Jump to content

រឿង​គោ តោ និង ឆ្កែ​ព្រៃ

ពីវិគីភីឌា

វគ្គទី ១ ការបាត់មិត្ត

[កែប្រែ]

នេះជាភាគដំបូងនៃតន្រ្តទី១ ហៅថា “ការបាត់មិត្ត”។

“មហាមិត្តបានកើតឡើងនៅក្នុងព្រៃរវាងតោ និង គោ តែវាត្រូវបំផ្លាញទៅវិញដោយសារតែឆ្កែព្រៃកំនាចនិងលោភលន់”។ ដើមហេតុនៃរឿងនេះមានដូចតទៅ៖

នៅឥណ្ឌាភាគខាងត្បូងមានក្រុងមួយឈ្មោះ មហិលរោព្យាម។ កូនប្រុសរបស់មហាសេដ្ឋីម្នាក់រស់នៅទីនោះ។ គាត់មានឈ្មោះថា វធ៌ម។ យប់មួយ ពេលគាត់កំពុងតែសំរាកលើគ្រែ គាត់មានគំនិតច្របូកច្របល់មួយ។ នេះជាអ្វីដែលមាននៅក្នុងចិត្តគាត់។ “សូម្បីតែមនុស្សម្នាក់ដែលមានលុយច្រើនរាប់មិនអស់ទៅហើយ ក៏មនុស្សម្នាក់នោះនៅតែប្រឹងរកលុយថែមទៀត។ ដូចពាក្យគេនិយាយថា៖

  • ១ គ្មានអ្វីនៅក្នុងជីវិតដែលលុយមិនអាចទិញបាននោះទេ ហើយ ដូច្នេះបណ្ឌិតម្នាក់នឹងប្រឹងធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់ចំរើនឡើង។ បើមនុស្សម្នាក់មានលុយ គាត់នឹងមានមិត្តភក្តិ។ ពេលគាត់មានលុយ នោះនឹងមានញាតិរាប់អាន។ លើលោកនេះ មនុស្សចំលែកម្នាក់ត្រលប់ទៅជាញាតិសណ្តានឲ្យតែមានលុយ រីឯអ្នកក្រវិញ គ្មានញាតិមិត្តរាប់រក។ អ្នកមានលុយ ជួនកាលគេចាត់ទុកដូចជាបណ្ឌិតទៅទៀត។
  • ២ តែលុយធ្វើឲ្យយើងឆាប់ចាស់ ដោយសារតែចង់បានវាពេក។

វធ៌ម ក៏ធ្វើការសំរេចចិត្តមួយ។ នៅថ្ងៃល្អណាមួយ គាត់់នឹងចាកចោលបងៗរបស់គាត់ ហើយរៀបចំចេញដំណើរទៅធ្វើមធុរ តាមបំនងរបស់គាត់។ គាត់មានគោ២ មួយឈ្មោះសន្ជិវក និង មួយទៀតឈ្មោះ នន្តក។ គោទាំងពីរក្បាលសុទ្ធតែកើតនៅផ្ទះរបស់គាត់ ហើយអាចដឹកបានវត្ថុធ្ងន់ៗ។ គាត់ទឹមគោពីរនេះនឹងរទេះមួយ រួចចេញដំណើរ ដោយមានអ្នកបំរើពីរបីនាក់ទៅតាមផង។

ច្រើនថ្ងៃបន្ទាប់មក នៅពេលដែលពួកគេទៅដល់មាត់ទន្លេយមុន គោមួយឈ្មោះសន្ជិវក បាក់ជើងរួចដួលនឹងដី។ វធ៌មអាណិតគោរបស់គាត់ជាខ្លាំង គាត់ក៏ឈប់សំរាកនៅទីនោះបីយប់។

នៅពេលដែលពួកអ្នកបររទេះឃើញវ៌ធមខូចចិត្តបែបនេះ ក៏និយាយនឹងគាត់ថា “លោកម្ចាស់ តើចាំបាច់អ្វីនឹងឈប់សំរាកនៅក្នុងព្រៃដែលសំបូរទៅដោយខ្លានិងតោបែបនេះ ព្រោះតែគោមួយក្បាលនោះ បើគោនេះសំរាប់តែបូជាអ្វីៗទាំងអស់ដើម្បីយើងទៅហើយ។ ដូចពាក្យគេនិយាយថា

  • ៣ បណ្ឌិតមិនលះបង់ប្រយោជន៍ធំដើម្បីប្រយោជន៍តូចនោះទេ

ពេលគាត់លឺពួកគេនិយាយដូចនេះ វធ៌ម ក៏ទុកមនុស្សពីរនាក់ឲ្យនៅមើលគោរបួសនោះ ហើយចេញដំណើរទៅមុខទៀត។ ប៉ុន្មានថ្ងៃបន្ទាប់មកបុរសពីរនាក់ដែលវធ៌មទុកឲ្យមើលគោនោះ ក៏តាមមកទាន់។ ពួកគេគិតថាពួកគេអាចមានគ្រោះថ្នាក់បើបន្តនៅក្នុងព្រៃជ្រៅបែបនេះទៀត ដូច្នេះគេក៏កុហកវធ៌មថា “លោកម្ចាស់ សន្ជិវកស្លាប់បាត់ហើយ។ យើងបានបូជាសពវារួចហើយ”។ ពេលគាត់លឺបែបនេះ វធ៌មក៏សង្រួមកាយវិចារចិត្តដើម្បីសំដែងក្តីដឹងគុណរបស់គាត់ចំពោះបំរើល្អរបស់គាត់ ដែលបានស្លាប់ទៅ។

ប៉ុន្តែតាមពិតទៅសន្ជិវកមិនទាន់ស្លាប់ទេ។ វាស៊ីស្មៅខ្ចីៗដែលដុះនៅមាត់ទន្លេយមុន ហើយក៏ចាប់ផ្តើមមានកំលាំង រួចក៏អាចក្រោកឈរវិញបាន។ វាក្លាយជាគោធាត់ និងមានកំលាំង។ វាដូចពាក្យគេនិយាយថា

  • ៤ មនុស្សសំនាងល្អ ទោះបីជាគ្មានអ្វីការពារក៏ដោយ ក៏គង់រួចផុតពីក្តីវិនាស តែមនុស្សសំនាងអាក្រក់វិញ នោះជួបតែការវិនាស សូម្បីតែមានអ្វីគ្រប់យ៉ាងមកការពារក៏ដោយ។ មនុស្សម្នាក់ដែលគេបោះបង់ចោលក្នុងព្រៃដោយគ្មានអ្វីការពារនៅតែអាចរស់បាន ទោះបីជួបគ្រោះថ្នាក់អាក្រក់សមបើនឹងស្លាប់យ៉ាងណាក៏ដោយ ក៏យ៉ាងហោចណាស់បានមកស្លាប់នៅនឹងផ្ទះរបស់គាត់ដែរ។

នៅក្នុងព្រៃនោះមានតោមួយឈ្មោះ ពិន្គល ដែលមានសត្វជាច្រើននៅក្រោមអំនាចរបស់វា។ ថ្ងៃមួយវាស្រេកទឹក ហើយក៏ដើរទៅទន្លេយមុនដើម្បីផឹកទឹក។ នៅទីនោះវាលឺសំលេងរោទិ៍យ៉ាងខ្លាំងពីចំងាយរបស់សន្ជិវក។ ពិន្គលមានសេចក្តីភ័យខ្លាចយ៉ាងខ្លាំង តែលាក់បាំងសេចក្តីភ័យខ្លាចនេះ ហើយទៅអង្គុយនៅក្រោមដើមពោធិ៍មួយ។ វាហៅសត្វឯទៀតមកជួបជុំគ្នា។ នៅពេលដែលពួកសត្វទាំងអស់នោះឃើញតោត្រលប់មក វិញដោយមិនទាន់បានផឹកទឹកផងនោះ ពួកក៏ចាប់ផ្តើមសួរគ្នាទៅវិញទៅមក។

ទម្នក”នែសំលាញ់ កត៌ក លោកម្ចាស់របស់យើងទៅផឹកទឹក តែត្រលប់មកវិញដោយមិនទាន់ទាំងបានផឹកទឹកផង ហើយឥលូវអង្គុយក្រោមដើមពោធិ៍ ហើយមានអ្នកហែរហមអង្គុយជុំវិញ។”

កត៌ក ក៏តបថា “តើរឿងនេះមានអីទាក់ទងនឹងយើង? ព្រោះថា

  • ៥ មនុស្សដែលយកកិច្ចការមិនបានប្រយោជន៍ដល់ខ្លួនមកដាក់ខ្លួន បានតែក្តីវិនាសប៉ុណ្ណោះ

ដូចស្វាដែលយកស្នៀតចេញពីគល់ឈើអញ្ចឹង“

ទម្នក សួរថា “រឿងនោះវាយ៉ាងម៉េច?”

កត៌ក ក៏និយាយរឿង ស្វានិងគល់ឈើ

ឯកសារយោង

[កែប្រែ]
  1. បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
  2. Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)