រឿងនរជីវៈ

ពីវិគីភីឌា

រឿងនរជីវកឋិន ([1])

អតីតេ កាលេ ក្នុងកាលណោះ ព្រះបាទអានន្ទរាជ គ្រងរាជសម្បត្តិក្នុងហំសវតីនគរ។ គ្រា នោះ ព្រះពោធិសត្វ កើតក្នុងត្រកូលទុគ៌ត មានឈ្មោះនរជីវៈ ជាអ្នកចិញ្ចឹមមាតាដែលចាស់ជរា ។ នៅជិតក្រុងហំសវតីនោះ មានស្រុកមួយជាលំនៅនៃត្រកូលទាំង ៥ មានជន ៥ នាក់នៃត្រកូលទាំង ៥ នោះជាសំឡាញ់គ្នា ។ ជន ៥ នាក់នោះ គឺជាងរថ ១ ព្រានប្រមាញ់ ១ ព្រានបក្សី ១ ជាងកោរកាត់ ១ កុដុម្ពីក៍ ១ ។ ក្នុងសំឡាញ់ទាំង ៥ នេះ មានតែកុដុម្ពីក៍ម្នាក់ទេជាអ្នកមានសទ្ធាជ្រះថ្លា បាន ស្តាប់ព្រះធម្មទេសនានៃព្រះសម្ពុទ្ធទុមុត្តរៈ ហើយបានធ្វើកុសលមានទានជាដើម ។

ឯនរជីវៈ បានធ្វើការស៊ីឈ្នួលរៀងៗ ទៅ ក៏បានដល់ស្រុកនោះ ហើយបានស៊ីឈ្មួលចាំស្រែរបស់កុដុម្ពីក៍ ។ ថ្ងៃមួយនរជីវៈបាននិយាយរំលឹកកុដុម្ពីក៍ថា អ្នកមានសម្បត្តិស្តុកស្តម្ភដូចខ្លួនលោកនេះ រកបានដោយកម្រ គួរតែអ្នកបរិច្ចាគទានទុកក្នុងព្រះសាសនាព្រះបទុមុត្តរៈ ។ កុដុម្ពីក៍សួរថា ទានដែលមានផលានិសង្សច្រើននោះធ្វើដូចម្តេច? នរជីវៈឆ្លើយតបទៅវិញថា កឋិនទានដែលបានថ្វាយព្រះបរមគ្រូជាម្ចាស់នោះ មានផលច្រើនជាងទានផ្សេងៗទៀត ។ កុដុម្ពីក៍ក៏មានចិត្តត្រេកអរសោមនស្ស មានចំណង់ចង់ថ្វាយសំពត់កឋិនទាន ទើបចាត់ចែងគ្រឿងបរិក្ខារផ្សេងៗ មានពូកខ្នល់ខ្នើយជាដើម ដែលសមគួរសមណបរិក្ខារ ទើបទៅបបួលសំឡាញ់ ៤ នាក់ទៀត។ ក្នុងសំឡាញ់ ៤ នាក់នោះ មានតែជាងកោរកាត់ម្នាក់ទេ ដែលទទួលត្រេកអរអនុមោទនាកឋិនទានរបស់កុដុម្ពីក៍ដោយគោរព ។ ឯសំឡាញ់បីនាក់ទៀត ឥតមានចិត្តត្រេកអរនឹងកឋិនទាននោះសោះ ។

កាលកុដុម្ពីក៍ បានរៀបចំសំពត់កឋិននឹងបរិក្ខារកឋិនរួចស្រេចហើយ ព្រមដោយនរជីវមាណពនឹងបរិវាររបស់ខ្លួន នាំគ្នាជញ្ជូនទៅកាន់ព្រះវិហារ វេរប្រគេនដល់សង្ឃ មានព្រះពុទ្ធជាប្រធាន ហើយក្រាបបង្គំទូលថា បពិត្រព្រះដ៏មានបុណ្យ ផលនៃកឋិនទាននេះមានដូចម្តេចខ្លះ? ព្រះបរមសាស្តាចារ្យទ្រង់ត្រាស់សំដែងថា ជនទាំងឡាយណាប្រាថ្នាសេចក្តីសុខ កាលលះលោកនេះទៅហើយនឹងដល់នូវក្តីសុខក្នុងមនុស្សលោកនឹងទេវលោកនឹងមិនទៅកាន់អបាយភូមិមាននរក ជាដើម ។ នេះជាផលនៃកឋិនទាន ។

កុដុម្ពីក៍ បានស្តាប់ព្រះពុទ្វីកាក៏មានចិត្តរីករាយសោមនស្សក្រៃលែង ។ ឯនរជីវមាណពបានក្រាបថ្វាយបង្គំទៀបបាទមូលព្រះពុទ្ធបទុមត្តរៈជាម្ចាស់ ក្រាបបង្គំទូលថា "បពិត្រព្រះដ៏មានបុណ្យប្រសើរអើយ ទូលព្រះបង្គំបានដាស់តឿនកុដុម្ពីក៍ ឱ្យបានធ្វើបុណ្យកុសលសម្រេចដោយកាយវាចាចិត្ត ទូលព្រះបង្គំតាំងសេចក្តីប្រាថ្នា សូមឱ្យបានត្រាស់ជាព្រះពុទ្ធមួយអង្គទៅអនាគតកាល” ។ ព្រះពុទ្ធបទុមុត្តរៈជាម្ចាស់ទ្រង់អនុមោទនា ទ្រង់ត្រាស់ព្យាករថា "សេចក្តីប៉ងប្រាថ្នារបស់អ្នក ចូរសម្រេចដូចបំណងរបស់អ្នក ។

ចំណេរកាលតមក នរជីវមាណព បានប្រកបលក់ដូរត្រាតែមានសម្បត្តិស្ដុកស្ដម្ភឡើង បានបរិច្ចាគមហាទានក្នុងព្រះពុទ្ធសាសនា ហើយបានធ្វើទានដល់ស្មូមយាចកទាំងឡាយដរាបដល់អស់អាយុ ក៏បានទៅកើតក្នុងតុសិតទេវលោក ។ ឯកដុម្ពីក៍នោះ លុះធ្វើកាលកិរិយាទៅបានទៅកើតជាភុម្មទេវតានៅគន្ធមាទនបព៌តឯព្រៃហេមពាន្ត ។ ឯជាងកោរកាត់ លុះស្លាប់ទៅបានទៅកើតក្នុងត្រកូលពាណិជ ឯក្រុងពារាណសី ។

ឯជាងធ្វើរថ លុះច្យុតចាកអត្តភាពជាមនុស្សហើយ បានទៅកើតជាខ្លាធំ នាឆ្នេរស្ទឹងជិតផ្លូវធំ ។ មនុស្សទាំងឡាយត្រាច់ចរាចរតាមផ្លូវនោះ ចុះផឹកទឹកខ្លាធំក៏ចាប់អ្នកដំណើរទាំងនោះស៊ីជាអាហារ ។ ព្រានប្រមាញ់លុះស្លាប់ទៅបានទៅកើតជាយក្ខ នៅនឹងដើមជ្រៃជិតផ្លូវធំដែរ តែងចាប់អ្នកដំណើរដែលដើរតាមផ្លូវនោះស៊ីជាអាហារ ។ ឯព្រានបក្សីស្លាប់ទៅបានទៅកើតជាសត្វសសេះអាស្រ័យនៅនឹងដើមឈើមួយ ជិតផ្លូវបំបែកជាបី គឺផ្លូវមួយបែកទៅក្រុងពារាណសី ផ្លូវមួយបែកទៅស្រុកសុវណ្ណភូមិ ផ្លូវមួយទៀតបែកទៅភ្នំគន្ធមាទនបព៌ត ។

តមកថ្ងៃមួយ ជាងកោរកាត់ដែលបានទៅកើតក្នុងត្រកូលពាណិជនោះ បានប្រុងប្រៀបជំនួញផ្សេងៗ សម្រាប់យកទៅលក់ឯស្រុកសុវណ្ណភូមិ ។ លុះព្រឹកឡើងនាយពាណិជក៏បានធ្វើដំណើរទៅអស់ថ្ងៃនឹងយប់ជាច្រើន ទើបបានដល់ទៅស្ទឹងដែលជាលំនៅនៃខ្លាធំនោះៗបានឃើញនាយពាណិជហើយ បែរជាមានចិត្តអាណិតមេត្តាព្រោះធ្លាប់បានធ្វើជាសំឡាញ់នឹងគ្នាកាលពីជាតិមុនមក ទើបព្យគ្ឃៈសូរនាយពាណិជថា “ហៃសំឡាញ់ ចុះអ្នកនឹងទៅកាន់ប្រទេសណា? ម្នាលព្យ គ្ឃៈដ៏ចំរើន ខ្ញុំទៅកាន់ស្រុកសុវណ្ណភូមិ ។ នែសំឡាញ់ ចូរអ្នកស្នាក់នៅនឹងយើងមួយយប់សិន ព្រឹកឡើងសឹមអ្នកចេញដំណើរទៅចុះ ។ នាយពាណិជក៏យល់ព្រម ទើបព្យគ្ឃៈចេញទៅចាប់ម្រឹគមកឱ្យពាណិជចំអិនជាអាហារ ត្រាតែបានឆ្អែតស្កប់ស្កល់ហើយបង្ហាញផ្លូវទៅខាងមុខថា មានយក្សមួយកាចសាហាវណាស់ នៅនឹងដើមជ្រៃមាត់ផ្លូវតែងចាប់មនុស្សស៊ីមកច្រើនហើយ កុំឱ្យអ្នកទៅស្នាក់ឬសំចតនៅដើមជ្រៃនោះឡើយ ព្យគ្ឃៈប្រាប់សព្វគ្រប់ហើយក៏អនុញ្ញាតឱ្យពាណិជនោះទៅ ។

នាយពាណិជបានធ្វើដំណើរទៅដោយលំដាប់ ដរាបដល់ទៅដើមជ្រៃធំនោះ ។ ឯយក្សនោះចេញស្វែងរកអាហារ ស្រាប់តែបានជួបនឹងនាយពាណិជ បែរជាមានចិត្តអាណិតមេត្តានាយពាណិជ ព្រោះធ្លាប់បានជាមិត្តស្និទ្ធស្នាលនឹងគ្នាពីជាតិមុនមក ហើយសួរនាយពាណិជថា "នែសំឡាញ់ អ្នកនឹងទៅទីតំបន់ណា? ម្នាលយក្សខ្ញុំទៅស្រុកសុវណ្ណភូមិ។ យក្សអញ្ជើញឱ្យនាយពាណិជស្នាក់នៅមួយយប់សិន ហើយយកផ្លែឈើមានឱជារសផ្សេងៗមកឱ្យនាយពាណិជ ។ យក្សបានបង្ហាញផ្លូវថា “សំឡាញ់ផ្លូវដែលត្រូវដើរទៅខាងមុខនោះ អ្នកនឹងបានឃើញដើមឈើមួយធំជិតមាត់ផ្លូវបំបែកជាបីមានសត្វសសេះនៅលើដើមឈើនោះ តែងប្រាប់ព័ត៌មានដល់មហាជន បើបក្សីស្រែកហាមផ្លូវណា អ្នកកុំទៅតាមផ្លូវនោះឡើយ ។

នាយពាណិជធ្វើដំណើរទៅដោយលំដាប់ដរាបដល់ផ្លូវបំបែកជាបី ។ ចួនជាពេលនោះ សត្វសសេះទើបត្រឡប់មកពីស្វែងរកអាហារ ហើយទំលើចុងឈើ ក្រឡេកមើលឃើញនាយពាណិជនោះដើរមកក៏មានចិត្តអាណិតឡើង ព្រោះធ្លាប់ជាសំឡាញ់នឹងគ្នាកាលពីជាតិមុន ទើបសួរថា “ម្នាលសំឡាញ់អើយ សំឡាញ់នឹងទៅទីដំបន់ណា”។ “បក្សីសំឡាញ់ យើងនឹងធ្វើដំណើរទៅស្រុកសុវណ្ណភូមិ" ។ បក្សីសសេះ សូមអញ្ជើញឱ្យពាណិជស្នាក់នៅទីនោះមួយយប់សិន ហើយបានទៅពាំយកសាច់ក្ដាន់ដែលសេសសល់ពីរាជសីហ៍ស៊ីមកឱ្យពាណិជ ហើយប្រាប់បង្ហាញផ្លូវទៅភ្នំគន្ធមាទន៍ ។ នាយពាណិជក៏ចេញដំណើរតទៅទៀត បានដល់ទៅភ្នំគន្ធមាទន៍សមដូចពាក្យបក្សីសសេះមែន ។ ចួនជាពេលនោះភុម្មទេវតានៅនឹងបង្អួចក្នុងសុវណ្ណប្រាសាទ បានឃើញនាយពាណិជដើរមក ក៏មានចិត្តមេត្តាអាណិត ទើបស្រែកហៅឱ្យពាណិជចូលមកស្នាក់ក្នុងប្រាសាទសុវណ្ណរបស់ខ្លួន ភុម្មទេវតានេះរលឹកនឹកឃើញជាតិកំណើតរបស់ខ្លួនកាលពីអតីតជាតិ ទើបនិយាយប្រាស្រ័យនឹងនាយពាណិជថា “សំឡាញ់អើយ កាលពីជាតិមុននេះ យើងបានកើតជាកុដុម្ពីក៍ហើយកាលណោះយើងបានរួមគ្នាជាសំឡាញ់ ៥ នាក់ មានសំឡាញ់ ៣ នាក់ មិនបានរួបរួមធ្វើបុណ្យជាមួយនឹងយើងទេ បានជាសំឡាញ់ម្នាក់ទៅកើតជាព្យគ្ឃៈ សំឡាញ់ម្នាក់ទៅកើតជាយក្ខ ម្នាក់ទៀតទៅកើតជាបក្សី សសេះ ដូចសំឡាញ់បានជួបមកហើយ ឯសំឡាញ់ម្នាក់ទៀត គឺខ្លួនអ្នកដែលបានរួបរួមធ្វើបុណ្យ ជាមួយនឹងយើងកាលពីជាតិមុន ឯខ្លួនយើងគឺនាយកុដុម្ពីក៍បានមកកើតជាភុម្មទេវតា ដោយផលានិសង្សនៃកឋិនទាន ។ ភុម្មទេវតាបានហើយអញ្ជើញនាយពាណិជឱ្យស្នាក់នៅកំសាន្តជាមួយនឹងខ្លួនបានពីរបីថ្ងៃហើយប្រមូលកែវ ៧ ប្រការ ខ្ចប់សំពត់ប្រគល់ឱ្យនាយពាណិជឱ្យត្រឡប់ទៅក្រុងពារាណសីវិញ ។ កាលពីមុនមកនោះ នាយពាណិជជាអ្នកខ្សត់ក្រទេ ប៉ុន្តែតាំងពីភុម្មទេវតា ឱ្យបង្វេចកែវ ៧ ប្រការមក ត្រឡប់ទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងជនឯទៀតៗ មានកេរ្តិ៍ឈ្មោះល្បីទូទៅក្នុងក្រុងពារាណសី ប៉ុន្តែមានរូបរាងអាក្រក់ ព្រោះមិនបានរក្សាសីលកាលពីជាតិមុនមក ។ នៅក្រុងពារាណសីមានសេដ្ឋីម្នាក់ជាអ្នកមានសម្បត្តិស្តុកស្តម្ភណាស់ មានធីតាម្នាក់មានរូបឆោមល្អ ជាទីគាប់ចិត្ត ពេញចិត្តនៃពួកកុមារកំឡោះៗទាំងឡាយ ។ សេដ្ឋីជាបិតាបានជូនព័ត៌មានដល់នាយពាណិជឱ្យទៅដណ្តឹងកូនស្រីរបស់ខ្លួន កំណត់ថ្ងៃធ្វើអាវាហមង្គល លុះរៀបមង្គលការហើយ នាយពាណិជក៏បានធ្វើជាស្វាមីនៃសេដ្ឋីធីតាតាមប្រពៃណី ។

ស្វាមីភរិយាថ្មីនេះ ទៅរួមសុខទុក្ខជាមួយគ្នាមិនបានយូរប៉ុន្មានមាន ពួកសេដ្ឋីបុត្តជាច្រើន ដែលមានសន្តានចិត្តជាអ្នកច្រណែនឈ្នានីមិនស្គាល់បាបបុណ្យ គុណទោស បានពិគ្រោះប្រឹក្សាគ្នាថាគួរពួកយើងនាំគ្នាទៅផ្ទះមហាសេដ្ឋីជំរាបលោកឱ្យបានជ្រាបអំពីគ្រោះថ្នាក់នឹងភយន្តរាយផ្សេងៗ ដែលនឹងបណ្ដាលកើតឡើងអំពីនាយពាណិជកូនប្រសាលោក ដោយជំរាបលោកថា កូនប្រសាលោកអំពីដើមជាមនុស្សខ្សត់ក្រទេ ឥឡូវទៅជាអ្នកមានស្តុកស្តម្ភ ដោយសារប្រព្រឹត្តអំពើចោរកម្ម ថ្ងៃណាមួយជីវិតលោក ឬទ្រព្យសម្បត្តិរបស់លោកនឹងវិនាសអន្តរាយ ដោយសារស្នាដៃកូនប្រសារបស់លោកពុំខាន ដូច្នេះ យើងនឹងបណ្ដោយតទៅទៀតពុំបាន គួរធ្វើឧបាយកលល្បួងលួងលោមចាប់នាយពាណិជយកទៅប្រោសចោលក្នុងព្រៃមហាវ័ន ទើបទ្រព្យសម្បត្តិរបស់លោកតាំងនៅឋិតថេរចីរកាលតរៀងទៅ ។ មហាសេដ្ឋីបានស្តាប់ក៏មានក្ដីភិតភ័យតក់ស្លុតមហិមា ទើបនិយាយ ការណ៍នេះ ស្រេចតែអ្នកទាំងឡាយចាត់ការតាមបំណងចុះ ។ ពួកសេដ្ឋីបុត្តអស់នោះ នាំគ្នាឈូឆរចូលចាប់ចងនាយពាណិជយកទៅប្រោសចោលក្នុងព្រៃមហាវីន រួចនាំគ្នាវិលមកវិញ ។ នាយពាណិជចេះតែដើរផ្សងព្រេងក្នុងព្រៃព្រឹក្សា ត្រាតែបានដល់ទៅភ្នំគន្ធមាទន៍ ជាលំនៅនៃភុម្មទេវតាដែលបានឱ្យកញ្ចប់កែវ ៧ ប្រការអំពីថ្ងៃមុននោះ ។ ភុម្មទេវតាបានឃើញនាយពាណិជក៏ចាំបាន ទើបសូរថា “សំឡាញ់ ទ្រព្យសម្បត្តិដែលយើងបានឱ្យអ្នកៗចាយវាយអស់ហើយឬ ឬមួយអ្នកមករក យើង តើអ្នកត្រូវការអ្វីទៀត? នាយពាណិជក៏បាននិយាយសាស័ព្ទប្រាប់រឿងរ៉ាវរបស់ខ្លួនសព្វគ្រប់ ។ ភុម្មទេវតាបានពោលលួងលោមថា “អ្នកកុំព្រួយបារម្ភឱ្យសោះ យើងនឹងជួយសង្គ្រោះអ្នក នែសំឡាញ់នៅក្នុងព្រៃនេះ មានដើមថ្នាំវិសេសមួយដើមមានមែក ៧ សុទ្ធតែជាថ្នាំវិសេសណាស់ គឺជនណាមួយបានទំពារស៊ីមែកថ្នាំមួយ នឹងក្លាយទៅជាកុក មែកថ្នាំមួយក្លាយទៅជាពានរ មែកថ្នាំមួយ ក្លាយទៅជាមនុស្សរូបឆោមល្អឆើត មែកថ្នាំមួយធ្វើឱ្យមានអាយុវែង មែកថ្នាំមួយធ្វើឱ្យមានកំឡាំងខ្លាំង មែកថ្នាំមួយធ្វើឱ្យមានប្រាជ្ញាច្រើន មែកថ្នាំមួយធ្វើឱ្យគ្មានជម្ងឺដម្កាត់ ។

ភុម្មទេវតា ប្រាប់ហើយក៏បានទៅកាច់មែកដើមថ្នាំនោះមកពីរមែក គឺមែកថ្នាំមួយបរិភោគទៅក្លាយជាពានរ មែកថ្នាំមួយទៀតបរិភោគទៅកើតជាបុរសមានរូបឆោមល្អឆើត ទើបឱ្យនាយពាណិជបរិភោគមែកថ្នាំធ្វើឱ្យមានរូបល្អនោះ ហើយនាយពាណិជក្លាយជាបុរសមានរូបឆោមល្អឆើតគួរជាទីទស្សនាណាស់ ហើយភុម្មទេវតាប្រគល់មែកមក្កដសាខាផ្តាំថា “សំឡាញ់ជនទាំងឡាយណាបានបរិភោគមែកថ្នាំនេះ នឹងក្លាយទៅជាពានរទាំងអស់ ចូរសំឡាញ់ប្រគល់មែកថ្នាំនេះ ឱ្យជនទាំងឡាយណាដែលប្រទូសរ៉ាយអ្នកៗ ឲ្យមែកថ្នាំទៅជនទាំងនោះបរិភោគទៅ វានឹងក្លាយទៅជាសត្វពានរ ទ្រព្យសម្បត្តិរបស់ជនអស់នោះនឹងមូលមកលើដៃអ្នកទាំងអស់ ។ ភុម្មទេវតាទូន្មាននាយពាណិជដូច្នេះហើយ ដល់ពេលរាត្រីក៏នាំនាយពាណិជនោះហោះធ្យានទៅដាក់ក្នុងបន្ទប់របស់សេដ្ឋីធីតាជាភរិយារបស់ខ្លួននោះឯង ។ ខណៈនោះសេដ្ឋីធីតាប្រែខ្លួនប៉ះកាយស្វាមី ក៏ស្រែកសួរថា "នរណាមកនៅនេះ? “បងទេតើ ស្វាមីរបស់ប្អូន ។ ប្ដីខ្ញុំត្រូវពួកសេដ្ឋីកុមារចាប់យកទៅប្រោសចោលក្នុងព្រៃទៅហើយ ម្តេចក៏ត្រឡប់មកវិញបានឆាប់ម៉្លេះ ។ នាយពាណិជឥតនិយាយអ្វីដល់ ព្រឹកភ្លឺឡើង នាងបានឃើញរូបឆោមស្វាមីស្អាតសុំល្អជាងមុនច្រើនណាស់ ក៏មានសេចក្តីត្រេកអរលើសលន់ ទើបទៅជំរាបសេដ្ឋីជាបិតាថា ស្វាមីបានត្រឡប់មកវិញហើយ” មហាសេដ្ឋីក៏ភ័យព្រួយយ៉ាងខ្លាំង ទើបឱ្យហៅពួកកុមារសេដ្ឋីមកប្រជុំព្រមគ្នានៅផ្ទះមហាសេដ្ឋីៗ ប្រាប់ថា ឥឡូរកូនប្រសាខ្ញុំត្រឡប់មកវិញហើយ បីអ្នករាល់គ្នាមិនជឿចូរនាំគ្នាទៅមើលចុះ ។

ពួកកុមារសេដ្ឋីក៏នាំគ្នាទៅមើលកូនប្រសាមហាសេដ្ឋី ស្រាប់តែឃើញរូបឆាមរបស់នាយពាណិជល្អ សោភាក្រៃលែងគួរឱ្យអស្ចារ្យណាស់ ទើបសួរថា “នែអ្នក កាលពីមុននេះរូបអ្នកអាក្រក់ណាស់ ឥឡូវមានរូបឆោមល្អណាស់ តើអ្នកបានធ្វើដូចម្តេច? នាយពាណិជក៏និយាយប្រាប់ថា “កាលអ្នកទាំងឡាយចាប់ខ្ញុំយកទៅប្រោសចោលក្នុងព្រៃនោះ ខ្ញុំចេះតែដើររុករកចូលក្នុងព្រៃទៅ បានប្រទះ ឫសថ្នាំ ដើមថ្នាំក្នុងព្រៃនោះច្រើនណាស់ ខ្ញុំឃ្លានអាហារពេកក៏បានស៊ីឫសថ្នាំនោះទៅ នៅសល់ជាប់នឹងខ្លួនខ្ញុំបន្តិច ហើយលើកបង្ហាញមហាសេដ្ឋីនឹងសេដ្ឋីបុត្តទាំងនោះៗ ចង់បានរូបឆោមល្អស្អាតដូចនាយពាណិជដែរ ក៏និយាយសុំឫសថ្នាំបន្តិចម្នាក់យកមកបរិភោគ ទាំងមហាសេដ្ឋី ទាំងពួកសេដ្ឋីបុត្ត ។ ជនទាំងនោះក៏បានប្រែរូបទៅជាពានរអស់មួយរំពេច ទើបនាយពាណិជបង្គាប់បរិវារជនឱ្យព្រួតដៃចាប់ពួកពានរទាំងនោះយកទៅលែងចោលនៅមាត់បឹងជិតព្រៃមហាវ័ន ។ តាំងពីកាលណោះមក នាយពាណិជបានឡើងឋានៈជាមហាសេដ្ឋី មានលាភយស មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយទូទៅ ទៅក្នុងទគរពារាណសី ។

ចប់រឿងនរជីវកឋិនតែប៉ុណ្ណោះ ។


([1] ).ញ៉ុក-ថែម បញ្ញាសជាតក គ.ស ១៩៦៣ ទំព័រ២២៩