រឿង​សាមកុក

ពីវិគីភីឌា

កណ្ឌ​ទី ២០[កែប្រែ]

ឡៅពី​លុះ​ឃើញ​កង​ទ័ព​លើក​មក​ពី​ចម្ងាយ ក្រឡេក​ឃើញ​ទង់​ជ័យ​សម្រាប់​ទ័ព​ចូឆូ ក៏​សំគាល់​ថា​ចូឆូ​លើក​មក​ខ្លួន​ឯង ។ បំរើ​សេះ​ល្បាត​​មក​ប្រាប់​ឡៅពី​ថា កង​ទ័ព​អួនសៀរ​ប្រឹក្សា​មិន​ចុះ​រុះ​គ្នា នៅ​រា​រង់​មិន​បាន​ចេញ​ច្បាំង​នឹង​ចូឆូ​ទេ ១ ទៀត​កង​ទ័ព​ចូឆូ​នោះ នឹង​បាន​ឃើញ​ទង់​ជ័យ​សម្រាប់​ទ័ព​ចូឆូ​ក៏​ឥត​អង្គឺ​មាន កាល​ខ្ញុំ​បាទ​ត្រឡប់​មក ប្រទះ​នឹង​កង​ទ័ព លើក​មក​ជិត​ស្រុក​នេះ​ហើយ ឃើញ​ទង់​ជ័យ​សម្រាប់​ទ័ព​ចូឆូ​ដោយ​ពី​មុខ​តែ​ខ្លួន​ចុឆូ​នឹង​នៅ​ក្នុង​កង​ទ័ព​ខាង​ណោះ​មិន​ច្បាស់​ប្រាកដ ។

ឡៅពី​បាន​ស្ដាប់​ដូច្នោះ ក៏​ប្រឹក្សា​នឹង​តាន់តេង​តាម​ពាក្យ​បម្រើ​សេះ​ហើយ​ថា យើង​មាន​សេចក្ដី​សង្ស័យ​មិន​ដឹង​ជា​ចូឆូ​នៅ​ខាង​ទ័ព​ណា ។ តាន់​តែង​ឆ្លើយ​ថា កលឧបាយ​ចុឆូ​នោះ​មាន​ច្រើន​ប្រការ​ណាស់ កម្រ​មនុស្ស​ណា​នឹង​ដឹង​ដល់ ដែល​កង​ទ័ព​នៅ​ឬារង់​បម្រុង​នឹង​ច្បាំង​អួនសៀរ​នោះ គ្មាន​ទង់​ជ័យ​សម្រាប់​ទ័ព​ចូឆូ​សោះ ខ្ញុំ​បាទ​យល់​ថា ចូឆូ​មុខ​ជា​នៅ​ក្នុង​កង​ទ័ព​នោះ​ជា​ប្រាកដ ឯ​កង​ទ័ព​ដែល​លើក​មក​ខាង​ស្រុក​យើង​នេះ​ទាហាន​ក៏​តិច តែ​ទង់​ជ័យ​សម្រាប់​ចូឆូ​មក​ផង ដែល​ចូឆូ​គិត​ធ្វើ​ការ​គ្រា​នេះ​ប្រាថ្នា​នឹង​ឲ្យ​លោក​បារម្ភ​ក្រែង​ថា ខ្លួន​ចូឆូ​មក​ក្នុង​កង​ទ័ព​នេះ ។ ឡៅពី​បាន​ស្ដាប់​ដូច្នោះ​ក៏​ងាក​ទៅ​សួរ​គួនអ៊ូ តៀវហ៊ុយ​ថា ប្អូន​ទាំង​ពីរ​នាក់ តើ​នរណា​នឹង​យក​អាសារ​ចេញ​ទៅ​ធ្វើ​ការ ឲ្យ​ដឹង​ច្បាស់​ហេតុ​ផល​ជា​ចូឆូ ឬ​មិន​មក ? ។ តៀវហ៊ុយ​ឆ្លើយ​ទទួល​ថា ខ្ញុំ​បាទ​សូម​យក​អាសា​ចេញ​ទៅ​ធ្វើ​ការ​ឲ្យ​ដឹង​ហេតុ បើ​ជួយ​នឹង​ចូឆូ ហើយ​ខ្ញុំ​បាទ​នឹង​ចាប់​ខ្លួន​ចូឆូ​មក​ឲ្យ​បាន ។ ឡៅពី​និយាយ​តប​ទៅ​តៀវហ៊ុយ​វិញ​ថា ប្អូន​ឯង​នៅ​ក្មេង​សេចក្ដី​ខ្ចី​គំនិត​ណាស់ ទាំង​ចិត្ត​ថ្លើម​ក៏​រួស​រហ័ស នឹង​ឲ្យ​ទៅ​មិន​បាន​ទេ ។ គួនអ៊ូ​ថា ខ្ញុំ​បាទ​សូម​យក​អាសា​ចេញ​ទៅ​ធ្វើ​ការ ។ ឡៅពី ថា បើ​គួនអ៊ូ ចេញ​ទៅ​យើង​ល្មម​ទុក​ចិត្ត​បាន ។ គួនអ៊ូ ក៏​លា​ឡៅពី​លើក​ទាហាន​សេះ ៣ ពាន់​ចេញ​ទៅ ពេល​នោះ​ទេសកាល​ជា​រដូវ​រងា​ផង​ទឹក​សន្សើម​ចុះ​ខ្លាំង​ណាស់ ទាហាន​ទាំង​ពួង​ក៏​រងា​ត្រជាក់​ពន់​ពេក គួនអ៊ូ​ឧស្សាហ៍​នាំ​ទាហាន​ចូល​ទៅ​ដល់​មុខ​បន្ទាយ​អងតុង ហើយ​គួនអ៊ូ​បេ​សេះ​ចេញ​ទៅ​ឈរ​មុខ​ទាហាន​​ស្រែក​ថា នរណា​ជា​មេ​ទ័ព ចូរ​ប្រញាប់​ចេញ​មក​យើង​នឹង​សាក​សួរ ។

អងតុង​បាន​ឮ​គួនអ៊ូ​ស្រែក​សួរ​ដូច្នោះ ក៏​ជិះ​សេះ​ចេញ​មក​ឈរ​នៅ​​មុខ​បន្ទាយ​ហើយ​ស្រែក​ប្រាប់​ថា មហា​ឧបរាជ​លើក​មក​ដល់​ទី​នេះ​ហើយ ហេតុ​ម្ដេច​ខ្លួន​ទើប​មិន​ចូល​មក​គំនាប់ ។ គួនអ៊ូ​តប​ថា បើ​មហា​ឧបរាជ​មក​មែន​ឲ្យ​អញ្ជើញ​ចេញ​មក យើង​នឹង​ថ្លែង​សេចក្ដី​ជម្រាប់​លោក ។ អងតុង​តប​ថា ខ្លួន​ជា​អ្នក​តូច​ទាប​គួរ ឬ​នឹង​ឲ្យ​មហា​ឧបរាជ​ចេញ​មក​ជួប ។ គួនអ៊ូ​ខឹង​ណាស់​ក៏​បរ​សេះ​រាំ​ដាវ​ចូល​ទៅ ។ អងតុង​ក៏​បរ​សេះ​រាំ​លំពែង​​ចេញ​មក​ត​ច្បាំង នឹង​គួនអ៊ូ​បាន ៥ ភ្លេង ។ គួន​អ៊ូ​ធ្វើ​ជា​ញាក់​សេះ​ថយ​រត់​ទៅ​ក្រោយ ងតតុង​មិន​ដឹង​កល​ក៏​ដេញ​បណ្ដោយ​តាម​ដល់​ជើង​ភ្នំ គួនអ៊ូ​រា​មក​តទល់​ដល់​ជិត​គ្នា ទើប​លើក​ដាវ​ឡើង​កាប់​ឲ្យ​អង​តុង​គេច​ចុះ ហើយ​គួនអ៊ូ​ក៏​ស្ទុះ​ទៅ​រួប​ចាប់​យក​ខ្លួន​អងតុង​បាន ដាក់​លើ​សេះ​ពី​ក្រោយ​នាំ​ចូល​ទៅ​ឲ្យ​ឡៅពី​ ហើយ​ពណ៌នា​ឲ្យ​ឡៅពី​ស្ដាប់​គ្រប់​ប្រការ ។ ឡៅពី​ក៏​មាន​ចិត្ត​សោមនស្ស​ប្រីតា តែ​មិន​បាន​ស្គាល់​កិរិយា​អងតុង​ច្បាស់​ក៏​សាក​សួរ​ថា អ្នក​ឯង​ជា​នាហ្មឺន​ចូឆូ​តំនែង​អ្វី ? ហេតុ​ម្ដេច​មក​ធ្វើ​កល​ឧបាយ​ក្លែង​ថា ចូឆូ​មក​នៅ​ក្នុង​កង​ទ័ព​នេះ ? អងតុង​ឆ្លើយ​ថា ខ្ញុំ​បាទ​ឈ្មោះ​អងតុង​ជា​សេនា​ទោ​របស់​ចូឆូ ឯ​ខ្លួន​ចូឆូ​មិន​បាន​មក​​ក្នុង​ទ័ព​នេះ​ទេ ឲ្យ​ខ្ញុំ​បាទ​នឹង​ឡៅតាយ​លើក​ទ័ព​មក គំនិត​ខ្ញុំ​បាទនឹង​បាន​គិត​ធ្វើ​កល​សឹក​ខ្លួន​ឯង​ក៏​ទេ ដែល​យក​ទង់​ជ័យ​សម្រាប់​ទ័ព​ចូឆូ​លើក​មក​ក្នុង​កង​ទ័ព​នេះ ព្រោះ​ចូឆូ​បង្គាប់​ប្រើ​ខ្ញុំ​បាទ​ខ្លាច​អាជ្ញា​ក៏​តាម​បង្គាប់​ចូឆូ ។ ឡៅពី​បាន​ស្ដាប់ ក៏​យក​គ្រឿង​សម្លៀក​បំពាក់​មួយ​ប្រដាប់​មក​ឲ្យ​អងតុង ហើយ​រៀប​តុ​លៀង​ភោជនាហារ​ឲ្យ​អងតុង​បរិភោគ រួច​ឲ្យ​ទាហាន​យក​ខ្លួន​អងតុង​ទៅ​ឃុំ​ទុក បើ​ចាប់​ឡៅតាយ​បាន​វេលា​ណា​នឹង​បាន​គិត​ការ​តទៅ​ទៀត ។ គួនអ៊ូ​បាន​និយាយ​នឹង​ឡៅពី​ថា ខ្ញុំ​បាទ​ប្រមាណ​ចិត្ត​លោក​ឃើញ​ថា លោក​នៅ​បារម្ភ​ខ្លាច​ចិត្ត​ចូឆូ បាន​ជា​មិន​សម្លាប់​អងតុង​ចេញ បើ​ដឹង​ដូច្នេះ ខ្ញុំ​បាទ​មិន​ចាប់​ទាំង​រស់​មក​ជូន​លោក​ទេ ។ ឡៅពី​តប​ថា ដែល​យើង​មិន​ប្រើ​តៀវហ៊ុយ​ឲ្យ​ចេញ​ទៅ​នោះ ព្រោះ​គិត​ឃើញ​ថា​ចិត​តៀវហ៊ុយ​រួស​រហ័ស​ណាស់ បើ​ចាប់​មេទ័ព​បាន​​មុខ​ជា​សម្លាប់​មិន​ខាន ដែល​យើង​បាន​ខ្លួន​អងតុង​មក​ទុក​ដូច្នេះ ទោះ​ចូឆូ​ដឹង​ថា​ប្រការ​ម្ដេច​ក៏​មាន​ផ្លូវ​នឹង​ដោះ​ស្រាយ​កៃខៃ​ទៅ​បាន​ដោយ​ងាយ ។

តៀវហ៊ុយ​ក៏​ជម្រាប​ឡៅពី​ថា គួនអ៊ូ​ទៅ​ចាប់​ខ្លួន​អងតុង​បាន​មក​ហើយ​ខ្ញុំ​បាទ​នឹង​យក​អាសា​ចេញ​ទៅ​ចាប់​ខ្លួន​ឡៅតាយ​មក​ជូន​លោក​ទៀត ។ ឡៅពី​តប​ថា ឯ​ឡៅតាយ​នោះ​ជា​ចៅហ្វាយ​ស្រុក​គុយជីវ កាល​ចៅហ្វាយ​ខែត្រ​ទាំង ១៨ មណ្ឌល លើក​ទៅ​កំចាត់​តាំង​តុ​ពី​គ្រា​មុន​នោះ ឡៅតាយ​ក៏​លើក​ពល​ទៅ​ធ្វើ​ការ​​ជាមួយ​ផង គ្រា​នោះ​ចូឆូ​ឃើញ​ឡៅតាយ​មាន​ដំរេះ​ប្រាជ្ញា បាន​ជា​ប្រើ​ឲ្យ​ធ្វើ​មេទ័ព​លើក​មក ដែល​ប្អូន​ឯង​នឹង​លើក​ទាហាន​ចេញ​ទៅ​ចាប់​ខ្លួន​ឡៅតាយ​នោះ បង​យល់​ឃើញ​ថា​មិន​មែន​បាន​បំណង​គិត​ទេ ។ តៀចហ៊ុយ​ឆ្លើយ​តប​ថា នឹង​រាប់​ទុក​ជា​ពូកែ​ដូច​ម្ដេច​ថ្វី​ដៃ​ឡៅតាយ​ប៉ុណ្ណេះ ខ្ញុំ​បាទ​នឹង​ចាប់​យក​មក​ឲ្យ​បាន ។ ឡៅពី​ថា បង​ក្រែង​ប្អូន​ឯង​ចេញ​ទៅ​ច្បាំង​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​ឡៅតាយ​តែ​ម្ដង មិន​ខ្លួន​ទាំង​រស់​មក​ដូច​ជា​គួនអ៊ូ ។ តៀវហ៊ុយ​ថា ខ​នេះ​លោក​កុំបី​វតក្ក​ឡើយ បើ​ខ្ញុំ​បាន​សម្លាប់​ឡៅតាយ​ក្ដី ឬ​ចាប់​ខ្លួន​មិន​បាន​ទាំង​រស់​ក្ដី ឲ្យ​លោក​កាត់​ក្បាល​ខ្ញុំ​ចេញ ។ ឡៅពី​បាន​ឮ​ដូច្នោះ​ក៏​ពេញ​ចិត្ត​ណាស់ ទើប​ចាត់​ទាហាន​សេះ ៣ ពាន់​ឲ្យ​តៀវហ៊ុយ​ៗ ក៏ លា​ឡៅពី​លើក​ចេញ​ទៅ ។

ឯ​ឡៅតាយ​កាល​ដឹង​ថា គួនអ៊ូ​ចាប់​ខ្លួន​អងតុង​ទៅ​បាន រួច​ឃើញ​តៀវហ៊ុយ​លើក​ទ័ព​មក​ទៀត ឡៅតាយ​ក៏​នឹង​ញញើត​ដៃ​តៀវហ៊ុយ​មិន​បាន​ចេញ​ច្បាំង​ប្រុង​តែ​រក្សា​បន្ទាយ​រាយ​កង​ទ័ព​យាម​ល្បាត​ពី​ក្នុង​បន្ទាយ​ ។ ឯ​តៀវហ៊ុយ នោះ​លុះ​មិន​បាន​ឃើញ​ឡៅពី​ចេញ​មក​ច្បាំង​សោះ ក៏​លើក​ទាហាន​ចូល​ទៅ​ដល់​មុខ​បន្ទាយ​ឡៅតាយ ហើយ​ឲ្យ​ទាហាន​ស្រែក​ជេរ​ជា​ពាក្យ​អាស្រូវ​ភាស​ផ្សេង​ៗ ។ ឡៅតាយ​ក៏​សម្ងំ​ស្ងៀម​មិន​បាន​លើក​ទ័ព​ចេញ​ច្បាំង ដែល​រារង់​ដូច្នេះ ៥​ថ្ងៃ ។ តៀវហ៊ុយ ក៏​គិត​កល​ឧបាយ​បង្គាប់​ទាហាន​ទាំង​ពួង​ថា កណ្ដាល​យប់​ស្ងាត់​ក្នុង​ថ្ងៃ​នេះ ពេល​យាម ៣​ ប្លាយ យើង​នឹង​លើក​ចូល​ទៅ​ប្លន់​យក​បន្ទាយ​ឡៅតាយ​ឲ្យ​បាន ឲ្យ​ទាហាន​ទាំង​អស់​ត្រៀម​ខ្លួន​ឲ្យ​ស្រេច ។ តៀវហ៊ុយ ផឹក​ស្រា​ហើយ​ធ្វើ​កិរិយា​បែប​ស្រវឹង​មិន​ដឹង​ខ្លួន ក៏​រក​រឿង​យក​ទោស​ទាហាន​ម្នាក់ ឲ្យ​វាយ​ ប្រហែល ៣០ រំពាត់ ហើយ​និយាយ​នឹង​ទាហាន​ដែល​មាន​ទោស​នេះ​ថា ពេល​យាម​ ៣ ប្លាយ​ក្នុង​យប់​នេះ យើង​នឹង​កាត់​ក្បាល​ឯង​សែន​ទង់​ជ័យ ហើយ​លើក​ពល​ចូល​ទៅ​វាយ​បន្ទាយ​ឡៅតាយ ។ តៀវហ៊ុយ បង្គាប់​ឲ្យ​ចង​ទាហាន​នោះ​ទុក ។ លុះ​ពេល​យាម ១ ប្លាយ តៀវហ៊ុយ​ក៏​លប​ប្រើ​មនុស្ស​ឲ្យ​ចូល​ទៅ​ស្រាយ​ចំណង​ទាហាន​មាន​ទោស​នោះ​ចេញ ទាហាន​នោះ​ក៏​លប​រត់​ទៅ​ដោយ​មាន​ចិត្ត​ខឹង​ក្ដៅ​នឹង​ខ្លាច​សេចក្ដី​ស្លាប់ ក៏​គេច​ចូល​ទៅ​ក្នុង​បន្ទាយ​ឡៅតាយ ហើយ​នាំ​យក​រឿង​​ដែល​តៀវហ៊ុយ​គិត​នោះ​ប្រាប់​ឡៅតាយ​គ្រប់​ប្រការ ។ ឡៅតាយ​បាន​ស្ដាប់​ហើយ​ឃើញ​របួស​ស្លាក​ស្នាម​ទាហាន​នោះ​ជា​បន្ទាល់ ក៏​គ្មាន​ពិភាល់​សង្ស័យ​សំគាល់​ថា​ពិត ទើប​កេណ្ឌ​ទាហាន​ឲ្យ​ចេញ​ទៅ​ពួន​បង្កប់​ក្រៅ​បន្ទាយ​ជា ២ កង ក្នុង​បន្ទាយ​នោះ​គ្មាន​មនុស្ស​នៅ​សោះ ។

តៀវហ៊ុយ​ដឹង​ថា​ទាហាន​ដែល​មាន​ទោស​នោះ​ត្រូវ​វាយ​នោះ រត់​ទៅ​ហើយ​ក៏​គិត​ថា ហេតុ​ល្អ​អាក្រក់​ទាហាន​នេះ​វា​គង់​រត់​ទៅ​ប្រាប់​ឲ្យ​ឡៅតាយ​ដឹង​មុខ​ជា​ឡៅតាយ​នឹង​ចោល​បន្ទាយ ឲ្យ​ទាហាន​ចេញ​ពួន​បង្កប់​មិន​ខាន អញ​នឹង​រិះ​គិត​អាន​ត្រួត​កល​ចាប់​ខ្លួន​ឡៅតាយ​ឲ្យ​បាន ។ លុះ​ដល់​ពេល​យាម ៣ ប្លាយ តៀវហ៊ុយ​ក៏​លើក​ទាហាន​ញែក​គ្នា​ទៅ​ពួន​បង្កប់​ជា ២ កង ហើយ​បង្គាប់​ថា បើ​ឃើញ​ពន្លឺ​ភ្លើង​ឆេះ​បន្ទាយ​ឡៅតាយ ត្រូវ​ឲ្យលើក​គ្នា​​វាយ​ប្រសព្វ​ខ្ទប់​ទាំង​សង​ខាង ខ្លួន​តៀវហ៊ុយ​ជា​កង​កណ្ដាល​ប្រចាំ​ជូន ហើយ​បង្គាប់​ទាហាន ៣០ នាក់​ជា​កង​មុខ​ចូល​​ឲ្យ​ចូល​ទៅ​ប្លន់​បន្ទាយ​ហើយ​ដុត​ភ្លើង​ឆេះ​ឡើង ។

ឯ​ទាហាន​ឡៅតាយ​ដែល​ពួន​បង្កប់​ទាំង ២ កង លុះ​ឃើញ​ដូច្នោះ ក៏​លើក​វាយ​ខ្ទប់​ទាំង​សង​ខាង ។ ទាហាន​តៀវហ៊ុយ ដែល​បង្កប់​នៅ​ពី​ខាង​ក្រៅ នឹង​ខ្លួន​តៀវហ៊ុយ លុះ​ឃើញ​ពន្លឺ​ភ្លើង​​ឆេះ​ឡើង​ក្នុង​បន្ទាយ​នៃ​ឡៅតាយ ក៏​លើក​សម្រុក​ចូល​ទៅ​វាយ​ខ្ទប់​ជា​ ៣ ផ្លូវ ។ ចំណែក​ទាហាន​ឡៅតាយ​ដែល​បាន​ឃើញ​ទាហាន​តៀវហ៊ុយ​វាយ​ខ្ទប់​ពី​ក្រោយ ហើយ​ចាក់​កាប់​សម្លាប់​ខ្លះ​របួស​ពិការ​ខ្លះ ទាំហាន​ទាំង​នោះ​​ក៏​បែក​ខ្ចាត់​ខ្ចាយ​ទៅ​ខ្លះ ។ តៀវហ៊ុយ​ក៏​បរ​ពល​ចូល​ប្រយុទ្ធ​នឹង​ឡៅតាយ​បាន​មួយ​ស្របក់​តៀវហ៊ុយ​ក៏​ចាប់​ខ្លួន​ឡៅតាយ​​បាន​ហើយ​ឲ្យ​ទាហាន​ចង​ទុក ។ បណ្ដា​ទាហាន​ដែល​បែក​ខ្ញែក​ទៅ​នោះ ក៏​ត្រឡប់​ចូល​ចំណុះ​ចូល​តៀវហ៊ុយ​ជា​ច្រើន តៀវហ៊ុយ​ក៏​ឲ្យ​ទាហាន​ស្រូត​ទៅ​ជម្រាប​ឡៅពី​ៗ បាន​ស្ដាប់​​ក៏​មាន​សេចក្ដី​ត្រេកអរ ហើយ​និយាយ​នឹង​គួនអ៊ូ​ថា តៀវហ៊ុយ​ជា​មនុស្ស​ចិត្ត​ស្រាល​រហ័ស​កាច​សាហាវ​ណាស់ គ្រា​នេះ​គិត​កល​ឧបាយ​​ចាប់​ខ្លួន​ឡៅតាយ​បាន ដែល​តៀវហ៊ុយ​មាន​សតិ​បញ្ញា​គិត​ឃើញ​បាន​ការ​ដូច្នេះ​ដោយ​បុណ្យ​សំណាង​របស់​យើង​ៗ មាន​សេចក្ដី​សប្បាយ​ចិត្ត​ណាស់ ។

លុះ​វេលា​ព្រឹក​ឡើង ឡៅពី​ក៏​នាំ​គួនអ៊ូ​ចេញ​ទៅ​ទទួល​ដល់​ក្រៅ​លំពែង​ស្រុក ​តៀវហ៊ុយ​ឃើញ​ឡៅពី​, គួនអ៊ូ​ទៅ​ដល់​ក៏​ចូល​មក​គំនាប់ ហើយ​និយាយ​ថា ​បង​តិះ​ដៀល​ថា ខ្ញុំ​បាទ​ជា​មនុស្ស​ចិត្ត​រហ័ស ឥឡូវ​ខ្ញុំ​បាទ​ចេះ​រិះ​គិត​ឧបាយ​ចាប់​ខ្លួន​ឡៅតាយ​បាន បង​បាន​ឃើញ​ដំរេះ​ប្រាជ្ញា​ខ្ញុំ​បាទ​ហើយ​ឬ​ ? ។ ឡៅពី តប​ថា បើ​បង​មិន​សង្កត់​សង្កិន​ប្អូន​ឯង​យ៉ាង​នេះ​ទេ​ប្អូន​ឯង​ក៏​ភ្លើន​ចិត្ត ណា​ឡើយ​នឹង​រីះ​គិត​ចាប់​ខ្លួន​ឡៅតាយ​បាន ។ តៀវហ៊ុយ​ក៏​អស់​សំណើច ទើប​ឡៅពី​ចុះ​ពី​លើ​សេះ​ចូល​ទៅ​ស្រាយ​ចំណង​ឡៅតាយ​ចេញ ហើយ​និយាយ​ថា ដែល​ប្អូន​យើង​បាន​ទៅ​ធ្វើ​ដល់​ទី​នេះ អ្នក​ចូរ​អភ័យ​ទោស​ចុះ​កុំបី​ប្រកាន់​ឡើយ " និយាយ​​ហើយ​ឡៅពី​ក៏​នាំ​ឡៅតាយ​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ឲ្យ​រៀប​តុ​លៀង​ភោជនាហារ ប្រើ​បម្រើ​ឲ្យ​ទៅ​នាំ​ខ្លួន​អងតុង​ពី​ក្នុង​ឃុំ​​នាំ​មក​បរិភោគ​ជាមួយ​នឹង​ឡៅតាយ ។

ជន​ជា​សំឡាញ់​មក​កាន់​ផ្ទះ​នៃ​ជន​ណា ដើម្បី​កិច្ច​ការ​ណាមួយ ជន​នោះ​ឈ្មោះ​ថា ជា​អ្នក​មាន​បុណ្យ ជា​អ្នក​មាន​កល្យាណ​ធម៌​ជា​អ្នក​គួរ​គេ​សសើរ នៅ​នា​លោក​នេះ ។ បញ្ចតន្ត្រៈ

កណ្ឌ​ទី ២១[កែប្រែ]

រឿង​សាម​កុក​ទុក​ជា​យុទ្ធសាស្ត្រ​អ្នក​វាង​វៃ​ឆ្លាស​បើ​បាន​អាន នឹង​ចេះ​ឧបាយ​កល​ចំណាន​ទាំង​មាន​សន្ដាន​ស្នេហា​ជាតិ ។


ឯ​ទីប្រឹក្សា​ទាំង​ពួង​ក៏​និយាយ​នឹង​ឡៅពៀវ​ថា យីអេង​ពោល​ទ្រគោះ​មើលងាយ​លោក​ខ្លាំង​ណាស់ ហេតុ​ម្ដេច​បាន​ជា​លោក​មិន​សម្លាប់​ចេញ ? ។ ឡៅពៀវ​តប​ថា​យើង​ដឹង​ដំណឹង​ថា យីអេង​នេះ​មាន​ដំរេះ​ប្រាជ្ញា តែ​ជា​មនុស្ស​គ្មាន​អធ្យាស្រ័យ​សោះ, កាល​នៅ​ក្នុង​ស្រុក​ហ៊ូតោ​នោះ ក៏​បាន​ពោល​ទ្រគោះ​មើលងាយ​ចូឆូ​ជា​ច្រើន​លើក ចូឆូ​ឧស្សាហ៍​ទ្រាំ​អត់​សង្កត់​ចិត្ត​មិន​បាន​សម្លាប់​យីអេង ព្រោះ​រអែង​ខ្លាច​មនុស្ស​ទាំង​ពួង នឹង​គរហានិន្ទា​ប្រការ ១ ទៀត​បើ​មាន​អ្នក​ឯ​ណា​ចូល​មក​យក​អាសា​ធ្វើ​ការ​ជា​មួយ​ផង ក៏​រមែង​ស្ទើរ​ចិត្ត​ដ្បិត​ឃើញ​សម្លាប់​មនុស្ស​ល្អ បាន​ជា​ចូឆូ​ក្រែង​ប្រើ​យ៉អេង​មក​បញ្ចុះ​បញ្ចូល​យើង ប្រាថ្នា​ដើម្បី​នឹង​ខ្ចី​ដៃ​យើង​ឲ្យ​សម្លាប់​យីអេង​ចេញ នឹង​ឲ្យ​សេចក្ដី​អាក្រក់​នោះ​ធ្លាក់​មក​លើ​យើង ៗ ត្រូវ​ក្លែង​ឲ្យ​យីអេង​ទៅ​បញ្ចុះ​បញ្ចូល​ហងច ព្រោះ​ហងច​ចិត្ត​ស្រាល​រហ័ស​គ្មាន​អ្វី​ទប់ បើ​យីអេង​ទៅ​និយាយ​ទ្រគោះ​បោះបោក​ឲ្យ​ហងច​ប្រការ​ម្ដេច ហងច​ក៏​នឹង​សម្លាប់​យីអេង​មិន​ខាន បើ​ដំណឹង​នេះ​ដឹង​ទៅ​ដល់​ចូឆូ​វេលា​ណា ឃើញ​ថា​ចូឆូ​នឹង​កោត​ខ្លាច​គំនិត​យើង​ថា យើង​ដឹង​ដល់​គំនិត​ចូឆូ ។

ទីប្រឹក្សា​ទាំង​ពួង​ក៏​សរសើរ​ឡៅពៀវ​ថា មាន​ប្រាជ្ញា​ឈ្លាសវៃ​ស្រដី​ថា លោក​គិត​នេះ​ត្រូវ​ល្អ​ណាស់ ។ ខណៈ​នោះ មាន​បំរើ​អ៊ួនសៀវ​កាន់​សំបុត្រ​មក​ឲ្យ​ឡៅពៀវ សេចក្ដី​ថា "ឲ្យ​ឡៅពៀវ​ជួយ​គិត​ការ​ទំនុក​បំរុង​ផែនដី" ។ ឡៅពៀវ​ក៏​ប្រឹក្សា​នឹង​សេនា​ទាហាន​ទាំង​ពួង​ថា ចូឆូ​នឹង​អ៊ួនសៀវ​ជា​សត្រូវ​នឹង​គ្នា ឥឡូវ​ចូឆូ​នឹង​អ៊ួនសៀវ​ឲ្យ​មក​បញ្ចុះ​បញ្ចូល​យើង​ទាំង​សងខាង តើ​អ្នក​ទាំង​ពួង​នឹង​យល់​ឃើញ​ប្រការ​ម្ដេច ? ។

ហាន់សុង​ឆ្លើយ​ថា ចូឆូ​នឹង​អ៊ួនសៀវ​គ្រា​នេះ​ជា​ទោស​ទាស់​ធ្វើ​សង្គ្រាម​នឹង​គ្នា បើ​លោក​មិន​ចូល​ទៅ​ខាង​ណា នឹង​គិត​ឲ្យ​ជា​ប្រយោជន៍ ចូរ​មើល​កល​ការ បើ​ឃើញ​ខាង​ណា​ភ្លាត់​ចំណាប់​ត្រូវ​លោក​លើក​កងទ័ព​ទៅ​ព្រួត​វាយ​ខាង​ណោះ​យក​ស្រុក​ឲ្យ​បាន តែ​ខ្ញុំ​បាទ​ខ្លាច​ក្រែង​នៅ​ខ ១ ថា​ចូឆូ​នោះ​មាន​សតិ​បញ្ញា​ច្រើន​ណាស់ ឈ្លាស​យល់​ទាំង​ក្បួន​ពិជ័យ​សង្គ្រាម​ស្ទាញ​ស្ទាត់​ជាង​អ៊ួនសៀវ ហើយ​ចេះ​ចិញ្ចឹម​រក្សា​មនុស្ស​ល្អ​មាន​លក្ខណៈ​តាម​វិជ្ជា​នឹង​ថ្វី​ដៃ​មនុស្ស​ទាំង​ពួង​ក្នុង​ផែនដី ក៏​ចុះ​ចូល​ទៅ​នៅ​នឹង​ចូឆូ​ជា​ច្រើន​មិន​ដាច់​សោះ ខ្ញុំ​បាទ​យល់​ឃើញ​ថា ចូឆូ​នោះ នឹង​ធ្វើការ​សឹក​សង្គ្រាម​គង់​មាន​ជ័យជំនះ​អ៊ួនសៀវ​មិន​ខាន បើ​ចូឆូ​បាន​ស្រុក​គីជីវ​ហើយ​មុខ​ជា​លើក​កងទ័ព​ទៅ​វាយ​យក​ស្រុក​ធំ ៗ ខាង​ទិស​ឯ​កើត​រហូត​ដល់​ស្រុក​កាំងតាំង ទោះ​យ៉ាង​ណា​ក៏​តទល់​នឹង​ចូឆូ​មិន​បាន សូម​ឲ្យ​លោក​ស្ម័គ្រ​រាប់អាន​ចូល​ទៅ​ខាង​ចូឆូ​ចុះ មុខ​ជា​ចូឆូ​នឹង​ទំនុក​បំរុង​លោក​ជា​ប្រក្រតី​តទៅ ។

ឡៅពៀវ​ឆ្លើយ​ថា បើ​ដូច្នោះ​ចូរ​អ្នក​ចេញ​ទៅ​ស៊ើប​ស័ព្ទ​ស្ដាប់​ការណ៍​ក្នុង​ក្រុង​ហ៊ូតោ​ចុះ បើ​ដឹង​ការណ៍​យ៉ាង​ណា​ហើយ ចូរ​អ្នក​វិល​ត្រឡប់​មក​ប្រាប់​យើង ៗ នឹង​បាន​ត្រិះរិះ​គិត​ការណ៍​នេះ​តទៅ​ទៀត ។ ហាន់សុង​ជំរាប​ថា​ដែល​លោក​នឹង​ប្រើ​ឲ្យ​ទៅ​យ៉ាង​ម្ដេច ខ្ញុំ​បាទ​មិន​ទទឹង​នឹង​ប្រាសាទ​ទេ ខ្លាច​តែ​ព្រះ​ចៅ​ហៀនតេ​នឹង​ជប់លៀង ឲ្យ​ខ្ញុំ​ធ្វើ​នាហ្មឺន​ខាង​ក្នុង នឹង​មិន​បាន​ត្រឡប់​មក​ជា​ភឿន​ស្លាប់​រស់​ជា​មួយ​នឹង​លោក មុខ​ជា​លោក​មាន​សេចក្ដី​សង្ស័យ​នឹង​ខ្ញុំ​បាទ ។ ឡៅពៀវ​តប​ថា ដែល​អ្នក​និយាយ​ដូច្នេះ​គួរ​ហើយ តែ​ថា​ទោះបី​យើង​នឹង​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ណា ក៏​ត្រូវ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​គ្នា​យ៉ាង​ជិតស្និទ្ធ​ដូច​ជីវិត ១, ដែល​អ្នក​នឹង​ទៅ​នោះ បើ​បាន​ដឹង​កិច្ច​រាជការ​អ្វី ៗ ខ្លួន​មិន​បាន​មក ក៏​ត្រូវ​ផ្ញើ​សំដី​ដោយ​សំបុត្រ​លិខិត​មក​ដល់​យើង​ឲ្យ​ដឹង ដើម្បី​នឹង​បាន​គិត​ការ​តទៅ ។

ហាន់សុង​ក៏​លា​ឡៅពៀវ​ចូល​ទៅ​ស្រុក​ក្រុង លុះ​ដល់​ហើយ​ក៏​ចូល​ទៅ​គំនាប់​ចូឆូ ៗ ឃើញ​ហាន់សុង ទៅ​ដល់​ក៏​ទទួល​ដោយ​អំណរ​គួរសម​ណាស់ សាកសួរ​សុខ​ទុក្ខ​យ៉ាង​ស្និទ្ធស្នាល ហើយ​តាំង​ឲ្យ​ធ្វើ​ជា​នាហ្មឺន​ខ្ញុំ​រាជការ​ក្នុង​ព្រះ​ចៅ​ហៀនតេ ហើយ​ឲ្យ​ស្រុក​ឡេងឡេង​ឡើង​ស្ដាប់​បង្គាប់​ហាន់សុង​។ ស៊ុនហុក​ទើប​ចូល​មក​ខ្សិប​ចូឆូ​ថា ខ្ញុំ​បាទ​ឃើញ​ថា​ឡៅពៀវ​ប្រើ​ហាន់សុង​ឲ្យ​មក​ស៊ើប​ស្ដាប់​ការ​ជា​សម្ងាត់ ខ្លួន​ហាន់សុង​មិន​ទាន់​មាន​គុណ​បំណាច់​អ្វី​នឹង​លោក​សោះ ហេតុ​ម្ដេច​បាន​ជា​លោក​តាំង​ហាន់សុង​ឲ្យ​ធ្វើ​នាហ្មឺន​បាន​ខែត្រ​ឡេងឡេង​ឡើង​ស្ដាប់​បង្គាប់ ប្រការ ១ យីអេង​ដែល​ទៅ​បញ្ចុះ​បញ្ចូល​ឡៅពៀវ​នោះ ក៏​នៅ​មិន​ទាន់​បាន​សេចក្ដី​អ្វី​មក​ដល់​លោក ៗ ក៏​មិន​បាន​សួរ​ការណ៍​នេះ​ដល់​ហាន់សុង​សោះ ។ ចូឆូ​តប​ថា "យីអេង​នោះ​អាក្រក់​ជួជាតិ​ប្រមាថ​មើលងាយ​យើង​ជា​ច្រើន យើង​មាន​ចិត្ត​ខឹង​ក្ដៅ​នៅ​ដរាប បើ​នឹង​សម្លាប់​វា​ចេញ​មនុស្ស​ទាំង​ពួង​នឹង​គរហានិន្ទា​ថា យើង​មាន​វាសនា​ធ្វើ​ធំ​កំហែង​អ្នក​តូច បាន​ជា​យើង​ប្រើ​ឲ្យ​ទៅ​បញ្ចុះ​បញ្ចូល​ឡៅពៀវ ប្រាថ្នា​នឹង​ខ្ចី​ដៃ​ឡៅពៀវ​ឲ្យ​សម្លាប់​យីអេង​ចេញ ដែល​នឹង​សួរ​ដំណឹង​នោះ ក៏​មិន​ជា​ការ​ប្រយោជន៍​អ្វី" ហើយ​ចូឆូ​ក៏​បង្គាប់​ហាន់សុង​ឲ្យ​វិល​ទៅ​ស្រុក​កេងជីវ​វិញ ឲ្យ​បញ្ចុះ​បញ្ចូល​ទៅពៀវ​មក​ចូល​ធ្វើ​រាជការ​នឹង​យើង​ឲ្យ​បាន ។

ហាន់សុង​ទទួល​ពាក្យ​ចូឆូ​ហើយ​ក៏​លា​ត្រឡប់​ទៅ​ស្រុក​កេងជីវ លុះ​ទៅ​ដល់​ហើយ​ក៏​អធិប្បាយ​រឿង​ដែល​ចូឆូ​និយាយ នឹង​តាំង​ខ្លួន​ឲ្យ​ធញវើ​នាហ្មឺន​នោះ​ឲ្យ​ឡៅពៀវ​ស្ដាប់​គ្រប់​ប្រការ ហើយ​ថា ចូឆូ​នោះ​មាន​ចិត្ត​ធូរ​ទូលាយ​រួសរាយ​រាប់អាន​មនុស្ស​ទាំង​ពួង គួរ​ណាស់​លោក​នឹង​ចូល​ទៅ​ធ្វើ​រាជការ​ជា​មួយ​ផង សូម​ឲ្យ​លោក​ចាត់​យក​សំបុត្រ​របស់​លោក​ចូល​ទៅ​ថ្វាយ​ជា​ខ្ញុំ​ព្រះ​ចៅ​ហៀនតេ នឹង​បាន​ធ្វើ​រាជការ​ជា​នាហ្មឺន​តទៅ ។ ឡៅពៀវ​បាន​ឮ​ដូច្នោះ​ក៏​ខឹង​ណាស់​និយាយ​ថា "ខ្លួន​មិន​យក​សេចក្ដី​អាថ៌កំបាំង​របស់​យើង​ទៅ​ប្រាប់​ចូឆូ​ហើយ​ឬ ? បាន​ជា​ចូឆូ​តាំង​ឲ្យ​ខ្លួន​បាន​ធ្វើ​ជា​នាហ្មឺន, ដែល​ខ្លួន​គិត​ធ្វើ​ការ​យ៉ាង​នេះ ក៏​ឃើញ​ថា​ទូរយស​នឹង​យើង" ហើយ​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ហាន់សុង​ទៅ​សម្លាប់ ។ ហាន់សុង​ឆ្លើយ​ថា ខ្ញុំ​បាន​នឹង​គិត​ប្រទូសរ៉ាយ​នឹង​លោក​ក៏​ទេ នឹង​បាន​លះបង់​ចោល​លោក​ក៏​ទេ ហេតុ​ម្ដេច​លោក​ត្រឡប់​លះបង់​ចោល​ខ្ញុំ​បាទ​វិញ ។

កេងលៀង​បាន​ឮ​ដូច្នោះ ក៏​និយាយ​នឹង​ឡៅពៀវ​ថា កាល​លោក​ប្រើ​ហាន់សុង​ឲ្យ​ទៅ​នោះ ហាន់សុង​ក៏​បាន​ឆ្លើយ​ជំរាប​លោក​ទុក​ថា ដែល​លោក​ឲ្យ​ចូល​ទៅ​ស្រុក​ក្រុង​ក្រែង​លោក​នៅ​មាន​សេចក្ដី​សង្ស័យ លោក​ក៏​បាន​ថា​មិន​មាន​សង្ស័យ​អ្វី​ទេ បាន​ជា​ហាន់សុង​ទៅ ឥឡូវ​ហាន់សុង​ត្រឡប់​មក​វិញ ជូន​ដំណឹង​កិច្ច​រាជការ​ឲ្យ​លោក​ជ្រាប​តាម​ពិត, ដែល​លោក​ប្រើ​ឲ្យ​គេ​សម្លាប់​ហាន់សុង​ចេញ មិន​គួរ​សោះ ។ ឡៅពៀវ​យល់​ថា​ខ្លួន​គិត​ខុស​ក៏​ព្រម​លើក​ទោស​ហាន់សុង ។ ខណៈ​នោះ​ទទួល​បំរើ​សេះ​មក​ប្រាប់​ឡៅពៀវ​ថា យីអេង​ដែល​ទៅ​និយាយ​បញ្ចុះ​បញ្ចូល​ហងច​ចៅហ្វាយ​ស្រុក​កាំងហែ​នោះ ហងច​រៀប​តុ​លៀង​អាហារ​ឲ្យ​យីអេង​បរិភោគ​តាម​ទំនៀម លុះ​សេព​សុរា​ស្រវឹង​ផង​គ្នា ហងច​ក៏​សួរ​យីអេង​ថា ក្នុង​ក្រុង​ហ៊ូតោ​នោះ អ្នក​បាន​ឃើញ​នាហ្មឺន​ណា​មាន​សតិ​បញ្ញា​ជ្រៅ​ទូលាយ​ខ្លះ យីអេង​ប្រាប់​ថា ខុងយ៉ុង​នឹង​អៀវពីវ ២ នាក់​នេះ សុទ្ធ​តែ​មាន​ដំរេះ​ចេះ​គិតគូរ​គ្រាន់​បើ ក្រៅ​ពី​នេះ​មិន​ឃើញ​មាន​នរណា​សោះ ហងច​ថា​ដំរេះ​ខុងយ៉ុង​នឹង​អៀវពីវ​ហើយ​នឹង​ដំរេះ​យើង​នេះ អ្នក​ឯង​ឃើញ​យ៉ាង​ម្ដេច​ពី​គ្នា​ខ្លះ ? យីអេង​ថា ដំរេះ​អ្នក​ឯង​នេះ​ឧបមា​ដូចជា​ដុំ​ថ្ម​នៅ​ក្នុង​ខ្ទម​ទេពារ័ក្ស ទោះ​នឹង​មាន​គេ​មក​សែនព្រេន​ថា​ប្រការ​ម្ដេច ដុំ​ថ្ម​នោះ​ក៏​មិន​ចេះ​ឆ្លើយ​ត​នឹង​អ្នក​ដែល​បួងសួង​នោះ​ឡើយ ឧបមា​ដូចជា​សំពះ​ដុំ​ឈើ ១ កំណាត់ ហងច​បាន​ឮ​ដូច្នោះ​ក៏​ខឹង​ខ្លាំង​ណាស់ ហូត​ក្រប៊ី​ចេញ​ហើយ​ក៏​លើក​ឡើង​កាប់​យីអេង ៗ ជេរ​ប្រទេច​ហងច​ទាល់​តែ​ដាច់ខ្យល់​ស្លាប់ ។ ឡៅពៀវ​បាន​ស្ដាប់​ដូច្នោះ​ក៏​មាន​ចិត្ត​អាណិត​យីអេង​ណាស់ ប្រើ​មនុស្ស​ឲ្យ​ទៅ​រៀប​សង្ការ​សព​កប់​យីអេង ទុក​នៅ​តំបន់​​អ៊េងប៊ូជីវ ឯ​ឡៅពៀវ​នោះ​ក៏​មិន​បាន​គិត​នឹង​ចូល​ទៅ​ខាង​ចូឆូ​ទេ ។

កាល​ចូឆូ​ឮ​ដំណឹង​ថា​យីអេង​ស្លាប់ ក៏​អស់​សំណើច​ហើយ​និយាយ​ថា យីអេង​នេះ​ជា​មនុស្ស​អាក្រក់​ណាស់ មាត់​របស់​វា​ជា​អាវុធ​សម្លាប់​ខ្លួន​វា​ទៅ​ឯង ។ ខណៈ​នោះចូឆូ​នៅ​ចាំ​ស្ដាប់​ដំណឹង​ឡៅពៀវ តែ​មិន​បាន​ដំណឹង​ប្រការ​ម្ដេច​សោះ ទើប​ប្រមូល​សេនា​ទាហាន​ទាំង​ពួង​នឹង​លើក​ទ័ព​ទៅ​វាយ​យក​ស្រុក កងជីវ ។ ស៊ុនហុក​ក៏​ហាម​ឃាត់​ចូឆូ​ថា អ៊ួនសៀវ​មាន​កំឡាំង​ច្រើន​ណាស់ ទាំង​ឡៅពី​ក៏​ប្រែ​គំនិត​ចិត្ត​ចេញ​ពី​លោក​ទៅ​ផង មុខ​ជា​ចូល​គំនិត​គ្នា​នឹង​អ៊ួនសៀវ ត្រូវ​តែ​គិត​បង្ក្រាប​អ៊ួនសៀវ​នឹង​ឡៅពី​ឲ្យ​រៀប​ទាប​ចេញ​សិន សឹម​លើក​ទ័ព​ទៅ​ប្រាបប្រាម​ឡៅពៀវ​នឹង​បាន​ដោយងាយ ។ ចូឆូ​យល់​ឃើញ​ត្រូវ ក៏​គិត​ថា​នឹង​លើក​កងទ័ព​ទៅ​ច្បាំង​នឹង​អ៊ួនសៀវ,​ឡៅពី, តែ​សេចក្ដី​នេះ​ចូឆូ​មិន​ទាន់​ប្រឹក្សា​នឹង​អ្នក​ឯ​ណា​ក៏​បង្អង់​នៅ​ស្ងៀម ។ លុះ​ព្រះ​ចៅ​ហៀនតេ​្ដេច​ទៅ​គង់​ក្នុង​ស្រុក​ហ៊ូតោ​បាន ៥ ព្រះ​វស្សា​ហើយ ខណៈ​នោះ​ជា​ទេសកាយ​ខែ​មាឃ​ចូល​ឆ្នាំ​ចិន ចូឆូ​នឹង​នាហ្មឺន​មុខ​មន្ត្រី​ខ្ញុំ​រាជការ​ទាំងឡាយ តាក់តែង​ធូប​ទៀន​មាន​ផ្កា​ឈើ​នឹង​គ្រឿង​ប្រដាប់​ចូល​ទៅ​ក្រាប​បង្គំ​គាល់​ព្រះ​ចៅ​ហៀនតេ​តាម​ទំនៀម​។ តាំងស៊ិន​នឹង​មន្ត្រី​ទាំង​ពួង ឃើញ​ចូឆូ​ធ្វើ​ឫកពា​មិន​កោត​ខ្លាច​មិន​ចង់​ថហវាយ​បង្គំ​ព្រះ​ចៅ​ហៀនតេ នាហ្មឺន​ដែល​មាន​ចិត្ត​សុចរិត​ទៀង​ត្រង់​នឹង​ផែនដី​ក៏​នាំ​គ្នា​ខឹង​ក្ដៅ​នឹង​ចូឆូ​ជា​ច្រើន លុះ​ព្រះ​ចៅ​ហៀនតេ​ស្ដេច​យាង​ចូល​ហើយ ចូឆូ​នឹង​បណ្ដា​ខ្ញុំ​រាជការ​តូច​ធំ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ ឯ​តាំងស៊ិន​នោះ តាំង​ពី​ក្រោយ​ឡៅពី​លើក​ទ័ព​ចេញ​ទៅ ទាំង​ម៉ាថេង​ក៏​លើក​ទ័ព​ចេញ​ទៅ​ក្រុង​សេលៀង​ទៀត តាំងស៊ិន​នឹង​ជូហុក, ជូឡាន់, តាំងអ៊ិប, ង៉ោហួន​លប​គិត​គ្នា​រាល់ ៗ ថ្ងៃ​ដើម្បី​នឹង​រំលាយ​បំផ្លាញ​ចូឆូ តែ​មិន​សម​តាម​សេចក្ដី​ប្រាថ្នា ទាំងអស់​គ្នា​ក៏​មាន​បរិវិតក្ក​ទុក្ខ​ទោមនស្ស​មិន​ដេក មិន​ស៊ី​ឲ្យ​សប្បាយ, តាំងស៊ិន​នោះ​ក៏​បណ្ដាល​ជម្ងឺ​ក្ដៅ​ក្រហាយ​ដេក​ឈឺ​ក្នុង​ផ្ទះ ។

ព្រះ​ចៅ​ហៀនតេ​ទ្រង់​ជ្រាប​ថា តាំងស៊ិន​មាន​ជម្ងឺ​ឈឺ ក៏​ត្រាស់​ប្រើ​កៀតប៉ឹង​ជា​ពេទ្យ​ហ្លួង​ឲ្យ​ទៅ​ព្យាបល​អាការ​រោគ​តាំងស៊ិន កៀតប៉ឹង​ក៏​ទៅ​ព្យាបាល​ទាំង​ពេល​យប់​ពេល​ថ្ងៃ ឃើញ​តាំងស៊ិន​ដេក​ដក​ដង្ហើម​ធំ​រឿយ ៗ ក៏​ដឹង​ថា​មិនមែន​ជម្ងឺ​ធម្មតា​គឺ​រោគ​ឈឺ​ចិត្ត កៀតប៉ឹង​មិន​អាច​សួរ​សាក​ប្រការ​ម្ដេច លុះ​ព្រឹក​ឡើង​ថ្ងៃ ១ នោះ កៀតប៉ឹង​ក៏​និយាយ​នឹង​តាំងស៊ិន​ថា ថ្ងៃ​នេះ​ខ្ញុំ​បាទ​សុំ​លា​លោក​ទៅ ស្អែក​សឹម​ត្រឡប់​មក​វិញ ។ តាំងស៊ិន​ក៏​និយាយ​គាត់​ថា ថ្ងៃ​នេះ​អ្នក​កុំ​អាល​ទៅ​ឡើយ នៅ​ដេក​នឹង​យើង​មួយ​យប់​សិន តាំងស៊ិន​ក៏​ឲ្យ​រៀប​តុៈ​លៀង​អាហារ ហើយ​អញ្ជើញ​កៀតប៉ឹង​មក​ផឹក​ស្រា​ជា​មួយ​គ្នា ។ តាំងស៊ិន​បរិភោគ​កាល​ណា ក៏​គិត​ដល់​សេចក្ដី​ដែល​គិត​ទុក​នោះ​ឲ្យ​ព្រួយ​រំខាន​ពន់ប្រមាណ​ណាស់ ធ្វេស​ស្មារតី​ទំរេត​ខ្លួន​លក់​លើ​កៅអី​ភាំង​ទៅ យល់​សប្ដិ​ឃើញ​ថា "ជូហុក, ជូឡាន់, តាំងអ៊ិប, ង៉ោហួន ៤ នាក់​នេះ នាំ​គ្នា​មក​រក​តាំងស៊ិន​ឯ​ផ្ទះ​ហើយ​ប្រាប់​ថា ឥឡូវ​អ៊ួនសៀវ​នឹង​ឡៅពី​លើក​ទាហាន ១០ ម៉ឺន​ចូល​មក​ពី​ខាង​ទិស​ឯ​ត្បូង ម៉ាថេង​នឹង​ហាន់ស៊ុយ​លើក​ទាហាន ៧២ ម៉ឺន​ចូល​មក​ពី​ទិស​ឯ​ជើង នឹង​មក​វាយ​យក​ស្រុក​ហ៊ូតោ ឯ​ចូឆូ​ក៏​លើក​ទាហាន​ចេញ​ទៅ​តទល់​ខាង​ក្រៅ​កំពែង​ស្រុក​ទាំង ២ តំបន់ ក្នុង​ស្រុក​នោះ​នៅ​តែ​ចូឆូ​នឹង​កូន​ទាហាន​ប្រមាណ ៩ – ១០ នាក់ តាំងស៊ិន​នឹង​មន្ត្រី ៤ នាយ​ក៏​ពាក់​ក្រិស​ជិះ​សេះ​កាន់​អាវុធ​គ្រប់​ដៃ ហើយ​លើក​ទាហាន​ទៅ​ដល់​មុខ​ផ្ទះ​នោះ ឃើញ​ចូឆូ​កំពុង​អង្គុយ​ផឹក​ស្រា តាំងស៊ិន​ក៏​បរ​សេះ​ដម្រង់​ចូល​ទៅ​យក​ក្រប៊ី​កាប់​ក្បាល​ចូឆូ​ដាច់​ធ្លាក់​ពី​លើ​ស្មា​ស្លាប់ ហើយ​តាំងស៊ិន​ជេរ​ចូឆូ​ថា​ធាក្បត់" ខណៈ​នោះ​តាំងស៊ិន​ក៏​មាន​ចិត្ត​ត្រេកអរ​សប្បាយ ភ្ញាក់​ដឹង​ខ្លួន​ហើយ​ក៏​នៅ​ជេរ​ចូឆូ​មិន​ឈប់​មាត់ ។

កៀតប៉ឹង​បាន​ឃើញ​តាំងស៊ិន​មមើ​ជេរ​ចូឆូ​ដូច្នោះ ក៏​ដឹង​ថា តាំងស៊ិន​មាន​ចិត្ត​ស្អប់​ចូឆូ ប្រុង​នឹង​ប្រទូសរ៉ាយ​ចូឆូ កៀតប៉ឹង​ក៏​ជជីក​សួរ​តាំងស៊ិន​ថា លោក​ប្រុង​ធ្វើ​អន្តរាយ​មហា​ឧបរាជ​ឬ ! ខ្ញុំ​នឹង​នាំ​យក​សេចក្ដី​នេះ​ទៅ​ប្ដឹង​ឲ្យ​មហា​ឧបរាជ​ជ្រាប ។ តាំងស៊ិន​បាន​ឮ​កៀតប៉ឹង​ថា​ដូច្នោះ ក៏​ភ័យ​ស្លុត​ស្មារតី​មិន​ឆ្លើយ​តប​ថា​អ្វី​សោះ ។ កៀតប៉ឹង​ឃើញ​តាំងស៊ិន​ភ័យ​ខ្លាច​ដូច្នោះ​ក៏​និយាយ​ថា លោក​កុំ​ភ័យ​ខ្លាច ខ្ញុំ​បាទ​ថា​ដូច្នេះ​ព្រោះ​ចង់​ពិសោធ​ចិត្ត​លោក​ទេ សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បាទ​គ្រាន់​តែ​ធ្វើ​ពេទ្យ តែ​ដួង​ចិត្ត​គិត​នឹង​តប​ស្នង​គុណ​ព្រះ​ចៅ​ហៀនតេ​ជា​ដរាប ដែល​ខ្ញុំ​បាទ​មក​នៅ​ព្យាបាល​រោគ​លោក​យូរ​ថ្ងៃ ហើយ​មិន​បាន​ដឹង​ប្រាកដ​ថា រោគ​លោក​នោះ​កើត​អំពី​អ្វី ឃើញ​លោក​ចេះ​តែ​ដក​ដង្ហើម​ធំ​រឿយ ៗ ខ្ញុំ​បាទ​ក៏​មិន​អាច​ហ៊ាន​សួរ ឥឡូវ​ខ្ញុំ​បាទ​បាន​ឃើញ​លោក​មមើ​ជេរ​ចូឆូ ក៏​ត្រូវ​គ្នា​នឹង​ដក​ដង្ហើម​ធំ ឯ​ការ​ដែល​លោក​គិត​ទុក​ប្រការ​ម្ដេច​នោះ ចូរ​លោក​កុំ​លាក់​ឡើយ​ប្រាប់​ខ្ញុំ​បាទ​ឲ្យ​ត្រង់​មក​ចុះ បើ​ល្មម​ខ្ញុំ​បាទ​នឹង​ទទួល​ធ្វើ​បាន ខ្ញុំ​បាទ​ក៏​ទទួល​យក​អាសា ។

តាំងស៊ិន​បាន​ឮ​កៀតប៉ឹង​និយាយ​ដូច្នោះ​ក៏​យំ​ហើយ​ថា យើង​បារម្ភ​តែ​ចិត្ត​នាក់​នឹង​មិន​ដូច​មាត់​និយាយ "បើ​លោក​សង្ស័យ​ខ្ញុំ​បាទ​នឹង​ធ្វើ​ឲ្យ​ជា​បន្ទាល់​ច្បាស់" និយាយ​ហើយ​កៀតប៉ឹង​ក៏​យក​ក្រប៊ី​កាត់​ម្រាម​ដៃ ឲ្យ​លោហិត​ហូរ​ចេញ​មក​ដាក់​លាយ​នឹង​ស្រា​ក្នុង​ពែង ហើយ​លើក​ឡើង​ស្បថ​សច្ចា​ថា "ខ្ញុំ​បាទ​មាន​ចិត្ត​សុចរិត​ត្រង់​នឹង​ផែនដី បើ​មាន​សេចក្ដី​វៀច​ក្លែង​បញ្ឆោត​លោក ក៏​សូម​ឲ្យ​ជីវិត​ខ្ញុំ​បាទ​អន្តរាយ​ដោយ​អាវុធ​ផ្សេង ៗ ចុះ" លុះ​សច្ចា​ហើយ​កៀតប៉ឹង​ក៏​ផឹក​អស់​ទៅ ។ តាំងស៊ិន​បាន​ឃើញ​កៀតប៉ឹង​ស្បថ​សច្ចា​ជា​ទី​អស្ចារ្យ​ដូច្នោះ​ក៏​អស់​សង្ស័យ ទើប​យក​ឡាយព្រហស្ត​មក​បង្ហាញ​ឲ្យ​កៀតប៉ឹង​មើល ហើយ​ថា "ដែល​យើង​រួម​គំនិត​គិត​គ្នា​នឹង​កំចាត់​ចូឆូ​ចេញ​នោះ ៧ នាក់​ទាំង​ខ្លួន​យើង ឥឡូវ​ឡៅពី​នឹង​ម៉ាថេង​ក៏​ចេញ​ពី​ស្រុក​ក្រុង​អស់​ទៅ​ហើយ នៅ​តែ​យើង​នឹង​មន្ត្រី​មាន​ឈ្មោះ ៤ នាក់​បាន​ជា​គិត​ការ​មិន​ធ្លុះ​ធ្លាយ យើង​ក៏​ទៅ​ជា​ឈឺ​ព្រោះ​ហេតុ​នេះ ។ កៀតប៉ឹង​ឃើញ​ឡាយព្រហស្ត​ព្រះ​ចៅ​ហៀនតេ ហើយ​ស្ដាប់​ពាក្យ​តាំងស៊ិន​និយាយ​ដូច្នោះ ក៏​ឆ្លើយ​តប​ថា ការ​ដែល​គិត​នឹង​ធ្វើ​អន្តរាយ​ចូឆូ​នោះ ទុក្ខ​ជា​កិច្ច​ធុរៈ​លើ​ខ្លួន​ខ្ញុំ​បាទ​ចុះ​នឹង​ទទួល​យក​អាសា ។

តាំងស៊ិន​សួរ​ថា អ្នក​នឹង​គិត​ធ្វើ​យ៉ាង​ណា ? ។ កៀតប៉ឹង​ឆ្លើយ​ថា ចូឆូ​នោះ​រមែង​មាន​រោគ​ឈឺ​ក្បាល ហៅ​ខ្ញុំ​បាទ​ទៅ​មើល​ជានិច្ច បើ​ចូឆូ​ឈឺ​ទៀត​វេលា​ណា ខ្ញុំ​បាទ​នឹង​ទៅ​ព្យាបាល​ប្រកប​ថ្នាំ​ឲ្យ​ផឹក​ដាក់​ថ្នាំ​បំពុល​បញ្ចូល​ផង បើ​ចូឆូ​ផឹក​ហើយ​គង់​នឹង​ស្លាប់ ការណ៍​ដែល​ខ្ញុំ​បាន​គិត​នេះ​ឃើញ​ថា​មិន​លំបាក​ដល់​សេនា​ទាហាន ។ តាំងស៊ិន​បាន​ឮ​ដូច្នោះ​ក៏​សោមនស្ស​ក្នុង​ចិត្ត​ទើប​ឆ្លើយ​ថា អ្នក​មាន​សេចក្ដី​សត្យ​កតញ្ញូ​នឹង​ម្ចាស់​ផែនដី​ប្រាកដ, រាជសម្បត្តិ​នេះ​នឹង​មិន​អន្តរាយ​ឡើយ គុណ​គាប់​ដ៏​ប្រសើរ​នឹង​មាន​ដល់​ខ្លួន​អ្នក​ទៅ​ឯ​មុខ ។ លុះ​វេលា​ព្រឹក កៀតប៉ឹង​ក៏​លា​តាំងស៊ិន​ទៅ​ផ្ទះ​វិញ ។

ខណៈ​នោះ​តាំងស៊ិន​មាន​សេចក្ដី​សប្បាយ​រីករាយ​ចិត្ត​ណាស់ ជម្ងឺ​ឈឺ​ថ្លាត់​ទាំង​ប៉ុន្មាន​ក៏​រលាយ​បាត់​សូន្យ​អស់​ទៅ ទើប​ដើរ​ចុះ​ទៅ​មើល​សួន​ផ្កា ក្រឡេក​ឃើញ​ខេងតេង​ជា​បាវ​ស្និទ្ធ អង្គុយ​និយាយ​គ្នា​នឹង​នាង​អ៊ិន - អេង ដែល​ជា​ភរិយា​បន្ទាប់​ក្នុង​ទី​ស្ងាត់ តាំងស៊ិន​ខឹង​ណាស់​ហៅ​មនុស្ស​បំរើ​ឲ្យ​ចាប់​ខ្លួន​ខេងតេង​បាន ហើយ​ហូត​ក្រប៊ី​គិត​នឹង​កាប់​ខេងតេង​ឲ្យ​ស្លាប់ ។ ភរិយា​ធំ​តាំងស៊ិន​ឃើញ​វឹកវរ​ឡើង ក៏​ចុះ​ទៅ​ឃាត់​សុំ​ជីវិត​ខេងតេង តាំងស៊ិន​ក៏​ឲ្យ​វាយ​ខេងតេង​យ៉ាង​ទម្ងន់​ហើយ​ដាក់​ច្រវាក់​ទុក លុះ​វេលា​ពាក់​កណ្ដាល​អាធ្រាត្រ ខេងតេង​ក៏​កាច់​សោរ​រត់​រួច​ទៅ​នៅ​នឹង​ចូឆូ យក​សេចក្ដី​អាថ៌កំបាំង​ដែល​តាំងស៊ិន​គប់​គិត​គ្នា​នឹង​អ្នក ៥ នាក់​នោះ​ប្រាប់​ចូឆូ​គ្រប់​ប្រការ ។ ចូឆូ​បាន​ស្ដាប់​ច្បាស់​ក៏​ឲ្យ​យក​ខ្លួន​ខឹងតេង​ទៅ​លាក់​បំពួន​ទុក​ក្នុង​ផ្ទះ ។ ឯ​តាំងស៊ិន​នោះ​លុះ​ព្រឹក​ឡើង​ដឹង​ថា ខេងតេង​រត់​បាត់​គិត​ថា ប្រហែល​វា​វត់​ទៅ​នៅ​ខែត្រ​ក្រៅ មិន​បាន​នឹង​គិត​ឲ្យ​ស៊ើប​សួរ​តាម​រក ។ លុះ​ថ្ងៃ​មួយ​ចូឆូ​ក៏​គិត​កល​ឧបាយ​ធ្វើ​ជា​ឈឺ​ក្បាល ទើប​ប្រើ​បំរើ​ឲ្យ​ទៅ​ហៅ​កៀតប៉ឹង​ពេទ្យ​ហ្លួង​មក​រក្សា​រោគ បំរើ​ក៏​ទៅ​ហៅ​កៀតប៉ឹង ៗ ក៏​គិត​ថា "អា​សត្រូវ​រាជសម្បត្តិ​វា​នឹង​ស្លាប់​ក្នុង​គ្រា​នេះ​ហើយ" កៀតប៉ឹង​ចូល​ទៅ​ក្នុង​ផ្ទះ​យក​ថ្នាំ​ពិល​ពុល​លាក់​ទៅ​ជា​មួយ ។ ចូឆូ​ឃើញ​កៀតប៉ឹង​ទៅ​ដល់ ក៏​គន់​មើល​ប្រាម​ដៃ​ឃើញ​កំបុត ១ សម​ដូច​ពាក្យ​ខេងតេង​ប្រាប់ ក៏​មិន​បាន​សាកសួរ​ថា​ម្ដេច ។

ចូឆូ​និយាយ​នឹង​កៀតប៉ឹង​ថា ឥឡូវ​យើង​ឈឺ​ក្បាល​ខ្លាំង​ណាស់ ចូរ​អ្នក​ប្រកប​ថ្នាំ​កែ​ឲ្យ​រសាយ​រោគ​យ់ង​ចុះ យើង​នឹង​ឲ្យ​បំណាច់​រង្វាន់ ។ កៀតប៉ឹង​ថា "លោក​ឈឺ​គ្រា​នេះ​ខ្ញុំ​បាទ​នឹង​ប្រកប​ថ្នាំ​តែ ១ យ៉ាង​ជូន​លោក​ពីសា រោគ​លោក​ក៏​នឹង​រសាយ​ស្រឡះ" ហើយ​កៀតប៉ឹង​ក៏​យក​ថ្នាំ​ដាក់​ក្នុង​ពែង​ដាំ​ឲ្យ​រីង​បន្តិច លុះ​ឃើញ​ចូឆូ​ងាក​មុខ​ចេញ ក៏​យក​ថ្នាំ​ពិស​ពុល​នោះ​ដាក់​បញ្ចូល ហើយ​ចាក់​ចេញ​ល្មម​បាន​កន្លះ​ពែង​ទើប​លើក​ហុច​ទៅ​ឲ្យ​ចូឆូ​ផឹក ។ ចូឆូ​ដឹង​កល​កៀតប៉ឹង​ក៏​ធ្វើ​ជា​ព្រងើយ​មិន​បាន​ទទួល​ថ្នាំ​នោះ ។ កៀតប៉ឹង​ថា មហា​ឧបរាជ​ពីសា​ថ្នាំ​នេះ​ទៅ​ចុះ​ទាន់​នៅ​ក្ដៅ ដើម្បី​ឲ្យ​បែក​ញើស​ខ្លះ រោគ​លោក​នឹង​សះ​ជា ។ ចូឆូ​តប​ថា ខ្លួន​អ្នក​ជា​ពេទ្យ​ហ្លួង​រមែង​ដឹង​ទម្លាប់​ទំនៀម​គ្រប់​សព្វ​ហើយ បើ​ព្រះ​មហា​ក្សត្រ​ទ្រង់​ព្រះ​ឈួន ពេទ្យ​ថ្វាយ​ឱសថ​វេលា​ណា​ត្រូវ​ឲ្យ​ពេទ្យ​នោះ​ឬ​នាហ្មឺន​រក្សា​ព្រះ​អង្គ​ធៀប​ថ្នាំ​ជា​មុន, បើ​មាតា​បិតា​ឈឺ ពេទ្យ​ប្រកប​ថ្នាំ​ឲ្យ​ផឹក​ត្រូវ​ឲ្យ​កូន​ភ្លក់​ល្បង​ថ្នាំ​ជា​មុន ឥឡូវ​ខ្លួន​យើង​ជា​មហា​ឧបរាជ ខ្លួន​អ្នក​ជា​ពេទ្យ​ធ្លាប់​រាប់អាន​ស្និទ្ធស្នាល​នឹង​យើង អ្នក​ប្រកប​ថ្នាំ​ឲ្យ​យើង​ផឹក អ្នក​ត្រូវ​ផឹក​ល្បង​ឲ្យ​យើង​ឃើញ​ជា​មុន​សិន ទើប​យើង​ផឹក​ជា​ក្រោយ ។

កៀតប៉ឹង​តប​ថា ប្រសាសន៍​លោក​ថា​ដូច្នេះ​ក៏​គួរ​ណាស់​ហើយ តែ​ខ្ញុំ​បាទ​យល់​ថា​លោក​ក៏​ធ្លាប់​ទុកចិត្ត​ខ្ញុំ​បាទ​មក​ពី​ដើម ឥឡូវ​លោក​ឈឺ ខ្ញុំ​បាន​ប្រកប​ថ្នាំ​ជូន​លោក​ពិសារ លោក​នឹង​ឲ្យ​ខ្ញុំ​បាទ​ដែល​មិន​ឈឺ​ទទួល​ទាន​ជា​មុន​នោះ​ថ្នាំ​នេះ​តិច​ណាស់ នឹង​អស់​ទៅ រោគ​លោក​ក៏​មិន​សះ​ជា ។ ចូឆូ​ក៏​ធញវើ​ព្រងើយ​កន្តើយ​មិន​ព្រម​ទទួល​ផឹក ។ កៀតប៉ឹង​ឃើញ​ចូឆូ​រង្កៀស​សង្ស័យ​មិន​ទទួល​ផឹក​ថ្នាំ​ដូច​រាល់​ដង ក៏​សំគាល់​ក្នុង​ចិត្ត​ថា ចូឆូ​ដឹង​ដល់​គំនិត​ដែល​ខ្លួន​គិត​ទុក ទើប​ចាប់​ស្លឹក​ត្រចៀក​ចូឆូ​ជាប់​ហើយ​យក​ពឺង​លើក​ឡើង​ច្រក​ឲ្យ​ចូឆូ​ផឹក ។ ចូឆូ​យក​ដៃ​ទាត់​ពែង​ធ្លាក់​ពី​ដៃ​ទៅ​បែក កំពប់​ថ្នាំ​ទៅ​លើ​ឥដ្ឋ​ដោយ​អំណាច​ថ្នាំ​ពិស​នោះ​ឥដ្ឋ​ក៏​បែក​ខ្ទេច ។ មនុស្ស​បំរើ​ទាំង​ពួង​ឃើញ​ដូច្នោះ ក៏​បបួល​គ្នា​ចូល​ចោម​ចាប់​ខ្លួន​កៀតប៉ឹង​ចង​ជាប់ ។ ចូឆូ​បាន​ចំណាប់​ឃើញ​ច្បាស់​ជា​កៀតប៉ឹង​ដាក់​ថ្នាំ​ពិស ក៏​និយាយ​ថា "អញ​មិន​មែន​ឈឺ​អ្វី​ទេ អញ​ពិសោធ​ឯង​ចង់​ដឹង​ទេ​តើ ឥឡូវ​អញ​ឃើញ​ថា​ឯង​ប្រទូសរ៉ាយ​អញ​ជា​ប្រាកដ" ទើប​បង្គាប់​ទាហាន ២០ នាក់​ឲ្យ​នាំ​ខ្លួន​កៀតប៉ឹង​ទៅ​ឯ​សួន​ច្បារ ហើយ​ចង​ស្នឹង​វាយ​កៀតប៉ឹង​យ៉ាង​សហ័ស​សួរ​ពិចារណា​ថា ខ្លួន​ឯង​ជា​ពេទ្យ​ដែល​គិត​ការ​ទាំង​នេះ អញ​ក៏​ឃើញ​ថា​លើស​គំនិត​ប្រាជ្ញា​ឯង តើ​នរណា​ប្រើ​ឯង​ឲ្យ​ធ្វើ​ដូច្នេះ ចូរ​ឯង​ឆ្លើយ​ប្រាប់​ឈ្មោះ​ឲ្យ​ច្បាស់​តាម​ត្រង់ អញ​នឹង​លើក​ទោស​ឯង ។

កៀតប៉ឹង​ត្រូវ​វាយ​ឈឺ​ឆាប់​ជា​ទម្ងន់​ណាស់ ក៏​មិន​បាន​ខ្លាច​សេចក្ដី​ស្លាប់​ស្រែក​គំហក​តប​ថា ខ្លួន​ឯង​ធ្វើ​ល្មើស​ជា​ខ្មាំង​សត្រូវ​នឹង​រាជសម្បត្តិ បាន​ជា​អញ​គិត​ធ្វើ​ការ​ដូច្នេះ មិនមែន​នរណា​មក​បង្គាប់​ប្រាប់​អញ​ធ្វើ​ទេ ព្រោះ​ហេតុ​ថា​ផែនដី​សព្វ​ថ្ងៃ​ក្ដៅ​គ្រប់​ដើម​ស្មៅ​វល្លិ​ឈើ​ព្រៃ​ទាំង​ពួង បាន​ជា​អញ​គិត​សម្លាប់​ឯង​ចេញ ទោះ​នរណា ៗ គេ​ក៏​ប្រុង​តែ​នឹង​ប្រហារ​ជីវិត​ឯង​ដូច​អញ​ដែរ តែ​មិន​ទាន់​បាន​ឱកាស​នឹង​ធ្វើ​បាន ជីវិត​អញ​នឹង​ស្លាប់ ហើយ​ឯង​មិន​ត្រូវ​មក​សួរ​ធ្វើ​អ្វី​ឡើយ ។ ចូឆូ​បាន​ឮ​ដូច្នោះ​ក៏​ខឹង​ណាស់​ឲ្យ​វាត​កៀតប៉ឹង​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ ទាល់​តែ​ខ្នង​នោះ​បែក​រលួយ​ហូរ​ឈាម​ស្រោច​អស់​ទាំង​ខ្លួន កៀតប៉ឹង​ក៏​មិន​ឆ្លើយ​ដាក់​គូកន ។ ចូឆូ​បារម្ភ​ក្រែង​កៀតប៉ឹង​នឹង​ស្លាប់​សាប​សូន្យ​រឿងរ៉ាវ ក៏​ឲ្យ​យក​ខ្លួន​កៀតប៉ឹង​ទៅ​ឃុំ​ទុក​ជា​មាំមួន លុះ​វេលា​ព្រឹក​ឡើង​ចូឆូ​ក៏​បង្គាប់​ឲ្យ​រៀប​តុ​លៀង​អាហារ​ឲ្យ​អញ្ជើញ​នាហ្មឺន​សព្វ​មុខ​មន្ត្រី​តូច​ធំ​ទៅ​ជួបជុំ​បរិភោក្ដា ។ ឯ​ជូហុក, តាន់អ៊ិប, ងោហួន ៤ នាក់​នេះ ក៏​គិត​ព្រម​គ្នា​ថា បើ​យើង​មិន​ទៅ​ចូឆូ​នឹង​សង្ស័យ នាហ្មឺន​ទាំង ៤ នាក់​ក៏​ទៅ​ព្រម​គ្នា​នឹង​នាហ្មឺន​ទាំង​ពួង តែ​តាំងស៊ិន​នោះ​ឲ្យ​ដំណឹង​ថា​ឈឺ​ទៅ​មិន​រួច ។

ខណៈ​កាល​នាហ្មឺន​មុខ​មន្ត្រី​ទាំង​ពួង​កំពុង​បរិភោគ​អាហារ ចូឆូ​ក៏​និយាយ​ថា "អស់​លោក​ផឹក​ស្រា​មិន​សូវ​រួសរាយ យើង​មាន​មនុស្ស​ម្នាក់​ប្លែក​នឹង​ឲ្យ​យក​មក​ឲ្យ​អស់​លោក​មើល​លេង" ថា​ហើយ​ក៏​ប្រើ​ទាហាន​ឲ្យ​ឃុំ​នាំ​យក​ខ្លួន​កៀតប៉ឹង​ចេញ​មក ចូឆូ​ក៏​និយាយ​នឹង​នាហ្មឺន​ទាំង​ពួង​ថា "មាន​ពួក​ក្បត់​គប់​គិត​គ្នា​នឹង​អា​កំណាច​ម្នាក់​នេះ នឹង​ធ្វើ​អន្តរាយ​ដល់​ព្រះ​ចៅ​ហៀនតេ​ហើយ​ធ្វើ​ប្រទូសរ៉ាយ​ដល់​យើង​ផង ឥឡូវ​ទេពតា​មិន​បាន​ចូល​ទៅ​ខាង​មនុស្ស​អាក្រក់ បណ្ដាល​ឲ្យ​យើង​ចាប់​ខ្លួន​បាន យើង​នឹង​សួរ​ពិចារណា​វា ឲ្យ​អស់​លោក​ចាំ​ស្ដាប់​ចុះ" ចូឆូ​ក៏​ឲ្យ​វាយ​កៀតប៉ឹង​ទៀត​ទាល់​តែ​សន្លប់ ហើយ​ឲ្យ​រឹត​រួត​ទាល់​តែ​ដឹង​ខ្លួន​ឡើង​វិញ ។ កៀតប៉ឹង​នៅ​មិន​បាន​ញញើត​ខាំ​ធ្មេញ​ញេញ​មុខ​សំឡក់ ហើយ​ជេរ​ចូឆូ​ជា​ពាក្យ​អាស្រូវភាស​ផ្សេង ៗ ហើយ​ថា "ហេតុ​ម្ដេច​ឯង​មិន​សម្លាប់​អញ​ទៅ ទុក​អញ​ធ្វើ​អ្វី​ទៀត ។ ចូឆូ​ថា ពី​ដើម​វា​គប់​គិត​គ្នា​នឹង​ពួក ៦ នាក់ ឯ​ក្រោយ​ឯង​ទៅ​ចូល​រួម​គំនិត​ទៀត​ទើប​ត្រូវ​ជា ៧ នាក់ ដើម​គំនិត​គឺ​ឈ្មោះ​អ្វី ? បាន​ជា​ឯង​មិន​ចង្អុល​ឲ្យ​ច្បាស់ ។ កៀតប៉ឹង​ក៏​មិន​ឆ្លើយ​តប​សោះ ចូឆូ​ខឹង​ណាស់​ឲ្យ​វាយ​ទៀត​ហើយ​ពិចារណា​សួរ កៀតប៉ឹង​រឹង​តែ​មិន​ឆ្លើយ​ដាក់​ដល់​ម្នាក់​ណា ។

ឯ​ជូហុក, ជូឡាន់, តាំងអ៊ិប, ងោហួន, អង្គុយ​បរិភោគ​អាហារ ឃើញ​ចូឆូ​ឲ្យ​វាយ​ពិចារណា​កៀតប៉ឹង​ដូច្នោះ អ្នក​ទាំង ៤ ក៏​មិន​បាន​ជា​សុខ ឧបមា​ដូចជា​គេ​អង្គុយ​លើ​ចំរូង​បន្លា​ឬ​លើ​ភ្លើង​គុក ទាំង​ទឹក​មុខ​ក៏​ស្លឺត​ស្លាំង​គ្មាន​ឈាម​សោះ ចេះ​តែ​សំឡឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ។ ចូឆូ​ឃើញ​កៀតប៉ឹង​មិន​ឆ្លើយ​ដាក់​ដល់​គូកន​ដូច្នោះ ក៏​បង្គាប់​ឲ្យ​យក​ខ្លួន​ទៅ​ដាក់​គុក​ដូច​ដើម ។ នាហ្មឺន​មុខ​មន្ត្រី​ទាំងឡាយ​នោះ លុះ​បរិភោគ​រួច​ហើយ​ទាំងអស់​គ្នា​ក៏​លា​ចូឆូ​ចុះ​ទៅ ។ ចូឆូ​ទើប​ថា អ្នក​ទាំង​ពួង​នឹង​ទៅ​ក៏​ទៅ​ចុះ តែ​ជូហុក, ជូឡាន់, តាំងអ៊ិប, ងោហួន ៤ នាក់​នេះ​ត្រូវ​ឲ្យ​បង្អង់​នៅ​សិន យើង​នឹង​ប្រឹក្សា​ការ​រាជការ​ផង ។ នាហ្មឺន​ទាំង ៤ បាន​ឮ​ដូច្នោះ ក៏​ស្លុត​រន្ធត់​ចិត្ត​បាត់​ព្រលឹង​ពី​ក្នុង​ខ្លួន ចាំ​ចិត្ត​ទៅ​អង្គុយ​អាជ្ញា​ចូឆូ ៗ ក៏​សួរ​នាហ្មឺន​ទាំង ៤ នាក់​ថា អ្នក​ប្រឹក្សា​ការ​អ្វី​ខ្លះ​នៅ​ផ្ទះ​តាំងស៊ិន ។ នាហ្មឺន​ទាំង ៤ ឆ្លើយ​ថា ខ្ញុំ​បាទ​នឹង​បាន​ទៅ​ប្រឹក្សា​ការ​អ្វី​នៅ​ផ្ទះ​តាំងស៊ិន​ក៏​ទេ ។

ចូឆូ​ជជីក​សួរ​ថា បើ​ខ្លួន​មិន​បាន​ទៅ​ប្រឹក្សា​គ្នា​នៅ​ផ្ទះ​តាំងស៊ិន​ទេ ចុះ​ព្រៃ​ស​ដែល​សរសេរ​អក្សរ​នឹង​ឈាម​នោះ សេចក្ដី​ដូចម្ដេច​ខ្លះ ? ។ នាហ្មឺន​ទាំង ៥ នាក់​ឆ្លើយ​ថា ព្រៃ​ស​ដែល​សរសេរ​សេចក្ដី​ដូចម្ដេច​ខ្លះ នោះ​ខ្ញុំ​មិន​បាន​ដឹង​ឃើញ​ទេ ។ ចូឆូ​ក៏​បង្គាប់​ឲ្យ​យក​ខ្លួន​ខឹងតង​ដែល​ជា​បាវ​តាំងស៊ិន​នោះ​ចេញ​មក​ប្រទល់​មុខ​គ្នា ខេងតង​ក៏​ឆ្លើយ​ថា នាហ្មឺន​ទាំង ៤ នាក់​នេះ​ហើយ​ដែល​បាន​រួម​គំនិត​គិត​គ្នា​លើ​ផ្ទះ​តាំងស៊ិន ។ នាហ្មឺន​ទាំង ៤ មិន​ទទួល ។ ខេងតង​ឆ្លើយ​ថា ដើម​ដំបូង​ជូហុក​ទៅ​រក​តាំង​ស៊ិន​មុន លុះ​ជូឡាន់, តាំងអ៊ិប, ងោហួន, ម៉ាថេង​ឡើង​ទៅ​ក្រោយ ជូហុក​ខ្លាច​ក៏​ស្ទុះ​ចូល​ទៅ​ពួន​ក្នុង​វាំងនន រួច​តាំងស៊ិន​យក​ឡាយព្រហស្ត​ដែល​សរសេរ​នឹង​ព្រៃ​ស​នោះ​មក​ឲ្យ​មើល ហើយ​និយាយ​គ្នា​ព្រម​រួម​គំនិត​គិត​ការ​នោះ​ថា នឹង​ធ្វើ​អន្តរាយ​ដល់​មហា​ឧបរាជ ជូហុក​ទើប​ចេញ​មក​និយាយ​ជា​មួយ​គ្នា​ទៀត តាំងស៊ិន​នឹង​នាហ្មឺន ៥ នាក់ ក៏​ធ្វើ​សំបុត្រ​ចុះ​នាម​ទុក​ជា​មួយ​គ្នា ហេតុ​ម្ដេច​អ្នក​ទាំង ៤ នៅ​មិន​ទទួល​?​។ ជូហុក​ជំរាប​ចូឆូ​ថា ខេងតង​នេះ​លប​សហាយ​នឹង​ភរិយា​តូចតាំងស៊ិន លុះ​តាំង​ស៊ិន​ចាប់​បាន​ឲ្យ​វាយ​ផ្ចាល​រួច​ដាក់​ច្រវាក់​ទុក ខេងតង​មាន​ចិត្ត​អាឃាដ​ព្យាបាទ​តាំងស៊ិន លួច​រត់​មក​បាន ក៏​យក​សេចក្ដី​បង្គាប់​មក​ប្ដឹង​ពោល​ទោស​តាំងស៊ិន​ថា​នឹង​គិត​ប្រទុសរ៉ាយ​មក​មហា​ឧបរាជ សូម​កុំ​ឲ្យ​មហា​ឧបរាជ​ជឿ​ស្ដាប់​ពាក្យ​វា​ជា​មនុស្ស​អាក្រក់ ។

ចូឆូ​ថា ព្រោះ​ខ្លួន​វា​មិន​បាន​ចូល​គំនិត​គិត​ជា​មួយ​នឹង​ខ្លួន​រាល់​គ្នា​បាន​ជា​ខ្លួន​ថា​វា​ជា​មនុស្ស​អាក្រក់ ឯ​ត្រង់​តាំង​ស៊ិនគិត​ឲ្យ​កៀក​ប៉ឹង​យក​ថ្នាំ​ពិស​មក​ឲ្យ​យើង​ផឹក នោះ​ខ្លួន​ទាំង ៤ នាក់​ដឹង​ឮ​ឃើញ​ដែរ​ឬ​ទេ ? ។ នាហ្មឺន​ទាំអ ៤ ក៏​ឆ្លើយ​ថា ខ្ញុំ​បាទ​មិន​បាន​ដឹង​ទេ ។ ចូឆូ​ថា "រឿង​ទាំងអស់​នេះ​ខ្លួន​មិន​ទទួល​ដឹង​សោះ បើ​ដូច្នោះ​យើង​នឹង​ស៊ើប​សួរ​តទៅ​ទៀត បើ​បាន​សេចក្ដី​ដូច​យើង​ដឹង យើង​នឹង​ប្រហារ​ជីវិត​ខ្លួន​ទាំង ៤ នាក់​ចេញ" ថា​ចេញ​ក៏​បង្គាប់​ទាហាន​ថា វេលា​នេះ​យប់​ហើយ ឲ្យ​យក​នាហ្មឺន ៤ នាក់​ទៅ​ដាក់​គុក​ទុក​ឲ្យ​ខ្ជាប់ខ្ជួន ។ ទាហាន​ក៏​ចាប់​ខ្លួន​នាហ្មឺន​ទាំង ៤ ទៅ​ធ្វើ​ទោស​តាម​បង្គាប់​ចូឆូ ។

លុះ​ព្រឹក​ឡើង ចូឆូ​ក៏​នាំ​ទាហាន​ទៅ​សួរ​តាំងស៊ិន​ឯ​ផ្ទះ តាំងស៊ិន​ដឹង​ក៏​ចេញ​មក​ទទួល​ចូឆូ​ឡើង​ទៅ​អង្គុយ​ទី​សម​គួរ ។ ចូឆូ​ក៏​សួរ​តាំងស៊ិន​ថា​ពី​ម្សិល​មិញ​យើង​ឲ្យ​មក​អញ្ជើញ​អ្នក​ទៅ​ស៊ីលៀង ហេតុ​ម្ដេច​បាន​ជា​អ្នក​មិន​ទៅ ? ។ តាំងស៊ិន​ឆ្លើយ​តប​ថា ខ្ញុំ​បាទ​ឈឺ​មិន​ទាន់​ជា បើ​នឹង​ទៅ​ក្រែង​រោគ​បណ្ដាល​ឡើង​វិញ ។ ចូឆូ​សួរ​ថា ដែល​អ្នក​ឯង​ថា​ឈឺ​នោះ យើង​ក៏​ដឹង​អស់​ហើយ មិនមែន​ឈឺ​ដោយ​រោគ​អ្វី​ក៏​ទេ គឺ​អ្នក​ឯង​ឈឺ​ចិត្ត​ដ្បិត​គិត​ការ​មិន​សម្រេច​ដូច​ប្រាថ្នា ។ តាំងស៊ិន​បាន​ស្ដាប់​ដូច្នោះ ក៏​ភ័យ​ស្លុត​ស្មារតី​មិន​ឆ្លើយ​ថា​ដូចម្ដេច​សោះ ។ ចូឆូ​ក៏​សួរ​តាំងស៊ិន​ថា សេចក្ដី​ដែល​កៀតប៉ឹង​គិត​ធ្វើ​ប្រទូសរ៉ាយ​ដល់​យើង​នោះ អ្នក​ឯង​ដឹង​ឬ​ទេ ? ។ តាំងស៊ិន​ឆ្លើយ​ថា ខ្ញុំ​បាទ​មិន​ដឹង​សោះ ។ ចូឆូ​អស់​សំណើច​ហើយ​ថា ខ្លួន​មិន​ដឹង​ក៏​ជា​ហើយ ។ ចូឆូ​ប្រើ​ទាហាន​ឲ្យ​ទៅ​នាំ​កៀតប៉ឹង​មក​ឯ​ផ្ទះ​តាំងស៊ិន ។ កាល​កៀតប៉ឹង​មក​ដល់​ក្រឡេក​ឃើញ​ចូឆូ ក៏​ស្រែក​ជេរ​ថា​អា​សត្រូវ​រាជ​សម្បត្តិ អា​ឯង​ឲ្យ​នាំ​អញ​មក​និយាយ​ការ​អ្វី​ទៀត ។

ចូឆូ​និយាយ​នឹង​តាំងស៊ិន​ថា ពួកម៉ាក​ផង​ខ្លួន​ដែល​រួម​គំនិត​គិត​ការ​ជា​មួយ​គ្នា​នឹង​ធ្វើ​ប្រទូសរ៉ាយ​យើង​នោះ ៥ នាក់ ឥឡូវ​ចាប់​បាន ៤ នាក់​ហើយ យើង​ដាក់​គុក​ទុក តែ​ម្នាក់​ទៀត​នៅ​មិន​ទាន់​បាន​ខ្លួន ។ តាំងស៊ិន​ថា ខ្ញុំ​បាទ​នឹង​បាន​គប់​គិត​នឹង​អ្នក​ឯ​ណា​ក៏​ទេ ។ ចូឆូ​ក៏​សួរ​កៀតប៉ឹង​ថា​នរណា​ប្រើ​ឯង​ឲ្យ​យក​ថ្នាំ​ពិស​ទៅ​ដាក់​ឲ្យ​អញ​ផឹក ? ។ កៀតប៉ឹង​ថា នរណា​ក៏​បាន​ប្រើ​អញ​ក៏​ទេ ។ ចូឆូ​ខឹង​ណាស់​ឲ្យ​វាយ​កៀតប៉ឹង​ម្ដង​ទៀត​យ៉ាង​ខ្លាំង ។ តាំងស៊ិន​ឃើញ​ចូឆូ​ឲ្យ​វាយ​កៀតប៉ឹង​ដូច្នោះ ក៏​បង្កើត​ឲ្យ​ក្ដៅ​ក្នុង​ចិត្ត​ដូច​អង្គុយ​លើ​គំនរ​ភ្លើង ។ ចូឆូ​ក៏​សួរ​កៀតប៉ឹង​ទៀត​ថា ពីដើម​ម្រាម​ដៃ​ឯង​គ្រប់ ១០ ហេតុ​ម្ដេច​នៅ​សល់​តែ ៩ ? ។ កៀតប៉ឹង​ថា អញ​កាត់​ម្រាម​ដៃ​អញ ១ ចេញ សច្ចា​ស្បថ​ថា នឹង​សម្លាប់​អា​ឯង​ឲ្យ​បាន ។

ចូឆូ​ខឹង​ណាស់ ទើប​បង្គាប់​ឲ្យ​ទាហាន​កាប់​ម្រាម​ដៃ​កៀតប៉ឹង​អស់​ទាំង ៩ ហើយ និយាយ​ថា ឯង​កាត់​ម្រាប​ដៃ​អស់ ១ ឯង​នៅ​ធ្វើ​អញ​មិន​បាន ឥឡូវ​អញ​ឲ្យ​កាត់​ម្រាម​ដៃ​ឯង​អស់ ៩ ទៀត ឯង​ត្រូវ​ខំ​គិត​ធ្វើ​អញ​ឲ្យ​បាន​តាម​គំនិត​ឯង​ចុះ ។ កៀតប៉ឹង​ថា មាត់​អញ​នៅ​មាន​អណ្ដាត អញ​ក៏​នៅ​ល្មម​នឹង​ជេរ​ម៉ែ​អា​ឯង​បាន​ទៀត ។ ចូឆូ​ក៏​បង្គាប់​ទាហាន​ឲ្យ​កាត់​អណ្ដាត​កៀតប៉ឹង ៗ ក៏​ស្រែក​ថា អា​ឯង​កុំ​ធ្វើ​ឲ្យ​អញ​លំបាក​ពេក​ឡើយ ស្រាយ​អញ​ចេញ​ចុះ​អញ​នឹង​បញ្ចេញ​សេចក្ដី​ទាំងអស់​ឲ្យ​ដឹង ។ ចូឆូ​បាន​ស្ដាប់​ក៏​ឃាត់​ហាម​ទាហាន ហើយ​បង្គាប់​ឲ្យ​ស្រាយ​ចំណង​ចេញ ។ កៀតប៉ឹង​ក្រោក​ឡើង​បែរ​មុខ​ទៅ​រក​ព្រះ​បរម​រាជវាំង ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​មហា​ក្សត្រ​ថា "ខ្លួន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ផែនដី ឥឡូវ​មាន​អា​ខ្មាំង​សត្រូវ​វា​ធ្វើ​ឲ្យ​ចលាចល​ដល់​រាជ​សម្បត្តិ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​គិត​នឹង​ទំនុក​បំរុង​ផែនដី ដើម្បី​បំផ្លាញ​រំលាយ​អា​ខ្មាំង​ឲ្យ​បាន​តែ​មិន​សម​តាម​សេចក្ដី​ប្រាថ្នា" ថា​ហើយ​ក៏​បោក​ក្បាល​នឹង​សសរ​សិលា​បែក​ស្លាប់​នៅ​ទីនោះ ។ ចូឆូ​ឃើញ​ដូច្នោះ ក៏​ឲ្យ​ទាហាន​ពន្លះ​សាច់​កៀតប៉ឹង​ចេញ​ជា​ដុំ ៗ ហើយ​កាត់​ក្បាល​យក​ទៅ​ដោត​ផ្ចាល​កណ្ដាល​ផ្លូវ​ជា​ទី​ប្រជុំ​ជន ។

ហើយ​ចូឆូ​ក៏​ប្រើ​ទាហាន​ទៅ​យក​ខ្លួន​ខេងតេង​មក ហើយ​សួរ​តាំងស៊ិន​ថា អ្នក​ឯង​ស្គាល់​ឈ្មោះ​អា​នេះ​ឬ​ទេ ? ។ តាំងស៊ិន​ឃើញ​ខេងតេង​ច្បាស់​ក៏​នឹក​ខឹង​ណាស់ ទើប​ប្រាប់​ចូឆូ​ថា "អា​នេះ​ជា​បាវ​ខ្ញុំ​បាទ​ជា​មនុស្ស​ទុរជន គិត​ប្រទូសរ៉ាយ​លួច​ប្រពន្ធ​ខ្ញុំ​បាទ ៗ នឹង​ទុក​វា​មិន​បាន" ហើយ​តាំងស៊ិន​ក៏​ហូត​ក្រប៊ីលើក​ឡើង​នឹង​កាប់​ខេងតេង ។ ចូឆូ​ក៏​ឲ្យ​ទាហាន​ដណ្ដើម​យក​ក្រប៊ីបាន ហើយ​និយាយ​ថា ខេងតេង​នេះ​ជា​ដើម​ចោទ​ទៅ​ពោល​ទោស​ថា ខ្លួន​នឹង​នាហ្មឺន​មាន​គ្នា ៥ នាក់ រួម​គំនិត​គិត​គប់​គ្នា​នឹង​ប្រទូសរ៉ាយ​យើង ឯ​នាហ្មឺន​ដែល​នៅ​ក្នុង​ក្រុង ៤ នាក់​នោះ​យើង​ចាប់​ខ្លួន​បាន​ហើយ បាន​ពិចារណា​សួរ​ក៏​ឆ្លើយ​ទទួល​តាម​ពាក្យ​សត្យ, ដែល​ខ្លួន​មក​ធ្វើ​ជា​ខឹង​គិត​សម្លាប់​ចោទ​ផង​ខ្លួន​ចេញ​នោះ ខ្លួន​គិត​នឹង​បំបាត់​ភស្ដុតាង​សូន្យ​ទៅ​ឬ ? ។ តាំងស៊ិន​ថា ខ្ញុំ​បាទ​នឹង​បាន​គប់​គិត​នឹង​អ្នក​ឯ​ណា​ប៉ង​ប្រទុសរ៉ាយ​លោក​ក៏​ទេ ។

ចូឆូ​ក៏​បង្គាប់​ទាហាន​ឲ្យ​ឡើង​ទៅ​រើ​មើល​លើ​ផ្ទះ​តាំងស៊ិន​បាន​សំបុត្រ​ដែល​សរសេរ​ចុះ​ព្រម​នាម​ដោយ​លោហិត​នឹង​ព្រៃ​ស ហើយ​នឹង​សំបុត្រ​ដែល​ចុះ​ឈ្មោះ​សញ្ញា​សច្ចា​ស្បថ​នឹង​គ្នា​នោះ នាំ​មក​ឲ្យ​ចូឆូ ៗ ទទួល​យក​មក​មើល​សំបុត្រ​ទាំង ២ ច្បាប់ ក៏​ដឹង​ច្បាស់​ជា​សំបុត្រ​ក្នុង​ព្រៃ​ស​នោះ​ជា​ឡាយ​ព្រះហស្ដ​ព្រះ​ចៅ​ហៀនតេ​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ សំបុត្រ​ដែល​សញ្ញា​ចុះ​ឈ្មោះ​នោះ​មាន​ឈ្មោះ​ឡៅពី​ផង ហើយ​ចូឆូ​ថា "អា​ពួក​នេះ​ឧបមា​ដូចជា​សត្វ​តិរច្ឆាន គួរ​ឬ​មក​គិត​ប្រទូសរ៉ាយ​អញ" ទើប​ឲ្យ​ទាហាន​រឹប​យក​របស់​ទ្រព្យ​តាំងស៊ិន​អស់​ពី​លើ​ផ្ទះ ហើយ​ឲ្យ​ចាប់​យក​ខ្លួន​តាំងស៊ិន​នឹង​ភរិយា​បុត្រ​នឹង​ស្ម័គ្រ​បក្ស​ពួក​ទាំង​ប៉ុន្មាន នាំ​ទៅ​ដល់​ផ្ទះ​ចូឆូ ៗ ក៏​យក​សំបុត្រ​ទាំង ២ ច្បាប់​នោះ​បង្ហាញ​ឲ្យ​ទីប្រឹក្សា​ទាំង​ពួង​មើល ហើយ​ថា ព្រះ​ចៅ​ហៀនតេ​គិត​ឲ្យ​ធ្វើ​ប្រទូសរ៉ាយ​យើង​ជា​អ្នក​មាន​គុណ​បំណាច់ ឥឡូវ​យើង​ត្រូវ​នីរទេស​ចេញ​ពី​រាជសម្បត្តិ ចាត់​យក​ពូជ​ព្រះ​រាជវង្ស​ដែល​មាន​សតិ​បញ្ញា​មក​តាំង​ជា​ម្ចាស់​ផែនដី​ជំនួស​វិញ តើ​អ្នក​ទាំងអស់​គ្នា​នឹង​យល់​ឃើញ​ប្រការ​ម្ដេច ? ។

ធៀយ៉ុក​ឆ្លើយ​ថា សព្វ​ថ្ងៃ​នេះ​រាជការ​ក្នុង​ទីក្រុង​នឹង​អាណាខែត្រ​ខាង​ក្រៅ​ទាំង​ពួង ក៏​ជា​កម្មសិទ្ធិ​នៃ​លោក ព្រោះ​លោក​ធ្វើ​ការ​អ្វី​ក៏​កាន់​យក​ព្រះ​រាជ​តម្រាស់​ព្រះ​ចៅ​ហៀនតេ​ជា​ប្រមាណ នាហ្មឺន​សព្វ​មុខ​មន្ត្រី​ក្នុង​ក្រុង​នឹង​ខែត្រ​ក្រៅ ក៏​នៅ​កោត​ក្រែង​បង្គាប់​បញ្ជា​លោក​ទាំងអស់ គ្រា​នេះ​ផែនដី​ក៏​នៅ​មិន​ទាន់​រាបទាប ដែល​លោក​នឹង​ឲ្យ​នីរទេស​ព្រះ​ចៅ​ហៀនតេ​ចាក​រាជ​សម្បត្តិ​នោះ បើ​ដឹង​ទៅ​ដល់​អាណាខែត្រ​ខាង​ក្រៅ​ហើយ ក៏​គង់​នឹង​លើក​កង​ទ័ព​ចូល​មក​ខ្ទប់​ប្រសព្វ​គ្នា ធ្វើ​អន្តរាយ​ដល់​លោក ៗ ក៏​នឹង​មាន​សេចក្ដី​លំបាក, ដែល​ខ្ញុំ​បាទ​ជំរាប​លោក​ដូច្នេះ សូម​ឲ្យ​លោក​ត្រិះរិះ​មើល​តាម​ការណ៍​គួរ​ចុះ ។

ចូឆូ​យល់​ត្រូវ​ផង ក៏​បង្គាប់​ទាហាន​ទាំង​ពួង​ឲ្យ​ទៅ​ចាប់​ភរិយា​បុត្រ​នឹង​បក្ស​ពួក​នាហ្មឺន ៤ នាក់​នោះ​នាំ​មក ហើយ​ឲ្យ​យក​ខ្លួន​តាំងស៊ិន​នឹង​នាហ្មឺន ៤ នាក់ នូវ​ភរិយា​បុត្រ​ស្ម័គ្រ​បក្ស​ពួក ប្រហែល ៧០០ ប្លាយ​នាក់​ទៅ​ប្រហារ​ជីវិត​ក្រៅ​កំពែង​ក្រុង​ហ៊ូតោ ។ នាហ្មឺន​មុខ​មន្ត្រី​នូវ​អាណា​ប្រជានុរាស្ត្រ​ទាំងឡាយ​ឃើញ​ដូច្នោះ ក៏​មាន​សេចក្ដី​អាណិត​អាណាថ​យំ​យែក​ស្រក់​ទឹក​ភ្នែក​រាល់​គ្នា ។ ខណៈ​កាល​ចូឆូ​សម្លាប់​តាំងស៊ិន​នឹង​ប័ក្ស​ពួក​ចេញ​អស់​ហើយ ក៏​នៅ​មិន​អស់​កំហឹង ទើប​សៀត​ក្រប៊ីចូល​ទៅ​ក្នុង​ព្រះ​បរម​រាជវាំង ប្រាថ្នា​ដើម្បី​នឹង​សម្លាប់​នាង​តាំងគុយហ៊ុយ​ជា​ប្អូន​តាំងស៊ិន ដែល​ជា​ព្រះ​ស្នំ​ព្រះចៅ​ហៀតតេ ។

ចំណែក​ព្រះ​ចៅ​ហៀនតេ​ត្រាស់​ប្រឹក្សា​នឹង​ព្រះ​នាង​ហុកហៅ ជា​ព្រះ​អគ្គ​មហេសី​នឹង​នាង​តាំងគុយហ៊ុយ​ថា "យើង​ឲ្យ​សំបុត្រ​ទៅ​តាំងស៊ិន​ជា​យូរ​ខែ​ហើយ នៅ​មិន​ទាន់​បាន​សេចក្ដី​ជា​យ៉ាង​ម្ដេច​សោះ" ទទួល​ក្រឡេក​ទៅ​ឃើញ​ចូឆូ​សៀត​ក្រប៊‍ី​ដើរ​ចូល​មក ព្រះចៅ​ហៀនតេ​ស្លុត​ព្រះ​ទ័យ​ភ័យ​ណាស់ មិន​បាន​ត្រាស់​ថា​ប្រការ​ម្ដេច ។ ចូឆូ​មិន​បាន​ថ្វាយ​បង្គំ​តាម​សមគួរ ក៏​និយាយ​ទូល​ព្រះ​ចៅ​ហៀនតេ​ថា តាំងស៊ិន​គិត​ប្រទូសរ៉ាយ​ទូល​បង្គំ​ជា​ខ្ញុំ ព្រះ​អង្គ​ទ្រង់​ជ្រាប​ឬ​ទេ ? ។ ព្រះ​ចៅ​ហៀនតេ​បាន​ស្ដាប់​ចូឆូ​សួរ​ដូច្នោះ ទើប​ក្លែង​ត្រាស់​ថា តាំងតុះ​ធ្វើ​ការ​អាក្រក់​នឹង​ផែនដី គេ​បបួល​គ្នា​សម្លាប់​ចេញ​ហើយ ហេតុ​ម្ដេច​មហា​ឧបរាជ​មក​ថា​តាំងតុះ​មក​គិត​ប្រទូសរ៉ាយ​ទៀត ។ ចូឆូ​ទើប​ស្រែក​យ៉ាង​ខ្លាំង​ថា ហេតុ​ម្ដេច​ទ្រង់​យក​រឿង​តាំងតុះ​ដែល​ស្លាប់​ទៅ​ហើយ​នោះ​មក​ប្រារព្ធ​វិញ​ដូច្នេះ ? ។ ព្រះ​ចៅ​ហៀនតេ​បាន​ឮ​ចូឆូ​ស្រែក​ដូច្នោះ​ក៏​ស្លុត​ព្រះ​ទ័យ​ហើយ​ត្រាស់​ថា តាំងស៊ិន​គិត​ប្រទុសរ៉ាយ​ប្រការ​ម្ដេច​នោះ​យើង​មិន​បាន​ដឹង​ទេ ។ ចូឆូ​ថា ព្រះ​អង្គ​សរសេរ​អក្សរ​ដោយ​លោហិត​ឲ្យ​ទៅ​តាំងស៊ិន​នោះ​ភ្លេច​អស់​ហើយ​ឬ ? ។ ព្រះ​ចៅ​ហៀនតេ​ក៏​មិន​ត្រាស់​តប​ថា​ប្រការ​ម្ដេច ។

ចូឆូ​ក៏​បង្គាប់​ពេជ្ឈឃាដ​ឲ្យ​ចាប់​នាង​តាំងគុយហ៊ុយ ដែល​ជា​ប្អូន​តាំងស៊ិន​យក​ទៅ​សម្លាប់ ព្រះ​ចៅ​ហៀនតេ​ត្រាស់​ថា នាង​តាំងគុយហ៊ុយ​មាន​គភ៌​បាន ៥ ខែ​មក​ហើយ មហា​ឧបរាជ​ចូរ​ឈ្វេង​យល់​មក​ដល់​យើង កុំ​បី​សម្លាប់​នាង​នោះ​ឡើយ ។ ចូឆូ​ថា ព្រះ​អង្គ​ឲ្យ​តាំងស៊ិន​គិត​ប្រទូសរ៉ាយ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ដោយ​សារ​មាន​ទេពធីតា​ជួយ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ទើប​បាន​ដឹង​ការ​ទាំង​ពួង​មិន​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ដល់​នូវ​សេចក្ដី​ស្លាប់ ប្រសិន​ព្រះ​អង្គ​នឹង​យក​ស្រី​ម្នាក់​នេះ​ទុក​តទៅ​មុខ គង់​នឹង​មាន​អន្តរាយ​ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ពុំ​ខាន ។ ព្រះ​នាង​ហុកហៅ​អគ្គមហេសី​មាន​ព្រះ​សវនីយ៍​នឹង​ចូឆូ​ថា មហា​ឧបរាជ​អាណិត​ទៅ​ចុះ​កុំ​អាល​សម្លាប់​នាង​តាំងគុយហ៊ុយ​ឡើយ ចូរ​យក​ទៅ​ដាក់​គុក​ទុក​ក្នុង​ផ្ទះ​ត្រជាក់​សិន បើ​ប្រសិន​ប្រសូត្រ​បុត្រ​រួច​កាលណា​សិម​សម្លាប់​ចេញ​ចុះ ។ ចូឆូ​តប​ថា នឹង​យក​ឈាម​សរសៃ​វា​ទុក​ធ្វើ​អ្វី បើ​បុត្រ​វា​ធំ​ឡើង​វា​ក៏​មិន​លែង​ធ្វើ​បាប​ព្យាបាទ​ប្រទូសរ៉ាយ​ដល់​ទូល​ព្រះ​បង្គំ​ឡើយ ។ នាង​តាំងគុយហ៊ុយ​ក៏​អង្វរ​ករ​ចូឆូ​ថា បើ​មហា​ឧបរាជ​មិន​ទុក​ជីវិត​ខ្ញុំ​ទេ សុំ​កុំ​ឲ្យ​កាប់​ខ្ញុំ​នឹង​អាវុធ​ឲ្យ​លំបាក​ឡើយ ចូរ​យក​ព្រៃ​ស​មក​ចង​រិត​ក​ឲ្យ​ស្លាប់​តាម​ប្រក្រតី​ចុះ ។ ចូឆូ​ក៏​ឲ្យ​យក​ព្រៃ​ស​មក​ធ្វើ​តាម​ពាក្យ​នាង​ថា ។ ព្រះ​ចៅ​ហៀនតេ​ក៏​ទ្រង់​ព្រះ​កន្សែង​សោកា ហើយ​ត្រាស់​នឹង​ព្រះ​នាង​តាំងគុយហ៊ុយ​ថា ខ្លួន​នាង​នឹង​ស្លាប់​ទៅ​ហើយ​ក៏​កុំ​បី​មាន​កំហឹង​ខឹង​គុំ​គួន​នឹង​យើង​ឡើយ ។ ព្រះ​ចៅ​ហៀនតេ​នឹង​ព្រះ​នាង​ហុកហៅ​នាង​តាំងគុយហ៊ុយ​សោកា​ពិលាប អាឡោះ​អាល័យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ចូឆូ​ឃើញ​ដូច្នោះ​ក៏​ស្រែក​គំហក​ថា "គប់​គិត​គ្នា​នឹង​ធ្វើ​ប្រទូសរ៉ាយ​គេ លុះ​គេ​ចាប់​បាន​មក​ធ្វើ​ជា​យំ​យែក​អាឡោះ​អាល័យ​គ្នា" ហើយ​ចូឆូ​ក៏​បង្គាប់​ពេជ្ឈឃាដ​ឲ្យ​ឃុំ​នាំ​ខ្លួន​នាង​តាំងគុយហ៊ុយ ចេញ​ទៅ​ដល់​ក្រៅ​ទ្វារ​ព្រះ​បរម​រាជវាំង ឲ្យ​យក​ព្រៃ​ស​ចង​រិត​បំពង់​ក​ទាល់​តែ​ដាច់​ខ្យល់​ស្លាប់ ។ ចូឆូ​បង្គាប់​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ខាង​ក្រុម​វាំង​នឹង​ខន្ទី​ថា "ចាប់​តាំង​ពី​ត្រឹម​នេះ​តទៅ កុំ​ឲ្យ​ពួក​ព្រះ​រាជវង្ស​ចេញ​ចូល​ទៅ​មក​ខាង​ក្នុង​ព្រះ​បរម​រាជវាំង បើ​អ្នក​ណា​ចង់​ចូល​ចេញ​ឲ្យ​យក​សេចក្ដី​ប្ដឹង​យើង​ជា​មុន បើ​យើង​យល់​ព្រម​ទើប​ចេញ​ចូល​បាន បើ​ភ្នាក់ងារ​ណា​មិន​ហាម​ប្រាម​ដូច្នេះ​ទេ យើង​នឹង​ឲ្យ​ចុះ​ទោស​ប្រហារ​ជីវិត" ហើយ​បង្គាប់​ចោហង​ឲ្យ​ប្រជុំ​ទាហាន ៣ ពាន់ កាន់​កាប់​រក្សា​ព្រះ​បរម​រាជវាំង​នឹង​ទ្វារ កុំ​ឲ្យ​ព្រះ​រាជវង្ស​ចូល​ទៅ​ខាង​ក្នុង​បាន ។

ចូឆូ​ក៏​ចេញ​មក​ផ្ទះ​ហើយ​ប្រឹក្សា​នឹង​ធៀយ៉ុក​ថា តាំងស៊ិន​នឹង​ពួក ៥ នាក់​ដែល​គិត​ប្រទូសរ៉ាយ​យើង​នោះ យើង​ក៏​សម្លាប់​ចេញ​អស់​ហើយ នៅ​តែ​ឡៅពី​នឹង​ម៉ាថេង យើង​នឹង​គិត​ធ្វើ​ប្រការ​ម្ដេច ទើប​នឹង​បាន​ខ្លួន​មក​សម្លាប់​ចេញ ? ។ ធៀយ៉ុក​ឆ្លើយ​ថា ម៉ាថេង​ដែល​ទៅ​នៅ​ស្រុក​សែលៀង​នោះ​មាន​ទាហាន​ច្រើន​ណាស់ បើ​លោក​នឹង​លើក​ទ័ព​ទៅ​វាយ​យក​វេលា​នេះ ស្រុក​យើង​ក៏​ជា​កង្វល់​ឯ​ក្រោយ សូម​ឲ្យ​លោក​ចាត់​រក​អ្នក​មាន​ដំរេះ​ប្រាជ្ញា​ទៅ​បញ្ចុះ​បញ្ចូល​ម៉ាថេង​ឲ្យ​ត្រឡប់​ចូល​មក​ស្រុក​វិញ កុំ​ឲ្យ​ដឹង​ខ្លួន​ទាន់​ថា​លោក​សម្លាប់​តាំងស៊ិន​នឹង​គូកន​នោះ​ឡើយ បើ​គិត​ដូច្នេះ​ហើយ​ខ្ញុំ​បាន​យល់​ឃើញ​ថា ម៉ាថេង​មិន​ទាន់​ដឹង​ការណ៍​ក៏​នឹង​ចូល​មក​មិន​ខាន រួច​សិម​លោក​ឲ្យ​ចាប់​ខ្លួន​សម្លាប់​ចេញ​នឹង​បាន​ដោយ​ងាយ ឯ​ឡៅពី​នោះ​ទៅ​នៅ​ស្រុក​ឈីជីវ​ប្រមូល​សេនា​ទាហាន​នឹង​ចាំ​ទទួល​កង​ទ័ព​លោក ឥឡូវ​ទាហាន​អ៊ួនសៀវ​នឹង​ទាហាន​យើង​ក៏​នៅ​តាំង​រាំងរា​គ្នា​នៅ​តំបន់​គួរ​ត មុខ​ជា​ឡៅពី​នឹង​ឲ្យ​មាន​សំបុត្រ​ទៅ​គិត​នឹង​អ៊ួនសៀវ​ឲ្យ​ជា​ពួក​ជា​មួយ​គ្នា បើ​លោក​លើក​កង​ទ័ព​ទៅ​ច្បាំង​នឹង​ឡៅពី​វេលា​ណា គង់​អ៊ួនសៀវ​នឹង​លើក​មក​វាយ​យក​ក្រុង​ហ៊ូតោ​ជា​ប្រាកដ នរណា​នឹង​ត​ទល់​នឹង​អ៊ួនសៀវ​ក៏​កម្រ​ក្រ​ក្រៃ​ណាស់ ។ ចូឆូ​តប​ថា ឡៅពី​នោះ​ជា​មនុស្ស​មាន​សតិ​បញ្ញា បើ​នឹង​បង្អង់​ឲ្យ​យូរ​ការ​ក៏​នឹង​មាន​កំឡាំង​ច្រើន​ឡើង ឧបមា​ដូច​កូន​សត្វ​បក្សី​កំពុង​តែ​ដុះ​ក្រាស មិន​ទាន់​មាន​ស្លាប​នឹង​ហើរ បើ​យើង​នឹង​ស្ងៀម​ទុក​ឲ្យ​នៅ​ក្នុង​សម្បុក​ដូច្នេះ កាលណា​ដុះ​រោម​នឹង​ស្លាប​ព្រម​ហើយ​ក៏​នឹង​ហើរ​ទៅ​ផ្លូវ​ឆ្ងាយ​បាន ទោះ​នឹង​ប្រាថ្នា​ចាប់​ខ្លួន​ក៏​កម្រ​ណាស់ អ៊ួនសៀវ​នោះ​មាន​ទាហាន​ច្រើន​ក៏​មែន តែ​ដម្រេះ​ប្រាជ្ញា​តិច ទោះ​នឹង​គិត​ការ​អ្វី យើង​មិន​ត្រូវ​ខ្លាច ។

អំពី​អ្នកនិពន្ធ[កែប្រែ]

ឧកញ៉ា​វិបុល​រាជសេនា នូ - កន ប្រែ​រៀប​រៀង

ឯកសារ​យោង[កែប្រែ]