រឿងកុលាបប៉ៃលិនវគ្គទី២

ពីវិគីភីឌា

លុះចៅ ចិត្រ បានទទួលសំបុត្រគ្រូពេទ្យហើយ ក៏ចាត់ចែងសំពត់អាវដាក់វ៉ាលីសផ្ដៅ និងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយ ក៏ប្រះដេកសម្រាកដោយសេចក្ដីត្រេកអរដ៏លើសលប់ ក្នុងយប់នោះស្ទើរតែដេកមិនលក់ទាល់ភ្លឺ ។ ដល់ម៉ោង៥ជិតភ្លឺ នាឡិកាឯផ្សារវិលវាយឮសូម៉ឺងៗ យ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅ ចិត្រៗ ក្រោកឡើងលុបលាងមុខមាត់រួច ក៏ស្លៀកពាក់ យួរវ៉ាលីសចុះពីផ្ទះ ដើរសំដៅទៅផ្សារវិលបម្រុងទៅឡើងរថយន្ត ដែលដើរទៅផ្លូវបាត់ដំបង-បប៉ៃលិន។ ចៅចិត្រទិញសំបុត្រកន្លែងរួចស្រេចហើយ ក៏អង្គុយចាំដរាបដល់ពេលរថយន្តចេញពីទីផ្សារក្រុងបាត់ដំបងទៅ។ វេលាម៉ោង៦ និង១៥នាទី រថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូង ដល់ទៅផ្សារភាស៊ីស្រា ក៏បត់ត្រង់ទៅឯលិចតាមផ្លូវបប៉ៃលិន។ ចៅ ចិត្រ អង្គុយមើលភូមិប្រទេសសងខាងមាគ៌ានោះ មុខគួរឲ្យស្រងេះស្រងោច អណ្ដែតអណ្ដូងក្នុងចិត្ត ជាចម្លែកណាស់ នឹកដល់ឪពុកដែលទើប អនិច្ចកម្មទៅថ្មីៗកាលណា ទឹកភ្នែកក៏ជោរជន់ចេញមកឯង តែខំទប់ទល់មិនឲ្យទឹកភ្នែកស្រក់ចុះទាល់តែបាន ដើម្បីការពារកុំឲ្យអ្នកជិះរថយន្តជាមួយគ្នា មានសេចក្ដីសង្ស័យមន្ទិលមកលើខ្លួន ហើយបន្លំនិយាយសើចលេងកំសាន្ត ជាមួយនឹងអ្នកជិះទាំងអស់គ្នារៀងៗទៅ ។

ឯផ្លូវដែលឡើងទៅស្រុកបប៉ៃលិន មិនសូវឆ្ងាយប៉ុន្មានពីក្រុងបាត់ដំបងក៏ពិតមែន តែជាផ្លូវលំបាកបន្តិច ត្បិតត្រូវបរ រថយន្តឡើងកាត់ភ្នំ និងសសៀរតាមជើងភ្នំខ្ពស់ឡើងៗ ហើយកោងបរបត់បែនដរាបដល់ស្រុកបប៉ៃលិន ទុកជាបង្ខំយ៉ាងណា ក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរាបទេ ។ ចៅ ចិត្រ ក្រឡេកមើលទេសភាពតាមសងខាងផ្លូវ សឹងដេរដាសទៅដោយស្រែចំការច្បារដំណាំ និងភូមិស្រុកដោយអន្លើៗ ឃ្លាតឆ្ងាយដាច់ៗ ពីគ្នាលុះជិតទៅដល់បប៉ៃលិន ក៏ឃើញតែព្រៃព្រឹក្សា លតាវល្លិ និងភ្នំតូចធំច្រើនអនេក ព្រមទាំងសត្វបក្សាបក្សី និងសត្វចតុប្បាទ ក៏មានកុះករច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះ។ ចៅ ចិត្រ បានឃើញសព្វសត្វអស់នោះ ក៏កើតមានចិត្តសង្វេគនឹករលឹកដល់ឪពុកកាន់តែខ្លាំងឡើងៗ ស្ទើរតែទប់ទឹកភ្នែកពុំបាន ។

លុះដល់រថយន្តបរបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើ វេលាម៉ោង ១១ថ្ងៃត្រង់ រថយន្តក៏បានទៅដល់ទីផ្សារ បប៉ៃលិនដោយស្រួល។ ចៅ ចិត្រ ចុះពីរថយន្ត ដើរទៅស៊ើបសួររកផ្ទះ ហ្លួងរតនសម្បត្តិ ។ មានភូមាម្នាក់នៅទីផ្សារនោះ ចង្អុលប្រាប់ថា ផ្ទះហ្លួងរតនសម្បត្តិ នៅឯណោះចម្ងាយពីទីផ្សារនេះទៅប្រហែល ៥០០ម៉ែត្រ ក្បែរមាត់ផ្លូវខាងជើង នៅក្លោងទ្វារផ្ទះនោះមានសរសេរយីហោថា ផ្ទះហ្លួងរតនសម្បត្តិ អញ្ជើញទៅចុះគង់នឹងឃើញមិនខាន។ ចៅចិត្រក៏ចេញដើរទៅតាមពាក្យភូមានោះ ហើយទៅឈររេរានៅមុខផ្ទះដូចមានយីហោខាងលើនេះ មួយស្របក់មានកម្មករម្នាក់ ចេញមកពីក្នុងភូមិនោះសួរថា "អញ្ជើញមករកអ្នកណា?" ចៅ ចិត្រ ភ្ញាក់ព្រើត ព្រោះពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើនស្រាប់តែក្រឡេកមកឃើញបុរសខ្មៅម្នាក់ឈរសួរក្បែរខ្លួន ទើបប្រាប់ទៅថា "ខ្ញុំមករកលោក ហ្លួងរតនសម្បត្តិ វេលានេះលោកនៅ ឬទេ?"

បុរសនោះឆ្លើយតបថា "លោកនៅខាងលើផ្ទះ បើចង់ជួបនឹងលោក អញ្ជើញមកតាមខ្ញុំ" ហើយបុរសនោះក៏ដើរនាំមុខចៅចិត្រឡើងទៅលើផ្ទះ។

គេប្រាប់ឲ្យចៅចិត្រអង្គុយលើកៅអីមួយ នៅក្នុងបន្ទប់ទទួលភ្ញៀវ ហើយដើរចូលទៅក្នុងបាត់មួយស្របក់ ក៏លេចមនុស្សចាស់សក់ស្កូវម្នាក់ ដើរចេញមកដោយឫកពាអង់អាច ស្លៀកសារុងសូត្រពាក់អាវទ្រនាប់តាមទំនៀមអ្នកនៅផ្ទះ ពាក្យដំបូងដែលនិយាយនឹងចៅ ចិត្រ នោះដូច្នេះថា "ក្មួយមកពីណា ? ត្រូវការជួបនឹងខ្ញុំមានការអ្វី?"

ចៅចិត្រសង្កេតដឹងច្បាស់ថា លោកនេះហើយដែលហៅថា ហ្លួងរតនសម្បត្តិដែលខ្លួនត្រូវការជួប ទើបរំកិលខ្លួនចុះពីកៅអីលុតជង្គង់ក្រាបចុះ ដោយសេចក្ដីគោរពគួរសម ។

ហ្លួងរតនសម្បត្តិ ជាអ្នកជំនួញលក់ត្បូង ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកបប៉ៃលិន ក៏អង្គុយលើកៅអីមួយ ចៅចិត្រ សង្កេតតាមឫកពារបស់លោកនេះ យល់ថាជាអ្នកមានអធ្យាស្រ័យល្អ ចិត្តសប្បុរស គួរជាទីគោរពរាប់អានមែន។

"ទានប្រោសមាន!" ចៅ ចិត្រ ឆ្លើយដោយឱនលំទោនហើយថា "លោកគ្រូពេទ្យ ស្អាត បានផ្ញើសំបុត្រ ១ច្បាប់ មកជួបព្រះតេជព្រះគុណ"។

"អើ ! ពេទ្យ ស្អាត ក្មួយខ្ញុំនោះឬ!" លោកនិយាយទាំងញញឹមតាមដោយលោកជាអ្នកមានអធ្យាស្រ័យរីករាយជានិច្ច ហើយសួរថា "សំបុត្រនោះនៅឯណា?"។

ចៅ ចិត្រ លូកដៃទៅក្នុងហោប៉ៅ យកសំបុត្រនោះជូនទៅ លោក ហ្លួង ទទួលយកទៅមើលដោយសេចក្ដីត្រេកអរ លុះមើលចប់ហើយក៏បែរមកពិចារណា មើលលក្ខណៈចៅ ចិត្រ ម្ដងទៀត។

ហ្លួង "ក្មួយឯងមែនទេឬអី ឈ្មោះ ចៅ ចិត្រ ដែលពេទ្យ ស្អាត បានបញ្ជូនខ្លួនមកឱ្យខ្ញុំ?

ចិត្រ "ទានប្រោស ខ្ញុំបាទនេះហើយ"

ហ្លួង "ចុះក្មួយធ្វើការយ៉ាងនេះបានដែរឬ ? ការរបស់ខ្ញុំនេះ វាធ្ងន់ណាស់ តោងទ្រាំជីកដីក្នុង១ថ្ងៃ ៥-៦ ម៉ោង ទើបស្ទុះរួច រូបរាងស្អាតបាតដូចជាក្មួយនេះ ខ្ញុំយល់ថាទ្រាំទ្រការងារមិនបានយូរប៉ុន្មានទេ មុខជារត់ទៅផ្ទះវិញហើយ !"។

"មនុស្សដទៃទៀត គេទ្រាំធ្វើបានយ៉ាងណា ឯខ្ញុំបាទគង់ធ្វើបានដូចជាគេដែរ សូមព្រះតេជព្រះគុណកុំព្រួយឱ្យសោះ។" ចៅចិត្រ ពោលរ៉ាប់រងយ៉ាងម៉ឹងម៉ាត់។​ ពាក្យនេះហើយដែលធ្វើឲ្យ ហ្លួងរតនសម្បត្តិ មានសេចក្ដីពេញចិត្តណាស់ ហើយចៅ ចិត្រនិយាយតទៅទៀតថា "ទានប្រោស! មនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ មិនប្រកាន់ការស្រាលៗស្រួលៗទេ ខ្ញុំបាទមិនដែលគិតដូច្នេះទេ កាលបើខ្ញុំបាទមានកម្លាំងពលំដរាបណា ខ្ញុំបាទនឹងខំធ្វើការដរាបនោះ ទោះបីធ្ងន់ក្ដីស្រាលក្ដី"។

"អ្នកឯងនិយាយនេះត្រូវណាស់" លោក ហ្លួង និយាយសរសើរហើយថា "ណ្ហើយចុះ, ឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើជានិច្ច វេលានេះ អណ្ដូងត្បូងទិសខាងកើត ខ្ញុំកំពុងឲ្យចាប់ផ្ដើមជីកត្បូងមានតម្លៃមួយអន្លើ ព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឱ្យទៅធ្វើការនៅទីនោះ ធ្វើការក្នុងគ្រាដំបូងនេះ ខ្ញុំនឹងតាំងប្រាក់ខែឲ្យអ្នកឯងត្រឹម ៣០រៀលសិន ប៉ុន្តែអ្នកឯងអាចបានប្រាក់ខែច្រើនជាងនេះទៅទៀត បើខំយកចិត្តទុកដាក់ធ្វើការដោយម៉ឺងម៉ាត់ហើយម៉ត់ចត់ផង" ។

ចៅ ចិត្រ ឱនក្បាលក្រាបចុះដោយសេចក្ដីគោរពម្ដងទៀត។

ក្នុងខណៈនោះ មានសូរស្បែកជើង លាន់ឮពីខាងក្រោមឡើងមកលើផ្ទះ ព្រមទាំងមានសំឡេងយ៉ាងឆ្មារតូចលាន់រំពងមក ពីខាងក្រោយ ចៅចិត្រៗ ក៏ចោលភ្នែកក្រឡេកមើលទៅ ប្រទះនឹងភ្នែកទាំងគូកំពុងតែសម្លឹងចំត្រង់មក ជាដួងភ្នែកប្រកបដោយទឹកដម គួរជាទីចាប់ចិត្តស្នេហា តែមានឫកពាឆ្មើងឆ្មៃបន្តិចមានកិរិយាក្និកក្នក់ញ៉ែងញ៉ង ល្វាសល្វន់ល្អណាស់ សម្បុរស្បែកសស្អាត មុខមូលក្រឡង់ដូចវង្សព្រះចន្រ្ទា សូរសំឡេងស្រួយស្រស់ដូចសូររគាំងប្រាក់ ដំណើរល្វន់ល្វាស ដូចជាផ្កាកុលាបដែលត្រូវខ្យល់បក់ល្វិចៗ នៅកណ្ដាលសួនច្បារដូច្នោះ ឱ, ល្អអី ល្អម្ល៉េះ! នេះប្រហែលជាអញយល់សប្តិឃើញទេដឹង !!

ចៅចិត្រភ្ញាក់សា្មរតីលែងសំឡឹងស្រឡាំងកាំង ក្នុងពេលដែលលោកហ្លួងស្រែកហៅកូនក្រមុំនោះឲ្យឡើងមកខាងលើផ្ទះ៖

  • មកឯណេះ នារីថ្ងៃនេះ ប៉ាបានមនុស្សចូលធ្វើការថ្មីម្នាក់ទៀ។

នាងក្រមុំនារី ឈានជើងឡើងជណ្ដើរមួយៗ ភ្នែកសំឡឹងមើលចៅចិត្រដោយកិរិយាឆ្មើងឆ្មៃបន្តិច ដែលជាទំនៀមរបស់ស្រីក្រមុំរូបស្រស់ ហើយសួរទៅឪពុកថា៖

  • ប៉ា ! នេះឬអ្នកចូលមកធ្វើការថ្មីរបស់យើង ?

លោកហ្លួងញាក់មុខទទួលហើយ ងាកទៅនិយាយនឹងចៅចិត្រថា៖

  • ចៅចិត្រ ! នេះនារីកូនក្រមុំរបស់ខ្ញុំ។

ចៅចិត្រលើកដៃសំពះសួរ នាងនារីងក់ក្បាលគំនាប់ដោយកិរិយាឆ្មើងៗ តាមនិស្ស័យរបស់នាង ។ ចៅចិត្រដឹងខ្លួនថា តាំងអំពីថ្ងៃនេះទៅ មុខជាត្រូវនាងក្រមុំរូបស្រស់នេះមាក់ងាយ មាក់ថោកខ្លះជាមិនខាន ។

នាងនារី សំឡឹងមើលកម្មករថ្មីរបស់ឪពុក តាំងអំពីក្បាលរហូតដល់ចុងជើង មើលហើយមើលទៀត នៅទីបំផុតក៏លាន់មាត់ថា *កម្មករនេះស្គមដូចជាអ្នកញៀនអាភៀន នឹងមានកម្លាំងជីកដីបានឬប៉ា ? កូនយល់ថាតម្រូវឲ្យធ្វើការលាងចានក្នុងផ្ទះបាយវិញជាជាង ?

ចៅចិត្រកាលត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នេះ ក៏នឹកអៀនខ្មាសណាស់ ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយភ្លែតហើយតបទៅថា៖

  • មនុស្សត្រង់គេមិនដែលសំគាល់ថាជាមនុស្សល្ងង់ ឯមនុស្សស្គមក៏គេមិនសំគាល់ថាជាមនុស្សខ្សោយដែរ ស្គមយ៉ាងខ្ញុំបាទនេះ មានកម្លាំងខ្លាំងដូចជាមនុស្សធាត់មាំដែរ គ្រាន់តែមិនសូវមានសាច់ឈាមបរិបូណ៌ទេតើ !!

នាងនារីធ្វើមុខក្រញូវទំនងខឹងបន្តិចៗផង ដោយនាងមិននឹកនាថាចៅចិត្រហ៊ានឆ្លើយដូច្នោះសោះ ព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះ ហ៊ាននិយាយលេងសំដីវោហារនឹងនាង ឡើយ ។

លោកហ្លួងឃើញកូនខឹងដូច្នោះ ក៏និយាយបញ្ឈប់ថា៖

  • ចៅចិត្រ ! ណ្ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះ ឯងកំពុងនឿយហត់អស់កម្លាំង ទៅរកសម្រាកខ្លួនឲ្យបាត់នឿយហត់សិនទៅ៕