Jump to content

រឿងកុលាបប៉ៃលិនវគ្គទី១

ពីវិគីភីឌា

មរណភាព​របស់​តា ចឺម

[កែប្រែ]

[១] គ្រានោះ ព្រះសុរិយទេវបុត្រ ទ្រង់គង់លើវិមានកែវផលិក (ផ្លេក) ដែលជារថព្រះទីនាំង ទឹមដោយសេះអាជានេយ្យ១ពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ា យាត្រាសំដៅទៅទិសបស្ចឹម តាមចក្ររាសីនៃសុរិយចក្រវាឡ លុះដល់កំណត់បត់ព្រះរាជរថ ចូលបាំងជ្រងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រេងជ្រេចូលកាន់សន្ធ្យារាត្រី នាវេលានោះ ជាខាងខ្នើត ១៥កើត ខែត្ដិក ឆ្នាំ​ច ចត្វាស័ក ព.ស. ២៤៧០ (1927) ព្រះចន្រ្ទទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីនាំង បរចេញមកពីទិសបូព៌ាឆ្លុះពន្លឺពណ៌ប្រាក់ ទៅសព្វផែនពសុធា ព្រះចន្រ្ទាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិល ក្នុងទីរួមខេត្តបាត់ដំបង​ ។

[២] ឯ​គេហស្ថាន​នោះ​ ជា​ផ្ទះ​ចាស់ ប្រក់ក្បឿង ដំបូល​ពីរ​ជាន់ ជញ្ជាំង​ក្ដារ ក្រាល​ក្តារ សសរ​មូល នៅ​ហៅជាង​មាន​រូប​ចម្លាក់​ឈើ​ធ្វើ​ជា​រូប​រាហូ​លេប​ខែ នៅ​ខាង​ក្រោម​រូប​នេះ គេ​ឆ្លាក់​ជា​អក្សរ​មូល​ធំៗ​ថា "សិរីពង្ស" ជា​ផ្ទះ​ខ្មែរ​បែប​បុរាណ​ដែល​នៅ​សេសសល់​មក​សម័យ​ឥឡូវ​នេះ ។

[៣] ក្នុងវេលារាត្រីនោះ ពន្លឺរស្មីនៃដួងចន្រ្ទា កំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួច ហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយៗ ល្ហើយត្រសៀកល្មមត្រជាក់ស្រួល, នៅខាងក្នុងគេហស្ថាននោះមានកូនចង្គៀងប្រេងកាត១ ចងព្យួរនឹងជញ្ជាំងក្ដារល្មមតែឆ្លុះពន្លឺ ឱ្យមើលមកឃើញបុរសជរាម្នាក់ មានរាងកាយស្គាំងស្គមឥតសាច់ឈាម មានតែស្បែកដណ្ដប់ឆ្អឹង ដេកស្ដូកស្ដឹងនាកណ្ដាលល្វែងបន្ទប់, នៅក្បែរខាងបុរសជរានេះ មានក្មេងកំឡោះម្នាក់ មុខមាត់ស្រស់បស់ អង្គុយចាំបម្រើថែរក្សាជំងឺរបស់បុរសជរា ដោយកិរិយាឫកពាស្រពោនស្រពាប់ ស្រងូតស្រង៉ាត់ ឥតមានរីករាយបន្តិចសោះ ដោយអ្នកខំអត់ងងុយទ្រាំជំងឺរបស់បុរសជរា ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួន អស់វេលា ៣ រាត្រីមកហើយ។

[៤] ឯបុរសដែលមានជំងឺជាទម្ងន់ កំពុងដេកស្ដូកស្ដឹងនៅលើដំណេកនេះឈ្មោះ "ចឺម" កំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគជរា យូរៗគាត់ដកដង្ហើមធំវែងៗ ហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពាសពេញទាំងល្វែងបន្ទប់ដេក រួចភ្នែកទាំងគូរបស់គាត់សម្លឹងទៅចំមុខក្មេងកំឡោះម្នាក់ ដែលអង្គុយនៅក្បែរខាងខ្លួនគាត់។ ឯក្មេងកំឡោះនោះឈ្មោះចៅ "ចិត្រ" ជាកូនបណ្ដូលចិត្តរបស់គាត់ ហើយជាអ្នកទទួលវង្សត្រកូលរបស់គាត់តទៅអនាគតផង ទើបគាត់ខំញញឹមទាំងក្រៀមក្រំ ប្រឹងនិយាយដោយសូរសំឡេងញ័រៗ ថា "ចិត្រ" កូនមាសថ្លៃឪពុក! យប់យន់ណាស់ហើយមិនទាន់ទៅដេកទេឬ? ទៅកូន! ទៅដេកទៅ "តា ចឺម តឿនបង្ខំឱ្យកូនទៅដេក ក្រែងអត់ងងុយទៅជាឈឺចាប់" ។

[៥] ចៅ ចិត្រ គ្រវីក្បាលដោយអាការបដិសេធ ព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបិតា ទើបនិយាយជម្រាបទៅវិញថា "ខ្ញុំបាទមិនទាន់ងងុយទេលោកឪពុក! ប្រហែលជាលោកឪពុកមិនទាន់ពិសាថ្នាំយោងកម្លាំងទេដឹង? លោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថា សូមឱ្យលោកឪពុកពិសាកុំខាន"។

[៦] "ថ្នាំ ឬកូន" តា ចឺម និយាយឮតែក្នុងបំពង់ក ទំនងចំអកឲ្យថ្នាំនោះ ព្រោះជាថ្នាំគាត់ដឹងថា ឥតមានគុណវិសេសអ្វីបន្តិចឡើយ ហើយគាត់និយាយថា "ឱ! កូនអើយថ្នាំនេះឪពុកបានផឹកមកច្រើនលើកហើយ មិនឃើញមានគុណវិសេសអ្វី ដែលអាចជួយបន្ធូរបន្ថយជំងឺឲ្យបានស្រាកស្រាន្តសោះឡើយ រោគជំពូកនេះឪពុកស្គាល់ច្បាស់ថា ជារោគប្រចាំកាយ រក្សាក៏ស្លាប់ មិនរក្សាក៏ស្លាប់ ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះមិនវិសេសជាងទឹកទន្លេទេកូន"។

[៧] ចៅ ចិត្រ មិនទាន់បាននិយាយតបទៅឪពុកវិញ ស្រាប់តែលេចបុរសកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ ហើយដាក់គូថអង្គុយក្បែរខាងអ្នកជម្ងឺ ហើយសួរថា "ម៉េចទៅតាថ្ងៃនេះ អាការៈរោគបានធូរស្បើយខ្លះទេ?"។

[៨] ឱ, ពុទ្ធោ, ពុទ្ធោ, តា ចឺម លាន់មាត់ឡើង កាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះហើយគាត់និយាយទៅទៀតថា "ឱ! លោកគ្រូអើយ! វេលានេះ ភ្នែកខ្ញុំបាទ ស្លែស្រវាំង ងងឹត អស់ហើយ សូមអត់ទោសចុះ ខ្ញុំបាទមិនដឹងជាលោកគ្រូអង្គុយនៅត្រង់ណាទេ"។ ឯចៅ ចិត្រ កាលបើបានឮសម្ដីឪពុកនិយាយត្អូញត្អែរដូច្នោះ ទឹកភ្នែកក៏ហៀរហូរសស្រាក់ ដោយចិត្តអាណិតឪពុកពន់ពេក ហើយក៏សម្លឹងមើលគ្រូពេទ្យនិយាយអង្វរករ សុំឱ្យជួយស្រោចស្រង់សង្រ្គោះបិតា ឱ្យមានជីវិត តែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងវិធីមើលជំងឺ ក៏គ្រវីក្បាលដោយអស់សង្ឃឹម, ខ្សឹបប្រាប់ជិតត្រចៀក ចៅ ចិត្រ ថា៖ "ឆ្លងមិនផុតអំពីយប់នេះទេ"។

[៩] តា ចឺម និយាយ​មួយៗ ទាំង​ហត់​ដង្ហក់​បបូរមាត់​ស្លាំង​ញ័រ​ចំប្រប់​ខំ​និយាយ​ទៀត​ថា​ ៖ "ខ្ញុំ​បាទ​គង់​មិន​មាន​ជីវិត​រស់​នៅ​ទាល់​តែ​បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​ ក្នុង​ព្រឹក​ស្អែក​នេះ​ទៀត​ទេ ខ្ញុំ​បាទ​យល់​ថា​មិន​មែន​ការ​ចម្លែក​ខុស​ធម្មតា​ទេ ព្រោះ​មរណធម៌ ជា​សភាវៈ​ទៀងទាត់​ដែល​មនុស្ស​សត្វ​ទូទៅ​ត្រូវ​ទទួល​យក​និង​ចៀសវាង​ឲ្យ​ផុត​ពុំបាន​ឡើយ ឯ​វិញ្ញាណ​និង​រាងកាយ​របស់​ខ្ញុំ​បាទ ឥត​មាន​ស្រណោះ​អាឡោះអាល័យ​ប៉ុន្មាន​ទេ ស្លាប់​ហើយ​ត្រូវ​ទៅ​កើត​ជា​អ្វី​ ក៏​តាម​យថាកម្ម​ចុះ" ហើយ​បែរ​ទៅ​និយាយ​ផ្ដែផ្ដាំ​កូន​ថា ៖ "ចិត្រ កូន​សំឡាញ់​មាស​ឪពុក! កាល​បើ​ឪពុក​អស់​អាយុ​ទៅ​ហើយ ជីវិត​កូន​មុខ​ជា​សាត់​អណ្ដែត​ ឥត​បង្គោល​ជា​បង្អែក​ ដូច​សំណាត់​ដែល​អណ្ដែត​ក្នុង​ទន្លេ​ដូច្នោះ" ។

[១០] ឯ​ចៅ ចិត្រ អួល​ដើម​ក​និយាយ​អ្វី​មិន​រួច​សោះ​មាន​តែ​ទឹក​ភ្នែក​ហូរ​សស្រាក់ ឱន​មុខ​ជ្រុប​ក្រាប​ចុះ​ជិត​ជើង​ឪពុក ។ ចំណែក​ខាង​គ្រូ​ពេទ្យ​ ក៏​ងាក​មុខ​បែរ​ទៅ​បង្អួច ស្ទើរ​តែ​ទ្រាំ​ទប់​ទឹក​ភ្នែក​ពុំ​បាន ។

[១១] តា ចឺម និយាយ​ទាំង​ហត់​ថា "នែ ចិត្រ! កូន​សំឡាញ់​ឪពុក កាល​បើ​ឪពុក​ស្លាប់​ទៅ​ហើយ ចូរ​បា​ចាំ​បណ្ដាំ​ឪពុក​ទុក​ចុះ​ថា ៖ "ធម្មជាតិ​គ្រប់​យ៉ាង​ក្នុង​លោក​នេះ ដែល​មនុស្ស​លោក​សំគាល់​ថា ជា​ការ​រុងរឿង​ថ្លៃថ្លា​នោះ គឺ​ជា​ការ​តាំង​ខ្លួន​ប្រាណ​ឱ្យ​បាន​ថ្លៃថ្នូរ ស្ដុកស្ដម្ភ"​ ។ ឯការ​ដែល​រស់​នៅ​តោក​យ៉ាក​នោះ អ្នក​ផង​ទាំងពួង​គេ​មិន​យក​ភ្នែក​មើល​ទេ ការ​រស់​នៅ​បែប​នេះ​មិន​មែន​នាំ​ឱ្យ​បាន​សុខ​សប្បាយ​ទេ ប៉ុន្តែ​ពេល​នេះ​ កូន​អើយ! ឪពុក​នឹង​ប្រាប់​អ្នក​ឱ្យ​ធ្វើ​ដូច​ម្ដេច ទើប​បាន​សេចក្ដី​ចម្រើន​នោះ​ពុំ​បាន​ទេ សុំ​ឱ្យ​គ្រាន់​តែ​រលឹក​ដល់​ពុទ្ធភាសិត​មួយ​បទ​ថា "អត្តាហិ អត្តនោ នាថោ" ខ្លួន​ត្រូវ​ទីពឹង​ខ្លួន​តែ​ប៉ុណ្ណោះ ឱ្យ​រឿយៗ​ចុះ" ។ កូន​អើយ ពាក្យ​នេះ​មាន​ន័យ​ថា លោក​មិន​មែន​ទូន្មាន​យើង​ឱ្យ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ឱ្យ​ទៅ​ជា​មនុស្ស​អត្តទត្ថភាព​នោះ​ទេ ឬ​លែង​ឱ្យ​ពឹង​ពាក់​អ្នក​ដទៃ ឬ​លែង​ឱ្យ​អ្នក​ដទៃ​ពឹង​ពាក់​លើ​ខ្លួន​វិញ​ក៏​ទេ​ដែរ ។ ពុទ្ធភាសិត​នេះ ទូន្មាន​យើង​ឱ្យ​ចេះ​ខំប្រឹង​ប្រែង​កសាង​ជីវភាព​ខ្លួន​ឱ្យ​បាន​ចម្រើន ឱ្យ​មាន​ជំហរ​រឹង​ប៉ឹង​ដោយ​វិជ្ជា​សម្បត្តិ-គុណសម្បត្តិ-សមត្ថភាព-ទ្រព្យ​សម្បត្តិ​ និង​សុខភាព ទើប​យើង​អាច​រស់​នៅ​ក្នុង​សង្គម​មនុស្ស​បាន​ថ្លៃថ្នូរ ហើយ​យើង​អាច​ផ្ដល់​បាន​នូវ​អត្ថប្រយោជន៍ ឬ​គុណប្រយោជន៍​ដល់​សង្គមឱ្យ​បាន​ចម្រើន​ឡើង​ទៀតផង ។ កូន​ដឹង​ស្រាប់​ហើយ​ថា មនុស្ស​កើត​មក​ក្នុង​លោក​នេះ​ មិន​មាន​អ្នក​ណា​មួយ​អាច​រស់​នៅ​តែ​ម្នាក់​ឯង​បាន​ទេ គឺ​ត្រូវ​មាន​ការ​ពឹងពាក់​ ទាក់ទង​គ្នា​ទៅវិញទៅ​មក​ជា​និច្ច កូន​ត្រូវ​ស្គាល់ ហើយ​ត្រូវ​ខំ​បំពេញ​ករណីយកិច្ច​របស់​ខ្លួន ចំពោះ​ខ្លួន​ឯង ចំពោះ​សង្គម ចំពោះ​ជាតិ-សាសនា-ព្រះមហាក្សត្រ ដែល​ជា​ឧត្តមគតិ​របស់​ពលរដ្ឋ​ជាតិ​យើង ហើយ​ចំពោះ​មនុស្ស​ជាតិ​ទូទៅ ដែល​ជា​ឧត្តមគតិ​នៃ​ព្រះ​ពុទ្ធសាសនា " ។

[១២] ឯគ្រូពេទ្យ​ និយាយ​ជ្រែក​ក្នុង​ខណៈ​នោះ​ថា ៖ "តា​កុំ​អាល​អស់​សង្ឃឹម​រហ័ស​ពេក រោគរបស់​តា​ដែល​ធ្ងន់​ដូច្នោះ ក៏​មិន​ទាន់​ទៅ​ជា​អ្វី​ទេ នៅ​មាន​សង្ឃឹម​នឹង​សះជា​ឡើង​វិញ​បាន " ។

[១៣] តា ចឺម និយាយ​ផ្គើន​ឱ្យ​គ្រូពេទ្យ "សះជាឬ លោក​គ្រូ​? គ្មាន​ផ្លូវ​សះជាឡើង​វិញ​ជា​ប្រាកដ មាន​តែ​ផ្លូវ​ស្លាប់? មុខ​ក្នុង​ព្រឹក​ស្អែក​ឬ​យប់​នេះ ឬ​ឥឡូវនេះ ក្នុង​ពេល​ណា​មួយ​ជា​មិន​ខាន " ។ តា ចឺម ឈប់​បង្អង់​មួយ​ស្របក់ ហើយ​ចាប់​និយាយ​តទៅ​ទៀតថា ៖

[១៤] "នែ! ចិត្រ កូន​សំឡាញ់​ឪពុក ឪពុក​ទីទ័លក្រណាស់ គ្មាន​កេរ​មត៌កបន្តិចបន្តួច​បម្រុង​ទុក​ឱ្យកូន​ឡើយ ដល់​ឪពុក​ស្លាប់​ទៅ​ហើយ មាន​តែ​សព​ និង​ពាក្យ​បណ្ដាំ​ទុក​ឱ្យ​កូន " ។ រីឯវិញ្ញាណក្ខន្ធ​របស់​ឪពុក ដែល​នឹង​បាន​ទទួល​សេចក្ដី​សុខ​ក្សេមក្សាន្ត​ក្នុង​លោក​ខាង​មុខ​នោះ លុះ​តែ​កូន​ប្រតិបត្តិ​តាម​បណ្ដាំ​ឪពុក​ទាំង​ប៉ុន្មាន​ម៉ាត់​នេះ ដែល​ជា​បណ្ដាំ​ចុង​ក្រោយ​បំផុត​របស់​បិតា មួយ​ទៀត​វិជ្ជា​ដែល​ឪពុក​ទុក​ដាក់​ឱ្យ​កូន​រៀន​សូត្រ​ ដរាប​ទាល់​តែ​ប្រឡង​ជាប់​ប្រកាសនីយប័ត្រ​នោះ ទុក​ជា​មត៌ក​ដ៏​មាន​តម្លៃ​មួយ ។ ឱ!​ តាំង​ពី​ថ្ងៃ​នេះ​ទៅ ឪពុក​អស់​បាន​ជួយ​ទំនុក​បម្រុង​កូន​តទៅទៀត​ហើយ! " ។

[១៥] ចៅ ចិត្រ កាលបើបានស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សព្វគ្រប់ហើយ ក៏ស្រក់ទឹកភ្នែកច្រោកៗ ដោយមានចិត្តអាល័យ និងអាណិតឪពុកជាទីបំផុត ហើយខំនិយាយទាំងខ្សឹកខ្សួលជម្រាបឪពុកថា "លោកឪពុក! បណ្ដាំគ្រប់ម៉ាត់ ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្ត ខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការ, សូមលោកឪពុកកុំបីព្រួយបារម្ភឡើយ ខ្ញុំបាទបានជីវិតរស់នៅ ដរាបណា នឹងខំតាំងខ្លួនប្រាណតម្កល់តម្កើងវង្សត្រកូលឲ្យបានចម្រើនដរាបនោះ"។

[១៦] តអំពីពេលនោះ តា ចឺម មានអាការដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើង មានអាការក្រវល់ក្រវាយ ទំនងស្លឈាម ហើយទន់ពាប់ទៅរាល់គ្រា មរណសង្រ្គាមកំពុងទន្រ្ទានចូលមកជិតអ្នកជំងឺគ្រប់ដង្ហើម ទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យ ដែលមានមេត្តាចិត្តចំពោះខ្លួន ដោយសូរសំឡេងខ្សាវៗ ជាទំនងសេចក្ដីថា ៖ "ទានប្រោសលោកគ្រូ ! ខ្ញុំបាទនឹងដាច់ខ្យល់ស្លាប់ក្នុងពីរ-បីនាទីនេះហើយ សូមអរព្រះគុណនិងសូមជូនបុណ្យលោកគ្រូដែលមានព្រះគុណលើខ្លួនខ្ញុំបាទជាអនេក ដោយបានខំថែទាំរក្សាទាំងបង់ខាតថ្លៃថ្នាំជាច្រើនផង ហើយមិនមានគិតថ្លៃរក្សា និងថ្លៃថ្នាំបន្តិចឡើយ ខ្ញុំបាទឥតមានអ្វីតបស្នងសងគុណ​លោក​គ្រូ​ទេ ឱ! ព្រះគុណ​អើយ ត្រចៀក​ខ្ញុំ​បាទ​លែង​ឮហើយ ឱ!​ចិត្រ​កូន! ពុទ្ធំ​អរហំ ! " ។

[១៧] ចៅ ចិត្រ ឱបឪពុកជាប់ ហាក់ដូចជាមិនព្រមឱ្យវិញ្ញាណក្ខន្ធរបស់តាចឺមរត់ចេញពីរាងកាយទៅបាន តែបើទុកជាចៅចិត្រ ខំប្រឹងទប់ទល់យ៉ាងណា ក៏គង់តែមិនសម្រេចដូចបំណង ព្រោះជាតិ, ជរា, ព្យាធិ, មរណៈ (កើត, ចាស់, ឈឺស្លាប់ ) ជាមត៌ករបស់សត្វលោក ឥតមានសត្វណាមួយ គេចវេះចៀសវាងឱ្យរួចផុតទៅបានឡើយ អម្បាលដូចយ៉ាងព្រះអរហន្ត​សម្មាសម្ពុទ្ធម៉េចក៏គង់តែស្ដេចចូលបរិនិព្វានមិនខាន ។

[១៨] នៅទីបំផុតនេះ តា ចឺម ក៏ធ្លាក់ខ្លួនទៅជាចំណីអាហារនៃ​មច្ចុរាជ គឺដាច់ខ្យល់ផុតដង្ហើមក្នុងដៃរបស់ចៅចិត្រជាកូន។ តា ចឺម ក៏ទទួលមរណភាពក្នុងខណៈដែលដួងចន្រ្ទអស្ដង្គតបាត់ពន្លឺរស្មី ព្រមជាមួយគ្នាក្នុងគ្រានោះឯង ។

ជីវិតរបស់ក្មេងកំព្រា

[កែប្រែ]

[១៩] កាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយ ទើបចៅ ចិត្រ ដឹងខ្លួនច្បាស់លាស់ថា "ឱ! ខ្លួនអញអើយ កណ្ដែងកណ្ដោច ខ្លោចផ្សាតែម្នាក់ឯងហើយ បើងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតជិតខាងឯណាក៏គ្មាន ណ្ហើយចុះត្រូវតែតស៊ូនឹងសេចក្ដីទុក្ខលំបាកគ្រប់យ៉ាងចុះ ធ្វើម្ដេចកើតមកជាប្រុស កំព្រាម្ដាយឪពុក សមដូចជាប្រសាសន៍លោកឪពុកផ្ដាំទុកថា "ចិត្រ កូន! កាលបើអស់បុណ្យពីឪពុកហើយ ជីវិតរបស់អ្នកដូចកំណាត់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះ" ។

[២០] ចៅចិត្រក៏គិតឃើញថា ពិភពលោកទាំងមូលនេះ ធំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដទៃៗ តែបែរទៅជាទីតូចចង្អៀត លំបាកពន់ពេកចំពោះខ្លួនដែលកំព្រាម្ដាយឪពុកនិងបងប្អូន ញាតិសាលោហិត និងងាកមុខទៅជ្រកកោនពឹងពាក់អ្នកឯណាក៏គេឥតត្រូវការសោះ ព្រោះមនុស្សទីទ័លក្រលំបាកដូចនេះ គេមិនត្រូវការសេពគប់រាប់រក ហើយទុកជាសុំការគេធ្វើ ក៏ឥតមាននរណាជួយសង្រ្គោះរកការងារឲ្យធ្វើបានឡើយ ឱ! ខ្លួនអាត្មាអញអើយ កើតមកក្នុងលោកនេះ លំបាកអ្វីក៏លំបាកប្លែកជាងគេម្ល៉េះ, តែថាកើតមកជាអង្គបុរសហើយ មិនត្រូវខ្លាចសេចក្ដីទុក្ខព្រួយលំបាកទេ តោងតែតស៊ូនឹងសេចក្ដីទុក្ខព្រួយលំបាកអស់នេះ ឱ្យឃើញសខ្មៅទៅចុះ! ។

[២១] ចៅ ចិត្រ កំពុងតែឈរជញ្ជឹងរំពឹងគិតរកការធ្វើតែម្នាក់ឯងយ៉ាងស្ងាត់ៗ នៅចំហៀងខាងមុខផ្ទះ ក៏ងើបមើលទៅលើឃើញព្រះចន្រ្ទអណ្ដែតត្រសែតនៅកណ្ដាលពពក បញ្ចាំងពន្លឺឆ្លុះសព្វទីបរិវេណ មានខ្យល់បក់ផាត់មកយ៉ាងត្រជាក់ស្រេង ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅវត្ត ព្រះពិភិធារាម យ៉ាងច្បាស់លាស់ អណ្ដែតលឿនលយមកតាមបណ្ដោយខ្យល់ លុះចៅ ចិត្របានឮសូរសព្ទព្រះសង្ឃសូត្រធម៌នោះ ក៏ជាហេតុនាំផ្ដួចឱ្យនឹករលឹកដល់ឪពុក ដែលទើបទទួលអនិច្ចកម្មទៅថ្មីៗ មិនដឹងបើនឹងងាករេបែរមុខទៅពឹងអ្នកឯណា ហើយក៏បែរមុខមើលទៅក្នុងបន្ទប់ឃើញមានពន្លឺចង្កៀងភ្លឺផ្លុងៗ នៅទីនោះហើយដែលឪពុកធ្លាប់មូរថ្នាំស្លឹកសង្កែពិសាជានិច្ច តែឥឡូវនេះ មានតែចៅ ចិត្រ ម្នាក់ឯង ចៅ ចិត្រ អាណិតខ្លួនណាស់ ទឹកនេត្រាក៏ហូរចេញមកសស្រាក់ដោយឥតដឹងខ្លួន ។

[២២] ខណៈនោះ ចៅ ចិត្រ ក្រឡេកមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមក ទើបចៅ ចិត្រ ក្រោកឡើងស្រែកសួរទៅថា ៖ "នរណា នុ៎ះ?" "គ្នាឯងទេ, ចៅចិត្រឬអីហ្នឹង?" បុរសនោះសួរមកវិញ ។ ចៅ ចិត្រ នឹកស្មានថាប្រហែលគ្រូពេទ្យ ទើបស្រែកអញ្ជើញថា ៖ "សូមអញ្ជើញលោកគ្រូ" ។

[២៣] គ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះ ហើយដាក់គូថអង្គុយលើកៅអីតាមសេចក្ដីអញ្ជើញរបស់ម្ចាស់ផ្ទះ។

[២៤] "សុខសប្បាយជាទេឬ ចៅ ចិត្រ?" គ្រូពេទ្យសួរដោយមេត្រីចិត្ត ។

[២៥] ចៅ ចិត្រ តបថា ៖ "ទានប្រោស! ចំណែកខាងរាងកាយសុខសប្បាយជាទេ ប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុត ឥតសប្បាយមួយពេលឡើយ តាំងអំពីលោកឪពុកអនិច្ចកម្មទៅ, វិញ្ញាណខ្ញុំបាទនេះ ហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីឡើយ!" ។

[២៦] គ្រូពេទ្យ​ងក់ក្បាល​ទំនង​ជឿតាម​សំដី​ចៅ​ចិត្រ ទើប​សួរ​ថែម​ទៀត​ថា "ចុះ​សព្វថ្ងៃ​នេះ បាន​ធ្វើ​ការ​នៅ​កន្លែង​ណា​ហើយ​ឬ​នៅ​ឡើយ​ទេ?"

[២៧] ចៅចិត្រ​និយាយ​តប​ដោយ​ក្រៀមក្រំសោះកក្រោះថា ៖ "ទានប្រោស! នៅ​ទី​នេះ​ ខ្ញុំ​បាទ​រក​ការ​ធ្វើ​មិន​ទាន់​បាន​ទេ ការងារ​គ្រប់​ផ្នែក​ហាក់​ដូច​ជា​ខ្ពស់​ជាង​ចំណេះ​របស់​ខ្ញុំ​បាទ ដែល​បាន​ខំរៀន​សូត្រ​មក​ដូច​ជា​ច្រើន​ណាស់ ហាក់​ដូច​គ្រាន់​តែ​ប្រើការ​បាន​ត្រឹម​តែ​មើល​សំបុត្រ​ស្នាម​បន្តិចបន្តួច មើល​ឈ្មោះ​ហាង​រាន​ផ្សេងៗ និង​មើល​ប្រូក្រាម​តាម​រោងកុន-​ល្ខោន​ប៉ុណ្ណោះ !" ។

[២៨] គ្រូពេទ្យនិយាយ​ដោយ​សេចក្ដី​អាណិត យ៉ាង​ស្មោះ​ត្រង់​ថា ៖ "ខ្ញុំ​ក៏​នឹក​អាសូរ​អ្នក​ច្រើន​ណាស់​ដែរ ! ចិត្រ " ហើយ​និយាយ​ទូន្មាន​ថា "ខ្លួន​អ្នក​ជា​កូន​ប្រុស ត្រូវ​តទល់​នឹង​វិស័យ​លោកិយ​ទៅ​មុខ​ទៀត​ច្រើន​ណាស់ បង្អង់​ឱ្យ​ខ្ញុំ​គិត​ពីរ​បី​នាទី​មើល ក្រែង​ខ្ញុំ​គិត​រកឧបាយ​ជួយ​សង្គ្រោះ​ខ្លួន​អ្នក​ឯង​បាន​ខ្លះ ​" ។

[២៩] ចិត្រនៅតែស្ងៀម។ គ្រូពេទ្យជញ្ជឹងគិតមួយស្របក់ក៏ញញឹមលាន់មាត់ចេញសំដីថា "នឹកឃើញហើយៗ! ខ្ញុំមានឪពុកមាម្នាក់ ជាអ្នកមានចិត្តសប្បុរស មានសម្បត្តិស្ដុកស្ដម្ភគ្រាន់បើ មើលទៅបើលោកជួយធុរៈ មុខជាអ្នកឯងបានការធ្វើមិនខាន តែតោងនឿយហត់បន្តិចមុនដំបូង" ។

[៣០] ចៅចិត្រ​ញញឹមញញែម ហើយ​ជំរាប​ទៅ​លោក​គ្រូពេទ្យ​ថា "ខ្ញុំ​បាទ​ទទួល​អត់ធន់​សេចក្ដី​លំបាក​គ្រប់យ៉ាង​ទាំង​អស់ សុំ​ឲ្យ​តែ​មាន​ការ​ធ្វើ​នឹង​គេ​ចុះ គ្រាន់​នឹង​បាន​ចិញ្ចឹម​ជីវិត កុំ​ឲ្យ​មាន​ពាក្យ​គេ​តិះដៀល​ប៉ុណ្ណោះ ទុក​ជា​ជីកដី​លីសេង រែក​ ពុន​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​បាទ​ស្ម័គ្រ​ធ្វើ​ទាំង​អស់ " ។

[៣១] លោក​គ្រូ​ពេទ្យ​មាន​ទឹក​មុខ​រីករាយ ដោយ​សេចក្ដី​ពេញ​ចិត្ត​ហើយ​ថា "ខ្ញុំ​គិត​ជា​និច្ច​ថា​ អ្នក​ឯង​ជាកូន​ប្រុស អាច​ទទួល​ធ្វើ​ការ​គ្រប់​ជំពូក​បាន គំនិត​អ្នក​ឯង​គួរ​ឲ្យ​សរសើរ​ណាស់ ប៉ុន្តែ​ចៅ​ ចិត្រ! ការ​ដែល​អ្នក​ឯង​ត្រូវ​ធ្វើ​នោះ មិន​មែន​នៅ​ក្នុង​ទី​នេះ​ទេ គឺ​នៅ​ឯស្រុក​បប៉ៃលិន​ឯណោះ " ។

[៣២] "បប៉ៃលិន ឬទានប្រោស"! ចៅ ចិត្រ ឆ្លើយផ្ទួនពាក្យបាត់ទឹកមុខញញឹមរីករាយមួយរំពេច ហើយនិយាយត្អូញត្អែរថា "ទានប្រោស! គេថាស្រុកនោះ ចាញ់ណាស់ មានតែពួក ភូមា កូឡា ទើបទ្រាំទៅរកស៊ីក្នុងទីនោះបាន ខ្ញុំបាទនឹកក្រែងតែទ្រាំទ្រនឹងធាតុអាកាសទឹកដីនៅទីនោះមិនបានទេដឹង?" គ្រូពេទ្យទូន្មានថា "អ្នកឯងនិយាយដូច្នេះក៏ត្រូវដែរ ប៉ុន្តែអ្នកដែលទៅហើយឈឺចាញ់នៅទីនោះ ច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឱ្យផុត​ពី​ជំងឺ​គ្រុន​ចាញ់ ចុះ​ចំណែក​អ្នក​ឯង​ក៏​បាន​រៀនសូត្រ​ចេះ​ក្បួន​អនាម័យ​មក​ខ្លះ ក៏​ល្មម​នឹង​ការពារ​ខ្លួន​បាន មួយវិញ​ទៀត ជំងឺ​គ្រុន​ចាញ់​នេះ​មិន​ចំពោះ​តែ​ជាតិ​យើង​ទេ ទុក​ជាជាតិ​ណា​ក៏​ដោយ​ តែ​ខ្វះ​វិធី​ការពារ​រោគ​តាម​ក្បួន​អនាម័យ​ហើយ មុខ​ជា​ឈឺ​ចាប់​ដូច​គ្នា​ទាំង​អស់ " ។ គ្រូពេទ្យនិយាយទូន្មានចៅចិត្រឲ្យមានះក្លាហានឡើង ហើយពោលតទៅទៀតថា "ឯឪពុកមាខ្ញុំនោះ ពីដើមធ្វើជាមន្រ្តីមួយ ហៅតាមបណ្ដាសក្តិថា "ហ្លួងរតនសម្បត្តិ" វេលានេះ អាយុលោក៥០ប្លាយ ឆ្នាំហើយ លោកមានអធ្យាស្រ័យល្អ, ពួកកូឡា ភូមា នៅទីនោះរាប់អានលោកណាស់ កាលពី២-៣ អាទិត្យមុននេះ លោកមានសំបុត្រ១ច្បាប់មកដល់ខ្ញុំ សុំឲ្យរើសរកមនុស្សម្នាក់ទៅធ្វើការលោក ចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ ត្បិតការជីកត្បូងនីមួយៗ គេត្រូវការតែមនុស្សសុចរិតស្មោះត្រង់ ។

[៣៣] ចៅចិត្រនិយាយថា "ការនេះ ជាការថ្មោងថ្មីក្នុងជីវិតរបស់ខ្ញុំបាទ" ។ គ្រូពេទ្យថា "គ្រាន់បើជាងនៅទំនេរ មិនទាន់មានការអ្វីធ្វើមែនទេ? បើព្រមទទួល ខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់ៗនេះ ដោយខ្ញុំមានសេចក្ដីសង្ឃឹមទុកចិត្តថា អ្នកនឹងខិតខំធ្វើការម៉ឺងម៉ាត់ជាទីពេញចិត្តរបស់គេពុំខាន" ។ [៣៤] ចៅ ចិត្រ លើកដៃសំពះ ថ្លែងអំណរគុណដោយសេចក្ដីគោរពចំពោះលោកគ្រូពេទ្យៗ ក៏សរសេរសំបុត្រ១ច្បាប់ឱ្យចៅចិត្រ ហើយលាចុះដើរចេញពីផ្ទះនោះទៅ។