពិត គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ ។

[៧៨] គ្រាដែលព្រះមានព្រះភាគ គង់នៅក្នុងស្រុកនាឡន្ទា តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​បាដលិគ្រាម ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ស្តេចទៅដល់បាដលិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន ។ ពួកឧបាសកនៅក្នុងបាដលិគ្រាម បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់បាដលិគ្រាមហើយ ។ ទើបពួក​ឧបាសក នៅក្នុង​បាដលិគ្រាម នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគទទួលផ្ទះសំណាក់​របស់យើងខ្ញុំព្រះអង្គ​ទាំងឡាយ ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ ឯពួកឧបាសក នៅក្នុងបាដលិគ្រាម បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់ផ្ទះសំណាក់ លុះចូលទៅដល់ហើយ ក៏ក្រាលផ្ទះសំណាក់ ឲ្យមានកម្រាលក្រាលសព្វកន្លែង ហើយ​តាក់តែង​អាសនៈ តម្កល់ក្អមទឹក រៀបចំប្រទីបប្រេង រួចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយក៏ឋិតនៅក្នុងទីសមគួរ ។ ពួកឧបាសក នៅក្នុងបាដលិគ្រាម លុះឋិតនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ផ្ទះសំណាក់ យើងខ្ញុំព្រះអង្គ បាន​ក្រាលកម្រាលសព្វកន្លែងហើយ អាសនៈទាំងឡាយ យើងខ្ញុំព្រះអង្គបានតាក់តែង​ហើយ ក្អមទឹក យើងខ្ញុំព្រះអង្គបានតម្កល់ទុកហើយ ប្រទីបប្រេង យើងខ្ញុំព្រះអង្គបានរៀបចំ​ហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាល​ឥឡូវ​នេះ ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់​ស្តេចចូលទៅកាន់ផ្ទះសំណាក់ ព្រមដោយភិក្ខុសង្ឃ លុះស្តេច​ទៅដល់ហើយ ទ្រង់ជំរះព្រះបាទា ហើយស្តេច​ចូលទៅកាន់​ផ្ទះសំណាក់ ទ្រង់គង់បែរព្រះភក្ត្រទៅទិស​ខាង​កើត ផ្អែកនឹងសសរកណ្តាល ។ ឯភិក្ខុសង្ឃ ក៏លាងបាទារាល់រូប ចូលទៅកាន់ផ្ទះ​សំណាក់ ហើយអង្គុយបែរមុខទៅទិសខាងកើត អែបនឹងជញ្ជាំង​ខាងលិច គាល់​ព្រះមានព្រះភាគ ។​ពួកឧបាសក នៅក្នុងបាដលិគ្រាម បានលាងជើងរួចហើយ ចូលទៅ​កាន់ផ្ទះសំណាក់ អង្គុយបែរមុខទៅទិសខាងលិច អែបនឹងជញ្ជាំងខាងកើត គាល់​ព្រះមានព្រះភាគដែរ ។

[៧៩] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់នឹង​ពួកឧបាសក នៅក្នុងបាដលិគ្រាម​ថា ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិនេះមាន ៥ ប្រការ ។ ទោស ទាំង ៥ ប្រការនោះ តើដូចម្តេច ? ម្នាលគហបតីទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីលក្នុងលោកនេះ តែងដល់នូវសេចក្តី​វិនាសនៃភោគៈដ៏ធំ មានសេចក្តីប្រមាទ​ជាហេតុ នេះជាទោសទី១ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏អាក្រក់ នៃបុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល តែងផ្សាយទៅ​សព្វទិស នេះជាទោសទី២ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល ទោះចូល​ទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ជាអ្នក​មិនក្លៀវក្លា ចូលទៅ​ទាំង​អៀនអន់ នេះជាទោសទី ៣ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ ។ ម្នាលគហបតី​ទាំង​ឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិ​ចាកសីល ជាបុគ្គល​វង្វេង ធ្វើមរណកាល នេះ​ជា​ទោស​ទី ៤ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គល​ទ្រុស្ត​សីល វិបត្តិ​ចាកសីល លុះបែកធ្លាយរាងកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែង​កើតក្នុងកំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក នេះជាទោសទី៥ នៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ ។ ម្នាលគហបតីទាំងឡាយ ទោសនៃបុគ្គលទ្រុស្តសីល នៃសីលវិបត្តិ​មាន ៥ ប្រការនេះឯង ។

[៨០] ម្នាលគហបតីទាំងឡាយ អានិសង្សនៃបុគ្គលមានសីល នៃសីលសម្បទានេះ មាន ៥ ប្រការ ។ អានិសង្ស ទាំង ៥ ប្រការនោះ តើដូចម្តេច ? ម្នាលគហបតីទាំងឡាយ បុគ្គលមានសីល ដល់ព្រមដោយសីល ក្នុងលោកនេះ រមែងបានគំនរទ្រព្យដ៏ធំ ដែល​មាន​សេចក្តីមិនប្រមាទ​ជាហេតុ នេះជាអានិសង្សទី១ នៃបុគ្គលមានសីល នៃសីលសម្បទា ។ ម្នាលគហបតីទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល ដល់ព្រម​ដោយ​សីល តែងផ្សាយទៅ​សព្វទិស នេះជាអានិសង្សទី២ នៃបុគ្គលមានសីល នៃសីលសម្បទា ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយ​សីល ទោះចូល​ទៅរកបរិសទ្យណាៗ គឺខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិ​បរិសទ្យ​ក្តី សមណបរិសទ្យក្តី ជាបុគ្គលមានសេចក្តីក្លៀវក្លា ចូលទៅ​ដោយការមិន​អៀន​អន់ នេះជាអានិសង្សទី ៣ នៃបុគ្គលមានសីល នៃសីលសម្បទា ។ ម្នាលគហបតី​ទាំង​ឡាយ មួយទៀត បុគ្គលមានសីល ដល់ព្រមដោយសីល ជាបុគ្គលមិន​វង្វេង ធ្វើមរណកាល នេះ​ជាអានិសង្ស​ទី ៤ នៃបុគ្គលមានសីល នៃសីលសម្បទា ។ ម្នាលគហបតីទាំងឡាយ មួយទៀត បុគ្គលមាន​សីល ដល់ព្រមដោយសីល លុះបែកធ្លាយរាងកាយទៅ ខាង​មុខ​អំពី​សេចក្តី​ស្លាប់ទៅ រមែង​កើតក្នុងលោក គឺមនុស្សសុគតិ និងឋានសួគ៌ នេះជា​អានិសង្សទី ៥ នៃបុគ្គលមានសីល នៃសីលសម្បទា ។ ម្នាលគហបតីទាំងឡាយ អានិសង្សនៃ​បុគ្គល​មានសីល នៃសីលសម្បទា ​មាន ៥ ប្រការនេះឯង ។

[៨១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងពួកឧបាសក អ្នកបាដលិគ្រាម ឲ្យ​ឃើញច្បាស់ ឲ្យសមាទាន ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា អស់រាត្រីជាច្រើន ហើយ​ទ្រង់បញ្ជូនទៅដោយ​ព្រះពុទ្ធដីកាថា ម្នាលគហបតីទាំងឡាយ រាត្រីអស់ហើយ ចូរអ្នក​ទាំងឡាយ សំគាល់នូវកាលដ៏សមគួរ ក្នុងកាលឥឡូវនេះចុះ ។ ពួកឧបាសក អ្នកបាដលិគ្រាម ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកអំពីអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ ។ កាលដែលពួក​ឧបាសក អ្នកបាដលិគ្រាម ចេញទៅមិន​យូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ទ្រង់ស្តេច​ចូលទៅកាន់ផ្ទះស្ងាត់ ។

[៨២] សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែន​មគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច ក្នុងដែនវជ្ជី ។ សម័យនោះឯង ទេវតាច្រើនពួក ចំនួនមួយពាន់ៗ គន់មើលទីដីសង់ផ្ទះ ក្នុងបាដលិគ្រាម ។ ពួកទេវតាដែលមានស័ក្តិធំ គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិធំ ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិយ៉ាងកណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅ​ដើម្បី​​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ។ ព្រះមានព្រះភាគ បានទតឃើញពួកទេវតាទាំងនោះ ចំនួនមួយពាន់ៗ កំពុងគន់មើល​ទីដី​សង់ផ្ទះ ក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់​មនុស្ស​សាមញ្ញ ។ ទើបព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយត្រាស់​ហៅ​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ អ្នកណាហ្ន៎ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ។ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារ​ពួកស្តេចវជ្ជី ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សក្កទេវរាជ បានប្រឹក្សា​ជាមួយនឹងពួកទេវតា ដែលឋិតនៅក្នុងឋានតាវត្តិង្ស យ៉ាងណាមិញ ម្នាលអានន្ទ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ នាំគ្នាសាងក្រុង ក្នុងបាដលិគ្រាម ដើម្បីការពារពួកស្តេច​វជ្ជី ក៏ដូច្នោះដែរ ម្នាលអានន្ទ ក្នុងទីនេះ តថាគតបានឃើញ​ពួក​ទេវតាជាច្រើន ទាំងពាន់ៗកំពុងគន់មើលទីដីសង់ផ្ទះក្នុងបាដលិគ្រាម ដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់នូវចក្ខុជារបស់មនុស្ស​សាមញ្ញ ពួកទេវតាដែលមានស័ក្តិធំ គន់មើល​ទីដី​សង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជមហាមាត្រទាំងឡាយ ដែលមាន​ស័ក្តិធំ ក៏​ឱនទៅដើម្បីសាងនិវេសនដ្ឋានក្នុងប្រទេសនោះ ពួកទេវតាដែលមានស័ក្តិយ៉ាង​កណ្តាល គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិយ៉ាងកណ្តាល ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ពួកទេវតាដែលមានស័ក្តិទាប គន់មើលទីដីសង់ផ្ទះ ក្នុងប្រទេសណា ចិត្តរបស់ស្តេច និងរាជ​មហាមាត្រទាំងឡាយ ដែលមានស័ក្តិទាប ក៏ឱនទៅដើម្បី​សាងនិវេសនដ្ឋាន ក្នុងប្រទេស​នោះ ម្នាលអានន្ទ ទីប្រជុំនៃមនុស្សជាអរិយៈ មាននៅ​កំណត់​ត្រឹមណា ផ្លូវឈ្មួញមាននៅកំណត់ត្រឹមណា នគរនេះ នឹងបានជានគរ​ថ្កំថ្កើង មានឈ្មោះថា ក្រុងបាដលិបុត្រ ហាក់ជាកន្លែង​សម្រាប់​ស្រាយ​បង្វេចទ្រព្យ កំណត់​ត្រឹម​ណោះ ម្នាលអានន្ទ តែក្រុងបាដលិបុត្រ នឹងមានសេចក្តីអន្តរាយ ៣ យ៉ាង គឺអន្តរាយ​ដោយ​ភ្លើង១ ដោយទឹក១ ដោយការបែកគ្នា១ ។

[៨៣] គ្រានោះ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែន​មគធៈ នាំគ្នា​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹង​ពាក្យ​ដែលគួររលឹកហើយ ក៏បានឋិតនៅក្នុងទីសមគួរ ។ សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ លុះឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះគោតមដ៏ចម្រើន ព្រមដោយ​ភិក្ខុ​សង្ឃ ទទួល​ភត្តរបស់យើងខ្ញុំទាំងឡាយ ដើម្បីឆាន់ក្នុងថ្ងៃនេះ ។ ព្រះមានព្រះភាគ ទ្រង់​ទទួល​ដោយតុណ្ហីភាព ។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រ ក្នុងដែនមគធៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលហើយ ក៏ចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ បានតាក់តែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ក្នុងលំនៅរបស់​ខ្លួន រួចហើយទើបឲ្យគេក្រាបទូលភត្តកាល ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន កាលគួរហើយ ភត្តសម្រេចហើយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរក្នុងបុព្វណ្ហសម័យហើយ ស្តេច​ចូលទៅកាន់​លំនៅរបស់សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ ព្រម​ដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលបម្រុង ។ ទើប​សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្រក្នុងដែនមគធៈ អង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធានឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារ ដ៏ផ្ចិតផ្ចង់​ដោយ​ដៃ​ខ្លួនឯង ត្រាតែភិក្ខុសង្ឃហាមឃាត់ ។ លំដាប់នោះ សុនីធៈ និងវស្សការព្រាហ្មណ៍​ជា មហាមាត្រក្នុងដែនមគធៈ (កំណត់ដឹងថា) ព្រះមានព្រះភាគ​ទ្រង់សោយស្រេចហើយ ដាក់​ព្រះហស្តចុះអំពីបាត្រហើយ ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទី​សមគួរ ។ លុះសុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់អនុមោទនា ដោយ​គាថាទាំងឡាយនេះថា

[៨៤] បុគ្គលជាបណ្ឌិតសម្រេចទីនៅក្នុងប្រទេសណា បានញុំាងបុគ្គលអ្នក​មាន​សីល​ទាំងឡាយ អ្នកសង្រួម អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគភោជនាហារក្នុង​ប្រទេស​នោះ ។ បានឧទ្ទិសទក្ខិណាទាន ដល់ពួកទេវតាដែលឋិតនៅក្នុងប្រទេសនោះ ពួកទេវតា​ទាំង​នោះ ដែលបណ្ឌិតបានបូជាហើយ ក៏តែងបូជាតបវិញ ដែលបណ្ឌិតរាប់អានហើយ ក៏​តែង​រាប់អានបណ្ឌិតនោះវិញ ។ តែងអនុគ្រោះបណ្ឌិតនោះ ព្រោះទក្ខិណានុប្បទាននោះ ដូចជា​មាតា​អនុគ្រោះកូន ដែលកើតអំពីទ្រូង បុរសដែលទេវតាអនុគ្រោះហើយ រមែង​ជួប​ប្រទះនូវ​សេចក្តី​ចម្រើនសព្វកាល ។

[៨៥] លុះព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងនេះ ដល់សុនីធៈ និង​វស្សការព្រាហ្មណ៍ ដែលជាមហាមាត្យ ក្នុងដែនមគធៈហើយ ទ្រង់​ក្រោកអំពី​អាសនៈ​ចេញទៅ ។ សម័យនោះឯង សុនីធៈ និងវស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ បានដើរតាមព្រះមានព្រះភាគអំពីខាងក្រោយៗ ដោយតាំងចិត្តថា ថ្ងៃនេះព្រះសមណ​គោតម ទ្រង់ស្តេចចេញតាមទ្វារណា ទ្វារនោះនឹងបានឈ្មោះថាគោតមទ្វារ ទ្រង់ស្តេច​ឆ្លង​ទន្លេគង្គាត្រង់កំពង់ណា កំពង់​នោះនឹងបានឈ្មោះថា គោតមតិត្ថៈ ។ ព្រះមានព្រះភាគ ទ្រង់​ស្តេច​ចេញតាមទ្វារណា ទ្វារនោះក៏បានឈ្មោះថា គោតមទ្វារ ចាប់ដើមតាំង​អំពី​នោះមក ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្តេច​ចូលទៅត្រង់ទន្លេគង្គានោះ ។ សម័យនោះឯង ទន្លេគង្គាកំពុង​ពេញប្រៀប ល្មមសត្វក្អែកទំលើមាត់ច្រាំង​ឱនផឹក​ទឹកបាន ។ មនុស្សទាំងឡាយ ដែលប្រាថ្នានឹងឆ្លងអំពីត្រើយម្ខាង ទៅកាន់ត្រើយម្ខាង ពួក​ខ្លះក៏ស្វែងរកទូក ពួកខ្លះក៏ស្វែងរកផែ ពួកខ្លះ ក៏ចងក្បូន ។ លំដាប់នោះ ព្រះមានព្រះភាគ ស្រាប់តែ​បាត់ព្រះអង្គអំពីត្រើយ ទន្លេគង្គាខាងអាយ ទៅប្រាកដព្រះអង្គក្នុងត្រើយខាង​នាយ ព្រមទាំងភិក្ខុសង្ឃ ដូចជាបុរសដែល​មានកម្លាំង លាកំភួនដៃដែលបត់ហើយ ឬ​បត់​កំភួនដៃដែលលាហើយ ។ ព្រះមានព្រះភាគ​ទ្រង់ទតឃើញ​មនុស្សទាំងនោះ ពួកខ្លះ​កំពុង​ស្វែងរកទូក ពួកខ្លះកំពុងស្វែងរកផែ ពួកខ្លះ​កំពុងចងក្បូន បំណង​នឹងឆ្លងអំពីត្រើយម្ខាង ទៅត្រើយម្ខាង ។ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវហេតុនោះហើយ ក៏ទ្រង់បន្លឺឧទាន​នេះ ក្នុងវេលានោះថា

ជនទាំងឡាយណា ឆ្លងទន្លេ និងស្ទឹង គឺតណ្ហា ដែលជ្រាលជ្រៅធំទូលាយបាន ជនទាំងឡាយនោះ រមែងធ្វើស្ពាន គឺអរិយមគ្គ លះបង់​ទីទំនាបដែលពេញដោយទឹក ឆ្លង​ផុតទៅបាន ចំណែក​ជនធម្មតា លុះតែចងក្បូន ទើបឆ្លងទៅបាន ឯពួកជនជា​អ្នកប្រាជ្ញ (មិនបាច់ក្បូន) ក៏ឆ្លងទៅបាន ។

ចប់ ពុទ្ធភាណវារៈ ទី១ ។

ពុទ្ធភាណវារៈ ទី២[កែប្រែ]

[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងទៅកាន់កោដិគ្រាម ។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅដល់​កោដិគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​កោដិគ្រាមនោះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបាន​ចាក់ធ្លុះនូវអរិយសច្ចទាំង ៤ ។ អរិយសច្ចទាំង ៤ នោះ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខសមុទយអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាល​ជាយូរអង្វែង​យ៉ាងនេះ ក៏ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខអរិយសច្ច​នោះឯង ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ច​​ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ច​ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលបុគ្គលបានត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា គឺសេចក្តីប្រាថ្នាក្នុងភព ក៏សូន្យទៅ ខ្សែ គឺតណ្ហា ដែលអាំចនាំសត្វ​អំពី​ភព​មួយ ទៅភពមួយ ក៏អស់ទៅ ភពថ្មីក្នុងកាលឥឡូវនេះ ក៏មិនមានឡើយ ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ ព្រះសុគត លុះត្រាស់ពាក្យនេះហើយ ព្រះ​សាស្តា ទ្រង់ត្រាស់ពាក្យដូច្នេះដទៃ អំពីពាក្យនោះថា

[៨៧] ការត្រាច់រង្គាត់ទៅអស់កាលជាអង្វែង ក្នុងជាតិនោះៗឯង ក៏ព្រោះ​តែមិន​បានឃើញនូវអរិយសច្ចទាំង ៤ តាមពិត ។ ឯអរិយសច្ចទាំង ៤ នោះ បើបុគ្គលបានឃើញ​ហើយ ខ្សែ គឺតណ្ហា ដែលអាចនាំសត្វ​អំពីភពមួយទៅភពមួយ ក៏ដាច់ហើយ​ឫសគល់​របស់ទុក្ខក៏ពុករលួយហើយ ភពថ្មីទៀតក្នុងកាលឥឡូវនេះ មិនមានឡើយ ។

[៨៨] បានឮថា កាលព្រះមានព្រះភាគ គង់នៅក្នុងកោដិគ្រាមនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ ។

[៨៩] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកោដិគ្រាម តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុ មកថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​នាទិកគ្រាម ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់នាទិកគ្រាមនោះ ព្រមដោយ​ភិក្ខុសង្ឃជាច្រើន ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងផ្ទះសំណាក់​ដែល​ធ្វើដោយឥដ្ឋ ក្នុងនាទិកគ្រាមនោះ ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ ។ ព្រះអានន្ទមានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះសាឡ្ហៈ ធ្វើ​មរណកាលក្នុងនាទិកគ្រាម គតិរបស់សាឡ្ហភិក្ខុនោះ ដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនីឈ្មោះនន្ទា ធ្វើមរណកាលក្នុងនាទិកគ្រាម គតិរបស់​ភិក្ខុនី​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះសុទត្ត ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសកនោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ឧបាសិកាឈ្មោះសុជាតា ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសិកា​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះកកុធៈ ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសក​នោះដូចម្តេច បរលោកដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះការឡិម្ភៈ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសក​ឈ្មោះ​និកដៈ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះ​កដិស្សហៈ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះតុដ្ឋៈ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសក​ឈ្មោះ​សន្តុដ្ឋៈ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះភដៈ ។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ឧបាសកឈ្មោះសុភដៈ ធ្វើមរណ​កាល​ក្នុងនាទិកគ្រាម គតិរបស់​ឧបាសក​នោះដូចម្តេច បរលោកដូចម្តេច ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ សាឡ្ហភិក្ខុ បានធ្វើ​ឲ្យជាក់ច្បាស់​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង ៤ ក្នុង​បច្ចុប្បន្ន ម្នាលអានន្ទ នន្ទាភិក្ខុនី ជាឱបបាតិកសត្វ បរិនិព្វានក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គល​លែងវិលត្រឡប់ចាកលោកនោះ ព្រោះអស់​ទៅនៃសំយោជនៈ ៥ ជាចំណែក​ខាងក្រោម (អនាគាមី) ម្នាលអានន្ទ សុទត្តឧបាសក ជាសកទាគាមី ត្រឡប់មកកាន់​លោក​នេះម្តងទៀត នឹងធ្វើនូវ​ទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ ៣ ដោយមានរាគៈ ទោសៈ មោហៈស្រាលស្តើង ម្នាលអានន្ទ សុជាតាឧបាសិកា ជាសោតាបន្នបុគ្គល ជាបុគ្គល​លែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹងទៅខាងមុខ ព្រោះ​អស់ទៅនៃសំយោជនៈ ៣ ម្នាលអានន្ទ កកុធៈឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន​ក្នុង​សុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែង​វិលត្រឡប់​ចាកលោកនោះ ព្រោះអស់​ទៅនៃ​សំយោជនៈ ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ការឡិម្ភឧបាសក ។បេ។ ម្នាលអានន្ទ និកដឧបាសក ។ ម្នាលអានន្ទ កដិស្សហឧបាសក ។ ម្នាលអានន្ទ តុដ្ឋឧបាសក ។ ម្នាលអានន្ទ សន្តុដ្ឋឧបាសក ។ ម្នាលអានន្ទ ភដឧបាសក ។ ម្នាលអានន្ទ សុភដឧបាសក ជាឱបបាតិកសត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់​ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសកជាង ៥០ នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែចាឱបបាតិក​សត្វ បរិនិព្វាន ក្នុងសុទ្ធាវាសព្រហ្មលោកនោះ ជាបុគ្គលលែងវិលត្រឡប់​ចាកលោកនោះ ព្រោះអស់ទៅនៃសំយោជនៈ ៥ ជាចំណែកខាងក្រោម ម្នាលអានន្ទ ពួកឧបាសក​៩៦​នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសកទាគាមី ត្រឡប់មក​កាន់​លោកនេះម្តង​ទៀត នឹងធ្វើនូវទីបំផុតនៃទុក្ខ ព្រោះអស់ទៅនៃសំយោជនៈ ៣ មានរាគៈ ទោសៈ មោហៈ​ស្រាលស្តើង ម្នាលអានន្ទ ពួកឧបាសក៥ ១០ នាក់ ដែលធ្វើមរណកាល ក្នុងនាទិកគ្រាម សុទ្ធតែជាសោតាបន្នបុគ្គល ជាបុគ្គលលែងធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានសេចក្តី​ត្រាស់ដឹងទៅខាងមុខ ព្រោះអស់ទៅនៃសំយោជនៈ ៣ ម្នាលអានន្ទ សត្វដែល​ជាមនុស្ស ធ្វើមរណកាលដោយហេតុណា ហេតុនោះ មិនជាអស្ចារ្យទេ ព្រោះកាល​បើ​មនុស្សនោះៗ ធ្វើមរណកាលហើយ អ្នកទាំងឡាយមុខជានឹងមករកតថាគត ហើយសួរ​នូវ​ដំណើរនោះ ម្នាលអានន្ទ នេះជាសេចក្តីលំបាកដល់តថាគតណាស់ ម្នាលអានន្ទ ព្រោះ​ហេតុនោះ អរិយសាវ័កប្រកបដោយ​ធម្មបរិយាយណា កាលបើប្រាថ្នានឹងព្យាករ ក៏​គប្បី​ព្យាករ​ខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់​បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែង​ធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹង​ទៅក្នុងខាងមុខដូច្នេះ តថាគត​នឹង​សំដែងធម្មបរិយាយនោះឈ្មោះ ធម្មាទាសៈ (ធម៌ដូចកញ្ចក់ឆ្លុះ) ម្នាលអានន្ទ អរិយ​សាវ័កប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករ​ខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់​បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល លែង​ធ្លាក់ចុះហើយ ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹង​ទៅក្នុងខាងមុខដូច្នេះ ចុះ​ធម្មបរិយាយ​ឈ្មោះធម្មាទាសៈនោះ តើដូចម្តេច ម្នាលអានន្ទ អរិយសាវ័ក​ក្នុងសាសនា​នេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគអង្គ​នោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងដោយព្រះអង្គឯង ដោយប្រពៃ ទ្រង់បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ទ្រង់ដល់នូវសុន្ទរស្ថាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរ​ដោយ​សីលាទិគុណ ទ្រង់ទូន្មានបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូនៃទេវតា និងមនុស្សទាំង​ឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មក​កាន់ភពថ្មីទៀត ដូច្នេះ អរិយសាវ័កប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ថា ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ដែលអរិយបុគ្គល គប្បី​ឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរនឹងហៅថា អ្នកចូរចូល​មក​មើលដូច្នេះបាន ជាធម៌ ដែលអរិយបុគ្គល​គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នកប្រាជ្ញទាំងឡាយ មានឧគ្ឈដិតញ្ញូបុគ្គលជាដើម គប្បីដឹងដោយជាក់​ច្បាស់​ក្នុងចិត្តនៃខ្លួនដូច្នេះ អរិយសាវ័កប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះសង្ឃ​ថា ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ដោយប្រពៃ ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគ ប្រតិបត្តិដោយត្រង់ ពួកនៃសាវ័ករបស់​ព្រះមានព្រះភាគ ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន ពួកនៃសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិដោយសមគួរ ព្រះសង្ឃ​ទាំងអស់​នោះ បើរាប់ជាគូនៃបុរស មាន ៤ បើរាប់រៀង​ជាបុរសបុគ្គល មាន ៨ ពួកនៃសាវ័ក​របស់​ព្រះមានព្រះភាគនោះ លោកគួរទទួល​នូវចតុប្បច្ច័យ ដែលគេ​នាំមកបូជា លោកគួរ​ទទួល​នូវ​អាគន្តុកទាន លោកគួរទទួលនូវទក្ខិណាទាន ជាបុគ្គលដែលសត្វលោក​គប្បីធ្វើ​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់​សត្វលោកដូច្នេះ អរិយសាវ័កប្រកប​ហើយដោយ​សីល ជាទីគាប់ចិត្តរបស់ព្រះអរិយៈ ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីល​របស់មនុស្ស​អ្នកជា ជាសីលដែលអ្នកប្រាជ្ញសរសើរ ជាសីលមិនជ្រោកជ្រាក​ដោយតណ្ហា និងទិដ្ឋិ ជាសីលញុំាងសមាធិឲ្យប្រព្រឹត្តទៅបាន ម្នាលអានន្ទ អរិយសាវ័ក​ប្រកបដោយធម្មបរិយាយណា កាលបើត្រូវការនឹងព្យាករ ក៏គប្បីព្យាករខ្លួនឯង ដោយខ្លួន​ឯងថា អាត្មាអញ អស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បេត្តិវិស័យហើយ អស់​អបាយទុគ្គតិវិនិបាតហើយ អាត្មាអញ ជាសោតាបន្នបុគ្គល លែងធ្លាក់ចុះហើយ ជាបុគ្គល​ទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខដូច្នេះ ធម្មបរិយាយនេះឯង ហៅថា ធម្មទាសៈ ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងផ្ទះសំណាក់ ធ្វើដោយឥដ្ឋក្នុងនាទិកគ្រាមនោះ​ឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ ។

[៩០] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនាទិកគ្រាម តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងទៅកាន់​ក្រុងវេសាលី ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់ក្រុងវេសាលី ព្រមដោយ​ភិក្ខុសង្ឃជាច្រើន ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលីនោះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅ​របស់​តថាគត ដល់អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុមានសតិនោះ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាកាយក្នុងកាយជាប្រក្រតី ជាអ្នក​មាន​ព្យាយាម ជាគ្រឿងដុតកំដៅកិលេស ដឹងខ្លួន មានសតិ កំចាត់បង់នូវ​អភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធ ។ ក្នុងវេទនាទាំងឡាយ ។ ក្នុងចិត្ត ។ ភិក្ខុ​ពិចារណាធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី ជាអ្នកមានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ដឹងខ្លួន មានសតិ កំចាប់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសតិ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​មាន​សម្បជញ្ញៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើនូវសេចក្តី​ដឹងខ្លួន ក្នុងកិរិយា​ឈានទៅមុខ និងការឈានថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន​ក្នុង​កិរិយា​ក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅខាង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​អង្កុញ និងកិរិយាលាតលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ទ្រទ្រង់​សង្ឃាដិ និងបាត្រ ចីវរ​ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ស៊ី ផឹក ទំពា ក្រេបជញ្ជាប់ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​​បន្ទោបង់ឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយា​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់​និយាយ និងការស្ងៀម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសម្បជញ្ញៈយ៉ាងនេះ​ឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានសតិ និងសម្បជញ្ញៈ នេះជាពាក្យប្រៀនប្រដៅ​របស់​តថាគត ចំពោះ​អ្នកទាំងឡាយ ។

[៩១] ស្រីផ្កាមាសឈ្មោះអម្ពបាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេច​មកដល់ក្រុងវេសាលី ហើយទ្រង់គង់នៅក្នុងអម្ពវ័នរបស់អាត្មាអញ ទៀបក្រុង​វេសាលី ។ ទើបស្រីផ្កាមាសឈ្មោះអម្ពបាលី ឲ្យគេរៀបចំយានទាំងឡាយ​ដ៏ថ្លៃថ្លា ហើយឡើងជិះ​លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា បរ​សំដៅ​ទៅកាន់អារាមរបស់ខ្លួន ទៅដោយយានកំណត់ត្រឹម​ទីដែល​បរយានទៅបាន រួច​ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះ​ស្រីផ្កាមាសឈ្មោះអម្ពបាលី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ។ លំដាប់​នោះ ស្រីផ្កាមាសឈ្មោះអម្ពបាលី លុះព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ព្រមទាំង​ភិក្ខុសង្ឃ ទទួលភត្ត​ខ្ញុំ​ម្ចាស់ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ នាង​អម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ ។

[៩២] ពួកស្តេចលិច្ឆវី អ្នកនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់ក្រុងវេសាលីហើយ​ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន ទៀបក្រុងវេសាលី ។ ទើបស្តេចលិច្ឆវីទាំងនោះ ឲ្យគេរៀបចំយានទាំងឡាយ​ដ៏ថ្លៃថ្លា ហើយឡើងគង់​លើយានដ៏ថ្លៃថ្លា ចេញអំពីក្រុងវេសាលី ដោយយានដ៏ថ្លៃថ្លា ។ បណ្តាស្តេចលិច្ឆវីទាំងនោះ ស្តេចលិច្ឆវីពួកខ្លះ ជាពួកខៀវ មានសម្បុរខៀវ មានសំពត់​ខៀវ មានគ្រឿងប្រដាប់ក៏ខៀវ ស្តេចលិច្ឆវីពួកខ្លះ ជាពួកលឿង មានសម្បុរលឿង មានសំពត់លឿង មានគ្រឿងប្រដាប់ក៏លឿង ស្តេចលិច្ឆវីពួកខ្លះ ជាពួកក្រហម មានសម្បុរក្រហម មានសំពត់ក្រហម មានគ្រឿងប្រដាប់ក៏ក្រហម ស្តេចលិច្ឆវីពួកខ្លះ ជាពួកស មានសម្បុរស មានសំពត់​ស មានគ្រឿងប្រដាប់ក៏ស ។​លំដាប់នោះ នាង​អម្ពបាលីផ្កាមាស បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃ​យាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ ។ ឯស្តេចលិច្ឆវីទាំងនោះ មានបន្ទូល​នឹង​នាង​អម្ពបាលីផ្កាមាស យ៉ាងនេះថា ម្នាល​មេអម្ពបាលី ហេតុអ្វីក៏នាង បំប៉ះភ្លៅដោយភ្លៅ បំប៉ះកង់ដោយកង់ បំប៉ះនឹមដោយនឹម (នៃ​យាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ បានជាខ្ញុំ​ម្ចាស់ធ្វើយ៉ាងនោះ ព្រោះ​ខ្ញុំម្ចាស់ បាននិមន្ត​ព្រះមានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ដើម្បីឆាន់ភត្តក្នុងថ្ងៃស្អែក ។ ពួក​ស្តេច​លិច្ឆវីមានបន្ទូលថា ម្នាលមេអម្ពបាលី នាងចូរឲ្យភត្តនេះមកយើងដោយតម្លៃ ​ចំនួន​១សែនកហាបណៈចុះ ។ នាងអម្ពបាលីឆ្លើយថា បពិត្រព្រះអយ្យបុត្រទាំងឡាយ ទុកជា​ព្រះអង្គប្រទាន​ក្រុងវេសាលី ព្រមទាំងជនបទដល់ខ្ញុំម្ចាស់ ក៏ខ្ញុំម្ចាស់មិនព្រមថ្វាយភត្ត​ដ៏​ប្រសើរយ៉ាងនេះឡើយ ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាមព្រះហស្ត ហើយ​ពោលថា ម្នាលគ្នាយើង ពួកយើង​នាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាលគ្នាយើង ពួក​យើងត្រូវនាងអម្ពបាលីបញ្ឆោត​បានហើយហ្ន៎ ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ក៏បរយាន​ទៅកាន់អម្ពបាលិវ័ន ។ ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ មកអំពី​ចម្ងាយ លុះទតឃើញហើយ ក៏ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនដែលឃើញពួកទេវតា នៅក្នុងឋានតាវត្តិង្ស ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងនោះ ចូរមើល​លិច្ឆវិបរិសទ្យ ចូរសង្កេតមើលលិច្ឆវិបរិសទ្យ ពិនិត្យមើលលិច្ឆវិបរិសទ្យ ដែលប្រហែលគ្នានឹងទេវតា នៅក្នុងឋានតាវត្តិង្ស ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះក៏​ទៅ​ដោយ​យាន កំណត់ត្រឹម​ទីដែល​បរយានទៅបាន ហើយ​ចុះអំពីយាន ស្តេចទៅ ដោយ​ព្រះបាទា ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចគង់ក្នុងទីសមគួរ ។ លុះ​ស្តេចលិច្ឆវីទាំងនោះ គង់​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ។ ស្តេចលិច្ឆវីទាំងនោះ លុះព្រះមានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ព្រមទាំង​ព្រះភិក្ខុសង្ឃ ទទួលភត្ត​របស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​លិច្ឆវីទាំងឡាយ តថាគតបានទទួលភត្ត របស់នាង​អម្ពបាលីផ្កាមាស ដើម្បីឆាន់​ក្នុងថ្ងៃ​ស្អែក​រួចទៅហើយ ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ផ្ទាត់ម្រាម​ព្រះហស្ត ហើយពោលថា ម្នាលគ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីឈ្នះបានហើយតើហ្ន៎ ម្នាល​គ្នាយើង ពួកយើង ឲ្យនាងអម្ពបាលីបញ្ឆោតបានហើយហ្ន៎ ។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំង​នោះ ត្រេកអររីករាយនឹងភាសិត របស់ព្រះមានព្រះភាគហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ ។ លុះកន្លងរាត្រីនោះទៅ​ហើយ នាងអម្ពបាលីផ្កាមាស តាក់តែងខាទនីយភោជនីយាហារ ដ៏ថ្លៃថ្លាក្នុងអារាមរបស់​ខ្លួន ហើយ​ឲ្យបម្រើទៅក្រាបទូលភត្តកាល ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលគួរហើយ ភត្តសម្រេចហើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ​ចីវរ​អំពីព្រលឹម ស្តេចសំដៅទៅកាន់ទីអង្គាសចង្ហាន់ របស់នាងអម្ពបាលីផ្កាមាស ព្រម​ដោយ​ភិក្ខុសង្ឃ លុះស្តេច​ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ គ្រានោះ នាងអម្ពបាលីផ្កាមាស បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដោយខាទនីយ​ភោជនីយាហារ ដ៏ឆ្ងាញ់ពីសារដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់ ។ លំដាប់នោះ នាងអម្ពបាលីផ្កាមាស កំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច​ហើយ លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈ​ទាបមួយ អង្គុយក្នុងទីដ៏សមគួរ ។ នាងអម្ពបាលីផ្កាមាស លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាប​បង្គំទូលព្រះមានព្រះភាគថា​បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ សូមថ្វាយ​អារាមនេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនូវអារាម ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងនាងអម្ពបាលីផ្កាមាស ឲ្យឃើញច្បាស់ ឲ្យ​កាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ ស្តេច​ចេញទៅ ។ បានឮថា ព្រះមានព្រះភាគ ដែលទ្រង់គង់​ក្នុងអម្ពបាលិវ័ន ទៀប​ក្រុង​វេសាលី​នោះ ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញា​ដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មាន​អានិសង្ស​ច្រើន បញ្ញា​ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែលអប់រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះចាកអាសវៈទាំងឡាយ ដោយប្រពៃ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ ។

[៩៣] លុះព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវ័ន តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ បានត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើង​នឹងចូលទៅកាន់វេឡុវគ្រាម ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅដល់​វេឡុវគ្រាម ព្រម​ដោយ​​ភិក្ខុសង្ឃជាច្រើន ។ បានឮថា ព្រះមានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថ ក្នុង​វេឡុវ​គ្រាមនោះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយ ទៅចាំ​វស្សា​​ក្នុងទីជិត​ៗ​ក្រុង​វេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាម​បុគ្គល​ដែលស្និទ្ធស្នាល​នឹងគ្នាចុះ ចំណែកតថាគត នឹងនៅចាំវស្សា​ក្នុងវេឡុវគ្រាម​នេះឯង ។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ ហើយក៏នាំគ្នាទៅចាំ​វស្សា​ក្នុងទីជិតៗក្រុងវេសាលី តាមបុគ្គលដែលជាមិត្ត តាមបុគ្គលដែលស្គាល់គ្នា តាមបុគ្គលដែលស្និទ្ធស្នាល​នឹងគ្នា ។ ចំណែកខាង​ព្រះមាន​ព្រះភាគ ទ្រង់ចាំវស្សា​ក្នុង​វេឡុវគ្រាមនោះឯង ។ កាលព្រះមានព្រះភាគ ទ្រង់គង់ចាំវស្សា ក៏មានព្រះអាពាធខ្លាំង​ក្លា​កើតឡើង វេទនាដ៏មានកម្លាំង ស្ទើរនឹងដល់មរណៈ ក៏ប្រព្រឹត្ត​ទៅ ។ បានឮថា ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់មានសតិ និងសម្បជញ្ញៈ មិនឲ្យ​ទុក្ខវេទនា​បៀតបៀនបាន ទ្រង់​អត់​សង្កត់ (ដោយអធិវាសនខន្តី) ។ គ្រានោះ ព្រះមាន​ព្រះ​ភាគ ទ្រង់មានព្រះតម្រិះ​យ៉ាង​នេះថា តថាគតមិនបានប្រាប់ពួកភិក្ខុអ្នកបម្រើ និងមិនបាន​ប្រាប់​ភិក្ខុសង្ឃ ហើយបរិនិព្វាន​ដោយហេតុណា ហេតុនោះ មិនសមគួរដល់​តថាគត​ឡើយ បើដូច្នោះ គួរ​តែតថាគតគ្របសង្កត់អាពាធនេះ ដោយសេចក្តីព្យាយាម ហើយ​អធិដ្ឋានជីវិតសង្ខារ​សម្រេច​ឥរិយាបថសិនចុះ ។ ទើប​ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់​អាពាធនោះ ដោយ​សេចក្តីព្យាយាម ហើយទ្រង់អធិដ្ឋាននូវជីវិតសង្ខារ ។ អាពាធ​នៃ​ព្រះ​មាន​ព្រះភាគនោះ ក៏​រម្ងាប់ទៅក្នុងកាលនោះឯង ។ លុះព្រះមានព្រះភាគ សះស្បើយ​អំពី​អាពាធហើយ ទើប​នឹង​ស្បើយចាកពីអាពាធមិនយូរប៉ុន្មាន ទ្រង់ស្តេចចេញអំពីវិហារ ទៅគង់​លើអាសនៈ ដែលគេបានក្រាលទុក ត្រង់ម្លប់វិហារ ។ គ្រានោះឯង ព្រះអានន្ទ​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទី​ដ៏សមគួរហើយ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះ​អង្គ បានឃើញ​ព្រះមានព្រះភាគ ទ្រង់បានសេចក្តីសប្បាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះ​អង្គ បានឃើញ​ព្រះមានព្រះភាគអត់ធន់បាន បពិត្រព្រះអង្គដ៏ចម្រើន ក៏កាយរបស់​ខ្ញុំ​ព្រះអង្គ ហាក់​ដូច​ជា​ស្រយុតស្រយង់ពេកណាស់ សូម្បីទិសទាំងឡាយ ក៏មិនប្រាកដ​ដល់​ខ្ញុំព្រះអង្គ សូម្បី​ធម៌​ទាំងឡាយ ក៏មិនច្បាស់លាស់ ដល់ខ្ញុំព្រះអង្គ ព្រោះហេតុ​ដែល​ព្រះ​មាន​ព្រះភាគ ទ្រង់ព្រះ​អាពាធ បពិត្រព្រះអង្គដ៏ចម្រើន ប៉ុន្តែខ្ញុះព្រះអង្គ មានសេចក្តី​សង្ឃឹម​ខ្លះថា ព្រះមានព្រះភាគ មិនទាន់សំដែងធម៌នីមួយដ៏ប្លែក ប្រារព្ធនឹងភិក្ខុ​សង្ឃ​ដរាបណាទេ ព្រះមានព្រះភាគ នឹងមិនទាន់បរិនិព្វានដរាបនោះ ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាល​អានន្ទ ភិក្ខុសង្ឃនៅនឹកប៉ុនប៉ងអ្វីក្នុងតថាគតទៀត ម្នាលអានន្ទ ធម៌​ដែល​តថាគត​សំដែងហើយ ធ្វើមិនឲ្យមានខាងក្នុងខាងក្រៅ ម្នាលអានន្ទ កណ្តាប់ដៃនៃអាចារ្យ មិន​មានក្នុងធម៌ទាំងឡាយ របស់តថាគតទេ ម្នាលអានន្ទ អ្នកណាមានគំនិតយ៉ាងនេះថា អាត្មាអញនឹងគ្រប់គ្រង​ភិក្ខុសង្ឃដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកអាងនូវអាត្មាអញ​ដូច្នេះក្តី ម្នាលអានន្ទ អ្នកនោះសមជាពោលពាក្យណាមួយ ប្រារព្ធនឹងភិក្ខុសង្ឃមិនខាន ។ ម្នាល​អានន្ទ តថាគត មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងគ្រប់គ្រងសង្ឃដូច្នេះ ឬថា ភិក្ខុសង្ឃជាអ្នកអាង នូវអាត្មាអញដូច្នេះសោះឡើយ ។ ម្នាលអានន្ទ ព្រះតថាគត​នឹង​ពោលពាក្យណាមួយ ប្រារព្ធនឹង​ភិក្ខុសង្ឃ ធ្វើអ្វីទៀត ។ ម្នាលអានន្ទ ឥឡូវនេះ តថាគត​គ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាល ដល់​បច្ឆិមវ័យ​ហើយ វ័យ​តថាគត បាន ៨០ ឆ្នាំហើយ ។ ម្នាលអានន្ទ រទេះចាស់ដែលបរទៅបាន ព្រោះការ​អបដោយ​ឫស្សី​យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នឹងប្រព្រឹត្តទៅបាន ដូចជារទេះ អបដោយ​ឫស្សីយ៉ាងនោះឯង ។ ម្នាលអានន្ទ សម័យណា ដែលព្រះតថាគតចូល​ចេតោសមាធិ (សេចក្តីតាំងចិត្តមាំ) ដែលមិនមាននិមិត្ត ព្រោះមិនធ្វើទុកក្នុងចិត្ត​នូវ​និមិត្ត​ទាំងពួង ព្រោះរំលត់វេទនាពួកខ្លះ ម្នាលអានន្ទ សម័យនោះ កាយនៃ​ព្រះតថាគត ក៏​បាន​សេចក្តីសប្បាយគ្រាន់បើ ។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរយកខ្លួន ជាទី​ពឹង យកខ្លួន​ជាទីរលឹក កុំយករបស់ដទៃជាទីរលឹក ចូរយកធម៌ជាទីពឹង យកធម៌​ជាទី​រលឹក កុំយករបស់ដទៃជាទីរលឹកឡើយ ។ ម្នាលអានន្ទ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌​ជាទីពឹង យកធម៌ជាទីរលឹក មិនយក​របស់​ដទៃជាទីរលឹកនោះ តើដូចម្តេច ? ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ពិចារណា​ឃើញនូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់​បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក គឺកាយ ឬឧបាទានក្ខន្ធចេញ ។ ក្នុង​វេទនា​ទាំងឡាយ ។ ក្នុងចិត្ត ។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម​ដុត​កំដៅកិលេស មានសម្បជញ្ញៈ មានសតិ កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុង​លោក​ចេញ ។ ម្នាលអានន្ទ យ៉ាងនេះឯង ភិក្ខុឈ្មោះថា យកខ្លួនជាទីពឹង យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់​ដទៃ​ជាទីរលឹក ។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះក្តី អំណើះឥតនឹងតថាគតទៅក្តី ភិក្ខុណា​មួយ យកខ្លួនជាទីពឹង​យកខ្លួន​ជាទីរលឹក មិនយករបស់ដទៃជាទីរលឹក យកធម៌ជាទីពឹង យកធម៌ជាទីរលឹក មិនយករបស់​ដទៃ​ជាទីរលឹកឡើយ ម្នាលអានន្ទ មួយទៀត ភិក្ខុ​ណាមួយ ជាអ្នកប្រាថ្នានូវសិក្ខា ភិក្ខុទាំងនោះ នឹងតាំងនៅក្នុងគុណដ៏ប្រសើរបំផុត របស់​តថាគតដែរ ។

ចប់ គាមកណ្ឌ ក្នុងមហាបរិនិព្វានសូត្រ ។

ចប់ ពុទ្ធភាណវារៈ ទី២ ។

ពុទ្ធភាណវារៈ ទី៣[កែប្រែ]

[៩៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅទ្រង់បិណ្ឌបាត្រ ក្នុងក្រុងវេសាលី លុះទ្រង់ត្រាច់ទៅបិណ្ឌបាត្រ ក្នុង​ក្រុងវេសាលីហើយ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងវេលាខាងក្រោយភត្តហើយ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យកនិសីទនៈ [អដ្ឋកថា ថា និសីទនៈ ក្នុងទីនេះ គឺចម្មខណ្ឌ] ទៅ យើងនឹងចូលទៅសម្រាក ក្នុងវេលាថ្ងៃ​ឯបាវាលចេតិយ ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា​ព្រះអង្គ ហើយក៏កាន់យកនិសីទនៈទៅតាមៗ ខាងក្រោយព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅដល់ហើយ ក៏​គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ ចំណែកខាង​ព្រះអានន្ទមានអាយុ ក៏​ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​ដូច្នេះថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរ​ត្រេក​អរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ​ជាទីគួរត្រេកអរ សារន្ទទ​ចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គល​ណា​មួយបានចម្រើនហើយ បានធ្វើ​រឿយៗហើយ ធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប [កំណត់អាយុរបស់មនុស្ស ដែលពេញគ្រប់គ្រាន់តាមកាល តាមសម័យ ហៅថា អាយុកប្ប ដូច​ក្នុងសម័យ​ព្រះពុទ្ធជាម្ចាស់យើងនេះ អាយុកប្បកំណត់១រយឆ្នាំ ។] ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​ ៤ ព្រះតថាគត បានចម្រើន​ហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បាន​តាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ តថាគតនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ។ ទុក​ជាព្រះមានព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិក​យ៉ាង​នេះ​ហើយ ព្រះអានន្ទមានអាយុ ក៏មិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនបាន​អារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគ ឋិតនៅ​អស់​១​​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សដូច្នេះសោះ ព្រោះមារ​ចូល​មក​ជ្រែក​គំនិត ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលជាគម្រប់ ​២ ដងផង ។បេ។ ព្រះ​មាន​ព្រះភាគ ទ្រង់មានព្រះបន្ទូល​នឹងព្រះអានន្ទមានអាយុ ជាគម្រប់ ៣ ដង​ផង​ថា ម្នាល​អានន្ទ ក្រុងវេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមចេតិយ ជាទីគួរ​ត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ ពហុបុត្តចេតិយ​ជាទីគួរត្រេកអរ សារន្ទទ​ចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គលណាមួយបានចម្រើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បាន​ធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១​អាយុ​កប្ប​​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​ ៤ ព្រះតថាគត បានចម្រើនហើយ បានធ្វើ​រឿយៗ​ហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ ព្រះតថាគតនោះ បើប្រាថ្នា​នឹង​ឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ។ ទុក​ជា​ព្រះមាន​ព្រះភាគ ទ្រង់ធ្វើនិមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស ជាឱឡារិកយ៉ាងនេះហើយ ព្រះអានន្ទ​មាន​អាយុ ក៏នៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ ហើយមិនបាន​អារាធនា ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគ ឋិតនៅ​អស់​១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួកទេវតា និងមនុស្សទាំងឡាយ ដូច្នេះឡើយ ព្រោះ​មារ​​​ចូល​មកជ្រែកគំនិត ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះអានន្ទ​មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរដឹងនូវកាលដែលគួរនឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយ​អង្គុយទៀប​គល់ឈើមួយ ក្នុងទីមិនឆ្ងាយ ។

[៩៥] កាលបើព្រះអានន្ទមានអាយុ ចេញទៅហើយមិនយូរប៉ុន្មាន គ្រានោះ ក្រុង​មារ​មានចិត្តបាប ក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​ឋិត​នៅក្នុង​ទីដ៏សមគួរ ។ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគ បរិនិព្វាន ក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា នែ​មារមានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក​ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់បានសង្កត់សង្កិន​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលខ្លួន​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុជាសាវ័ករបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្តតាំងទុក បើក​ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើង​​ហើយ ឲ្យ​ជាកិច្ចដែល​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយ​សំដែង​​ធម៌​ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវ​នេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះ​ព្រះ​មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​បានសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុនីជាសាវិការបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យសមហេតុ ហើយសំដែង​ធម៌ ​ប្រកបដោយបាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាល​គួរ​នឹងបរិនិព្វានរបស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ក​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ក៏ឥឡូវនេះ ពួកឧបាសក ជាសាវ័ករបស់​ព្រះមានព្រះភាគ​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌​ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកប​ដោយ​បាដិហារ្យបានហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វាន​ទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមាន​ព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ពួក​ឧបាសិកា ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ ដរាបណាទេ តថាគត ក៏នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ក៏ឥឡូវនេះ ពួកឧបាសិកា ជាសាវិការបស់​ព្រះមានព្រះភាគ បាន​ឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដ៏​សមគួរ ប្រព្រឹត្តតាមធម៌ហើយ ទាំងបានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយបានហើយ ទាំងសង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូម​ព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន ​របស់​ព្រះមានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចម្រើន មួយទៀត ព្រះមានព្រះភាគ បានត្រាស់​វាចា​នេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ [សំដៅយកសាសនា​ទាំងមូល ដែលសង្គ្រោះ​ដោយត្រៃសិក្ខា ។] របស់តថាគត​នេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា នឹងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត នឹងមិន​ទាន់បរិនិព្វានដរាបនោះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគនេះ ខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បាន​ផ្សាយទៅសព្វទិសហើយ គេបាន​ដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមាន​ព្រះភាគ​ហើយ ។ កាលបើក្រុងមារ​ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏បាន​ត្រាស់​ភាសិតនេះ ទៅនឹងក្រុង​មារ​មានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមាន​សេចក្តី​ខ្វល់ខ្វាយតិចចុះ ការ​បរិនិព្វាន​របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃ​នេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសតិ​សម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឰដ៏បាវាលចេតិយ ។ លុះព្រះមានព្រះភាគ ទ្រង់ដាក់​អាយុ​សង្ខារហើយ ក៏កក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូកភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ ក៏លាន់​ឮ​ឡើង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ជ្រាបច្បាស់​នូវដំណើរនោះហើយ ក៏បន្លឺនូវឧទាន​នេះ ក្នុងវេលានោះថា

[៩៦] ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញនូវព្រះនិព្វាន ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែល​នាំសត្វទៅកាន់ភពផង ទ្រង់​ត្រេកអរនូវអារម្មណ៍ខាងក្នុង (ដោយអំណាច​វិបស្សនា) មានព្រះហឫទ័យ​តាំង​មាំ​ហើយ (ដោយអំណាចសមថៈ)ផង ទ្រង់បានទំលាយ​នូវបណ្តាញ គឺកិលេស ដែល​កើតមាននៅក្នុងខ្លួន​ដូចជាក្រោះ ។

[៩៧] លំដាប់នោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុជាអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ ការកក្រើកផែនដីនេះ ជា​យ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏​លាន់​ឮ​ឡើង មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំ​ម្ល៉េះ ។ ទើប​ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចម្រើន មានហេតុជាអស្ចារ្យ បពិត្រព្រះអង្គដ៏ចម្រើន មានហេតុដ៏ប្លែក បពិត្រព្រះអង្គដ៏ចម្រើន ការកក្រើកផែនដីនេះ​ជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចម្រើន ការកក្រើកផែនដីនេះ ធំពេក​ណាស់ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួចរោម ទាំងផ្គរ ក៏​លាន់​ឮ​ឡើង បពិត្រព្រះអង្គដ៏ចម្រើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យកក្រើកផែនដី យ៉ាងធំ​ម្ល៉េះ ។

[៩៨] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ឯហេតុបច្ច័យ ដែលនាំឲ្យកក្រើក​ផែនដីនេះ មាន ៨ យ៉ាង ។ ហេតុបច្ច័យទាំង ៨ យ៉ាង តើដូចម្តេចខ្លះ ? ម្នាលអានន្ទ មហាប្រឹថពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ប្រតិស្ថាននៅលើអាកាស ម្នាល​អានន្ទ សម័យដែលមានខ្យល់ធំបក់ ខ្យល់ធំដែលបក់នោះ រមែងធ្វើទឹក​ឲ្យកក្រើក ឯទឹក​ដែលកក្រើកមកហើយ ក៏ធ្វើផែនដីកក្រើកដែរ នេះជាហេតុ ជាបច្ច័យទី១ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ សមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ​ក្នុងចិត្ត ឬទេវតាដែលមានឫទ្ធិធំ មានអានុភាពធំ បុគ្គល​នោះ បានចម្រើន​បឋវីសញ្ញា ឲ្យមានកំឡាំងតិច ចម្រើនអាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែង ធ្វើ​ផែនដីនេះ ឲ្យកក្រើករំពើក រំភើបញាប់ញ័របាន នេះជាហេតុ ជាបច្ច័យទី២ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិសត្វ ច្យុត​ចាកពួកទេវតា ដែលឋិតនៅក្នុង​ស្ថានតុសិត មានសតិ និងសម្បជញ្ញៈ យាងចុះកាន់​ព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី ៣ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ មានសតិ និងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី ៤ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំពើក​រំភើប​ញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី ៥ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្ត​ទៅ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើករំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៦ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត មានសតិ និងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំពើក​រំភើបញាប់ញ័រ នេះជាហេតុ បច្ច័យទី៧ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះតថាគត បរិនិព្វាន ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំពើករំភើប​ញាប់ញ័រ នេះជាហេតុ ជាបច្ច័យទី ៨ ដែល​នាំ​ឲ្យ​កក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ​កក្រើកផែនដីជាយ៉ាងធំ​មាន ៨ យ៉ាងនេះឯង ។

[៩៩] ម្នាលអានន្ទ បរិសទ្យនេះមាន ៨ ពួក ។ បរិសទ្យទាំង ៨ ពួក តើដូចម្តេច ? គឺ​ខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តិង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ ។ ម្នាលអានន្ទ ចំណែក​តថាគត ចូលទៅកាន់ខត្តិយបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់ ។ ក្នុងខត្តិយ​បរិសទ្យនោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅ​សាកច្ឆា​ជាមួយផង ។ សម្បុររបស់ជនទាំងនោះ ក្នុងពួកបរិសទ្យនោះយ៉ាងណា សម្បុរ​របស់​តថាគត យ៉ាងនោះដែរ សំឡេង​របស់ជនទាំងនោះយ៉ាងណា សំឡេងរបស់​តថាគត យ៉ាងនោះដែរ ។ មួយទៀត តថាគតបានញុំាងជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ជនទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ ។ តថាគត លុះញុំាង​ជនទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ឯជន​ទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ ។ តថាគត ចូលទៅកាន់ព្រាហ្មបរិសទ្យជាច្រើនរយ រមែងស្គាល់ច្បាស់ ។ ។បេ។ គហបតិបរិសទ្យ ។បេ។ សមណបរិសទ្យ ។បេ។ ចាតុម្មហារាជិកា​បរិសទ្យ ។បេ។ តាវត្តិង្សបរិសទ្យ ។បេ។ មារបរិសទ្យ ។បេ។ ព្រហ្មបរិសទ្យ ។ ក្នុងព្រហ្ម​បរិសទ្យ​នោះ តថាគតធ្លាប់អង្គុយជាមួយផង ធ្លាប់ចរចាជាមួយផង ធ្លាប់ចូលទៅ​សាកច្ឆា​ជា​មួយ​ផង ។ សម្បុររបស់ព្រហ្មទាំងនោះ ក្នុងព្រហ្មបរិសទ្យនោះយ៉ាងណា សម្បុរ​របស់​តថាគត ក៏យ៉ាងនោះដែរ សំឡេង​របស់ព្រហ្មទាំងនោះយ៉ាងណា សំឡេងរបស់​តថាគត ក៏​យ៉ាង​នោះដែរ ។ មួយទៀត តថាគតបានញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា កាលដែលតថាគត កំពុងនិយាយ ចំណែកខាង​ព្រហ្មទាំងនោះ មិនស្គាល់តថាគតថា ជនដែលកំពុងនិយាយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ ។ លុះតថាគត ញុំាងព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ក៏បាត់រូបទៅ កាលដែលតថាគតបាត់រូបទៅហើយ ចំណែកព្រហ្ម​ទាំងនោះ នៅតែមិនស្គាល់តថាគតថា ជនដែលបាត់ទៅហើយនេះ តើជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស ដូច្នេះ​ឡើយ ។ ម្នាលអានន្ទ បរិសទ្យមាន ៨ ពួកនេះឯង ។

[១០០] ម្នាលអានន្ទ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់នូវ​បច្ចនិកធម៌) នេះ មាន ៨ ប្រការ ។ អភិភាយតនៈ ៨ ប្រការ តើដូចម្តេច ? បុគ្គលពួក១ មានសេចក្តី​សំគាល់​នូវ​រូបខាងក្នុង [ដែលថា សំគាល់នូវរូបខាងក្នុងនោះ គឺបុគ្គលយកអាការក្នុងខ្លួន មានសក់​ជាដើម មកធ្វើបរិកម្ម ។] ហើយឃើញនូវរូបខាងក្រៅ [ដែលថា ឃើញនូវរូបខាងក្រៅ គឺឃើញនូវនិមិត្តខាងក្រៅ ដែលខ្លួន​យកអាការ​ខាងក្នុងមកបរិកម្ម ហើយកើត​និមិត្ត​ឡើងខាងក្រៅនោះឯង ។] មានប្រមាណតិច [ដែលថា មានប្រមាណតិចនោះ សំដៅ​យក​និមិត្តរបស់បុគ្គល​ដែលជាវិតក្កចរិត និមិត្តនោះ មានប្រមាណតិច ។] មានពណ៌ល្អ ឬមានពណ៌​អាក្រក់ [ដែលថា មានពណ៌ល្អនោះ សំដៅយកនិមិត្តរបស់បុគ្គល​ដែល​ជាទោសចរិត ។ ដែលថា មានពណ៌អាក្រក់នោះ សំដៅយកនិមិត្ត របស់បុគ្គល​ដែល​ជារាគចរិត ។] គ្របសង្កត់នូវរូប [ដែលថា គ្របសង្កត់នូវរូបទាំងនោះ គឺបុគ្គលបានឃើញ​នូវ​និមិត្តខាងក្រៅ ហើយកន្លងបង់នូវនិមិត្តនោះចេញ ទើបចូល​ទៅកាន់អប្បនា គឺបឋមជ្ឈាន ។] ទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី១ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណច្រើន [ដែលថា មានប្រមាណច្រើន​នោះ សំដៅយកនិមិត្តរបស់បុគ្គល​ដែលជាមោហចរិត] មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី២ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង [បុគ្គលនោះ មិនយក​អាការខាងក្នុងមកធ្វើបរិកម្ម យកវត្ថុខាងក្រៅមកធ្វើ​បរិកម្មវិញ ។] ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី ៣ ។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬមានពណ៌​អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ នេះជាអភិភាយតនៈទី ៤ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កា​កប្បាសខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី ៥ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កា​កណ្ណិការលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌លឿង មានពន្លឺលឿង ពុំនោះសោត រូបនោះ ប្រៀប​ដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់លឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជា​រូបលឿង មានពណ៌លឿង ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌លឿង មានពន្លឺលឿង គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៦ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ប្រៀបដូចផ្កា​ច្បាក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី៧ ។ បុគ្គលពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស ប្រៀបដូចផ្កា​យព្រឹកដែល ស មានពណ៌ស ជាទីចង្អុរ​ប្រាប់ថា នេះមានពណ៌ស មានពន្លឺស ពុំនោះសោត រូបនោះ ប្រៀបដូចសំពត់​កើតក្នុង​ក្រុងពារាណសី មានសាច់មដ្ឋទាំងពីរខាង ហៅថា សំពត់ស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស យ៉ាងណាមិញ បុគ្គល​ពួកមួយ មិនមានសេចក្តីសំគាល់​នូវ​រូប​ខាងក្នុង ហើយឃើញនូវ​រូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុរ​ប្រាប់​ថា នេះមានពណ៌ស មានពន្លឺស គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្តី​សំគាល់​យ៉ាងនេះ​ថា អាត្មាអញដឹង អាត្មា​អញ​ឃើញដូច្នេះ ក៏យ៉ាងនោះឯង នេះជាអភិភាយតនៈទី ៨ ។ ម្នាលអានន្ទ អភិភាយតនៈ មាន ៨ ប្រការនេះឯង ។

[១០១] ម្នាលអានន្ទ វិមោក្ខ (ធម៌ជាគ្រឿងរួចចាកអាសវៈ) នេះ មាន​ ៨ ប្រការ ។ វិមោក្ខ ៨ ប្រការ តើដូចម្តេច ? បុគ្គលបាននូវរូបជ្ឈាន [រូបាវចរជ្ឈាន ដែលកើត​អំពី​កសិណ មាននីលកសិណជាដើម ក្នុងអាការទាំង ៣២ មានសក់ ជាដើម ដែលសន្មត​ថា ជាវត្ថុ​ខាងក្នុង ។] រមែងឃើញនូវរូប គឺកសិណទាំងឡាយ មាននីលកសិណជាដើម នេះជា​វិមោក្ខទី១ ។ បុគ្គលមិនមានសេចក្តីសំគាល់​នូវរូបខាង​ក្នុង រមែងឃើញនូវរូបខាងក្រៅ​ទាំងឡាយ គឺកសិណ មាននីលកសិណជាដើម នេះជា​វិមោក្ខ ទី ២ ។ បុគ្គលមានចិត្តចុះស៊ប់កាន់ឈាន ក្នុងវណ្ណកសិណ ដែលបរិសុទ្ធ [បុគ្គលដែលបានឈាន ព្រោះអាស្រ័យវណ្ណកសិណ មាននីលកសិណជាដើម ដែលបរិសុទ្ធថ្លៃថ្លាជាងបុគ្គលទី ១ ទី ២ ។] នេះជា​វិមោក្ខទី ៣ ។ បុគ្គលដែលកន្លងនូវរូបសញ្ញា [សេចក្តីសំគាល់​ក្នុង​រូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ ។] ដល់នូវសេចក្តី​វិនាស នៃ​បដិឃសញ្ញា [សេចក្តី​សំគាល់ដែលកើតឡើងដោយវត្ថុ មានចក្ខុជាដើម ប៉ះពាល់​នឹងអារម្មណ៍​មាន​រូប​ជាដើម ។] មិនបានធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [សញ្ញាដែល​ប្រព្រឹត្តទៅក្នុង​អារម្មណ៍​ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា ។] ដោយប្រការទាំងពួង ហើយបាន​ដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អាកាស​មិនមាន​ទី​បំផុតដូច្នេះ នេះ​ជា​វិមោក្ខទី ៤ ។ បុគ្គលដែលកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយ​បាន​​ដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា វិញ្ញាណ​មិនមាន​ទី​បំផុត​ដូច្នេះ នេះជាវិមោក្ខទី ៥ ។ បុគ្គលដែលកន្លង​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយបាន​ដល់នូវ​​អាកិញ្ចញ្ញាយតនជ្ឈាន ព្រោះធ្វើទុកក្នុងចិត្តថា អ្វីតិចតួច ក៏​មិនមានដូច្នេះ នេះជាវិមោក្ខទី៦ ។ បុគ្គលដែលកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបាន​ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជាវិមោក្ខទី៧ ។ បុគ្គលដែលកន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបាន​ដល់នូវសញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) នេះជាវិមោក្ខទី ៨ ។ ម្នាល​អានន្ទ វិមោក្ខ មាន ៨ ប្រការនេះឯង ។

[១០២] ម្នាលអានន្ទ សម័យមួយ តថាគតបានត្រាស់ជាដំបូង បានគង់នៅ​ក្រោម​ដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេសឯណោះ ។ ម្នាល​អានន្ទ គ្រានោះឯង ក្រុងមារមានចិត្តបាប ចូលទៅរកតថាគត លុះចូលដល់ហើយ បានឋិត​នៅ​ក្នុងទីដ៏សមគួរ ។ ម្នាលអានន្ទ លុះក្រុងមារមានចិត្តបាប ឋិតនៅក្នុងទីដ៏សមគួរហើយ បាន​និយាយយ៉ាងនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ ម្នាលអានន្ទ កាលបើក្រុងមារ បាននិយាយ​យ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា ម្នាលមារ​​មានចិត្តបាប ពួកភិក្ខុជាសាវ័ករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែល​កើតឡើង​ហើយ ឲ្យ​ជាកិច្ចដែលសង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយបាដិហារ្យ ដរាបណាទេ តថាគត ក៏មិនបាន​បរិនិព្វាន​ដរាបនោះ ។ ម្នាលមារមានចិត្តបាប ពួកភិក្ខុនី ជាសាវិការបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវ​បរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនបានដោយល្អ តាមពាក្យដែល​សម​ហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត មិន​ទាន់​បរិនិព្វានដរាបនោះ ។ ម្នាលមារមានចិត្តបាប ពួកឧបាសក ជាសាវ័ក​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំងមិនទាន់រៀន នូវវាទៈនៃ​អាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ​ឲ្យ​ជាកិច្ចដែល​សង្កត់​សង្កិន​ដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត មិន​ទាន់បរិនិព្វានដរាបនោះ ។ ម្នាលមារមានចិត្តបាប ពួក​ឧបាសិកា ជា​សាវិកា​របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ នៅមិនទាន់​មាន ទាំង​មិន​ទាន់​បានរៀន នូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក​ចែក ធ្វើឲ្យងាយ​បាន ទាំងមិនទាន់សង្កត់សង្កិន​នូវបរប្បវាទ ដែលកើតឡើង​ហើយ ឲ្យ​ជាកិច្ចដែល​សង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសំដែង​ធម៌​ប្រកបដោយ​បាដិហារ្យបាន ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ ។ ម្នាល​មារមានចិត្តបាប ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា ទាំងមិនទាន់ពេញបរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ ។ ម្នាលអានន្ទ ថ្ងៃនេះ ក្រុងមារមានចិត្តបាប បាន​ចូលមករកតថាគត ក្នុងបាវាលចេតិយ អម្បាញ់មិញនេះឯង បានឋិតនៅក្នុង​ទី​ដ៏សមគួរ ។ ម្នាលអានន្ទ លុះមារមានចិត្តបាប បានឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បានពោល​ពាក្យនេះ នឹង​តថាគតថា បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់ព្រះមានព្រះភាគ​ហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះព្រះមាន​ព្រះភាគ បានត្រាស់ព្រះវាចានេះថា ម្នាលមារមានចិត្តបាប ពួកភិក្ខុជា​សាវ័ក​របស់​តថាគត នៅមិនទាន់​មាន ដរាបណាទេ តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ ។ ពួក​ភិក្ខុនី ជាសាវិការបស់តថាគត នៅមិនទាន់​មាន​ដរាបណា ។ ពួកឧបាសក ជាសាវ័ក​របស់តថាគត នៅមិនទាន់​មានដរាបណា ។ ពួកឧបាសិកា ជាសាវិការបស់តថាគត នៅមិនទាន់​មានដរាបណា ។ ព្រហ្មចារ្យរបស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចម្រើន មិនទាន់​ផ្សាយទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា ទាំងមិនទាន់​ពេញ​បរិបូណ៌ ដរាបណា មួយទៀត ពួកទេវតា និងមនុស្ស មិនទាន់ចេះសំដែងបាន ដោយ​ប្រពៃ ដរាបណា (តថាគត ក៏មិន​ទាន់បរិនិព្វានដរាបនោះ) ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ព្រហ្មចារ្យ របស់ព្រះមានព្រះភាគ បានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បាន​ផ្សាយទៅសព្វទិសហើយ គេបាន​ដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះសំដែងបាន ដោយល្អហើយ ។ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ សូម​ព្រះមានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត​បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ជាកាលគួរ​នឹងបរិនិព្វាន របស់ព្រះមានព្រះភាគហើយ ។ ម្នាលអានន្ទ កាល​បើ​ក្រុងមារ​បាននិយាយយ៉ាងនេះហើយ តថាគត ក៏បានពោលពាក្យនេះ ទៅនឹងក្រុង​មារ​មានចិត្តបាបថា ម្នាលមារមានចិត្តបាប ចូរអ្នកមាន​សេចក្តីខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគត​នឹងបរិនិព្វាន​ហើយ ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគត មានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុង​បាវាលចេតិយ​អម្បាញ់មិញនេះឯង ។ កាលបើព្រះមានព្រះភាគ មានពុទ្ធតម្រាស់ យ៉ាង​នេះហើយ ព្រះអានន្ទមានអាយុ ក៏បាន​ក្រាបបង្គំទូលឃាត់​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ឋិតនៅ​អស់​មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់​មួយអាយុកប្ប ដើម្បីប្រយោជន៍ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអានន្ទ ឥឡូវនេះ កុំឡើយ អ្នកកុំអង្វរ​តថាគត​ឡើយ ម្នាលអានន្ទ ឥឡូវនេះ មិនមែនជាកាល​គួរអារាធនា​តថាគតទេ ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ក្រាបបង្គំទូល ជាគម្រប់​ ២ ដងផង ។បេ។ ព្រះអានន្ទមានអាយុ បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ ជាគម្រប់ ៣ ដងផង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ឋិតនៅ​អស់​មួយអាយុកប្ប សូមព្រះសុគត ឋិតនៅអស់​មួយ​អាយុ​កប្ប ដើម្បីប្រយោជន៍ ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខ ដល់ជន​ច្រើន ដើម្បីសេចក្តី​អនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ទេវតា និងមនុស្សទាំងឡាយ ។ ម្នាលអានន្ទ អ្នកជឿពោធិញ្ញាណ​របស់​តថាគត​ដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គជឿ ។ ម្នាលអានន្ទ កាលបើអ្នកជឿដែរ ហេតុអ្វី​ក៏​អ្នកនៅ​តែ​ទទូច​តថាគត ដល់ទៅ ៣ ដង ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះពុទ្ធដីកានេះ ខ្ញុំព្រះអង្គ​បានស្តាប់ក្នុងទីចំពោះ​ព្រះភក្ត្រ បានត្រងរង ក្នុងទីចំពោះព្រះភក្ត្រថា ម្នាល​អានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គលណាមួយ បានចម្រើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យ​ដូចជា​យានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំ​ទុក​ហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់​១​អាយុ​កប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​ ៤ តថាគត បាន​ចម្រើន​ហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើស​ជាង​១អាយុកប្ប​ក៏​បាន ។ ម្នាលអានន្ទ អ្នកជឿឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ​ជឿ ។ ម្នាលអានន្ទ ហេតុ​ដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់​អ្នកហើយ ព្រោះ​តថាគត បានធ្វើនិមិត្ត​ជាឱឡារិក បានធ្វើឱភាស ជាឱឡារិក​យ៉ាងនេះ​ហើយ អ្នកនៅ​តែ​មិន​យល់សេចក្តីច្បាស់លាស់បាន មិនអារាធនាតថាគតថា សូម​ព្រះមានព្រះភាគ ឋិត​នៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ​ដល់សត្វលោក ដើម្បី​សេចក្តី​ចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​វាចារបស់អ្នក ត្រឹម​តែ​ពីរលើក តែដល់​ទៅបីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុនោះ នេះ​ជា​អំពើទាស់របស់អ្នកហើយ នេះជាកំហុសរបស់អ្នកហើយ ។

[១០៣] ម្នាលអានន្ទ សម័យមួយ តថាគតគង់នៅលើភ្នំគិជ្ឈកូដ ទៀប​ក្រុង​រាជគ្រឹះ​ឯណោះ ម្នាលអានន្ទ ក្នុងទីនោះឯង តថាគតបានពោលនឹងអ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទី​គួរ​ត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គលណាមួយ បាន​ចម្រើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធ​ដោយ​​ល្អ​ហើយ បុគ្គលនោះ កាលបើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​ ៤ តថាគតបានចម្រើនហើយ បានធ្វើ​រឿយៗហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ កាលបើតថាគតនោះ ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើតថាគត បានធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែមិនយល់សេចក្តីច្បាស់លាស់បាន មិនអារាធនា​តថាគត​ថា សូម​ព្រះមានព្រះភាគ ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់​១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​វាចារបស់អ្នក ត្រឹមតែពីរលើក តែដល់​បីលើក តថាគតគប្បីទទួល ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ ។

[១០៤] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមនិគ្រោធ ជិតក្រុង​រាជគ្រឹះ​នោះឯង ។បេ។ តថាគតនៅជិតជ្រោះ ជាទីទម្លាក់នូវចោរ ទៀបក្រុងរាជគ្រឹះនោះឯង ។ តថាគត នៅក្នុងសត្តបណ្ណគុហា (គុហាដែលសន្មត​ដោយដើម​សត្បណ្ណព្រឹក្ស) ខាង​ភ្នំ​វេភារៈ ជិតក្រុង​រាជគ្រឹះនោះឯង ។ តថាគតនៅក្នុងកាឡសិលា (ថ្មខ្មៅ) ខាងភ្នំ​ឥសិគិលិ ទៀបក្រុងរាជគ្រឹះនោះឯង ។ តថាគតនៅក្នុងសប្បសោណ្ឌិកបព្ភារៈ (ញក​មានត្រពាំង​ទឹក​ជាទីនៅ​នៃពស់) ក្នុងសីតវ័ន (ព្រៃត្រជាក់) ទៀបក្រុងរាជគ្រឹះនោះឯង ។ តថាគតនៅក្នុង​តបោទារាម (អារាមជិតស្ទឹងឈ្មោះតបោទា) ជិតក្រុងរាជគ្រឹះនោះឯង ។ តថាគត​នៅក្នុង​វេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះនោះឯង ។ តថាគត នៅក្នុងជីវកម្ពវ័ន ជិត​ក្រុង​រាជគ្រឹះនោះឯង ។ តថាគត នៅក្នុងមទ្ទកុច្ឆិមិគទាយវ័ន ជិតក្រុងរាជគ្រឹះនោះឯង ។ ម្នាល​អានន្ទ តថាគតនៅក្នុងទីអម្បាលនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងរាជគ្រឹះ ជាទី​គួរ​ត្រេកអរ ភ្នំគិជ្ឈកូដ ជាទីគួរត្រេកអរ គោតមនិគ្រោធ ជាទីគួរត្រេកអរ ជ្រោះ​សម្រាប់​ទម្លាក់​នូវចោរ ជាទីគួរត្រេកអរ សត្តបណ្ណគុហា ខាងភ្នំវេភារៈ ជាទីគួរត្រេកអរ កាឡសិលា​ខាង​ភ្នំ​ឥសិគិលិ ជាទីគួរត្រេកអរ សប្បសោណ្ឌិកបព្ភារៈ ក្នុងសីតវ័ន ជាទីគួរត្រេកអរ តបោទារាម ជាទីគួរត្រេកអរ វេឡុវនកលន្ទកនិវាបស្ថាន ជាទីគួរត្រេកអរ ជីវកម្ពវ័ន ជាទីគួរត្រេកអរ មទ្ទកុច្ឆិមិគទាយវ័ន ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គលណាមួយ បាន​ចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ។ ម្នាល​អានន្ទ ឯឥទ្ធិបាទទាំង​ ៤ តថាគតបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យ​ដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុក​ហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិត​នៅ​អស់​១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើ​តថាគត ធ្វើ​និមិត្ត​ជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះហើយ អ្នកនៅតែ​មិន​អាច​នឹង​យល់​សេចក្តី​ច្បាស់​លាស់បាន មិនអារាធនាតថាគតថា សូម​ព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ឋិតនៅអស់១អាយុកប្ប ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នក​អារាធនា​តថាគត តថាគត ​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែពីរដងប៉ុណ្ណោះ គង់នឹង​ទទួល​​អារាធនា ក្នុងវារៈជាគម្រប់ ៣ ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់ របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ ។

[១០៥] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងឧទេនចេតិយ ទៀប​ក្រុង​វេសាលី​នេះឯង ។ កាលតថាគត នៅក្នុងឧទេនចេតិយនោះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទី​គួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គលណាមួយ បាន​ចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បានសន្សំទុកហើយ បានប្រារព្ធ​ដោយ​​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើស​ជាង​​១អាយុកប្ប​ក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​ ៤ តថាគតបានចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើតថាគត​ប្រាថ្នា​នឹង​ឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាល​បើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាងនេះ​ហើយ អ្នកនៅតែ​មិន​អាចនឹងយល់សេចក្តីច្បាស់លាស់បានឡើយ មិនអារាធនា​តថាគត​ថា សូម​ព្រះមាន​ព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ទ្រង់ឋិតនៅអស់​១អាយុកប្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែ ២ ដងប៉ុណ្ណោះ គង់នឹង​ទទួល​អារាធនា ក្នុងវារៈ​ជាគម្រប់ ៣ ​ដង​មិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ ។

[១០៦] ម្នាលអានន្ទ សម័យមួយ តថាគតនៅក្នុងគោតមកចេតិយ ជិត​ក្រុងវេសាលី​នេះ​ឯង ។បេ។ តថាគត នៅក្នុងសត្តម្ពចេតិយ ជិត​ក្រុងវេសាលីនេះឯង ។ តថាគត​នៅ​ក្នុង​ពហុបុត្តចេតិយ ជិត​ក្រុងវេសាលីនេះឯង ។ តថាគតនៅក្នុង​សារន្ទទចេតិយ ជិត​ក្រុង​វេសាលីនេះឯង ។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតនៅ​ក្នុង​បាវាលចេតិយ ក្នុងថ្ងៃនេះ បានប្រាប់អ្នកថា ម្នាលអានន្ទ ក្រុងវេសាលី ជាទី​គួរ​ត្រេកអរ ឧទេនចេតិយ ជា​ទី​គួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរ​ត្រេកអរ ពហុបុត្ត​ចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ ម្នាលអានន្ទ ឥទ្ធិបាទទាំង​ ៤ បើ​បុគ្គលណាមួយ បាន​ចម្រើនហើយ បានធ្វើច្រើនហើយ បាន​ធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំងទុករឿយៗហើយ បាន​សន្សំ​ទុកហើយ បានប្រារព្ធ​ដោយ​ល្អ​ហើយ បុគ្គលនោះ បើប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅ​អស់​១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទទាំង​ ៤ តថាគត​បាន​ចម្រើន​ហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ បានធ្វើ​ឲ្យ​ជាទីនៅហើយ បានតាំង​ទុក​រឿយ​ៗ​ហើយ បានសន្សំទុកហើយ បានប្រារព្ធដោយ​ល្អ​ហើយ ម្នាលអានន្ទ បើ​តថាគត ប្រាថ្នានឹងឋិតនៅ គប្បីឋិតនៅអស់១អាយុកប្ប ឬលើសជាង​១អាយុកប្ប​ក៏បាន ម្នាលអានន្ទ កាលបើតថាគត ធ្វើនិមិត្តជាឱឡារិក ធ្វើឱភាស ជាឱឡារិក យ៉ាង​នេះ​ហើយ ក៏អ្នកនៅតែមិនអាចនឹងយល់សេចក្តីច្បាស់លាស់បាន មិនអារាធនា​តថាគត​ថា សូម​ព្រះមានព្រះភាគ ទ្រង់ឋិតនៅអស់១​អាយុ​កប្ប សូមព្រះសុគត ទ្រង់ឋិត​នៅ​អស់​១អាយុកប្ប ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់​សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដូច្នេះសោះ ម្នាលអានន្ទ បើអ្នកអារាធនាតថាគត តថាគត​គប្បី​ឃាត់​ពាក្យរបស់អ្នក ត្រឹមតែ ២ ដងប៉ុណ្ណោះ គង់នឹងទទួល​អារាធនា ក្នុងវារៈ​ជាគម្រប់ ៣ ដងមិនខាន ម្នាលអានន្ទ ព្រោះហេតុដូច្នោះ នេះជាអំពើទាស់របស់អ្នកហើយ នេះជាកំហុស​របស់អ្នក​ហើយ ម្នាលអានន្ទ តថាគតប្រាប់អ្នកជាមុនហើយ យ៉ាងនេះ​ថា សេចក្តីព្រាត់ប្រាស សេចក្តីវិនាស សេចក្តីប្រែប្រួលចាកសត្វ និងសង្ខារជាទីស្រឡាញ់ ជាទី​ពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គលគប្បី​បាននូវ​សេចក្តីទៀងទាត់ មិនព្រាត់ប្រាស ក្នុងខន្ធប្រវត្តិនេះអំពីទីណា ធម្មជាតណា កើត​ឡើងហើយ មានហើយ សង្ខារតាក់តែងហើយ តែងមានសេចក្តីវិនាស​ទៅជាធម្មតា ធម្មជាតនោះឯង បុគ្គលនឹងពោលឃាត់ថា កុំវិនាសដូច្នេះ (ដោយហេតុណា) ហេតុនោះ​មិនមានឡើយ ។ ម្នាលអានន្ទ មួយទៀត ធម្មជាតណា ដែលតថាគត​ទាត់ចោលហើយ ខ្ជាក់ចោលហើយ ជម្រុះចោលហើយ លះបង់ចោលហើយ បន្សាត់ចោលហើយ អាយុ​សង្ខារ​តថាគតដាក់ចុះហើយ វាចាតថាគតពោលដោយពិតថា បរិនិព្វាន​នៃតថាគត​មិន​យូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ តថាគត នឹងត្រឡប់​មក​កាន់ធម្មជាត​នោះវិញទៀត ព្រោះហេតុនៃជីវិតប៉ុណ្ណោះ (ដោយហេតុណា) ហេតុនោះ​មិនមានឡើយ ម្នាលអានន្ទ មក យើងនឹងទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ។ ព្រះ​អានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ លំ​ដាប់នោះ ព្រះមានព្រះភាគ ក៏ស្តេចចូលទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន មួយ​អន្លើ​ដោយព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏​មានអាយុថា ម្នាលអានន្ទ អ្នកចូរទៅឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែលអាស្រ័យនៅ ក្នុង​ក្រុងវេសាលី ទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា ។ ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ឲ្យពួកភិក្ខុទាំងប៉ុន្មាន ដែល​អាស្រ័យនៅ ក្នុងក្រុងវេសាលីទាំងអស់នោះ មកជួបជុំក្នុងឧបដ្ឋានសាលា ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទមានអាយុ ឋិតនៅក្នុង​ទី​ដ៏​សម​គួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុសង្ឃ​ប្រជុំ​គ្នា​ហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គ ទ្រង់​ជ្រាបនូវកាលគួរ ក្នុងកាលឥឡូវនេះ ។

[១០៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះ​ចូល​ទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះ​មាន​ព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសន​ព្រហ្មចរិយ​នេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការ​ដូច្នោះ ។ ម្នាលភិក្ខុ​ទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅ​អស់កាល​ដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌​ទាំងឡាយណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បី​រៀន​ដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការ​ដូច្នោះ ធម៌ទាំង​ឡាយ​នោះ តើដូច​​ម្តេច ? អ្វីខ្លះ ? គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨ ។ ម្នាលភិក្ខុទាំងឡាយ សាសន​ព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសន​ព្រហ្មចរិយៈ​នោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​សុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយ​ណា ដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ​នេះ តថាគតនឹងដាស់តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយ មានសេចក្តីវិនាស​ទៅ​ជា​ធម្មតា អ្នកទាំងឡាយ ចូរញ៉ាំងកិច្ចទាំងពួងឲ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាន នឹងមានដល់តថាគត មិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគត នឹង​បរិនិព្វាន​ហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគត ជា​សាស្តា​លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះ តទៅទៀតថា

[១០៨] ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តីស្លាប់នៅពីខាងមុខ ។ ភាជន៍ដី ដែល​ស្មូនឆ្នាំង​ធ្វើ​ហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះ មានកិរិយា​បែក​ធ្លាយ​ជា​ទី​បំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ ។

ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះ តទៅទៀតថា

វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគត មានប្រមាណតិច តថាគត​នឹង​លះ​បង់អ្នកទាំងឡាយ ហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មាន​តម្រិះ​តម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយៗចុះ ។ ភិក្ខុណាមិនប្រមាទ ហើយ​នៅ​ក្នុងធម្មវិន័យនេះ (ភិក្ខុនោះ) នឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខាន ។

ចប់ ពុទ្ធភាណវារៈទី ៣ ។

ពុទ្ធភាណវារៈ ទី៤[កែប្រែ]

[១០៩] [1] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់​ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងក្រុងវេសាលី លុះស្តេចទៅបិណ្ឌបាត ក្នុងក្រុងវេសាលី​ហើយ ទ្រង់ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ទ្រង់ងាកក្រឡេកមើល​នូវ​ក្រុង​វេសាលី ដូចជាដំរីដែលក្រឡេកបែរមើល (នូវទីខាងក្រោយ) ហើយត្រាស់នឹង​ព្រះអានន្ទ​មានអាយុថា "ម្នាលអានន្ទ តថាគត ឃើញក្រុងវេសាលីម្តងនេះ ជាបច្ឆិមទស្សនៈ (ការ​ឃើញ​ទីបំផុត) ។ ម្នាលអានន្ទ មកយើងនឹងទៅកាន់ភណ្ឌគ្រាម ។" ព្រះអានន្ទមានអាយុ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា "ព្រះករុណាព្រះអង្គ" ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់​ភណ្ឌគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន ។

[2] បាន​ឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងភណ្ឌគ្រាមនោះ ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា "ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌ទាំង ៤ យ៉ាង ។ ធម៌ទាំង ៤ យ៉ាង តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសីល (noble virtue) ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយ​សមាធិ (noble concentration) ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយបញ្ញា (noble wisdom) ។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែល​អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់​កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែ​មិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយវិមុត្តិ (noble emancipation) ។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះឯង​ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ, អរិយសមាធិ​ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ, អរិយបញ្ញា​ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ, អរិយវិមុត្តិ​ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ, ភវតណ្ហា​គឺសេចក្តីប្រាថ្នាក្នុងភព​ក៏សូន្យទៅ, ខ្សែ​គឺតណ្ហា​ដែលអាច​នាំសត្វអំពីភពមួយ​ទៅភពមួយ​ក៏អស់ទៅ, ភពថ្មីទៀត​ក៏មិនមានក្នុងកាល​ឥឡូវ​នេះឡើយ ។"

[3] ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​ដូច្នេះហើយ ព្រះសុគត ជាសាស្តា លុះទ្រង់មានព្រះបន្ទូលដូច្នេះហើយ ក៏ទ្រង់ត្រាស់ដូច្នេះតទៅទៀតថា ៖

[១១០] [4] ធម៌ទាំងនេះ គឺសីល (virtue), សមាធិ (concentration), បញ្ញា (wisdom) និងវិមុត្តិ (emancipation) ដ៏ប្រសើរ ព្រះគោតម ព្រះអង្គ​មានយស បានត្រាស់ដឹងហើយ ព្រះពុទ្ធទ្រង់ត្រាស់ដឹងយ៉ាងនេះហើយ ទើបសំដែង​ធម៌ប្រាប់ចំពោះភិក្ខុទាំងឡាយ ។ ព្រះសាស្តា​ [មានចក្ខុ (the Seer) ទ្រង់ធ្វើនូវ​ព្រះនិព្វានជាទីបំផុតនៃកងទុក្ខ (the destroyer of suffering)] ទ្រង់បរិនិព្វានហើយ ។

[១១១] [5] បានឮថា​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាម (Bhandagama) នោះ ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ចំពោះភិក្ខុទាំងឡាយយ៉ាងនេះថា "សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន, បញ្ញា ដែល​អប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន, ចិត្តដែល​អប់​រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ (taint of lust) ភវាសវៈ (taint of becoming) អវិជ្ជាសវៈ (taint of ignorance)" ។

[១១២] [6] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភណ្ឌគ្រាម តាមសមគួរ ដល់​ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា "ម្នាលអានន្ទ មក យើង​នឹងទៅកាន់ហត្ថិគ្រាម (Hatthigama) អម្ពគ្រាម (Ambagama) ជម្ពុគ្រាម (Jambugama) និងភោគនគរ (Bhoganagara) ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ភោគនគរ ព្រមដោយ​ភិក្ខុសង្ឃជាច្រើនអង្គ ។ បានឮថា​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអានន្ទចេតិយ ជិត​ភោគនគរនោះ ។

[7] ក្នុងទី​នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា "ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងមហាប្រទេសទាំង ៤ នេះ (Four Great References) ។ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃ​ចុះ តថាគតនឹងសំដែងប្រាប់ ។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។

[8-11] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ៖

[១១៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ម្នាល​អាវុសោទាំងឡាយ ពាក្យនោះ ខ្ញុំបានស្តាប់ បានទទួលចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ​ថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់ភាសិត​របស់ភិក្ខុ​នោះឡើយ ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះ គឺ​មិនមានក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះទេ ជាពាក្យដែលភិក្ខុនេះ រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនោះចេញ ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំង​ឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលភិក្ខុនេះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេស​ជាបឋមនេះចុះ ។

[១១៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃ​នៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន  ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភិក្ខុ​នោះឡើយ ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគទេ ជាពាក្យដែលភិក្ខុសង្ឃនោះ រៀនខុសដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ គ​ប្បីចោលពាក្យនោះចេញ ។ បទ និងព្យញ្ជនៈ​ទាំង​នោះ កាលបើ​អ្នកទាំង​ឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ​ទៅហើយ ក៏ប្រជុំចុះ ក្នុងព្រះសូត្រផង ប្រាកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះសង្ឃនោះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាប្រទេស​ជាគម្រប់ពីរនេះចុះ ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវាសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំ​ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះ​មុខ​ព្រះថេរៈ​ទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរនឹងភាសិត​របស់ភិក្ខុ​នោះឡើយ ។បេ។ បទ និងព្យញ្ជនៈ មិនប្រាកដក្នុងព្រះវិន័យ ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈ​ទាំងនោះ រៀនខុសដោយពិត ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ អ្នកទាំងឡាយ ត្រូវចោលពាក្យនោះចេញ ។ បទ និងព្យញ្ជនៈ​ទាំង​នោះ កាលបើ​អ្នកទាំង​ឡាយ ស្ទង់មើលក្នុងព្រះសូត្រ ។បេ។ ប្រាកដក្នុងព្រះវិន័យ ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះថេរៈទាំងនោះ រៀន​ត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេស​ជាគម្រប់ ៣ នេះចុះ ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុ​ជាថេរៈ​នៅក្នុងអាវាសឯណោះ ជាពហុស្សូត ចេះចាំ​ក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភិក្ខុ​នោះឡើយ ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ គប្បីរៀន​នូវបទ និង​ព្យញ្ជនៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យ ។ បទ និងព្យញ្ជនៈទាំងនោះ កាលបើ​អ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនប្រាកដ​ក្នុង​ព្រះវិន័យផងទេ ។ អ្នកទាំងឡាយ គប្បី​ដល់នូវ​សេចក្តីចូលចិត្ត​ក្នុងពាក្យនេះ ។បេ។ ថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ​នោះ ដែលព្រះថេរៈនោះ រៀន​ត្រូវល្អហើយ​ដោយ​ពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចាំទុក​នូវមហាបទេស​ជាគម្រប់ ៤ នេះចុះ ។  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុក​នូវ​មហាបទេស​ទាំង ៤ នេះឯង ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អានន្ទចេតិយ ជិត​ភោគនគរនោះឯង ទ្រង់ធ្វើ​ធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា សីលដូច្នេះ សមាធិដូច្នេះ បញ្ញាដូច្នេះ សមាធិដែលអប់រំដោយសីលហើយ រមែង​មាន​ផល​ច្រើន មានអានិសង្សច្រើន បញ្ញា ដែល​អប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន ចិត្តដែល​អប់​រំ​ដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ ។

[១១៧] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភោគនគរ តាមសម​គួរ​ដល់​ពុទ្ធអធ្យាស្រ័យ ហើយត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ មក យើងនឹង​ទៅ​កាន់ក្រុងបាវា ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅដល់ក្រុងបាវា ព្រម​ដោយ​ភិក្ខុសង្ឃជាច្រើន ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​អម្ពវ័ន (ព្រៃ​ស្វាយ) របស់នាយចុន្ទកម្មារបុត្ត (កូនជាងមាស) ទៀបក្រុងបាវានោះ ។ នាយចុន្ទកម្មារបុត្ត បាន​ឮដំណឹងថា ព្រះមានព្រះភាគ ស្តេច​មកដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់នៅក្នុង​អម្ពវ័ន​របស់អាត្មាអញ ទៀបក្រុងបាវា ។ គ្រានោះ នាយចុន្ទកម្មារបុត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ។ លំដាប់នោះ នាយចុន្ទកម្មារបុត្ត កាលដែលព្រះមានព្រះភាគ ទ្រង់ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ មួយអន្លើ​ដោយភិក្ខុសង្ឃ ទទួលភត្ត​របស់​ខ្ញុំ​ព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ។ ព្រះមានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត ដោយ​តុណ្ហីភាព ។ លុះនាយចុន្ទកម្មារបុត្ត បានដឹងច្បាស់ថា ព្រះមាន​ព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកទីអង្គុយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចេញទៅ ។ លុះកន្លងរាត្រីនោះទៅហើយ ទើបនាយចុន្ទកម្មារបុត្ត ក៏​ឲ្យគេចាត់ចែងខាទនីយ ភោជនីយាហារ មានរសដ៏ពីសា ព្រមទាំង​សូករមទ្ទវៈ [ពាក្យថា សូករមទ្ទវៈ បានដល់សាច់ជ្រូកដែលគេចិញ្ច្រាំឲ្យល្អិតទន់ ហើយចំអិនដោយល្អ ។ មួយទៀតថា សូករមទ្ទវៈនេះ ជាឈ្មោះ​ភោជន ដែលតាក់តែង​ត្រូវតាមតម្រា​នៃម្ហូប​មានរស​ឆ្ងាញ់ ។ អដ្ឋកថា ។] ដ៏ច្រើន ក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបទូលភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន កាលគួរហើយ ភត្តសម្រេចហើយ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ​ស្តេច​ចូលទៅកាន់លំនៅរបស់នាយចុន្ទកម្មារបុត្ត ព្រមដោយភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់​គង់រួចហើយ ក៏ត្រាស់នឹង​នាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណា ដែល​អ្នកតាក់តែងហើយ ចូរអ្នកអង្គាស​តថាគតដោយសូករមទ្ទវៈនោះចុះ ឯខាទនីយភោជនីយាហារដទៃណា ដែលអ្នកតាក់តែងហើយ ចូរអ្នកអង្គាស​ភិក្ខុសង្ឃ ដោយ​ខាទនីយភោជនីយាហារនោះចុះ ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏អង្គាស​ព្រះមានព្រះភាគ ដោយសូករមទ្ទវៈ ដែលខ្លួនតាក់តែងហើយ អង្គាសភិក្ខុសង្ឃដោយខាទនីយ​ភោជនីយាហារ​ដទៃ ដែលខ្លួនតាក់តែងហើយ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​នាយចុន្ទកម្មារបុត្តថា ម្នាលនាយចុន្ទ សូករមទ្ទវៈណារបស់អ្នក ដែលនៅសល់ អ្នកចូរ​កប់នូវ​សូករមទ្ទវៈនោះ ក្នុងរណ្តៅទៅ ម្នាលនាយចុន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញបុគ្គលណាមួយ ដែល​បរិភោគនូវសូករមទ្ទវៈនោះហើយ សូករមទ្ទវៈនោះ គប្បីដល់នូវកិរិយារលួយទៅ​ដោយ​ល្អឡើយ វៀរលែងតែតថាគតចេញ ។ នាយចុន្ទកម្មារបុត្ត ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏កប់នូវសូករមទ្ទវៈ ដែលនៅសល់​នោះ​ក្នុងរណ្តៅ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះនាយចុន្ទកម្មារបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យ​អាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក៏ក្រោកចាកអាសនៈ ស្តេចចេញទៅ ។ លុះ​ព្រះមានព្រះភាគ ទ្រង់ឆាន់ភត្តរបស់នាយចុន្ទកម្មារបុត្តរួចហើយ ព្រះអាពាធ ដ៏ខ្លាំង​ក៏​កើតឡើង វេទនាដ៏ក្លៀវក្លា កើតអំពីលោហិតប្បក្ខន្ទិកាពាធ (អាពាធចុះព្រះលោហិត) ជិត​នឹងដល់នូវមរណៈ ក៏ប្រព្រឹត្តទៅ ។ បានឮថា ព្រះមានព្រះភាគ មានព្រះសតិ និងសម្បជញ្ញៈមិនបានលំបាក ទ្រង់អត់សង្កត់​នូវវេទនានោះបាន ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទដ៏មានអាយុមកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់​ក្រុង​កុសិនារា ។ ព្រះអានន្ទដ៏មានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ ។

[១១៨] ខ្ញុំបានឮថា ព្រះពុទ្ធជាអ្នកប្រាជ្ញ ទ្រង់សោយភត្តរបស់នាយចុន្ទកម្មារបុត្ត ហើយមានព្រះអាពាធជាទម្ងន់ ជិតនឹងមរណៈ ។ ព្យាធិដ៏ក្លា កើតដល់ព្រះ​សាស្តា ដែលសោយភត្ត ដោយសូករមទ្ទវៈ ព្រះមានព្រះភាគ ទ្រង់មានអាពាធ ចុះ​ព្រះលោហិតរឿយៗ ទើបមានព្រះពុទ្ធតម្រាស់ថា តថាគត នឹងទៅកាន់​ក្រុង​កុសិនារា ។

(គាថាទាំងនេះ ព្រះសង្គីតិកាចារ្យទាំងឡាយ សំដែងហើយ ក្នុងកាលធ្វើសង្គីតិ) ។

[១១៩] [1] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចៀសចេញអំពីផ្លូវ ហើយទ្រង់ចូលទៅ​កាន់​ម្លប់ឈើ១ លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ចូរអ្នកក្រាលសង្ឃាដិ មានជាន់ ៤ ឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគត​ល្ហិតល្ហៃណាស់ តថាគតអង្គុយសិន ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មានជាន់ ៤ ថ្វាយ ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់ទឹកបន្តិច ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ គេបរឆ្លងទៅហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់​វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចម្រើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមាន​រស​ជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់​ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹង​នោះ ព្រះមានព្រះភាគ នឹងសោយទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគម្រប់ ២ ដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹកមកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់ទឹកបន្តិច ។ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគម្រប់ ២ ​ដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ រទេះចំនួន ៥០០ គេបរឆ្លង​ទៅ​ហើយ ទឹកនោះតិច កង់រទេះក៏កិន ល្អក់​វឹកវរ ហូរមក បពិត្រព្រះអង្គដ៏ចម្រើន ស្ទឹងកកុធៈជិតនៅនេះ មានទឹកថ្លា មានទឹកមាន​រស​ជាតិស្រួល មានទឹកត្រជាក់ មានទឹករង មានកំពង់​ក៏ស្រួល ជាទីគួរត្រេកអរ ក្នុងស្ទឹង​នោះ ព្រះមានព្រះភាគ នឹង​សោយ​ទឹកក៏បាន នឹងស្រង់ព្រះកាយ ឲ្យត្រជាក់ស្រួលក៏បាន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុ ជាគម្រប់ ៣ ដងទៀតថា ម្នាលអានន្ទ ចូរអ្នកទៅដងទឹក​មកឲ្យតថាគតដោយឆាប់ ម្នាលអានន្ទ តថាគតស្រេកទឹកណាស់ តថាគត​នឹងឆាន់​ទឹក​បន្តិច ។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ ហើយក៏កាន់បាត្រ ដើរតម្រង់ទៅស្ទឹងនោះ ។ លំដាប់នោះ ស្ទឹងតូច ដែល​កង់កិន ល្អក់​វឹកវរ ហូរមកនោះ កាលដែល​ព្រះអានន្ទមានអាយុ ចូលទៅដល់ហើយ ក៏ត្រឡប់ទៅជារងថ្លា មិនល្អក់ហូរមកវិញ ។ ទើប​ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ហេតុនេះជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះចំឡែកពេកណាស់ ស្ទឹងតូចនេះឯង ដែល​កង់កិន ល្អក់វឹកវរហូរមក កាលបើអាត្មាអញចូលមកដល់ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះតថាគតមាន​ឫទ្ធិធំ មានអានុភាពធំ ។ ព្រះអានន្ទ ក៏ដងទឹក​ដោយបាត្រ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ឥឡូវនេះ ស្ទឹងតូច ដែល​កង់កិន ល្អក់វឹកវរ កំពុងហូរមកនោះ កាលដែលខ្ញុំព្រះអង្គ​ចូលទៅដល់​ហើយ ក៏ត្រឡប់ទៅជាទឹករងថ្លា ស្អាត មិនល្អក់ហូរមកវិញ ព្រោះព្រះអង្គមាន​ឫទ្ធិធំ មានអានុភាពធំ សូម​ព្រះមានព្រះភាគ ទ្រង់សោយ​ព្រះសុទ្ធរស សូមព្រះសុគត ទ្រង់​សោយព្រះសុទ្ធរស ។ លំដាប់នោះ ព្រះមានព្រះភាគ ក៏ទ្រង់សោយព្រះសុទ្ធរស ។

[១២០] [2] សម័យនោះឯង មល្លបុត្ត (ព្រះរាជបុត្តនៃមល្លក្សត្រិយ៍) ព្រះនាម​បុក្កុសៈ ជាសាវ័ករបស់អាឡារតាបស កាលាមគោត្ត ចេញអំពីក្រុងកុសិនារា ដើរទៅ​តាមផ្លូវ​ឆ្ងាយ សំដៅទៅកាន់ក្រុងបាវា ។ បុក្កុសមល្លបុត្ត បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់​ឈើ១ លុះឃើញហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់​ក្នុងទីសមគួរ ។ បុក្កុសមល្លបុត្ត លុះគង់​ក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុ​នេះ អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គ​ដ៏ចម្រើន ពួកបព្វជិតតែងនៅដោយវិហារធម៌ ដ៏ស្ងប់រម្ងាប់ បពិត្រព្រះអង្គដ៏ចម្រើន មានរឿង​ពីដើមថា អាឡារតាបស កាលាមគោត្ត ដើរទៅកាន់​ផ្លូវ​ឆ្ងាយ ហើយចេញអំពីផ្លូវ ចូលទៅអង្គុយ​សម្រាក នៅក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើ១ នៅ​ជិតផ្លូវ បពិត្រព្រះអង្គដ៏ចម្រើន កាលនោះ មានរទេះចំនួន​ ៥០០ កន្លង​ហួសទៅក្បែរៗ នឹង​អាឡារតាបស កាលាមគោត្ត បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះ មានបុរសម្នាក់​ដើរមក តាម​ក្រោយពួករទេះនោះ ចូលសំដៅទៅរកអាឡារតាបស កាលាមគោត្ត លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអាឡារតាបស កាលាមគោត្តថា បពិត្រ​តាបសដ៏ចម្រើន លោកម្ចាស់បានឃើញរទេះចំនួន​ ៥០០ កន្លងហួសទៅហើយដែរឬ (​អាឡារតាបសឆ្លើយថា) ម្នាលអាវុសោ យើងមិនបានឃើញទេ (បុរសនោះសួរទៀត​ថា) បពិត្រតាបសដ៏ចម្រើន ចុះលោកម្ចាស់បានឮសូរ​សម្លេងដែរឬ ម្នាលអាវុសោ យើង​មិនបាន​ឮសូរសម្លេងទេ បពិត្រតាបសដ៏ចម្រើន ចុះលោកម្ចាស់​សិងលក់ ឬអ្វី ម្នាលអាវុសោ យើង​មិនបាន​ដេកលក់ទេ បពិត្រ​តាបសដ៏ចម្រើន ចុះលោកម្ចាស់មានសញ្ញាដែរឬ ម្នាលអាវុសោ អើ​យើងមានសញ្ញាដែរ បពិត្រតាបសដ៏ចម្រើន លោកម្ចាស់មានសញ្ញានៅភ្ញាក់រលឹក មិនបានឃើញរទេះចំនួន​ ៥០០ កន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបាន​ឮសូរ បពិត្រលោក​ម្ចាស់ដ៏ចម្រើន ចុះសង្ឃាដិរបស់លោកម្ចាស់ ប្រឡាក់ដោយធូលីដែរឬ ម្នាលអាវុសោ​ប្រឡាក់ដែរ បពិត្រព្រះអង្គដ៏ចម្រើន គ្រានោះ បុរសនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា ឱហ្ន៎ ហេតុនេះ អស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ពួកបព្វជិតតែង​នៅដោយ​វិហារធម៌ដ៏ស្ងប់រម្ងាប់ ព្រោះថា តាបសមានសញ្ញា នៅភ្ញាក់រលឹក តែ​មិនបាន​ឃើញរទេះចំនួន ៥០០ កន្លងហួសទៅក្បែរៗខ្លួន ។ ទាំងមិនបានឮសូរ ហើយបុរស​នោះ ក៏កើត​សេចក្តីជ្រះថ្លាក្រៃលែង ក្នុងអាឡារតាបស កាលាមគោត្ត ហើយចៀសចេញទៅ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ អ្នកសំគាល់ហេតុនោះដូចម្តេច បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក ​មិនបាន​ឃើញរទេះចំនួន ៥០០ ដែលកន្លងហួសទៅក្បែរៗខ្លួន ទាំងមិនបានឮសូរ បុគ្គលណាមួយ មានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះ [រន្ទះមាន ៩ យ៉ាងគឺ អសញ្ញា រន្ទះធ្វើសត្វដែលត្រូវសំឡេងរន្ទះនោះ​គ្រប​សង្កត់ឲ្យបាត់សញ្ញា១ វិចក្កា រន្ទះដែលមានសណ្ឋានមូលដូចជាកង់រទេះ១ សតេរា រន្ទះ​ដែល​មានសណ្ឋាន​ដូចជាស្លាប​ក្តោងទូក១ គគ្គរា រន្ទះដែលធ្វើសំឡេងគ្រឹកគ្រេង១ កបិសីលា រន្ទះដែល​មានអាការដូចជាស្វាញាក់ចិញ្ចើម១ មច្ឆវិលោលិកា រន្ទះ​ដែលមានអាការ​ដូចត្រីភ្លៀក១ កុក្កុដកា រន្ទះ​ដែលមានអាការដូចមាន់ទទះស្លាប១ ទណ្ឌមណិក រន្ទះដែល​មានអាការដូចផ្នៀងនង្គ័ល១ សុក្ខាសនី រន្ទះស្ងួត ធ្វើកន្លែងដែលធ្លាក់​ចុះ ឲ្យរបើកចេញទៅ ។ (អដ្ឋកថា ព្រមទាំងដីកា) ។] កំពុងបាញ់ ក៏មិនបាន​ឃើញ​ទាំងមិនបានឮសូរ (បណ្តាហេតុរបស់​បុគ្គលទាំងពីរនោះ) ហេតុណា​ហ្ន៎ ដែលធ្វើ​បានដោយកម្រ ឬដែល​មានដោយកម្រជាងគេ ។ បុក្កុសមល្លបុត្ត ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចម្រើន រទេះ ៥០០ ក្តី រទេះ ៦០០ ក្តី រទេះ ៧០០ ក្តី រទេះ ៨០០ ក្តី រទេះ​ ៩០០ ក្តី រទេះ ១០០០ ក្តី ។បេ។ រទេះ១សែនក្តី នឹងធ្វើប្រយោជន៍ដូចម្តេច បុគ្គលណាមួយ មានសញ្ញា​នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ក៏មិនបាន​ឃើញ​ទាំងមិនបានឮសូរ ហេតុនេះឯងរបស់បុគ្គលនោះ ជាហេតុដែលធ្វើបាន​ដោយកម្រ​ផង ដែល​មានដោយកម្រផង ដោយពិត ។

[១២១] [3] ម្នាលបុក្កុសៈ សម័យមួយ តថាគតនៅក្នុងរោងលានស្រូវ ទៀបក្រុង​អាតុមា​ឯណោះ ។ ក៏សម័យនោះឯង ភ្លៀងកំពុងបង្អុរចុះ ភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់​រន្ទះកំពុងបាញ់ មានអ្នកស្រែជាបងប្អូន​នឹងគ្នាពីរនាក់ និងគោ​ ៤ ត្រូវរន្ទះបាញ់ស្លាប់ ជិតរោងលានស្រូវ ។ ម្នាលបុក្កុសៈ កាលនោះឯង ពួកមហាជនចេញ​ចាកស្រុកអាតុមា ចូលទៅកាន់ទី នៃបុរសអ្នក​ស្រែពីរនាក់​បងប្អូន និងគោទាំង ៤ ដែល​រន្ទះ​បាញ់ស្លាប់នោះ ។ ម្នាលបុក្កុសៈ សម័យនោះឯង តថាគតចេញអំពីលានស្រូវ ដើរ​ចង្ក្រម​ទៅ​ក្នុងទីវាល ជិតទ្វាររោងលានស្រូវ ។ ម្នាលបុក្កុសៈ កាលនោះ មានបុរសម្នាក់​ចេញ​អំពីពួក​មហាជននោះ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំ​តថាគត រួច​ឋិតនៅក្នុងទីសមគួរ ។ ម្នាលបុក្កុសៈ លុះបុរសនោះឋិតនៅក្នុងទីសមគួរហើយ តថាគត ក៏​និយាយដូច្នេះថា ម្នាលអាវុសោ ពួកមហាជននោះប្រជុំគ្នាអំពីរឿងអ្វី ។ បុរសនោះឆ្លើយ​ថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀង​កំពុង​ធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះ កំពុងបាញ់ ក៏បាញ់ត្រូវអ្នកស្រែពីរនាក់ ជាបងប្អូន និងគោទាំង ៤ ស្លាប់ទៅ ពួកមហាជននោះប្រជុំ​គ្នា ព្រោះហេតុនេះឯង បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គទ្រង់គង់នៅក្នុងទីណា ។ តថាគត​ឆ្លើយថា ម្នាលអាវុសោ តថាគត នៅក្នុងរោងលានស្រូវនេះ ។ បុរសនោះ ក្រាបបង្គំទូល​សួរថា ចុះព្រះអង្គបានទ្រង់ទតឃើញឬទេ ។ តថាគតឆ្លើយថា ម្នាលអាវុសោ តថាគត​មិន​បានឃើញទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គបានឮសូរសំឡេងទេ ។ ម្នាលអាវុសោ តថាគតមិនបានឮសូរសំឡេងទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គផ្ទំលក់ឬអ្វី ។ ម្នាល​អាវុសោ តថាគតមិនបានលក់ទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គមានសញ្ញាដែរឬ ។ ម្នាលអាវុសោ តថាគត មានសញ្ញាដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គមានសញ្ញា នៅ​ភ្ញាក់​រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ទ្រង់មិនបាន​ឃើញ​ទាំងមិនបានឮសូរសំឡេងទេឬ ។ អើអាវុសោ ។ ម្នាលបុក្កុសៈ គ្រានោះ បុរសនោះ មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ឱហ្ន៎ ហេតុនេះ ជាអស្ចារ្យពេកណាស់ ឱហ្ន៎ ហេតុនេះ ចំឡែកពេកណាស់ ឱហ្ន៎ ពួកបព្វជិត តែងនៅដោយវិហារធម៌ដ៏ស្ងប់រម្ងាប់មែន ព្រោះថា បុគ្គលដែលមានសញ្ញា នៅភ្ញាក់រលឹក កាលដែលភ្លៀង​កំពុង​បង្អុរ​ចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេង​ឈូឆរ កាលដែល​ផ្លេកបន្ទោរកំពុង​ភ្លឺច្រវាត់ កាលដែល​រន្ទះកំពុងបាញ់ ឥតបាន​ឃើញ​ទាំងមិនបានឮសូរសោះ ។ បុរសនោះ ក៏កើតសេចក្តី​ជ្រះ​ថ្លាដោយក្រៃលែង ចំពោះតថាគត ហើយធ្វើប្រទក្សិណ ដើរចេញទៅ ។ លុះ​ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ បុក្កុសមល្លបុត្ត ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សេចក្តីជ្រះថ្លាណា របស់ខ្ញុំព្រះអង្គ ដែល​កើតឡើងក្នុងអាឡារតាបស កាលាមគោត្ត ខ្ញុំព្រះអង្គនេះ រោយចោលនូវសេចក្តី​ជ្រះថ្លានោះ ក្នុងទីមានខ្យល់ច្រើនផង បណ្តែតចោលក្នុងស្ទឹង ដែលមានខ្សែទឹក ហូររហ័ស​ផង បពិត្រព្រះអង្គដ៏ចម្រើន ភាសិតរបស់ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គល​ផ្ងារឡើងនូវរបស់​ដែលគេផ្កាប់ក្តី បើកឡើងនូវរបស់​ដែលគេគ្របទុកក្តី ចង្អុរប្រាប់​ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា អ្នក​មានចក្ខុ​នឹង​បានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាស​ដោយអនេក​បរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាសរណៈ ចាប់ដើមអំពីថ្ងៃនេះតទៅ សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវ​សមរណគមន៍​ស្មើ​ដោយជីវិត ។ គ្រានោះ បុក្កុសមល្លបុត្ត ហៅបុរសម្នាក់ថា ម្នាលនាយ ចូរអ្នកទៅយក​សំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ) មក​ដោយ​ឆាប់ ។ បុរសនោះ ទទួលបន្ទូលបុក្កុសមល្លបុត្តថា ព្រះករុណាម្ចាស់ ហើយក៏ទៅ​យក​សំពត់ ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលខ្ញុំគួរប្រើប្រាស់ (ម្តងៗ)នោះ ។ ទើប​បុក្កុសមល្លបុត្ត បង្អោន​នូវសំពត់ ដែលមានសាច់មដ្ឋ​១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ចំពោះ​ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចម្រើន សំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គីនេះ ជា​សំពត់ដែល ខ្ញុំព្រះអង្គប្រើប្រាស់ (ម្តងៗ) បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគ ទទួលនូវសំពត់នោះ ដោយអាស្រ័យ​នូវ​សេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គចុះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលបុក្កុសៈ បើដូច្នោះ អ្នកចូរឲ្យសំពត់១ មកតថាគត ឲ្យសំពត់១ ទៅអានន្ទចុះ ។ បុក្កុសមល្លបុត្ត ទទួល​ព្រះ​បន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ថ្វាយសំពត់១ ទៅ​ព្រះមានព្រះភាគ ប្រគេនសំពត់១ ទៅព្រះអានន្ទមានអាយុ ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ញុំាងបុក្កុសមល្លបុត្ត ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថា ។ គ្រានោះ បុក្កុសមល្លបុត្ត កាលដែល​ព្រះមានព្រះភាគ ទ្រង់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាច​ហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាក​អាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចេញទៅ ។

[១២២] [4] លុះបុក្កុសមល្លបុត្ត ចេញទៅមិនទាន់យូរប៉ុន្មាន ព្រះអានន្ទដ៏មានអាយុ ក៏​យកសំពត់​ដែលមានសាច់មដ្ឋ១គូ មានសម្បុរដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ) នោះ ទៅបំពាក់ព្រះកាយ​នៃ​ព្រះមានព្រះភាគ ។ ឯសំពត់ដែលព្រះអានន្ទយកទៅបំពាក់​ព្រះកាយនៃព្រះមានព្រះភាគនោះ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាស​ចាក​អណ្តាតភ្លើង ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រះឆវិវណ្ណរបស់​ព្រះតថាគត ស្អាត​បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ បពិត្រព្រះអង្គដ៏ចម្រើន សំពត់ដែលមានសាច់មដ្ឋ១គូ មានសម្បុរ​ដូចមាសសិង្គី ដែលគួរប្រើប្រាស់ (ម្តងៗ)នោះ ដែលខ្ញុំព្រះអង្គ យកទៅបំពាក់ព្រះកាយ​នៃ​ព្រះមានព្រះភាគ (ក៏អាប់សម្បុរ) ប្រាកដដូចជារងើកភ្លើង ដែលប្រាសចាកអណ្តាត​ភ្លើង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ហេតុនេះយ៉ាងនេះឯង ម្នាលអានន្ទ កាយ​តថាគតស្អាត ឆវិវណ្ណក៏​បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរ កាលទាំងពីរ តើដូចម្តេច ម្នាលអានន្ទ កាលតថាគតបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងរាត្រីណា១ កាល​តថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ក្នុងរាត្រីណា១ ម្នាលអានន្ទ កាយ​តថាគតស្អាត ឆវិវណ្ណក៏បរិសុទ្ធ ផូរផង់ក្រៃពេក ក្នុងកាលទាំងពីរនេះឯង ម្នាលអានន្ទ ក្នុងយាមជាទីបំផុតនៃរាត្រីនេះឯង បរិនិព្វាននឹងមានដល់តថាគត ក្នុងចន្លោះនៃដើម​សាលព្រឹក្សទាំងគូ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុង​ក្រុង​កុសិនារា ម្នាលអានន្ទ មកយើងនឹងទៅកាន់​ស្ទឹង​កកុធៈ ។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។

[១២៣] [5] បុក្កុសមល្លបុត្ត ថ្វាយនូវសំពត់មានសាច់មដ្ឋមួយគូ មានសម្បុរដូច​មាសសិង្គី (ចំពោះ​ព្រះសាស្តា) ព្រះសាស្តាដែលព្រះអានន្ទនោះថ្វាយ ឲ្យទ្រង់​សាដក​ហើយក៏មានសម្បុរដូចព្រះចន្ទល្អរុងរឿង ។

[១២៤] [6] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅកាន់​ស្ទឹង​កកុធៈ ព្រម​ដោយ​ភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ស្តេចចុះកាន់ស្ទឹង​កកុធៈ ស្រង់ផង [អដ្ឋកថា ថា កាលព្រះមានព្រះភាគកំពុងស្រង់ ហ្វូងត្រី និងអណ្តើកក្នុងស្ទឹង​នោះក្តី ដងព្រៃនៅក្បែរច្រាំងទាំងពីរក្តី ក៏មានសម្បុរ​ហាក់ដូចជាមាសទាំងអស់ ។] សោយ​ផង ហើយស្តេចត្រឡប់ឡើងវិញ ក៏ចូល​ទៅរកអម្ពវ័ន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់ហៅ​ព្រះចុន្ទកៈមានអាយុ មកថា ម្នាលចុន្ទកៈ ចូរអ្នកក្រាលសង្ឃាដិមានជាន់ ៤ ឲ្យតថាគត​ដោយ​​ឆាប់ ម្នាលចុន្ទកៈ តថាគតល្ហិតល្ហៃណាស់ តថាគតនឹងសិង ។ ព្រះចុន្ទកៈ​មាន​អាយុ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ក្រាលសង្ឃាដិ មាន​ជាន់​ ៤ ថ្វាយ ។ ទើបព្រះមានព្រះភាគ ទ្រង់សម្រេចសីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់​យក​ព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ ទ្រង់មានព្រះសតិ និងសម្បជញ្ញៈ ធ្វើទុក​ក្នុង​ព្រះទ័យនូវឧដ្ឋានសញ្ញា (សេចក្តីសំគាល់​ថានឹងក្រោកឡើងវិញ) ។ ឯព្រះចុន្ទកៈ​មាន​អាយុ ក៏អង្គុយចំពោះ​ព្រះភក្ត្រនៃព្រះមានព្រះភាគ ក្នុងទីនោះឯង ។

[១២៥] [7] ព្រះពុទ្ធ ទ្រង់ស្តេចទៅកាន់ស្ទឹងកកុធៈ ដែលមានទឹកថ្លា មានទឹកមានរស​ជាតិ មានទឹកស្អាត ព្រះតថាគតថាសាស្តា ឥតមានបុគ្គលប្រៀបផ្ទឹមក្នុងលោក ទ្រង់មិន​លំបាកព្រះកាយ ស្តេចចុះ (កាន់ស្ទឹង) ។ ព្រះសាស្តាទ្រង់ស្រង់ផង ទ្រង់សោយផង នូវ​ទឹកនោះ ហើយគង់ក្នុងទីកណ្តាលនៃពួកភិក្ខុ ដែលគាល់​ព្រះមានព្រះភាគ ជាសាស្តា ជា​មហេសី (អ្នកស្វែងរកគុណធំ) ព្រះអង្គញុំាង​ធម៌ឲ្យប្រព្រឹត្តទៅក្នុងសាសនានេះ ទ្រង់​ស្តេច​ចូលទៅកាន់អម្ពវ័ន ។ ទ្រង់ត្រាស់ហៅចុន្ទកភិក្ខុមកថា អ្នកចូរក្រាលសង្ឃាដិ មានជាន់ ៤ ឲ្យ​តថាគតដោយឆាប់ តថាគតនឹងសិង ព្រះចុន្ទកៈភិក្ខុនោះ កាលដែលព្រះសាស្តា មាន​ព្រះអង្គចម្រើនហើយ ទ្រង់ត្រាស់បង្គាប់ហើយ ក៏ក្រាលសង្ឃាដិ មានជាន់ ៤ ថ្វាយដោយ​ប្រញាប់ ព្រះសាស្តាមិនលំបាកព្រះកាយទ្រង់​ផ្ទំហើយ ឯព្រះចុន្ទកភិក្ខុ ក៏អង្គុយគាល់​ចំពោះ​ព្រះភក្ត្រ​ក្នុងទីនោះ ។

[១២៦] [8] គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ​បើមានបុគ្គលណាមួយ ញុំាងសេចក្តីក្តៅក្រហាយស្តាយក្រោយ ឲ្យកើត​ឡើង ដល់​ចុន្ទកម្មារបុត្តថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្សឥតលាភ អត្តភាព​ជា​មនុស្ស ក៏អ្នកបានដោយអាក្រក់ ព្រោះព្រះតថាគត សោយបច្ឆិមបិណ្ឌបាតរបស់​អ្នក​ហើយទ្រង់បរិនិព្វាន ម្នាលអានន្ទ អ្នកគប្បីបន្ទោបង់សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ របស់ចុន្ទកម្មារបុត្តយ៉ាងនេះថា ម្នាលអាវុសោចុន្ទៈ អ្នកពេញហៅជាមនុស្ស​មានលាភ អត្តភាពជាមនុស្ស អ្នកបានដោយប្រពៃហើយ ព្រោះថាព្រះតថាគត ទ្រង់សោយ​បច្ឆិម​បិណ្ឌបាតរបស់អ្នក ហើយទ្រង់បរិនិព្វាន ម្នាលអាវុសោចុន្ទៈ ពាក្យនេះ យើងបានស្តាប់​បានទទួលចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគ ដូច្នេះថា ចង្ហាន់បិណ្ឌបាតទាំងពីរ​នេះ មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មានផលច្រើនផង មានអានិសង្សច្រើនផង ក្រៃលែង​ជាងចង្ហាន់​បិណ្ឌបាតដទៃ ។ ចង្ហាន់​បិណ្ឌបាតទាំងពីរ តើដូចម្តេច ? គឺព្រះតថាគត ទ្រង់​សោយ​ចង្ហាន់​បិណ្ឌបាតណា ហើយទ្រង់បានត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណ១ ព្រះតថាគត ទ្រង់សោយចង្ហាន់បិណ្ឌបាតណា ហើយទ្រង់បរិនិព្វានដោយអនុបាទិសេស​និព្វានធាតុ១ ចង្ហាន់បិណ្ឌបាតទាំងពីរនេះឯង មានផលស្មើៗគ្នា មានវិបាកស្មើៗគ្នា មាន​ផល​ច្រើនផង មានអានិសង្សច្រើនផង ក្រៃលែងជាងចង្ហាន់​បិណ្ឌបាតដទៃ បុញ្ញកម្មដែល​ញុំាង​អាយុឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បាន​សន្សំហើយ បុញ្ញកម្មដែលញុំាង​សម្បុរ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ បុញ្ញកម្មដែលញុំាង​សេចក្តី​សុខឲ្យប្រព្រឹត្តទៅ ។បេ។ ញុំាងយសឲ្យប្រព្រឹត្តទៅ ។បេ។ ញុំាងឋាន​សួគ៌​ឲ្យ​ប្រព្រឹត្ត​ទៅ ។បេ។ ញុំាង​ភាវៈជាធំ ឲ្យប្រព្រឹត្តទៅ ចុន្ទកម្មារបុត្តមានអាយុ ក៏បានសន្សំហើយ ម្នាល​អានន្ទ អ្នកគប្បីបន្ទោបង់​សេចក្តីក្តៅក្រហាយ ស្តាយក្រោយរបស់ចុន្ទកម្មារបុត្ត យ៉ាងនេះ​ឯង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តីនេះហើយ ទ្រង់បន្លឺនូវ​ឧទាន​គាថានេះ ក្នុងវេលានោះថា

[១២៧] [9] បុណ្យ រមែងចម្រើនដល់អ្នកឲ្យទាន វេរាមិនចម្រើនដល់បុគ្គល​អ្នក​សង្រួម បុគ្គល​អ្នកឈ្លាស (បរិបូណ៌ដោយញាណ) រមែងលះបង់ នូវអំពើ​លាមកបាន បុគ្គល​នោះ ក៏បរិនិព្វាន ព្រោះអស់រាគៈ ទោសៈ មោហៈ ។

ចប់ ពុទ្ធភាណវារៈ ទី ៤ ។

ពុទ្ធភាណវារៈ ទី៥ - នៅ​ក្រុង​កុសិនារា[កែប្រែ]

[១២៨] [1] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​មានអាយុ​មកថា ម្នាលអានន្ទ មក យើងនឹងទៅកាន់ត្រើយ​ខាងនាយនៃស្ទឹង​ហិរញ្ញវតី នឹងចូល​ទៅកាន់​សាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ​ក្នុងក្រុងកុសិនារា ។ ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។

[2] ទើប​ព្រះមានព្រះភាគ ទ្រង់​ស្តេច​ទៅកាន់ត្រើយ​ខាងនាយ នៃស្ទឹង​ហិរញ្ញវតី នឹងចូល​ទៅកាន់សាលវ័ន របស់ពួក​មល្លក្សត្រ ដែលជាទីចូលទៅ ក្នុងក្រុងកុសិនារា ព្រមដោយភិក្ខុសង្ឃជាច្រើន លុះចូលទៅដល់ហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទ​មានអាយុថា ៖

[3] ម្នាលអានន្ទ ចូរអ្នក​រៀបចំ​គ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះនៃដើមសាលព្រឹក្សទាំងគូ ឲ្យ​តថាគតដោយឆាប់ ម្នាលអានន្ទ តថាគតមានកាយល្ហិតល្ហៃណាស់ តថាគតនឹងសិង ។ ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយ​រៀបចំគ្រែ ឲ្យមានក្បាលដំណេកបែរទៅទិសខាងជើង ក្នុងចន្លោះ​ដើមសាលព្រឹក្ស​ទាំងគូថ្វាយ គ្រានោះ ព្រះមានព្រះភាគ មានព្រះសតិសម្បជញ្ញៈ ទ្រង់សម្រេច​សីហសេយ្យា ផ្អៀងទៅខាងស្តាំ ទ្រង់យកព្រះបាទឆ្វេង តម្រួតលើព្រះបាទស្តាំ ។

[១២៩] [4] សម័យនោះឯង សាលព្រឹក្សទាំងគូ ក៏មានផ្ការីកស្គុះស្គាយទាំងអស់ (តាំង​ពីគល់ ដល់ចុង) ដោយអកាលបុប្ផា (ផ្កាពុំជួកាល) សាលព្រឹក្សទាំងគូនោះ ក៏រោយរាយ បាចសាច (នូវផ្កា) លើសរីរៈព្រះតថាគត ដើម្បីបូជាព្រះតថាគត សូម្បីមន្ទារវបុស្ប (ផ្កា​មន្ទារវៈ) ជាទិព្វ ក៏ធ្លាក់ចុះមកអំពីអាកាស ផ្កាទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈ​ព្រះតថាគត ដើម្បីបូជាព្រះតថាគត ។ ទាំងលំអិតខ្លឹមចន្ទន៍ជាទិព្វ ក៏ធ្លាក់ចុះមកអំពី​អាកាស លំអិតទាំងនោះ ក៏រោយរាយ បាចសាច លើសរីរៈព្រះតថាគត ដើម្បី​បូជា​ព្រះតថាគត ។ ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត ។ ទាំង​ចម្រៀងជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាព្រះតថាគត ។

[5] ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងព្រះអានន្ទ​មានអាយុថា ម្នាលអានន្ទ សាលព្រឹក្សទាំងគូ មាន​ផ្កា​រីក​ស្គុះស្គាយ​ទាំងអស់ (តាំង​ពីគល់ ដរាបដល់ចុង) ដោយអកាលបុប្ផា រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំងផ្កា​មន្ទារវៈជាទិព្វ ធ្លាក់ចុះអំពីអាកាស ផ្កាទាំងនោះ រោយរាយ បាចសាច លើសរីរៈតថាគត ដើម្បីបូជាតថាគត ទាំង​លំអិត​ខ្លឹម​ចន្ទន៍​ជាទិព្វ ធ្លាក់ចុះអំពី​អាកាស លំអិតទាំងនោះ រោយរាយ បាចសាច លើសរីរៈ​តថាគត ដើម្បី​បូជា​តថាគត ទាំងតូរ្យតន្ត្រីជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ទាំង​ចម្រៀង​ជាទិព្វ ក៏លាន់ឮឯអាកាស ដើម្បីបូជាតថាគត ។

[6] ម្នាលអានន្ទ ព្រះតថាគត មិនបានឈ្មោះថា បរិសទ្យធ្វើសក្ការៈក្តី គោរពក្តី រាប់អានក្តី បូជាក្តី និងកោតក្រែងក្តី ដោយ​ហេតុមានប្រមាណប៉ុណ្ណេះឡើយ ម្នាលអានន្ទ បុគ្គលណាមួយ ទោះបី​ភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ជាអ្នកប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិ​ដោយ​សេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ បុគ្គលនោះ ឈ្មោះថា ធ្វើសក្ការៈ គោរព រាប់អាន បូជា​តថាគត ដោយគ្រឿង​បូជាដ៏ឧត្តម ម្នាលអានន្ទ ព្រោះហេតុនោះ បរិសទ្យ​ក្នុងសាសនា​នេះ គប្បីសិក្សាថា យើងទាំងឡាយ នឹងប្រតិបត្តិនូវធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយ​សេចក្តី​កោតក្រែង ប្រព្រឹត្តតាមធម៌ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង ។

[១៣០] [7] សម័យនោះឯង ឧបវាណភិក្ខុមានអាយុ ឋិតនៅចំពោះ​ព្រះភក្ត្រ​នៃ​ព្រះមាន​ព្រះភាគ កំពុងបក់ថ្វាយព្រះមានព្រះភាគ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​បណ្តេញ​ឧបវាណមានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិតនៅខាង​មុខ​តថាគត​ឡើយ ។

[8] គ្រានោះ ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ដូច្នេះថា ព្រះឧបវាណ​មាន​អាយុនេះ ជាឧបដ្ឋាកធ្លាប់នៅជិត ដើរជិតព្រះមានព្រះភាគ ជាយូរហើយ ទើបតែក្នុង​បច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា "ម្នាលភិក្ខុ អ្នក​ចូរ​ចៀសចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ" មានហេតុដូចម្តេច មានបច្ច័យ​ដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា "ម្នាលភិក្ខុ អ្នក​ចូរ​ចៀស​ចេញ អ្នកកុំឋិតនៅខាងមុខតថាគតឡើយ" ។

[9-10] ទើប​ព្រះ​អានន្ទមានអាយុ ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះឧបវាណមានអាយុនេះ ជា​ឧបដ្ឋាកនៅជិត ដើរជិតព្រះមានព្រះភាគ ជា​យូរ​ហើយ ទើបតែក្នុងបច្ឆិមកាល (នេះ) ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មាន​អាយុ​ថា "ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នក​កុំឋិតនៅខាងមុខតថាគតឡើយ ដូច្នេះ" បពិត្រព្រះអង្គដ៏ចម្រើន មានហេតុដូចម្តេច មាន​បច្ច័យ​ដូចម្តេច បានជា​ព្រះមានព្រះភាគ ទ្រង់បណ្តេញឧបវាណ​មានអាយុថា ម្នាលភិក្ខុ អ្នកចូរចៀសចេញ អ្នកកុំឋិត​នៅ​ខាង​មុខ​តថាគតឡើយ ដូច្នេះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ទេវតាក្នុងលោកធាតុទាំង ​១០ ប្រជុំគ្នា ដើម្បីមើលតថាគតដោយច្រើន ម្នាល​អានន្ទ សាលវ័ន​របស់ពួក​មល្លក្សត្រិយ៍ ដែល​ជាទីចូល​ទៅក្នុងក្រុងកុសិនារា មានចំនួន​ ១២ ​យោជន៍​ដោយជុំវិញ មានកំណត់​ត្រឹម​ណា ប្រទេសនោះ សូម្បីគ្រាន់តែល្មមចាក់​ដោយ​ចុង​បំផុតនៃសក់ ដែលទេវតា​មានស័ក្តិធំ មិនបានពាល់ត្រូវ មិនមានឡើយ ម្នាលអានន្ទ ពួកទេវតាពោលទោសថា ពួកយើងមក​អំពី​ចម្ងាយ ដើម្បីឃើញព្រះតថាគត ៗ ជាព្រះ​អរហន្ត សម្មាសម្ពុទ្ធ កើតឡើង​ក្នុងលោក មាន​ម្តងៗ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះឯង បរិនិព្វាន នឹងមានដល់ព្រះតថាគត ក៏ភិក្ខុមានស័ក្តិធំនេះ មកឈររាំងនៅ​ចំព្រះភក្ត្រ​នៃ​ព្រះមានព្រះភាគ ពួកយើង​មិនបាន​ឃើញ​ព្រះតថាគត ក្នុងបច្ឆិមកាលឡើយ ។

[11] ព្រះអានន្ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន ចុះពួកទេវតា ធ្វើទុកក្នុងចិត្ត​ដូច​ម្តេច ?

[12-13] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដី​ក្នុង​អាកាស (និម្មិត​ផែនដី​ក្នុងអាកាស) រំសាយកេសា កន្ទក់កន្ទេញ ផ្គងនូវកំភួនដៃឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា " ព្រះមាន​ព្រះភាគ នឹងបរិនិព្វាន​ឆាប់ម្ល៉េះ ! ព្រះសុគត នឹងបរិនិព្វាន​ឆាប់ម្ល៉េះ ! ព្រះសម្ពុទ្ធ មានចក្ខុ​ក្នុង​លោក នឹងសូន្យ​បាត់ទៅឆាប់ម្ល៉េះ ! " ម្នាលអានន្ទ មានពួកទេវតា (ខ្លះ) សំគាល់ផែនដី​ក្នុង​ផែន​ដី (និម្មិត​ផែនដី​ប្រក្រតីឲ្យជាផែនដីទិព្វ) រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ​ឡើង កន្ទក់កន្ទេញ ផ្តួលខ្លួន បម្រះននៀលទៅមកបីដូចមានជើងដាច់ហើយថា "​ ព្រះមាន​ព្រះភាគ​នឹង​បរិនិព្វាន​​ឆាប់ពេកណាស់ ! ព្រះសុគត នឹងបរិនិព្វាន​ឆាប់ពេកណាស់ ! ព្រះ​សម្ពុទ្ធ​​មាន​ចក្ខុក្នុងលោក នឹងសូន្យ​បាត់ទៅឆាប់ពេកណាស់ ។

[14] ឯពួកទេវតាណា ដែល​មិន​មាន​​រាគៈ ពួក​ទេវតានោះមានសតិ និងសម្បជញ្ញៈ អត់សង្កត់សេចក្តី​សោកបាន ដោយ​គិត​ថា សង្ខារ​ទាំងឡាយមិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុង​ខន្ធ​បវត្តិនេះអំពីណា ។

[១៣១] [15] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលពីដើម ពួកភិក្ខុ​នៅចាំ​វស្សា ក្នុងទិសទាំងឡាយ រួចហើយតែងមកដើម្បីគាល់​ព្រះតថាគត យើងខ្ញុំ​ព្រះអង្គ តែងបានជួបនឹងពួកភិក្ខុអ្នកចម្រើនដោយចិត្ត ធ្លាប់បានចូលទៅអង្គុយជិតគ្នា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន លុះអំណើះឥតនឹងព្រះមានព្រះភាគទៅ យើងខ្ញុំព្រះអង្គ នឹងលែង​បាន​ជួប លែងបានចូលទៅអង្គុយ​ជិតពួកភិក្ខុ អ្នកចម្រើន​ដោយចិត្តហើយ ។

[16] ព្រះអង្គ ទ្រង់​ត្រាស់​ថា ម្នាលអានន្ទ សំវេជនីយដ្ឋាន (ទីដែលគួរកើតសង្វេគ) ដែលគួរ​ឃើញ របស់​កុលបុត្ត អ្នកមានសទ្ធានេះ ៤ កន្លែង ។ សំវេជនីយដ្ឋាន ៤ កន្លែង តើដូចម្តេច ?

[17] ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរ​ឃើញ របស់​កុលបុត្ត អ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះដូច្នេះ១

[18] ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់​កុលបុត្តអ្នកមានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត ត្រាស់ដឹងនូវអនុត្តរ​សម្មាសម្ពោ​ធិញ្ញាណ ក្នុងទីដូច្នេះ១

[19] ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត​អ្នក​មានសទ្ធា ដោយរឭកឃើញថា ព្រះតថាគត បានសំដែងនូវ​អនុត្តរធម្មចក្ក ក្នុងទីនេះ​ដូច្នេះ១

[20] ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញ របស់កុលបុត្ត​អ្នក​មានសទ្ធា ដោយរឭកឃើញថា ព្រះតថាគតបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងទី​នេះ​ដូច្នេះ១

[21] ម្នាលអានន្ទ នេះឯង សំវេជនីយដ្ឋាន ដែលគួរឃើញ ៤ កន្លែង របស់កុលបុត្ត​អ្នក​មានសទ្ធា ម្នាលអានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា អ្នកមានសទ្ធា នឹងមក​ដោយ​រឭក​ឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគតត្រាស់ដឹងនូវ​អនុត្តរ​សម្មាសម្ពោធិញ្ញាណក្នុងទីនេះដូច្នេះក្តី ព្រះតថាគត សំដែង​នូវអនុត្តរធម្មចក្កក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគត បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះ ដូច្នេះក្តី

[22] ម្នាលអានន្ទ ពួកជនណាមួយ នឹងបានដើរមកកាន់ទីចារិកនៃចេតិយ ក៏មានចិត្តជ្រះថ្លា បើប្រសិនជាធ្វើមរណកាលទៅ ពួកជនទាំងអស់នោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ នឹងចូលទៅកាន់លោក គឺមនុស្សសុគតិ និងឋានសួគ៌ ។

[១៣២] [23] ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចុះខ្ញុំព្រះអង្គ​ទាំង​ឡាយ ត្រូវប្រតិបត្តិក្នុងមាតុគ្រាមដូចម្តេច ? ព្រះអង្គ ត្រាស់ថា ម្នាលអានន្ទ ត្រូវកុំមើល ។ បពិត្រព្រះមានព្រះភាគ កាលបើមើលហើយ គប្បីប្រតិបត្តិដូចម្តេច ? ម្នាលអានន្ទ ត្រូវ​កុំ​និយាយរក ។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើនិយាយរកហើយ គប្បីប្រតិបត្តិដូចម្តេច​ទៀត ? ម្នាលអានន្ទ គប្បីតាំងសតិឲ្យមាំ ។

[១៣៣] [24] បពិត្រព្រះអង្គដ៏ចម្រើន ចុះខ្ញុំព្រះអង្គទាំងឡាយ ត្រូវប្រតិបត្តិក្នុងសរីរៈ​ព្រះតថាគតដូចម្តេច ? ម្នាលអានន្ទ អ្នកទាំងឡាយ កុំខ្វល់ខ្វាយ ដើម្បីបូជាសរីរៈ​តថាគត​ឡើយ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរខំព្យាយាម ក្នុងប្រយោជន៍​របស់ខ្លួនចុះ [អដ្ឋកថា ថា សំដៅយកអរហត្តផល ។] ចូរខ្មីឃ្មាត សង្វាតក្នុងប្រយោជន៍របស់ខ្លួនចុះ កុំប្រមាទក្នុង​ប្រយោជន៍របស់ខ្លួន ចូរមានព្យាយាម មានចិត្តបញ្ជូនទៅ (កាន់​ព្រះនិព្វាន) ចុះ ម្នាលអានន្ទ គង់តែមានខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតីបណ្ឌិតក្តី ជ្រះថ្លា​ក្នុង​តថាគត គេនឹងធ្វើការបូជាសរីរៈតថាគតមិនខាន ។

[25] បពិត្រព្រះអង្គដ៏ចម្រើន ចុះជនទាំង​ឡាយនោះ គប្បីប្រតិបត្តិ​ក្នុងសរីរៈព្រះតថាគតដូចម្តេច ? ម្នាលអានន្ទ ជនទាំងឡាយ តែងប្រតិបត្តិ​ក្នុងសរីរៈព្រះចក្រពត្តិរាជ យ៉ាងណាមិញ ជនទាំងនោះ គប្បីប្រតិបត្តិ​ក្នុង​សរីរៈ​តថាគតយ៉ាងនោះដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះជនទាំងនោះ ប្រតិបត្តិ​ក្នុងសរីរៈព្រះចក្រពត្តិរាជ ដូចម្តេច ?

[26] ម្នាលអានន្ទ ជនទាំងឡាយ រុំសរីរៈព្រះចក្រពត្តិរាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួចហើយ ទើបរុំដោយសំឡី លុះរុំដោយសំឡីរួចហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃចក្រពត្តិរាជ ដោយសំពត់ ៥០០ គូ ដោយ​ទំនង​នេះ ហើយតំកល់ក្នុងមឈូសមាស [ពាក្យថា មឈូស ប្រែចេញពីបាលីថា ទោណិ ដែល​ធ្លាប់ប្រែថា ស្នូក តែដែលប្រែថាមឈូស ដូច្នេះ តាមលំនាំសេចក្តីជាខ្មែរ ។ ពាក្យថា មាស ប្រែចេញពីបាលីថា អយសៈ ដែលក្នុងទីឯទៀត តែងប្រែថា ដែក តែក្នុងទីនេះ អដ្ឋកថា ប្រាប់ឲ្យប្រែថា មាស ។] ដែលដាក់ប្រេង ហើយគ្របដោយមឈូសមាសដទៃ [គ្របមឈូស​ឬគ្របភ្ងាស] រួចធ្វើជើងថ្ករ ហើយថ្វាយព្រះភ្លើង ចំពោះសរីរៈព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើស្តូប នៃព្រះចក្រពត្តិរាជ ក្នុងផ្លូវ​ធំបែក​ជា​ ៤ ម្នាលអានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈ​ព្រះរាជាចក្រពត្តិយ៉ាងនេះឯង ម្នាល​អានន្ទ ជនទាំងឡាយ ប្រតិបត្តិក្នុងសរីរៈ​ព្រះចក្រពត្តិរាជយ៉ាងណាមិញ ជនទាំងនោះ គប្បី​ប្រតិបត្តិ​ក្នុងសរីរៈ​តថាគត គប្បីធ្វើស្តូបរបស់តថាគត ក្នុងផ្លូវធំបែកជា ៤ យ៉ាងនោះចុះ ពួកជនណានឹងលើកឡើងនូវកម្រងផ្កាក្តី គ្រឿងក្រអូបក្តី គ្រឿងលំអិតក្តី ឬនឹងថ្វាយបង្គំ ឬធ្វើចិត្ត​ឲ្យជ្រះថ្លា ក្នុងស្តូបនោះ អំពើនោះ របស់​ជនទំាងនោះ នឹងនាំមកនូវប្រយោជន៍ និង​សេចក្តីសុខអស់កាលយូរ ។

[១៣៤] [27] ម្នាលអានន្ទ ថូបារហបុគ្គល (បុគ្គលដែលគួរដល់ស្តូប) នេះ មាន ៤ ពួក ។ ថូបារហបុគ្គល ៤ ពួក តើដូចម្តេចខ្លះ ? គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល​១ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល១ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល១ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល១ ។

[28-31] ម្នាលអានន្ទ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច ? ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបរបស់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ [អដ្ឋកថា សង្គ្រោះយកទាំងមនុស្សសុគតិចូលផង ។] ឋានសួគ៌ ម្នាល​អានន្ទ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង ។ ម្នាល​អានន្ទ ព្រះបច្ចេកសម្ពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច ? ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយ​សំគាល់​​ថា នេះជាស្តូបរបស់​ព្រះបច្ចេកពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្ត​ឲ្យ​ជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិឋានសួគ៌ ម្នាល​អានន្ទ ព្រះបច្ចេកពុទ្ធ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង ។ ម្នាល​អានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច ? ម្នាលអានន្ទ ពួកជន​ជាច្រើន ធ្វើចិត្តឲ្យជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបនៃសាវ័ក របស់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ ឋានសួគ៌ ម្នាល​អានន្ទ សាវ័ករបស់ព្រះតថាគត ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង ។ ម្នាល​អានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច ? ម្នាលអានន្ទ ពួកជនជាច្រើន ធ្វើចិត្ត​ឲ្យ​ជ្រះថ្លា ដោយសំគាល់​ថា នេះជាស្តូបរបស់​ព្រះធម្មរាជ ដែលទ្រង់​ធម៌នោះ ពួកជនទាំងនោះ លុះធ្វើចិត្តឲ្យជ្រះថ្លា ក្នុងស្តូបនោះ លុះបែកធ្លាយរាងកាយទៅ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ រមែង​ចូលទៅ​កាន់លោក គឺសុគតិ ឋានសួគ៌ ម្នាល​អានន្ទ ព្រះចក្រពត្តិរាជ ជាថូបារហបុគ្គល ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​នេះឯង ។ ម្នាល​អានន្ទ ថូបារហបុគ្គល មាន ៤ ពួកនេះឯង ។

[១៣៥] [32] គ្រានោះ​ព្រះអានន្ទមានអាយុ ចូលទៅកាន់វិហារ ក៏តោងនូវឈើ មានសណ្ឋានដូចក្បាលស្វា (ត្រដោកទ្វារ) ឈរយំ រៀបរាប់ថា "ឱអាត្មាអញ ជាសេក្ខបុគ្គល មានកិច្ចគួរធ្វើតទៅទៀតនៅឡើយ ក៏ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់​អាត្មាអញ នឹងទ្រង់បរិនិព្វាន ! "

[33] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ អានន្ទទៅណា ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះ​អានន្ទមានអាយុ ចូលទៅកាន់​រោងសម្រាប់សម្រាកកាយ តោងត្រដោកទ្វារ ឈរយំរៀប​រាប់​ឯណោះថា " ឱអាត្មាអញ នៅជាសេក្ខបុគ្គល មានកិច្ច​គួរធ្វើតទៅទៀតនៅឡើយ ព្រះសាស្តារបស់អាត្មា ដែលជាអ្នកអនុគ្រោះ ដល់​អាត្មាអញ នឹងទ្រង់បរិនិព្វាន !"

[34] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ហៅភិក្ខុ១រូប​មកថា ម្នាលភិក្ខុ អ្នកចូរទៅ​ហៅ​អានន្ទ តាមពាក្យ​តថាគតថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក ។ ភិក្ខុនោះ ទទួលព្រះបន្ទូលនៃព្រះ​មានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយទៅនឹង​ព្រះអានន្ទមានអាយុ​ដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះសាស្តាទ្រង់ត្រាស់ឲ្យហៅអ្នក ។ ព្រះអានន្ទមានអាយុ ទទួលពាក្យរបស់ភិក្ខុនោះថា អើអាវុសោ ហើយក៏ចូលទៅគាល់​នូវ​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។

[35] លុះ​ព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ​ថា "ម្នាលអានន្ទ ណ្ហើយ អ្នកកុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអានន្ទ តថាគត បាន​ប្រាប់អ្នកជាមុនហើយ យ៉ាងនេះថា សេចក្តីព្រាត់ប្រាស វិនាសប្រែប្រួល ចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជាធម្មតា ព្រោះហេតុនោះ បុគ្គល​គប្បីបាន​នូវសេចក្តី​មិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះមកអំពីណា ធម្មជាត​ណាដែលកើតហើយ ដែលមានហើយ ដែលបច្ច័យ​តាក់តែងហើយ មានសេចក្តី​ទ្រោមទ្រុឌ ទៅជាធម្មតា ធម្មជាតនោះ បុគ្គលនឹងពោលឃាត់ថា កុំទ្រោមទ្រុឌទៅ ដូច្នេះ (​ដោយហេតុណា) ហេតុនោះ មិនមានឡើយ ម្នាលអានន្ទ ខ្លួនអ្នកបានបម្រើតថាគត មកជា​យូរអង្វែងហើយ ដោយកាយកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍​និងសេចក្តីសុខ មិនមានចំណែកពីរ [អដ្ឋកថា ថា បុគ្គលពួកមួយ ធ្វើការបំរើតែក្នុងទីចំពោះមុខ មិនបានធ្វើ​ក្នុងទីកំបាំងមុខ បុគ្គលពួកមួយទៀត ធ្វើការបំរើតែក្នុងទីកំបាំងមុខ មិនបានធ្វើ​ក្នុងទី​ចំពោះមុខ ឯកាយកម្មរបស់ព្រះអានន្ទ មិនដូច្នោះទេ ទើបឈ្មោះថា មិនមាន​ចំណែកពីរ ។] ជាកម្មប្រមាណមិនបាន ដោយវចីកម្មប្រកបដោយមេត្តា នាំមកនូវ​ប្រយោជន៍នឹងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ដោយមនោកម្ម​ប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណ​មិនបាន ម្នាលអានន្ទ ខ្លួនអ្នកជាបុគ្គល​បានធ្វើបុណ្យទុកហើយ ចូរ​ប្រកប​ព្យាយាមឲ្យរឿយៗចុះ នឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់ ។"

[36] ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា "ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ​ទាំង​ឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែល​មានក្នុងអតីតកាល ពួកភិក្ខុជាឧបដ្ឋាករបស់​ព្រះមានព្រះភាគទាំងនោះ មានកំណត់ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានមក ក្នុងអនាគតកាល ពួកភិក្ខុជាឧបដ្ឋាករបស់​ព្រះមានព្រះភាគទាំងនោះ មាន​កំណត់​ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ " ។

[37] ម្នាលភិក្ខុទាំងឡាយ អានន្ទជាបណ្ឌិត តែង​ដឹង​ដូច្នេះថា កាលនេះ ជាកាលគួរនឹងចូលទៅគាល់ព្រះតថាគត កាលនេះ ជាកាល​គួរ​របស់​ពួកភិក្ខុ កាលនេះ ជាកាលគួររបស់ពួកភិក្ខុនី កាលនេះ ជាកាលគួររបស់ពួក​ឧបាសក កាលនេះ ជាកាលគួររបស់ពួកឧបាសិកា កាលនេះ ជាកាលគួររបស់ព្រះរាជា និង​រាជមហាមាត្យ កាលនេះ ជាកាលគួររបស់ពួកតិរ្ថិយ កាលនេះ ជាកាលគួររបស់តិត្ថិយសាវ័ក ។

[១៣៦] [38] ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ (ធម៌ជាអស្ចារ្យចំឡែក) ទាំងឡាយ​ ៤ ​យ៉ាងនេះ មាននៅក្នុងអានន្ទ ។ ធម៌ទាំង ៤ ដូចម្តេចខ្លះ ? ម្នាលភិក្ខុទាំងឡាយ បើបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ភិក្ខុនីបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុនីបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យនោះ រមែង​មាន​សេចក្តី​ត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសកបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ។​ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ។ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ ៤ នេះឯង មាននៅក្នុងអានន្ទ ។

[39] ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ ៤ យ៉ាងនេះ មាននៅក្នុងព្រះចក្រពត្តិរាជ ។ ម្នាលភិក្ខុទាំងឡាយ បើខត្តិយបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ ខត្តិយបរិសទ្យ​នោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើព្រះចក្រពត្តិរាជ មាន​ព្រះបន្ទូល​ក្នុងទីនោះ ខត្តិយបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ខត្តិយបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជ​ស្ងៀម​ទៅ ។ ម្នាលភិក្ខុទាំងឡាយ បើព្រាហ្មណបរិសទ្យ, គហបតិបរិសទ្យ, សមណបរិសទ្យ ចូលទៅដើម្បីគាល់ព្រះចក្រពត្តិរាជ សមណបរិសទ្យ​នោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​គាល់ បើព្រះចក្រពត្តិរាជ មាន​ព្រះបន្ទូល​ក្នុងទីនោះ សមណបរិសទ្យនោះ មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ សមណបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែព្រះចក្រពត្តិរាជ​ស្ងៀម​ទៅ ។

[40] ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំង​ឡាយ ៤ យ៉ាងនេះ មាននៅក្នុងអានន្ទដូច្នោះឯង ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុបរិសទ្យ​ចូលទៅដើម្បីជួបនឹងអានន្ទ ភិក្ខុបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ​, ឧបាសកបរិសទ្យ, ឧបាសិកាបរិសទ្យ​ចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែង​មានសេចក្តីត្រេកអរ ដោយការបាន​ជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយ​ភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែត​នៅឡើយ ក៏ស្រាប់តែ​អានន្ទ​ស្ងៀម​ទៅ ។ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ ៤ យ៉ាងនេះឯង មាន​នៅ​ក្នុង​អានន្ទ ។

[១៣៧] [41] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា "បពិត្រព្រះអង្គដ៏ចម្រើន សូម​ព្រះមានព្រះភាគ កុំបរិនិព្វាន (ក្នុងនគរកុសិនារា) ជានគរតូច ជានគរទួល ជាសាខានគរនេះឡើយ ។ បពិត្រព្រះអង្គដ៏ចម្រើន មានមហានគរដទៃគឺ នគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី ពារាណសី សូម​ព្រះមានព្រះភាគ បរិនិព្វានក្នុងនគរទាំងនោះ ខត្តិយមហាសាល [ក្សត្រិយ៍ ដែលមានទ្រព្យកប់ទុកចំនួន១រយកោដិ ឬ១ពាន់កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន ១ រទេះ វេលាល្ងាច មានកហាបណៈ ចំនួន​ ២ រទេះចូលមកវិញ ហៅថា ខត្តិយមហាសាល ។] ព្រាហ្មណមហាសាល [ព្រាហ្មណ៍ដែលមានទ្រព្យកប់ទុក ចំនួន ​៨០ កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១កុម្ភៈ វេលាល្ងាច មាន​កហាបណៈ ចំនួន១រទេះចូលមកវិញ ហៅថា ព្រាហ្មណមហាសាល ។] គហបតី​មហាសាល [គហបតី ដែលមានទ្រព្យកប់ទុកចំនួន​ ៤០ កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន ៥ អម្ពណៈ វេលាល្ងាច មានកហាបណៈ ១កុម្ភៈចូលមកវិញ ហៅថា គហបតីមហាសាល ។ សំដែងរឿងរង្វាស់ថា ៤ ក្តាប់ ត្រូវជា១កុឌវៈ ៤ កុឌវៈ ត្រូវជា​១បត្តៈ ៤ បត្តៈ ត្រូវជា១អាឡ្ហកៈ ៤ អាឡ្ហកៈ ត្រូវជា១ទោណៈ ៤ ទោណៈ ត្រូវជា​១មាតិកា ៤ មាតិកា ត្រូវជា​១ខារិ (អម្រែក) ២០ ខារិ ត្រូវជា ១ សកដៈ គឺរទេះ ។ មួយទៀតថា ១ទូកដៃ ហៅថា ១ កុឌវៈ ៤ កុឌវៈ ត្រូវជា​១បត្តៈ ៤ បត្តៈ ត្រូវជា១អាឡ្ហកៈ ៤ អាឡ្ហកៈ ត្រូវជា១​ទោណៈ ១១ ទោណៈ ត្រូវជា​ ១១ អម្ពណៈ ១០ អម្ពណៈ ត្រូវជា​១កុម្ភៈ គឺជាឈ្មោះ​រង្វាល់ក្អម ។] ជាច្រើនក្នុងនគរទាំងនោះ មានសេចក្តីជ្រះថ្លាក្នុងព្រះតថាគត គេនឹងធ្វើ​ការបូជា ព្រះសរីរៈព្រះតថាគត"

[42] ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាល​អានន្ទ អ្នកកុំនិយាយថា នគរកុសិនារានេះ ជានគរតូច ជានគរទួល ជាសាខានគរយ៉ាងនេះ​ឡើយ ម្នាលអានន្ទ កាលពីដើម មានព្រះចក្រពត្តិរាជ ព្រះនាមមហាសុទស្សនៈ ជាធម្មរាជ ទ្រង់ធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង ៤ ជាទីបំផុត មានជនបទមាំមួន ប្រកបដោយរតនៈ ទាំង ៧ ប្រការ ម្នាលអានន្ទ ទីក្រុងកុសិនារានេះ​ជារាជធានីឈ្មោះ​កុសាវតី របស់​ព្រះមហាសុទស្សនរាជ មានបណ្តោយ ១២ យោជន៍ អំពីទិសខាងកើតទៅ ទិសខាងលិច មានទទឹង ៧ យោជន៍ អំពីទិសខាងជើង ទៅទិសខាងត្បូង ។

[43] ម្នាលអានន្ទ កុសាវតីរាជធានី ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មាន​មនុស្សដេរដាស ទាំងបរិបូណ៌​ដោយភិក្ខាហារ ម្នាលអានន្ទ រាជធានី ឈ្មោះអាឡកមន្ទា របស់​ពួកទេវតា ជារាជធានីស្តុកស្តម្ភ សម្បូណ៌ពោរពាស មានជនច្រើន មានយក្ខ​ដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងណាមិញ ម្នាលអានន្ទ កុសាវតីរាជធានី ក៏ជាក្រុងស្តុកស្តម្ភ សម្បូណ៌ពោរពាស (ដោយទំនិញ) មានជនច្រើន មានមនុស្សដេរដាស ទាំងបរិបូណ៌ដោយភិក្ខាហារ យ៉ាងនោះដែរ ។

[44] ម្នាលអានន្ទ កុសាវតីរាជ​ធានី មិនដែលស្ងាត់ ដោយសូរសំឡេង ១០ យ៉ាង​ទាំងថ្ងៃទាំងយប់ គឺ​សូរ​សំឡេងដំរី សូរសំឡេងសេះ សូរសំឡេងរថ សូរសំឡេងស្គរ សូរសំឡេង​សំភោរ សូរ​សំឡេង​ពិណ សូរសំឡេង​ចម្រៀង សូរសំឡេង​រគាំង សូរសំឡេងរនាត និងសូរ​សំឡេង​ជាគម្រប់​ ១០ ថា អ្នកទាំងឡាយចូរស៊ី ចូរផឹក ចូរទំពា ។

[45] ម្នាលអានន្ទ អ្នកចូរ​ទៅក្នុងក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រ ដែលនៅក្នុងក្រុង​កុសិនារា​ថា បពិត្រវាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាម នៃរាត្រីថ្ងៃនេះ ព្រះតថាគតនឹង​បរិនិព្វាន បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយ អញ្ជើញទៅ បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះតថាគតទ្រង់បរិនិព្វានក្នុងគាមក្ខេត្ត របស់យើង​ទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុតដូច្នេះ​ឡើយ ។ព្រះអានន្ទ​មានអាយុ ទទួលព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ មិនមានភិក្ខុជាគម្រប់ពីរ ចូល​ទៅក្នុងក្រុងកុសិនារា ។ សម័យនោះឯង ពួងមល្លក្សត្រ ដែលនៅក្នុងក្រុងកុសិនារា កំពុង​ប្រជុំគ្នាក្នុងសណ្ឋាគារដ្ឋាន (សាលាសម្រាប់បង្រៀនវិជ្ជាក្នុងរាជត្រកូល) ដោយកិច្ចនី​មួយ ។ ព្រះអានន្ទមានអាយុ ក៏ចូលទៅកាន់សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រ ដែលនៅ​ក្នុងក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រ ដែល​នៅ​ក្នុងក្រុងកុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះ​តថាគតនឹងបរិនិព្វាន បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ បពិត្រ​វាសិដ្ឋគោត្រទាំងឡាយ សូមអ្នកទាំងឡាយអញ្ជើញទៅ កុំឲ្យមានសេចក្តីក្តៅ​ក្រហាយ ស្តាយក្នុងកាលជាខាងក្រោយថា ព្រះតថាគត ទ្រង់បរិនិព្វាន​ក្នុងគាមក្ខេត្ត របស់​យើងទាំងឡាយហើយ យើងទាំងឡាយ មិនបានឃើញព្រះតថាគត ក្នុងកាលជាបំផុត​ដូច្នេះឡើយ ។ ពួកមល្លក្សត្រ និងពួកបុត្ររបស់មល្លក្សត្រ និងសុណិសារបស់​មល្លក្សត្រ ​និង​ភរិយារបស់មល្លក្សត្រ លុះឮពាក្យនេះ របស់ព្រះអានន្ទមានអាយុហើយ ក៏កើត​ទុក្ខ​តូច​ព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខក្នុងព្រះទ័យ ខ្លះក៏រំសាយកេសា កន្ទក់កន្ទេញ ផ្គងកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួនចុះបម្រះននៀលទៅមក ដូចជាមានជើងដាច់ហើយ​ថា ព្រះមានព្រះភាគ នឹងបរិនិព្វានឆាប់ពេកណាស់ ព្រះសុគតនឹងបរិនិព្វានឆាប់ពេក​ណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក នឹងបាត់ទៅឆាប់ពេកណាស់ ។ លំដាប់នោះ ពួក​មល្លក្សត្រ និងពួកបុត្តរបស់មល្លក្សត្រ និងសុណិសា របស់មល្លក្សត្រ និងភរិយារបស់​មល្លក្សត្រ កើតទុក្ខ តូចព្រះទ័យ ពោរពេញដោយសេចក្តីទុក្ខ​ក្នុងព្រះទ័យ ក៏នាំគ្នា​ចូល​ទៅរក​ព្រះអានន្ទមានអាយុ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រ ដែលជាទីចូលទៅ​ក្នុងក្រុង ។ ទើប​ព្រះអានន្ទមានអាយុ មានសេចក្តីត្រិះរិះ​ដូច្នេះថា បើអាត្មាអញ នឹងឲ្យពួកមល្លក្សត្រ​ដែលនៅក្នុងក្រុងកុសិនារាថ្វាយបង្គំព្រះមានព្រះភាគ​ម្នាក់ម្តងៗ ពួកមល្លក្សត្រ ដែល​នៅក្នុង​ក្រុងកុសិនារា នឹងថ្វាយបង្គំព្រះមានព្រះភាគ មិនទាន់ហើយស្រេច រាត្រីនេះ ក៏​នឹង​ភ្លឺឡើងមិនខាន បើដូច្នោះ គួរតែអាត្មាអញ ដាក់ឲ្យពួកមល្លក្សត្រ ដែលនៅក្នុងក្រុង​កុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ តាមវង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន មល្លក្សត្រឈ្មោះនេះ ព្រមទាំងបុត្រភរិយា បរិសទ្យ និងអាមាត្យ សូម​បង្អោន​សិរ្សៈ ថ្វាយបង្គំព្រះបាទានៃព្រះមានព្រះភាគ ។ លំដាប់នោះ ព្រះអានន្ទ​មានអាយុ ក៏ដាក់ឲ្យពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា ថ្វាយបង្គំ​ព្រះមានព្រះភាគ តាម​វង្សនៃត្រកូលៗ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចម្រើន មល្លក្សត្រ​ឈ្មោះនេះ ព្រមទាំង​បុត្រ​ភរិយា បរិសទ្យ និងអាមាត្យ សូមបង្អោនសិរ្សៈ ថ្វាយបង្គំ​ព្រះបាទា​នៃព្រះមានព្រះភាគ ។ ទើប​ព្រះអានន្ទមានអាយុ ឲ្យពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា ថ្វាយបង្គំព្រះមានព្រះភាគ ក្នុងបឋមយាមតាមទំនងនេះ ។

[១៣៨] [20] សម័យនោះឯង មានបរិព្វាជកឈ្មោះសុភទ្ទ នៅក្នុងក្រុងកុសិនារា ។ សុភទ្ទបរិព្វាជក បានឮដំណឹងថា ព្រះសមណគោតម នឹងបរិនិព្វាន​ក្នុងបច្ឆិមយាមនៃ​រាត្រីថ្ងៃនេះ ។ គ្រានោះ សុភទ្ទបរិព្វាជក មានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យនេះ អាត្មា​អញបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​អាត្មាអញ ទាំងអាត្មាអញមានសេចក្តីជ្រះថ្លា ក្នុងព្រះសមណ​គោតមដែរ អាត្មាអញ គួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹងសំដែងធម៌ ដល់អាត្មាអញយ៉ាងនោះបាន ។ គ្រានោះ សុភទ្ទបរិព្វាជក ក៏​ចូលទៅរក​ព្រះអានន្ទមានអាយុ ក្នុងសាលវ័នរបស់ពួកមល្លក្សត្រ ដែលជា​ទីចូល​ទៅ​ក្នុងស្រុក លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រ​ព្រះអានន្ទដ៏ចម្រើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យ​តៗ​គ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹង​បរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុង​ព្រះសមណ​គោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹងសំដែងធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំសូម​ឲ្យ​បានគាល់​ព្រះសមណគោតមផង ។ លុះសុភទ្ទបរិព្វាជក និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានពោលទៅនឹងសុភទ្ទបរិព្វាជកដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់ ។ សុភទ្ទបរិព្វាជក បាននិយាយ​ជាគម្រប់ ២ ដងផង ។បេ។ សុភទ្ទបរិព្វាជក បាននិយាយ​នឹង​ព្រះអានន្ទមានអាយុ ជាគម្រប់ ៣ ដងផង ដូច្នេះថា បពិត្រ​ព្រះអានន្ទដ៏ចម្រើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យ​តៗ​គ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើង​ក្នុងលោកមួយដងមួយកាល ក៏​ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹង​បរិនិព្វាន មួយទៀត សេចក្តី​សង្ស័យ​នេះ កើតឡើងដល់​ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុង​ព្រះសមណ​គោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណ​គោតម អាចនឹង​សំដែង​ធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចម្រើន ខ្ញុំសូម​ឲ្យ​បានគាល់ចំពោះ​ព្រះសមណ​គោតមផង ។ ព្រះអានន្ទមានអាយុ បានពោលទៅនឹង​សុភទ្ទបរិព្វាជក ជាគម្រប់ ៣ ​ដង​ទៀត ដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់ ។ ព្រះមានព្រះភាគ ទ្រង់​ព្រះសណ្តាប់​កថាសល្លាបៈនេះ របស់ព្រះអានន្ទមានអាយុ ជាមួយនឹងសុភទ្ទបរិព្វាជក ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ កុំឡើយ អ្នកកុំ​ឃាត់​សុភទ្ទ ម្នាលអានន្ទ សុភទ្ទ ចូរបានឃើញតថាគតចុះ សុភទ្ទនឹងសួរនូវ​សេចក្តីណា​មួយនឹងតថាគត គាត់ចង់ដឹង​នូវសេចក្តី​នោះមែន ទើបគាត់មកសួរតថាគត មិនមែន​គាត់​សួរចង់បៀតបៀនទេ បើសុភទ្ទនេះសួរហើយ តថាគតសំដែងធម៌ណា គាត់នឹងបាន​ដឹង​ធម៌នោះឆាប់ភ្លាម ។ ទើបព្រះអានន្ទមានអាយុ ពោលទៅនឹងសុភទ្ទបរិព្វាជក ដូច្នេះថា ម្នាលអាវុសោសុភទ្ទ ព្រះមានព្រះភាគ ទ្រង់បើកឱកាស​ដល់អ្នកហើយ អ្នកចូរទៅចុះ ។ គ្រានោះ សុភទ្ទបរិព្វាជក​ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ពោល​ពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យ​ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះសុភទ្ទបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចម្រើន សមណព្រាហ្មណ៍ណា ជាពួកគណៈ ជាគណាចារ្យ ល្បីល្បាញ មានយស អ្នក​ធ្វើលទ្ធិដូចកំពង់ ដែលជនច្រើនគ្នាគេសន្មតថា ល្អ ដូចយ៉ាងគ្រូឈ្មោះ បូរណកស្សប មក្ខលិគោសាល អជិតកេសកម្ពល បកុធកច្ចាយនៈ សញ្ជយវេលដ្ឋបុត្ត និគណ្ឋនាដបុត្ត ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជាពាក្យប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែ​មិនបាន​ត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់ដឹងខ្លះ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ ណ្ហើយចុះ ពាក្យដែលអ្នកនិយាយថា ពួកជនទាំងនោះ សុទ្ធតែត្រាស់ដឹង ដូចជា​ពាក្យ​ប្តេជ្ញា របស់ខ្លួនមែន ឬសុទ្ធតែ​មិនបាន​ត្រាស់ដឹងទេ ឬក៏ត្រាស់ដឹងខ្លះ មិនបានត្រាស់​ដឹង​ខ្លះ ដូច្នេះនេះ ចូរលើកទុកសិនចុះ ម្នាលសុភទ្ទ តថាគតនឹងសំដែងធម៌ដល់អ្នក អ្នកចូរ​ស្តាប់ធម៌នោះ ចូរតាំងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង ។ សុភទ្ទបរិព្វាជក ទទួល​ព្រះបន្ទូលនៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់ដូច្នេះថា ម្នាលសុភទ្ទ អរិយមគ្គ មានអង្គ ៨ មិនមានក្នុងធម្មវិន័យណា សមណៈ [សំដៅយកសោតាបន្នសមណៈ] ទី១ក្តី មិនមានក្នុងធម្មវិន័យនោះ សមណៈទី ២ ក្តី [សកទាគាមិសមណៈ] មិនមានក្នុងធម្មវិន័យនោះ សមណៈទី ៣ ក្តី [អនាគាមិសមណៈ] មិនមានក្នុងធម្មវិន័យនោះ សមណៈទី ៤ ក្តី [អរហន្តសមណៈ] ក៏មិនមានក្នុងធម្មវិន័យ​នោះដែរ ម្នាលសុភទ្ទ លុះតែអរិយមគ្គ ប្រកបដោយអង្គ ៨ មានក្នុងធម្មវិន័យណា សមណៈ(ទី១)ក្តី ទើបមានក្នុងធម្មវិន័យនោះ សមណៈទី ២ ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី ៣ ក្តី មានក្នុងធម្មវិន័យនោះ សមណៈទី ៤ ក្តី ក៏មានក្នុងធម្មវិន័យ​នោះដែរ ម្នាលសុភទ្ទ អរិយមគ្គ ប្រកបដោយអង្គ ៨ មានតែក្នុងធម្មវិន័យនេះឯង ម្នាលសុភទ្ទ សមណៈ(ទី១) ក៏មានតែក្នុងសាសនា សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី ៣ ក៏មានតែក្នុងសាសនានេះ សមណៈទី ៤ ក៏មានតែក្នុងសាសនានេះ បរប្បវាទ (វាទៈនៃគ្រូដទៃ) អំពីសំណាក់នៃបុគ្គលដទៃ រមែង​សូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹង​មិនបានសូន្យ​ចាក​ពួក​អរហន្តឡើយ ។

[១៣៩] [62] ម្នាលសុភទ្ទ កាលតថាគតមានវ័យ​ ២៩ ឆ្នាំ បានបួសហើយ ជាអ្នកស្វែង​រក​នូវកុសល (សព្វញ្ញុតញ្ញាណ) ម្នាលសុភទ្ទ កាលណាបើតថាគត បួសបានជាង ៥០ ឆ្នាំ​ហើយ ញុំាងប្រទេស គឺវិបស្សនាមគ្គ ឲ្យប្រព្រឹត្តទៅជាប្រក្រតី ដើម្បីធម៌ដែលគួរត្រាស់ដឹង គឺអរិយមគ្គ ព្រោះហេតុនោះ សមណៈ (ទី១) ខាងក្រៅអំពីសាសនានៃតថាគតនេះ មិនមានឡើយ ។

សមណៈទី ២ ក្តី មិនមាន សមណៈទី ៣ ក្តី មិនមាន សមណៈទី ៤ ក្តី ក៏មិនមានដែរ បរប្បវាទអំពីសំណាក់នៃបុគ្គលដទៃ រមែងសូន្យចាកពួកសមណៈ (នេះ) ម្នាលសុភទ្ទ មួយទៀត ភិក្ខុទាំងនេះ គប្បីនៅដោយប្រពៃ លោកនឹងមិនបានសូន្យចាកពួកអរហន្ត​ឡើយ ។

[១៤០] [63] លុះព្រះមានព្រះភាគ មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ សុភទ្ទបរិព្វាជក ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភាសិត​របស់​ព្រះអង្គ ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ភាសិតរបស់ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលផ្ងារឡើងនូវរបស់ដែលគេផ្កាប់ចុះក្តី បើក​នូវ​របស់​ដែលគេគ្របក្តី ចង្អុរប្រាប់ផ្លូវដល់បុរស ដែលវង្វេងផ្លូវក្តី ទ្រោលប្រទីបបំភ្លឺ ក្នុងទី​ងងឹត​ដោយគិតថា អ្នកមានចក្ខុ នឹងបានឃើញរូបក្តី យ៉ាងណាមិញ ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់ប្រកាស​ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះ​មានព្រះភាគ​ផង ព្រះធម៌ផង ព្រះ​ភិក្ខុសង្ឃផង ថាជាសរណៈ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គគួរបានបព្វជ្ជា គួរបាន​ឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ ។

[64] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលសុភទ្ទ បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទាក្នុងធម្មវិន័យ​នេះ បុគ្គលនោះរមែងនៅបរិវាសអស់កំណត់​ ៤ ខែសិន លុះកន្លង ៤ ខែហើយ ទើបពួកភិក្ខុ​ជា​អារទ្ធចិត្ត (អ្នកមានចិត្តត្រេកអរ) ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈបាន តែថា សភាវៈនៃ​បុគ្គលដែល​ផ្សេងគ្នា តថាគតដឹងច្បាស់ហើយ ក្នុងរឿងនេះ ។

[65] បពិត្រព្រះអង្គដ៏ចម្រើន បើពួកបុគ្គលធ្លាប់ជាអន្យតិរ្ថិយហើយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យ​នេះ រមែងនៅបរិវាសអស់កំណត់​ ៤ ខែ លុះកន្លង ៤ ខែហើយ ទើបពួកភិក្ខុ​ជា​អារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុ​ភាវៈ​បាន ខ្ញុំព្រះអង្គនឹងនៅបរិវាស អស់កំណត់ ៤ ឆ្នាំ លុះកន្លង ៤ ឆ្នាំហើយ សូមពួក​ភិក្ខុ​ជា​អារទ្ធចិត្ត ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភិក្ខុភាវៈចុះ ។

[66] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកបំបួស​សុភទ្ទបរិព្វាជក​ផងចុះ ។ ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលនៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ។

[67] ទើបសុភទ្ទបរិព្វាជក​ពោលនឹងព្រះអានន្ទមានអាយុ ដូច្នេះថា នែ​អាវុសោអានន្ទ លោកម្ចាស់ពេញហៅជាមានលាភ នែអាវុសោអានន្ទ អត្តភាពជាមនុស្ស លោកម្ចាស់ក៏បានដោយល្អហើយ ព្រោះថា ព្រះសាស្តា បានអភិសេកលោកម្ចាស់ ដោយ​ការ​អភិសេកជាអន្តេវាសិក ក្នុងទីចំពោះ​ព្រះភក្ត្រក្នុងសាសនានេះ ។

[68] សុភទ្ទបរិព្វាជក​បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ ស្រេចហើយ ។ ឯសុភទ្ទមានអាយុ លុះបានឧបសម្បទារួចភ្លាម ក៏ចេញទៅតែម្នាក់ឯង មិនប្រមាទ មាន​ព្យាយាមជាគ្រឿង​ដុតកំដៅកិលេស មានចិត្តស្លុងទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ដែល​ចេញ​ចាកផ្ទះ មកកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយបានដល់​នូវអនុត្តរធម៌នោះ ជាទី​បំផុតនៃមគ្គព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ក៏សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ទាំង ៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចារ្យ ក៏បានអប់រំហើយ សោឡសកិច្ច ក៏​បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ច​នេះ មិនមានឡើយ ។ បណ្តាព្រះអរហន្តទាំងឡាយ សុភទ្ទភិក្ខុមានអាយុ ក៏ជាអរហន្តមួយអង្គដែរ ។ សុភទ្ទភិក្ខុនោះ ជាបច្ឆិមសក្ខិសាវ័ក [អដ្ឋកថា ថា កាលព្រះមានព្រះភាគគង់នៅ ជនដែលបានបួសជាសាមណេរ​ហើយ លុះអណើះតមក ទើបបានឧបសម្បទា បានរៀនកម្មដ្ឋាន បានសម្រេច​ព្រះអរហត្តក្តី កាល​ព្រះមានព្រះភាគគង់នៅ ជនដែល​បានឧបសម្បទាហើយ លុះអណើះតមក ទើប​រៀនកម្មដ្ឋាន បានសម្រេច​អរហត្តក្តី កាលព្រះមានព្រះភាគគង់នៅ ជនដែល​បានរៀន​កម្មដ្ឋានហើយ លុះអំណើះតមក ទើបបានសម្រេចព្រះអរហត្តក្តី ជនទាំងនោះ ហៅថា បច្ឆិមសក្ខិសាវ័កទាំងអស់ ។ ឯសុភទ្ទភិក្ខុនេះ កាល​ព្រះមានព្រះភាគគង់នៅ បានបួសផង បាន​ឧបសម្បទាផង បានរៀន​កម្មដ្ឋានផង បានសម្រេច​ព្រះអរហត្តផង តែក្នុងថ្ងៃ​មួយ (ក៏​ហៅថា) បច្ឆិមសក្ខិសាវ័កដែរ ។] របស់​ព្រះមានព្រះភាគ ។

ចប់ ពុទ្ធភាណវារៈ ទី ៥ ។

ពុទ្ធភាណវារៈ ទី៦​ - បរិនិព្វាន[កែប្រែ]

[១៤១] [1] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យប្រដៅ ដែល​មានគ្រូ​ប្រព្រឹត្ត​កន្លងទៅហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្តីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ ម្នាលអានន្ទ ធម៌ណាក្តី វិន័យណាក្តី ដែលតថាគត​សំដែង​ហើយ បញ្ញត្តហើយ ដល់អ្នកទាំងឡាយ លុះអណើះឥតអំពី​តថាគតទៅ ធម៌ និងវិន័យ​នោះ ជាគ្រូរបស់អ្នកទាំងឡាយ ។

[2] ម្នាលអានន្ទ ក៏ក្នុងកាលសព្វថ្ងៃនេះ ពួក​ភិក្ខុហៅគ្នានឹង​គ្នា​ដោយពាក្យថា អាវុសោ អំណើះឥតនឹងតថាគតទៅ អ្នកទាំងឡាយ កុំហៅយ៉ាងនេះទៀត​ឡើយ ម្នាលអានន្ទ ភិក្ខុចាស់ជាង ត្រូវហៅភិក្ខុខ្ចីជាង ដោយនាមក៏បាន ដោយគោត្រក៏​បាន ដោយពាក្យថា អាវុសោ ក៏បាន ចំណែក​ភិក្ខុខ្ចីជាង ត្រូវហៅភិក្ខុចាស់ជាងថា ភន្តេ ក៏បាន ថាអាយស្មាក៏បាន ។

[3] ម្នាលអានន្ទ លុះអំណើះឥតនឹងតថាគតទៅ បើសង្ឃ​មានប្រាថ្នា​នឹងដកសិក្ខាបទ ចូរដកសិក្ខាបទ​ដែលតូច និងតូចដោយលំដាប់ចុះ

[4] ម្នាល​អានន្ទ អំណើះឥតនឹង​តថាគតទៅ សង្ឃត្រូវដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុផងចុះ ។ ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មទណ្ឌ តើដូចម្តេច ? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ឆន្នភិក្ខុចង់ពោលនូវពាក្យណា ពោលនូវពាក្យនោះចុះ ប៉ុន្តែ​ពួក​ភិក្ខុមិនត្រូវនិយាយ មិនត្រូវទូន្មាន មិនត្រូវប្រដៅ ឆន្នភិក្ខុនោះឡើយ ។

[១៤២] [5] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បីមានសូម្បីដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នកទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាននៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរព្រះមានព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ ។

[6] កាល​បើ​ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏នៅស្ងៀម ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយជាគម្រប់ ២ ​ដង ។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងភិក្ខុទាំងឡាយ ជាគម្រប់​ ៣ ដងថា ម្នាលភិក្ខុទាំងឡាយ បើ​សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បី​មាន​សូម្បី​ដល់​ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នក​ទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាន​នៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរ​ព្រះមាន​ព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ ។ ភិក្ខុទាំងនោះក៏នៅតែស្ងៀម ជាគម្រប់​ ៣ ដង ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើមាន​សេចក្តី​សង្ស័យ អ្នកទាំងឡាយមិនហ៊ានសាកសួរ (តថាគត) ព្រោះសេចក្តីគោរពក្នុងសាស្តា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសំឡាញ់ចូរប្រាប់ដល់ភិក្ខុជាសំឡាញ់ផងចុះ ។ លុះព្រះមានព្រះភាគ មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏នៅស្ងៀម ។

[7] គ្រានោះ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងនេះ ក្នុងភិក្ខុ​សង្ឃនេះ ព្រោះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃនេះឡើយ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយដោយសេចក្តីជ្រះថ្លា ម្នាលអានន្ទ ញាណ​តថាគត ក៏ដឹងពិតក្នុងសេចក្តីនេះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃ​នេះ​ឡើយ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង​ ៥០០ រូបនេះ ភិក្ខុណា ដែលមានគុណធម៌​យ៉ាង​ទាបបំផុត ភិក្ខុនោះ គង់ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ចុះ​ក្នុងអបាយ ជានិយតបុគ្គល មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ។

[១៤៣] [8] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ "ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹង សង្ខារ​ទាំងឡាយ មានសេចក្តី​សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាង​កិច្ចទាំងពួង​ឲ្យ​សម្រេច ដោយសេចក្តី​មិនប្រមាទចុះ ។" នេះជាបច្ឆិមវាចា របស់ព្រះតថាគត ។

[១៤៤] [9] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពី​បឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់​តតិយ​ជ្ឈាន ចេញអំពី​តតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពី​ចតុត្ថជ្ឈាន ហើយចូល​កាន់​អាកាសានញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតន​សមាបត្តិហើយ ចូល​កាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតន​សមាបត្តិ ហើយចូលកាន់​អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិ​ហើយ ចូលកាន់​នេវសញ្ញា​នាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) ។

[10] គ្រានោះ ព្រះអានន្ទមានអាយុ ពោលទៅនឹង​ព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រ​អនុរុទ្ធ​ដ៏ចម្រើន ព្រះមានព្រះភាគបរិនិព្វានហើយឬ ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោអានន្ទ​ព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូល​កាន់សញ្ញាវេទយិតនិរោធ ។

[11] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយ​មក​ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពី​នេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពី​អាកិញ្ចញ្ញា​យតនសមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិវិញ ចេញអំពី​វិញ្ញាណញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសានញ្ចាយតនសមាបត្តិ​វិញ ចេញអំពី​អាកាសានញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពី​ចតុត្ថជ្ឈានហើយ ថយមកចូលកាន់តតិយជ្ឈនវិញ ចេញអំពីតតិយជ្ឈាន​ហើយ ថយមកចូលកាន់ទុតិយជ្ឈានវិញ ចេញអំពីទុតិយជ្ឈានហើយ ថយមកចូលកាន់​បឋមជ្ឈាន​វិញ ចេញអំពី​បឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពី​ទុតិយជ្ឈានហើយ ក៏ចូលកាន់តតិយជ្ឈានទៀត ចេញអំពី​តតិយជ្ឈាន​ហើយ ក៏ចូល​កាន់​ចតុត្ថជ្ឈានទៀត ។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់​បរិនិព្វាន​ក្នុងចន្លោះ​នោះ [អដ្ឋកថា ថា ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ពិចារណា​អង្គឈាន ហើយទ្រង់បរិនិព្វាន ដោយភវង្គចិត្ត ជាអព្យាកតទុក្ខសច្ច ។] ។

[១៤៥] [12] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ [ថា ស្គរនៃទេវតាក៏បាន] ក៏លាន់ឮគគ្រឹកក៏គ្រេង ព្រមនឹងការ​បរិនិព្វាន ។

[១៤៦] [13] កាលព្រះមានព្រះភាគបរិនិព្វានហើយ សហម្បតិព្រហ្ម ក៏ពោល​នូវ​គាថា​នេះ ព្រមនឹងការបរិនិព្វានថា

ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ ប្រាកដដូច្នេះ ព្រះតថាគត ជាសម្ពុទ្ធ​បរិបូណ៌ហើយដោយកំឡាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វ​ទាំងអស់ មុខជានឹងដាក់ចុះនូវ​រាងកាយ ក្នុងលោក (នោះ) មិនខានឡើយ ។

[១៤៧] [14] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្ទ្រជាធំជាងទេវតា ក៏​ពោល​នូវគាថានេះ ព្រមនឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើង និងការសូន្យទៅជាធម្មតា លុះ​កើតឡើងហើយ ក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារ​ទាំងនោះបាន ទើប​នាំ​មកនូវសេចក្តីសុខ ។

[១៤៨] [15] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា

ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់ប្រារព្ធនូវអនុបាទិសេសនិព្វាន​ហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈ នៃព្រះមុនីនាថ ជាតាទិបុគ្គល ដែល​មាន​ព្រះទ័យ​ខ្ជាប់ខ្លួននោះ មិនមានហើយ ។ ព្រះមុនីនាថ ទ្រង់អត់សង្កត់​វេទនា បានដោយ​ចិត្តមិនរួញរា សេចក្តី​រលត់នៃចិត្តក៏កើតមាន បីដូច​ជាការរលត់​នៃប្រទីប ។

[១៤៩] [16] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុ ប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តីញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានប្រាកដ ។

[១៥០] [17] កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែល​មិនទាន់​ប្រាសចាករាគៈ មាននៅក្នុងទីនោះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវ​កំភួនដៃ ហើយ​កន្ទក់​កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វាន​ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ប្រញាប់​បាត់ទៅពេកណាស់ ។ ឯពួក​ភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់ដោយគិត​ថា សង្ខារទាំងឡាយ​មិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវ​សេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា ។

[១៥១] [18] លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ប្រាប់ពួកភិក្ខុថា ម្នាលអាវុសោទាំង​ឡាយ ណ្ហើយអ្នកទាំងឡាយ កុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ សេចក្តីនេះ ព្រះមានព្រះភាគ ទ្រង់បានសំដែងហើយថា សេចក្តីព្រាត់ប្រាស វិនាស​ប្រែប្រួល ចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជា​ធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តី​មិនព្រាត់​ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះអំពីណា ធម្មជាតណាដែលកើតហើយ ដែលមានហើយ ដែល​បច្ច័យតាក់តែងហើយ មានសេចក្តីទ្រុឌទ្រោមជាធម្មតា ធម្មជាត​នោះឯង បុគ្គល​នឹង​ពោលឃាត់​ថា កុំទ្រុឌទ្រោមដូច្នេះ (ដោយហេតុណា) ហេតុនោះមិនមានឡើយ ម្នាលអាវុសោទាំងឡាយ ទេវតាទាំងឡាយ នឹងពោលទោស [អដ្ឋកថា ថា ពួកទេវតាពោល​ទោសថា លោកម្ចាស់ទាំងឡាយ មិនអាចអត់សង្កត់​សេចក្តី​សោក​ចំពោះខ្លួនឯងទៅហើយ ដូចម្តេច​នឹងឲ្យជនដ៏សេស ដកដង្ហើមស្រួលបាន ។] មិនខាន ។ ព្រះអានន្ទសួរថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះពួកទេវតាធ្វើទុកក្នុងចិត្តដូចម្តេច ? ព្រះអនុរុទ្ធ​មានថេរវាចាថា ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់​គឺនិម្មិតផែនដីក្នុងអាកាស រំសាយសក់ កន្ទក់កន្ទេញ ផ្គងឡើង​នូវកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួន​ចុះបម្រះននៀលទៅមក បីដូច​ជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​ប្រញាប់​បរិនិព្វាន​ពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់​បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធ​មានចក្ខុក្នុងលោក ទ្រង់ប្រញាប់​បាត់បង់ពេកណាស់ ម្នាលអាវុសោអានន្ទ មានពួក​ទេវតា (ខ្លះ) ដែលសំគាល់នូវនិម្មិត គឺផែនដីលើផែនដី រំសាយសក់កន្ទក់កន្ទេញ ។បេ។ បាត់ទៅ ។ ពួកទេវតាណា ដែល​ប្រាសចាករាគៈ ទេវតាទាំងនោះ មានសតិសម្បជញ្ញៈ អត់​សង្កត់​ដោយ​គិតថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គល​គប្បីបាននូវសេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា ។

[19] គ្រានោះ ព្រះអនុរុទ្ធមានអាយុ និងព្រះអានន្ទ​មាន​អាយុ ធ្វើធម្មីកថា អស់រាត្រីដែលនៅសល់នោះ ។ ទើប​ព្រះអនុរុទ្ធមានអាយុ ពោល​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ អ្នកចូរចូលទៅកាន់ក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំង​ឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវ​អ្នកទាំងឡាយ ចូរសំគាល់​នូវ​កាល​គួរចុះ ។ ព្រះអានន្ទមានអាយុ ទទួលវាចានៃព្រះអនុរុទ្ធមានអាយុថា អើលោកម្ចាស់ ហើយក៏​ស្លៀក​ស្បង់​កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ មិនមានភិក្ខុជាគម្រប់ពីរឡើយ ចូលទៅ​កាន់ក្រុងកុសិនារា ។

[១៥២] [20] ក្នុងសម័យនោះឯង ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា កំពុងប្រជុំគ្នា ក្នុង​សណ្ឋាគារដ្ឋាន ដោយកិច្ចនីមួយ ។ ទើបព្រះអានន្ទមានអាយុ ចូលទៅកាន់​សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវនេះ សូមទ្រង់ទាំងឡាយ សំគាល់​នូវកាល​គួរ​ចុះ ។ ពួកមល្លក្សត្រិយ៍ ពួកបុត្ររបស់មល្លក្សត្រិយ៍ ព្រះសុណិសារបស់មល្លក្សត្រិយ៍ និងភរិយា​របស់​មល្លក្សត្រិយ៍ ឮពាក្យនេះ របស់ព្រះអានន្ទមានអាយុ ហើយក៏កើតទុក្ខ តូចព្រះទ័យ ឆ្អែតដោយសេចក្តីទុក្ខក្នុងចិត្ត ខ្លះរំសាយសក់ កន្ទក់កន្ទេញ ផ្គងកំភួនដៃកន្ទក់កន្ទេញ ផ្តួល​ខ្លួនចុះ បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានឆាប់ពេកណាស់ ព្រះសុគតទ្រង់បរិនិព្វាន ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក បាត់បង់ទៅឆាប់ពេកណាស់ ។

[21] គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់​ពួករាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រមូលគ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រីទាំងអស់ ដែលមានក្នុងក្រុងកុសិនារា ។ ទើប​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំយក​គ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រី និងសំពត់​ ៥០០ គូ ចូលទៅគាល់ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងសាលវ័ន របស់​ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុង លុះចូលទៅដល់ហើយ ក៏ធ្វើសក្ការៈគោរព រាប់អានបូជា​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយធ្វើពិតានសំពត់ តាក់តែងរោងបារាំយ៉ាងនេះ ពេញអស់​១ថ្ងៃនោះ ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជ្រុល​វេលាហើយ នឹងថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងថ្ងៃនេះ​មិនទាន់​ទេ ចាំថ្ងៃស្អែក សឹមយើងនឹងថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយ​ធ្វើពិតាន​សំពត់ តាក់តែងរោងបារាំទាំងឡាយ ហើយញុំាង​ថ្ងៃជាគម្រប់ពីរ ឲ្យកន្លង​ទៅទៀត ញុំាងថ្ងៃជាគម្រប់​បីឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគម្រប់បួន ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគម្រប់ប្រាំ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគម្រប់៦ ឲ្យកន្លងទៅទៀត លុះថ្ងៃជាគម្រប់៧ ទើបពួកមល្លក្សត្រិយ៍ អ្នកស្រុកកុសិនារា មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា យើងរាល់គ្នា នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃ​ក្រុង ។

[១៥៣] ក្នុងសម័យនោះឯង មល្លក្សត្រិយ៍ ៨ អង្គ ដែលជាប្រធាន ជម្រះសីសៈ​ហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹងលើករួចបាន ។

[22] ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជា​មល្លក្សត្រិយ៍ ជាប្រធាន​ទាំង ៨ អង្គនេះ ជម្រះសីសៈហើយ ទ្រង់សំពត់​ថ្មី គិតគ្នា​ថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន ។ ព្រះអនុរុទ្ធតបថា បពិត្រ​វាសិដ្ឋទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយផ្សេង បំណង​របស់ពួក​ទេវតាផ្សេង ។ ពួកមល្លក្សត្រិយ៍ សួរទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ចុះបំណង​របស់ពួកទេវតា តើដូចម្តេច ? ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយថា យើងរាល់គ្នានឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមាន​ព្រះភាគ អំពីខាងត្បូងនៃ​ក្រុង បពិត្រវាសិដ្ឋៈទាំងឡាយ ឯបំណង​របស់ពួកទេវតាថា យើងរាល់គ្នានឹងធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ដែលជាទិព្វ ហើយហែរទៅ​ខាងជើង តាមទិសខាងជើង​នៃក្រុង ហើយចូលទៅកាន់​ក្រុងតាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារ​ខាងកើត ហើយ​ថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ [អដ្ឋកថា ថា សាលាជាមង្គល សម្រាប់តែងព្រះអង្គរបស់ពួកមល្លរាជ ហៅថា មកុដពន្ធនៈ ហៅថា ចេតិយ ព្រោះគេធ្វើវិចិត្ររចនាក្បូរក្បាច់វិសេសណាស់ ។] របស់មល្លក្សត្រិយ៍ ខាងកើត​នៃ​ក្រុង ។ ពួកមល្លក្សត្រិយ៍ ទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បំណងរបស់ពួកទេវតា​យ៉ាង​ណា ការថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក៏សូមឲ្យសម្រេច​យ៉ាងនោះចុះ ។

[23] សម័យនោះឯង ក្រុងកុសិនារា ពាសពេញដោយផ្កាមន្ទាវរៈ ដោយគំនរប្រមាណ​ត្រឹម​ជង្គង់ រហូតដល់ទី​ជាចន្លោះនៃផ្ទះ និងទសម្រាប់បង្ហូរ​នូវគូថៈ និងកន្លែង​សម្រាប់​ចោល​នូវ​សម្រាម ។ គ្រានោះ ពួកទេវតា និងពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈនៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កា​កម្រង និងគ្រឿងប្រអូបទាំងឡាយ ជារបស់ទិព្វខ្លះ របស់មនុស្សខ្លះ ហើយហែទៅ​ខាងជើង​តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុង តាមទ្វារ​ខាងជើង ហើយហែ​ទៅត្រង់កណ្តាល តាមទីកណ្តាល​នៃក្រុង ហើយចេញទៅ​តាមទ្វារ​ខាងកើត ហើយថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រិយ៍ ខាង​កើតនៃក្រុង ។

[24] លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន យើងទាំងឡាយ នឹងប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះតថាគតដូចម្តេច ? ព្រះអានន្ទតបថា បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណា ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត យ៉ាងនោះចុះ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ចុះពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះចក្រពត្តិរាជដូចម្តេច ? បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន រុំសរីរៈនៃ​ព្រះចក្រពត្តិ​រាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះ​ចក្រពត្តិរាជ ដោយ​សំពត់ ៥០០ គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវសរីរៈ នៃព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើ​ព្រះស្តូប​នៃព្រះចក្រពត្តិរាជក្នុងផ្លូវធំ បែកជា ៤ បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​សរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងនេះឯង បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណាមិញ ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត គប្បីធ្វើព្រះស្តូប​របស់ព្រះតថាគត ក្នុងផ្លូវ​ធំបែក​ជា ៤ ​យ៉ាងនោះចុះ ពួកជនណានឹងលើកឡើង​នូវផ្កាកម្រងក្តី គ្រឿង​ក្រអូបក្តី គ្រឿង​លំអិតក្តី ឬនឹងថ្វាយបង្គំ​ឬធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះស្តូបនោះ អំពើនោះ នឹងនាំមកនូវ​ប្រយោជន៍​និងសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង ។

[25] គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នក​ក្រុងកុសិនារា បង្គាប់​រាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រមូលសំឡី​របស់ពួកមល្លជនមក ។ លំដាប់នោះ ពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា នាំគ្នារុំសរីរៈនៃ​ព្រះមានព្រះភាគ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះ​រុំ​ដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះមានព្រះភាគ ដោយ​សំពត់ ៥០០ គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ។

[១៥៤] [26] សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពី​ក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ ៥០០ រូប ។ លំដាប់​នោះ ព្រះមហាកស្សបមានអាយុ ចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១ ។ ក៏​សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈ អំពីក្រុងកុសិនារា ដើរតាមផ្លូវ​ឆ្ងាយ ទៅកាន់ក្រុងបាវា ។ ព្រះមហាកស្សបមានអាយុ បានឃើញ​អាជីវកនោះ ដើរមក​អំពី​ចម្ងាយ លុះឃើញហើយ ក៏ពោល​ទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹង​ដំណឹងព្រះសាស្តារបស់យើងខ្លះដែរ ។ អាជីវកតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណ​គោតម បរិនិព្វាន​ទៅ ៧ ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពី​ទី​បរិនិព្វាន របស់ព្រះសមណគោតមនោះ ។

[27] បណ្តាភិក្ខុទាំងនោះ ពួក​ភិក្ខុទាំងនោះ ពួក​ភិក្ខុណា ដែលមិនទាន់​ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់​ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់ ។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួក​ភិក្ខុនោះ ក៏មានសតិ សម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា ។

[១៥៥] [28] សម័យនោះឯង ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ (Subhadda) អង្គុយក្នុងកណ្តាល​បរិសទ្យ​នោះ ។ លំដាប់នោះ ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ ពោលទៅនឹងពួក​ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយកុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួក​យើង​នឹងបានរួចស្រឡះហើយ ព្រោះថា ពួកយើង មហាសមណៈនោះ តែង​បៀតបៀនថា អំពើ​នេះគួរដល់អ្នក អំពើនេះ មិនគួរដល់អ្នក ក៏ឥឡូវនេះ ពួក​យើងនឹងប្រាថ្នាធ្វើនូវ​អំពើណា នឹងធ្វើ​អំពើនោះបាន មិនប្រាថ្នា​ធ្វើនូវអំពើណា នឹងមិនធ្វើ​អំពើនោះបាន ។ គ្រានោះ ព្រះ​មហាកស្សបហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ណ្ហើយ អ្នករាល់គ្នា កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ ពាក្យនេះ​ព្រះមានព្រះភាគ បានសំដែង​ជាមុន​ហើយថា សេចក្តីព្រាត់ប្រាសវិនាស ប្រែប្រួលចាកសត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះ​ហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះ មកអំពី​ណា ធម្មជាតណា ដែលកើតហើយ មានហើយ ដែលបច្ច័យតាក់តែងហើយ សឹងមាន​សេចក្តី​ទ្រុឌទ្រោម ទៅជាធម្មតា ធម្មជាតនោះ បុគ្គល​នឹងពោលឃាត់ថា កុំទ្រុឌទ្រោមដូច្នេះ (​ដោយ​ហេតុណា) ហេតុនេះមិនមានឡើយ ។

[១៥៦] [29] សម័យនោះឯង ពួកមល្លក្សត្រ ៤ អង្គ ដែលជាប្រធាន ទ្រង់ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលនូវជើងថ្ករនៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាចនឹងឈួល​ឲ្យឆេះបាន ។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បានពោល​ទៅនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាពួកមល្លក្សត្រិយ៍ ជាប្រធានទាំង ៤ អង្គនេះ ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលជើងថ្ករ នៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹង​ឈួល​ឲ្យឆេះបាន ។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតា​ផ្សេងគ្នា ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ចុះបំណង​របស់ពួក​ទេវតាដូចម្តេច ? បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតាថា ព្រះមហាកស្សបមានអាយុ​នេះ កំពុង​និមន្តតាមផ្លូវឆ្ងាយ ចេញអំពីក្រុងបាវា មកកាន់ក្រុងកុសិនារា ជាមួយនឹង​ភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ ៥០០ រូប ព្រះមហាកស្សបមានអាយុ មិនទាន់​បានថ្វាយបង្គំនូវព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយដៃរបស់ខ្លួនដរាបណា ជើងថ្ករព្រះមានព្រះភាគ ក៏​មិនទាន់​ឆេះ​ដរាបនោះ ។ ពួកមល្លក្សត្រិយ៍តបថា បពិត្រលោកម្ចាស់​ដ៏ចម្រើន បំណង​របស់ពួក​ទេវតា យ៉ាងណា ការថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈនៃ​ព្រះមានព្រះភាគ ក៏សូម​ឲ្យ​សម្រេច​យ៉ាង​នោះចុះ ។

[30] គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅកាន់ជើងថ្ករនៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រ ទៀបក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ​ ៣ ជុំហើយ បើកអំពីខាងព្រះបាទ [អដ្ឋកថា ថា ព្រះមហាកស្សបចូលចតុត្ថជ្ឈាន ចេញ​ចាកចតុត្ថជ្ឈាន ហើយអធិដ្ឋាន​ថា សូមឲ្យព្រះបាទទាំងគូទំលាយសំពត់ទាំង ៥០០ គូ ព្រម​ទាំងសំឡី​និងព្រះមឈូសមាស និងជើងថ្ករធ្វើដោយខ្លឹមចន្ទន៍ ហើយលៀនចេញ​មក​ប្រតិស្ឋានលលើក្បាល​របស់ខ្ញុំ ។ គ្រានោះ ព្រះបាទទាំងគូ ក៏ទំលាយ​សំពត់ទាំង ៥០០ គូ​ជាដើម លៀនចេញមក ដំណាលគ្នា​នឹងការអធិដ្ឋានចិត្តរបស់ព្រះមហាកស្សប ប្រៀបដូច​ព្រះចន្ទ្រពេញវង់ ចេញមកអំពីចន្លោះពពក ។ ព្រះមហាកស្សបក៏លាដៃឡើង​ចាប់ព្រះបាទាលើកដាក់លើសិរ្សៈរបស់លោក ។] ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ ។ ឯពួក​ភិក្ខុទាំង ៥០០ រូបនោះ ក៏ធ្វើចីវរឆៀងស្មាម្ខាងហើយ ប្រណម្យអញ្ជលី ធ្វើប្រទក្សិណ ៣ ជុំ ហើយថ្វាយបង្គំ​ព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ។ កាល​ដែល​ព្រះមហាកស្សបមានអាយុ នឹងពួក​ភិក្ខុទាំង​ ៥០០ រូបនោះ ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគរួចហើយ ជើងថ្ករព្រះមានព្រះភាគ ក៏ឆេះឯង [អដ្ឋកថា ថា ជើងថ្ករនោះឆេះឡើង ដោយអានុភាពនៃទេវតា ។]

[31] ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើង​ឆេះហើយ អាការៈណា ទោះព្រះឆវីក្តី​ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មធ្យូងឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ [អដ្ឋកថា ថា​នៅសល់តែព្រះអដ្ឋិធាតុ ប្រៀបដូចផ្កាម្លិះក្រពុំខ្លះ ដូច​កែវមុក្តាដ៏ស្អាតខ្លះ ដូចកំទេចមាសខ្លះ ។] ។ សប្បិ ឬប្រេង ដែលភ្លើងឆេះ ក៏មិនមានផែះ​កំញ៉មយ៉ាងណាមិញ ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើងឆេះហើយ អាការៈ​ណា ទោះព្រះឆវីក្តី ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ ក៏យ៉ាងនោះដែរ ។ បណ្តា​សំពត់ទាំង​ ៥០០ គូនោះ សំពត់ពីរ គឺសំពត់ជាន់ក្នុងបំផុត១ សំពត់​ជាន់ក្រៅបំផុត១ ក៏​ឆេះអស់ ។

[32] លុះសរីរៈ​ព្រះមានព្រះភាគ ដែលត្រូវភ្លើងឆេះហើយ ធារទឹកក៏បង្អុរ​អំពីអាកាស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ។ ទាំងមានទឹកខ្ពុរចេញ អំពី​ដើមសាលព្រឹក្ស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ។ ទើបពួក​មល្លក្សត្រ អ្នកក្រុង​កុសិនារា រំលត់ជើងថ្ករ នៃ​ព្រះ​មានព្រះភាគ ដោយទឹកក្រអូបទាំងពួង ។ គ្រានោះ ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារា ក៏ធ្វើ​នូវការបញ្ឈរ​លំពែង [អដ្ឋកថា ថា ញុំាងបុរស​អ្នកកាន់លំពែងឲ្យឈរ​ព័ទ្ធជុំវិញព្រះសរីរធាតុ ។] រួចព័ទ្ធដោយកំពែងធ្នូ [ញុំាង​ពួកដំរី ពួកសេះ ពួករថ ពួកយោធា ឲ្យឈរព័ទ្ធជុំវិញព្រះសរីរធាតុ ធ្នូក៏ច្រុះព័ទ្ធជុំវិញ​ខាង​ក្រៅ​បង្អស់ ។] ហើយធ្វើសក្ការៈ គោរព រាប់អានបូជាព្រះសរីរធាតុ របស់​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូបទាំងឡាយ អស់៧ថ្ងៃ ក្នុង​សណ្ឋា​គារដ្ឋាន ។

[១៥៧] [33] ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានឮដំណឹងថា ព្រះមាន​ព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើប​ព្រះបាទមាគធអជាតសត្តុ​វេទេហី​បុត្ត បញ្ជូន​រាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមាន​ព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​នៃ​ប្រះសរីរធាតុ នៃព្រះមាន​ព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះ​ភាគ ។

[34] ពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ទ្រង់បានឮថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រលិច្ឆវី អ្នក​ក្រុង​វេសាលី បញ្ជូនរាជទូតទៅកាន់​សំណាក់​​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជា​ក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូប​ផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។

[35] ពួកក្សត្រសក្យៈ អ្នក​ក្រុង​កបិល​វត្ថុ ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុង​កុសិនារា ។ ទើបពួក​ក្សត្រសក្យៈ អ្នក​ក្រុង​កបិលវត្ថុ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាញាតិផ្ទាល់របស់យើង យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ ។

[36] ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រថូលិ អ្នក​ក្រុង​អល្លកប្បៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកនៅក្នុង​ក្រុង​កុសិនារា​ថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ ។

[37] ពួកក្សត្រកោឡិយៈ អ្នកក្រុងរាមគ្រាម ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រ​កោឡិយៈ អ្នក​ក្រុង​រាមគ្រាម បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។

[38] ព្រាហ្មណ៍ដែលនៅក្នុងដែនវេដ្ឋទីបៈ បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបព្រាហ្មណ៍ ដែល​នៅក្នុងដែនវេដ្ឋទីបៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាព្រាហ្មណ៍ យើងគួរបាន​ចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។

[39] ពួកមល្លក្សត្រ អ្នកក្រុងបាវា ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួកមល្ល​ក្សត្រ អ្នកក្រុងបាវា បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។

[40] លុះពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលពាក្យយ៉ាងនេះ​ហើយ  ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា បានពោលទៅនឹងពួក​គណៈទូតទាំងនោះ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងគាមក្ខេត្ត​របស់យើង យើងនឹង​មិនឲ្យ​នូវ​ចំណែក​ព្រះសរីរធាតុនៃ​ព្រះមានព្រះភាគឡើយ ។

[១៥៨] កាលបើពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះហើយ ទើប​ទោណព្រាហ្មណ៍ (Brahman Dona) និយាយទៅនឹងពួកគណៈទូតទាំងនោះ ដូច្នេះថា

លោកទាំងឡាយដ៏ចម្រើន សូមស្តាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិន ព្រះពុទ្ធជាម្ចាស់​នៃ​យើង ព្រះអង្គជាខន្តិវាទ (អ្នកពោលសរសើរគុណនៃខន្តី) មែនពិត ការ​ប្រហារ​គ្នា (ច្បាំងគ្នា) ព្រោះតែចំណែកនៃ​ព្រះសរីរធាតុ របស់ឧត្តមបុគ្គលនេះ មិនប្រពៃ​ឡើយ ។ បពិត្រលោកទាំងឡាយដ៏ចម្រើន យើងទាំងអស់គ្នា (គួរតែ) ស្រុះស្រួល​គ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសរីរធាតុឲ្យជា ៨ ចំណែក ព្រះស្តូប​ទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើន គង់ជ្រះថ្លាចំពោះព្រះសម្ពុទ្ធ​ដ៏ មានចក្ខុ មិនលែង ។

[១៥៩] [41] ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ទទួលពាក្យថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ អ្នកចូរ​ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា ​៨ ចំណែកស្មើគ្នាចុះ ។ ទោណព្រាហ្មណ៍ ក៏ទទួលពាក្យរបស់ពួកគណៈទូតទាំងនោះ ដោយពាក្យថា អើ​អ្នក​ដ៏ចម្រើន អើអ្នកដ៏ចម្រើន ហើយក៏ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា ​៨ ចំណែកស្មើ​ភាគគ្នា ហើយនិយាយ​នឹងពួកគណៈទូតទាំងនោះដូច្នេះថា លោកទាំងឡាយ​ដ៏ចម្រើន សូម​លោកទាំងឡាយដ៏ចម្រើន ឲ្យ​តុម្ព [ជាឈ្មោះរង្វាល់​ម្យ៉ាងនៅប្រទេស​ឥណ្ឌៀក្នុងកាល​នោះ ។] នេះដល់ខ្ញុំចុះ ខ្ញុំនឹងធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះ​តុម្ព ។ ពួកក្សត្រ និង​ព្រាហ្មណ៍​ទាំងនោះ ក៏បានឲ្យតុម្ពដល់ទោណព្រាហ្មណ៍ ។

[១៦០] [42] ឯពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។ ពួកមល្លក្សត្រតបថា ចំណែក​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគ មិនមានទេ ព្រះសរីរធាតុទាំងឡាយ របស់​ព្រះមានព្រះភាគ យើងចែកគ្នាអស់ហើយ ចូរ​អ្នកទាំងឡាយ នាំយក​ព្រះអង្គារ (ធ្យូង) អំពីកន្លែង ដែលថ្វាយព្រះភ្លើង​នេះទៅចុះ ។ ពួកក្សត្រមោរិយៈទាំងនោះ ក៏នាំយកព្រះអង្គារអំពីកន្លែង ដែលថ្វាយព្រះភ្លើង​នោះទៅ ។

[១៦១] [42] គ្រានោះ ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងរាជគ្រឹះ ។ ឯពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមាន​ព្រះភាគ ក្នុងក្រុងវេសាលី ។ ពួកក្សត្រ អ្នកក្រុងកបិលវត្ថុ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកបិលវត្ថុ ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងអល្លកប្បៈ ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងរាមគ្រាម ។ ព្រាហ្មណ៍ អ្នកវេដ្ឋទីបៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងដែនវេដ្ឋទីបៈ ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងបាវា ។ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកុសិនារា ។ ទោណព្រាហ្មណ៍ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះតុម្ព ។ ពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះអង្គារ ក្នុងក្រុងបិប្ផលិវ័ន ។

រួមព្រះស្តូប​តម្កល់ព្រះសរីរធាតុ​ទាំងអស់​មាន ៨ ជាគម្រប់ ៩ នឹងព្រះស្តូប​ដែលតម្កល់​ព្រះតុម្ព ជាគម្រប់ ១០ នឹងព្រះស្តូប​ដែល​តម្កល់ព្រះអង្គារ ឯធាតុនិធាន (ទីបញ្ចុះព្រះធាតុ)នេះ ធ្លាប់មានមកហើយយ៉ាងនេះ ។

[១៦២] [43] ព្រះសរីរធាតុរបស់​ព្រះសម្ពុទ្ធដ៏មានចក្ខុ មានចំនួន ៨ ទោណៈ [បួនក្តាប់ ត្រូវជា​១កុឌវៈ ៤ កុឌវៈ ត្រូវជា១បត្ថៈ (នាឡិ) ៤ បត្ថៈ ត្រូវជា១អាឡ្ហកៈ ៤ អាឡ្ហកៈ ត្រូវជា​១ទោណៈ គឺទោណៈ១ ត្រូវជា ១៦ នាឡិតូច ។] ព្រះសរីរធាតុ ៧ ទោណៈ ជនទាំងឡាយធ្វើ​សក្ការបូជាក្នុងជម្ពូទ្វីប ព្រះសរីរធាតុ​របស់ព្រះសម្ពុទ្ធ​ជាបុរសដ៏ប្រសើរ​ខ្ពង់ខ្ពស់១ទោណៈ​ទៀត ពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម ។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយក​ទៅ​បូជា ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងដែនរបស់ស្តេចកាលិង្គ ព្រះទាឋា១ទៀត ពួកនាគ​រាជ​នាំយកទៅ​ធ្វើសក្ការបូជា ។ ហេតុតែតេជះនៃ​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគនោះឯង មហាប្រឹឋពីនេះ ក៏បានប្រដាប់​ដោយគ្រឿងបូជាវិសេស ឯព្រះសរីរធាតុ របស់​ព្រះសម្ពុទ្ធ​មានចក្ខុនេះ គឺពួកសត្វ ដែលធ្លាប់​ធ្វើនូវ​គ្រឿង​សក្ការៈ ដ៏លើសលុបទាំងឡាយ បាន​ធ្វើ​សក្ការៈ ដោយល្អហើយយ៉ាងនេះ ។ ស្តេច​ទេវតា ស្តេចនាគ​និងស្តេច​មនុស្ស បានបូជា​ហើយ ចំពោះ​ព្រះសម្ពុទ្ធ​ជាម្ចាស់ ទាំងពួកមនុស្សអ្នកប្រសើរ ក៏​បានធ្វើ​បូជា​ព្រះអង្គ​ហើយ ដូច្នោះដែរ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរផ្គងអញ្ជលីឡើង ថ្វាយបង្គំព្រះពុទ្ធ​ជា​ម្ចាស់​នោះចុះ ព្រោះថាព្រះពុទ្ធជាម្ចាស់​ទាំងឡាយ ជាបុគ្គល​រកបានក្រ ដោយរយ​នៃ​កប្ប​ទាំង​ឡាយ ។ ព្រះទន្តទាំង ៤០ គត់ក្តី កេសាក្តី ព្រះលោមាក្តីទាំងអស់ ពួកទេវតាដែលនៅ​ក្នុង​ចក្រវាឡតៗគ្នា នាំយកទៅមួយៗម្នាក់ ។

ចប់ មហាបរិនិព្វានសូត្រ ទី ៣ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ > មហាវគ្គ > មហាបរិនិព្វានសូត្រ (ព្រះត្រៃបិដក ភាគ១៦ ទំព័រទី ១៥៤​ ដល់ ៣៥០)

พระไตรปิฎก เล่มที่ ๑๐ > พระสุตตันตปิฎก เล่มที่ ๒ > ทีฆนิกาย มหาวรรค > ๓. มหาปรินิพพานสูตร (๑๖)

Maha-parinibbana Sutta: Last Days of the Buddha (DN 16)