រាជាមេត្រីទិព្វ

ពីវិគីភីឌា
រាជាមេត្រីទិព្វ
ចៅពញារាជាមេត្រីនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
ប្រ.១៥១៨–សតវត្សទី១៦
ព្រះមហាក្សត្រស្រីជេដ្ឋា
មុនរាជាមេត្រី (រាជ្យឝ្រីឝៅគន្ធបទ)
បន្ទាប់រាជាមេត្រី (ក្រុងមានជ័យ)
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
ទិព្វ

ចៅពញារាជាមេត្រីទិព្វ (ចៅពញា ជាស័ក្ដិ រាជាមេត្រី ជាងារ ទិព្វ ជាឈ្មោះ) (រជ្ជកាលស្រីជេដ្ឋា) ជាចៅហ្វាយស្រុកខែត្រភ្នំពេញ ជំនាន់របស់ស្ដេចកន។

ប្រវត្តិ និង ចំបាំង[កែប្រែ]

ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាមឿងមេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាមឿងទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា (ស្ដេចកន) ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា : បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ព ទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ៊្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយ ជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូង តាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ៊្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយ កុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទង លើកទ័ព ១០០០០ នាក់ជាទ័ពមុខ ឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួន ចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកមឿង។ ចៅពញសួគ៌ាលោកមឿងយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេព ជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។ ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោ វាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជ ឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទី ជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជ និង ចៅពញាវិបុលរាជ ដែលបង្កប់តាមសងខាងផ្លូវនោះ។ កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា "ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញ និងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣ របស់ចៅពញាសួគ៌ាលោកមឿងកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាមឿង ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាមឿងទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។ ចំណែកឯ ចៅពញាសួគ៌ាលោកមឿង ចៅពញារាជតេជៈសុខ កូនទី៤ របស់តាមឿង កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ពខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកមឿង បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។ ខណៈនោះ ពញាសួគ៌ាលោកមឿង យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏វាយស្គរជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។ ចៅពញាសួគ៌ាលោកមឿង និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាមឿងផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។ លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ព តាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖

  • ១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០ នាក់ជាមេទ័ពមុខ (ទ័ពស្រួច)។
  • ២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញឃុំពល ២០០០០ នាក់ជាមេកងទ័ព ប៉ែកឆ្វេង។
  • ៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១៥០០នាក់ជាប៉ែកស្ដាំ។
  • ៤. ឲ្យចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ។ ឬអម្រិន្ទបូរ គឺស្រុកបរិបូណ៌ឃុំពល ១៦០០០ នាក់ជាទ័ពក្រោយ។
  • ៥. ឯខ្លួនសម្ដេចចៅហ៊្វាកៅ ឯងឃុំពល ៤០០០០ នាក់ជាមេទ័ពធំ។

សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកមឿង ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកមឿងបានចូលទៅក្នុងបន្ទាយអស់ទៅហើយ។ សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ" ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញាចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅបោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។ សម្ដេចចៅហ៊្វាកៅ ចៅហ្វាពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាលបណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជាចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។ សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។ ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា: "បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ឯពលខាងគេមានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។ សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។ ចៅពញាសួគ៌ាលោកមឿងក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកមឿង ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។ ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកមឿង ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។ រឿងពញាមឿង នេះមានក្នុងព្រះរបាក្សត្រថា: ពញាមឿងនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១ កែ ១(៣) ទេព ១ សុខ ១។ ពញាមឿង មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌ ៧ ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។ សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាមឿងនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។ សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។ ចៅហ៊្វាកៅ និងចក្រីកែវក៏បានចាញ់ទ័ពខ្មោច ហើយចក្រីកែវក៏បានស្លាប់ក្នុងសង្គ្រាមនោះទៅ។

លុះដល់​វស្សានរដូវ​ក្នុង​ឆ្នាំឆ្លូវ នព្វស័ក​នោះ សម្ដេចព្រះ​ស្រីជេដ្ឋា​ ស្ដេច​កន ព្រះ​អង្គ​ចេញ​ជួបជុំ​សេនាបតី មន្ដ្រី​តូច​ធំ ខ្ញុំ​ព្រះ​រាជការ ហើយ​ត្រាស់​ថា “ចៅពញា​ចន្ទរាជា​លើក​កងទ័ព​ទៅ​វាយ​យក​ផែនដី​ត្រើយ​ខាងជើង ហើយ​លើកខ្លួន​ជា​ម្ចាស់ផែនដី​ទៀត ដូច្នេះ​ឲ្យ​សេនាបតី​ចេញ​សំបុត្រ​កេណ្ឌ​រេហ៍ពល​ឲ្យ​មក​គ្រប់​ខេត្ត​ថា កាលណា​ចេញ​ព្រះ​វស្សា ព្រះ​អង្គ​នឹង​លើកទ័ព​ទៅ​វាយ​យក​ខេត្ត​អម្រិន្ទបូរ​ ពោធិ៍សាត់​វិញ​ឲ្យ​បាន។ សេនាបតី​ទទួល​ព្រះរាជ​បញ្ជាហើយ ក៏​ចេញ​សំបុត្រ​ប្រាប់​ទៅ​ចៅហ្វាយស្រុក ចៅ​មឿង ចៅ​បាន ឲ្យ​កេណ្ឌ​កងទ័ព​តាម​ត្រាស់​បង្គាប់។ លុះដល់​ខែ​នោះ គ្រប់​ចៅហ្វាយស្រុក​បញ្ជូន​រេហ៍ពល​មក​ជួបជុំ​បាន​ចំនួន​ ១២០០០០ ​នាក់។ ទ្រង់​ត្រាស់​ឲ្យ​បង្ហាត់​កាន់​អាវុធ​ឲ្យ​ស្ទាត់​តាម​ក្បួន​ពិជ័យសង្គ្រាម ទ្រង់​ត្រាស់​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល​ឲ្យ​ឃុំ​កងទ័ព ​២០០០០ ​នាក់​ឆ្លង​ទៅ​តាំងទ័ព​នៅ​ខេត្ដ​សំរោងទងឲ្យ​សម្ដេច​ចៅហ៊្វា​កៅ​ឃុំ​ពល ​៣០០០០ ​នាក់​ទៅ​តាំង​បន្ទាយ​នៅ​ភ្នំពេញ។ ក្នុង​ខណៈនោះ​ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទ្រង់​ជ្រាប​ដោយ​បំរើសេះ​ពី​ខេត្ដ​លង្វែក​ចូល​ទៅ​ក្រាប​បង្គំ​ទូល​សព្វគ្រប់​ប្រការ​ហើយ ទ្រង់​ព្រះ​ពិរោធ​ជា​ខ្លាំង​ណាស់។ ទ្រង់​ប្រាប់​ឧកញ៉ា​ចក្រី​កែវ និង​ឧកញ៉ា​វង្សាអគ្គរាជ​កែឲ្យ​ឃុំ​ពល ​២០០០០ ​នាក់​លើក​ចេញ​ទៅ។ ព្រះ​បរមបពិត្រ​អម្ចាស់​ត្រាស់​ឲ្យ​ស្ដេច​ព្រះ​ភាគិនេយ្យយសរាជា​នៅ​ចាំ​រក្សា​បន្ទាយ ហើយ​ព្រះ​អង្គ​ព្រម​ដោយ​សេនា​ទាហាន រេហ៍ពល​ ៣០០០០​ នាក់លើក​ចេញ​ទៅ​តាំង​នៅ​ភូមិ​ជ័យសួគ៌នៅ​ខេត្ដ​លង្វែករង់ចាំ​ស្ដាប់​រាជការ​សង្គ្រាម បើ​ឃើញ​អាសន្ន​ទ្រង់​នឹង​លើកទ័ព​ទៅ​ជួយ​ជា​ឆាប់។ ក្នុង​គ្រានោះ​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែលើកទ័ព​ចូល​ច្បាំង​នឹង​កងទ័ព​ចៅពញា​ស្រាល។ វង្សាអគ្គរាជ​លើកទ័ព​តទល់​នឹង​ចៅពញា​លំពាំងជា​សេនាបតី​ មេទ័ព​ត្រើយ​ខាងកើត។ ខណៈនោះ ​សេនា​ទាហាន​រេហ៍ពល​ទាំង​សងខាង​ចូល​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​វែង​ខ្លី ជា​សន្ធឹក​គឹកកង​កោលាហល។ ពួក​ពល​ស្លុត​ស្លាប់​ទាំង​សងខាងកងទ័ព​ដំរី (ទ័ព​ខាង​សម្ដេចចៅពញា​ចន្ទរាជា) ដែល​ឧកញ៉ា​ចក្រី​ឲ្យ​ឧកញ៉ា​នរិន្ទ​នាយក ​ព្រះរាជា​នុកូលទៅ​បង្កប់​ក្នុង​ព្រៃ​នោះ​ចំនួន​ដំរី​សឹក​ ១៤០​ នាក់វាង​បាន​ទៅ​ខាងក្រោយ​ទ័ព​សត្រូវ​ហើយ​ក៏​បរ​ចូល​ទៅ​រួសរាន់​ជាន់​ជល់​ពង្រាប​ពីក្រោយ​កងទ័ព។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាលទ្រាំ​ពុំ​បាន​ក៏​បែក​ទ័ពរត់ទៅ​នៅ​ក្នុង​បន្ទាយ​ភ្នំពេញ​វិញ។ មេទ័ព​នៃ​សម្ដេចចៅពញា​ចន្ទរាជា ព្រះ​បរមបពិត្រ​ទាំង​ពីរ​កង​ក៏​លើក​រហូត​ទៅ​វាយ​បាន​បន្ទាយ​ខេត្ដ​បាទី ខេត្ត​ទ្រាំង​មួយ ចាប់​បាន​ចៅហ្វាយស្រុក​បាទី​មួយ ចៅ​មឿង​ព្រៃកប្បាសមួយ ចៅ​មឿង​កណ្ដាលស្ទឹង​មួយ ចៅ​មឿង​គងពិសី​មួយ ចៅ​មឿង​ភ្នំស្រួច​មួយ ព្រមទាំង​ចាប់​បាន​ចៅ​មឿង​បន្ទាយមាស​មួយ ចៅមឿង​ពាម​មួយ ចៅ​មឿង​ស្រែរនោង​មួយ ចៅ​មឿង​ជើងកញ្ជុំ​មួយ នាំ​មក​ក្រាបទូល​ថ្វាយ។ ព្រះ​បរមបពិត្រ​ទ្រង់​ចាត់​ឲ្យ​ទទួលទាន​បាយ​ទឹក​ព្រះ​ពិភ័ទ្ធ​សច្ចា ហើយ​ទ្រង់​ព្រះ​មេត្ដាប្រោស​លើកលែង​ខ្លួន និង​ឲ្យ​នៅ​រក្សាស្រុក​ខេត្ត​ដូច​ដើម​វិញ។ ចៅពញា​ពិស្ណុលោក​ឯក ជា​ចៅហ្វាយស្រុក​ខេត្ដ​ទ្រាំងក្នុង​ពេល​នោះ​រត់​រួច ហើយ​ទៅ​រួម​នឹង​ចៅហ្វាយស្រុក​បាសាក់​មួយ ព្រះត្រពាំង​មួយ ក្រមួនស​មួយ ឪម៉ៅ​មួយ តាំង​បន្ទាយ​មាំមួន​នៅ​ខេត្ដ​នោះ។ ដល់​រដូវ​ទ្វារទសមាសអកអំបុក​នោះ អស់​មុខមន្ដ្រី​ខាង​សម្ដេចចៅពញា​ចន្ទរាជា ជា​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាង​ចតុមុខ​ទៅ​ធ្វើ​ប្រាសាទ​គ្រឿង​ ឈើ ប្រក់​ស្បូវ នៅ​កំពង់​ខេត្ត​លង្វែក។ លុះដល់​សំរេច​ហើយ​ក៏​អញ្ជើញស្ដេច​ទៅ​ប្រថាប់​ទត​ប្រណាំងទូក និង​លយ​កន្ទោង​ធំ ទូកប្រទីប ថ្វាយ​ទៅ​ព្រះ​ចង្កូម​កែវ ដែលតំកល់​នៅ​ពិភពនាគ និង​អុជ​កាំជ្រួច​រន្ទាថ្វាយ​ទៅ​ចូឡាមណី​ចេតិយ​ដែល​តំកល់​ព្រះ​ចង្កូម​កែវ​នៅ​ឋាន​ត្រៃត្រិង្ស ​៣​ ថ្ងៃ។ ទ្រង់​ប្រោស​ប្រទាន​ឈ្មោះ​ភូមិ​ជ័យសូរ​ដែល​ព្រះ​អង្គ​តាំង​បន្ទាយ​នោះ​ឲ្យ​ហៅ​ថា “ភូមិ​សូរវង្ស”។ ឯ​ភូមិ​កំពង់សែត​នោះ​ទ្រង់​ឲ្យ​ហៅ​ថា កំពង់​ប្រាសាទ។ ហេតុនេះ​ហើយ​បានជា​មាន​ឈ្មោះ​ហៅ​ថា ភូមិ​សូរវង្ស​ កំពង់ប្រាសាទ​រៀង​មក។ លុះ ​ការ​បុណ្យ​ទ្វារទសមាស​ហើយ សម្ដេចចៅពញា​ចន្ទរាជា ព្រះ​អង្គ​ត្រាស់​បង្គាប់​ឧកញ៉ា​ចក្រី​កែវ ឧកញ៉ា​វង្សាអគ្គរាជ​កែ និង​ឧកញ៉ា​ក្រឡាហោម​គាំ​ឃុំ​ពល​រេហ៍ ​៣០០០០​ នាក់​លើក​ទៅ​ចោម​បន្ទាយ​ខេត្ដ​ភ្នំពេញ។ ឧកញ៉ា​ទាំង​ ៣ ​នាក់​ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ​ចាត់ចែង​កងទ័ព ព្រមទាំង​គ្រឿងសាស្ដ្រាវុធ​ស្រេច​ហើយ​ក៏​លើក​ចេញ​ទៅ​ចោម​វាយ​បន្ទាយ​នោះ​តាម​ត្រាស់​បង្គាប់។ ខណៈ​នោះ​មេទ័ព​ខាង​ស្ដេច​កន គឺ​ចៅហ៊្វា​កៅ ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​តេជោ ចៅហ្វាយស្រុក​សំរោងទង ចៅពញា​រាជា​មេត្រី ចៅហ្វាយស្រុក​ភ្នំពេញ ជា​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងកើត​ចេញ​ច្បាំង​នឹង​មេទ័ព​នៃ​អម្ចាស់​ត្រើយ​ខាងលិចជួន​ឈ្នះជួន​ចាញ់​ម្ដងម្នាក់​ជា​ច្រើន​ដង។ លុះដល់​រដូវភ្លៀង​រាស្ដ្រ​អត់ឃ្លាន​បាយ គ្មាន​ស្រូវ វេទនាណាស់ ក៏​សន្យា​បើក​កងទ័ព​ទាំង​សងខាង​ឲ្យ​ឈប់​ច្បាំង​រហូត​ដល់​ធ្វើស្រែ​ហើយ។ លុះ​មក​ដល់​ឆ្នាំខាល ទោស័ក ព.ស​ ២០៧៤, គ.ស ​១៥១៨, ម.ស​ ១៤៥២, ច.ស ​៨៩២ តាំងពី​ខែ​មិគសិរ បុស្ស ​រៀង​ទៅមន្ដ្រី​ត្រើយ​ខាងកើត (ស្ដេច​កន) ចេញ​កេណ្ឌ​មនុស្ស​ចុះ​ក្បួនទ័ព​លើក​ច្បាំង​គ្នាដណ្ដើម​យក​ខេត្ត​ត្រើយ​ខាងលិច​ទៀត។ ច្បាំង​គ្នា​ជា​ច្រើន​គ្រា លុះ​ផុត​វេលា​ក៏​ឲ្យ​ទ័ព​ឈប់​ទាំង​សងខាង។ “សង្គ្រាមលើក​ក្រោយ​នេះ​តាំងពី​ឆ្នាំឆ្លូវ​ដល់​ឆ្នាំខាល មេទ័ព​ទាំង​ ៣​ យកជ័យ​ជំនះ​ពុំ​បាន​សោះ។ ទើប​ទ្រង់​ត្រាស់​ប្រើ​ឃុន​វិជិត​តរង្គ​ពៅ​ឲ្យទៅ​ប្រាប់​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​វង្សាអគ្គរាជ​ថា ច្បាំង​រា​រត់​ថយ​ក្រោយ​រហូត​ទៅ​ជួបនឹង​ទ័ព​ឧកញ៉ា​ក្រឡាហោម​ថា ឲ្យ​ឧកញ៉ា​ក្រឡាហោម​ក្លែង​ទង់ជ័យ​ជា​រូប​មនុស្ស​ថាបើ​ឃើញ​កងទ័ព​សត្រូវ​បាក់រត់​មកឲ្យធ្វើ​ជា​ភ្ញាក់ផ្អើល​រត់ទៅ​ជាមួយនឹង​កងទ័ព​ឧកញ៉ា​ចក្រី ឧកញ៉ា​វង្សា​អគ្គរាជ​ត្រង់​រហូត​ទៅ​ដល់​ស្រុក​ឧដុង្គ។ ឃុន​វិជិត​តរង្គ​ពៅ​ក៏​ប្រាប់​ទៅ​មេទ័ព​ទាំង ​៣ ​កង​តាម​ព្រះរាជ​បន្ទូល​ពិសេស។ ក្រោយ​ព្រះរាជបំរើ​ទៅ​នោះ ទ្រង់​អនុញ្ញាត​ឲ្យ​ឧកញ៉ា​យមរាជ​ព្រំជា​មេទ័ព​ធំ ឧកញ៉ា​មហា​សេនា​សុខជា​មេទ័ព​មុខ ឧកញ៉ា​យោធា​សង្គ្រាម ជា​ប៉ែក​ឆ្វេង ឧកញ៉ា​យោធា​សង្គ្រាម​ទេព ជា​ប៉ែក​ស្ដាំទៅ​ឃុំ​ពល​ ២០០០០ ​នាក់​បង្កប់​នៅ​ក្នុង​ព្រៃ​មួយ​ខាង​ជើង​បឹង​ពោងពាយ។ ទ្រង់​ផ្ដាំ​ថា បើ​ឃើញ​កងទ័ព​សត្រូវ​នៅ​បន្ទាយ​ដេញ​កងទ័ព​យើង​ ៣ ​កង​ទៅ​ហើយ​នោះ​ឲ្យ​ដេញ​កងទ័ព​យើង​ឲ្យ​លើក​ជណ្ដើរ​កាន់​គប់​ភ្លើង​យក​ទៅ​ចោម​អុជ​បន្ទាយ​នោះ​ឲ្យ​បាន។ ទើប​ទ្រង់​ចាត់​ឧកញ៉ា​វិបុលរាជ​គាំ ឧកញ៉ា​ប្រទេស​រាជ​សួរឲ្យ​កេណ្ឌ​ទូក​រាស្ដ្រ​ផ្សំ​នឹង​ទូក​ចំបាំង​របស់​ខ្លួន​ទៅ​បោះ​នឹង​ជ្រោយ​ពន្លា​ថា បើ​ឃើញ​កងទ័ព​សត្រូវ​លើក​ចេញ​មក​ឲ្យ​រា​ថយ​មក​ដល់​ព្រែក​ព្នៅ។ ទ្រង់​ចាត់​សម្ដេចចៅហ៊្វាទឡ្ហៈ​ទេព ជា​កូន​ទី​ ៣​ ចៅពញា​មឿង ឲ្យ​លើកទ័ព​ទូក​ទៅ​បង្កប់​នៅ​ព្រែក​តាទែនដោយ​ផ្ដាំ​ថា បើ​ឃើញ​ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេសរាជ​មកឲ្យ​ព័ទ្ធ​ពីក្រោយ​ព្រួត​គ្នា​ច្បាំង​ដណ្ដើម​យកជ័យ​ជំនះ​ឲ្យ​បាន។ មេទ័ព មេកង ទាំង​ជើង​ទឹក​ជើង​គោក ក៏​ថ្វាយបង្គំ​លា​ឃុំ​កងទ័ព​លើក​ទៅ​ធ្វើ​តាម​ព្រះរាជ​បញ្ជាការ។ លុះ​មក​ដល់​ថ្ងៃ ​១២​ កើត ខែមិគសិរ ឆ្នាំខាល ទោស័ក​នេះ ឧកញ៉ា​ចក្រី​ ឧកញ៉ា​វង្សាអគ្គរាជ លើក​កងទ័ព​ចូល​ចោម​បន្ទាយ​ភ្នំពេញ​បាន​មួយស្របក់​ក៏​ថយ​រត់​ទៅ​វិញ។ ចៅពញា​តេជោ និង​ចៅពញា​រាជា​មេត្រី ឃើញ​ហើយ​ពុំ​ដឹង​កល ក៏​បើកទ្វារ​បន្ទាយ​នាំ​កងទ័ព​របស់​ខ្លួន ​២០០០​ នាក់​នោះ ដេញ​តាម​ទ័ព​ដែល​ចោមព័ទ្ធ​ខ្លួន​ដល់​អូរ​ផ្អរ ក៏​ប្រទះ​ទង់ជ័យ​ទ័ព​ហ្លួង​មួយ​កង​ទៀត​បែក​ទ័ពរត់ទៅ​វិញ ដូច្នេះ​ទ័ព​ខាង​ស្ដេច​កន ក៏​កំរើកចិត្ដ​ពន់ប្រមាណ។ លុះ​ឃើញ​ទង់​រូប​មេទ័ព​ទាំង​ពីរ​នោះ​ ក៏​សំគាល់​ថា ជា​ទ័ព​ហ្លួង​ចាញ់​បែក​ទ័ព​រត់​ទៅ​ហើយ ទើប​ឲ្យ​លើក​កងទ័ព​ដេញ​តាម​ទៅ​ទៀត។ លុះ​ទៅ​ដល់​ដំបូក​មាន​លាក់ទ័ព​សត្រូវ​ដេញ​តាម​ឧកញ៉ា​ចក្រី​ហួស​ទៅ។ ខណៈនោះ​ឧកញ៉ា​ក្រឡាហោម ឧកញ៉ា​វង្សាអគ្គរាជ ឧកញ៉ា​នរិន្ទ្រាធិបតី (ទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា) ត្រឡប់​ទ័ព​បាន​ពីក្រោយ​ឡោម​ចោម​ច្បាំង​ផ្ទប់​មក។ ឧកញ៉ា​ចក្រី (ខាង​សម្ដេច​ព្រះ​ចន្ទរាជា) ក៏​រា​ទ័ព​ត្រឡប់​មក​វិញ ចូល​បាញ់​ចាក់​កាប់សំលាប់​ទ័ព​សត្រូវ​ដែល​នៅ​ជា​កណ្ដាល​សត្រូវ​ក៏​បែក​ ទ័ពរត់ទៅ មេទ័ព​ខាង​សម្ដេចព្រះ​ចន្ទរាជា​ចាប់​បាន​ចៅហ្វាយស្រុក​ទាំង​ពីរ និង​ក្រុម​សេនា​ទាហាន​ទាំង​ ២៣ ​នាក់ ព្រមទាំង​គោ ក្របី ដំរី សេះ ហើយ​នាំ​ខ្លួន​ឈ្លើយ​ទាំងនោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ។ សម្ដេច​ព្រះ​មហា​ខត្តិយា​ចន្ទរាជា ទ្រង់​ឲ្យ​ដាក់​ក្ដី​ទាំងនោះ​ទុក​ចាំ​ជួប​មេទ័ព​គ្រប់​កង។ ឯ​សម្ដេចចៅហ៊្វា​កៅ កាល​ក្រឡេក​ទៅ​ឃើញ​កងទ័ព​ទូក​បោះ​នៅ​ជ្រោយចង្វា​មាន​ចំនួន​តិច​តួច​ស្ដួច​ស្ដើង​ណាស់ ក៏​គិត​ថា​ចៅហ្វាយស្រុក​ទាំង​ពីរ (ខាង​ខ្លួន) ច្បាស់​ជា​មាន​ជ័យ​ជំនះ​ហើយ ដែល​ដេញ​តាម​ទ័ព​ត្រើយ​ខាងលិច​នោះ ប្រហែលជា​បាន​សំរេចការ​សង្គ្រាម​ក្នុង​គ្រានេះ​ហើយ​ ថាបើ​បាន​សំរេច​ហើយ មុខជា​ចៅហ្វាយស្រុក​ទាំង​ពីរ​នោះ​នឹង​បាន​គុណ​គាប់​ជាង​អញ​ហើយ។ ចៅហ៊្វា​កៅ​គិត​ទៀត​ថា “ពី​មុន​អញ​អធ្យាស្រ័យ​ឲ្យ​ម្ដង ពុំ​ទាន់​បាន​កែខ្លួន គ្រា​ម្ដងនេះ​ចៅហ្វាយស្រុក​ទាំង​ពីរ​មាន​ជ័យ​លើ​ទ័ព​ត្រើយ​ខាងលិច​ទៀត​នោះ​ ឃើញ​ថាមិន​ស្រួល​ដល់​អញ​ជា​ខ្លាំង”។ សម្ដេចចៅហ៊្វា​កៅ​គិត​ឃើញ​ដូច្នេះ​ហើយ ទើប​ឲ្យ​ចៅពញា​លំពាំង ចៅពញា​ស្រាល ចៅពញា​វៀង នៅ​រក្សា​បន្ទាយ ឯ​ខ្លួន​ចៅហ៊្វា​ដេញ​កងទ័ព​ឲ្យ​ចុះទូក​ចំបាំង​ប្រមាណ ​៦០ ទៅ​ច្បាំង​នឹង​ឧកញ៉ា​វិបុលរាជ​ ឧកញ៉ា​ប្រទេស​រាជ​ដែល​ចតទូក​នៅ​ជ្រោយចង្វា។ កាល​ទ័ព​សត្រូវ​មក​ដល់​ហើយ ឧកញ៉ា​វិបុលរាជ និង​ឧកញ៉ា​ប្រទេស​រាជ (មេទ័ព​ខាង​ព្រះ​ចន្ទរាជា) ក៏​ដេញ​ពល​ឲ្យ​ទទួល​ច្បាំង​ត​នឹង​អាវុធ​វែងយ៉ាង​ឃោរឃៅ។ មួយ​ស្របក់​ក្រោយមក​ឧកញ៉ា​ទាំង​ពីរ​នាក់​ក៏​ឲ្យ​ពល​ថយ​ទូក​រត់ទៅ​ដល់​ព្រែក​ព្នៅ។ ចៅហ៊្វា​កៅ​ឃើញ​ដូច្នេះ​ក៏​ចែវ​ទូក​ដេញ​ទៅ​តាម។ សម្ដេចចៅពញា​ទេព កូនចៅ​ពញា​មឿង​មេទ័ព​ម្ចាស់ផែនដី​ត្រើយ​ខាងលិច​កាល​ឃើញ​ចៅហ៊្វា​កៅ​ដេញ​ទ័ព​ ឧកញ៉ា​ទាំង​ពីរ​ហួស​ទៅ​ហើយ ក៏​បង្គាប់​ឲ្យ​នាយកង​នាយ​ទ័ព​ឲ្យ​ចេញ​ទូកចំបាំងពី​ក្នុង​ព្រែក​តាទែន ហើយ​ដេញ​បាញ់​ពីក្រោយ។ ឯ​កងទ័ព​ឧកញ៉ា​វិបុលរាជ ឧកញ៉ា​ទេស​រាជ មេទ័ព​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ពេល​នោះ​ ក៏​រា​បែរមក​ច្បាំង​តាំង​ត​ជា​ឱឡារិក។ កងទ័ព​ខាង​ចៅហ៊្វា​កៅ នៅ​ជា​កណ្ដាល​នៃ​ទ័ព​សត្រូវទ័ល​កំលាំង​ណាស់ ក៏​តទៅ​ទៀត​ពុំ​បាន។ ដូច្នេះ​ហើយ​ក៏​លោតទឹក​ស្លាប់​ទៅ ខ្លះ​ក៏​ត្រូវ​នឹង​អាវុធ​ស្លាប់ ខ្លះ​ទៀត​ពិការ​ជា​ច្រើន។ ចំណែកឯ​ចៅហ៊្វា​កៅ​វិញ​លោតទឹក​ទន្លេ​ហែល​រត់​ត្រាតែ​រួច​ទៅ​ដល់​ក្រុង​បាសាន។ កងទ័ព​ឧកញ៉ា​យមរាជ ឧកញ៉ា​មហា​សេនា ឧកញ៉ា​យោធា​សង្គ្រាម ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​មួយ​កាល​ឃើញ​កងទ័ព​ក្នុង​បន្ទាយ​សត្រូវ​ចេញ​ដេញ​ មេទ័ព​ត្រើយ​ខាងលិច​អស់​ជា​ច្រើន​កង​ហើយ យល់​ថា​មាន​មនុស្ស​តិច​ក្នុង​បន្ទាយ​ក៏​ឲ្យ​ពួក​សេនា​រេហ៍ពល​កាន់​គប់​ភ្លើងលី​ជណ្ដើរ​ទៅ​ព័ទ្ធ​ឡើង​បន្ទាយ​នោះ។ ខណៈនោះ​ចៅពញា​លំពាំង ចៅពញា​ស្រាល ដេញ​ពល​ឲ្យ​ចូល​តទល់​នឹង​ទ័ព​ឧកញ៉ា​ទាំង​ពីរ តែ​ទ័ព​ចៅពញា​ទាំង​ពីរ​នេះ​ទប់​មិន​ឈ្នះ​កងទ័ព​ខាង​ព្រះ​ចន្ទរាជា ទើប​ចៅពញា​ទាំង​ពីរ​លោត​ចេញពី​បន្ទាយ​ចុះ​រត់​មក​ទៀត។ សេនា​ទាហាន​ខាង​ឧកញ៉ា​យមរាជ មេទ័ព​ហ្លួង​ត្រើយ​ខាងលិច​ទទួល​ចាក់​កាប់សំលាប់​ទាំង​ពីរ​នាក់​នោះ​ទៅ។ កងទ័ព​ជើងគោក ជើង​ទឹករបស់​ព្រះ​បរមបពិត្រ​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ទ្រង់​ព្រះ​សណ្ដាប់​មេទ័ព និង​នាយកង​ទ័ព​ទាំង​ជើង​ទឹក ជើង​គោក​ក្រាប​បង្គំ​ទូល​ថ្វាយ​មនុស្ស​ទោស​ក្បត់​គ្រប់​ប្រការ​ហើយទ្រង់​ឲ្យ​ចៅក្រម​ប្រឹក្សា​ទៅ​ឃើញ​ថា អា​ក្បត់​ដែល​មានទោស​ធ្ងន់ ​៣៥ ​នាក់​ទ្រង់​ឲ្យ​ប្រហារជីវិត​ទាំងអស់ឃើញ​ថាមនុស្ស​សល់​ពី​នោះ មានទោស​ស្រាល​ល្មម​ត្រាស់​ឲ្យ​ដាក់​ក្ដី​ទាំង ​៥០ ​នាក់។ ព្រះ​អង្គ​ឈ្នះ​សង្គ្រាម​ក្នុង​គ្រានេះ យក​បាន​ខេត្ត​ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និង​កំពង់សោម។ ចៅ​មឿង​ដែល​ឡើង​ខេត្ត​ទាំងនេះ​នៅ​ទិស​ខាងលិច​ទាំង​ប៉ុន្មាន​នោះ ទ័ព​ហ្លួង​ត្រើយ​ខាងលិច​ចាប់​បាន​ខ្លួន​ទាំងអស់នៅ​សល់​តែ​ខេត្ត​បាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែ​ប៉ុណ្ណោះព្រោះ​ចៅ​ពញាពិស្ណុលោក​រត់ទៅ​ប្រមូល​ចៅហ្វាយស្រុក​ក្រៅ​បន្ទាយ​ទាំងនោះ​ឲ្យ​តាំង​បន្ទាយ​រឹង​នៅឡើយ​មិន​ទាន់​យក​បាន។

យសស័ក្ដិខ្មែរ
មុនដោយ
រាជាមេត្រី (រាជ្យឝ្រីឝៅគន្ធបទ)
ចៅពញារាជាមេត្រីនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ប្រ. ១៥១៨-សតវត្សទី១៦
តដោយ
រាជាមេត្រី (ក្រុងមានជ័យ)