បក្សីចាំក្រុង

ពីវិគីភីឌា
បក្សីចាំក្រុង
ព្រះបាទ
ប្រាសាទបក្សីចាំក្រុង
រជ្ជកាលគ.ស ១០២៨-១០៧១
រាជ្យមុនព្រះបាទសិន្ធពអមរិន្ទ
រាជ្យបន្តព្រះបាទអឡស្សរាជ រឺ ព្រះបាទបទុមវរវង្ស (ពង្សាវតារសម្ដេចទៀង)
ស្វាមី/មហេសីអ្នកម្នាងស្វាយ ព្រះនាងពៅពិសី
បុត្រព្រះវត្តរាជ អឡស្សរាជ ព្រះសែណ្ណ័ករាជ ព្រះបទុមវរវង្ស (ពង្សាវតារសម្ដេចទៀង)
ព្រះនាមពេញ
​​​ព្រះបាទ​សម្ដេច​ គម្ដែង​អញប្រដែងរាជ​បក្សីចាំក្រុង​ បម្រុងរាស្ដ្រ
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាព្រះបាទចក្រព័ត្រ រឺ ពញាពេជ្រ (បុត្រព្រះបាទចក្រព័ត្រ)
មាតាអ្នកម្នាងទេព រឺ អ្នកម្នាងកែវ
ប្រសូតគ.ស ១០០១
កំពង់ព្រះជិន (កំពង់ចិន ស្រុកស្ទោង កំពង់ធំ សព្វថ្ងៃ), សទោង ទឹកដីស្ដេចត្រាញ់ចាមស្រេន្ទ្រា
សុគតគ.ស ១០៧១
មហានគរ

ព្រះបាទបក្សីចាំក្រុង (គ.ស ១០០១-១០៧១) រជ្ជកាល (គ.ស ១០២៨-១០៧១) ព្រះបាទសិន្ធពអមរិន្ទ​ ​ឬ​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៨​ ​បាន​ចូល​ទិវង្គត​ក្នុង​ឆ្នាំមមែ​ ​ក្នុង​ព្រះ​ជន្ម​ ៣១​ វស្សា​ ​ក្រោយ​ដែល​បាន​សោយរាជ​សម្បត្ដិ​ ​អស់​ចំនួន​ ២០​ ឆ្នាំ (ព្រះ​ជន្ម​របស់​ព្រះបាទ​សិន្ធព​អនុរាជ​ ​ឬ​ស្ដេច​ព្រហ្មកិល​ ​ត្រូវ​បាន​ពង្សាវតារ​ផ្សេងៗ​កត់ត្រា​ខុស​គ្នា​ទាំងអស់) នេះ​បើ​តាម​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន។​ ពិធី​អភិសេក​បក្សីចាំក្រុង​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​បាន​រៀបចំ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជា​ពេលា​ល្អ​ ​ដែល​ត្រូវជា​ថ្ងៃ ​១១​កើត ខែ​ពិសាខ​ ​ឆ្នាំរោង​ ​ព.ស​ ១៥៧២ ម.ស​ ៩៥០​ ​ច.ស​៣៩០ គ.ស​ ១០២៨ កាលនោះ​ព្រះ​បាទ​បក្សីចាំក្រុង​មាន​ព្រះ​ជន្ម​២៨​វស្សា ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩។​ ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម ​ព្រះបាទ​សម្ដេច​ គម្ដែង​អញប្រដែង រាជ​បក្សីចាំក្រុង​ បម្រុងរាស្ដ្រ។​ ​រាជធានី​ខ្មែរ​ស្ថិត​នៅ​មហានគរ​ដដែល។​ ព្រះបាទ ​សម្ដេច​​គម្ដែងអញប្រដែង ​ ​រាជបក្សីចាំក្រុង​ ​បម្រុងរាស្ដ្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​បាន​ចូល​ទិវង្គត​ ​នៅ​ឆ្នាំកុរ​ ​ក្នុង​ព្រះ​ជន្ម ​៧១ ​វស្សា។​ ​ព្រះ​អង្គ​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បាន​ ៤៤ ​ឆ្នាំ។​

ប្រវត្តិ[កែប្រែ]

ពេលចាប់កំណើតនឹងធំឡើង[កែប្រែ]

ព្រះអង្គត្រូវជាបុត្ររបស់អ្នកម្នាងកែវ និងព្រះបាទចក្រព័ត្រ (ឯពង្សាវតារខ្លះថាទ្រង់ជាបុត្រពញាពេជ្រ (បុត្រព្រះបាទចក្រព័ត្រ) និង អ្នកម្នាងទេពវិញ)។

  • ​កាលណោះ​ ព្រះបាទ​ចក្រព័ត្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​មាន​មហេសី​មួយ​ឈ្មោះ​អ្នក​ម្នាង​កែវ។​ ​ព្រះ​នាង​ទ្រង់​មានគភ៌​នៅ​ក្នុង​ឆ្នាំជូត​ ​ព.ស ​១៥៤៤ ដែល​ត្រូវជា​ ​គ.ស ​១០០០ គឺ​នៅ​ក្នុង​សម័យ​កាលដែល​ដំបងគ្រញូង​បាន​បះបោរ​ ​លើក​កងទ័ព​មក​វាយប្រហារ​ដណ្ដើម​យក​រាជ្យ។​ ​ក្នុង​ឱកាស​នោះ ព្រះ​នាង​បាន​បន្លំ​ធ្វើ​ជា​អ្នកស្រុក​អ្នក​ភូមិ​សាមញ្ញ​ ​លួច​រត់គេច​ភៀសខ្លួន​ ​ចេញ​ផុត​ពី​មហានគរ​ ​ទៅ​រស់នៅ​តាម​ជាយ​ជនបទ​ ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេឯង។​ ​ព្រះ​នាង​បាន​តា​យាយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ ​តា​គហេ​ យាយ​លក្ខណ៍​ ​ទទួលយក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ជួយ​លាក់​បំពួន​បំបិទ​បំបាំង​ ​ឆ្ងាយ​ពី​ភ្នែក​ច្រមុះ​ ​ពួក​ក្រុម​ស្ដេច​ដំបងគ្រញូង ។​ ​ខែមាឃ​ ​ឆ្នាំឆ្លូវ​ ​ព.ស ​១៥៤៥ ត្រូវជា​ម.ស​. ៩២៣ ច.ស ​៣៦៣ និង​គ.ស ​១០០១​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ​ ​មាន​សម្បុរ​ភ្លឺ​ស្រស់បំព្រង​ ​ហើយ​មាន​សញ្ញា​កងចក្រ​លើ​បាត​ដៃ​ ​និង​បាត​ជើង​ ដែល​បញ្ជាក់​លក្ខណៈ​ជា​អ្នក​មានបុណ្យ។​

តា​គហេ ​យាយ​លក្ខណ៍​ ​បាន​ស្រឡាញ់​ថ្នាក់ថ្នម​ទំនុកបម្រុង​ព្រះ​នាង​កែវ​ ​និង​ទារក​ដូច​ជា​កូន​ ​និង​ចៅ​បង្កើត។​ ​សម័យ​ថ្ងៃមួយ​ ប្ដី​ប្រពន្ធ​តា​គហេ​ ​យាយ​លក្ខណ៍​ ​និង​ព្រះ​នាង​កែវ​បាន​នាំ​ព្រះរាជបុត្រ​ទៅ​ច្រូតស្រូវ​ជាមួយ។​ ​ទៅ​ដល់​កន្លែងធ្វើការ​ ​គេ​បាន​យក​ព្រះរាជបុត្រ​ទៅ​ដាក់​ឲ្យ​ផ្ទុំ​ក្រោម​ម្លប់ឈើ។​ ​ដោយ​រវល់​ជាប់​ជក់​នឹង​ការងារ​ពេក​ ​ម្នាក់ៗ​មិន​បាន​នឹកភ្នក​ចាប់​អារម្មណ៍​ដល់​ទារក​ដែល​កំពុង​តែ​ត្រូវ​ស្ថិត ​នៅ​ក្រោម​កម្ដៅ​កាំរស្មីព្រះអាទិត្យ​ឡើយ។​ ​ពេល​នោះ​ ​ទិដ្ឋភាព​ដ៏​សែន​អស្ចារ្យ​ដែល​គេ​មិន​ធ្លាប់​ឃើញ​ ​ហើយ​ដែល​មិន​ធ្លាប់​កើត​មាន​នោះ​ ​បាន​កើតឡើង​ ​គឺ​ទេព​ឥន្ទ្រី​ ​និង​បក្សាបក្សី​ជា​ច្រើន​ទាំង​ហ្វូង​បាន​ហោះ​ចុះ​មក​ ​កក​កុំ​ ​ក្រុង​ព័ទ្ធ​ជិតជុំ​ ​ការពារ​ទារក​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ។​ ​តា​គហេ​ឃើញ​ដូច្នេះ​ ​ភ័យ​លោះ​ព្រលឹង​ ​ខំ​រត់​យ៉ាង​លឿន​ស្លេវ​ទៅ​ដេញ​បង្អើល​ហ្វូង​សត្វ​បក្សាបក្សី។​ ​ទៅ​ដល់​ ​តា​គហេ​ខំ​ពិនិត្យ​មើល​ខ្លាចក្រែង​ទារក​រងគ្រោះថ្នាក់​ ​ឬ​មាន​របួស​ស្លាក​ស្នាម​ ​តែ​គាត់​មើល​មិនឃើញ​មាន​អ្វី​ដែល​ជា​ការ​គួរ​ឲ្យ​ភ័យ​ព្រួយបារម្ភ​ ឡើយ។​ ​ផ្ទុយ​ទៅ​វិញ​ទារក​ហាក់បីដូចជា​បាន​ទទួល​នូវ​សេចក្ដីសុខ​ ​និង​ការ​ថ្នាក់ថ្នម​ឥត​ហ្មង​ពី​ហ្វូង​បក្សាបក្សី។​ ​បាតុភូត​ដ៏​សែន​អស្ចារ្យ​នេះ​ បាន​បណ្ដាល​ឲ្យ​ព្រះ​នាង​កែវ​ ​តា​គហេ​ ​និង​យាយ​លក្ខណ៍​ដាក់​ឈ្មោះ​ទារក​នោះ​ថា​ ​បក្សីចាំក្រុង។​

  • តែបើ ​យោង​ទៅ​តាម​ពង្សាវតារ​វត្ដ​កោកកាក​វិញ​ ​គេ​អាច​ដឹង​ថា​ ​មហេសី​របស់​ព្រះបាទ​ចក្រព័ត្រ​ទ្រង់​មានគភ៌​ ​នៅ​ពេល​ដែល​ដំបងគ្រញូង​លើកទ័ព​មក​វាយប្រហារ​ដណ្ដើម​រាជ្យ។​ ​ព្រះ​នាង​បាន​រត់​រួច​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ ​នៅ​តាម​ភូមិស្ថាន​តំបន់​ឆ្ងាយ​ដាច់​ស្រយាល។​ ​បន្ទាប់​មក​ ​ព្រះ​នាង​ប្រសូត​បាន​បុត្រ​មួយ​ព្រះ​អង្គ។​ ​តែ គេ​មិន​បាន​ស្គាល់ឈ្មោះ​ព្រះរាជបុត្រ​អង្គ​នេះ​ទេ​ ​ធំ​ឡើង​ពេញវ័យ​កាលណា​ព្រះរាជបុត្រ​បាន​មាន​មហេសី។​ ​ព្រះ​មហេសី​ទ្រង់​គភ៌​​បាន ​១០ ​ខែ ​កាល​ក្នុង​រាជ្យ​ ​និង​សម័យ​ដែល​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​កោះហៅ​ហោរា​ឲ្យមក​ទស្សន៍​ទាយ​មើល​រក​អ្នកមាន​បុណ្យ។​ ​គ្រានោះ​ព្រះរាជបុត្រ​ក៏​បាន​សុគត​ដែរ​ ​តែ​គេ​មិន​បានដឹង​ដោយ​ប្រកា​ណាមួយ​ឡើយ​ទេ។​ ​ព្រះរាជបុត្រ​អង្គ​នេះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​មានឈ្មោះ​ថា​ ពញាពេជ្រ។​ ​ព្រះ​មាតា​ ​ដែល​ជា​មហេសី​ព្រះបាទ​ចក្រព័ត្រ​ ​មានឈ្មោះ​ថា​ អ្នកម្នាងទង។​ ​ឯ​មហេសី​របស់​ពញាពេជ្រ​ឈ្មោះ​ ​អ្នក​ម្នាង​ទេព។​ ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​កាលបើ​បាន​ព្យាករ​ទាយ​ថា​ ​អ្នកមាន​បុណ្យ​ ​បាន​មក​ចាប់កំណើត​បាន​ ​១០​ខែ ក្នុង​ត្រកូល​ក្សត្រ​ហើយ​ ​ក៏​ចេញ​បញ្ជា​ឲ្យ​នាម៉ឺន​ពល​ទ័ព​សេនា​គ្រប់​ទិស​ទី​ ​ចាប់​ប្រមូល​ស្ដ្រី​ទាំងអស់​ក្នុង​នគរ​ ​ដែល​មាន​ផ្ទៃពោះ​ចំនួន​​ ១០​ ខែ យក​ទៅ​ប្រហារ​ជីវិត​កុំឲ្យ​មាន​សល់។​ ​ពេជ្ឈឃាដ​ត្រូវ​កាប់​ស្ដ្រី​ទាំងនោះ​ជា​បី​កង់​ ​គឺ​ត្រង់​​ ​និង​ពោះ។​ អ្នក​ម្នាង​ទេព​ ​ដែល​កាលនោះ​ ​បាន​មក​លាក់ខ្លួន​រស់នៅ​ក្នុងស្រុក​ស្ទោង​ ​មិន​បាន​គេច​ផុត​ពី​គ្រោះ​កំណាច​នោះ​ទេ។​ ​ព្រះ​នាង​ត្រូវ​ស្ដេច​ចាម​សេ្រន្ទ្រា​ ​ជា​ស្ដេច​ចាម​ចំណុះ​ខ្មែរ​ ​តាំង​តែ​ពី​សម័យ​រាជ្យ​ ​ព្រះថោង​នាងនាគ​ ​ឬ​ស្ដេចកុម៉ែរាជ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១​ ​នៅស្រុកស្ទោង ​ចាប់​យក​ទៅ​ថ្វាយ​ព្រះរាជា។​ ​ព្រះ​សិន្ធព​អមរិន្ទ​ក៏​បង្គាប់​ឲ្យ​ក្រុម​ពេជ្ឈឃាដ​ស្ដេច​ចាម​យក​ទៅ​ ប្រហារជីវិត​ដោយ​គ្មាន​ស្រណោះ​ប្រោសប្រណី។​ ​កន្លែង​ពិឃាដ​អ្នក​ម្នាង​ទេព​ស្ថិត​នៅ​ខាងត្បូង​កំពង់ព្រះ​ជិន​ (ប្រហែលជា​ កំពង់ចិន​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ដកំពង់ធំ) ហើយ​នៅ​ខាងលិច​វាំង​ស្ដេច​ចាម​សេ្រន្ទ្រា។​ ​នៅ​ពេល​ដែល​ពួក​ពេជ្ឈឃាដ​ ​កាប់​ប្រហារ​ត្រង់​ពោះ​ ​ព្រះ​នាង​ទេព​ទារក​នោះ​រត់ឡើង​ទៅ​នៅ​ទ្រូង​ម្ដាយ​ ​ហើយ​ដល់​ពួក​ពេជ្ឈឃាដ​ចេញ​ទៅ​បាត់​ទារក​ក៏​ធ្លាក់​ចេញ​មក​ក្រៅ។​ ​គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ទេពឥន្ទ្រី​ ​និង​ហ្វូង​បក្សាបក្សី​ជា​ច្រើន​បាន​ហោះ​កុះករ​ ​កក​កុំ​ចុះ​មក​រោម​ក្រុង​ការពារ​ ​ព័ទ្ធ​ជុំវិញ។​ ​សត្វ​ខ្លះ​ទៀត​ត្រដាងស្លាប​ដាក់​ក្រោម​ទារក​ ​ការពារ​កុំឲ្យ​ប៉ះ​ប្រឡាក់​នឹង​ដី។​ ​តា​គហេ​ដែល​ឃ្វាលគោ​នៅ​ជិត​នោះ​ ​ឃើញ​ហ្វូង​សត្វ​បក្សាបក្សី​ជា​ច្រើន​ហោះ​ក្រវែល​ ​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង​ ​ឆ្វាត់ឆ្វែង​ច្រើន​ពេក​ក្នុង​មេឃ​ ​កើតក្ដី​ឆ្ងល់​សង្ស័យ​ ហើយ​ក៏​ដើរ​តម្រង់​ទៅ​មើល​ដល់​កន្លែង។​ ​ស្រាប់តែ​គាត់​ភ្ញាក់​ព្រើត​ ​នឹកគិត​ទៅ​អស្ចារ្យ​ខ្លាំង​ពេក​ ​កាលបើ​ឃើញ​ទារក​មួយ​ ​ត្រូវ​បាន​ហ្វូង​បក្សាបក្សី​ចោមរោម​ ​ក្រុង​ការពារ​ ​គាត់​ក៏​លើក​បី​ទារក​យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ​ថ្នាក់ថ្នម​យ៉ាង​ប្រុង​ប្រយ័ត្ន​ ​និង​ស្រឡាញ់​ជាទី​បំផុត។​ ​តា​គហេ​បាន​ដាក់​ឈ្មោះ​ ​បក្សីចាំក្រុង​ ​ឲ្យ​ទារក​នោះ​ជាប់​រៀង​រហូត​មក។​

ប្រផ្នូលស្ដេចសិន្ធពអមរិន្ទ[កែប្រែ]

ថ្ងៃមួយ ​ស្ដេច​ព្រហ្មកិល​ ​ឬ​ពញាក្រែក​កើត​មានជំងឺឈឺក្បាល​យ៉ាង​ខ្លាំង​រក​ទ្រាំ​មិន​បាន​ ​ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ​អង្គ​កោះហៅ​ហោរា​ ​មក​ទស្សន៍​ទាយ​រក​ហេតុផល​ពិតប្រាកដ។​ ​ហោរា​នោះ​បាន​គន់គូរ​មើល​តាម​ជើង​លេខ​ ​ថ្ងៃខែ​ឆ្នាំ​ និង​តាម​ទំនាយ​នគរ​ទៅ​ ​ស្រាប់តែ​ឃើញ​ថា​អ្នកមាន​បុណ្យ​ដែល​មានត្រកូល​ជា​ក្សត្រ​បាន​មក​ចាប់ជាតិ​ ​ទ្រង់​គភ៌​ហើយ។​​ អ្នកមាន​បុណ្យ​នេះ​ ​ដែល​មាន​ឈាមជ័រ​ ​ចុះ​មក​អំពី​ព្រះបាទ​ទេវង្សអស្ចារ្យ (នេះ​ជា​សេចក្ដី​កំណត់​ក្នុង​ពង្សាវតារ​របស់​ព្រះអង្គម្ចាស់​នព្វរតន៍)​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៦​ ​និង​ត្រូវ​មក​សោយរាជសម្បត្ដិ​នៅ​ប្រទេស​កម្ពុជា។

ពង្សាវតារ ​សម្ដេច​វាំង​ជួន​ ​បាន​ត្រឹមតែ​បញ្ជាក់​ថា​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​បាន​កោះហៅ​ហោរា​ឲ្យ​ទស្សន៍​ទាយ។​ ​ព្រះ​អង្គ​ចង់​ដឹង​ថា​ ​តើ​មាន​អ្នកមាន​បុណ្យ​ណាមួយ​អាច​នឹង​មក​ដណ្ដើម​រាជ្យ​ព្រះ​អង្គ​ឬទេ?

យូរ​ឆ្នាំ​ កន្លង​មក​ ​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​សុបិន​ឃើញ​សត្វ​គ្រុឌ​ហោះ​ចេញពី​ទិស​ខាងត្បូងមក​ខ្វេះ​យក​ភ្នែក​ព្រះ​អង្គ​ទាំង​គូ។​ ​ព្រះ​អង្គ​ភ័យរន្ធត់​ញាប់​ញ័រ​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ហើយ​កោះហៅ​ហោរា​ ​បង្គាប់​ឲ្យ​ទស្សន៍​ទាយ​មើល​ជតារាសី។​ ​ហោរា​ទាយ​ថា​ ​អ្នកមាន​បុណ្យ​ ​នឹង​យាង​មក​យក​រាជបល្ល័ង្ក​ ​ឥឡូវ​នេះ​អ្នកមាន​បុណ្យ​អាយុ​បាន​ ​៧​ឆ្នាំ​ហើយ ហើយ​មាន​សញ្ញា​កងចក្រ​លើ​បាត​ដៃ​ ​និង​បាតជើង។​ ​រូប​កងចក្រ​នេះ​ ​បើ​មើល​នឹង​ភ្នែក​ ​មើល​មិនឃើញ​ លុះត្រាតែ​យក​បាត​ដៃ​បាត​ជើង​ទៅ​ដាក់​លើ​ម្សៅ។​ ​ដូច្នេះ​ហើយ​ទើប​បានជា​ព្រះមហាក្សត្រ​បង្គាប់បញ្ជា​ឲ្យ​នាម៉ឺន​ពល​រេហ៍​ កេណ្ឌ​កៀរ​ក្មេង​អាយុ​ ​៧ ​ឆ្នាំ​ពី​គ្រប់​ទិស​ទីតំបន់​ក្នុង​នគរ យក​មក​ពិសោធន៍​ដាក់​បាត​ដៃ​បាតជើង​លើ​ចង្អេរ​ម្សៅ។​

គ្រាន់តែ​ បានឮ​ហោរា​ទស្សន៍​ទាយ​ដូច្នេះ​ ​ស្ដេច​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​កើត​មាន​ក្ដី​ភ័យ​ព្រួយបារម្ភ​ ​រន្ធត់​ក្នុង​ឱរា​ខ្លាច​របូត​បាត់​រាជសម្បត្ដិ​ពី​ដៃ​ ​ព្រះ​អង្គ​ក៏​ចាត់ចែង​ចេញ​បញ្ជា​ឲ្យ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ពល​សេនា​បរិវារ​ទាំងឡាយ​ ​ធ្វើការ​ស៊ើប​អង្កេត​គ្រប់​ច្រកល្ហក​ ​ដើម្បី​រុករក​អ្នកមាន​បុណ្យ។​ ​តែ​គ្មាន​នរណា​មួយ​អាច​ដឹង​បាន​ថា​ ​តើ​អ្នកមាន​បុណ្យ​នៅ​ទីណា​ឡើយ។​ ​

ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​ព្រះបាទ​សិន្ធព​អមរិន្ទ​ ​ម្ដងនេះ​ ​បង្គាប់បញ្ជា​ឲ្យ​កេណ្ឌ​ប្រមូល​បង្ខំ​យក​ក្មេងក្មាង​ទាំងអស់​ ​ពី​គ្រប់​ទិស​ទី​ខេត្ដ​ខណ្ឌ​ក្នុង​ព្រះ​នគរ​ ​ដែល​មាន​អាយុ​ ៧ ឆ្នាំ មក​ធ្វើការ​ពិសោធ​ ​សាកល្បង​ដាក់​បាត​ដៃ​ បាត​ជើង​លើ​ម្សៅ​ដែល​គេ​ដាក់​ទុក​ក្នុង​ចង្អេរ។​ ​ក្មេង​ណា​ ​ដែល​គ្មាន​បញ្ចេញ​ស្នាម​កងចក្រ​លើ​ចង្អេរ​ម្សៅ​ទេ​ ​ក្មេង​នោះ​ត្រូវ​រួចខ្លួន​ ​ហើយ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ត្រលប់​ទៅ​ផ្ទះសម្បែងវិញ។​


តាគហេ​ត្រូវ​នាំ​បក្សីចាំក្រុង​ទៅ​មហានគរ​ធ្វើការ​ពិសោធន៍​នឹង​គេ​ដែរ។ ​បក្សីចាំក្រុង​ដាក់​ដៃ​ដាក់​ជើង​ទៅ​លើ​ម្សៅ​ ​ហើយ​ដក​មក​វិញ​កាលណា​ ​ស្រាប់តែ​រូប​កងចក្រ​ដាម​ដិត​ជាប់​ក្រឡៅ​ ​ធ្វើ​ឲ្យ​មនុស្ស​ម្នា​នាម៉ឺនពល​រេហ៍​ទាំងឡាយ​ភ្ញាក់ផ្អើល​ឆោឡោ​ ​ឈូឆរ​ ​ច្របូកច្របល់​ទ្រហឹង​អឺងកង។​ ​មើលឃើញ​មិន​ស្រួល​ ​យល់​ថា​ស្ថានការណ៍​មិនល្អ​ ​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​តាគហេក៏​ចាប់​កញ្ឆក់​ដៃ​ ​លើក​បក្សីចាំក្រុង​ដាក់​អៀវ​លើ-ក​ ​រត់​យ៉ាង​លឿន​ហើយ​គេចខ្លួន​យ៉ាង​រហ័ស​ចេញ​ផុត​ពី​ទីប្រជុំជន​ដែល​មាន​ មនុស្ស​អ៊ូអរ។​ ​គ្រានោះ​មាន​សត្វ​ម្រឹគីម្រឹគា​បក្សាបក្សី​ទាំង​ហ្វូងៗ​ ​រត់​ស្រុះ​ស្រ​ដង្ហែ​អម​តាម​ផ្លូវ​ចាំ​ការពារ​​បក្សីចាំក្រុង​ ពីក្រោយ។​ ​ព្រះ​មហាក្សត្រ​ព្រះ​សិន្ធព​អមរិន្ទ​ ​ឬ​ស្ដេច​ព្រហ្មកិល​ ​គ្រាន់តែ​បាន​ទទួល​ដំណឹង ​ដឹង​អស់​គ្រប់​ហេតុការណ៍​ច្បាស់លាស់​ភ្លាម​កាលណា​ ​ក៏​បញ្ជា​ឲ្យ​កងទ័ព​ដេញ​តាម​ចាប់​បក្សីចាំក្រុង​ ​និង​តា​គហេ។​

តា​គហេ​អៀវ​បក្សីចាំក្រុង​បណ្ដើរ​ ​រត់​បណ្ដើរ​ ​ងាកឆ្វេង​ស្ដាំ​មើល​ក្រោយ​បណ្ដើរ។​ ​គាត់​ភ័យ​តក្កមា​ ​នៅ​ពេល​ដែល​ងាក​មើលទៅ​ឃើញ​ទ័ព​ស្ដេច​ដេញ​តាម​ប្រកិត​ពីក្រោយ។​ ​រត់​ចូល​ទៅ​ដល់​ព្រៃ​មួយ​ ​គាត់​យក​បក្សីចាំក្រុង​ទៅ​ដាក់​លាក់​ហើយ​មាន​ប្រសាសន៍​ថា​ ​«បាពួន​នៅ​ឲ្យ​ស្ងៀម​កុំ​មាត់ក​អ្វី​ទាំងអស់​!»។ បន្ទាប់​មក​គាត់​ចេញ​ទៅ​ស៊ើប​លប​លួច​មើល​ចលនា​ទ័ព​ស្ដេច។​ ​ហេតុតែ​បក្សីចាំក្រុង​ជា​អ្នកមាន​បុណ្យ​បារមី​ ​ទ័ព​ពញាក្រែក​ដេញ​តាម​មិន​ទាន់​ ​រក​មិនឃើញ​ឡើយ​ ​ហើយ​ចេះ​តែ​ទៅ​ផុត​ ​មក​ផុត​ ​ដើរ​ហួស​ទៅ​ហួស​មក។​ ​កាលបើ​ស្ថានភាព​បាន​ធូរស្រាល​បន្ដិច​ហើយ​ ​តា​គហេ​លើក​បក្សីចាំក្រុង​ដាក់​លើ-​ក​ ​ហើយ​អៀវ​រត់​កាត់​វាល​ចូល​ព្រៃតូច​ ​ចូល​ព្រៃធំ​មាន​ព្រៃ​ក្រាស់​ មានព្រៃ​ស្ដើង​ ​វិល​ត្រលប់​តម្រង់​ទៅ​គេហដ្ឋាន​វិញ។​ ​មក​ដល់​ជិត​ផ្ទះ​ ​តា​គហេ​យក​បក្សីចាំក្រុង​ទៅ​លាក់​ក្នុង​គម្ពោត​ព្រៃ​ដោយ​ពោល​ថា​ ​«បា​រង់ចាំ​នៅ​ទី​នេះ​សិន​ហើយ​!»។

ដំណើរភៀសព្រះកាយជាមួយតាគហេ[កែប្រែ]

គាត់​បាន​ រៀបរាប់​គ្រប់​ហេតុការណ៍​ពី​ដើម​ដល់​ចប់​ប្រាប់​ប្រពន្ធ​ ​និង​ទូល​ថ្វាយ​អ្នក​ម្នាង​កែវ​ ​ហើយ​គាត់​ក៏​ឲ្យ​ភរិយា​ចាត់ចែង​រៀបចំ​បាយ​ទឹក​ស្បៀងអាហារ​ ​និង​បង្វេច​សម្រាប់​រត់​ភៀសខ្លួន​ចាក​ចេញពី​ទីប្រជុំជន​ ​ទៅ​នៅ​ឲ្យ​ឆ្ងាយ​ដាច់​ស្រយាល​ ​ក្នុង​គោលបំណង​សង្ឃឹមថា​ ​នឹង​បាន​សន្ដិសុខ​ដល់​រូប​បក្សីចាំក្រុង។​ ​រួច​ស្រេច​ហើយ​កាលណា​ ​តា​គហេ​ត្រលប់​ទៅ​យក​បក្សីចាំក្រុង​លើក​អៀវ​ដាក់​លើ​-ក​ ​ហើយ​ធ្វើ​ដំណើរ​ផ្សងព្រេង​ ​កាត់​វាល​ចូល​ព្រៃ​ដោយ​គ្មាន​ទិស​ដៅ​អ្វី​ជា​ពិតប្រាកដ។​

តំបន់សៀមរាប[កែប្រែ]

​ទៅ​ដល់​ទួល​មួយ​ ​មាន​ដើម​រលួស​ដុះ​ជា​ច្រើន​ ​យល់​ឃើញ​ថា​ ​ជា​កន្លែង​ល្អ​សមរម្យ​តា​គហេ​ ​និង​បក្សីចាំក្រុង​ក៏​នាំ​គ្នា​ឈប់​សម្រាក​និទ្រា។​ ​ទីកន្លែង​ដើម​រលួស​នេះ​ ​ថ្ងៃក្រោយ​ក្លាយជា​ខេត្ដ​រលួស​ ​ហើយ​មាន​វត្ដ​មួយ​ឈ្មោះ​វត្ដ​រលួស ​(ក្នុង​ស្រុក​និគម​ ​ខេត្តសៀមរាប) ជាប់​រហូត​ដល់​សព្វថ្ងៃ។​

ព្រឹក​ព្រហាម​ ​តា​គហេ​នាំ​បក្សីចាំក្រុង​ធ្វើ​ដំណើរ​រត់​ភៀសខ្លួន​ទៅ​មុខ​ទៀត។​ ​ទៅ​ដល់​ព្រែក​មួយ​ ​គាត់​បាន​ជួប​អ្នក​កំលោះ​ម្នាក់​ឈ្មោះ​ជីក្រែង​ ​ដែល​កំពុង​តែ​អុំទូក​ស្ទូចត្រី​ ​ជីក្រែង​បាន​យកអាសា​ ​ជួយ​ចម្លង​ទូក​យក​ទៅ​ដាក់​ត្រើយម្ខាង​ ​ព្រែក​នោះ​ជាប់​ឈ្មោះ​ថា​ «ព្រែក​ជីក្រែង» រហូត​មក​ដល់​សព្វថ្ងៃ​ ​ដើម្បី​រំលឹក​ប្រវត្ដិ​បក្សីចាំក្រុង​ និង​គុណ​បំណាច់​របស់​ជីក្រែង។​

តំបន់កំពង់ធំ[កែប្រែ]

តា​គហេ​ និង​បក្សីចាំក្រុង​ ​ខំ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ ​កាត់​វាល​ចូល​ព្រៃ​ ​កាត់​ព្រៃ​ចូល​វាល​រហូត​ដល់​ភ្នំ​មួយ។​ ​នៅ​ទី​នេះ​គាត់​បាន​ជួប​តា​ម្នាក់​ឈ្មោះ​តា​ម៉ឹង​ ​គាត់​រៀបរាប់​រឿងរ៉ាវ​ទាំងអស់​ប្រាប់​តា​ម៉ឹង​ ​ពី​ដើម​ដល់​ចប់។​ ​គាត់​បាន​ពោល​បន្ថែម​ថា​ ​«ឥឡូវ​នេះ​ ​តា​ក៏​រឹងរឹត​តែ​អាសន្ន​មានទុក្ខ​ពិបាក​យ៉ាង​ធ្ងន់​ ​ពីព្រោះ​គាត់​អស់​ស្បៀងអាហារ»។ តា​ម៉ឹង​ស្ដាប់​ឮ​សូរ​ដូច្នេះ​ ​កើត​មានចិត្ដ​អាណិតអាសូរ​ស្រឡាញ់​រាប់អាន​ ​ហើយ​ជួយ​លាក់​បំពួន​ផ្គត់ផ្គង់​តា​គហេ​ ​និង​បក្សីចាំក្រុង។​ ​រួច​ហើយ​ ​គាត់​ចេញ​ទៅ​ប្រមែប្រមូល​ ​វេច​ខ្ចប់​បាយ​ទឹក​អង្ករ​ត្រី​សាច់​ ​ទុក​ឲ្យ​តា​គហេ​ធ្វើ​ជា​ស្បៀង​ ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មុខ។​ ​កន្លែង​ព្រៃ​ភ្នំ​នោះ​ ​តាំង​តែ​ពី​សម័យ​បក្សីចាំក្រុង​ ​មក​ដល់​សព្វថ្ងៃ​បាន​ទទួល​ឈ្មោះ​ថា​ ​ភ្នំ​អាសន្ន​ទុក្ខ​ ​ដែល​ឥឡូវ​ក្លាយទៅជា​ ​ភ្នំ​សន្ទុក (នៅ​ក្នុង​ខេត្តកំពង់ធំ)។ ​ឆ្លង​ផុត​ពី​ព្រៃ​ភ្នំ​ចូល​មក​ដល់​វាល​ ​តា​ ​និង​ចៅ​នាំ​គ្នា​ឈប់​សម្រាក។​ ​សត្វ​ល្មាំង​មួយ​ហ្វូង​បាន​ចេញ​មក​យាម​កា​ពារ​បក្សីចាំក្រុង​ ​កន្លែង​នោះ​ក៏​ជាប់​ឈ្មោះ​ថា​ ​គោកល្មាំង ឬ​គោកព្រះកង​ ​តរៀង​មក។​ ​អ្នកខ្លះ​ហៅ​ថា​ គោកព្រះកង​ ​ពីព្រោះ​នៅ​ក្បែរ​បឹង​ជិត​នោះ​ ​ពេល​បក្សីចាំក្រុង​ ​ព្រះ​អង្គ​ច្រត់​ដៃ​អោនក្បាល​សោយ​ទឹក​ ​ស្នាម​កងចក្រ​បាន​ដិត​ដៅ​ក្រឡៅ​ជាប់​លើ​ដី​ភក់។​

ចេញ ​ផុត​ពី​ស្រុក​អាសន្នទុក្ខ​ទៅ​ដល់​វាល​ផ្សេង​មួយទៀត​ ​បក្សីចាំក្រុង​បាន​ជួបនឹង​សេះ​ពណ៌​ខៀវ​មួយ​មានកម្ពស់​ប្រមាណ​ជា​បី​ហត្ថ។​ ​សេះ​ពណ៌​ខៀវ​ដើរ​ចេញ​មក​លុតជង្គង់​សំពះ​បក្សីចាំក្រុង​បី​ដង។​ ​បក្សីចាំក្រុង​ក៏​បាន​សេះ​នោះ​មក​ធ្វើ​ជា​ជំនិះ​ ​ឯ​តា​គហេ​វិញ​គាត់​ដើរ​ពីមុខ​នាំ​ផ្លូវ។​ ​កន្លែង​ដែល​បក្សីចាំក្រុង​ជួប​សេះ​ ​បាន​មានឈ្មោះ​ជាប់​មក​ថា​ ​គោកសេះ

តំបន់ក្នុងកំពង់ចាម-ចូលកណ្ដាល[កែប្រែ]

តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ទាំង​តា​ទាំង​ចៅ​ ​នាំ​គ្នា​រត់គេច​បន្ដ​ជា​និច្ច​ ​ឆ្លងកាត់​ព្រែក ​ស្ទឹង ទន្លេ​ធ្លាក់​ទៅ​ដល់​ខេត្ដ​ជើងព្រៃ។​ ពេល​នោះ​ ​កងទ័ព​ពល​រេហ៍​របស់​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អនុរាជ​ ​ក៏​បាន​ដេញ​តាម​ប្រកិត​ផិត​មក​ដល់​ដែរ។ ​អ្នក​ទាំង​ពីរ​ខំ​ពួន​ លាក់ខ្លួន​ក្នុង​ព្រៃ​យ៉ាង​សែន​វេទនា​ជាទី​បំផុត។​ ​យប់​ឡើង​គេ​យក​ផែន​ពសុធា​ធ្វើ​ជា​គ្រែ​ យក​មេឃ​ធ្វើ​មុង​ យក​សូរ​សព្ទ​សព្វ​សត្វ​ ​ក្នុង​ព្រៃ​ស្ងាត់​ជ្រៅ​ជ្រងំ​ ​ធ្វើ​ជា​វង់​ដូរតន្ដ្រី​ប្រគំ​បទ​ភ្លេង​ ​បំពេរ​លួងលោម​ក្ដី​ទុក្ខ​ព្រួយ។​ ​ទៅ​ដល់​កន្លែង​មួយ​ឈ្មោះ​ ​ត្រពាំង​កងមាស​ ​ជួន​ចំ​ជា​ពេក​យប់​ ​តា​ ​និង​ចៅ​នាំ​គ្នា​ឈប់​សម្រាក​និទ្រា​យក​កម្លាំង។ ​ទីនោះ​ ​មាន​មូស​ច្រើន​ណាស់​ ​ដែល​រំខាន​ធ្វើ​ឲ្យ​សម្រាក​មិន​បាន​ ​បក្សីចាំក្រុង​ ​ក៏​បន់ស្រន់​សំបូងសង្រូង​ ​សុំ​កុំឲ្យ​មាន​មូស។​ ​រំពេច​នោះ​មូស​យ៉ាងច្រើន​ខ្មៅ​ងងឹត​ ​ក៏​បាត់​អស់​ដូច​តាម​មាត់​មែន។​ ​កន្លែង​នោះ​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​មានឈ្មោះ​ថា​ ​មុងមាស​អ្នកតា​គហេ​ ​តែ​ពង្សាវតារ​របស់​សម្ដេច​វាំ​ជួន​ ​បញ្ជាក់​ថា​ ​កន្លែង​ដែល​បក្សីចាំក្រុង​សំពះ​បន់​កុំឲ្យ​មាន​មូស​មាន​ឈ្មោះ​ថា​ ​ទូលតាគហេ​ ​ដែល​ស្ថិត​នៅ​ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាលសព្វថ្ងៃ។​

តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ចេះ​តែ​ខំប្រឹង​រត់​តទៅ​ទៀត​ ​ទាំង​យប់​ទាំង​ថ្ងៃ​ ​ឥត​មាន​ហ៊ាន​ឈប់​ឈរ។​ ​យូរថ្ងៃ​មក​ ​គេ​បាន​រត់ទៅ​ដល់​មាត់​ទន្លេធំ​ ​ដែល​សព្វថ្ងៃ​ខ្មែរ​យើង​បាន​ដាក់​ឈ្មោះ​ថា​ទន្លេមេគង្គ។​ ​ចំណែក​ខាង​កងទ័ព​របស់​ស្ដេចព្រហ្មកិល​វិញ​ក៏​ដេញ​កិត​ជាប់​ពីក្រោយ​ ដែរ។​ ​តា​ ​និង​ចៅ​ទាំង​ពីរ​នាក់​ ​ស្ថិត​ក្នុង​ស្ថានភាព​ទាល់ច្រក​ ​ចង់​ឆ្លង​ទឹក​ក៏​មិន​រួច​ ​ព្រោះ​គ្មាន​ទូក ចង់​ថយក្រោយ​រក​ផ្លូវ​ផ្សេង​ទៀត​រត់​ក៏​មិន​រួច។​ ​គ្រានោះ​បក្សីចាំក្រុង​ក្រឡេក​មើលទៅ​មាត់ទន្លេ​ ​ឃើញ​ដើម​រកា​ ​និង​ដើម​ល្វា​ ​ហើយ​នឹកគិត​ថា​ ​បើ​ដើម​រកា​កោង​ទៅ​ ​ហើយ​ដើម​ល្វា​ទេរ​មក​ ​នោះ​យើង​ច្បាស់​ជា​អាច​ឆ្លង​រត់​រួច​ជា​មិន​ខាន។​ ​ទាល់​ចំណេះ​ ​អស់​មធ្យោបាយ​ ​បក្សីចាំក្រុង​ក៏​លុតជង្គង់​ទៅ​នឹង​ដី ​លើក​ដៃ​ប្រទូល​ដាក់​លើ​ក្បាល​ ​ឧទ្ទិស​បួងសួង​ថា​ ​បើ​ទូលព្រះបង្គំជាខ្ញុំ​ពិតជា​អ្នកមាន​បុណ្យ​មែន​ ​ហើយ​ត្រូវ​ឡើង​គ្រង​នគរ​នោះ​ ​សូម​ឲ្យ​រកា​កោង​ទៅ​ ​ល្វា​ទេរ​មក​!។ ភ្លាម​នោះ​ដោយ​អំណាច​គុណ​បុណ្យ​តេជ​បារមី​ ​និង​មាត់ទិព្វ​របស់​បក្សីចាំក្រុង​ ​ដើម​រកា​ក៏​កោង​ទៅ​មែន​ ​ហើយ​ដើម​ល្វា​ក៏​ទេរ​មក​ជួប​គ្នា​ ​ក្លាយជា​ស្ពាន​ដូច​ក្ដី​ប្រាថ្នា។​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​ក៏​នាំ​គ្នា​ដើរ​សួ​លើ​ដើមឈើ​ទាំង​ពីរ​ឆ្លងកាត់​ទៅ​ ត្រើយម្ខាង។​ ​កងទ័ព​ស្ដេច​ពញាក្រែក​ ​ក៏​មក​ដល់​ដែរ​ ​តែ​រក​ឆ្លង​ដេញចាប់​មិន​បាន​ ​ពីព្រោះ​ដើម​រកា​ ​និង​ល្វា​បាន​ងើបឡើង​ត្រង់​វិញ​ដូច​ដើម ។​ ​ដោយសារ​ភាព​អច្ឆរិយៈ​ដ៏​អស្ចារ្យ​នេះ​ ​ទើបបាន​ជាទី​កន្លែង​នោះ​ ​មានឈ្មោះ​ជាប់​មក​ថា​ ​រកាកោង និង​ល្វាទេរ ហើយ​ថ្ងៃ​ក្រោយមក​ក៏​កើត​មាន​ជា​លំនៅ​ស្ថាន​ភូមិ​ស្រុក​ រកាកោង​ ​ល្វាទេរ រៀង​រហូត​មក​ដល់​បច្ចុប្បន្ន។ ​ចំណែក​សេះ​ពណ៌​ខៀវ​វិញ​ ​មក​ដល់​កន្លែង​រកាកោង​ ​ល្វាទេរ​នេះ​ ​ក៏​បាត់​រូបរាង​ក្នុង​ភាព​យ៉ាង​អស្ចារ្យ​ដែរ។​ ​ពី​ពេល​នោះ​មក​បក្សីចាំក្រុង​ចាប់ផ្ដើម​មាន​ជំនឿ​ថា​ខ្លួន​ពិតជា​អ្នកមាន​បុណ្យ​ ​មាន​ឫទ្ធិ​អំណាច​តេជៈ​បារមី​ខ្លាំងពូកែ​មែន។​

អ្នកទាំង​ពីរ​ធ្វើ​ដំណើរ​គេចខ្លួន​ ​កាត់​វាល​កាត់​ព្រៃ​តទៅ​មុខ​ទៀត។​ ​ទៅ​ដល់​ក្រោម​ដើម​ល្វា​មួយ​យ៉ាង​ធំ​មាន​ម្លប់​ត្រឈឹងត្រឈៃ​ ​គេ​ឈប់​សម្រាក​ប្រាស​ខ្លួន​លើ​ផែន​ថ្មដា​មួយ​ធំ​ ​ដែល​ជប់​ឡើង​ដោយ​ទេវតា​រក្សា​ដើម​ល្វា​ ​សម្រាប់​ទុក​ថ្វាយ​បក្សីចាំក្រុង។​ ​កន្លែង​នោះ​ក៏​ជាប់​ឈ្មោះ​ថា​ ថ្មដា​ ​ដែល​សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ឃុំព្រែកពោធិ ស្រុកស្រីសន្ធរខេត្តកំពង់ចាម។​

ថ្ងៃមួយ​តា​គហេ​ ​និង​បក្សីចាំក្រុង​ ​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ទួល​មួយ​កន្លែង​ ​ដែល​មាន​បឹង​នៅ​ជិតជាប់​នោះ​ ​តា​គហេ​បាន​ទៅ​កាច់​មែក​ជ្រៃ​យក​មក​ដោត​បាំង​ធ្វើ​ម្លប់​ឲ្យ​ បក្សីចាំក្រុង។​ ​ដោយ​អស់កម្លាំង​ពេក​ ​បក្សីចាំក្រុង​ ​ក៏​ផ្ទំ​លក់​ទៅ។​ ​គ្រានោះ​ ​មាន​ហ្វូង​បក្សាបក្សី​ជាច្រើន ចុះ​មក​ក្នុង​បឹង​ដើម្បី​រាវរក​ចាប់​ចំណី។ មិនយូរប៉ុន្មាន​ផង ​ស្រាប់​តែ​បក្សាបក្សី​ទាំងនោះ​ស្រែក​ផ្អើល​កោកកាក​ឆោឡោ​ហោះហើរ​ចេញ​ទៅ។​ ​ឮ​សូរ​ខ្ញៀវខ្ញា​សន្ធឹក​សន្ធប់​ដូច្នេះ​ ​តា​គហេ​នឹក​ស្មានថា​កងទ័ព​ស្ដេច​លើក​មក​ដល់​ហើយ​ ​កំពុង​តែ​ឡោម​ព័ទ្ធ​ចាប់។​ ​គាត់​ភ័យ​ណាស់​ខំ​រត់​ទៅ​ដាស់​បក្សីចាំក្រុង។​ ​បក្សីចាំក្រុង​ភ្ញាក់​ទាំង​សើងមម៉ើង​ ភ័យ​ចំប្រប់​ ​ហើយ​ខំ​ស្ទុះស្ទារ​ឡើង​ដើម​ជ្រៃ​សម្លឹង​មើល​គ្រប់​ទិស​ទី។​ ​តែ​បក្សីចាំក្រុង​មើល​មិនឃើញ​កងទ័ព​ស្ដេច​ទេ​ ​ឃើញ​តែ​ហ្វូង​សត្វ​ជា​ច្រើន​ដែល​កំពុង​តែ​ហោះហើរ។​ ​បាត់​ភ័យ​ធូរទ្រូង​បន្ដិច​ ​បក្សីចាំក្រុង​ចុះ​ពី​មែក​ជ្រៃ​ដោយ​ទាំង​ទុក​ស្នាម​ដានជើង​ជាប់​នៅ​លើ​ មែកឈើ។​ ​ដើម​ជ្រៃ​នោះ​បាន​គង់​រស់​រហូត​មក​ដល់​សព្វថ្ងៃ។​ ​បក្សីចាំក្រុង​នឹក​ខឹង​មួរ​ម៉ៅ​ចំពោះ​តា​គហេ​ដែល​បាន​ធ្វើ​ឲ្យ​ខ្លួន​ភ័យ​ លួស​ព្រលឹង​ ​ព្រះ​អង្គ​មាន​បន្ទូល​លលេង​ថា​ ​កាលណា​បាន​ឡើង​សោយរាជ្យ​ខ្ញុំ​នឹង​កាប់​តា​ធ្វើបុណ្យ​! (តាម​ឪពុក​ខ្ញុំ​ ​ដែល​ធ្លាប់​និទានរឿង​បក្សីចាំក្រុង​ឲ្យ​ស្ដាប់ ​កាល​ខ្ញុំ​នៅ​ក្មេង​ ​ពាក្យ​សម្ដី​នេះ​គ្រាន់តែ​ជា​ការ​និយាយ​ចំអន់​លេងសើច​កំប្លែង​តែ​ប៉ុណ្ណោះ​ ​បក្សីចាំក្រុង​មិន​ដែល​មានចិត្ដ​អាក្រក់​រមឹលគុណ​ដូច្នេះ​ឡើយ)។ ទីទួល​ដែល​តា​គហេ​បាន​យក​មែក​ជ្រៃ​ទៅ​ដោត​ធ្វើ​ម្លប់​ ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា​ ​ទួលស្រួល​ទឹកមិនលិច។ ចំណែក​ដើម​ជ្រៃ​វិញ​ ​យូរ​ខែ​ឆ្នាំ​មក​ ​ក៏​ដុះ​ធំ​ត្រសុំត្រសាយ​ ​ក្លាយទៅជា​ទីកន្លែង​សក្ការៈបូជា​យ៉ាង​ឆុតឆាប់​ ​ដែល​ខ្មែរ​តែងតែ​នាំ​គ្នា​មក​បន់ស្រន់​ជា​ហូរហែ។​ ​ឈ្មោះ​នេះ​ក្លាយ​បន្ដិច​ម្ដងៗ​ ​ទៅ​ជា​ទួលសួគ៌លោក ហើយ​ឥឡូវ​នេះ​ទៅ​ជា​វិហារសួគ៌

រីឯ​កងទ័ព​ពល​ រេហ៍​របស់​ស្ដេច​ព្រហ្មកិល​ ​នៅ​តែ​បន្ដ​បេសកកម្ម​រុករក​ដេញ​តាម​ចាប់​បក្សីចាំក្រុង​ឥត​សំចៃ​ដៃ។​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​នៅ​តែ​ខំ​រត់គេច​ដដែល​ ​ហើយ​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ទិស​ខាងត្បូង។​ ​ទៅ​ជិត​ដល់​មាត់ទន្លេ​ ​ប្រះ​ទះ​ឃើញ​មាន​ផ្លែ​ល្វា​ល្អល្អះ​គួរ​ឲ្យ​ឆ្ងាញ់​ ​បក្សីចាំក្រុង​ក៏​បេះ​ផ្លែ​ល្វា​យក​មក​សោយ​ចម្អែត​កាយ។​ ​ផ្លែ​ល្វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា​ ​ធ្វើ​ឲ្យ​បក្សីចាំក្រុង​កើន​កម្លាំង​ខ្លាំងក្លា។​ ​ទឹកដី​ម្ដុំ​ដើម​ល្វា​ ​ក៏​ជាប់​ឈ្មោះ​ថា​ ​ល្វាផ្អែម ហើយ​ក្លាយទៅជា​ល្វាឯមរហូត​មក​ដល់​សព្វថ្ងៃ​ ​គឺ​នៅ​ក្នុងខេត្តកណ្ដាល។​

កងទ័ព​ស្ដេច​ ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​ ​ដែល​ដឹកនាំ​ដោយ​មេទ័ព​ពីរ​នាក់​គឺ​ ​ចៅពញាចក្រី ​និង​ចៅពញារាជាសេដ្ឋា​ ​បាន​តាមដាន​ដេញ​រក​ចាប់​បក្សីចាំក្រុង​អស់​រយៈពេល​បី​ឆ្នាំ​ ​តែ​នៅ​តែ​រក​ចាប់​មិន​បាន។​ ​មិនតែប៉ុណ្ណោះ​ ​មេទ័ព​ស្ដេច​ទាំង​ពីរ​នាក់​ត្រូវ​បាត់បង់​ជីវិត​នៅ​ភ្នំ​អាសន្នទុក្ខ​ ​ដោយ​ចាញ់​បុណ្យ​បារមី​របស់​បក្សីចាំក្រុង។​ ​ព្រះមហាក្សត្រ​ខ្មែរ​ខឹង​ច្រឡោត​ខ្លាំង​ណាស់​ ​ដោយ​មេទ័ព​របស់​ខ្លួន​ទាំង​ប៉ុន្មាន​គ្មាន​សមត្ថភាព​ ​ទទួល​បរាជ័យ​ ​រក​ចាប់ចង​ ​និង​កម្ទេច​សម្លាប់​បក្សីចាំក្រុង​មិន​បាន​ដូច​បំណង។​ ​ព្រះ​អង្គ​រឹងរឹតតែ​ភ័យ​ព្រួយបារម្ភ​ខ្លាំង​ឡើងៗ​ រក​បិទ​ភ្នែក​មិន​ជិត​ ​ពីព្រោះ​ព្រះ​អង្គ​ភ័យ​ខ្លាច​អស់បុណ្យ​ ​អស់អំណាច​ ​អស់​រាជសម្បត្ដិ​ ​អស់​បាន​ធ្វើ​ជា​ស្ដេច។​ ​ព្រះ​អង្គ​ក៏​សម្រេចចិត្ដ​លើក​កងទ័ព​ពល​សេនា​ទៅ​ដោយ​ខ្លួនឯង​ ​ដើម្បី​ដេញ​តាម​រុករក​ចាប់​សម្លាប់​បក្សីចាំក្រុង​ ​អ្នកមាន​បុណ្យ​ឲ្យ​ទាល់តែ​បាន​ ​នេះ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល។​

បរិវេណភ្នំពេញដល់កណ្ដាលវិញ[កែប្រែ]

ចំណែក ​តា​គហេ​ ​និង​បក្សីចាំក្រុង​ ​កាលបើ​ដល់​មាត់ទន្លេ​ ​ក៏​សុំ​តាម​ទូក​គេ​ឆ្លង​ទៅ​ត្រើយ​ខាងលិច​ត្រង់​ម្ដុំ​កោះ​ឫស្សីកែវ (សង្កាត់​មួយ​នៅ​ផ្នែក​ខាងជើង​នៃ​ទីក្រុងភ្នំពេញ)។ គ្រានោះ​កងទ័ព​ស្ដេច​ក៏​តាម​មក​ដល់​ដែរ​ ​តា​គហេ​ ​និង​បក្សីចាំក្រុង​ ​នាំ​គ្នា​រត់​ចូល​ពួន​ក្នុង​បឹង​រាជ​ ​ដែល​មាន​ឈូក​ដុះ​ពាសពេញ។​ ​កងពល​សេនា​ស្ដេច​ដេញ​តាម​ស្អិត​ពីក្រោយ​ ​ហើយ​យក​ដំរីគោក្របី​ ​មក​ឲ្យ​ដើរ​សាចុះសាឡើង​ជាន់ឈ្លី​បឹង​ឈូក​ ​បែក​ភក់​វក់វល់​ ​ដើម្បី​សម្លាប់​បក្សីចាំក្រុង​កុំឲ្យ​រត់​រួច។​ ​តែ​ដំរី​ គោ ក្របី​ ​កាល​ដើរមក​ដល់​ម្ដុំ​ដើម​ឈូក​ដែល​បក្សីចាំក្រុង​ ​និង​តា​គហេ​ពួន​ ​ចេះ​តែ​នាំ​គ្នា​ដើរ​ឃ្វាង​រហូត​ ​តា​ ​និង​ចៅ​បាន​រួច​ជីវិត​ជា​ថ្មី​ម្ដងទៀត។​ ​បឹង​ឈូក​ដោយសារ​គោ ក្របី ​ដំរី​ ដើរ​ជាន់ឈ្លី​មិន​ឈប់​ឈរ​ ​ក៏​រឹង​ខះទឹក​បែរជា​គោក​ស្ងួត។​ ​ដើម្បី​ទុកជា​អនុស្សាវរីយរំលឹក​ដល់​ប្រវត្ដិ​តស៊ូ​ ​រត់គេច​ភៀសខ្លួន​របស់​បក្សីចាំក្រុង​ ​និង​តា​គហេ​ ​គេ​បាន​ដាក់​ឈ្មោះ​ទឹកដី​នោះ​ថា​ ​គោកបញ្ជាន់

បក្សីចាំក្រុង ​ ​និង​តា​គហេ​ ​នាំ​គ្នា​រត់​បន្ដដំណើរ​សំដៅ​ទៅ​ទិស​ខាងលិច។​ ​តាម​ផ្លូវ​បក្សីចាំក្រុង​បាន​ប្រទះ​ជួប​ឃើញ​នារី​ក្រមុំ​ម្នាក់​មាន​រូបរាង ​ ​ដំណើរ​ ​សម្ផស្ស​ ​សាច់​ល្អ​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់ចិត្ដ​ស្នេហា​ ​នាង​កំពុង​តែ​ដងទឹក។​ ​កន្លែង​ជួប​ប្រទះ​ស្រី​ស្រស់​ ​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​ ​ប្រទះនាង ដែល​ក្លាយជា​ ប្រទះឡាង

នៅ​តាម​ផ្លូវ​ ​ទៅ​ដល់​ទួល​មួយ​ ​តា​ ​និង​ចៅ​ ​ដោយ​ស្រេកឃ្លាន​ខ្លាំង​ពេក​ ​បាន​បេះ​ផ្លែ​ឈើ​ឪជ្រឹង​ ​យក​មក​បរិភោគ​ចម្អែត​កាយ។​ ​ទីនោះ​ជាប់​ឈ្មោះ​ថា​ ​ទ្រនំជ្រឹង ជា​រៀង​រហូត​ត​មក។​ ​ដើរ​ហួស​កន្លែង​នោះ​ឆ្ងាយ​បន្ដិច​ ​ស្រាប់តែ​បក្សីចាំក្រុង​ និង​តា​គហេ​ត្រូវ​កងពល​ទាហាន​ស្ដេច​ឡោម​ចោម​ចាំ​ចាប់។​ ​កន្លែង​ចោមចាប់​ទី​១​ ​បាន​ក្លាយទៅជា​ ​ភូមិ​ចោមចាប់។​ ​កន្លែង​ចោមចាប់​ទី​ពីរ​ ​នៅ​ម្ដុំ​ជិត​គ្នា​នោះ​ដែរ​ ​បាន​ក្លាយទៅជា​ភូមិ​ចោមចៅ។​

ដើម្បី​រត់​ដោះដៃ ​រក​រួចខ្លួន​ ​ម្ដងនេះ​ដូច​លើក​មុន​ដែរ​ ​តា​គហេ​​នាំ​បក្សីចាំក្រុង​ចុះ​ពួន​ក្នុង​បឹង​ទៀត។​ ​ពួក​ពល​រេហ៍​ស្ដេច​ក៏​នាំ​យក​ដំរី​ គោ ក្របី​ ​ប្រើ​ឲ្យ​ជាន់​ដី​ជាន់ឈ្លី​បញ្ជាន់​បឹង​ដូច​លើក​មុន​ ​តែ​នៅ​តែ​មិន​បាន​សម្រេច។​ ​បក្សីចាំក្រុង​ និង​តា​គហេ​នៅ​តែ​រត់​រួច​ពី​កណ្ដាប់ដៃ​ស្ដេច​ពញាក្រែក​ ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ។​ ​បឹង​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ ​បឹងបុកបែន ដែល​ថ្ងៃ​ក្រោយមក​ ​ក្លាយជា​បឹង​ ​បឹង​ក្បែន

រត់ ​រួច​ចេញពី​បឹង​កាលណា​ ​ចៅ​ ​និង​តា​ ​នាំ​គ្នា​រត់​ទៅ​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ក្រាស់​ជិត​នោះ។​ ​ព្រៃ​នោះ​មានឈ្មោះ​ថា​ ព្រៃពួន ដែល​ឥឡូវ​ក្លាយទៅជា​ ព្រៃពួច (ឈ្មោះ​ទីកន្លែង​ ​ភូមិស្ថាន​ ​ដែល​យើង​បាន​រៀបរាប់​ជា​ហូរហែ​ ​ក្រោយ​ពេល​ដែល​បក្សីចាំក្រុង​រត់​មក​ដល់​កោះ​ឫស្សីកែវ សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ខេត្តកណ្ដាល ខាងលិច និង​ទិស​ខាងជើង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ)។ កងទ័ព​ស្ដេច​នៅ​តែ​ដេញ​តាម​ប្រកិត​ពីក្រោយ​ជា​និច្ច។​ ​តា​គហេ​ ​និង​បក្សីចាំក្រុង​ចេះ​តែ​ខំ​រត់​ពួន​គេចវេះ​ ​ខំ​ដើរ​ ​ខំ​រត់​កាត់​វាល​ចូល​ព្រៃ​ទៅ​ដល់​ជើងភ្នំ​រូង​ (គឺ​ភ្នំ​បាសិទ្ធ​ ​សព្វថ្ងៃ​ ​ដែល​ស្ថិត​នៅ​ប្រវែង​ប្រមាណ​ជា​ជាង ​​២០​ គ.ម​ ខាងជើង​ក្រុងភ្នំពេញ។​ ​ភ្នំ​បាសិទ្ធ​មាន​កំពូល​ទាំងអស់​ពីរ​ ​មួយ​ក្នុង​ឃុំ​ម្កាក់​ ​ស្រុក​ភ្នំពេញ​ ខេត្តកណ្ដាល ​និង​កំពូល​មួយទៀត​ ​ស្ថិត​ក្នុងខេត្តកណ្ដាល​ដដែល​ ​តែ​ក្នុង​ឃុំ​ឈ្វាំងស្រុកពញាឮ)។ នៅ​ក្នុង​ភ្នំ​នេះ​មាន​រូង​មួយ​យ៉ាង​ធំ​​របស់​ស្ដេច​កណ្ដុរស។​ ​ស្ដេច​កណ្ដុរស​ក៏​បាន​ជួយ​សង្គ្រោះ​យកអាសា​បក្សីចាំក្រុង​ ​នាំ​យក​ទៅ​លាក់​ទុក​ក្នុង​រូង​របស់​ខ្លួន។ ​រំពេច​នោះ​ដែរ​ ​ពីងពាង​ជា​ច្រើន​ក៏​នាំ​គ្នា​បញ្ចេញ​កម្លាំង​ធ្វើ​មង​ ​ចាក់​ស្រះ​ព័ទ្ធព័ន្ធ​បិទ​បាំង​មាត់​រន្ធ​ស្ដេច​កណ្ដុរស។​ ​កង​ទាហាន​ស្ដេច​ព្រហ្មកិល​មក​ដល់ទី​នោះ​ដែរ​ ​តែ​រក​បក្សីចាំក្រុង​ ​និង​តា​គហេ​មិនឃើញ។​

មក​ដល់​រូងភ្នំ​ បក្សីចាំក្រុង​ ​និង​តា​គហេ​បាន​បុណ្យ​គុណ​បារមី​វត្ថុ​ស័ក្ដិ​សិទ្ធ​ ​និង​អ្នក​សច្ចំបំបាំង​បាត់​ ​ជួយ​ថែរក្សា​ទំនុកបម្រុង​ ឧបត្ថម្ភ ​ណែនាំ​ បង្ហាត់បង្រៀន​ អប់រំ​ ប្រដែប្រដៅ​ ​ផ្ដល់​នូវ​មុខ​វិជ្ជាសិល្ប៍សាស្ដ្រ​គ្រប់​បែបបទ​ ​និង​ជួយ​ចម្លង​ឲ្យ​ផុត​ពី​គ្រោះកាច​ចង្រៃ​គ្រប់​បែប​យ៉ាង។​ ​តាំង​តែ​ពី​ពេល​នោះ​មក​ ​បក្សីចាំក្រុង​ ​និង​តា​គហេ​ ​រស់នៅ​ឯ​ភ្នំ​រូង​ដោយ​សុវត្ថិភាព​សុខ​សប្បាយ​ ​គ្មាន​សៅហ្មង​ ​គ្មាន​ភ័យ​ព្រួយបារម្ភ​ខ្លាច​ស្ដេច​សិន្ធព​អមរិន្ទ​ឡើយ។​

ការឡើងសោយរាជ្យ[កែប្រែ]

យូរ ​ខែ​ឆ្នាំ​កន្លង​មក​ ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​សេះ​របស់​ព្រះ​សិន្ធពអមរិន្ទ ​ឬ​ព្រហ្មកិល​ដែល​តា​ព្រាហ្មណ៍​ចាស់​ ​បាន​យក​ប្រគល់​ឲ្យ​ ​បាន​អស់​ជីវិត​ក្លាយទៅជា​ថ្ម​នៅ​ក្នុង​ឆ្នាំមមែ​ ​បញ្ច​ក្សត្រ​ទាំង​ប៉ុន្មាន​ប្រែ​ក្លាយទៅជា​ផ្លែ​ឈើ​បី​ ​ផ្ដុំ​ផ្គុំ​ជាប់​គ្នា។​ ចំណែកឯ​ព្រះខ័នរាជ​ និង​រំពាត់​ក៏​ត្រលប់​ចូល​ទៅ​ក្នុង​ស្រោម​ ​ធ្វើ​អំពី​សំពត់​ហូល​វិញ​ដែរ។​ ​នៅ​ចំពោះ​មុខ​បាតុភូត​ខុស​ប្លែក​អំពី​ធម្មតា​នេះ​ ​ព្រះ​សិន្ធព​អមរិន្ទ​ ​យល់​ច្បាស់​ណាស់​ថា​ ​ព្រះ​អង្គ​ដល់​ថ្ងៃ​អវសាន​អស់បុណ្យ​ហើយ។​ ​ព្រះ​អង្គ​រឹង​រឹត​តែ​ភ័យ​ព្រួយបារម្ភ​ ​រន្ធត់​តក់ស្លុត​ខ្លាំង​ឡើង​ ​រហូត​ដល់​ធ្លាក់ខ្លួន​មាន​ជំងឺ​ឈឺ​រ៉ាំរ៉ៃ​មើល​មិនជា។​

គ្រានោះ ​ ​ដោយ​យល់​ឃើញ​ថា​បក្សីចាំក្រុង​ ​ត្រូវជា​បុត្រ​ព្រះបាទ​ចក្រព័ត្រ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៦​ ​ហើយ​ព្រះ​អង្គ​ ​ក៏​អ្នកមាន​បុណ្យ​បារមី​មាន​សមត្ថភាព​ ​មានចិត្ដ​សន្ដោស​មេត្ដាធម៌​ ​ស្រឡាញ់​អាណិតអាសូរ​ ​គ្រប់គ្រង​ទំនុកបម្រុង​ប្រជារាស្ដ្រ​ ​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​ទាំងអស់​ក្នុង​នគរ​បាន​មូលមតិ​គ្នា​ ​ទៅ​សុំ​យាង​បក្សីចាំក្រុង​ពី​ភ្នំ​រូង​ ​ឲ្យមក​សោយរាជសម្បត្ដិ​នៅ​មហានគរ។​ ​ពិធី​អភិសេក​បក្សីចាំក្រុង​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​បាន​រៀបចំ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ជា​ពេលា​ល្អ​ ​ដែល​ត្រូវជា​ថ្ងៃ ​១១​កើត ខែ​ពិសាខ​ ​ឆ្នាំរោង​ ​ព.ស ​១៥៧២ ម.ស​ ៩៥០​ ​ច.ស ​៣៩០ គ.ស ​១០២៨ កាលនោះ​ព្រះ​បាទ​បក្សីចាំក្រុង​មាន​ព្រះ​ជន្ម​ ២៨ ​វស្សា ព្រះ​អង្គជា​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩។​ ​ព្រះ​អង្គ​បាន​ទទួល​ព្រះ​បរម​នាម ​ព្រះបាទ​សម្ដេច​ គម្ដែង​អញប្រដែងរាជ​បក្សីចាំក្រុង​បម្រុងរាស្ដ្រ។​ ​រាជធានី​ខ្មែរ​ស្ថិត​នៅ​មហានគរ​ដដែល។​

ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​បាន​សរសេរ​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​ ​បាន​យាង​ព្រះ​មាតា​ ​អ្នក​ម្នាង​កែវ​ឲ្យ​មក​គង់​ក្នុង​បរមរាជវាំង​ជាមួយ។​ ​ព្រះ​អង្គ​បាន​ប្រទាន​ដល់​ព្រះ​មាតា​ព្រះ​បរម​នាម​ ​សម្ដេច​ព្រះ​វររាជនី​ទេវី​លក្ខិណា​មហាក្សត្រី។​ ​តា​គហេ​ ​និង​យាយ​លក្ខណ៍​ត្រូវ​បាន​ព្រះ​អង្គ​ទុកដាក់​ ​និង​ប្រទាន​ឋានៈ​ជា​ជីដូន​ជីតា​ចិញ្ចឹម​ ​មិនតែប៉ុណ្ណោះ​ ​តា​គហេ​បាទ​ទទួល​ឋានន្ដរសក្ដិ​ជា​សម្ដេច​ចៅហ្វា​ ​ដោយ​មាន​អំណាច​គ្រប់គ្រាន់​ពេញលេញ​ ​ក្នុង​ការ​ចាត់ចែង​រៀបចំ​សម្រេច​កិច្ចការ​ធំៗ​ក្នុង​នគរ។​

ព្រះបាទបក្សីចាំក្រុង​ ​បាន​គ្រប់គ្រង​ប្រទេស​ជាតិ​ដោយ​ទសពិធរាជធម៌​ ​ជួយ​ទំនុកបម្រុង​ការពារ​ ​សង្គ្រោះ​ប្រជានុរាស្ដ្រវត្ដ​អារាម ​និងព្រះពុទ្ធសាសនា​ ​គ្រប់​ទិសទី​ គ្រប់​ច្រកល្ហក​ក្នុង​ព្រះរាជ​អាណាចក្រ។​ ​កាលនោះ​ស្រុក​ខ្មែរ​មាន​ទឹកដី​ធំ​ទូលាយ​ ប្រទេស​តូច​ធំ​ជិត​ឆ្ងាយ​រាប់អាន​គោរព​កោតខ្លាច​ស្ញប់ស្ញែង​ ​និង​ចំណុះ​ចុះចូល។​ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ​រស់នៅ​ក្នុង​បរិ​យា​ការ​សម្បូណ៌សប្បាយ​ ​រីករាយ​ ​គ្មាន​សង្គ្រាម​ ​ស្គាល់​តែ​សេច​ក្កី​សុខក្សេមក្សាន្ដ​ ​និង​សន្ដិភាព។​

ចិត្ដចរិយា​ ​និង​លក្ខណៈ​ដ៏​ល្អ​ប្រសើរ​ ជា​ពិសេស​មួយទៀត​របស់​បក្សីចាំក្រុង​ ​គឺ​ព្រះ​អង្គជា​មនុស្ស​ម្នាក់​ដែល​ឲ្យ​តម្លៃ​ ​និង​គោរព​ទៅ​លើ​អ្វី​ដែល​ជា​គុណ។​ ​ព្រះ​អង្គ​បាន​ចាត់​ទុក​គុណ​ជា​ធំ​ ​ជា​ចាំបាច់​ក្នុង​ដួងចិត្ដ​ ​ក្នុង​ទស្សនៈ​នេះ​ ​និង​មាគ៌ា​ប្រចាំជីវិត​របស់​ព្រះ​អង្គ។​ ​អ្នក​ណា​ ​ជន​ណា​ ​សត្វ​ណា​ ​ឬ​ទីកន្លែង​ទឹកដី​ណា​ ​ដែល​ធ្លាប់​មានគុណ​ជួយ​ទំនុកបម្រុង​ព្រះ​អង្គ​ ​ព្រះ​អង្គ​មិន​បំភ្លេច​គុណ​ឡើយ។​ ​ដូច្នេះ​ហើយ​ក្រោយ​ដែល​ព្រះ​អង្គ​បាន​ឡើង​សោយរាជ្យ​ ​ព្រះ​អង្គ​បាន​ប្រទាន​ងារ​បុណ្យ​សក្ដិ​ដល់​អ្នក​ដែល​ធ្លាប់​ជួយ​យកអាសា​ ​ព្រះ​អង្គ​ក្នុង​គ្រាក្រ។​ ​ព្រះ​អង្គ​បាន​សាង​វត្ដ​អារាម​ ​ព្រះពុទ្ធជា​ច្រើន​ដើម្បី​រំលឹក ​និង​តបស្នង​សងគុណ​បុណ្យ​បារមី​ ​វត្ថុ​សក្ដិ​សិទ្ធិ​ ​ទីកន្លែង​ទឹកដី​ ​ដែល​ធ្លាប់​បាន​ជួប​ ​ទទួល​ទំនុកបម្រុង​ ​បីបាច់​ថែ​រក្សាព្រះអង្គ​ក្នុង​គ្រា​កម្សត់​ខ្លោចផ្សា​ ​មានទុក្ខ​ភ័យ​គ្រោះកាច​ដល់​ជីវិត។​ ព្រះបាទ​សម្ដេច​​គម្ដែងអញប្រដែង ​ ​រាជបក្សីចាំក្រុង​ ​បម្រុងរាស្ដ្រ​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​បាន​ចូល​ទិវង្គត​ ​នៅ​ឆ្នាំកុរ​ ​ក្នុង​ព្រះ​ជន្ម ​៧១ ​វស្សា។​ ​ព្រះ​អង្គ​សោយរាជ​សម្បត្ដិ​ប្រទេស​កម្ពុជា​បាន ​៤៤ ​ឆ្នាំ។​

បូជនីយដ្ឋាន[កែប្រែ]

ព្រះបាទ​បក្សីចាំក្រុង​ ​បាន​សាង​ប្រាសាទ​មួយ​ដាក់​ឈ្មោះ​ថា​ ​ប្រាសាទលលៃ នៅ​កន្លែង​ដែល​ព្រះ​អង្គ​បាន​ទត​ឃើញ​ទង់ជ័យ​ស្ដេច​ពញាក្រែក​ដេញ​តាម​ចាប់​ព្រះ​អង្គ។​ ​ប្រាសាទ​មួយទៀត​ឈ្មោះ​ ​បាគង់ ត្រូវ​បាន​សាង​ដោយសារ​ព្រះ​អង្គ​នៅ​កន្លែង​ដែល​តា​គហេ​យក​ព្រះ​អង្គ​ទៅ​លាក់ ​ ​ហើយ​ដែល​ពេល​នោះ​គាត់​បាន​មាន​ប្រសាសន៍​ថា​ ​បាគង់​នៅ​ទី​នេះ​សិន​ហើយ​!។ ឯ​នៅ​ត្រង់​កន្លែង​ក្រោលគោ​របស់​តា​គហេ​វិញ​គឺ​ ​ប្រាសាទ​បាគោ ដែល​ព្រះ​អង្គ​បាន​សាង​ ​ហើយ​ដែល​ក្នុង​បច្ចុប្បន្ន​ ​បាន​ក្លាយទៅជា​ ប្រាសាទព្រះគោ។​ ​ប្រាសាទ​ទាំងនេះ​ស្ថិត​នៅ​ក្នុង​ខេត្ដសៀមរាប។​

ដើម្បីលើក​ឧបការគុណ​ទឹកដី​ភ្នំ​អាសន្នទុក្ខ​ភ្នំ​សន្ទុក និង​បុណ្យ​បារមី​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​ជួយ​ការពារ​ទំនុកបម្រុង​ព្រះ​អង្គ​ ព្រះបាទ​បក្សីចាំក្រុង​បាន​សាង​ព្រះវិហារ​ ​និង​ព្រះបាទព្រះ​មួយ​យ៉ាង​ធំ​នៅ​ទីនោះ​ ​ទុក​ជាទី​សក្ការៈបូជា។​ ​តា​ម៉ឹង​ ​ដែល​ធ្លាប់​ជួយ​យកអាសា​ ​ផ្ដល់​ស្បៀងអាហារ​ ​និង​ជួយ​លាក់​បំពួន​ត្រូវ​បាន​តែងតាំង​ជា​ចៅហ្វាយខេត្ដ​ស្រុក​អាសន្នទុក្ខ​ រៀង​រហូត​មក។​

ចំណែក​នៅ​ឯ​​ទួលស្រួល​ទឹកមិនលិច​ ​ឬ​ទួលសួគ៌លោក​ ​នៅ​ខាងលិច​ដី​ទួល​ដែល​តា​គហេ​ធ្លាប់​បាន​យក​មែក​ជ្រៃ​ទៅ​ដោត​ ​ព្រះបាទ​បក្សីចាំក្រុង​ ​ព្រះ​អង្គ​បាន​សាង​វត្ដ​ដោយ​មាន​ព្រះវិហារ​យ៉ាង​ល្អ​ត្រចះត្រចង់។​ ​ព្រះ​អង្គ​បាន​ប្រទាន​ឈ្មោះ​វត្ដ​នោះ​ថា​ ​ព្រះវិហារសួគ៌។ ព្រះ​អង្គ​ក៏​បាន​កសាង​ដែរ​នូវ​រូបសំណាក​ព្រះ​ឥសូរ​ ​និង​ព្រះ​នរាយណ៍​ដាក់​តម្កល់​ទុក​សម្រាប់​គោរព​បូជា​នៅ​លើ​ដី​ទួល​ដែល​មាន​ ដាំ​មែក​ជ្រៃ។​ មែក​ជ្រៃ​នោះ​ដែល​បាន​ដុះ​ឡើង​ធំធាត់​ហើយ​ដែល​ព្រះ​អង្គ​មាន​ស្នាមជើង​នៅ​លើ ​​ត្រូវ​ព្រះ​អង្គ​ចាត់ទុកជា​ដើម​ប្រផ្នូល​ ​សម្រាប់​មើល​ទស្សន៍​ទាយ​ឲ្យ​យល់​ឲ្យ​ដឹង​អំពី​ជោគវាសនា​អនាគត​របស់​ប្រទេស​ជាតិ។​ ​ជ្រៃ​នោះ​ព្រះ​អង្គ​ដាក់​ឈ្មោះ​ថា​ ​ជ្រៃ​ព្រះ​ផ្នូល។ ព្រះបាទ​បក្សីចាំក្រុង​ ​ដោយ​ព្រះ​អង្គ​មាន​ព្រះឱសទិព្វ​ផង​ ​ព្រះ​អង្គ​បាន​ធ្វើបុណ្យ​បួងសួង​យ៉ាង​នក្ខត្តឫក្ស​សុំ​ព្រះ​ជា​ម្ចាស់​ ​គុណបុណ្យ​បារមី​ ​និង​វត្ថុ​សក្ដិ​សិទ្ធ​ទាំងឡាយ​ ​ធ្វើ​បណ្ដាល​បង្ហាញ​ឲ្យ​កើត​មាន​ជា​ប្រផ្នូល​ ​ទៅ​លើ​ដើម​ជ្រៃ​ព្រះ​ផ្នូល​ ​ឬ​ជ្រៃសួគ៌​ ​និង​ទៅ​លើ​ព្រះវិហារ​ ​ប្រសិនបើ​នឹង​ត្រូវ​កើត​មាន​ ​នឹង​ផ្ទុះ​នូវ​ព្រឹត្ដិការណ៍​ដ៍​សំខាន់​អ្វីមួយ​ ​ដែល​ទាក់ទង​ទៅ​នឹង​អាយុជីវិត​របស់​ស្រុក​ខ្មែរ​ ​ព្រះ​អង្គ​បាន​កំណត់​ប្រផ្នូល​ទាំងអស់​ជា​ ១០​ ប្រការសម្រាប់​នគរ​ខ្មែរ៖

  • ប្រការទី​១:​ ​បើ​ដើម​ជ្រៃ​មាន​ស្លឹក​ដុះ​ល្អ​ត្រសុំត្រសាយ​ ​នោះ​ព្រះមហាក្សត្រ​ ​ឬ​អ្នក​នាំ​ប្រទេស​ជាតិ​ ​នឹង​បាន​ទទួល​នូវ​សេចក្ដី​សុខក្សេមក្សាន្ដ​ ​ហើយ​ប្រទេស​ជាតិ​ក៏​បាន​ចម្រើន​សម្បូណ៌​ហូរហៀរ​ដែរ
  • ប្រការទី​២:​ ​បើ​ដើម​ជ្រៃ​មាន​ស្លឹក​រេចរឹល​រុះ​មិនល្អ ​នោះ​ប្រទេស​ជាតិ​មិនសូវ​មាន​ភោគផល​ចំណូល​បាន​ច្រើន​ល្អ​ទេ។​ ​ប្រជានុរាស្ដ្រ​ ​នឹង​មាន​ទុក្ខ​ព្រួយ
  • ប្រការ​ទី​៣:​ ​បើ​ដើម​ជ្រៃ​ត្រូវ​បក្សាបក្សី​ទាំង​ហ្វូង​មក​រុករាន​ទន្ទ្រានទី​ទំ​លើ​ ​នោះ​ប្រទេស​ជាតិ​ ​នឹង​ត្រូវ​បរទេស​នាំ​គ្នា​មក​ឡោម​ព័ទ្ធព័ន្ធ​ ​ប្រវ័ញ្ច​គៃបន្លំ​ ​ឆក់​លួច​ប្លន់​យក​ទឹកដី​ ​និង​ភោគផល​ខ្មែរ​ជា​មិន​ខាន
  • ប្រការទី​៤:​ ​បើ​មែក​ជ្រៃ​ធំ​ល្មម​បាក់​ ​នោះ​សមាជិក​ក្នុង​រាជវង្ស​ស្ដេច​ ​ឬ​សម្ដេច​ចៅហ្វាទឡ្ហៈ​ ​ត្រូវ​អស់បុណ្យ​ ​ឬ​អស់​ជីវិត
  • ប្រការ​ទី​៥​: ​បើ​មែក​ជ្រៃ​ធំ​បាក់​ ​នោះ​ព្រះមហាក្សត្រ​ ​ឬ​ប្រមុខរដ្ឋ​ ​ត្រូវ​អស់​ជីវិត ​
  • ប្រការទី​៦​: ​បើ​មាន​ពស់​ចូល​ក្នុង​ព្រះវិហារ​ ​ហើយ​វារ​កាត់​លើ​ព្រះ​ភ្នែន​ព្រះ​បដិមា​ ​ឬ​លើ​ធ្នឹម​ដំបូល​ព្រះវិហារ​នោះ​ពួក​ជនជាតិ​បរទេស​ស្រុក​ក្រៅ​ ​នឹង​ចូល​មក​លុកលុយ​ឈ្លានពាន​លួច​ប្លន់​ប្រទេស​ជាតិខ្មែរ​ជា​មិន​ខាន
  • ប្រការទី​៧:​ ​បើ​ក្នុង​ស្រះ​មុខ​វិហារ​ ​មាន​ក្រពើ​ ​ឬ​ទន្សង​ ​ហែល​កាត់​ចុះឡើង​ ​នោះ​នឹង​មាន​សមាជិក​ព្រះរាជ​វង្ស​ស្ដេច​ ឬ​មន្ដ្រី​ធំ​ក្បត់ជាតិ​ ​ចង់​បំផ្លាញ​នគរ​ ​ហើយរ​ត់ទៅ​រក​ពឹងពាក់​ពួក​បរទេស​ ​ឲ្យ​ចូល​មក​ជួយ​ដណ្ដើម​អំណាច
  • ប្រការ​ទី​៨:​ ​បើ​ដើម​ជ្រៃ​ងាប់​មួយ​ចំហៀង​ ​នោះ​ព្រះមហាក្សត្រ​ ​ឬ​អ្នក​កាន់​អំណាច​ដឹកនាំ​ប្រទេស​ជាតិ​ត្រូវ​អស់​អំណាច
  • ប្រការ​ទី​៩:​ ប្រសិនបើ​ដើម​ជ្រៃ​ងាប់​បាក់​ ​ហើយ​ដុះ​ឡើង​វិញ​ ​នោះ​ពូជ​ត្រកូល​ថ្មី​មួយទៀត​ ​នឹង​ត្រូវ​ឡើង​ធ្វើ​ជា​ព្រះមហាក្សត្រ​ ​ឬ​អ្នកដឹកនាំ​ប្រទេស​ជាតិ
  • ប្រការ​ទី​១០:​ ​ប្រសិនបើ​​ដើម​ជ្រៃ​ត្រូវ​អស់​ជីវិត​ ​ងាប់​បាត់​ ​ហើយ​មិន​ដុះ​ឡើង​វិញ​ ​នោះ​ព្រះ​បរមជ្រៃសួគ៌​ ​នឹង​ត្រូវ​ផុត​ពូជ​ដែរ។​ ​គ្រានោះ​ ​អ្នកមាន​បុណ្យ​បាន​ចាប់ជាតិ​កើត​ហើយ។​

ក្រោយ ​ដែល​ព្រះ​អង្គ​បាន​ធ្វើ​ពិធី​បួងសួង​ ​សំបូងសង្រូង​ប្រកាស​ជា​ឱឡារិក​ ​ប្រាប់​អស់​គុណបុណ្យ​បារមី​ ​ព្រះឥន្ទ្រ ​ព្រះ[ព្រហ្ម]]​ ​ម្ចាស់​ទឹក ​ម្ចាស់​ដី​ ​ព្រះ​អគ្គី​ ​ព្រះពាយ​ ​និង​វត្ថុ​សក្ដិ​សិទ្ធិ​ ​ព្រមទាំង​ទេវតា​អារុក្ខ អារក្ស ​អ្នកតា ​ថែរក្សា​ទឹកដី​ភូមិស្ថាន​ ​បក្សីចាំក្រុង​ ​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​នាម៉ឺន​មុខមន្ដ្រី​កត់ត្រា​ ​ចារ​ពាក្យ​ពេចន៍​ ​និង​ប្រផ្នូល​ទាំង​១០​ប្រការ​នោះ​ ​លើ​ស្លឹករឹត​ជ្រលក់​មាស​ ​ធ្វើ​ជា​សាស្ដ្រា​ពីរ​ក្បាល​ ​មួយ​ក្បាល​យក​ទៅ​តម្កល់​ទុក​ក្នុង​ព្រះរាជវាំង​ ​ហើយ​មួយ​ក្បាល​ទៀត​តម្កល់​ទុក​ក្នុង​ព្រះវិហារសួគ៌។​ ​មិនតែប៉ុណ្ណោះ​ព្រះ​អង្គ​បាន​ផ្ដាំផ្ញើ​ ​និង​ចេញ​បញ្ជា​ប្រាប់​អ្នក​ដែល​ថែរក្សា​កន្លែង​ពិសិដ្ឋ​ ​ឲ្យធ្វើ​សេចក្ដីរាយការណ៍​ ​ទៅ​ទូល​ថ្វាយ​ព្រះ​អង្គ​ភ្លាម​ ​ក្នុង​ខណៈ​ណា​ដែល​កើត​មាន​អភូតហេតុ​ប្លែក​ណាមួយ។​

បន្ទាប់ ​មក​ដើម្បី​គោរព​បូជា​ ​និង​រឭកគុណ​ម្ដាយ​ ​ព្រះបាទ​បក្សីចាំក្រុង​បាន​យាង​ទៅ​ភ្នំ​រូង​ កសាង​ព្រះពុទ្ធរូប​ ​ព្រះ​អង្គ​ចូល​និព្វាន​មួយ​យ៉ាង​ធំ​នៅ​ត្រង់​ចង្កេះភ្នំ​ ​និង​រូបសំណាក​តំណាង​ព្រះ​មាតា​ព្រះ​អង្គ​ ​ឬ​ស្រី​គ្រប់លក្ខណ៍​ដែល​តម្កល់​ដាក់​ក្នុង​ប្រាសាទ​មួយ​​នៅ​លើ​ភ្នំ​នោះ។​ ​ព្រះ​អង្គ​បាន​រៀបចំ​ធ្វើបុណ្យ​យ៉ាង​អឹកធឹក​អស្ចារ្យ​ ​និង​និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ដ​ស្វាធ្យាយ​ធម៌​នៅ​ភ្នំ​រូង​អស់​ រយៈពេល​បី​ខែ។​ ​ជាមួយ​គ្នា​នោះ​ដែរ​ ​ព្រះ​អង្គ​បាន​ប្រារព្ធ​ធ្វើបុណ្យ​បញ្ជូន​ផល​អានិសង្ស​កុសល​ថ្វាយ​ទៅ​ស្ដេច ​កណ្ដុរស​ ​អ្នកសច្ចំ​ ​និង​អារុក្ខ អារក្ស​ អ្នកតា ​ទេវតា​ ​ថែរក្សា​ទីកន្លែង​ទាំង​ប៉ុន្មាន​នៅ​ក្នុង​តំបន់​ភ្នំ​រូង​ ​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ទៅ​នៅ​ជ្រកកោន​ ​លាក់ខ្លួន​ពួន​អាត្មា​ ​រស់រាន​មានជីវិត​ដោយ​ក្ដី​សុខសាន្ដ។​ ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​ ​ព្រះ​អង្គ​បាន​បង្គាប់​ឲ្យ​ហៅ​ភ្នំ​រូង​ថា​ ​ភ្នំ​ប្រសិទ្ធិ។ សព្វថ្ងៃ​ឈ្មោះ​ភ្នំ​នេះ​បាន​ក្លាយ​បន្តិច​ម្ដងៗ​ទៅ​ជា​ ​ភ្នំ​បាសិទ្ធិ។​ ​មិនតែប៉ុណ្ណោះ​ ​ព្រះ​អង្គ​បាន​សាង​វត្ដ​អារាម​នៅ​ ​ចោមចៅ​គោកបញ្ជាន់​ ​ទ្រនំជ្រឹង​ ​និង​បឹងក្បែន​ ​ដែល​ជា​កន្លែង​ព្រះ​អង្គ​ធ្លាប់​បាន​រត់​កាត់​ឆ្លង​ សំណាក់​លាក់ខ្លួន​ពួន​អាត្មា​ ​គេច​ផុត​រួច​ពី​គ្រោះថ្នាក់។​

  • ដូចដែល​យើង​បាន​ រៀបរាប់​រួច​ពី​ខាងលើ​ ​ព្រះ​ម្នាង​ទេព​ ​ដែល​ជា​ព្រះ​មាតា​របស់​បក្សីចាំក្រុង​ ត្រូវ​ស្ដេច​ព្រហ្មកិល​ ​ឬ​ពញាក្រែក​ ​ឬ​សិន្ធព​អមរិន្ទ​ ​បញ្ជា​ឲ្យ​យក​ទៅ​សម្លាប់​នៅ​កំពង់​ព្រះ​ជិន​ក្នុងស្រុកស្ទោង។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​បាន​កសាង​ព្រះវិហារ​មួយ​យ៉ាង​ល្អ​ស្អាត​ធ្វើ​អំពី​ ថ្មភ្នំ​ ​នៅ​ត្រង់​កន្លែង​ដែល​គេ​ប្រហារជីវិត​ព្រះ​មាតា​ ​គឺ​ដើម្បី​រំឭក​ដក់​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​ ​រំឭក​ដល់​គុណ​ព្រះ​មាតា​ ​ដែល​បាន​ផ្ដល់​ជីវិត​ដល់​ព្រះ​អង្គ​ ​និង​ដែល​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​ព្រះ​អង្គ។​ ​ព្រះវិហារ​នោះ​ ​ព្រះ​អង្គ​បាន​ប្រទាន​ដាក់​ឈ្មោះ​ថា​ ​វត្ដ​ករណីដើម​ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​វត្ដ​ក្ដីដើម វត្ដ​នេះ​ស្ថិត​នៅ​កំពង់ចិន ស្រុកស្ទោង​ក្នុងខេត្តកំពង់ធំ។​ ​វត្ដ​ករណីដើម​ ​កសាង​រួច​ស្រេចបាច់​កាលណា​ ​ព្រះ​អង្គ​ក៏​បាន​រៀបចំ​ឲ្យ​ប្រារព្ធ​​ធ្វើ​បុណ្យបញ្ចុះសីមា​ ​និង​ឆ្លង​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី​ ​នៅ​ក្នុង​ឆ្នាំឆ្លូវ។​

មហេសី[កែប្រែ]

  • ចំពោះ ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​បក្សីចាំក្រុង​វិញ​ ​បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​គ្មាន​នរណា​ក្រៅ​អំពី​នារី​ក្រមុំ​ស្រុកស្រែ​សែន​ស្រស់​ល្អ​បវរ​ ​ដែល​ព្រះ​អង្គ​បានឃើញ​ ​និង​ជួប​ជា​គ្រា​ដំបូង​នៅ​ប្រទះ​នាង​ ​ឬ​ប្រទះឡា​ង​នោះ​ឡើយ។​ ​ព្រះ​នាម​ព្រះ​អគ្គមហេសី​នេះ​ ​គេ​មិន​បាន​ស្គាល់​ទេ។​ ​ព្រះ​នាង​បាន​ប្រទាន​ព្រះរាជបុត្រ​បី​ព្រះ​អង្គ​ដល់​ព្រះ​ស្វាមី​គឺ​ ​ព្រះ​វត្ដិរាជ ​ព្រះ​អឡស្សរាជ​ ​និង​ព្រះ​សេណ្ណ័រាជ។​
  • ចំណែក ​នៅ​ក្នុង​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​ ​អ្នកនិពន្ធ​លើកយក​ឈ្មោះ​ព្រះ​ម្នាង​ស្វាយ​មក​និយាយ​ ​ដោយ​កំណត់​ថា​ ​ព្រះ​ម្នាង​ជា​ព្រះ​អគ្គមហេសី​របស់​បក្សីចាំក្រុង។​ ​ជាមួយ​​នឹង​ព្រះមហាក្សត្រ​ ​ព្រះ​ម្នាង​បាន​មាន​បុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ ​អឡស្សរាជ​ ​ដែល​ប្រសូត​នៅ​ក្នុង​ឆ្នាំវក។​ ​
  • តែ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បញ្ជាក់​ថា​ ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​បក្សីចាំក្រុង​ ​គឺ​ព្រះ​នាង​ពៅពិសី​ ​ដែល​ជា​បុត្រី​របស់​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​ព្រះ​នាម​សេ្រន្ទ្រា​ទី​២ ។​

ដូចដែល​យើង​បាន​ រៀបរាប់​រួច​ពី​ខាងលើ​ ​ព្រះ​ម្នាង​ទេព​ ​ដែល​ជា​ព្រះ​មាតា​របស់​បក្សីចាំក្រុង​ ត្រូវ​ស្ដេច​ព្រហ្មកិល​ ​ឬ​ពញាក្រែក​ ​ឬ​សិន្ធព​អមរិន្ទ​ ​បញ្ជា​ឲ្យ​យក​ទៅ​សម្លាប់​នៅ​កំពង់​ព្រះ​ជិន​ក្នុងស្រុក​ស្ទោង។​ ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​បន្ដ​ទៅ​ទៀត​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​បាន​កសាង​ព្រះវិហារ​មួយ​យ៉ាង​ល្អ​ស្អាត​ធ្វើ​អំពី​ ថ្មភ្នំ​ ​នៅ​ត្រង់​កន្លែង​ដែល​គេ​ប្រហារជីវិត​ព្រះ​មាតា​ ​គឺ​ដើម្បី​រំឭក​ដក់​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​ ​រំឭក​ដល់​គុណ​ព្រះ​មាតា​ ​ដែល​បាន​ផ្ដល់​ជីវិត​ដល់​ព្រះ​អង្គ​ ​និង​ដែល​ត្រូវ​បាត់បង់​ជីវិត​ដោយសារ​តែ​ព្រះ​អង្គ។​ ​ព្រះវិហារ​នោះ​ ​ព្រះ​អង្គ​បាន​ប្រទាន​ដាក់​ឈ្មោះ​ថា​ ​វត្ដ​ករណីដើម​ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​វត្ដ​ក្ដីដើម វត្ដ​នេះ​ស្ថិត​នៅ​កំពង់ចិនស្រុកស្ទោង​ក្នុង​ខេត្តកំពង់ធំ។​ ​វត្ដ​ករណីដើម​ ​កសាង​រួច​ស្រេចបាច់​កាលណា​ ​ព្រះ​អង្គ​ក៏​បាន​រៀបចំ​ឲ្យ​ប្រារព្ធ​​ធ្វើ​បុណ្យបញ្ចុះសីមា​ ​និង​ឆ្លង​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ ​នៅ​ក្នុង​ឆ្នាំឆ្លូវ។​

កាលនោះ ​ស្ដេច​ចាមស្រេន្ទ្រាទី២ ​សោយរាជ្យ​គ្រប់គ្រង​នៅ​ស្រុក​ស្ទោង។​ ​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​តាំងពី​បុរាណកាល​យូរលង់​ណាស់​មក​ហើយ​ ​មាន​ធ្នូសរ​អាវុធ​ ​ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​អស្ចារ្យ​ ​គឺ​បាញ់​ម្ដង​ចេញ​ព្រួញ​ប្រាំ​ ​ឮ​សូរដូច​រន្ទះបាញ់​ផ្ទប់​គ្នា​ ​ហើយ​បើ​បាញ់​ទៅ​ប៉ះដើមឈើ​ណាមួយ​ ​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន​លើ​ដើម​ ​នឹង​ ​ត្រូវ​ជ្រុះ​អស់​គ្មាន​សល់។​ ​ធ្នូសរ​ទាំងនេះ​គេ​មិន​អាច​យក​ទៅ​ដាក់​លើ​ដី​ ​លើពូក​ ​ឬ​លើ​គ្រែ​បាន​ឡើយ។​ ​ដូច្នេះ​ហើយ​ ​បានជា​ស្ដេច​ចាម​កសាង​ប្រាសាទ​មួយ​ធ្វើ​អំពី​ឥដ្ឋ​ ​ហើយ​យកសរ​ ​និង​ធ្នូ​នោះ​ទៅ​ព្យួរ​ដាក់​ទុក​ធ្វើ​ដូច​ជា​ទោង។​ ​ដោយសារ​ហេតុភេទ​ដូចនេះ​ ​ទើប​បានជា​គេ​ដាក់​ឈ្មោះ​ទីកន្លែង​នោះ​ថា​ ​សរទោង ដែល​យូរ​ទៅៗ​ ​ក្លាយទៅជា​ស្ទោង។​ ​ស្ដេច​ចាម​ ​ព្រះបាទ​ស្រេន្ទ្រា​ទី​២​ ​ព្រះ​អង្គ​មានកូន​ស្រី​មួយ​ឈ្មោះ​ ​ព្រះ​នាង​ពៅពិសី​ ​ដែល​ទើបតែ​មាន​ព្រះ​ជន្ម ​១៦ ​វស្សា។​ ​ព្រះ​នាង​មាន​រូបឆោម​លោម​ពណ៌​សម្ផស្ស​ល្អល្អះ​បវរ​ស្រស់​ស្អាត​ ​នឹង​​រក​អ្វី​មក​ប្រៀបប្រដូច​ផ្ទឹម​មិន​បាន​ឡើយ។​ ​រីឯ​ចិត្ដគំនិត​កិរិយា​មារយាទ​ ​ឫកពា​វិញ​សោត​ក៏​ល្អ​ប្រពៃ​ ​វិសេសវិសាល​ ​កម្រ​នឹង​មាន​ ​ហើយ​ក៏​ពិបាក​នឹង​រក​ជួប​ប្រទះ​ដែរ។​

ព្រះបាទ​បក្សីចាំក្រុង​ ​ដែល​យាង​ទៅ​ធ្វើបុណ្យ​ឆ្លង​ ​វត្ដ​ករណីដើម​ ​នៅស្រុកស្ទោង​មាន​ក្រុម​មន្ដ្រី​ ​សេនា​រេហ៍ពល​គ្រប់​ជាន់ថ្នាក់​ជា​ច្រើន​ ​ហែហម​ជូន​ដំណើរ។​ ​ក្នុង​ចំណោម​នោះ​ ​មាន​នាម៉ឺន​ជំនិតជាទី​ទុកចិត្ដ​របស់​ព្រះ​អង្គ​ប្រាំ​នាក់​ ​ដែល​ធ្លាប់តែ​ជួយ​រៀបចំ​ធ្វើការ​បម្រើ​ទឹកដី​ថ្វាយ​ព្រះ​អង្គ។​ ​ជំនិត​ទាំង​ប្រាំ​នាក់​មានចិត្ដ​ស្មោះត្រង់​ ​ល្អ​បរិសុទ្ធ​ ​សន្ដោស​ ​យុត្ដិធម៌​ ​ហើយ​គោរព​ទៀងទាត់​ធ្វើ​ទៅ​តាម​រាជឱង្កា​ ​និង​បទបញ្ជា​របស់​ព្រះមហាក្សត្រ​យ៉ាង​ត្រឹមត្រូវ​ល្អិតល្អន់​ឥតបី​ខ្ចោះ​ ​ឬ​ ​ធ្វេសប្រហែស​ឡើយ។​ ​ជំនិត​ទាំង​ប្រាំ​មានមុខ​នាទី​ ​និង​អំណាច​ធំ​ទូលាយ​លើសលប់​អស់​មន្ដ្រី​នានា​ក្នុង​ព្រះ​នគរ។ ​ជំនិត​ទាំង​ប្រាំ​នោះ​គឺ​៖ ម៉ឺន​ប្រពៃជ័យជាតិ ម៉ឺន​ពិភ័ត្តិលោកនាថ ម៉ឺន​ជាតិសូរិវង្ស ម៉ឺន​បម្រុងក្សត្រ និង​ម៉ឺន​ប្រពៃប្រឹក្សា។ ក្រៅ​អំពី​កិច្ចការ​ជាតិ​ ​ជំនិត​ទាំងនេះ​ក៏​តែងតែ​នាំ​គ្នា​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ ​ដើម្បី​បំពេញចិត្ដ​ព្រះមហាក្សត្រ​ដែរ។​

នៅ​ថ្ងៃ​បុណ្យ​ចុង​បង្ហើយ​ ​ម៉ឺន​បម្រុងក្សត្រ​ ​និង​ម៉ឺន​ប្រពៃប្រឹក្សា​ ​ដែល​ដើរ​មើល​រក​នារី​ស្រស់​ស្អាត​ទុក​ថ្វាយ​ព្រះរាជា​ ​បាន​ទៅ​ទូល​ព្រះបាទ​បក្សីចាំក្រុង​ថា​ ​ខ្លួន​បានឃើញ​នាង​ពៅពិសី​ ​កូន​របស់​ស្ដេច​ចាម​សេ្រន្ទ្រា។​ ​ព្រះ​នាង​មាន​រូប​ស្រស់​សម្ផស្ស​ស្អាត​ណាស់។​ ​ក្សត្រី​មីនុំមីនាង​នៅ​ក្នុង​វាំង​ទាំង​ប៉ុន្មាន​ ​មិន​អាច​យក​មក​ប្រៀបផ្ទឹម​ជាមួយ​បាន​ឡើយ។​ ​ព្រះ​នាង​មាន​ភីលៀង​ពីរ​នាក់​ ​ដែល​ត្រូវជា​សង្សារ​របស់​ពួក​គេ។​ ​ភីលៀង​ទាំង​ពីរ​ ​បាន​យល់​ព្រមទៅ​បញ្ចុះបញ្ចូល​ពន្យល់​ព្រះ​នាង​ពៅពិសី​ឲ្យ​យល់ព្រម​សុខចិត្ដ ​ស្រឡាញ់​ ​រួម​រ័ក្ស​មេត្រី​ជាមួយនឹង​ព្រះមហាក្សត្រ​ ​ព្រះបាទ​បក្សីចាំក្រុង។​ ​កន្លែង​ដែល​ជំនិត​ទាំង​ពីរ​បាន​យល់​ ​បាន​ឃើញ​ព្រះ​នាង​ពៅពិសី​ ​បាន​ក្លាយទៅជា​ ​ភូមិ​នាងសស្ងាច ជាប់​រៀង​រហូត​ត​មក។​

ពង្សាវតារ​វត្ដ​ទឹកវិល​ បញ្ជាក់​តទៅ​ទៀត​ថា​ ​បក្សីចាំក្រុង​ ​បាន​ស្រឡាញ់​ប្រតិព័ទ្ធ​ព្រះ​នាង​ពៅពិសី​ស្មោះស្ម័គ្រ​អស់ពី​ដួង​ហឫទ័យ​ ​ឥត​មានចិត្ដ​ក្បត់​ចង់​បោក​បញ្ឆោត​ ​ឬ​ចង់បាន​ត្រឹមតែ​ខ្លួន​ ​យក​មក​សប្បាយ​លេងសើច​នោះ​ឡើយ។​ ​តែ​ព្រះ​អង្គ​មិន​ចង់​ចូល​ស្ដីដណ្ដឹង​ព្រះ​នាង​ ​តាម​ក្បួនខ្នាត​ទំនៀមទម្លាប់​ប្រពៃណី​ទេ។​ ​ពីព្រោះ​ព្រះ​អង្គ​ខ្លាចក្រែង​បិតា​ព្រះ​នាង​ ​ដែល​ជា​ស្ដេច​ចាម​ ​តម្រូវ​ ​និង​បង្ខំ​ព្រះ​អង្គ​ព្រះ​អង្គ​ឲ្យ​ចូល​ប្រកាន់​យក​សាសនា​ចាម។​ ​ដើម្បី​ឲ្យ​សេ្ន​ហា​របស់​ព្រះ​អង្គ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ ​កុំឲ្យ​មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឲ្យ​ស្ទះ​ដំណើរ​ ​បក្សីចាំក្រុង​បាន​ទៅ​សំពះ​បន់ស្រន់​ ​បួងសួង​សុំ​អ្នកតា​ស្ដី​ ​នៅ​ស្រុក​ស្ទោង​ ​ជួយ​ដោះស្រាយ​ ​សម្រួល​កិច្ចការ​ថ្វាយ​ព្រះ​អង្គ។​ ​ព្រះ​អង្គ​បាន​សន្យា​ថា​ ​បើ​បាន​សម្រេច​ ​ព្រះ​អង្គ​នឹង​បិទមាស​ថ្វាយ។

ថ្ងៃ​ ៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំឆ្លូវ​ ​នា​កណ្ដាល​អាធ្រាត​ ​ព្រះ​នាង​ពៅពិសី​ ​ដោយ​មាន​ភីលៀង​ទាំង​ពីរ​ ​ជូន​ហែហម​អមដំណើរ​ផង​ ​បាន​ចាក​ចេញពី​ព្រះរាជវាំង​មក​ជួប​បក្សីចាំក្រុង​ ​តាម​ការ​កំណត់។​ ​បក្សីចាំក្រុង​ ​ក៏​ចាប់ផ្ដើម​និយាយ​រ៉ាយរ៉ាប់​អធិប្បាយ​ពន្យល់​អំពី​ចិត្ដ​ស្នេហ៍ស្នង​ ​ស្មោះស្ម័គ្រ​ ​ឥត​ព្រំដែន​របស់​ព្រះ​អង្គ​ចំពោះ​ព្រះ​នាង។​ ​ព្រះ​អង្គ​បាន​អង្វរ​សុំ​ឲ្យ​ព្រះ​នាង​យល់ព្រម​សុខចិត្ដ​រត់​តាម​ព្រះ​អង្គ ​ទៅ​នៅ​ឯ​ព្រះ​មហានគរ។​ ​ព្រះ​នាង​ពៅពិសី​ ​ដែល​បាន​គាប់ចិត្ដ​ស្រឡាញ់​បក្សីចាំក្រុង​មិន​បង្អង់​យូរ​ឡើយ​ ​ព្រះ​នាង​សុខចិត្ដ​យល់ព្រម​ទៅ​តាម​ព្រះ​អង្គ​ ​ដោយ​ឥត​រារែក។​ ​បក្សីចាំក្រុង​ដោយ​មាន​ជំនិត​ទាំង​ប្រាំ​នាក់​ជួយ​ជ្រោមជ្រែង​ផង​ ​បាន​នាំ​ព្រះ​នាង​ពៅពិសី​ ​ចុះទូក​ធ្វើ​ដំណើរ​តម្រង់​ទៅ​ព្រះ​មហានគរ។​

ព្រឹក​ឡើង​ទើប​ព្រះបាទ​សេ្រន្ទ្រា​ដឹង​ថា​ ​បុត្រី​បាន​ចុះ​ចាក​ចេញពី​ដំណាក់​ ​រត់​ទៅ​តាម​បក្សីចាំក្រុង។​ ​ខឹង​ខ្ញាល់​ ​អាក់អន់​ស្រពន់ចិត្ដ​ខ្លាំង​ណាស់​ ​ព្រះ​អង្គ​ក៏​រៀបចំ​ប្រមូល​កងទ័ព​យ៉ាងច្រើន​ ​ដើម្បី​ដេញ​តាម​ចាប់​កូនស្រី​យក​មក​វិញ។​ ​កន្លែង​ប្រមូល​ប្រជុំ​ពល​រេហ៍​នោះ​បាន​ក្លាយទៅជា​ភូមិ​ហើយ​ជាប់​ឈ្មោះ​រៀង​ រហូត​ថា​ ​ភូមិ​ជុំពល។​ ​ដេញ​តាម​មក​ដល់​ទន្លេសាប​ ​ស្ដេច​ចាម​ក្រឡេក​មើលទៅ​ឆ្ងាយ​ ​ឃើញ​ទូក​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ដាច់​កន្ទុយភ្នែក​ ​ព្រះ​អង្គ​ក៏​អស់​សេចក្ដី​សង្ឃឹម​កើតក្ដី​មួហ្មង​ ​អាម៉ាស់មុខ​ ​ឈឺ​ចុកចាប់​រហូត​អស់​ជីវិត។​

ចំណែក​នាង​ ពៅពិសី​វិញ​ ​ក្រោយ​ដែល​បានដឹង​ថា​ ​ព្រះ​បិតា​ចូល​ទិវង្គត​ ​ដោយ​មាន​ព្រះ​ស្វាមី​ ​ព្រះបាទ​បក្សីចាំក្រុង​ ​ជូន​ដំណើរ​មក​ជាមួយ​ផង​ ​ព្រះ​នាង​ក៏​វិល​ត្រលប់​មក​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ទាន​បញ្ជូន​កុសល​ថ្វាយ ​ព្រះ​បិតា​ទៅ​តាម​ប្រពៃណី។​ ​ព្រះ​នាង​បាន​រៀបចំ​ធ្វើ​ផ្លូវ​មួយ​យ៉ាង​ធំ​ល្អ​ស្អាត​សមរម្យ​ ​ខ្ពស់​ផុត​ពី​ទឹក​ ​កន្លែង​នោះ​មានឈ្មោះ​ថា​ ​កំពង់​ពៅពិសី​ រហូត​មក​ដល់​បច្ចុប្បន្ន។​ ​ព្រះ​នាង​បាន​បង្គាប់​ឲ្យ​យក​ធ្នូ​ ​និង​សរ​ ​ទៅ​តម្កល់​ទុក​កន្លែង​ដើម​ ​ហើយ​ព្រះ​នាង​ក៏​បាន​បញ្ជា​ឲ្យ​សាង​អាស្រម​មួយ​ ​នៅ​ក្នុង​បរិវេណ​បរមរាជវាំង​ ​ដើម្បី​ទុក​ថ្វាយ​ រំឭកគុណ​បំណាច់​ ​និង​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បិតា។​ ​អាស្រម​នោះ​មានឈ្មោះ​ថា​ ​អាស្រម​ព្រះបាទ​សេ្រន្ទ្រា ដែល​ក្លាយ​បន្ដិច​ម្ដងៗ​ទៅ​ជា​ ​អ្នកតា​សេ្រន្ទ្រា។ នៅ​ទីកន្លែង​នេះ​ ​តាម​ទំនៀមទម្លាប់​ ​បី​ឆ្នាំ​ម្ដងៗ​ ​គេ​ត្រូវ​រៀបចំ​ធ្វើ​ពិធី​បូជាយញ្ញ​ ​យក​អ្នកទោស​ធ្ងន់​មក​ប្រហារជីវិត​ថ្វាយ​អ្នកតា​ ​ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ​ចម្រុងចម្រើន។​ ​បើ​មិន​ដូច្នោះ​ទេ​ ​វិញ្ញាណក្ខន្ធ​ស្ដេច​ចាម​សេ្រន្ទ្រា​ ​នឹង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​មនុស្ស​ ​ហើយ​នាំ​បង្វក់បង្វល់​ ​បញ្ចូល​ចិត្ដ​ឲ្យ​ឆ្កួត​ឡប់​សតិ​ ​កាច​សាហាវយង់ឃ្នង​ ​ក្បត់គ្នា​ចុះឡើង​ ​បង្កើត​ក្រុម​ជា​ទ័ព​បះបោរ​ ​កាប់សម្លាប់​គ្នា​ឥត​ត្រា​ប្រណី។​ ​កងទ័ព​នេះ​នឹង​មានកម្លាំង​ឥទ្ធិពល​ខ្លាំងក្លា​ ​ជាង​កងទ័ព​នានា​ទាំងឡាយ​ឯទៀត។

ចាប់តាំងពី​ ថ្ងៃ​នោះ​មក​ ​ព្រះរាជ​វង្សានុវង្ស​ស្ដេច​ចាម​នៅ​ស្រុក​ស្ទោង​ ​ក៏​រលាយ​បាត់​អស់​ទៅ​ដែរ​ ​ហើយ​ស្រុក​ស្ទោង​ក៏​ត្រូវ​បញ្ចូល​ទៅ​ក្នុង​ខេត្ដ​អាសន្នទុក្ខ

ចំណែក ​ព្រះ​នាង​ពៅពិសី​ ​កាលបើ​យាង​មក​ដល់​ព្រះរាជ​ធានី​ ​ព្រះ​មហានគរ​ ​ព្រះ​នាង​ត្រូវ​បាន​ព្រះមហាក្សត្រ​ ​ព្រះបាទ​បក្សីចាំក្រុង​ ​តែងតាំង​ឋានៈ​ ​និង​ផ្ដល់​កិត្ដិយស​ជា​អគ្គមហេសី។​ ​ព្រះ​នាង​ទទួល​ព្រះ​បរម​នាម​ ​ព្រះ​ក្សត្រី​ភត្ដវត្ដី​ពៅពិសី។​ ​ចំពោះ​អ្នកតា​ស្ដី​ ​នៅ​ក្នុងស្រុកស្ទោង​ ​ដែល​បាន​ជួយ​ណែនាំ​បញ្ចុះបញ្ចូល​ ​សម្រុះសម្រួល​ចាត់ចែង​ធ្វើ​ឲ្យ​ស្នេហា​របស់​ព្រះ​អង្គ​បាន​សម្រេច​ដូច​ សេចក្ដី​ប្រាថ្នា​ ​ព្រះ​អង្គ​មិន​បាន​បំភ្លេច​ទេ​ ​ព្រះ​អង្គ​បាន​យក​សន្លឹក​មាស​ទៅ​បិទ​ថ្វាយ​អ្នកតា​ ​តាម​ពាក្យ​បំណន់​ដែល​បាន​សន្យា​ ​អ្នកតា​ស្ដី​ក៏​ជាប់​ឈ្មោះ​ថា​ ​អ្នកតា​ស្ដីបិទមាស ពី​ថ្ងៃ​នោះ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ។

បុត្រ[កែប្រែ]

ក្រោយ ​ដែល​ព្រះបាទ​បក្សីចាំក្រុង​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​ចូល​ទិវង្គត​ ​ព្រះរាជបុត្រ​ព្រះ​អឡស្សរាជ​ ​បាន​ឡើង​សោយរាជសម្បត្ដិ​ប្រទេស​កម្ពុជា​បន្ដ​ពី​ព្រះ​អង្គ។

  • ចំពោះ ​ព្រះ​អគ្គមហេសី​របស់​ព្រះបាទ​បក្សីចាំក្រុង​វិញ​ ​បើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​គ្មាន​នរណា​ក្រៅ​អំពី​នារី​ក្រមុំ​ស្រុកស្រែ​សែន​ស្រស់​ល្អ​បវរ​ ​ដែល​ព្រះ​អង្គ​បានឃើញ​ ​និង​ជួប​ជា​គ្រា​ដំបូង​នៅ​ប្រទះ​នាង​ ​ឬ​ប្រទះឡា​ង​នោះ​ឡើយ។​ ​ព្រះ​នាម​ព្រះ​អគ្គមហេសី​នេះ​ ​គេ​មិន​បាន​ស្គាល់​ទេ។​ ​ព្រះ​នាង​បាន​ប្រទាន​ព្រះរាជបុត្រ​បី​ព្រះ​អង្គ​ដល់​ព្រះ​ស្វាមី​គឺ​ ​ព្រះវត្តរាជ​ ​ព្រះអឡស្សរាជ​ ​និងព្រះសែណ្ណ័ករាជ។​

កត្តញ្ញូ[កែប្រែ]

ក្នុង​ប្រវត្ដិ​ព្រះបាទ​បក្សីចាំក្រុង​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩​ ​ពង្សាវតា​របស់​សម្ដេច​វាំង​ជួន​បាន​កត់ត្រា​បន្ដ​ទៅ​ទៀត​ថា​ តាគហេ ​និង​យាយ​លក្ខណ៍​ ​បាន​មាន​អាយុជីវិត​វែង​យឺនយូរ​ ​ហើយ​បាន​ស្លាប់​បន្ដបន្ទាប់​គ្នា​ដោយសារ​ជរា​ព្យាធិ។​ ​ព្រះបាទ​បក្សីចាំក្រុង​បាន​ធ្វើ​ពិធីបុណ្យ​ ​យ៉ាង​ធំ​អឹកធឹក​បូជាសព​បញ្ជូន​កុសល​ដល់​អ្នក​មាន​គុណ​ទាំង​ពីរ។​ ​ព្រះ​អង្គ​យក​អដ្ឋិធាតុ​តា​គហេ​ ​ទៅ​តម្កល់​ទុក​ក្នុង​ស្ដូប​មួយ​ធំ​ស្អាត​ ​នៅ​ទួល​ជ្រៃ​ជិត​វត្ដ​វិហារសួគ៌​ ​ដែល​ជា​កន្លែង​ព្រះ​អង្គ​ធ្លាប់​បាន​ប្រើ​ពាក្យ​លេងសើច​មិន​សមរម្យ​ចំពោះ​ រូប​លោកតា​គហេ​ ​កន្លែង​នោះ​បាន​ជាប់​ឈ្មោះ​រហូត​មក​ថា​ ​ទួល​គហេ។ ធាតុ​យាយ​លក្ខណ៍​ព្រះ​អង្គ​យក​ទៅ​តម្កល់​ទុក្ខ​ក្នុង​ប្រាសាទ​បាគោ​ ​ដែល​ជា​ភូមិកំណើត​របស់​គាត់។​

តែបើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​តា​គហេ​ត្រូវ​ព្រះបាទ​បក្សីចាំក្រុង​ប្រហារ​ជីវិត​ ​ដើម្បី​គោរព​ទៅ​តាម​ពាក្យ​សច្ចៈ​ដែល​កាលពី​នៅ​កុមារ​ ​ព្រះ​អង្គ​ធ្លាប់​បាន​មាន​បន្ទូល​ថា​​បើ​បាន​ឡើង​សោយរាជ្យ​មែន​ ​ព្រះ​អង្គ​នឹង​កាប់​តា​គហេ​ធ្វើបុណ្យ។​ ក្រោយ​ដែល​បាន​សម្លាប់​តា​គហេ ​ហើយ​បក្សីចាំក្រុង​ក៏​រៀបចំ​ធ្វើបុណ្យ​ជូន​គាត់​យ៉ាង​ធំ​ឱឡារិកជាទី​បំផុត។​

រីឯ​ពង្សាវតារ​វត្ដ​ទឹកវិល​បាន​សរសេរ​ថា​ ​កាលនោះ​តា​គហេ​បាន​អាយុ ​៩១​ ឆ្នាំ​ ​មាន​ជំងឺ​ ​ហើយ​ក៏​ធ្វើ​មរណកាល​ទៅ។​ ​បក្សីចាំក្រុង​ដែល​នៅ​នឹក​ចាំ​ពាក្យ​សម្ដី​និយាយ​លេង​ថា​ ​កាប់​តា​ធ្វើបុណ្យ​ កាលណា​បាន​ឡើង​ធ្វើ​ស្ដេច​ ​បាន​យក​ព្រះ​ខ័ន​ទៅ​អូស​លើ​សាកសព​គាត់​បង្គ្រប់​កិច្ច​ឲ្យ​សម​ស្រប​ទៅ​តាម​ ពាក្យ​សច្ចៈ។ ​បន្ទាប់​មក​ ​ព្រះ​អង្គ​រៀបចំ​ធ្វើ​ពិធីបុណ្យ​យ៉ាង​អធឹក​អធម​​ជូន​តា​គហេ​ ​ហើយ​ដង្ហែ​សាកសព​ដាក់​ក្នុង​ស្តូប​យក​ទៅ​តម្កល់​ទុក​ឯ​វត្ដ​ព្រះវិហារសួគ៌។​ ​ព្រះ​អង្គ​បាន​សាង​ព្រះវិហារ​មួយ​នៅ​ទីនោះ​ ​ដើម្បី​ប្រក់​ការពារ​ស្ដូប​តា​គហេ​កុំឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ ​ភ្លៀង​ ខ្យល់​ ​ឬ​ត្រូវ​សត្វ​ធាតុ​មក​បៀតបៀន។​

ក៏​ប៉ុន្តែ​ ​តាម​ការ​ដំណាល​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែល​ខ្ញុំ​ធ្លាប់​បាន​ឮ​ឪពុក​ខ្ញុំ ​គាត់​និទាន​ប្រាប់​មក​ ​បក្សីចាំក្រុង​ ​មិន​ដែល​មាន​ចិត្ដ​ព្រហើន​កោងកាច​ចង់​សម្លាប់​តា​គហេ​អ្នក​មានគុណ​យក​ទៅ​ធ្វើបុណ្យ​នោះ​ទេ។​ ​ពាក្យ​សម្ដី​ដែល​បក្សីចាំក្រុង​បាន​ពោល​នោះ​ជា​ពាក្យ​លេងសើច​ចំអន់​ កំប្លុកកំប្លែង​តែ​ប៉ុណ្ណោះ។​ ​ម្យ៉ាងវិញទៀត​ ​បក្សីចាំក្រុង​ជា​មនុស្ស​យក​គុណ​ជា​ធំ។​ ​បុព្វហេតុ​ធំ​នោះ​ ​គឺ​ព្រះ​អង្គជា​ព្រះមហាក្សត្រ​តម្កល់​ជីវិត​លើ​ត្បូង​ ​ព្រះ​អង្គ​មាន​ព្រះឱសទិព្វ​ ​ព្រះ​អង្គ​ត្រូវ​តែ​ប្រកាន់​នូវ​ពាក្យ​សច្ចៈ​ ​គោរព​នូវ​គ្រប់​ពាក្យ​សម្ដី​ ​ដែល​ព្រះ​អង្គ​បាន​និយាយ​ចេញ​មក។​ ​បាន​សេចក្ដី​ថា​មិនមែន​អាង​ខ្លួន​ជា​អ្នកមាន​បុណ្យ​បារមី​ជា​ស្ដេច​ ​ជា​អ្នកមាន​អំណាច​ ​ត្រួតត្រា​លើ​មនុស្ស​ប្រុស​ស្រី​គ្រប់​រូប​ ​ចេះ​តែ​ប្រើ​អំណាច​ផ្ដាច់​ការ​ ​ផ្លាស់​ប្ដូរ​យោបល់​គំនិត​ ​ពាក្យ​សម្ដី​ ​បោកប្រាស​គេឯង​ ​តាមតែ​ខ្លួន​នឹក​នោះ​ទេ។​ ​ដូច្នេះ​ហើយ​ ​បានជា​ទេពតា​ចុះ​មក​និមិត្ដ​ជា​សុបិន​ឲ្យ​ព្រះ​អង្គ​នឹកឃើញ​ចង​ចាំ​ ​និង​គោរព​ធ្វើ​តាម​នូវ​អស់​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ ​ដែល​ព្រះ​អង្គ​ធ្លាប់​ពោល​និយាយ​ចេញ​មក​ក្រៅ។​ ​បើ​ព្រះ​អង្គ​មិន​គោរព​ធ្វើ​តាម​ពាក្យ​សច្ចៈ​ទេ​ ​នោះ​គុណបុណ្យ​បារមី​ ​ទេពតា​ ​អារុក្ខ អារក្ស ​អ្នកតា​ ខ្មោច​ ​ព្រាយ ​បី​សាច​ទាំង​ប៉ុន្មាន​ ​នឹង​ចុះ​មក​យាយី​ ​កាច់​យក​អាយុ​ជីវិត​ប្រជានុរាស្ដ្រ​ ​ទាំង​ក្មេង​ទាំង​ចាស់​ប្រុស​ស្រី​ ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​អន្ដរកប្ប​ ​ក្ដៅ​ក្រហល់ក្រហាយ​ ​កើត​ចលាចល​ច្របូកច្របល់​អន្ដរាយ​ ​ជួប​គ្រោះភ័យ​កាច​ចង្រៃ​ ​ហើយ​រាស្ដ្រប្រជា​នឹង​រង​ទុក្ខវេទនា​ព្រាត់ប្រាស​ជា​មិន​ខាន។​ ​ព្រះបាទ​បក្សីចាំក្រុង​ ​ខំ​ធ្វើ​ពិធីបួងសួង​បន់ស្រន់​គ្រប់​បែប​យ៉ាង​ ​ដើម្បី​សុំ​ខមាទោស​ ​លា​ពាក្យ​សម្ដី​មិន​សមរម្យ​ ​លេងសើច​អសុរោះ។​ ​តែ​នៅ​តែ​មិន​បាន​សម្រេច​ ​ពីព្រោះ​បារមី​ ​និង​វត្ថុ​សក្ដិ​សិទ្ធិ​ទាំង​ប៉ុន្មាន​មិន​យល់ព្រម​អត់ឱន​ ​ប្រណី​លើកលែងទោស។​ ​ប៉ុន្ដែ​ ​បក្សីចាំក្រុង​មិន​អាច​នឹង​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ទេ​ ​ចំពោះ​តា​គហេ​ជា​អ្នក​មានគុណ​ដ៏​ធ្ងន់​លើសលប់​លើ​រូប​ព្រះ​អង្គ​បាន​ឡើយ។​ ​ព្រះ​អង្គ​ខំប្រឹង​ប្រើ​គ្រប់​មធ្យោបាយ​ ​ធ្វើ​មិនដឹង​ធ្វើ​មិន​ឮ​ ​គេចវេះ​ឲ្យ​ផុត​ចេញ​អំពី​ការ​ទាមទារ​របស់​កម្លាំង​បារមី​ ​តែ​ព្រះ​អង្គ​គេចវេះ​មិន​ផុត​ឡើយ។​ ​ជា​រៀង​រាល់​យប់​ទេពតា​បារមី​តាម​ជាប់​ប្រកិត​ ​ហើយ​នៅ​តែ​និមិត្ដ​សុបិន​ ​ចុះ​មក​ទាមទារ​ឲ្យ​បក្សីចាំក្រុង​ ​គោរព​ពាក្យ​សម្ដី​សច្ចៈ​ប្រហារជីវិត​តា​គហេ។​ ​ដោយ​ស្ថិត​នូវ​ក្នុង​ភាព​ទ័លច្រក​ដូច្នេះ​ ​ណាមួយ​ខ្លាច​ប្រជាជាតិ​វិនាស​ហិនហោច​អន្ដរាយ​ ​ណាមួយ​តា​គហេ​អ្នក​មានគុណ​ ​ដែល​ព្រះ​អង្គ​មិន​អាច​ប្រមាថ​អាយុជីវិត​បានជា​ដាច់ខាត។​ ​នៅ​ទីបំផុត​បក្សីចាំក្រុង​ក៏​សម្រេចចិត្ដ​រៀបចំ​ឧបកិច្ច​ធ្វើ​ពិធី​ ប្រហារជីវិត​តា​គហេ​ដើម្បី​បំពេញ​ឲ្យ​ត្រូវ​ទៅ​តាម​ការ​ទាមទារ​របស់​កម្លាំងបារមី។ ​តាម​វិធី​របៀប​នេះ​ ​ព្រះ​អង្គ​មាន​ជំនឿ​ ​និង​សង្ឃឹមថា​ ​អាច​ដោះ​ស្រាយ​បញ្ហា​អាយុជីវិត​តា​គហេ​ផង​ ​អាច​ដោះស្រាយ​ពាក្យ​សម្ដី​ចំពោះ​មុខ​ទេវតា​ ​វត្ថុ​សក្ដិ​សិទ្ធិ​ទាំងពួង​ផង។​

ព្រះ​អង្គ​ ឲ្យ​តា​គហេ​ដេក​គង់​លើ​គ្រែ​ ​ហើយ​យក​កំណាត់​ស​មក​ដាក់​គ្រប​ដណ្ដប់​ខ្លួន​ ​បន្ទាប់​មក​ ​ព្រះ​អង្គ​យក​ចុង​ដាវអូស​ថ្នមៗ​លើ​កំណាត់​ស​ ​ធ្វើ​ដូច​ជា​ប្រហារជីវិត​ ​ដើម្បី​ធ្វើ​បង្ហាញ​បញ្ជាក់​ជា​ការ​គម្រប់​កិច្ចក្រណាត់​​នោះ​ពុំ​មាន​ដាច់ដោច​រហែក​អ្វីទាំងអស់។​ តែ​គួរ​ឲ្យ​អនិច្ចា ​ខ្លាំងណាស់​!​ ​តា​គហេ​បាន​ចែក​ស្ថាន​បាត់​ទៅ​ហើយ​! ​ខ្លួន​គាត់​ត្រូវ​មាន​របួស​ស្លាកស្នាម​ដាច់​ត្រង់​តាម​កន្លែង​ដែល​ព្រះបាទ​ បក្សីចាំក្រុង​បាន​អូស​មុខដាវ។​ ​យល់​ឃើញ​ខុស​ផ្ទុយ​អំពី​ការ​ប៉ាន់ស្មាន​ ​និង​ក្ដី​សង្ឃឹម​រប​សង់​ព្រះ​អង្គ​ ​បក្សីចាំក្រុង​យំ​ខ្សឹកខ្សួល​បោក​ប្រាណ​ ​វេទនា​ទុក្ខ​ព្រួយ​ចំបែង​វិបល្លាស ​ណែន​ចុកចាប់​ក្នុង​ទ្រូង​ ​នឹក​ស្ដាយ​សែន​ស្រណោះ​ ​អ្នក​ដ៏​មានគុណ​ ​ដែល​ធ្លាប់​បីបាច់​ចិញ្ចឹម​ថែ​រក្សាព្រះអង្គ​តាំង​តែ​ពី​បាត​ជើង​ក្រហម​ រហូត​ដល់​ធំ​ ​ហើយ​ដែល​ធ្លាប់​យក​អាយុ​ជីវិត​មក​រារាំង​ពាំង​ការពារ​ ​ដោយ​គ្មាន​ភ័យ​តក់ស្លុត។​

បក្សីចាំក្រុង​បាន​ បញ្ជា​ឲ្យ​រៀបចំ​ធ្វើបុណ្យ​ ​យ៉ាង​ធំ​គគ្រឹកគគ្រេង​ ​ថ្វាយ​ជូន​ទៅ​លោកតា​គហេ​ដែល​ព្រះ​អង្គ​តែងតែ​ចាត់​ទុក​នៅ​ក្នុង​គ្រប់​ កាលៈទេសៈ​ជា​ជីតា។​ ​ប្រជាពលរដ្ឋ​ព្រមទាំង​នាម៉ឺន​មុខមន្ដ្រី​តូច​ធំ​ក្នុង​នគរ​បាន​នាំ​គ្នា​ កាន់ទុក្ខ​ចូលរួម​មរណសញ្ញា​ទូទៅ​ទាំង​ប្រទេស។​

រីឯ ​ព្រះ​មាតា​ព្រះ​អង្គ​ ព្រះ​នាង​កែវ​ ​បើ​តាម​ពង្សាវតារ​សម្ដេច​វាំង​ជួន​ ​ព្រះ​អង្គ​បាន​មាន​ព្រះ​ជន្ម​វែង​យឺនយូរ​ ​ហើយ​ព្រះ​អង្គ​បាន​ចូល​ទិវង្គត​ដោយ​ជំងឺ​ចាស់ជរា។​ ​អដ្ឋិធាតុ​របស់​ព្រះ​អង្គ​ ​ព្រះបាទ​បក្សីចាំក្រុង​ជា​កូន​បាន​យក​ទៅ​តម្កល់​ទុក​គោរព​បូជា​នៅ​ក្នុង​ ប្រាសាទលលៃ។​

ការវិភាគ[កែប្រែ]

១. ទោះបីជា ​ដឹងខ្លួន​មាន​ជាប់​ឈាមជ័រ​ជា​បុត្រ​ព្រះមហាក្សត្រ​ ​ទោះបី​ធ្លាប់​ត្រូវ​រង​គ្រោះ​រង​ទុក្ខទោស​វេទនា​លំបាកលំបិន​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​ ​រត់ចោលស្រុក​ ​ព្រាត់ប្រាស់​ម្ដាយកូន​ជីដូន​ជីតា​ ​ដោយ​ចិត្ដ​កាច​សាហាវយង់ឃ្នង​របស់ស្ដេច​ព្រហ្មកិល ​ទោះបី​ស្គាល់​ដឹង​ថា​ ​ស្ដេច​អង្គ​នេះ​គ្មាន​គិត​នឹកឃើញ​អ្វី​ក្រៅ​អំពី​ចង់បាន​អំណាច​ ​ហើយ​ដើរ​កាប់សម្លាប់​ប្រជានុរាស្ដ្រ​កម្ចាត់​គ្រប់​អស់អ្នក​ចេះ​ដឹង​ ​មាន​សមត្ថភាព​ ​មានបុណ្យ​បារមី​ខ្លាំងពូកែ​ជាង​ខ្លួន​ ​ក៏​បក្សីចាំក្រុង​មិន​ដែល​មាន​នឹក​ចង់​បង្កើត​ឲ្យ​មាន​ក្រុម​បក្សពួក​ ​មាន​ទាហាន​ទ័ព​ទីង​ ​ឬ​ទៅ​បំបះបំបោរ​បំផុះបំផុល​ប្រជាជន​ ​បង្ក​ឲ្យ​មាន​ចលាចល​រំជើបរំជួល​គ្មាន​សន្ដិសុខ​ ​សង្គ្រាម​បង្ហូរឈាម​ក្នុង​នគរ​ដែរ​ ​គឺ​បក្សីចាំក្រុង​មាន​ឧត្ដមគតិ​ច្បាស់លាស់​ ​ក្នុង​បញ្ហា​ប្រទេស​ជាតិ​ ​ហើយ​យល់​ថា​ចម្បាំងរាំងជល​រវាង​បងប្អូន​ឯង​ព្រោះតែ​អំណាច​ ​និង​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​អាច​នាំ​មក​នូវ​ទុក្ខវេទនា​គ្រប់​បែប​យ៉ាង​ដល់​ប្រជានុរាស្ដ្រ​ ​និង​ប្រទេស​ជាតិ។​ ​ដូច្នេះ​ហើយ​បានជា​បក្សីចាំក្រុង​មិន​ព្រមយក​គំនុំ​គុំគួន​ផ្ទាល់ខ្លួន​ ​ឬ​ការ​សងសឹក​ ​មក​ធ្វើ​ជា​ត្រី​មុខជា​ធំ។​ ​ព្រះ​អង្គ​មិន​សុខចិត្ដ​ពឹងផ្អែក​ ​ឬ​ប្រើ​កម្លាំងបាយ​ ​កម្លាំង​អាវុធ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់ខ្លួន​ ​ហើយ​ដណ្ដើម​យក​អំណាច​ ​និង​រាជបល្ល័ង្ក​ទេ។​

ឥរិយាបថ​បក្សីចាំក្រុង​ ​មិន​ធ្វើសង្គ្រាម​បង្កបង្កើត​ចលាចល​ ​បាន​ទុក​ឱកាស​ឲ្យ​ស្ដេច​ពញាក្រែក ​ឬ​ព្រហ្មកិល​ ​ឬ​សិន្ធព​អមរិន្ទ​រស់នៅ​សោយរាជ្យ​ដោយ​សុខ​សប្បាយ​ក្សេមក្សាន្ដ​ ​រហូត​ដល់​ថ្ងៃ​ស្លាប់។​ ​ពង្សាតារ​ភាគច្រើន​បាន​សរសេរ​កត់ត្រា​ប្រហាក់ប្រហែល​គ្នា​ថា​ ​ព្រះបាទ​សិន្ធព​អមរិន្ទគ្មាន​បុត្រាបុត្រី​សម្រាប់​បន្ដ​ព្រះរាជ​វង្ស​ទេ​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ​អង្គ​មួហ្មង​ ​ខឹង​ក្រេវក្រោធ​ក្ដៅក្រហាយ​មិន​សប្បាយចិត្ដ។​

២. ប្រវត្ដិ​បក្សីចាំក្រុង​ ​ដែល​យើង​ទើប​លើកយក​មក​និទាន​ ​ជា​រឿង​មួយ​មាន​ប្រជាប្រិយភាព​ណាស់​ក្នុង​សង្គម​ជាតិខ្មែរ​តាំង​តែ​ពី​ បុរាណកាល​ ​រហូត​មក​ដល់​បច្ចុប្បន្ន។​ ​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ​នៅ​ស្គាល់ឈ្មោះ​បក្សីចាំក្រុង​ច្បាស់​ណាស់​ទោះបីជា​គេ​មិន​បាន​ចង​ចាំ​ ប្រវត្ដិ​បក្សីចាំក្រុង​ឲ្យ​បាន​ហូរហែ​ចប់​ចុង​ចប់​ដើម​ត្រឹមត្រូវ​ក៏​ដោយ​ ​ពីព្រោះ​ឈ្មោះ​បក្សីចាំក្រុង​ ​មាន​ជាប់ជំពាក់​យ៉ាង​ជិត​ស្និទ្ធ​ ​ទៅ​នឹង​ឈ្មោះ​ភូមិ ​ស្រុក ​ខេត្ដ​ ​ទន្លេ​ បឹង​ ​ឬ​អូរ ​ស្ទឹង​ ​ដែល​មាន​មួយ​ផ្នែក​ធំ​ស្ថិត​ក្នុង​ទឹកដី​ខ្មែរ​ភូមិភាគ​ខាងត្បូង។​ ​ព្រឹត្ដិការណ៍​ទាំង​ប៉ុន្មាន​ក្នុង​បក្សីចាំក្រុង​ ​បើ​យើង​ពិនិត្យ​ឲ្យ​បាន​ជិត​បន្ដិច​ទៅ​ ​យើង​ឃើញ​ហាក់បីដូចជា​គេ​ចង់​គូសបញ្ជាក់​ថា​ ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ទៅ​ថ្ងៃក្រោយ​ ​នឹង​ត្រូវ​វិលវល់​ ​វិវត្ដ​ចុះឡើង​ក្នុង​តំបន់​ភូមិភាគ​ខាងត្បូង។​ ​ទោះបីជា​ដូច្នេះ​ក៏​ដោយ​ ​ក៏​យើង​កត់សំគាល់​ឃើញ​ថា​ ​ព្រះបាទ​បក្សីចាំក្រុង​ ​មិន​បាន​យកឈ្មោះ​របស់​ខ្លួន​ផ្ទាល់​ទៅ​ដាក់​ឲ្យ​ប្រាង្គ​ប្រាសាទ​វត្ដ​អារាម​ ​និង​ទីកន្លែង​ទឹកដី​នោះ​ដែរ។​

ឯប្រាង្គ​ប្រាសាទ​មួយទៀត​ ​ដែល​ស្ថិត​នៅ​ខេត្ដសៀមរាប​ ​ក្នុង​ចំណោម​ប្រាសាទ​អង្គរ​ក៏​មានឈ្មោះ​ថា​ ប្រាសាទបក្សីចាំក្រុង​ដែរ​ ​ប្រាសាទ​នេះ​ ​តាម​ការ​កំណត់​របស់​អ្នក​បូរាណ​វិជ្ជា​ ​បាន​កសាង​ក្នុង​សតវត្ស​ទី​១០។​ ​ភ័ស្តុតាង​ជាក់ស្ដែង​ប្រាសាទ​បក្សីចាំក្រុង​អាច​បញ្ចា​ក់បាន​នូវ​ប្រវត្ដិ​ ពិត​ ​ភាព​ពិត​ ​និង​កិត្យានុភាព​ធំធេង​របស់​ព្រះ​អង្គ។​ ​

ម្យ៉ាងទៀត ​ ​ប្រជាប្រិយភាព​បក្សីចាំក្រុង​ស្ថិត​នៅ​ត្រង់​កន្លែង​សំខាន់ៗ​ ​ដែល​ព្រះ​អង្គ​ធ្លាប់​បាន​ទៅ​ជ្រកកោន​ ​លាក់ខ្លួន​ពួន​អាត្មា​ ​ដែល​បាន​ក្លាយទៅជា​កន្លែង​ពិសិដ្ឋ​ ​ដែល​ខ្មែរ​គ្រប់​ទិស​ទី​ទាំងស្រី​ទាំងប្រុស​ ​ទាំង​ក្មេង​ទាំង​ចាស់​ ​ទាំង​ស្ដេច​ទាំង​នាម៉ឺន​មន្ដ្រី​ទាំង​រាស្ដ្រ​ ​ទាំង​គ្រហស្ថ​ ​ទាំង​ព្រះសង្ឃ​ ​នាំ​គ្នា​ជឿជាក់​ថា​ជា​កន្លែង​សក្ដិ​សិទ្ធ​ពូកែ។​ ​ខ្មែរ​ម្នាក់ៗ​តែងតែ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ ​បួងសួង​បន់ស្រន់​ ​កន្លែង​ពិសិដ្ឋ​ទាំងនេះ​មាន​ជាអាទិ​ ​ដូចជា​ វត្ដ​វិហារសួគ៌​ ​ឬ​ភ្នំ​ប្រសិទ្ធ​ជាដើម៘​

ដូច្នេះ​ហើយ​បានជា​ លោក​ប៊ីវ​-​ឆៃលាង​ ​អ្នកនិពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​រូប​ ​បាន​លើកយក​ប្រវត្ដិបក្សីចាំក្រុង​ ​មក​តាក់តែង​ចងក្រង​សរសេរ​​ជា​រឿង​ប្រលោមលោក​ប្រវត្ដិសាស្ដ្រ​ ​ចេញផ្សាយ​ក្នុង​ឆ្នាំ​ ​១៩៥៥។ ស្នាដៃ​នេះ​ ​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​មជ្ឈដ្ឋាន​ខ្មែរ។​ ​ផ្លូវថ្នល់​មួយ​នៅ​ទីក្រុង​ភ្នំពេញ ​ក៏​បាន​គេ​ដាក់​ឈ្មោះ​ថា​ ​វិថី​បក្សីចាំក្រុង​ដែរ​ ​ក្នុង​ទសវត្សរ៍​៧០​ ​ហើយ​តន្ដ្រីករ​ខ្មែរ​ខ្លះ​ទៀត​ ​បាន​ដាក់​ឈ្មោះ​វង់ភ្លេង​របស់​គេ​ថា​ ​ក្រុម​តន្ដ្រី​បក្សីចាំក្រុង។​

៣. តាម​រយៈប្រវត្ដិ​បក្សីចាំក្រុង​ ​យើង​សង្កេត​ ​និង​កត់សំគាល់​ឃើញ​ថា​ស្ដេច​ខ្មែរ​ ​អ្នក​កាន់​អំណាច​ខ្មែរ​ ​គ្មាន​នឹកគិត​ឃើញ​អ្វី​ក្រៅពី​រាជបល្ល័ង្ក​ ​និង​អំណាច​ផ្ដាច់​ការ​របស់​ខ្លួន​ឡើយ។​ ​ស្ដេច​ខ្មែរ​ ​អ្នកដឹកនាំ​ជាតិខ្មែរ​ ​មិន​ញញើត​រួញរា​ទេ ​ក្នុង​ការ​កាប់សម្លាប់​ប្រជាជន​ជាតិ​ឯង​ ​ដើម្បី​ធ្វើ​ម្ដេច​ឲ្យ​ខ្លួន​នៅ​ជា​ស្ដេច​ជា​ធំ​ ​អាច​ក្រាញ​ឱប​កាន់​ក្ដាប់​អំណាច​ ​អង្គុយ​លើ​រាជបល្ល័ង្ក​ ​ទោះបី​ខ្លួន​ឥត​មាន​សមត្ថភាព​ ​ហើយ​នាំ​មក​តែ​ទុក្ខទោស​វេទនា​ ​សង្គ្រាម​ព្រាត់ប្រាស់​ ​អន្ដរាយ​ដល់​ប្រជានុរាស្ដ្រ។​

ព្រះបាទ​បក្សីចាំក្រុង​ បម្រុងរាស្ដ្រ​ ​ទោះបី​ព្រះ​អង្គ​ដឹងខ្លួន​ជា​អ្នកមាន​បុណ្យ​ ​ហើយ​ធ្លាប់​រង​ទុក្ខទោស​វេទនា​មិន​ចេះ​ចប់​ដោយសារ​ស្ដេច​ពញាក្រែក​ក៏​ដោយ​ ​ក៏​ព្រះ​អង្គ​មិន​បាន​ចេញ​មុខ​ ​បង្កបង្កើត​ទ័ព​ ​ធ្វើ​ឲ្យ​មាន​ចលាចល​ទៅ​ច្បាំង​ទល់​នឹង​ស្ដេច​អង្គ​នេះ​ ​ដើម្បី​ដណ្ដើម​យក​រាជសម្បត្ដិ​ដែរ​ ​ព្រះ​អង្គ​មិន​បាន​យក​គំនុំ​គំគួន​ផ្ទាល់ខ្លួន​មក​ដាក់​លាយឡំ​ ​លេងសើច​នឹង​បញ្ហា​អាយុជីវិតប្រទេស​ជាតិ​ឡើយ​ ​ព្រះ​អង្គ​សុខចិត្ដ​លាក់ខ្លួន​ពួន​អាត្មា​ ​រស់នៅ​ដាច់​ស្រយាល​ឆ្ងាយ​អំពី​ព្រះ​មហានគរ។​ ​ពីព្រោះ​ព្រះ​អង្គ​ធ្លាប់​ស្គាល់​ច្បាស់​ណាស់​ ​អ្វី​ទៅ​ដែល​ជា​ការ​ព្រាត់ប្រាស​ក្រុម​ញាតិ​គ្រួសារ​ ​អ្វី​ទៅ​ដែល​ជា​ការ​រត់ចោលស្រុកភូមិកំណើត​ ​អ្វី​ទៅ​ដែល​ជា​ការ​រង​ទុក្ខវេទនា​ ​ស្រេកឃ្លាន​គ្មាន​ទីពឹង​ពំនាក់​ ​ឈឺ​ចុកចាប់​ខ្លោចផ្សា៘​ ​ព្រះ​អង្គ​មិន​ចង់ឲ្យ​ប្រជានុរាស្ដ្រ​ ​និង​នគរ​របស់​ព្រះ​អង្គ​ជួប​ប្រទះ​នឹង​មហន្ដរាយ​ ​គ្រោះកាច​ទាំងនេះ​ ​ហើយ​ប្រែ​ក្លាយទៅជា​ទន់ខ្សោយ​ដោយសារ​សង្គ្រាម​ ​និង​ការ​បែកបាក់​គ្នា។

ក្នុង​ការ​គ្រប់គ្រង​ ​ដឹកនាំ​ប្រទេស​ជាតិ​ ​ស្ដេច​ ​អ្នកដឹកនាំ​ ​អ្នកនយោបាយ​ត្រូវ​តែ​ប្រកាន់​នូវ​ពាក្យ​សច្ចៈ​ ​ទសពិធ​យុត្ដិធម៌​ ​ពាក្យ​ដែល​និយាយ​ចេញ​មក​មួយ​មាត់ៗ​ ​សុទ្ធតែ​មាន​គេ​ចាំ​កត់ត្រា​ ​គេ​ចាំ​ស្ដាប់​ចង​ចាំ​ ​សុទ្ធតែ​មាន​ន័យ​ ​មាន​ខ្លឹមសារ​ មាន​ទម្ងន់​អាច​ធ្វើ​ឲ្យ​ស្រុក​ទេស​ក្លាយទៅជា​ល្អ​ក៏​បាន​ ​ទៅ​ជា​អាក្រក់​ក៏​បាន។​ ​ពាក្យ​ទាំងនោះ​សោត​ ​ទោះ​ខ្លួន​ជា​ស្ដេច​ផែនដី​ ​ជា​មេដឹកនាំ​ប្រទេស​ជាតិ​ ​មាន​អំណាច​ផ្ដាច់​ការ​ខ្លាំងក្លា​មហិមា​ដូច​ម្ដេច​ក៏​ដោយ​ ​ក៏​មិន​អាច​នឹង​ដោះ​ដូរ​ផ្លាស់​ប្ដូរ​កែ​បន្លំ​ ​ភូតភរ​កុហក​ ​បំភ្លេច​កាយ​កប់​ត្រលប់​ចោល​ ​ឬ​មិន​គោរព​បាន​ឡើយ។​ ​អ្នក​ដែល​ហាន​ផ្លាស់​ប្ដូរ​ ​បំភ្លេច​មិន​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន​ ​គ្មាន​សច្ច​ធម៌​ ​អ្នក​នោះ​ក៏​ដូច​ជា​បាន​ក្បត់​បណ្ដារាស្ដ្រ​ ​និង​ប្រទេស​ជាតិ​របស់​ខ្លួន​ដែរ។​

ព្រះបាទបក្សីចាំក្រុង​ ​ព្រោះតែ​ពាក្យ​សម្ដី​ចំអន់​លេងសើច​ ​ដោយ​ស្មានថា​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ​ ​គ្មាន​ន័យ​គ្មាន​ផល​រមាស់​ ​ត្រូវ​គ្រប់​កម្លាំងបារមី​ ​និង​វត្ថុ​ស័ក្ដិ​សិទ្ធិ​យាងចុះ​មក​ព្រមាន​ប្រដែប្រដៅ​ឲ្យ​គោរព​ធ្វើ​តាម​ ពាក្យពេចន៍​ដែល​ពោល​និយាយ​ចេញ​មក។​ ​ពីព្រោះ​ពាក្យ​សម្ដី​របស់​ស្ដេច​ ​ឬ​អ្នកដឹកនាំ​នគរ​ ​ដែល​ហា​ខ្ជាក់​ចេញ​មក​ជា​ពាក្យ​សច្ចៈ។​ ​បក្សីចាំក្រុង​ខំប្រឹង​រៀបចំ​ធ្វើ​ពិធី​ឧបកិច្ច​ ​បន្លែបន្លំ​បោក​បញ្ឆោត​ទេវតា​ដែរ​ ​តែ​បារមី​ទាំងអស់​នៅ​តែ​មិន​ព្រម​ទទួល​ និង​សុខចិត្ដ។​ ​ទេវតា​ ​និង​វត្ថុ​សក្ដិ​សិទ្ធិនៅ​តែ​ទាមទារ​ឲ្យ​គោរព​ធ្វើ​តាម​ពាក្យ​សច្ចៈ​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​នឹង​មក​ផ្ដាច់​យកអាយុ​ជីវិត​ប្រជាពលរដ្ឋ​ ​ហើយ​នឹង​ធ្វើ​ឲ្យ​នគរ​ស្រុក​ទេស​ទាំងមូល​ ​ជួប​ប្រទះ​តែ​ទុក្ខ​ភ័យ​វេទនា​ ​វិនាស​អន្ដរាយ​ហិនហោច​ ​ព្រាត់ប្រាស​គ្នា​ជា​មិន​ខាន។​ ​បើ​គោរព​តាម​ពាក្យ​សច្ចៈ​ ​ដើម្បី​ប្រទេស​ជាតិ​បក្សីចាំក្រុង​ ​ត្រូវ​ដាច់​ចិត្ដ​លះបង់​ ​ប្រហារជីវិត​លោកតា​គហេ​អ្នក​មានគុណ​ដ៏​ធំ​ ​និង​ដ៏​ធ្ងន់​របស់​ព្រះ​អង្គ ។​

៤. លក្ខណៈ​ពិសេស​មួយទៀត​របស់​ព្រះមហាក្សត្រ​ ​ឬ​អ្នកដឹកនាំ​ប្រទេស​ជាតិ​ ​គឺ​ត្រូវ​ចេះ​ ​ត្រូវ​ស្គាល់​អ្វី​ដែល​ជា​គុណ​ និង​ជា​សន្ដោស​មេត្ដាធម៌។​ ​គុណ​ ​គឺ​ ​សុភាវធម៌​ដែល​នាំ​មក​នូវ​សេចក្ដី​ល្អ​ ​នូវ​សេចក្ដី​ចម្រុងចម្រើន។​ ​បុគ្គល​ដែល​យកគុណ​ ​សន្ដោស​មេត្ដាធម៌​ ​មក​ធ្វើ​ជា​គោលការណ៍​ក្នុង​ជីវិត​ ​ឬ​ក្នុង​ការ​គ្រប់គ្រង​ ​រៀបចំ​ដឹកនាំ​កសាង​ប្រទេស​ជាតិ​ ​បុគ្គល​នោះ​មិន​អាច​ក្លាយទៅជា​មនុស្ស​ឃោរឃៅ​ ​សាហាវយង់ឃ្នង​ស្រេកឃ្លាន​ឈាម​ ​សង្គ្រាម​ ​និង​ស្រឡាញ់​អំណាច​ផ្ដាច់​ការ​ឡើយ។​ គ្រានោះ​នគរ​ ​ប្រជាពលរដ្ឋ​ ​នឹង​បាន​ទទួល​នូវ​សាមគ្គីភាព​ ​សន្ដិភាព​ ​ការ​សប្បាយ​រីករាយ​ ​ត្រជាក់ត្រជំ​ ​និង​ការ​រីក​ចម្រើន​លូតលាស់​ជា​មិន​ខាន។​

ព្រះបាទបក្សីចាំក្រុង​ ​ក្នុង​ជីវិត​របស់​ព្រះ​អង្គ​ ​ព្រះ​អង្គ​ពុំដែល​បំភ្លេច​គុណ​នរណា​ម្នាក់​ ​ដែល​ធ្លាប់​បាន​ធ្វើ​ល្អ​ចំពោះ​រូប​ព្រះ​អង្គ​ឡើយ​ ​សូម្បី​តែ​ជា​សត្វ​ ​ដូច​ជា​ស្ដេច​កណ្ដុរស​ ​សូម្បី​តែ​កន្លែង​ទឹកដី​រហោឋាន​ ​អ្នកតា​ដែល​ឥត​វិញ្ញាណ​ ​ក៏​ព្រះ​អង្គ​ធ្វើបុណ្យ​រំឭកគុណ​ ​មិន​ដែល​អាក់ខាន​ដែរ។ ព្រះអង្គ​ខំ​កសាង​វត្តអារាម​ជា​ច្រើន ធ្វើ​បុណ្យ​ផ្សព្វផ្សាយ​គុណ និង​ចិត្ត​សន្ដោស​មេត្តា​ធម៌

ឯកសារយោង[កែប្រែ]

មុនដោយ
ព្រះបាទសិន្ធពអមរិន្ទ
មហានគរ តដោយ
ព្រះបាទអឡស្សរាជ រឺ ព្រះបាទបទុមវរវង្ស (ពង្សាវតារសម្ដេចទៀង)