រឿងខ្លី ស្រមោលពណ៌ស

ពីវិគីភីឌា

និពន្ធដោយ ទី ធាវី


ម៉ោងជិត៨យប់ទៅហើយ ខ្ញុំមិនដឹងត្រូវទៅណាទេ។ ខ្ញុំម្តងឈរ ម្តងអង្គុយ

ច្របួក ច្របល់ដោយអារម្មណ៍ភិតភ័យ។ “ហឺ! ថ្មើរនេះហើយ ហេតុអ្វីបាន

ជាសុភាមិនទាន់មកពីរៀនសោះអញ្ចឹង។” ខ្ញុំដកដង្ហើមធំ។

សុភាជាមិត្តរបស់ខ្ញុំ។សុភាជាអនុប្រធាននិស្សិតដែលកំពុងស្នាក់នៅវត្តស្វាយ

ពពែនៅរាជធានីភ្នំពេញ។ គាត់ជានិសិ្សតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចនៃមហា

វិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គេមានស្រុកកំណើត

នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សុភាជាមិត្តដ៏ល្អបំផុត

របស់ខ្ញុំតាំងតែពីយើងនៅតូចៗមកម្ល៉េះ។

ខណៈ ខ្ញុំកំពុងអង្គុយឈ្ងោកមុខ អស់សង្ឃឹមលើបង់ថ្មក្រោមដើមទឹកដោះ

ខ្ញុំបានឮសំឡេងសំរឹបកង់ដែលជិះចូលខ្លោងទ្វារមុខនៃទីអារាមវត្តស្វាយពពែ

កាន់តែខ្លាំងឡើងៗ។ ខ្ញុំងើបមុខឡើង។ ភ្លាមនោះ ខ្ញុំបានស្រែក៖

-សុភា!

-ធាវី!

មិនទាន់ទាំងបានរាយរាប់ប្រាប់សុភាពីគោលដៅរបស់ខ្ញុំផង សុភាក៏នាំខ្ញុំទៅ

កុដិលេខ២ដែលជាកន្លែងគេស្នាក់នៅ។

-តោះ! ធាវី ទៅបន្ទប់ខ្ញុំ។

សុភាហាក់បីដូចជាដឹងរឿងខ្ញុំ។ គាត់ធ្លាប់បានទៅលេងស្រុកមុននេះ។ គាត់

បានដឹងថា ខ្ញុំត្រូវបញ្ចប់កិច្ចសន្យាជាគ្រូបង្រៀននៅសាលាបឋមសិក្សាចុង

កោះសូទិនខាងត្បូងនាដើមវិស្សមកាលនេះ។ គាត់ក៏បានដឹងផងដែរថា ខ្ញុំ

គ្រោងនឹងទៅរកការងារធ្វើនៅប្រទេសថៃ។

ព្រលឹមស្រាងៗ និស្សិតដែលរស់នៅក្នុងបន្ទប់នោះ បានក្រោកពីដំណេក

ហើយ។ ពួកគេខ្លះងើបទន្ទេញមេរៀនតាំងពីម៉ោង៤ទៀបភ្លឺឯណោះ។ ពួក

គេត្រូវបានសុភាណែនាំឲ្យស្គាល់ខ្ញុំតាំងពីយប់ម្សិលមិញម៉្លេះ។ ក្រៅពីនេះ

នៅមានព្រះសង្ឃគង់នៅកុដិនេះផងដែរ ដែលសុភាណែនាំឲ្យខ្ញុំគោរព

ប្រណិបត្តិ។ ប៉ុន្តែ ថ្មើរនេះ ព្រះសង្ឃមេកុដិ មិនទាន់បើកទ្វារបន្ទប់នៅឡើយ

ទេ។

– ធាវី! ខ្ញុំពិតជាមិនចង់ឲ្យធាវីឯងទៅធ្វើការនៅប្រទេសថៃទេ។ ធាវីឯងអត់

មានស្គាល់អ្នកណាទេ ទៅផ្សងព្រេងបែបនេះវាគ្រោះថ្នាក់ណាស់។ ធាវីឯង

អាចចាញ់បោកគេ ដោយមិនបានថ្លៃធ្វើការ។ ជាងហ្នឹងទៅទៀត អាចត្រូវគេ

បង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ឬចាក់ថ្នាំញៀន។សុភាបានទូន្មានខ្ញុំទាំងព្រឹក។

នៅលើកន្ទេលកញ្ចាស់ដែលក្រាលសំរាប់ដេកជាប់ៗគ្នានៅជាន់ទី១កុដិលេខ២

សុភា មិនទៅរៀនឡើយនៅព្រឹកនោះ។ នាយបានបន្តទៀតថា ៖

– ធាវី ធាវីឯងមាននៅចាំសុផាទេ? មិត្តរបស់យើងដែលរៀននៅវត្តកោះនោះអី។

-ស្គាល់តើ។

– សុផាវេទនាណាស់ ធ្លាប់ជាប់គុកជាច្រើនឆ្នាំនៅប្រទេសសៀម។ គ្នាត្រូវតម្រួត

ថៃចាប់ និងវាយធ្វើបាប ទាត់ធាក់ ស្ទើរស្លាប់ស្ទើរស់ ទំរាំលួចរត់ត្រឡប់មកខ្មែរ

វិញបាន ។ ដឹងទេ វាត្រូវប៉ូលីសចាប់ច្រឡំ ហើយចោទប្រកាន់វាថាបានជួញដូរ

គ្រឿងញៀនខុសច្បាស់។ ថៃវាមើលងាយនិងធ្វើបាបជនជាតិខ្មែរយើងណាស់។

មុននេះសុផា បានមកលេងខ្ញុំ និងបានគេងទីនេះមួយយប់ ហើយបានរាយរាប់

ប្រាប់ខ្ញុំច្រើនណាស់ពីការទៅរកការងារធ្វើនៅប្រទេសថៃ។ ថាហើយសុភាក៏នាំ

ខ្ញុំចុះក្រោម។

នៅម៉ោងប្រហែលជា៨ព្រឹក ព្រះសុរិយាកំពុងចែងចាំងពន្លឺសូរសែងក្តៅល្មម បើ

ទោះបីជាពុំមានពពកបាំងក៏ដោយ។ ព្រះសង្ឃគ្រប់អង្គបានឆាន់បបររួចរាល់។

នៅក្នុងវត្តនេះ ព្រះសង្ឃទាំងអស់ឆាន់បបរនៅសាលាឆាន់រួមគ្នា។ យើងបានដើរ

សំដៅ ហើយឡើងលើកុដិមួយទៀត។

-ក្រាបថ្វាយបង្គុំព្រះអង្គ! សុភានាំខ្ញុំក្រាបសំពះនៅមុខព្រះអង្គគ្រូព្រះចៅអធិការ

វត្តនេះ។

-ពរ! ភា មានការអីឬ? ព្រះអង្គមានសង្ឃដិការសាកសួរ។

-សូមព្រះអង្គមេត្តាប្រោសប្រទាន និងអនុញ្ញាតឲ្យអោយមិត្តខ្ញុំម្នាក់នេះបានស្នាក់

នៅក្នុងវត្តនេះជាមួយខ្ញុំផងព្រោះគ្នាពុំមានទីពុំនាក់ទេ។ វាចង់ទៅផ្សងព្រេងទៅរក

ការងារធ្វើនៅប្រទេសថៃ។…ក្រាបថ្វាយព្រះអង្គ តាមពិតទៅ ខ្ញុំករុណាមិនចង់ឲ្យ

គ្នាប្រថុយប្រថានជីវិតទៅផ្សងព្រេងធ្វើការនៅប្រទេសគេឡើយ។ ដូចដឹងស្រាប់

ហើយ វាមានគ្រោះថ្នាក់ណាស់ ការសម្រេចផ្សងព្រេងគ្មានគោលដៅបែបនេះ។

– ពរ! អាត្មាយល់។ ភា! ឯងពិតជាមិត្តកម្ររកបានមែន។ ចុះឯងឈ្មោះអីដែរ?

ព្រះអង្គគ្រូសម្លឹងមុខខ្ញុំ។

ខ្ញុំបានលើកដៃសំពះព្រះអង្គម្តងទៀត ហើយឆ្លើយទៅកាន់ព្រះអង្គថា ៖

– ខ្ញុំករុណាឈ្មោះធាវី។ យ៉ាងណានៅចំពោះមុខព្រះអង្គ ខ្ញុំករុណាសប្បាយចិត្ត

ជាពន់ពេកដោយឃើញមិត្តខ្ញុំម្នាក់នេះមានសន្តានចិត្តបរិសុទ្ធថ្លៃថ្លាបែបនេះ។

តាមពិតទៅ ក្នុងជីវិតករុណានេះ ពុំដែលមានពេលណាសប្បាយនិងរំភើបដូច

បានឮពាក្យពេចន៍គ្រប់យ៉ាងដែលសុភាបានទូលថ្វាយព្រះអង្គមុននេះទេ។ ខ្ញុំ

ករុណាធ្លាប់បានដើរសុំស្នាក់នៅស្ទើរគ្រប់វត្តក្នុងរាជនីភ្នំពេញម្តងរួចហើយ។

កាលនោះខ្ញុំករុណាមកបន្តការសិក្សាបំពេញវិជ្ជារៀនយប់នៅវិទ្យាល័យទួល

ទំពូង។ ជាក់ស្តែងវត្តនេះ គ្រានោះ ខ្ញុំករុណាក៏ធ្លាប់សុំលោកអាចារ្យហើយដែរ

តែមិនត្រូវបានអញ្ញាតឲ្យស្នាក់នៅសោះ។

-ពរ! ពេលនេះអត្មាអនុញ្ញាតឲ្យ។ កុំភ្លេចចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ ហើយ

រាយការណ៍ទៅប៉ូលិសផងណាភា។ សូមឲ្យឯងទាំងពីរជាមិត្តដ៏ល្អជារៀង

រហូតទៅ។

– ករុណា! ករុណាថ្វាយបង្គុំលា។
ស្អែកឡើង សុភាបានប្រគល់កង់ដៃត្រង់ដែលខ្លួនធ្លាប់ជិះទៅរៀនរាល់ថ្ងៃ

មកឲ្យខ្ញុំ។

– ធាវី ថ្ងៃនេះធាវីឯងទៅជួបបងវន្ថាទៅ។ ខ្ញុំបានទាក់ទងគាត់រួចហើយឲ្យធាវី

ឯងទៅបង្រៀនភាសាអង់គ្លេសនៅសាលាបងរបស់គាត់ ព្រោះថា ធាវីឯងចេះ

អង់គ្លេសច្រើន។ ខ្ញុំគិតថា គេអាចទទួលយកធាវីឯងបាន។ ឲ្យគេធ្វើតេស្ត៍ចុះ

បើគេចង់សាកល្បងសមត្ថភាពធាវីឯង។ កុំភ័យអី។ ធាវីឯងធ្លាប់បង្រៀនអង់

គ្លេសយូរក្រែលណាស់ដែរតើ !។

– ជំរាបសួរ! ខ្ញុំបានលើកដៃសំពះទៅអ្នកទទួលភ្ញៀវម្នាក់នៅមណ្ឌលភាសា

អង្គររាជម្តុំផ្សារឌុយម៉ិច។

– គឺពូហ្នឹងឬដែlបងប្រុសខ្ញុំឲ្យមកសាកល្បងបង្រៀនសិស្សថ្ងៃនេះ?
– បាទហ្នឹងហើយ! ថារួចវណ្ណរា ប្អូនស្រីរបស់វន្ថាដែលជានារីលេខាម្នាក់នោះ

នាំខ្ញុំចូលទៅបន្ទប់នៅខាងក្នុងដែលមានសិស្សរង់ចាំពីរបីនាក់។

         ៣ម៉ោងគត់ ថ្នាក់អង់គ្លេសពេញម៉ោងមួយនេះត្រូវបានដល់ម៉ោងចេញ

ទៅផ្ទះ។ ខ្ញុំបានចេញក្រៅផងដែរដើម្បីទៅវត្តវិញ។ ពុទ្ធោអើយ! កងខ្ញុំ! កង់សុភា

ដែលឲ្យខ្ញុំជិះ។ ចោរលួចកងខ្ញុំបាត់ហើយ។ ខ្ញុំស្លន់ស្លោ។

         វន្ថាគេក៏ជាមិត្តល្អម្នាក់ដែរ។ គេជាមិត្តរបស់ភា។ គេជាប្អូនប្រុសរបស់នា

យកមណ្ឌលភាសាអង្គររាជ។ គេធ្លាប់រស់នៅកុដ្ឋលេខ២ វត្តស្វាយពពែនៅ

ប៉ុន្មានឆ្នាំមុននេះ។ គ្រានោះ គេបានស្វះស្វែងជួយរកកង់ខ្ញុំដែលបាត់ទៅ។

ជួយជិះម៉ូតូជួនខ្ញុំទៅរកមុខចោរក្រែងវាយកទៅលក់នៅម្តុំផ្សារចោរ…តែយើង

មិនអាចរកកង់នោះឃើញឡើយ។

         មកដល់វត្តភ្លាម ខ្ញុំនៅមានមុខស្លេកនៅឡើយ។ ខ្ញុំបានអង្គុយលើបង់

ក្រោមដើមជ្រៃដែលមានវល្លិ៍តោងធ្លាក់សំយាកនៅមុខកុដិ។ ខ្ញុំមិនដឹងហា

ស្តីប្រាប់សុភាយ៉ាងណាទេ។

ក្នុងអារម្មណ៍ស្មុគស្មាញ ខ្ញុំកំពុងគិតមកលើខ្លួនឯងថា ខ្ញុំជាមនុស្សចង្រៃ

ណាស់។ ហេតុអីបានជាខ្ញុំនាំទុក្ខដល់គេ? តើខ្ញុំមានអ្វីសងភាទៅ? បើខ្ញុំមិន

មានលុយសោះនោះ។

ភ្លាមនោះដៃមនុស្សម្នាក់បានដល់ស្មាខ្ញុំ។

– ធាវី មិនចាំបាច់ព្រួយទេ។ ខ្ញុំបានដឹងមុននេះហើយ។ កង់បាត់នោះ ឯងមិន

ចាំបាច់ព្រួយពេកទេ ព្រោះថាខ្ញុំឲ្យឯងហើយ។ ចំណែកខ្ញុំរៀនចប់ហើយមិន

ប្រើវាទៀតទេ។

ជាង១០ឆ្នាំកន្លងទៅនេះ មិត្តដ៏ល្អរបស់ខ្ញុំបានបែកគ្នាក្នុងមុខតំណែងធ្វើការ

រៀងៗខ្លួន។ សុភា សព្វថ្ងៃគឺជាជាលេខាធិការទី១នៃទូតខ្មែរប្រចាំប្រទេសឡាវ។

វន្ថា គេមានកូន១ហើយ។ ស្តាយណាស់ដែលខ្ញុំមិនបានចូលរួមមង្គលការរបស់

គេ។ គេជាគ្រូបង្រៀននៅសាកលវិទ្យាល័យកម្ពុជា។ រីឯខ្ញុំកំពុងបំរើការជាអ្នក

អភិរក្សព្រៃ និងសត្វព្រៃនៅតំបន់ភ្នំក្រវ៉ាញភាគខាងត្បូងប្រទេសកម្ពុជា។ ប៉ុន្តែ

ចំណងមិត្តភាពរបស់យើងនៅមិនអាចកាត់ផ្តាច់បានឡើយ។ យើងតែងតែផ្ញើ

សារឆ្លងឆ្លើយរកគ្នាតាមFacebook របស់យើង។

សារមួយរបស់ខ្ញុំតាមFacebook ទៅមិត្តរបស់ខ្ញុំម្នាក់នោះ។ ខ្ញុំនិងសុភាតែងតែ

រំលឹកពីអនុស្សាវរីយ៍ពីអតិតកាលរបស់យើង។

ភ្នំក្រវ៉ាញថ្ងៃទី ១កក្កដា ឆ្នាំ២០១២

ភាអើយ! អ្វីទាំងអស់ពិតជាធ្វើឲ្យខ្ញុំនៅចាំមិនអាចបំភ្លេចបានឡើយ។ អ្វីៗទាំង

អស់នោះគឺជាស្រមោលមួយដែលខ្ញុំប្រសិទ្ធនាមថា ជាស្រមោលស ក្នុងបេះដូង

ខ្ញុំ ហើយទង្វើរដ៏ល្អរបស់អ្នក គឺស្រមោលសដែលខុសពីស្រមោលខ្មៅ។ ខ្ញុំនៅ

ជំពាក់គុណមិត្តនៅឡើយ។ ដូចនេះហើយខ្ញុំកំពុងជួយដល់អ្នកដែលងាយរង

គ្រោះក្នុងជីវិតទុកជាការដឹងគុណពីទង្វើល្អរបស់មិត្ត។សូមឲ្យស្រមោលសនេះ

ក្លាយជាសំពតសសំរាប់ជីវិតចុងក្រោយរបស់យើង។

ពីធាវី ក្មេងវត្តម្នាក់ផងដែរ។

ភ្នំពេញ ថ្ងៃទី២ កក្កដាឆ្នាំ ២០១២