រឿងព្រះក្រិស្ណៈសម្លាប់នាគកាល្យៈ

ពីវិគីភីឌា

វគ្គមួយនៅក្នុងរឿងនេះបានដំណាលថា នៅខណៈពេលក្រុមក្មេងគង្វាលគោទាំងឡាយកំពុងលេងបាល់បោះឱ្យគ្នាទៅវិញទៅមកជាមួយក្រិស្ណៈ ស្រាប់តែបាល់នោះធ្លាក់ចុះទៅក្នុងទឹកទន្លេយ៉ាម៉ាណុ ដែលជាជម្រករបស់ស្តេចនាគកាល្យៈ។ ទឹកនៅក្នុងទន្លេនោះពោរពេញដោយជាតិពុលរបស់នាគដែលខ្ជាក់រាយពេញទន្លេ ដើម្បីការពារខ្លួនពីការតាមចាប់សម្លាប់របស់បក្សីគ្រុឌ។ ដោយសារឥទ្ធិពលនៃពពុះពិសរបស់នាគនេះហើយ ដែលធ្វើឱ្យសភារៈទាំងឡាយរួមទាំងមនុស្ស គោ ក្របី និងសត្វពាហនៈគ្រប់ជំពូកត្រូវបានបំផ្លាញនិងសម្លាប់នៅពេលបានប្រើប្រាស់ទឹកទន្លេនេះ វៀងលែងតែដើមឈើមួយដើមនៅក្បែរទន្លេនេះប៉ុណ្ណោះដែលនៅមានជីវិត។ ដើម្បីរើសបាល់មកឱ្យមិត្តភក្តិរបស់ខ្លួនវីញ និងដោយដឹងថានៅទីនេះគឺជាជម្រកនៃស្តេចនាគដែលព្រួសពិសបំពុលទឹកទន្លេមិនឱ្យអ្នកស្រុកប្រើប្រាស់ទឹកបាន កុមារក្រិស្ណៈបានដើរឡើងលើដើមឈើមួយដើមនៅដងទន្លេនោះ ហើយលាតដាំដូងចុះទៅក្នុងទឹកសំដៅរកបាល់ដែលលិចបាត់។ ហែលទៅដល់បាតទន្លេស្រាប់តែឃើញបាល់ត្រូវស្តេចនាគកាល្យវ័ណ្ឌព័ន្ធជាប់នៅនឹងកន្ទុយ ក្រិស្ណៈបានហែលទៅដណ្តើមយកបាល់ពីស្តេចនាគ ប៉ុន្តែត្រូវបានរារាំង ភា្លមនោះឈុតឆាកប្រយុទ្ធគ្នាមួយបានកើតឡើង។ ក្រិស្ណៈបានហក់ឡើងជាន់លើក្បាលសត្វនាគហើយរាំបង្កើនទំងន់ដ៏មហិមាធ្វើឱ្យស្តេចនាគក្អួតឈាមរកកាលនិងស្លាប់ ប៉ុន្តែត្រូវបានពពួកនាគីដែលជាព្រះមហាសីរបស់ស្តេចនាគកាល្យៈចេញមកសុំសេចក្តីលើកលែងទោសនិងសុំឱ្យដោះលែងព្រះស្វាមី បន្ទាប់មកស្តេចនាគបានសន្យាថាខ្លួននឹងចាក់ចេញទៅរស់នៅទីកន្លែងផ្សេង ដោយផ្តល់ទឹកនេះដល់អ្នកភូមិប្រើប្រាស់ជាធម្មតា។