រឿង ខ្លាស៊ីកូនតាពស់ព្រៃ

ពីវិគីភីឌា

ក្នុងកាលកន្លងយូរអង្វែងទៅហើយ មានបុរសម្នាក់ជាចាស់ព្រឹទ្ឋាចារ្យឈ្មោះតាពស់ព្រៃ គាត់ជាមនុស្សទីទ័លក្រ បានមកតាំងទីលំនៅធ្វើស្រែចំការនៅក្បែរជើងភ្នំតែពីរនាក់ប្ដីប្រពន្ឋ។ លុះនៅយូរៗទៅ បានកូនប្រុសម្នាក់ គាត់ចិញ្ចឹម បីបាច់តាំងពីតូចរហូតដល់បានអាយុ១ឆ្នាំ បានប្រកបសេចក្ដីសុខដរាបរៀងមក ឥតដែលមានម៉ួហ្មងអ្វីឡើយ។ ថ្ងៃមួយតាពស់ព្រៃ និងប្រពន្ឋ កាលបើបញ្ចុកអាហារឱ្យកូនបរិភោគរួច ក៏ផ្ដេកកូននោះក្នុងរោងជាទីលំនៅរបស់គាត់ ដូចកាលសព្វដងរៀងមក មិនបានគិតក្រែងមានគ្រោះថ្នាក់ដល់កូនសោះទេ ហើយយកដងរែកសង្រែក និង កណ្ដៀវ ចេញទៅតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ចោលកូនឱ្យដេកនៅក្នុងរោងតែម្នាក់ឯង។ ក្រោយពីតា និងយាយចេញផុតទៅ ខ្លាធំមួយ ដែលឋិតនៅក្នុងព្រៃជិតនោះលបចូលទៅក្នុងរោង ឃើញទារកដេកតែម្នាក់ឯង ក៏ពាំយកកូនតូចនោះទៅស៊ីជាអាហារ។ កុមារនោះ ពុំបានស្រែកយំមួយង៉ាកណាសោះ ដោយវានៅតូចដេកពុំដឹងខ្លួន។ ឯតាពស់ព្រៃ និង យាយ ជាភរិយាខំច្រូតស្រូវនៅក្រោមកំដៅព្រះអាទិត្យ តាំងពីព្រឹកពុំហ៊ានឈប់សម្រាកសោះ។ លុះថ្ងៃត្រង់ អត់ទ្រាំនឹងកំដៅព្រះអាទិត្យទៅទៀតពុំបាន គាត់ក៏រៀបកណ្ដាប់ស្រូវដាក់ក្នុងសង្រែក និងចងជាទ្រនូល ហើយតាពស់ព្រៃលើកអម្រែក ដាក់លើស្មា ដើរតាមក្រោយ យាយទូលកណ្ដាប់ស្រូវ យាត្រារលះរលាំង សំដៅទៅកាន់ទីលំនៅរបស់ខ្លួន។ ទៅដល់លំ នៅហើយក៏ដាក់អម្រែក និងទ្រនូលក្រឡេកមើលទៅក្នុងរោង មិនឃើញកូនរបស់ខ្លួនផ្ដេកនោះ គាត់មានសេចក្ដីតក់ស្លុតញាប់ញ័រក្នុងចិត្ដជាខ្លាំង ទាំងពីរនាក់ប្ដីព្រន្ឋ គយគន់រំពៃក្បែរៗកន្លែងកូនដេកនោះ ឃើញតែដានជើងខ្លាមួយយ៉ាងធំ និងស្នាមឈាមស្រក់ តាំងពីកន្លែងកូនដេករហូតដល់ព្រៃលំ។ តាពស់ព្រៃ និង ភរិយាបានដឹងច្បាស់ថា ខ្លាពាំកូនទៅស៊ីជាអាហារហើយ ក៏យំសោកសង្រេងសង្រៃ អាល័យអាណិតអាសូរដល់កូនតូចដែលមិនដឹងអ្វី តាំងពីកណ្ដាលថ្ងៃត្រង់រហូតដល់យប់ ទើបតាពស់ព្រៃ និង ភរិយាឈប់សោយសោក ហើយមកពិចារណាថា ៖ បើយើងគិតតែយំសោក អាឡោះអាល័យ បោកខ្លួនដូច្នេះតទៅទៀតឃើញថា ឥតបានប្រយោជន៍អ្វី បន្ដិចបន្ដួចសោះ ដូច្នេះគួរគប្បីយើងឈប់យំ ស្រែក ហើយគិតរកមធ្យោបាយដូចម្ដេច និងសម្លាប់ខ្លានេះឱ្យខានតែបាន។ ចាប់តាំងពីរនោះមក រាល់ព្រឹកភរិយា ក្រោកពីព្រលឹម រៀបចំម្ហូបអាហារ បាយសំណុំ ទឹកបំពង់ និងបៀកស្លាដាក់ក្នុងសំពៀត ជូនស្វាមីរៀងរាល់ថ្ងៃដើម្បីដើរតាមរកសម្លាប់ខ្លាសាហាវ ដែលបានមកបំផ្លាញជីវិតកូននោះ។ រីឯតាពស់ព្រៃ កាលប្រពន្ធរៀបចំបាយកព្ចាប់ ស្លា ម្លូ ដាក់សំពៀតរួចហើយ ក៏ធ្វើដំណើរចូលព្រៃ ស្មាម្ខាងស្ពាយបាយ និង សំពៀត ស្មាម្ខាងទៀតលីពូថៅ ដើរយ៉ាងអង់អាចចូលក្នុងព្រៃភ្នំ រុកតត្រុករកខ្លាតាំងពីជើងភ្នំ រហូតដល់កំពូល មើលសព្វជ្រោះជ្រលង រូងថ្មតូចធំ ឆ្លងព្រៃកាត់វាល ឆ្លងវាលចូលព្រៃរៀងរាល់ថ្ងៃ។ គាត់ដើរតាមរកខ្លានោះ តាំងពីខែប្រាំងរហូតដល់ខែវស្សា មានទឹកជំនន់លិចស្រែចំការ លិចព្រៃព្រឹក្សាលតាវល្លិ៍ រហូតដល់ជើងភ្នំ បណ្ដាលឱ្យសត្វ ផងទាំងឡាយដែលអាស្រ័យនៅក្នុងព្រៃនោះទាំងប៉ុន្មាន ផ្អើលរត់ឡើងទៅពឹងពាក់អាស្រ័យនៅលើកំពូលភ្នំទាំងអស់ ដោយខ្លាចក្រែងទឹកជំនន់លង់ស្លាប់។ ឯថ្ងៃមួយតាពស់ព្រៃ ដើរទៅប្រទះនិងខ្លា ដែលខាំកូនរបស់គាត់នោះ គាត់ក៏គិតថា ពិតជាខ្លានេះហើយដែលចូលទៅខាំកូនអញស៊ី ព្រោះដានជើងដែលអញបានឃើញ និង ជើងខ្លានេះមានទំហំប៉ុនគ្នា ហើយមិនឃើញមានខ្លាដទៃណាធំដូចខ្លានេះផង មានតែខ្លា នេះហើយជាមេហ្វូងធំជាងគេ បានជាហ៊ានចូលទៅខាំកូនអញស៊ីទាំងថ្ងៃដូច្នេះ។ តាពស់ព្រៃគិតថា បើអញសម្លាប់ខ្លា នេះដោយកំលាំងបាយ មុខជាមិនឈ្នះវាទេ គួរគប្បីអញប្រើគំនិត និងប្រាជ្ញា ដើម្បីសម្លាប់ខ្លានេះទើបបាន។ គិតស្រេច ទើបតាពស់ព្រៃបព្ចោញវាចាយ៉ាងខ្លាំងៗ ដើម្បីឱ្យឮទៅខ្លាថា “វល្លិ៍ណាតូចៗចងឆ្នាំងចងអំបែង វល្លិ៍ណាវែងៗចងកូន ចងចៅ ចងញាតិសន្ដាន ព្យួរលើចុងឈើ”។ មាត់តែថា ភ្នែកតែងរំពៃមើលលើ មើលក្រោម មើលឆ្វេង មើលស្ដាំ ! ដៃស្ដាំកាន់ពូថៅ ដៃឆ្វេងទាញវល្លិ៍ធ្វើឫក ដូចជាអ្នករកវល្លិ៍មែនៗ លុះទន្ទេញផ្ទួនៗឮដល់ខ្លា។ ខ្លាមានសេចក្ដីសង្ស័យក៏សួរទៅ តាពស់ព្រៃថា តាៗបោចវល្លិ៍យកទៅចងអី?។ តាពស់ព្រៃប្រាប់ទៅខ្លាវិញថា ”អញបោចវល្លិ៍ទៅចងឆ្នាំង ចងអំបែង ចងកូន ចងចៅ ចងញាតិសន្ដានរបស់អញព្យួរលើចុងឈើ ព្រោះនៅតែ៧ថ្ងៃទៀត នឹងមានទឹកជំនន់លិចស្រែចំការ លិចព្រៃព្រឹក្សា លិចទាំងបុព្វតា ស្លាប់មនុស្ស និងខ្លាឯងនេះអស់ហើយ”។ រីឯសត្វខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះ មានចិត្ដ ភិតភ័យ នឹងសេចក្ដីស្លាប់ពន់ពេក ក៏និយាយសុំឱ្យតា ចងខ្លួនព្យួរលើចុងឈើផង។ តាពស់ព្រៃប្រកែកថា ”អញមិនរវល់នឹងចងអាខ្លាឯងព្យួរលើចុងឈើទេ ទុកឱ្យអាខ្លាឯងលង់ទឹកស្លាប់ទៅចុះ បើអាខ្លាឯងមិនជឿអញទេ ឯងទៅឡើងលើថ្មដាណាដែលខ្ពស់ជាងគេ ហើយក្រឡេកមើលទៅជុំវិញភ្នំ គង់នឹងឃើញទឹកដែលជន់ច្រើនឡើងមិនខាន”។ ខ្លាឮតា ពស់ព្រៃប្រាប់ដូច្នោះក៏ខំរត់ទៅរកថ្មដាណាដែលខ្ពស់ជាងគេលើកំពូលភ្នំ ឃើញទឹកល្ហល្ហ្ហាចដូចតាពស់ព្រៃប្រាប់មែន។ ខ្លា ភ័យតក់ស្លុតខ្លាំងណាស់ រត់ចុះមករកតាពស់ព្រៃវិញ ហើយអង្វរតាហើយអង្វរទៀត សុំអោយតាចងព្យួរខ្លួនលើចុងឈើ តាពស់ព្រៃរឹតតែបានចិត្ដ ហើយពោលថា ៖ “អញព្រមចងអាខ្លាឯងដែរ តែអញចងតែវល្លិ៍ណាតូចៗ ឱ្យដាច់ ធ្លាក់អាខ្លាឯងក្នុងទឹកស្លាប់ទៅចុះ”។ ខ្លារឹតតែភ័យតក់ស្លុតខ្លាំងទៅទៀត អង្វរតាពស់ព្រៃទៀត មាត់តែអង្វរ ជើងក៏លើកសំពះ។ តាពស់ព្រៃមើលល្មមបានការហើយ ក៏ប្រាប់ខ្លាថាៈ “ មិនអីទេ ចាំអញរកវល្លិ៍យ៉ាងធំចងអាខ្លាឯង”។ ខ្លាឮ ដូច្នោះ មានសេចក្ដីត្រេកអរជាទីបំផុត។ តាពស់ព្រៃក៏បង្គាប់ឱ្យខ្លាដេកផ្ងារ ហើយយកវល្លិ៍យ៉ាងធំ យកមកចងជើងទាំង ៤ផ្អោបគ្នា ហើយរឹតព្យួរទៅនឹងចំពាមឈើ ដែលមានកំពស់ល្មមយារដំបងវាយបាន។ លុះតាពស់ព្រៃចងខ្លាព្យួរស្រេច ហើយ ក៏ចេញទៅរកកាប់ដំបង១យ៉ាងធំ ដើម្បីយកមកសំពងខ្លាដែលចងព្យួរនោះ។ រីឯខ្លាកាលបើបានឃើញតាពស់ព្រៃទៅកាប់ឈើធ្វើជាដំបងធំដូច្នោះ ក៏មានសេចក្ដីសង្ស័យ ហើយសួរទៅតាពស់ព្រៃថា ៖ តាៗ ! កាប់ឈើយកមក ធ្វើអ្វីហ្នឹង ?។ តាពស់ព្រៃប្រាប់ខ្លាវិញថា ៖ “អញកាប់ឈើយកមកធ្វើជាដងរែក រែកវល្លិ៍យកទៅផ្ទះ” លុះតាពស់ព្រៃ កាប់ឈើធ្វើដំបងរួចស្រេច ក៏កាន់ដើរចូលទៅវាយសំពងអាខ្លា តាំងពីថ្ងៃត្រង់រហូត ព្រលប់បណ្ដាលឱ្យបាក់ឆ្អឹងជំនីរខ្លា ដូចគេរួបទាំងសងខាង ដៃខំវាយសំពង មាត់ក៏ផ្ចាញ់ផ្ចាលថាៈ “អាខ្លា ! អាឯង ខាំកូនអញទៀត”។ ខ្លាខំប្រឹងបំរះរើ យ៉ាងណាក៏ពុំរួច វាយរួចតាពស់ព្រៃរកសម្រាម និងឈើងាប់យកមកគរ ដុតពីខាងក្រោមបណ្ដាលឱ្យឆេះរោមខ្លា និងរលាកស្បែកដុំៗ ហើយឆេះរហូតទៅដល់ខ្សែដែលចងព្យួរនោះដាច់ធ្លាក់ខ្លា មកដល់ដីបំរះរួចរត់ចូលព្រៃបាត់ទៅ។ ចំណែកតាពស់ព្រៃក៏វិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ បាននិយាយ រ៉ាយរ៉ាប់ប្រាប់ប្រពន្ធគាត់ អំពីរឿងដែលគាត់ បានវាយខ្លានោះសព្វគ្រប់ហើយ ក៏នៅជាសុខជាមួយប្រពន្ធគាត់រហូតអស់ជិវិតរៀងខ្លួន។ មកពីមានរឿងដូចបានសំដែង មកនេះហើយ បានជាខ្លាសព្វថ្ងៃមានលក្ខណៈប្លែកពីសត្វទាំងពួង៣យ៉ាង។ ១. ឆ្អឹងជំនីរខ្លាកាលណាវាសំឡបទៅ ឃើញ រាងបាក់រួមចូលគ្នា។ ២. សត្វសព្វថ្ងៃនេះ វាបន់ក្នុងមួយថ្ងៃ៧ដង កុំឱ្យជួបនឹងមនុស្សយើង ព្រោះខ្លាចមនុស្សតាំងពី តាពស់ព្រៃចងវា សំពងមក។ ៣. ខ្លាមានសម្បុរវាក្រវ៉េមក្រវ៉ាម មកពីតាពស់ព្រៃដុតភ្លើងឆេះរោលនោះឯង។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ