មារធីតុសូត្រ

ពីវិគីភីឌា

[៥០៩] គ្រា​នោះ​ឯង ធីតា​របស់​មារ ​ឈ្មោះ​ ​នាង​តណ្ហា, អរតី និង រាគា នាំ​គ្នា​ចូល​ទៅ​រក​មារ​មាន​ចិត្តបាប ។ លុះ​ចូល​ទៅ​ដល់ ​ក៏​ពោល​នឹង​មារ​មាន​ចិត្តបាប ​ដោយ​គាថា ​ដូច្នេះ​ថា ៖

បពិត្របិតា ​ព្រះ​អង្គតូចចិត្ត​ដោយ​ហេតុ​អ្វី​ ​?​ ព្រះ​អង្គសោកស្តាយបុរសណាហ្ន៎ ​? យើង​ខ្ញុំ​ម្ចាស់ ​នឹង​ចងបុរស​នោះ​ ​ដោយ​អន្ទាក់ គឺរាគៈ ​ហើយ​នាំមក ដូចជាបុគ្គលចង​ដំរីព្រៃ បុរស​នោះ​ ​នឹង​លុះ​ក្នុង​អំណាច​របស់​ព្រះ​អង្គ ។

[៥១០] មារ​តប​ថា ​ព្រះ​សុគត ជា​ព្រះ​អរហន្ត​ក្នុង​លោក មិនងាយ​នឹង​នាំមក ​ដោយ​រាគៈ​បាន​ឡើយ លោក​កន្លង​នូវ​វដ្តៈ ជាទីតាំងនៃមាររួច​ហើយ​ ​ព្រោះ​ហេតុ​នោះ​ ទើប​អញ​សោកស្តាយក្រែលែង ។

[៥១១] លំដាប់​នោះ​ ធីតា​របស់​មារ​ឈ្មោះ​ ​នាង​តណ្ហា, អរតី និង រាគា ​បាន​នាំ​គ្នា​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ។ លុះ​ចូល​ទៅ​ដល់​ហើយ​ ​បាន​ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា ៖ បពិត្រសមណៈ ​យើង​ទាំងឡាយ សូមបម្រើ​បាទា​ព្រះ​អង្គ ។ គ្រា​នោះ​ឯង ​ព្រះ​មាន​ព្រះ​ភាគ មិន​បាន​ធ្វើ​ទុក​ក្នុង​ព្រះ​ហឫទ័យ​ឡើយ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១២] គ្រា​នោះ​ឯង ធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា, អរតី និង រាគា គេចចេញ​ទៅ​ក្នុង​ទី​ដ៏​សមគួរ ​ហើយ​ក៏​គិតព្រម​គ្នា​ យ៉ាង​នេះ​ថា ​៖ សេចក្តី​ប្រាថ្នា​របស់​បុរស​ទាំងឡាយ ផ្សេងៗ​គ្នា​ បើដូច្នោះ គួរ​ពួក​យើង​និម្មិត​នូវ​វណ្ណៈ នៃ​នាង​កុមារី​មួយ​រយ ​ក្នុង​មួយ​ៗ ​ធ្វើ​ឲ្យបែក​ទៅ​ជា​មាន​វណ្ណៈ​មួយ​រយៗនាក់ ។ ទើបធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា, អរតី និង រាគា នាំ​គ្នា​និម្មិត​នូវ​វណ្ណៈ នៃ​នាង​កុមារី​មួយ​រយ ​ក្នុង​មួយ​ៗ ​ធ្វើ​ឲ្យបែក​ទៅ​ជា​មាន​វណ្ណៈ​មួយ​រយៗនាក់ ​ហើយ​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា ៖ បពិត្រសមណៈ ​យើង​ទាំងឡាយ សូមបម្រើបាទា​របស់​ព្រះ​អង្គ ។ ​ព្រះ​មាន​ព្រះ​ភាគ មិន​បាន​ធ្វើ​ទុក​ក្នុង​ព្រះ​ហឫទ័យ​ ​នឹង​ពាក្យ​នោះ​ឡើយ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១៣] គ្រា​នោះ​ឯង ធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា, អរតី និង រាគា គេចចេញ​ទៅ​ក្នុង​ទីសមគួរ ​ហើយ​គិតព្រម​គ្នា​ យ៉ាង​នេះ​ថា ​៖ សេចក្តី​ប្រាថ្នា​របស់​បុរស​ទាំងឡាយ ផ្សេងៗ​គ្នា​ បើដូច្នោះ គួរ​ពួក​យើង​និម្មិត​នូវ​វណ្ណៈស្រីមិនទាន់សម្រាល​មួយ​រយ ​ក្នុង​មួយ​ៗ ​ធ្វើ​ឲ្យបែក​ទៅ​ជា​មាន​វណ្ណៈ​មួយ​រយៗនាក់ ។ ទើបធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា, អរតី និង រាគា និម្មិត​នូវ​វណ្ណៈស្រីមិនទាន់សម្រាល ​មួយ​រយ ​ក្នុង​មួយ​ៗ ​ធ្វើ​ឲ្យបែក​ទៅ​ជា​មាន​វណ្ណៈ​មួយ​រយៗនាក់ ​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រសមណៈ ​យើង​ទាំងឡាយ សូមបម្រើបាទា​ព្រះ​អង្គ ។ ​ព្រះ​មាន​ព្រះ​ភាគ មិន​បាន​ធ្វើ​ទុក​ក្នុង​ព្រះ​ហឫទ័យ​នឹង​ពាក្យ​នោះ​ឡើយ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១៤] លំដាប់​នោះ​ ធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា, អរតី និង រាគា គេចចេញ​ទៅ​ក្នុង​ទី​ដ៏​សមគួរ ទើបគិតព្រម​គ្នា​ យ៉ាង​នេះ​ថា ​សេចក្តី​ប្រាថ្នា​របស់​បុរស​ទាំងឡាយ ផ្សេងៗ​គ្នា​ បើដូច្នោះ គួរតែ​ពួក​យើង​និម្មិត​នូវ​វណ្ណៈស្រី​មួយ​រយ ​ដែល​ទើប​សម្រាលម្តង ​ក្នុង​មួយ​ៗ ​ធ្វើ​ឲ្យបែក​ទៅ​ជា​មាន​វណ្ណៈ​មួយ​រយៗនាក់ ។ គ្រា​នោះ​ឯង ​នាង​តណ្ហា ។បេ។ និម្មិត​នូវ​វណ្ណៈស្រី​មួយ​រយ ​ដែល​ទើបសម្រាលម្តង ​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ។បេ។ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១៥] លំដាប់​នោះ​ ​នាង​តណ្ហា ។បេ។ និម្មិត​នូវ​វណ្ណៈ ស្រី​មួយ​រយ ​ដែល​សម្រាល​អស់​វារៈពីរដង ​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ។បេ។ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១៦] លំដាប់​នោះ​ឯង ​នាង​តណ្ហា ។បេ។ ​ពួក​យើង​និម្មិត​នូវ​វណ្ណៈស្រី​មួយ​រយ ​មាន​វ័យ​ជាកណ្តាល ។ គ្រា​នោះ​ឯង ​នាង​តណ្ហា១ ។បេ។ ​ក៏​និម្មិត​នូវ​វណ្ណៈស្រី​ ​មួយ​រយ ​មាន​វ័យ​ជាកណ្តាល ​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ។បេ។ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១៧] លំដាប់​នោះ​ ​នាង​តណ្ហា ។បេ។ ​ពួក​យើង​និម្មិត​នូវ​វណ្ណៈស្រីចាស់ ​មួយ​រយ ។ ទើប​នាង​តណ្ហា ។បេ។ និម្មិត​នូវ​វណ្ណៈស្រីចាស់ ​មួយ​រយ ​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ។បេ។ ​ព្រោះ​ព្រះ​អង្គ ​មាន​ព្រះ​ហឫទ័យ​ចុះ​ស៊ប់ ​ក្នុង​ព្រះ​និព្វាន​ដ៏​ប្រសើរ​ ជាទី​អស់​ទៅ​នៃ​ឧបធិ​ហើយ​ ។

[៥១៨] លំដាប់​នោះ​ ធីតា​របស់​មារ ​ឈ្មោះ​ តណ្ហា, អរតី និង រាគា គេចចេញ​ទៅ​ក្នុង​ទីសមគួរ ​ហើយ​ពោល​ដូច្នេះ​ថា ​ឮ​ថា បិតា​របស់​យើង​ ​បាន​ពោល​ពិត​មែន​ថា ៖ ​ព្រះ​សុគត ជា​ព្រះ​អរហន្ត​ក្នុង​លោក មិនងាយ​នឹង​នាំមក ​ដោយ​រាគៈ​បាន​ឡើយ ​ព្រះ​អង្គ​កន្លង​វដ្តៈ ជាទីតាំងនៃមាររួច​ហើយ​ ​ព្រោះ​ហេតុ​នោះ​ ទើប​អញ​សោក​ស្តាយក្រែលែង ។

ព្រោះ​ថា​ពួក​យើង​ ព្យាយាម (​ធ្វើ​) សមណៈ ​ឬ​ព្រាហ្មណ៍​ណា ​ដែល​មាន​រាគៈ មិនទាន់​ទៅ​ប្រាស​នៅ​ឡើយ ​ដោយ​សេចក្តី​ព្យាយាម​នេះ​ ហឫទ័យ ​របស់​សមណព្រាហ្មណ៍​នោះ​ ​គប្បី​បែក ​ឬ​ឈាម​ដ៏​ក្តៅ ​គប្បី​ខ្ពុរ​ចេញ​អំពី​មាត់ ​ឬ​ដល់​នូវ​សេចក្តី​ឆ្កួត ពុំ​នោះ​ រាយមាយចិត្ត ដូចយ៉ាង​ដើម​បបុស ​មាន​ពណ៌ខៀវ ​ដែល​បុគ្គល​ដក​ចេញ តែង​ស្វិតស្រពោន ក្រៀម​ទៅ​យ៉ាងណា សមណព្រាហ្មណ៍​នោះ​ ​គប្បី​ស្វិត ស្រពោនក្រៀម​ទៅ​ ដូច្នោះ​ដែរ​ ។ លំដាប់​នោះ​ ធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា ១ អរតី ១ រាគា ១ ​បាន​នាំ​គ្នា​ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ​ក៏​ឈរ​ក្នុង​ទី​ដ៏​សមគួរ ។

[៥១៩] លុះមារធីតា ​ឈ្មោះ​នាង​តណ្ហា ​ឈរ​នៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ​ដោយ​គាថា ​ដូច្នេះ​ថា ៖ ​ព្រះ​អង្គ ​មាន​សេចក្តី​សោក​គ្រប​សង្កត់ ទើបសញ្ជប់សញ្ជឹង​នៅ​ក្នុង​ព្រៃ​ឬ​ ​ព្រះ​អង្គ កាលប្រាថ្នា​នូវ​ទ្រព្យ ត្រូវចាញ់គេ​ហើយ​ឬ​ ​ឬ​ក៏​ព្រះ​អង្គ ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ​ ​ក្នុង​ស្រុកទេ​ដឹង​ ​ព្រោះ​ហេតុ​អ្វី​ ​បាន​ជា​ព្រះ​អង្គមិន​ធ្វើ​នូវ​មិត្តភាព ជា​មួយ​នឹង​ពួក​ជន មិត្តភាព​របស់​ព្រះ​អង្គ មិនសម្រេច​ដោយ​ហេតុណា​មួយ​ឬ​ ។

[៥២០] ​ព្រះ​អង្គត្រាស់ថា តថាគត តែម្នាក់ឯង ​បាន​ឈ្នះ​នូវ​សេនា ​ដែល​មាន​សភាព​គួរ​ស្រឡាញ់ គួរ​ត្រេកអរ កំពុង​ចម្រើន​ឈាន​ ​ក៏​បាន​ចួប​នូវ​សេចក្តី​សុខ ​ក្នុង​ព្រះ​អរហត្ត ​ដែល​ជាចំណែក​នៃប្រយោជន៍ ​ឬ​ជា​សេចក្តី​ស្ងប់នៃហឫទ័យ ​ព្រោះ​ហេតុ​នោះ​ ​បាន​ជាតថាគត មិន​ធ្វើ​មិត្តភាព ជា​មួយ​នឹង​ពួក​ជន មិត្តភាព​របស់​តថាគត មិនសម្រេច ​ដោយ​ហេតុណា​មួយ​ឡើយ ។

[៥២១] ទើបមារធីតា​ឈ្មោះ​ អរតី ​បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ​ដោយ​គាថា ​ដូច្នេះ​ថា ៖ ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ច្រើន​ដោយ​វិហារធម៌ ដូចម្តេច ​បាន​ឆ្លង​នូវ​អន្លង់​ ប្រព្រឹត្ត​ទៅ​ក្នុង​ទ្វារទាំង ៥ ​ហើយ​ឆ្លង​អន្លង់ ប្រព្រឹត្ត​ទៅ​ក្នុង​មនោទ្វារ​មួយ​ទៀត ជាគម្រប់ ​៦ ​ក្នុង​អត្តភាព​នេះ​ កាមសញ្ញាទាំងឡាយ ជាខាងក្រៅ មិន​បាន​ប្រទះ​បុគ្គល​មាន​ឈាន​ច្រើន​នោះ​ ​ដោយ​ប្រការដូចម្តេច ។

[៥២២] ​ព្រះ​អង្គត្រាស់ថា បុគ្គល ​មាន​កាយស្ងប់រម្ងាប់ ​មាន​ចិត្តរួចស្រឡះ ​ដោយ​ប្រពៃ​ហើយ​ មិន​បាន​តាក់តែង ​មាន​ស្មារតី មិន​មាន​ទីអាល័យ ​បាន​ដឹង​ច្បាស់​នូវ​ចតុសច្ចធម៌ ​មាន​ចតុត្ថជ្ឈានប្រាស​ចាកវិតក្កៈ មិនកម្រើក (​ព្រោះ​ទោសៈ) មិនរឭក (​ព្រោះ​រាគៈ) មិនងោកងក់ (​ព្រោះ​មោហៈ) ភិក្ខុ​ក្នុង​សាសនា​នេះ​ ជា​អ្នក​ច្រើន​ដោយ​វិហារធម៌ យ៉ាង​នេះ​ ឆ្លង​នូវ​អន្លង់ ប្រព្រឹត្ត​ទៅ​ក្នុង​ទ្វារ​ទាំង​៥ ​បាន​ឆ្លង​នូវ​អន្លង ប្រព្រឹត្ត​ទៅ​ក្នុង​មនោទ្វារ​មួយ​ទៀត ​ជា​គម្រប់ ៦ ​ក្នុង​អត្តភាព​នេះ​ កាមសញ្ញា​ទាំងឡាយ ជា​ខាង​ក្រៅ មិន​បាន​ប្រទះបុគ្គល ​មាន​ឈាន​ច្រើន​នោះ​ យ៉ាង​នេះ​ឯង ។

[៥២៣] គ្រា​នោះ​ឯង មារធីតា​ឈ្មោះ​ រាគា ​បាន​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ​ដោយ​គាថា ​ដូច្នេះ​ថា ៖

បុគ្គល ជា​អ្នក​ប្រព្រឹត្ត​ទៅ​ក្នុង​គណៈ ​និង​សង្ឃ ​បាន​កាត់បង់​នូវ​តណ្ហា ​មួយ​ទៀត ​ពួក​ជន​ច្រើន​នាក់ ​មាន​សទ្ធា ​នឹង​ប្រព្រឹត្ត​ដោយ​ចំណែក​មួយ​ ​ព្រះ​សាស្តា​នេះ​ មិន​មាន​ទី​អាល័យ ​បាន​ដណ្តើម​យក ​នូវ​ប្រជុំជន​ដ៏​ច្រើន​ អំពីដៃ​នៃមច្ចុរាជ ​ហើយ​នាំ​ទៅ​កាន់​ត្រើយ ​គឺ​ព្រះ​និព្វាន ។

[៥២៤] ​ព្រះ​តថាគត​ទាំងឡាយ ​មាន​ព្យាយាមធំ តែងដឹកនាំសត្វ ​ដោយ​ព្រះ​សទ្ធម្ម ច្រណែន​អ្វី​ដល់​ព្រះ​តថាគត​ទាំងឡាយ ​ដែល​ជា​អ្នក​ប្រាជ្ញ ​អាច​ដឹកនាំ​សត្វ​ដោយ​ធម៌ ។

[៥២៥] លំដាប់​នោះ​ ធីតា​របស់​មារ ​ឈ្មោះ​នាង​តណ្ហា, អរតី ​និង​ រាគា ​ ​បាន​នាំ​គ្នា​ចូល​ទៅ​រក​មារ​មាន​ចិត្តបាប ។ មារ​មាន​ចិត្តបាប ​ក៏​បាន​ឃើញ​នូវ​មារធីតា​ឈ្មោះ​ ​នាង​តណ្ហា​, អរតី ​និង​ រាគា​ កំពុងមកអំពីចម្ងាយ លុះឃើញ​ហើយ​ ​ក៏​ពោល​ដោយ​គាថាទាំងឡាយ ​ដូច្នេះ​ថា ៖ ​

នាង​ទាំងឡាយជាពាល ញាំញីភ្នំ ​ដោយ​ដើមកុមុទ (ឈូកក្រហម​ឬ​លំចង់) ជីកភ្នំ ​ដោយ​ក្រចក ទំពា​ដែក ​ដោយ​ធ្មេញ ហាក់ដូចជាយកដុំថ្ម មកតំកល់លើក្បាល ​ហើយ​ស្វែងរកទីពឹង ​ក្នុង​បាតាល បៀតបៀន​ព្រះ​សមណគោតម ហាក់ដូចជាប្រហារ​នូវ​ដង្គត់ត្រង់ទ្រូង (ខ្លួនឯង) ចូរ​នាង​ទាំងឡាយចេញ​ទៅ​ ។ ​នាង​តណ្ហា អរតី រាគា ​ក៏​នាំ​គ្នា​ដើរមក ​ដោយ​សេចក្តី​រុងរឿង ​ព្រះ​សាស្តា បណ្តេញ​នូវ​នាង​ទាំង​នោះ​ ពីទី​នោះ​ចេញ ដូចជាខ្យល់ ​ដែល​បក់ផាត់​នូវ​ប៉ុយ ​ដែល​ធ្លាក់​ចុះ​អំពីផ្លែ ។

ឯកសារយោង[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > មារសំយុត្ត (សៀវភៅភាគ ២៩ ទំព័រទី ៣៣៩)