រឿងមូសនិងចៃ
វគ្គទី ១ ការបាត់មិត្ត
[កែប្រែ]ក្នុងប្រទេសមួយ មានស្តេចមួយអង្គដែលមានក្រឡាបន្ទុំ តុបតែងបានយ៉ាងស្អាត។ គ្រែដេកដណ្តប់ដោយភួយធ្វើអំពីក្រណាត់សូត្រពណ៌សដ៏មានតម្លៃ ហើយនៅក្នុងផ្នត់ភួយនោះ មានចៃញីសមួយក្បាល ដែលមានឈ្មោះថា មន្ទវិសរបិនី រស់នៅ។ វាអស្រ័យដោយបឺតឈាមស្តេច រស់នៅយ៉ាងមានសេចក្តីសុខ។
មានថ្ងៃមួយ មានមូសមួយក្បាល ឈ្មោះ អញីមុខៈ បានហើរចូលមកក្នុងបន្ទប់នោះ។ នៅពេលដែលចៃនោះឃើញមូសហើរចូលមក វាក៏ស្រែកថា
“អញីមុខៈ! ហែ្អងមកធ្វើអីនៅទីនេះ? ចេញទៅវិញភ្លាម!”
“អ្នកស្រី” មូសតប “នេះមិនមែនជារបៀបនិយាយនឹងភ្ញៀវនោះទេ បើទោះជាភ្ញៀវនោះគ្មានអ្វីល្អត្រង់ណាសោះក៏ដោយ។ ស្ត្រីមេផ្ទះត្រូវចេះរាក់ទាក់ភ្ញៀវទោះបីភ្ញៀវនោះមានឋានៈតូចទាបយ៉ាងម៉េចក៏ដោយ។ នាងគួរនិយាយថា -សូមស្វាគមន៍! សូមអញ្ជើញអង្គុយ! អ្នកមិនបានមកលេងខ្ញុំច្រើនថ្ងៃហើយ។ មានអីប្លែកទេ ប្រាប់ខ្ញុំផង? អ្នកដូចជាស្គម។ អ្នកមិនអីទេ? ខ្ញុំរីករាយណាស់ដែលបានជួបអ្នកថ្ងៃនេះ!- ហើយជាងនេះទៅទៀត ខ្ញុំធ្លាប់ភ្លក់រសជាតិឈាមច្រើនប្រភេទណាស់ តែខ្ញុំមិនធ្លាប់សាកឈាមស្តេចសោះ។ ខ្ញុំជឿថាវាច្បាស់ជាឆ្ងាញ់ពិសេសមិនខាន ព្រោះស្តេចសោយសុទ្ធតែម្ហូបឆ្ងាញ់ៗ។ ឥលូវនេះ បើអ្នកស្រីអនុញ្ញាត ខ្ញុំចង់ភ្លក់រសជាតិឈាមស្តេចណាស់។ ខ្ញុំមកផ្ទះអ្នកស្រីទាំងស្រេកឃ្លាន។ មន្ទវិសរបិនី វាគ្មានតម្លៃអ្វីទេ បើអ្នកស្រីសប្បាយនឹងឈាមព្រះរាជាតែម្នាក់ឯង! សូមចែករំលែកខ្លះមកខ្ញុំផង។”
“ប៉ុន្តែ អញីមុខៈ” ចៃតប “អញអាចបឺតឈាមស្តេចបាន តែពេលដែលស្តេចដេកលក់ប៉ុណ្ណោះ ប៉ុន្តែឯងវិញ មាត់ឯងស្រួចដូចម្ជុល។ តែបើឯងសន្យាថាចាំស្តេចដេកលក់សិន ចាំបឺតឈាមគាត់ ទើបអញព្រមឲ្យឯងផឹកឈាមរបស់គាត់”។
“ខ្ញុំសូមសន្យា!” មូសតប “ខ្ញុំព្រមទាំងសូមស្បថថាចាំដល់ពេលអ្នកស្រីបឺតឈាមស្តេច រួចហើយ ទើបខ្ញុំបឺតតាមក្រោយ”។
នៅពេល ដែលពួកគេកំពុងតែជជែកគ្នា ស្តេចក៏យាងចូលមកដល់ ហើយប្រាសដេកលើគ្រែ។ មូសក៏ចាប់បឺតឈាមស្តេចភ្លាមដោយមិនចាំដល់ស្តេចសម្រាន្តលក់ទាន់។ ដូចគេនិយាយថា
៤៣) គេមិនអាចកែចរឹកមនុស្សម្នាក់បានដោយការប្រៀនប្រដៅនោះទេ សូម្បីទឹកក្តៅក៏គង់តែត្រជាក់បាន។
មូសខាំស្តេច ដូចម្ជុលចាក់។ ស្តេចភ្ញាក់ ក៏ស្រែកហៅបម្រើ
“ហេ! មានស្អីខាំអញ! មើលមើ ក្រែងលោមានមូសឬចៃសង្កើចស្អីលើគ្រែរបស់អញ!”
នៅពេលដែលមូសឮបែបនេះ វាក៏លាក់ខ្លួនបាត់ទៅ។ បម្រើក៏មកដល់ ហើយពិនិត្យពិច័យបានយ៉ាងល្អិតល្អន់ ក៏ឃើញមានចៃមួយក្បាលនៅលើចន្លោះភួយ រួចក៏សម្លាប់ចៃនោះចោលទៅ។
“ហើយដូច្នេះហើយ” ទម្នកៈបន្ត “បានជាខ្ញុំនិយាយថា កុំសេពគប់នឹងមនុស្សដែលយើងមិនស្គាល់ឥរិយា។ តាមពិតមូសអ្នកខុស តែគេបែរជាសម្លាប់ចៃទៅវិញ។ ខ្លះទៀតគេនិយាយថា អ្នកដែលទុកចិត្តលើអ្នកក្រៅ នឹងស្លាប់ដូចស្តេចកុកុទ្រុមៈ”។
“រឿងនោះយ៉ាងម៉េចខ្លះ?” ពិន្គលកៈសួរ។
ទម្នកៈក៏និទានរឿង ចចកធ្លាក់ចូលធុងល័ខ។
ឯកសារយោង
[កែប្រែ]- បណ្ឌិត វិស្ណុ សម៌. បញ្ចតន្ត្រ (គោលការណ៍ប្រាំយ៉ាង) ៣០០ ឆ្នាំមុនគស
- Panchatantra (Pañcatantra, पञ्चतन्त्र, 'Five Principles or Techniques') is an ancient Indian inter-related collection of animal fables in verse and prose, in a frame story format. 3rd century BCE (http://en.wikipedia.org/wiki/Panchatantra)