រឿងឆ្កែព្រៃនិងឥសី
វគ្គទី ១ ការបាត់មិត្ត
[កែប្រែ]កាលពីព្រេងនាយ មានឥសីម្នាក់ឈ្មោះថា ទេវសម៌ តាំងសីលនៅក្នុងអាស្រមមួយឆ្ងាយដាច់ពីគេ។ មនុស្សជាច្រើនបានមកជួបគាត់ ហើយជូនវត្ថុមានតម្លៃជាច្រើនដល់គាត់ ហើយគាត់បានយកវាទៅលក់ទទួលបានប្រាក់ជាច្រើន។ ដោយសារតែគាត់មានបានបែបនេះ គាត់មិនជឿទុកចិត្តលើនរណាទាំងអស់។ ទាំំងយប់និងថ្ងៃ គាត់ដាក់ថង់ប្រាក់របស់គាត់នៅក្រោមក្លៀករបស់គាត់រហូត ហើយយកតាមខ្លួនជាប់រហូត មិនដែលទុកចោលសូម្បីតែមួយភ្លែត។ ដូចជាពាក្យចាស់គេនិយាយថា៖ “២៨)រកប្រាក់ជារឿងដ៏លំបាកបំផុត ហើយថែររក្សាវាកាន់តែលំបាកទៅទៀត។ ប្រាក់ចេញនិងចូល បណ្តាលឲ្យយើងសៅហ្មង។ ចង្រៃយ ប្រាក់គឺជាប្រភពនៃទុក្ខព្រួយគ្មានទីបញ្ចប់មែន!”
ជនបោកប្រាស់ម្នាក់ឈ្មោះ អសទ្ធាពុត ដែលធ្លាប់តែដើរប្លន់ប្រាក់អ្នកស្រុក បានដឹងថាតាឥសីនោះទុកប្រាក់នៅក្រោមឃ្លៀករបស់គាត់។ វាគិតក្នុងចិត្តថា “តើអញធ្វើម៉េចបោកយកប្រាក់របស់វាបាន? អញមិនអាចចោះប្រហោងតាមជញ្ជាំងអាស្រមដ៏ម៉ាំនេះបានទេ ហើយក៏មិនអាចផ្លោះរបងដែលខ្ពស់បែបនេះបានដែរ។ ដូច្នេះអញនឹងបោកតានេះ នឹងពាក្យសម្តីទន់ភ្លន់របស់អញ សុំវាធ្វើជាកូនសិស្ស។ ហើយពេលដែលវាជឿជាក់លើអញហើយ ថ្ងៃណាមួយវានឹងធ្លាក់ចូលក្នុងកលល្បិចអញមិនខាន។ ដូចពាក្យចាស់គេនិយាយថា
២៩) មនុស្សមិនចង់មានចង់បាន មិនចេះលួចរបស់គេ មនុស្សគ្មានតណ្ហា មិនចេះតុបតែងកាយ មនុស្សឆ្កួត មិនចេះនិយាយលាក់ពុត មនុស្សនិយាយត្រង់ មិនចេះបោកប្រាស់ “
នៅពេលដែលវាគិតបានសព្វគ្រប់ហើយ អសទ្ធាពុត ក៏ធ្វើដំណើរទៅកាន់អាស្រមរបស់ ទេវសម៌។ វាទៅលត់ជង្គង់ថ្វាយបង្គំនៅមុខតាឥសី ហើយនិយាយថា
“ឱព្រះភគវ័នអើយ ជីវិតនេះពិតជាគ្មានខ្លឹមសារអ្វីសោះ! យុវវ័យបាត់បង់ទៅដូចជាទឹកជ្រោះហូរធ្លាក់ពីលើភ្នំ។ ជីវិតដូចជាភ្លើងឆេះលើស្មៅ។ សេចក្តីរីករាយបានតែមួយប៉ព្រិចភ្នែក ប្រែប្រួលដូចជាពពកនៅខែភ្លៀង។ ចំណងមិត្រភាព ប្រពន្ធកូន និងបម្រើគ្រាន់តែជាសុបិនប៉ុណ្ណោះ។ ឥលូវនេះខ្ញុំភ្លឺភ្នែកហើយ។ ឥលូវនេះសូមលោកតាជួសប្រោសកូនចៅផង! សូមជួយកូនចៅឆ្លងមហាសមុទ្រនៃជីវិតនេះផង។”
នៅពេលដែលទេវសម៌ ឮបែបនេះ គាត់និយាយថា
“កូនប្រុស តាមពិតកូនប្រុសហៅថាបានដឹងនូវធម៌ខ្លះហើយ ដែលបានបោះបង់លោកនេះក្នុងយុវវ័យបែបនេះ។ កូនប្រុសសួរពីផ្លូវឆ្លងកាត់មហាសមុទ្រនៃជីវិត។ អញ្ចឹងចូរស្តាប់។ តាមគំនិតរបស់តា
៣០) ចិត្តរបស់មនុស្សប្រសើរ មានលក្ខណៈចាស់ទុំបើទោះបីជារាងកាយនៅក្មេងខ្ចីក៏ដោយ រីឯរាងកាយរបស់មនុស្សចាស់ កាន់តែចាស់ទ្រុឌទ្រោមទៅ តែគំនិតគាត់នៅតែក្មេងដដែល។
នៅពេលដែលអសទ្ធាពុត ឮបែបនេះ វាក៏ពុតធ្វើក្រាញននៀលឱបជើងតាឥសី និយាយថា “ឱព្រះភគវ័នអើយ សូមជួយនាំផ្លូវកូនផង”
ទេវសម៌ក៏តបថា
“ចៅអើយ តានឹងយល់ព្រម តែចៅឯងត្រូវគោរពតាមលក្ខខណ្ឌមួយ។ ចៅមិនត្រូវចូលក្នុងអាស្រមនេះនៅពេលយប់ទេ ព្រោះឥសីត្រូវគង់នៅតែម្នាក់ឯងនៅពេលយប់ មិនឲ្យមានអ្នកហែរហមទេ។ ដូច្នេះរវាងតា និងចៅឯង យើងក៏ត្រូវតែគោរពច្បាប់នេះដែរ។ ព្រោះគេនិយាយថា
៣០) ស្តេចរលាយដោយសារមន្ត្រីអាក្រក់ ឥសីដោយសារអ្នកប្រតិបត្តតាម កូនប្រុសដោយសារការទំយើហួស ព្រាហ្មណ៍ដោយសារមិនរៀនសាស្ត្រាឲ្យបានជ្រៅជ្រះ ជំនួញឬកសិកម្មដោយសារការធ្វេសប្រហែស គ្រួសារនិងអត្តចរឹកដោយសារទាក់ទងមនុស្សអាក្រក់”
ហើយតាឥសីក៏បន្តថា
“អញ្ចឹង បន្ទាប់ពីចៅឯងរៀនធម៌ថ្នាក់ដំបូងហើយ ចៅឯងត្រូវទៅដេកនៅមាត់ទ្វាររបងអាស្រមទៅ។”
អសទ្ធាពុតក៏និយាយថា
“ខ្ញុំនឹងធ្វើពាក្យលោកតាបង្គាប់ទាំងអស់” នៅពេលរៀបដេក ទេវសម្មា បានបង្រៀនធម៌ដល់អសទ្ធាពុត។ អសទ្ធាពុត បានធ្វើសរសៃដៃនិងជើងឲ្យតាមឥសី រងចាំតែឱកាសល្អអាលនឹងលួចប្រាក់រត់។ តែគ្មានបានប្រយោជន៍អីទេ ព្រោះទេវសម្មា មិនដែលទុកថង់ប្រាក់ចោលតែផ្តាសឡើយសូម្បីតែមួយប៉ព្រិចភ្នែក។
មួយរយៈក្រោយមក អសទ្ធាពុត ក៏ចាប់ផ្តើមគិតក្នុងចិត្តថា
“តានេះមិនទុកចិត្តអញសូម្បីតែបន្តិច! អញគួរតែយកកាំបិតចាក់សម្លាប់វាចោលតែម្តងឬយ៉ាងម៉េច ឬក៏ដាក់ថ្នាំបំពុលវិញ ឬសម្លាប់ចោលដូចសត្វព្រៃ?” នៅពេលដែលវាកំពុងតែគិតបែបនោះ កូនប្រុសរបស់កូនសិស្សរបស់ទេវសម្មា នៅភូមិជិតនោះ បានមកអញ្ជើញតាឥសីទៅចូលរួម។ វានិយាយថា
“ព្រះភគវ័ន ថ្ងៃនេះពួកយើងរៀបចំពិធីបូជាយញ្ញនៅផ្ទះរបស់យើង។ សូមលោកតាអញ្ជើញចូលរួមកុំបីខាន។” ទេវសម្មាក៏យល់ព្រមតាមសេចក្តីអញ្ជើញនោះយ៉ាងរីករាយ ហើយឲ្យអសទ្ធាពុតទៅជាមួយ។ នៅតាមផ្លូវពួកគេបានមកដល់ទន្លេមួយ។ ពេលដែលទេវសម្មាឃើញទន្លេ គាត់ក៏យកថង់ប្រាក់របស់គាត់មូរចូលក្នុងអាវរបស់គាត់ រួចនិយាយនឹង អសទ្ធាពុតថា
“អសទ្ធាពុត ចៅឯងមើលស្បង់ចីវរតា ឲ្យប្រយត្នផង ចាំទាល់តែតាត្រឡប់មកវិញ” ហើយទេវសម្មា ក៏ចុះមុជទឹកទន្លេ។ គ្រាន់តែទេវសម្មាបែរខ្នងភ្លាម អសទ្ធាពុត ក៏ដាក់មេប្រ៉ូចជាមួយនឹងប្រាក់តាឥសីភ្លាម។ នៅពេលនោះ ទេវសម្មាបានឮសម្លេងអ្វីម្យ៉ាង គាត់មើលទៅឃើញ ចៀមពីរក្បាលជល់គ្នា។ ពួកវាជល់គ្នារហូតបែកក្បាលចេញឈាម តែពួកវានៅតែជល់គ្នាទៀត។ មានឆ្កែព្រៃស្រេកឈាមមួយក្បាលបានមកដល់កន្លែងដែលចៀមទាំងពីរក្បាលនោះជល់គ្នា វាចាប់ផ្តើមលិតឈាមដែលហូរលើដីនោះ។ ទេវសម្មាគិតក្នុងចិត្តថា
“បើវាហ៊ានតែចូលទៅចន្លោះចៀមពីរក្បាលនោះ វាច្បាស់ជាងាប់ភ្លាមមួយរំពេច។” ពិតមែនហើយ ដោយសារតែវាស្រេកឈាមខ្លាំងពេក ឆ្កែព្រៃក៏ចូលទៅចន្លោះចៀមទាំងពីរ។ វាក៏ត្រូវចៀមជល់ចំក្បាលស្លាប់ភ្លាមមួយរំពេច។
ទេវសម្មាងូតទឹកហើយ ហើយត្រឡប់មកវិញយ៉ាងយឺត គិតពីរឿងនេះបណ្តើរ គិតពីរឿងប្រាក់របស់គាត់បណ្តើរ។ នៅពេលគាត់មកដល់ បាត់អសទ្ធាពុតជ្រៀប ឃើញតែស្បង់ចីវរ លើដី។ គាត់ខំបើកកកាយរកមើលថង់ប្រាក់របស់គាត់ តែរកមិនឃើញ។ គាត់ក៏ស្រែកជំទាលថា
“ព្រះអើយ! ខ្ញុំត្រូវគេលួចប្រាក់ហើយ!”
ហើយគាត់ក៏ដួលសន្លប់នឹងដី។
បន្តិចក្រោយមក គាត់ដឹងខ្លួនវិញ។ គាត់ក៏ក្រោកឡើង ហើយស្រែកថា
“អាអសទ្ធាពុត! អ្ហែងនៅឯណា! អាបោក! ឆ្លើយអញភ្លាម!។” បន្ទាប់មកគាត់ក៏ដើរតាមដានជើងរបស់អសទ្ធាពុត រហូតដល់ទីប្រជុំជន នៅពេលល្ងាច។ គាត់នៅទីនោះមួយស្របក់ ក៏ត្រឡប់មកអាស្រមវិញ។
ទម្នករក៏បន្តថា
“អញ្ចឹងហើយបានជាខ្ញុំនិយាយថា ឆ្កែព្រៃចន្លោះចៀមជល់គ្នា និង ឥសីទុកចិត្តលើអសទ្ធាពុត គឺពួកគេត្រូវបន្ទោសខ្លួនឯងទើបត្រូវ។”
កត៌កក៏សួរថា
“អញ្ចឹងពេលនេះយើងគួរធ្វើយ៉ាងម៉េចវិញ?”
ទម្នករតបថា
“នៅពេលនេះ ខ្ញុំដឹងថាធ្វើយ៉ាងម៉េចហើយ។ ខ្ញុំនឹងបំបែកបំបាក់ទំនាក់ទំនងរវាងគោនោះនឹងលោកម្ចាស់ ដូចគេនិយាយថា
៣១) ព្រួញមួយបាញ់ចេញមក អាចធ្វើឲ្យបុរសម្នាក់ស្លាប់ឬមិនស្លាប់ តែប្រាជ្ញារបស់មនុស្សឆ្លាតម្នាក់វិញអាចបំផ្លាញសត្រូវបានទាំងហ្វូង។”
កត៌កក៏និយាយថា
“អូ!បងប្រុស បើសិនជា លោកម្ចាស់ពិន្គលករ ឬអាគោសន្ជីវករនោះដឹងថាបងប្រើល្បិចធ្វើឲ្យពួកគេបាក់បែកវិញ បងច្បាស់ជាចប់ហើយ!”
ទម្នករនិយាយថា
“អញ្ចឹងហើយ បានជាខ្ញុំនឹងធ្វើកិច្ចការនេះប្រកបដោយកលល្បិចខ្ពស់បំផុត ដែលធ្វើឲ្យពួកគេគ្មានឱកាសនឹងដឹងជាដាច់ខាត។”
ពេលកត៌កឮបែបនេះ វានិយាយថា
“ល្អណាស់ បងប្រុស តែខ្ញុំខ្លាចណាស់ ព្រោះសន្ជីវករ វាចេះដឹងច្រើន ហើយលោកម្ចាស់កាចសាហាវ។ ទោះបីបងឯងមានប្រាជ្ញាមុតយ៉ាងណាក៏ដោយ ខ្ញុំគិតថាបងមិនអាចបំបែកពួកគេបានទេ។”
ទម្នករតបថា
“សមត្ថភាពខ្ញុំប្រហែលជាមិនដល់មែន តែខ្ញុំនឹងរៀបចំផែនការនេះឲ្យបានល្អ ព្រោះថា
៣២) អ្វីដែលមិនកម្លាំងមិនអាចធ្វើបាន គេអាចធ្វើបានដោយប្រើល្បិច។
ដោយសារខ្សែកមាស ក្អែកអាចសម្លាប់ពស់វែកខ្មៅបាន។”
កត៌កក៏សួរថា
“រឿងហ្នុងយ៉ាងម៉េចខ្លះ?”
ទម្នករ ក៏និទានរឿង “ពស់វែក និង ក្អែក”
ឯកសារយោង
[កែប្រែ]- បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
- Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)