Jump to content

ខេត្តរតនគិរី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រតនគិរី)

ខេត្តរតនគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ខេត្តរតនគិរីមានព្រំប្រទល់ខាងខាងកើតជាប់នឹងខេត្តកន្ទូម និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងជើងជាប់នឹងខេត្តអាត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី ហើយមានចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ ខេត្តរតនគិរីជាខេត្តមួយដែលមានលក្ខណៈពិសេសជាងគេក្នុងចំណោមខេត្តដែលនៅភូមិភាគឦសានប្រទេសកម្ពុជា ដោយខេត្តមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនអនេក និងទេសចរណ៍វប្បធម៌ជនជាតិភាគតិចផងដែរ។

ខេត្តរតនគិរី
ខេត្ត
ទិដ្ឋភាពពីលើអាកាសនៃបឹងយក្សឡោមនៅខេត្តរតនគីរី
បឹងយក្សឡោម
បឹងយក្សឡោម
ផែនទីបង្ហាញទីតាំងខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា
ទីតាំងខេត្តរតនគិរីមានពណ៌ក្រហមរំលេចឡើងនៅលើផែនទីប្រទេសកម្ពុជា
ទីតាំងខេត្តរតនគិរីមានពណ៌ក្រហមរំលេចឡើងនៅលើផែនទីប្រទេសកម្ពុជា
កូអរដោនេ: 13°44′N 107°0′E / 13.733°N 107.000°E / 13.733; 107.000Coordinates: 13°44′N 107°0′E / 13.733°N 107.000°E / 13.733; 107.000
ប្រទេស កម្ពុជា
តែងតាំង១៩៥៩
ដាក់ឈ្មោះតាមរតនៈ (កែវ ឬ ពេជ្រ) + គិរី (ភ្នំ ឬ បព្វតា)
ទីរួមខេត្តក្រុងបានលុង
រដ្ឋាភិបាល
 • អភិបាលខេត្តញ៉ែម សំអឿន (គបក)
ផ្ទៃក្រឡា
 • សរុប១០៧៨២ គម2 (៤១៦៣ ម៉ាយ ការ)
ប្រជាជន (២០១៩)[]
 • សរុប២១៧,៤៥៣
 • សន្ទភាព០.០២០/km2 (០.០៥២/sq mi)
ល្វែងម៉ោងUTC+០៧
ក្រុង
ស្រុក
សង្កាត់
ឃុំ៤៦

អស់រយៈពេលជាងមួយសហស្សវត្សរ៍មកហើយ ខេត្តរតនគិរីត្រូវបានកាន់កាប់ដោយពួកក្រុមជនជាតិខ្មែរលើ ក្នុងសម័យប្រវត្តិសាស្ត្រដើមតំបន់ពួកខ្មែរលើត្រូវបាន អាណាចក្រជិតខាងធ្វើការជួញដូរធ្វើជាទាសករ។ សេដ្ឋកិច្ចពាណិជ្ជកម្មទាសករនេះបានបញ្ចប់ក្នុងសម័យអាណានិគមបារាំង ប៉ុន្តែយុទ្ធនាការខ្មែរភាវូបនីយកម្មដ៏ឃោរឃៅបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យម្តងទៀតបានគំរាមកំហែងដល់របៀបរស់នៅរបស់ខ្មែរលើ។ ខ្មែរក្រហមបានសាងសង់ទីស្នាក់ការរបស់ខ្លួននៅក្នុងខេត្តនេះក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយការទម្លាក់គ្រាប់បែកក្នុងអំឡុងសង្គ្រាមវៀតណាមបានបំផ្លិចបំផ្លាញតំបន់នេះ។ រដ្ឋាភិបាលមូលដ្ឋានមានលក្ខណៈខ្សោយ។ សូចនាករសុខភាពក្នុងខេត្តរតនគិរីក្រីក្រខ្លាំង អាយុកាលជាមធ្យមរបស់បុរសគឺ ៣៩ឆ្នាំហើយស្ត្រីគឺ ៤៣ឆ្នាំ។ កម្រិតនៃការអប់រំក៏មានកម្រិតទាបដែរ ដោយមានចំនួនមិនដល់ពាក់កណ្តាលនៃប្រជាជនដែលមិនចេះអក្សរ។

ប្រវត្តិសាស្ត្រ

[កែប្រែ]

ខេត្តរតនគិរី មានរស់នៅប្រហែលយុទ្ធសម័យលោហៈមកម្ល៉េះ ហើយការជួញដូររវាងតំបន់ខ្ពង់រាប និងទីប្រជុំជនតាមឈូងសមុទ្រថៃមានកាលបរិច្ឆេទយ៉ាងហោចណាស់សតវត្សទី៤ នៃគ.ស។ ចាប់ពីសតវត្សទី១៣ រហូតដល់សតវត្សទី១៩ ភូមិខ្ពង់រាបត្រូវបានវាយឆ្មក់ជាញឹកញាប់ដោយពួកកងទ័ពស៊ីឈ្នួញខ្មែរ លាវ និងសៀម។ តំបន់នេះត្រូវបានឈ្លានពានដោយពួកយួន និងថៃក្នុងកំឡុងសតវត្សទី១៨-១៩ ។ តំបន់នេះត្រូវបានវាតទីយកដោយពួកលាវនៅសតវត្សទី១៨ ហើយត្រូវបានពួកសៀមគ្រប់គ្រងនៅសតវត្សទី១៩។ តំបន់នេះត្រូវបានដាក់បញ្ចូលទៅក្នុងឥណ្ឌូចិនរបស់បារាំងនៅឆ្នាំ១៨៩៣ ហើយការគ្រប់គ្រងអាណានិគមបានជំនួសការជួញដូរទាសករ។ ជនជាតិបារាំងបានសាងសង់ចំការកៅស៊ូដ៏ធំ ជាពិសេសនៅ ឡាបានសៀក (ក្រុងបានលុងបច្ចុប្បន្ន)។ ពួកកម្មករជនជាតិដើមភាគតិចត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងការប្រមូលផលកៅស៊ូ។ ក្នុងពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង ទឹកដីដែលរួមមានរតនគិរីបច្ចុប្បន្នត្រូវបានផ្ទេរពីសៀមទៅលាវ រួចមកអោយកម្ពុជាវិញ។ ទោះបីជាក្រុមតំបន់ខ្ពង់រាបដំបូងបានប្រឆាំងនឹងអ្នកគ្រប់គ្រងអាណានិគមរបស់ពួកគេក៏ដោយ នៅចុងបញ្ចប់នៃសម័យអាណានិគមនៅឆ្នាំ១៩៥៣ ពួកគេត្រូវបានបង្ក្រាប។ ខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥០១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ព្រះហស្ថលេខាដោយសម្តេច ព្រះនរោត្តម សុរាម្រិត តាមរយៈសំណើររបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្ត្រីស្តីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង និងមានតំបន់រដ្ឋបាលនៅស្រុកអណ្តូងពេជ្រ (ស្រុកបរកែវនាពេលបច្ចុប្បន្ន) និងស្រុកលំផាត់ ដែលមានផ្ទៃដីសរុបចំនួន១០,៤៥០ គីឡូម៉ែត្រការ៉េ និងមានស្រុកចំនួន ០៣ គឺស្រុកវ៉ើនសៃ ស្រុកអណ្តូងពេជ្រ និងស្រុកលំផាត់។ ស្ថិតនៅក្នុងរបបសង្គមរាស្ត្រនិយមអតីតអភិបាលខេត្ត ដែលនៅក្នុងសម័យនោះហៅថា ប្រធានខេត្ត មានឈ្មោះលោកតា អ៊ុង ញ៉ច ត្រូវបានរាជរដ្ឋាភិបាល តែងតាំងឱ្យដឹកនាំខេត្តរតនគិរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦៨ លោកតា ឈូ ស៊ាន ឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧០ និងលោកតា សង្ស យៀវ ឆ្នាំ១៩៧០ បញ្ចប់ត្រឹមរដ្ឋប្រហារ លន់ ណល់។ស្ថិតនៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់សម្តេចព្រះរមរតនកោដ្ឋ ខេត្តរតនគិរី ក៏ដូចជាខេត្តផ្សេងៗទៀត ប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា។ ប៉ុន្តែជាអកុសលនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារដឹកនាំដោយលោកសេនាប្រមុខលន់ ណល់ បានវាយផ្តួលរំលំរបបដឹកនាំរបស់សម្តេចព្រះ នរោត្តម សីហនុ បង្កទៅជាសង្គ្រាមរ៉ាំរ៉ៃផ្ទៃក្នុងប្រទេស។បន្ទាប់ពីទម្លាក់សម្តេច ព្រះនរោត្តម សីហនុហើយ ឧត្តមសេនីយ៍ លន់ ណល់ បានប្រកាសបង្កើតសាធារណរដ្ឋខ្មែរ មាននិន្នាការងាកទៅរករបបដឹកនាំក្រុងវ៉ាស៊ីនតោន។រយៈពេល ៥ឆ្នាំក្រោយមកគឺនៅថ្ងៃ១៧ មេសា ឆ្នាំ ១៩៧៥ មានចលនាបះបោរជាថ្មីម្តងទៀតផ្តួលរំលំរបប លន់ ណល់ បានដួលរលំខ្ចាត់ខ្ចាយ ហើយចលនាកុម្មុយនីស្ត ប៉ុល ពត ឡើងមកកាន់កាប់ប្រទេសជំនួសវិញ។

លោកប្រធានាធិបតីនិចសុន ចង្អុលប្រាប់ដែនជម្រកសត្វព្រៃនៃពួកវៀតណាមខាងជើងនៅតាមព្រំដែនកម្ពុជា នៅក្នុងសុន្ទរកថារបស់លោកទៅកាន់ប្រជាជនអាមេរិក ដែលប្រកាសអំពីការលុកលុយរបស់កម្ពុជា។

ដូច្នេះក្នុងអន្តរកាលនេះ ខេត្តរតនគិរី គឺទទួលបានការអភិវឌ្ឍតិចតួចបំផុត ។ក្រោយការដួលរលំនៃរបបដឹកនាំរបស់សេនាប្រមុខ លន់ ណល់ ប្រជាជនកម្ពុជាបានរស់នៅយ៉ាងវេទនាបន្តទៀតក្រោមការដឹកនាំរបស់ ប៉ុល ពត ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលកាលនោះការកាប់សម្លាប់ប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់បានស្លាប់ដោយភាពអយុត្តិធម៌បំផុត។ក្រោយរបបដ៏ឃោឃៅនេះកើតឡើង ក្រុមអ្នកស្នេហាជាតិបានចាប់ផ្តើមធ្វើចលនារំដោះប្រទេស រហូតទទួលបានជ័យជំនះនៅថ្ងៃទី០៧ មករា ឆ្នាំ១៩៧៩។តាមរយៈភស្តុតាងប្រវត្តិសាស្ត្រនេះបង្ហាញយ៉ាងច្បាស់ថា ខេត្តរតនគិរី កាលនោះការគ្រប់គ្រង និងដឹកនាំស្ថិតនៅលើអំណាចយោធា ពុំមានរចនាសម្ព័ន្ធរដ្ឋបាលដែនដីច្បាស់លាស់ឡើយ។ ដូច្នេះពុំមានការអភិវឌ្ឍអ្វីឡើយ ផ្ទុយទៅវិញមានតែការបំផ្លាញខ្ទេចខ្ទីនូវហេដ្ឋារចនាសម្ព័ន្ធ និងការកាប់សម្លាប់រង្គាលនាសម័យនោះ។ចាប់ពីឆ្នាំ១៩៧៩ ខេត្តរតនគិរី បានរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដោយមានទីរួមខេត្តនៅស្រុកវ៉ើនសៃ ក៏ប៉ុន្តែដោយសារស្ថានភាពប្រទេសទើបតែរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ខេត្តរតនគិរីនៅពេលនោះពុំទាន់មានផ្លូវគមនាគមន៍តភ្ជាប់ពីខេត្តមួយទៅខេត្តមួយនោះទេ គឺការធ្វើដំណើរត្រូវប្រើប្រាស់មធ្យោបាយយន្តហោះ ឬត្រូវធ្វើដំណើរវាងតាមប្រទេសវៀតណាម ដើម្បីទៅកាន់រាជធានីភ្នំពេញ។[]

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។ ខេត្តរតនគិរីរួមមានស្រុក (ក្នុងនោះមាន៤៩ឃុំ)៖

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
1601 ស្រុកអណ្តូងមាស Andoung Meas
1602 ក្រុងបានលុង Ban Lung
1603 ស្រុកបរកែវ Bar Kaev
1604 ស្រុកកូនមុំ Koun Mom
1605 ស្រុកលំផាត់ Lumphat
1606 ស្រុកអូរជុំ Ou Chum
1607 ស្រុកអូរយ៉ាដាវ Ou Ya Dav
1608 ស្រុកតាវែង Ta Veaeng
1609 ស្រុកវើនសៃ Veun Sai

សេដ្ឋកិច្ច

[កែប្រែ]

ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។

តំបន់ទាក់ទាញ

[កែប្រែ]

ប្រភពទាក់ទាញទេសចរណ៍សំខាន់របស់ខេត្តរតនគិរីគឺ ក្រុមជនជាតិភាគតិចនិងសត្វព្រៃ ។ ជនជាតិភាគតិច ៥ ក្រុមរស់នៅខេត្តរតនៈគីរី​ មាន ជនជាតិទំពួន ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិកាចុក និង ជនជាតិព្រៅ ឬ ក្រវិត ។ ទិដ្ឋភាពរស់នៅនិងវប្បធម៌នៃភូមិជនជាតិទាំងនេះ បានទាក់ទាញទេសចរណ៍ពីអឺរ៉ុប និងអាមេរិកយ៉ាងច្រើន។

  • បឹងយក្សឡោម៖បឹងយក្សឡោមជារមណីយដ្ឋានដ៏មានប្រជាប្រិយភាពនៅក្នុងខេត្តរតនៈគីរី។ បឹងដែលជាស្លាកស្នាមនៃមាត់ភ្នំភ្លើងប្រមាណ ៤០០០ ឆ្នាំមុន ស្ថិតនៅប៉ែកខាងត្បូងឆៀងខាងកើតពីរួមខេត្តប្រហែល ៤,៨ គ.ម ។ ដោយបឹងនេះមានជំរៅជ្រៅរហូតដល់ ៤៨ម៉ែត្រ ទឹកបឹងមានសភាពថ្លាឆ្វង់ហើយស្អាត។ មាត់បឹងមានរាងស្ទើរជារង្វង់ដែលមានអង្កត់ផ្ចិតប្រមាណ ៧៥០ម។ នៅជុំវិញបឹង សំបូរដោយដើមឈើធំៗ ដែលជាជំរកនៃសត្វសេក និងសត្វកំរៗនានាជាច្រើន។
  • ទឹកធ្លាក់កាចាង ៖ទឹកធ្លាក់កាចាងស្ថិតនៅ ៦ គីឡូម៉ែត្រខាងជើងឈៀងខាងលិចបានលុង ។ ទឹកធ្លាក់នេះហូរចុះទៅទន្លេស្រែពក ។ ទឹកធ្លាក់កម្ពស់ ១២ ម៉ែត្រនេះមានគ្រប់រដូវកាលពេញមួយឆ្នាំៗ ។
  • ទឹកធ្លាក់កាទៀង៖ ទឹកធ្លាក់កាទៀងទឹកធ្លាក់កាទៀងស្ថិតនៅខាងជើងឆៀងខាងលិចបានលុងចម្ងាយ ៧ គីឡូម៉ែត្រ ទឹកធ្លាក់នេះកម្ពស់ ១០ ម៉ែត្រ ហើយមានជាប់រហូតគ្រប់រដូវកាល ។
  • ទឹកធ្លាក់អូរស៊ីនឡែ : ស្ថិតនៅ ២៦ គីឡូម៉ែត្រខាងត្បូងបានលុង ។ ទឹកធ្លាក់នេះមាន ៤ ជាន់ ហើយមួយជាន់ៗ មានកម្ពស់៤ម៉ែត្រ ។ ទឹកធ្លាក់នេះមានគ្រប់រដូវ ទិដ្ឋភាពនៅជុំវិញទឹកធ្លាក់មានទិដ្ឋភាពស្រស់ស្អាតយ៉ាងខ្លាំង ។
  • ទឹកធ្លាក់អូរសែនស្រណោះ : ស្ថិតនៅ ៩ គីឡូម៉ែត្រពីបានលុង ហើយមានកម្ពស់ ១៨ ម៉ែត្រ ដោយមានទឹកធ្លាក់ គ្រប់រដូវកាល។ភ្ញៀវទេសចរអាចសម្រាកលម្ហែកាយក្នុងធម្មជាតិដ៏ប្រណីត, ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង ស្តាប់សូរទឹកធ្លាក់និងបក្សាបក្សីយំ ។
  • ទឹកធ្លាក់ចាអ៊ុង : ស្ថិតនៅខាងលិចបានលុង ៨ គីឡូម៉ែត្រ ហើយធ្លាក់ជាប់ជាប្រចាំ ។ ប្រភពទឹកមានតំបន់ភ្នំស្វាយ ហើយនៅក្រោមទឹកធ្លាក់នេះគឺជារន្ធដ៏ធំមួយដែលអាចឱ្យភ្ញៀវទេសចរចូលទៅឈរ ឬ អង្គុយពីក្រោមទឹកធ្លាក់បាន ។
  • ឧទ្យានជាតិវីរៈជ័យ៖ ឧទ្យានជាតិវីរជ័យស្ថិតនៅ ៤៥ គីឡូម៉ែត្រខាងជើងបានលុងដោយលាតសន្ធឹងលើផ្ទៃដី ៣៣២.៥០០ ហិកតា ។ ឧទ្យាននេះមានរុក្ខជាតិ និង ដើមឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃគ្រប់ប្រភេទទៀតផង ។
  • ជម្រកសត្វព្រៃលំផាត់៖ជម្រកសត្វព្រៃលំផាត់ស្ថិតនៅ ៣៧ គីឡូម៉ែត្រខាងត្បូងបានលុងដោយស្ថិតនៅលើផ្ទៃដី ២៥០.០០០ ហិកតា ។ វាជាជម្រកសត្វព្រៃជាច្រើន ជាពិសេសខ្លា, ដំរី ជាដើម ។
  • អូចាឡយ : ស្ថិតនៅនឹងទន្លេស្រែពក នៅប៉ែកខាងត្បូងឆៀងខាងលិចបានលុងចម្ងាយ ៣៤ គីឡូម៉ែត្រ ។ កន្លែង នេះអាចបង្កើតជាតំបន់ទេសចរណ៍តែនៅរដូវប្រាំងប៉ុណ្ណោះ ។
  • ព្រៃនងកាបាត : ស្ថិតនៅ ២៥ គីឡូម៉ែត្រខាងជើងបានលុង ។ នៅទីនោះមានបឹងមួយដែលគេអាចឃើញសត្វព្រៃ និងបក្សីជាច្រើនប្រភេទមករកបឹងនេះ ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចទស្សនាភូមិជនជាតិ, វប្បធម៌របស់ជនជាតិដូចជា ជំនឿ, ពិធីបុណ្យ, ការរាំ និង ការប្រគំភ្លេង ជាដើម។
ផ្លូវជនបទនៅខេត្តរតនៈគិរី

ទីក្រុង

[កែប្រែ]
  • វើនសៃ ៖ ស្ថិតនៅតាមបណ្តោយទន្លេសេសាននៅភាគខាងជើង។ វាមានប្រជាជនតិចជាង ១០០០នាក់។ ឆ្នេរខ្សាច់តាមដងទន្លេសេសាននារដូវប្រាំងជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់។​ប្រជាជនភាគច្រើនជាជនជាតិគ្រឹង ជនជាតិឡាវ និង ជនជាតិចិន
  • លំផាត់ ៖ ជាទីរួមខេត្តចាស់ ស្ថិតនៅតាមដងទន្លេសេកុងនៅភាគខាងត្បួង។ វាមានប្រជាជនតិចជាង ៨០០នាក់។

អាកាសធាតុ

[កែប្រែ]
  • រដូវវស្សា : ពីខែមិថុនា ដល់ តុលា
  • រដូវត្រជាក់, ពីខែវិច្ឆិកា ដល់ កុម្ភៈ
  • រដូវក្តៅ : ពីខែមីនា ដល់ ឧសភា ដោយមានសីតុណ្ហភាពពី ២០ ដល់ ៣២ អង្សាសេ ។

ឯកសារយោង

[កែប្រែ]
  1. "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
  2. "Home". Koh Santepheap Daily. Retrieved 2023-07-28.