រឿងបុរសដណ្ដឹងប្រពន្ធ

ពីវិគីភីឌា

ដំនើររឿង[កែប្រែ]

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចងត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​ បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភាទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ » ។ សុភា​ទន្សាយ​ថា « អើ​បង​រៀប​រួច មក​យក​អញ​ទៅ​ផង អញ​ទៅ​ជួយ​ជំនុំ​ឲ្យ តែ​អញ​ទៅ​មុខ​ជា​ឈ្នះ​ហើយ បើ​បង​ឯង​រៀប​បាយ​មក ស្ល​កុំ​ដាក់​អំបិល​ប្រហុក ។ អំបិល​ប្រហុក​ដាក់​ក្បែរ​ខាង​នោះ​ស្ល​តែ​ត្រី​និង​បន្លែ​បានហើយ » ។ បុរស​នោះ​ឮ​សុភា​ទន្សាយ​អួត​ដូច្នោះ​ក៏​អរ​ណាស់ ខំ​ទៅ​រៀប​បាយ​ដូច​បង្គាប់​សុភា​ទន្សាយ​ ហើយ​ក៏​យក​មក​ជូន​គេ​ពីរ​នាក់​នឹង​សុភា​ទន្សាយ ។ ទៅ​ដល់ ចៅ​ក្រម​ឃើញ​សុភា​ទន្សាយ​មក ក៏​សួរ​ថា « បង​ទន្សាយ​មក​រក​អ្វី?» ។ សុភា​ទន្សាយ​ថា « មក​ជួយ​ជំនុំ​ក្តី​លោក» ។ ចៅ​ក្រម​ថា «អើ​ចាំ​ស៊ី​បាយ​រួច​សិន» ។ ឯចៅ​ក្រម​ ដល់​ស៊ី​បាយ​នោះ​ទៅ​សួរ​ថា ស្ល​អ្វី​ក៏​សាប​ម៉្លេះ ? » ។ សុភា​ទន្សាយ​ឆ្លើយ​ឡើង​ថា « ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ​ថា​ក្តៅ​ដល់, ចុះ​អំបិល​ប្រហុក​ដាក់​ក្បែរ​នោះ ម្តេច​ក៏​បាន​ជា​មិន​ប្រៃ​ដល់? » ។ សុភា​ទន្សាយ​ឆ្លើយ​តែ​ប៉ុណ្ណោះ ចៅ​ក្រម​ទាល់​ប្រាជ្ញា ទើប​កាត់​សេចក្តី​ឲ្យ​បុរស​នោះ​ឈ្នះ ឲ្យ​បាន​ប្រពន្ធ​បុរស​នោះ ។

ចេះ​ឯង ឲ្យ​ក្រែង​ចេះ​គេ

ឯកសារយោង[កែប្រែ]

ប្រជុំរឿងព្រេងខ្មែរភាគទី២

តំនភ្ជាប់ក្រៅ[កែប្រែ]

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត

សូមមើលផងដែរ[កែប្រែ]

ប្រជុំរឿងព្រេងខ្មែរ