រឿង​កោសម្ពិកភិក្ខុ

ពីវិគីភីឌា

លំនាំ​សង្ខេប​នៃ​រឿង​នេះ មាន​ដូច​តទៅ ៖

ឯកំ សមយំ ភគវា កោសម្ពិយំ វិហរតិ ឃោសិតារាមេ ...

សេចក្ដី​ដំណាល​ថា មាន​ភិក្ខុ​ពីរ​អង្គ មួយ​អង្គ​ជា​វិន័យ​ធរ មួយ​អង្គ​ទៀត​ជា​ធម្មកថិក គង់​នៅ​វត្ត​​ឃោសិតារាម ជិត​ក្រុង​កោសម្ពី ។ លោក​ទាំង​អង្គ​ មាន​ភិក្ខុ​សិស្ស​​ចំនួន ៥០០ អង្គ​​ដូច​គ្នា ។

ថ្ងៃ​មួយ ភិក្ខុ​ជា​ធម្មកថិក​ចូល​ទៅ​បន្ទោ​បង់​ឧច្ចារៈ ( បត់​ជើង​ធំ ) ក្នុង​បង្គន់ ហើយ​មិន​បាន​ចាក់​ទឹក​សំណល់​លាង​លាមក​ចោល ។

បន្ទាប់​មក​ ភិក្ខុ​ជា​វិន័យ​ធរ​បាន​ចូល​ទៅ​ក្រោយ ឃើញ​ទឹក​សំណល់​នោះ ហើយ​ចេញ​មក​វិញ​សួរ​ថា ៖ " លោក​ម្ចាស់​​ទុក​ទឹក​សំណល់​ពី​លាង​លាមក​នៅ​ក្នុង​បង្គន់​ឬ ? " ។

ធម្មកថិក​ថា " ករុណា " ។

វិន័យ​ធរ​បន្ត​​ទៀត​ថា ៖ " លោក​ធ្វើ​យ៉ាង​នេះ មិន​ដឹង​ត្រូវ​អាបត្តិ​ទេ​ឬ ? "

ធម្មកថិក​តប​ថា ៖ " ខ្ញុំ​ករុណា​អត់​ដឹង​ទេ បើ​ខ្ញុំ​ករុណា​ត្រូវ​អាបត្តិ ខ្ញុំ​សូម​សំដែង​អាបត្តិ​នោះ​ចេញ " ។

ពេល​នោះ​វិន័យ​ធរ​ឆ្លើយ​ថា ៖ " បើ​លោក​ធ្វើ​ដោយ​គ្មាន​ចិត្ត​ក្លែង​ទេ​នោះ លោក​ក៏​ពុំ​ត្រូវ​អាបត្តិ​អ្វី​ដែរ " ។

កាល‌‍ឮ​ដូច្នោះ ធម្មកថិក​ក៏​ស្ងៀម​នៅ ដោយ​សំគាល់​ថា ៖ " ខ្លួន​ឥត​ត្រូវ​អាបត្តិ​​អ្វី​ឡើយ " ។

ក្រោយ​មក វិន័យ​ធរ​បាន​និយាយ​ប្រាប់​សិស្ស​​​របស់​​ខ្លួន​ថា ៖ " ធម្មកថិក​ប្រព្រឹត្ត​ខុស ត្រូវ​អាបត្តិ​ហើយ មិន​ដឹង​ខ្លួន​ត្រូវ​អាបត្តិ​ទៀត " ។

សិស្ស​​​របស់​វិន័យ​ធរ បាន​យក​ពាក្យ​នេះ​បន្តុះ​បង្អាប់​សិស្ស​របស់​ធម្មកថិក​ថា ៖ " គ្រូ​របស់​អ្នក​ឯង​ល្ងង់​ណាស់ ត្រូវ​អាបត្តិ​ហើយ មិន​​ដឹង​ខ្លួន​ថា​ត្រូវ​​អាបត្តិ​ទៀត " ។

សិស្ស​​​របស់​ធម្មកថិក​ក៏​នាំ​ពាក្យ​នេះ​ទៅ​ប្រាប់​គ្រូ​របស់​ខ្លួន ។

ធម្មកថិក​ក៏​ប្រាប់​សិស្ស​របស់​ខ្លួន​វិញ​ថា ៖ " វិន័យ​ធរ​ជា​អ្នក​ពោល​ពាក្យ​មុសាវាទ " ព្រោះ​ពេល​មុន លោក​និយាយ​ថា ៖ "​ ខ្ញុំ​មិន​ត្រូវ​អាបត្តិ​ទេ តែ​ឥឡូវ​នេះ បែរ​ជា​និយាយ​ថា​ខ្ញុំ​ត្រូវ​អាបត្តិ​ទៅ​វិញ " ។

សិស្ស​របស់​​​ធម្មកថិក យក​ពាក្យ​នេះ​ផ្ចុញ​ផ្ទាល់​សិស្ស​របស់​វិន័យធរ​វិញ ។

សិស្ស​របស់​វិន័យ​ធរ​មាន​ការ​ថ្នាំង​ថ្នាក់​ ក៏​ចោទ​ភិក្ខុ​ធម្មកថិក​ថា ៖ " ជា​អ្នក​មាន​ទោស ហើយ​មិន​ឱ្យ​​ចូល​រួម​ធ្វើ​សង្ឃកម្ម​ជា​មួយ " ។

ទំនាស់​រវាង​វិន័យធរ​ និង​ធម្មកថិក ក៏​ចាប់​ផ្ដើម​ខ្លាំង​ឡើងៗ រហូត​ដល់​គ្នា​ជា​ពីរ​ពួក ។

លំដាប់​នោះ មាន​ភិក្ខុ​មួយ​អង្គ​បាន​ចូល​ទៅ​ក្រាប​ទូលព្រះ​ពុទ្ធ​ អំពី​ការ​បែក​បាក់​គ្នា​ក្នុង​សង្ឃ​មណ្ឌល​នេះ ។

ព្រះ​សាស្ដា កាល​បើ​ទ្រង់​ជ្រាប​ហើយ ក៏​ផ្ដែ​ផ្ដាំ​ទៅ​ថា ៖ " ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​ចូរ​កុំ​ទាស់​ទែង​គ្នា​​អី ​ចូរ​ព្រម​ព្រៀង​គ្នា​ឡើង​វិញ​ទៅ " ។​

អស់​វារៈ​បី​ដង ក៏​ពួក​​ភិក្ខុ​ទាំង​នៅ​តែ​ឈ្លោះ​ប្រកែក​គ្នា​ដដែល ។

ព្រះ​ពុទ្ធ​​ក៏​ទ្រង់​យាង​ទៅ​ជួប​ផ្ទាល់​នឹង​ភិក្ខុ​ទាំង​នោះ ហើយ​មាន​ពុទ្ធ​ដីកា​ថា ៖ " ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ឥត​មាន​ទោស​ពៃរ៍​អ្វី​ឡើយ ត្រូវ​តែ​សាមគ្គី​គ្នា​ឡើង​វិញ " ។ នៅ​ពេល​ព្រះ​អង្គ​ទ្រង់​ពន្យល់​ណែនាំ​អំពី​​ទោស​នៃ​ការ​បែក​បាក់​គ្នា ឈ្លោះ​ប្រកែក​គ្នា​ជា​ច្រើន​អនេកកប្បការ​ឱ្យ​​ពួក​ភិក្ខុ​ទាំង​នោះ​ស្ដាប់​ទៀត​ផង ប៉ុន្ដែ​អន្តរាគមន៍​របស់​ព្រះ​សាស្ដា គ្មាន​បាន​ការ​អ្វី​ទាំង​អស់ គឺ​ភិក្ខុ​ទាំង​នោះ រឹត​តែ​ប្រទូសរ៉ាយ​គ្នា​ខ្លាំង​​ឡើង​ៗ រហូត​ដល់​ជេរ​ប្រទេច វាយ​ដំ​គ្នា​​នៅ​ក្នុង​វត្ត និង​នៅ​តាម​ភូមិ​អ្នក​ស្រុក​ទៀត​ផង ។

គ្រា​នោះ មាន​ភិក្ខុ​ជា​បក្ស​ពួក​របស់​វិន័យន​ធរ បាន​ចូល​ទៅ​ក្រាប​​ទូល​ព្រះ​ពុទ្ធ​​ថា ៖ " បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សូម​ព្រះ​អង្គ​គង់​នៅ​ជា​សុខ​ចុះ កុំ​​ខ្វល់​ខ្វាយ​ព្រះ​ទ័យ​នឹង​ខ្ញុំ​ព្រះ​ង្គ​អី ដ្បិត​ខ្ញុំ​មិន​អាច​បញ្ឈប់​ការ​ទាស់​ទែង​​គ្នា​បាន​ទេ ពុំ​អាច​សាមគ្គី​គ្នា​បាន​ទេ ។

ពេល​នោះ ព្រះ​សាស្ដា​បាន​ខិត​ខំ​ពន្យល់​ណែនាំ​ទៀត​ថា " ពី​អតីតកាល ព្រះ​បាទ​ព្រហ្មទត្ត និង​ទិឃាវុ​កុមារ ជា​ស្ដេច​សុទ្ធ​តែ​មាន​សាស្ត្រា​វុធ​ក្នុង​ដៃ​ដូច​គ្នា គេ​អាច​យោគយល់​គ្នា ជា​នា​គ្នា​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ទាំង​ឡាយ​ សុទ្ធ​តែ​ជា​អ្នក​បាន​បួស​ក្នុង​វិន័យ​យ៉ាង​ត្រលាំង បែរ​ជា​មិន​អាច​អត់​ឱន​​ឱ្យ​​គ្នា មិន​អាច​ជា​នា​គ្នា មិន​អាច​ព្រម​ព្រៀង​គ្នា​ទៅ​កើត " ។

ទោះ​បី​មាន​ការ​ណែនាំ​​ម្ដង​ជា​ពីរ​ដង​ក៏​ដោយ ភិក្ខុ​ទាំង​នោះ​​ក៏រឹត​​តែ​មានៈ​រឹង​រូស​ឈ្លោះ​ប្រកែក​គ្នា​តទៅ​ទៀត ។

ដោយ​ទ្រង់​ព្រះ​តម្រិះ​ថា ភិក្ខុ​ទាំង​នេះ​មិន​ស្ដាប់​ព្រះ​អង្គ​ទេ ព្រះ​អង្គ​ក៏​ទ្រង់​យាង​ទៅ​ជួប​នឹង​ភិក្ខុ​ទាំង​អស់​ដែល​ទាស់​ទែង​គ្នា​នោះ ហើយ​ទ្រង់​មាន​ពុទ្ធ​ដីកា​ជា​ចុង​ក្រោយ ជា​អាទិថា ៖


បុថុសទ្ទោ សមជនោ, ន ពាលោ កោចិ មញ្ញថ; សង្ឃស្មិំ ភិជ្ជមានស្មិំ, នាញ្ញំ ភិយ្យោ អមញ្ញរុំ ។ បរិមុដ្ឋា បណ្ឌិតាភាសា, វាចាគោចរភាណិនោ; យាវិច្ឆន្តិ មុខាយាមំ, យេន នីតា ន តំ វិទូ ។

Puthusaddo samajano, na bālo koci maññatha; Saṅghasmiṃ bhijjamānasmiṃ, nāññaṃ bhiyyo amaññaruṃ. Parimuṭṭhā paṇḍitābhāsā, vācāgocarabhāṇino; Yāvicchanti mukhāyāmaṃ, yena nītā na taṃ vidū.


(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​ជន​សុទ្ធតែ​មានសម្លេង​ខ្លាំង​ស្មើគ្នា​ ​មិន​មាន​ជន​ណាមួយ​ដឹង​ថា​ ​អាត្មាអញ​ជា​បុគ្គល​ពាល​ឡើយ​ ​កាលបើ​សង្ឃ​កំពុង​បែកគ្នា​ ​ក៏​មិន​មាន​ជន​ណាមួយ​ ​ដឹង​នូវ​ហេតុ​ដទៃ​ ​ឲ្យ​ក្រៃលែង​ជាង​នេះ​ទៅទៀត​។​ ពួក​ជន​អ្នក​ភ្លេចស្មារតី​ ​មាន​អាការ​ស្រដៀងនឹង​បណ្ឌិត​ ​មាន​វាចា​ជា​អារម្មណ៍​ ​ចេះតែ​ល្មោភ​និយាយ​ ​តាមដែល​ខ្លួន​ចង់និយាយ​ឲ្យតែ​រួចពីមាត់​ ​មាន​គេ​ដឹកនាំ​ ​ដោយ​ជំលោះ​ណា​ ​ក៏​នៅតែ​មិន​ស្គាល់​នូវ​ជំលោះ​នោះ​ឡើយ​។ (ព្រះត្រៃបិដកសៀវភៅ​ភាគ៥៩ ទំព័រទី ១៣៧ ​កោសម្ពិយជាតក​ ​ទី២​)

រួច​ហើយ​ព្រះ​​ពុទ្ធ​ ក៏​សម្រេច​ព្រះ​ទ័យ​ចេញ​ពី​​ដែន​​កោសម្ពី​តែ​មួយ​អង្គ​ឯង​ទៅ​គង់​ចាំ​វស្សា​ក្នុង​ព្រៃ​​រក្ខិតវ័ន ដែល​មាន​ដំរី​ឈ្មោះ បាលិលេយ្យកៈ ​ជា​អ្នក​បម្រើ​​នៅ​ទី​នោះ ។ ក្រោយ​ពេល​ដែល​ព្រះ​សាស្ដា និមន្ត​ចេញ​​បាត់​ពី​វត្ត​ឃោសិតារាម​ទៅ ពួកពុទ្ធ​បរិស័ទ​ខាន​បាន​ស្ដាប់ព្រះ​ធម៌អាថ៌ ក៏​នឹក​ឆ្ងល់​ថា ៖ " ចុះ​ព្រះ​​ពុទ្ធ​​យាង​ទៅ​ណា បាន​ជា​ពុំ​ដែល​ឃើញ​សោះ ? " លុះ​បាន​ដឹង​ថា ព្រះ​ពុទ្ធ​ជា​​​ទ្រង់​ភៀស​ព្រះ​កាយ​ចេញបាត់​ទៅ​ដោយ​សារ​តែ​ពួក​ភិក្ខុ​ទាស់​ទែង​គ្នា ធ្វើ​ឱ្យ​​ព្រះ​អង្គ​លំបាក​ព្រះ​ទ័យ ពួក​គេ​ក៏​នាំ​គ្នា​ថ្កោល​ទោស​លែង​គោរព លែង​ដាក់​បាត្រ ដូច​ពេល​សព្វ​ដង​ទៀត ។ ពួក​​ភិក្ខុ​ទាំង​នោះ ក៏​រស់​នៅយ៉ាង​លំបាក​ដោយ​ខ្វះ​ខាត​ចតុប្បច្ច័យ ទើប​យល់​ពី​កំហុស​របស់​ខ្លួន ហើយ​គិត​នាំ​គ្នា​ទៅ​សុំ​​ខមាទោស​ចំពោះ​ព្រះ​ពុទ្ធ​ ប៉ុន្តែ​​ពេល​នោះ ជួន​ជា​ថ្ងៃ​ចូល​​វស្សា បាន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ទ្រាំ​ចូល​វស្សា​ទាំង​លំបាក​ខ្វះខាត​តទៅ ។


លុះ​ពេល​ចេញ​វស្សា​ហើយ អនាថបិណ្ឌិក​សេដ្ឋី នាង​វិសាខា និង​ភិក្ខុ​ចំនួន ៥០០ អង្គ បាន​​សុំ​ឱ្យ​​អានន្ទ​ទៅ​និមន្ត​ព្រះ​សាស្ដា​ពី​ព្រៃ​មក​កាន់​វត្ត​ជេនពន ព្រោះ​ពួក​គេ​ខាន​បាន​ស្ដាប់​ធម្មទេសនា​​របស់​ព្រះ​អង្គ​​​ច្រើន​ខែ​កន្លង​មក​ហើយ ។ ព្រះ​អានន្ទ​ ក៏​បាន​​នាំ​ពួក​ភិក្ខុ​ចំនួន ៥០០ អង្គ​ទៅ​កាន់​សំណាក់​ព្រះ​ពុទ្ធ ។ កាល​និមន្ត​ជិត​ដល់​អាស្រម  ព្រះ​អានន្ទ​​ក៏​បាន​​គិ​ត​ថា ៖ " អាត្មា​អញ​នាំ​ពួក​ភិក្ខុ​ដ៏​ច្រើន​ដូច្នេះ​ទៅ​ជួប​ព្រះ​សាស្ដា​ ជា​ការ​​មិន​គួរ​គប្បី​​ទេ " ។ ព្រះ​អានន្ទ​​បាន​​បញ្ឈប់​ពួក​ភិក្ខុឱ្យ​​រង់ចាំ​នៅ​ខាង​ក្រៅ​​សិន ទើប​ព្រះ​អានន្ទ​​​ចូល​ទៅ​តែ​មួយ​អង្គ​ឯង​ ។ គ្រាន់​តែ​​ចូល​ទៅ​ដល់​ភ្លាម​ ស្រាប់​តែ​​ដំរី​បាលិលេយ្យកៈ ចាប់​ដំបង​បំរុង​ប្រហារ​ព្រះ​អានន្ទ ប៉ុន្តែ​ព្រះ​សាស្ដា​ទ្រង់​ឃាត់​ថា " កុំ! កុំ! នេះ​ជា​ពុទ្ធុបដ្ឋាក​​របស់​តថាគត​ទេ " ។ ដំរី​ក៏​​ទម្លាក់​​ដំបង​ចោល ។ បន្ទាប់​ពី​ធ្វើ​អភិវន្ទន​កិច្ច​ហើយ ព្រះ​ពុទ្ធ​ទ្រង់​សួរ​ថា " ម្នាល​អាន្ទន អ្នក​មក​តែ​ម្នាក់​ឯង​ទេ​ឬ ? "

ព្រះ​អាន្ទន​ក៏​បាន​​ក្រាប​ទូល​ថា ៖ " ទូល​បង្គំ មក​ជាមួយ​ភិក្ខុ​ចំនួន ៥០០ អង្គ ឥឡូវ​ខ្ញុំ​ព្រះ​អង្គ​បញ្ឈប់​ពួក​ភិក្ខុ​ទាំង​នោះ​​ឱ្យ​​​រង់​ចាំ​នៅ​ខាង​ក្រៅ​ឯនោះ " ។


ព្រះ​សាស្ដា​ទ្រង់​បង្គាប់ឱ្យ​​​នាំ​ភិក្ខុ​ទាំង​នោះ​ចូល​មក ។ ភិក្ខុ​ទាំង​អស់​នោះ លុះ​​ថ្វាយ​​បង្គំ​ព្រះ​ពុទ្ធ​រួច​ ក៏​ក្រាប​ទូល​សួរ​ថា ៖ " ព្រះ​អង្គ​នៅ​តែ​មួយ​អង្គ​ឯង​យ៉ាង​នេះ ទំនង​ជា​មាន​ការ​លំបាក​ណាស់ ព្រោះ​ពុំ​មាន​អ្នក​ណា​បម្រើ " ។

ព្រះ​សាស្ដា​ទ្រង់​តប​វិញ​ថា ៖ " តថាគតនៅ​ទី​នេះ​មាន​ដំរី​បាលិលេយ្យកៈ ជា​អ្នក​បម្រើ​​កិច្ចការ​គ្រប់​យ៉ាង " ។ ជា​មួយ​នោះ ព្រះ​ពុទ្ធ​​ទ្រង់​សំដែង​គាថា ​ថា ៖

សចេ លភេថ និបកំ សហាយំ សទ្ធឹ ចរំ សាធុវិហារិ ធីរំ អភិភុយ្យ សព្វានិ បរិស្សយានិ ចរេយ្យ តេនត្តមនោ សតីមា ។ នោ ចេ លភេថ និបកំ សយាយំ សទ្ធឹ ចរំ សានុវិហារិ​ ធីរំ រាជាវ រដ្ឋំ វិជិតំ បហាយ ឯកោ ចរេ មាតង្គរញ្ញេវ នាគោ ។

ឯកស្ស ចរិតំ សេយ្យោ​ នត្ថិ ពាលេ សហាយតា ឯកោ ចរេ ន ច បាបានិ កយិរា អប្បោស្សុក្កោ មាតង្គរញ្ញេវ នាគោ ។ (ព្រះត្រៃបិដក សៀវភៅ​ភាគ៥២ ទំព័រទី ៩០ ធម្មបទគាថា នាគវគ្គ ទី ២៣)

Sace labhetha nipakam sahayam saddhim caram sadhu vihari dhiram abhibhuyya sabbani parissayani careyya tena' ttamano satima. No ce labhetha nipakam sahayam saddhim caram sadhu vihari dhiram rajava rattham vijitam pahaya eko care matanga' ranneva nago. Ekassa caritam seyyo natthi bale sahayata eko care na ca papani kayira appossukko matanga' ranneva nago.

(Source: Dhammapada Verses 328, 329 and 330 - Sambahulabhikkhu Vatthu.​ Follow the Link)


(ប្រែថា) បើ​បុគ្គល​បាន​​សំឡាញ់ ដែល​មាន​​​ប្រាជ្ញា​ជា​គ្រឿង​រក្សា​ខ្លួន មាន​​ប្រាជ្ញា​ចងចាំ មាន​គុណធម៌​ជា​គ្រឿង​​នៅ​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច ជា​អ្នក​ត្រាច់​ទៅ​​ជាមួយ​​​គ្នា គួរ​ជា​អ្នក​មាន​ចិត្ត​ត្រេកអរ មាន​ស្មារតី គ្រប​​​សង្កត់​​សេចក្ដី​​អន្តរាយ​ទាំង​ពួង​ ហើយ​ត្រាច់​ទៅ​ជាមួយ​​​នឹង​សំឡាញ់​នោះ​ឯង ។ បើ​​ស្វែងរក​មិន​បាន​សំឡាញ់ ដែល​មាន​ប្រាជ្ញា​ជា​គ្រឿង​រក្សា​ខ្លួន មាន​ប្រាជ្ញា​ចងចាំ មាន​គុណធម៌​ជា​គ្រឿង​ញ៉ាំង​ប្រយោជន៍​ឲ្យ​សម្រេច ជា​អ្នក​ត្រាច់​ទៅ​ជាមួយ​ទេ គួរ​ត្រាច់​ទៅ​តែ​ឯង​វិញ ដូច​ព្រះ​រាជា​លះបង់​រដ្ឋ ដែល​ទ្រង់​ឈ្នះ​ហើយ​ស្ដេច​ទៅ​តែ​ឯកអង្គ ពុំនោះសោត ដូច​ដំរី​ឈ្មោះ​មាតង្គៈ​ដែល​លះ​ហ្វូង​ត្រាច់​ទៅ​តែ​ឯកអង្គ​ក្នុង​ព្រៃ ដូច្នោះ​ដែរ ។ ការ​​ត្រាច់​ទៅ​​របស់​បុគ្គល​ឯក​អង្គ ជា​គុណជាតិ​ប្រសើរ​ផុត (ព្រោះ​ថា) សហាយតាគុណ រមែង​មិន​មាន​​ក្នុង​ជន​ពាល​ឡើយ បុគ្គល​នោះ​គប្បី​ជា​អ្នក​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ ត្រាច់​ទៅ​តែ​ម្នាក់​ឯង​ផង មិន​គប្បី​ធ្វើ​​​អំពើ​បាប​ទាំងឡាយ​ផង ដូច​ដំរី​ឈ្មោះ​មាតង្គៈ ជា​សត្វ​មិន​មាន​សេចក្តី​ខ្វល់ខ្វាយ លះបង់​ហ្វូង ត្រាច់​ទៅ​តែ​ឯកឯង​ក្នុង​ព្រះ ដូច្នោះ​ដែរ ។

(ព្រះត្រៃបិដក សៀវភៅ​ភាគ៥២ ទំព័រទី ៩០ ធម្មបទគាថា នាគវគ្គ ទី ២៣)


ពេល​ព្រះ​ពុទ្ធ​ពោល​​ចប់​គាថា​នេះ​ហើយ ពួក​ភិក្ខុ​ទាំង ៥០០ អង្គ​ក៏​បាន​សម្រេច​មគ្គផល​​គ្រប់​​​អង្គ ។

ឆ្លៀត​ពេល​នោះ ព្រះ​អាន្ទន​ក៏​ក្រាប​ទូល​ព្រះ​ពុទ្ធ​​អំពី​បំណង​របស់​អរិយសាវ័ក​ដ៏​ចម្រើន មាន​អានាថបិណ្ឌិក​សេដ្ឋី​ជាដើម ក្នុង​ការ​សុំ​យាង​ព្រះ​សាស្ដា​ទៅ​វិញ ។ ព្រះ​សមុទ្ធ​គ្រាន់តែ​​ទ្រង់​ព្រះ​សណ្ដាប់​ភ្លាម​ក៏​ទ្រង់​បញ្ជា​ឱ្យ​​យក​បាត្រ និង​ចីវរ ហើយ​ចេញ​ពុទ្ធ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​វត្ត​ជេតពន​ភ្លាម ។

គ្រា​នោះ ព្រះ​សាស្ដា​ទ្រង់​ត្រាស់​នឹង​ដំរី​បាលិលេយ្យកៈ​ថា ៖ " ម្នាល​បាលិលេយ្យកៈ! ដំណើរ​នេះ​ជា​ដំណើរ​មិន​ត្រឡប់​វិញ​របស់​តថាគត ឈាន​ក្ដី វិបស្សនា​ក្ដី មគ្គ​ក្ដី ផល​ក្ដី មិន​មាន​ដល់​អ្នកក្នុង​អត្តភាព​នេះ​ទេ អ្នក​ចូរ​ស្ថិត​នៅ​ចុះ " ។ គ្រាន់​តែឮ​បន្ទូល​នេះ​ភ្លាម​ ដំរី​យក​ប្រមោយ​​ញាត់​ក្នុង​មាត់ ស្រែក​រោទ៍​យ៉ាង​ខ្លាំង​ដើរ​តាម​ក្រោយ​ព្រះ​សាស្ដា ។

កាល​បើ​ជិត​ដល់​ភូមិ​ស្រុក​ហើយ ព្រះ​សាស្ដា​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ដំរី​ថា ៖ " ម្នាល​បាលិលេយ្យកៈ! ចាប់​ពី​ទី​នេះ​ទៅ មិន​មែន​ជា​ទី​នៅ​អាស្រ័យ​របស់​អ្នក​ទេ គឺ​ជា​ទី​នៅ​អាស្រ័យ​របស់​មនុស្ស អ្នក​ឈប់​ត្រឹម​នេះ​ចុះ " ។

ដំរី កាល​ឮ​ពុទ្ធដីកា​នោះ​ភ្លាម ក៏​ឈប់​ឈរ​ត្រឹង​ស្រែក​យ៉ាង​ខ្លាំង សម្លឹង​មើល​ដំណើរ​ព្រះ​សាស្ដា​មិន​ពព្រិច​ភ្នែក ។ គ្រាន់​តែ​ព្រះ​ពុទ្ធ​​និមន្ត​ផុត​រង្វង់​ចក្ខុ​របស់​ខ្លួន ដំរី​នោះ​ក៏​បែក​ទ្រូង​ស្លាប់ ហើយ​បាន​ទៅ​កើត​នៅ​​ស្ថាន​ត្រៃត្រិង្ស មាន​នាម​ថា បាលិលេយ្យកទេវបុត្រ ។ ​

ព្រះ​សាស្ដា​ទ្រង់​មិន​និមន្ត​ដល់​វត្ត​ជេតពន ពួក​កោសម្ពិកភិក្ខុ​​ដឹង​ហើយ​ក៏​ប្រញាប់​ប្រញាល់​ទៅ​សុំ​ខមាលទោស​ចំពោះ​ព្រះ​អង្គ ។ ពេល​នោះ ព្រះ​បាទ​ព្រហ្មទត​និង​អនាថបិណ្ឌិកសេដ្ឋី​ បាន​ឮ​ដំណឹង​នេះ ក៏​ទៅ​ទូល​ព្រះ​ពុទ្ធ​​ថា ៖ " ខ្ញុំ​ព្រះ​អង្គ​មិន​ឱ្យ​​ពួកកោសម្ពិកភិក្ខុ​ដែល​ទាស់​ទែង​គ្នា​នោះ​ចូល​មក​កាន់​ក្រុង និង​វត្ត​ខ្ញុំ​ព្រះ​អង្គ​ឡើយ " ។

ព្រះ​សាស្ដា​ទ្រង់​ទៅ​វិញ​ថា ៖ " កុំ​អី ព្រោះ​ភិក្ខុ​ទាំង​នោះ ជា​អ្នក​នៅ​មាន​សីល គ្រាន់​តែ​ទាស់​ទែង​គ្នា និង​មិន​ស្ដាប់​ឱវាទ​​របស់​តថាគត​ប៉ុណ្ណោះ ។ ឥឡូវ​ពួក​​គេ​មក​សុំ​ទោស​តថាគត​ហើយ ។ សូម​ឱ្យ​​ពួក​គេ​ចូល​មក​ចុះ " ។

ចំណែក​ពួក​ភិក្ខុ​ដទៃ​ទៀត ក៏​មិន​ព្រម​អង្គុយ ឈរ​ជិត ឬ​និយាយ​រក​ពួក​កោសម្ពិកភិក្ខុ​ដែរ ។ មនុស្ស​ទាំង​ឡាយ​ដែល​មក​កាន់​ទី​នោះ ក៏​នាំ​គ្នា​ចូល​ទៅ​សួរ​ព្រះ​សាស្ដា​ថា ៖ " ពួក​ភិក្ខុ​ដែល​ទាស់ទែង​គ្នា​នៅ​ឯណា ? "

ព្រះ​ពុទ្ធ​​ទ្រង់​តប​ថា ៖ " នុះ! នុះ! " ។

មនុស្សទាំង​ឡាយ​ក៏​ចង្អុល​ប្រាប់​គ្នីគ្នា​ថា ៖ " នុះ​តើ ភិក្ខុ​ដែល​ទាស់ទែង​គ្នា ! " ។

ពួក​កោសម្ពិកភិក្ខុ មាន​ការ​អៀន​ខ្មាស់​យ៉ាង​ខ្លាំង មិន​ហ៊ាន​ងើប​មុខ ក្រាប​ចុះ​ទៀប​ព្រះ​បាទា​ព្រះ​ពុទ្ធ​ សុំ​ឱ្យ​ព្រះ​សាស្ដា​មេត្តា​អត់​ទោស​ឱ្យ​​ខ្លួន ។

ព្រះ​សាស្ដា​ទ្រង់​ត្រាស់​ថា​ ៖ " ម្នាល​ភិក្ខុទាំង​ឡាយ​! អ្នក​ទាំង​ឡាយ​ធ្វើ​អំពើ​អាក្រក់ តថាគត​ណែនាំ​ឱ្យ​​លះ​បង់​ចោល ប៉ុន្តែ​អ្នក​ទាំងឡាយ​មិន​ព្រម​ស្ដាប់​សោះ ។ នេះ​វា​ផ្ទុយ​ស្រឡះ​ពី​អ្នក​ប្រាជ្ញ​ពី​បុរាណ ព្រោះ​លោក​ទាំង​នោះ​ជឿ គោរព ធ្វើ​តាម មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​ដំបូន្មាន​ឪពុក​ម្ដាយ​របល់​លោក​ទេ ទោះ​បី​មាតា​បិតា​លោក​អនិច្ចកម្ម​ទៅ​ហើយ​ក៏​ដោយ " ។

ពេល​នោះ ពួក​កោសម្ពិកភិក្ខុ ក៏​បាន​យល់​ច្បាស់​ពី​កំហុស​​របស់​ខ្លួន​ ហើយ​ធ្វើ​សង្ឃ​សាមគ្គី​ឧបោសថ​ជានា​គ្នា តរៀង​ទៅ ។

ភ្លើង​ឆេះ​ពី​សំរាម ។ រឿង​តូច​តាច​សោះ អាច​បណ្ដាល​ឱ្យ​​ជារឿង​​ធំ​បាន​រហូត​បែក​បាក់​ជាបក្ស ជា​ពួក ប្រឈម​មុខ​ដាក់​គ្នា ប្រទូសរ៉ាយ​គ្នា ភ្លេច​ថា​​ខ្លួន​ជា​អ្នក​បួស ជា​សមណសក្យ​បុត្ត ។

ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ គួរ​យក​ធម៌​វិន័យ​ជា​ធំ ( ធម្មាធិបតេយ្យ ) ដើម្បី​រក្សា​តម្លៃ​​ និង​សាសនា​របស់​ខ្លួន ។ ប្រសិនបើ​ឃើញ​អ្នក​ណា​មួយ​ប្រព្រឹត្ត​ខុស​ឆ្គង គប្បី​ជួយ​តាស់​តឿន ក្រើន​រំលឹក​គ្នា​ក្នុង​ន័យ​ស្ថាបនា ក្នុង​ន័យ​មនោសញ្ចេតនា​សន្ដោស ចង់​ឲ្យ​​អ្នក​ដែល​ជ្រុល​ប្រព្រឹត្ត​ខុស​នោះ​​មាន​ឱកាស​​ភ្ញាក់​រលឹក ​កែ​លម្អ​​ខ្លួន​ឡើង​វិញ ទាន់​​ពេលវេលា ។ ប្រសិន​បើ​ឃើញ​សហធម្មិក​ផង​គ្នា​ត្រូវ​អាបត្តិ ​គួរ​ជួយ​ក្រើន​រំលឹក ឬ​បង្ក​លក្ខណៈងាយ​ស្រួល​ឱ្យ​​ធម្មិក​​នោះ បាន​សំដែង​អាបត្តិ​នោះ​ផង ចៀស​វាង​ចាំ​តែ​ចាប់​កំហុស បន្ដុះ​បង្អាប់ សន្សំ​រឿង​ហេតុ មើល​ឃើញ​កំហុស​តូច​តាច​របស់​គេ ហាក់​ប៉ុន​ភ្នំ ពេល​ស្រឡាញ់ មើល​ឃើញ​សុទ្ធ​តែ​ត្រូវ សុទ្ធ​តែ​ល្អ ពេល​ស្អប់ មើល​ឃើញ​សុទ្ធ​តែ​ខុស សុទ្ធ​តែអាក្រក់​ទាំង​អស់ ។ រី​ឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​ជ្រុល​​ហើយ​នោះ ក៏​ត្រូវ​តែ​ចេះ​វិភាគ ចេះ​ភ្ញាក់​រលឹក ខំ​កែលម្អ​​ជា​បន្ទាន់ ជៀង​វាង​អស្មិ​មានៈរឹង​រូស​យក​ត្រូវ​ម្នាក់​ឯង មិន​ហ៊ាន​ទទួល​កំហុស ខ្លាច​បាក់​មុខ និង​ប៉ះពាល់​​​កិត្តិយស​ខ្លួន ។

កន្លង​មក តាមការ​ពិនិត្យ​ឃើញ​ថា នៅ​វត្ត​ខ្លះ​មាន​ការ​បែក​បាក់​​សាមគ្គី​គ្នា​រវាង​ព្រះ​សង្ឃ​និង​ព្រះ​សង្ឃ ដោយ​សារ​តែ​រឿង​ជែង​លាភ​សក្ការៈ ជែង​មុខ​មាត់​គ្នា បន្តិច​បន្តួច ហើយ​ឆេះ​រាល​ដាល​ទៅ​ជា​អធិករណ៍ ក៏​មាន ។ អ្នក​ខ្លះ​ពេញ​ចិត្ត​លោក​​គ្រូ​សូត្រ​ ស្អប់​លោកគ្រូ​ចៅ​អធិការ ​ពួក​គេ​​ខំ​អួតអាង​​លើក​តម្កើង ឬ​បន្តុះ​បង្អាប់ ចាប់​កំហុស កាច់​បំបាក់​តែ​ម្ខាង​ៗ លែង​មើល​ឃើញ​ការ​ពិត​ត្រឹម​ត្រូវ​តាម​ធម៌​វិន័យ​អ្វី​ទាំង​អស់ ។ យូរ​ៗ​ទៅ លោក​គ្រូ​ចៅ​អធិការ និង​លោក​​គ្រូ​សូត្រ ក៏​ហាក់​ក្លាយ​ទៅ​ជា​មាន់​ដែល​គេ​​លាប​ធ្យូង​មុខ​ឱ្យ​​ជល់​គ្នា ហើយ​ខិត​ខំ​តែ​ពី​ប្រឹង​គន់​រំពៃ​ទោស ចាប់​កំហុស​គ្នា ចោទ​ប្រកាន់ កាច់​បំបាក់​​គ្នា ។ លទ្ធផល​ចុង​ក្រោយ បាន​ត្រឹម​តែ​ការ​បែកបាក់​ ប្រេះ​ឆា​គ្នា​​ជា​ពីរ ជា​បី​ពួក ហើយ​វត្ត​អារាម​គ្មាន​មេកោយ​​ពិត​ប្រាកដ អនាធិបតេ្យ អន្តរាយ គ្មាន​ការ​រីក​ចម្រើន ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ក៏​ដូច​ជា​ការងារ​សង្គម​ផ្សេង​ៗ ។

ពុទ្ធ​បរិស័ទ​ទាំងឡាយ​ ជា​ពិសេស​ភិក្ខុសង្ឃ  គួរ​ប្រុង​ប្រយ័ត្ន​កុំ​ឱ្យ​​រឿង​បែប​នេះ​កើត​មាន​នៅ​ក្នុង​​សាសនា​របស់​​យើង ។ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ប្រិត​ប្រៀង​ក្នុង​ការ​ប្រតិបត្តិ​ធម៌ និង​វិន័យ សំដៅ​ធ្វើ​ឱ្យ​​ព្រះ​ពុទ្ធ​សាសនា រក្សា​បាន​តម្លៃ​សីលធម៌ និង​តួនាទី​របស់​ខ្លួន​ក្នុង​សង្គម ក្នុង​ភាព​​ត្រឹមត្រូវ ​បរិសុទ្ធ ម៉ត់ចត់ តាម​ពុទ្ធ​ប្បញ្ញត្តិ និង​ពុទ្ធា​នុញ្ញាត ព្រម​ទាំង​រក្សា​បាន​នូវ​ជំនឿ​របស់​ប្រជា​រាស្ត្រ​ចំពោះ​ព្រះ​ពុទ្ធ​សាសនា និង​រក្សា​បាន​ឋានៈ​ជា​សាសនា​របស់​រដ្ឋ តទៅ ។

ឯកសារ​យោង[កែប្រែ]

1.     ដោយ​ ម៉ែន ប្រាង និង អាំ ឆន

2.     តាម​ព្រះ​យោបល់​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជគណៈ​មហានិកាយ

3.     ​ព្រះ​ត្រៃបិដក វិន័យ​បិដក សៀវភៅភាគ៨

4.     ​ធម្មបទអដ្ឋកថា ភាគ​ទី ១

5.     ព្រះត្រៃបិដកសៀវភៅ​ភាគ៥៩ ទំព័រទី ១៣៧ ​កោសម្ពិយជាតក​ ​ទី២

6.     ព្រះត្រៃបិដក សៀវភៅ​ភាគ៥២ ទំព័រទី ៩០ ធម្មបទគាថា នាគវគ្គ ទី ២៣

7.     http://ti-kh.org/books?book=59&page=137

8.     https://www.tititudorancea.com/z/kosambiyajatakam_tpkmjt0428.htm

9. https://www.tipitaka.net/tipitaka/dhp/verseload.php?verse=328