Jump to content

លេខលំដាប់សម្គាល់រាជ្យ

ពីវិគីភីឌា

លេខសម្គាល់រាជ្យ គឺជា លេខលំដាប់ ដែលប្រើដើម្បីសម្គាល់ក្នុងចំណោមមនុស្សដែលមានឈ្មោះដូចគ្នា ដែលកាន់តួនាទីដូចគ្នា។ អ្វី​ដែល​សំខាន់​បំផុត​គឺ​គេ​ប្រើ​ដើម្បី​សម្គាល់ ​ព្រះមហាក្សត្រ ។ លេខលំដាប់ គឺជាលេខដែលដាក់បន្ទាប់ពីនាមស​ម្រាប់រាជ្យរបស់ព្រះមហាក្សត្រ ដើម្បីបែងចែកក្នុងចំនួននៃស្តេច មហាក្សត្រិយានី ឬព្រះអង្គម្ចាស់មួយចំនួនដែលសោយរាជ្យលើទឹកដីដូចគ្នាហើយមាននាមសម្រាប់រាជ្យដូចគ្នា។

វាជារឿងធម្មតាទេក្នុងការចាប់ផ្តើមរាប់ចាប់តាំងពីការចាប់ផ្តើមនៃរបបរាជាធិបតេយ្យ ឬចាប់តាំងពីការចាប់ផ្តើមនៃបន្ទាត់ជាក់លាក់នៃព្រឹត្តិការណ៍អ្វីមួយជាបន្តបន្ទាប់។ ឧទាហរណ៍ស្តេចបូរីសទី៣នៃប្រទេសប៊ុលហ្គារី និងបុត្រាព្រះអង្គ ស៊ីមៀនទី២ ត្រូវបានគេផ្តល់លេខរៀងសម្រាប់រាជ្យរបស់ពួកគេដូច្នេះ ដោយសារតែអ្នកគ្រប់គ្រងមជ្ឈិមសម័យនៃ ចក្រភពប៊ុលហ្គារីទី១ និងទី២ ត្រូវបានរាប់បញ្ចូលផងដែរ បើទោះបីជារាជវង្សឡើងគ្រងរាជ្យពេលនោះមានអាយុកាលពីឆ្នាំ១៨៧៨ ហើយមានទំនាក់ទំនងឆ្ងាយពីរាជាធិបតេយ្យនៃរដ្ឋប៊ុលហ្គារីមុនៗក៏ដោយ។ ម៉្យាងវិញទៀត ស្តេចនៃប្រទេសអង់គ្លេស និង ស្តេចនៃក្រង់ប្រឺតាញ និងចក្រភពអង់គ្លេសត្រូវបានគេរាប់ចាប់ពីការធ្វើសញ្ជ័យណរម៉ង់មក ។ នោះហើយជាមូលហេតុដែលបុត្រារបស់ព្រះចៅ ហង់រីទី៣នៃប្រទេសអង់គ្លេស ត្រូវបានគេហៅថា អេដវ៉ាដទី១ ទោះបីជាមានស្តេចអង់គ្លេសបីអង្គដែលមានឈ្មោះថាអេដវ៉ាដ មុនពេលការធ្វើសញ្ជ័យ (ពួកគេត្រូវបានសម្គាល់ដោយ រហ័សនាម ជំនួសវិញ) ។

ពេលខ្លះបុគ្គលក្នុងរឿងព្រេងនិទាន ឬប្រឌិតត្រូវបានរួមបញ្ចូល។ ជាឧទាហរណ៍ ស្តេចស៊ុយអែត អេរិកទី១៤ (សោយរាជ្យ ១៥៦០–៦៨) និង ឆាលទី០៩ (១៦០៤–១១) បានយកលេខលំដាប់រាជ្យដោយផ្អែកលើប្រវត្តិសាស្រ្តប្រឌិតឆ្នាំ១៥៤៤ និពន្ធដោយ ចូហានេស មាគ្ណឹស ដែលបានបង្កើតស្តេចប្រាំមួយនៃឈ្មោះនីមួយៗ មុនស្តេចដែលអ្នកប្រវត្តិសាស្រ្តក្រោយៗមកទទួលស្គាល់។ [] បញ្ជីនៃស្តេចស៊ុយអែត ដែលតំណាងនៅលើផែនទីនៃនគរស៊ុតអែត [] ផលិតដោយជាងឆ្លាក់ជនជាតិបារាំង ហ្សាក់ ឈីគែត (១៦៧៣–១៧២១) និងបោះពុម្ភនៅទីក្រុងប៉ារីសក្នុងឆ្នាំ១៧១៩ ចាប់ផ្តើមជាមួយស្តេច កានូតទី១ និងបង្ហាញស្តេចអេរិកទី១៤ និងឆាលទី៩ ជាអេរិកទី៤ និងឆាលទី២រៀងគ្នា។ ស្តេចឆាលតែមួយគត់ដែលកាន់លេខលំដាប់រាជ្យប្រពៃណីរបស់ទ្រង់នៅក្នុងបញ្ជីគឺស្តេច ឆាលទី១២ ។ ដូចគ្នានេះផងដែរក្នុងករណីអធិរាជ មេណេលីគទី២ នៃប្រទេសអេត្យូពី ព្រះអង្គបានជ្រើសរើសលេខលំដាប់រាជ្យរបស់ព្រះអង្គដោយយោងទៅលើបុព្វបុរសទេវកថានិង ជាប្រមុខរដ្ឋដំបូងនៃប្រទេសរបស់ទ្រង់ (ដែលគេអះអាងថាជារាជបុត្រារបស់ស្តេច សូឡូម៉ូននៃ ព្រះគម្ពីរប៊ីប) ដើម្បីគូសបញ្ជាក់ភាពស្របច្បាប់របស់គាត់ទៅក្នុងអ្វីដែលហៅថា រាជវង្សសូឡូម៉ូនិក ។ []

ឧទហរណ៍នៃលំដាប់លេខនៃនាមព្រះមហាក្សត្រ

[កែប្រែ]

ព្រះមហាក្សត្រដែលមានឈ្មោះដូចគ្នាត្រូវបានសម្គាល់ដោយលេខលំដាប់រាជ្យរបស់ព្រះអង្គ៖

បទប្បញ្ញត្តិនេះក៏អាចអនុវត្តផងដែរ ដែលអ្នកគ្រប់គ្រងនៃអាណាចក្រមួយ និងអ្នកគ្រប់គ្រងនៃ រដ្ឋស្នងបន្ត របស់អាណាចក្រនោះមានឈ្មោះដូចគ្នា៖

  • ម្ចាស់ក្សត្រីអេលីហ្សាប៊ែតទី១ នៃប្រទេសអង់គ្លេស និង អេលីហ្សាប៊ែតទី២ នៃចក្រភពអង់គ្លេស
  • ស្តេចអាល់ហ្វុនសូទី១១ នៃកាស្ទីល និង អាល់ហ្វុនសូទី១២ នៃប្រទេសអេស្ប៉ាញ
  • ស្តេច វុិចទ័រអេម៉ានូអ៊ែលទី១ នៃសាឌីញ៉ា និង វុិចទ័រអេម៉ានូអ៊ែលទី២ នៃប្រទេសអ៊ីតាលី
  • ស្តេច ភីទ័រទី១ នៃស៊ែប៊ី និង ភីទ័រទី២ នៃយូហ្គោស្លាវី

ឈ្មោះទ្វេ

[កែប្រែ]

ការអនុវត្តមានលក្ខណៈខុសគ្នាតាមតំបន់ដែលមហាក្សត្រមានព្រះនាមពីរ ឬច្រើន។ សម្រាប់ ស្តេចស៊ុយអែត លេខលំដាប់ត្រូវបានអនុវត្តដែលល់ព្រះនាមដំបូងប៉ុណ្ណោះ។ ឧទាហរណ៍ ហ្គ៊ូស្តាហ្វទី៦អាដុលហ្វ៍ ដែលត្រូវបានគេស្គាល់ថា "ហ្គ៊ូស្តាហ្វអាដុលហ្វ៍" គឺជាស្តេចដែលមាននាម ហ្គ៊ូស្តាហ្វ ទីប្រាំមួយហើយ ប៉ុន្តែជាស្តេចទីបីប៉ុណ្ណោះដែលមាននាមហ្គ៊ូស្តាហ្វអាដុលហ្វ៍។ ផ្ទុយ​ទៅ​វិញសម្រាប់ ព្រះរាជាណាចក្រ​ព្រុស្ស៊ី ​ត្រូវ​បាន​គ្រប់គ្រង​ជាបន្តបន្ទាប់ដោយស្តេច ហ្វ្រេឌឺរិចទី១ ហ្វ្រេឌឺរិច វីលហ៊ែមទី១ ហ្វ្រេឌឺរិចទី២ និង ហ្វ្រេឌឺរិច វីលហ៊ែមទី២ ហើយក្រោយមកដោយវីលហ៊ែមទី១។ ដូចគ្នានេះដែរ សម្តេចប៉ាបចនប៉ូលទី១ ដែលបានជ្រើសរើសឈ្មោះពីររបស់គាត់ ដើម្បីគោរពដល់អ្នកកាន់តំណែងមុនគឺសម្តេចប៉ាប ចនទី២៣ និង ប៉ូលទី៦ ហើយត្រូវបានស្នងតំណែងបន្តដោយ ចនប៉ូលទី២

លេខលំដាប់សម្រាប់រាជវង្សដែលមិនសោយរាជ្យ

[កែប្រែ]

ទោះក្នុងករណីណាក៏ដោយ ជាធម្មតាគេរាប់តែព្រះមហាក្សត្រ ឬមេគ្រួសារ ហើយរាប់តាមលំដាប់លំដោយរហូតដល់ចុងបញ្ចប់រាជវង្ស។[ត្រូវការអំណះអំណាង][ ការដកស្រង់ចាំបាច់ ] ការលើកលែងគួរឱ្យកត់សម្គាល់ចំពោះច្បាប់នេះគឺចំពោះត្រកូលគ្រួសាររឺសនៅអាល្លឺម៉ង់។ គ្រួសារនេះមានលក្ខណៈពិសេសដែលសមាជិកបុរសគ្រប់រូបក្នុងកំឡុង៨សតវត្សចុងក្រោយនេះត្រូវបានគេដាក់ឈ្មោះថា ហែនរីច ហើយពួកគេទាំងអស់មិនត្រឹមតែមេគ្រួសារប៉ុណ្ណោះទេត្រូវបានរាប់បញ្ចូលតាមលំដាប់លេខ។ ខណៈពេលដែលសមាជិកនៃត្រកូលចាស់ត្រូវបានរាប់តាមលំដាប់ពីកំណើតរហូតដល់ការផុតពូជនៃត្រកូលចាស់ក្នុងឆ្នាំ១៩២៧[] សមាជិកនៃត្រកូលវ័យក្មេងត្រូវបាន (និងនៅតែ) ត្រូវបានរាប់តាមលំដាប់លំដោយដែលបានចាប់ផ្តើម និងបញ្ចប់តាមរាប់សតវត្សមកហើយ។ [] នេះពន្យល់ពីមូលហេតុដែលបច្ចុប្បន្ន (ចាប់តាំងពីឆ្នាំ២០១២) មេគ្រួសាររឺសត្រូវបានគេហៅថា ហែនរីចទី១៤ ខណៈដែលឪពុករបស់គាត់ត្រូវបានហៅថាហែនរីចទី៤ និងកូនប្រុសរបស់គាត់ ហែនរីចទី២៩ និងហែនរីចទី៥។

វាកម្រណាស់ ប៉ុន្តែគ្រួសារព្រះអង្គម្ចាស់អាឡឺម៉ង់មួយចំនួនបានរាប់លេខលំដាប់សម្រាប់សមាជិកបុរសទាំងអស់។ ជាឧទាហរណ៍ ហាន ហែនរីចទី១៥ វុន ហុចប៊ើក បានឡើងកាន់តំណែងព្រះអង្គម្ចាស់នៃព្លែស បន្តពី ហាន ហែនរីចទី១១ និងស្នងតំណែងដោយ ហាន ហែនរីចទី១៧ លេខលំដាប់ទី១២​ ១៣ ១៤ និង១៦ ត្រូវបានប្រើប្រាស់ដោយសមាជិកគ្រួសារ វុន ហុចប៊ើក ដែលមិនមែនជាព្រះអង្គម្ចាស់នៃ ព្លែស។ ស្រដៀងគ្នានេះដែរសម្រាប់ គ្រួសាររឺស ដែលបុរសទាំងអស់ត្រូវបានរាប់ជា ហែនរីច ហើយខ្លះទៀតកាន់តំណែងជាព្រះអង្គម្ចាស់ រឺស ហ្ស៊ែរ៉ា ឬ រឺស-គ្រែស ។

ពួកស្តេចក្លែង​ក្លាយ និង​អ្នក​គ្រប់​គ្រង​នៃ​រាជវង្ស​ដែល​ត្រូវ​បាន​ទម្លាក់​ពី​មុន​ច្រើន​តែ​ត្រូវ​បាន​គេ​ផ្តល់​លេខ​ក្នុង​រាជវង្ស ហាក់ដូច​ជា​អ្នក​ក្លែង​ក្លាយ​មិន​កាន់​អំណាច​នោះបាន​គ្រប់គ្រង​យ៉ាង​ពិត​ប្រាកដ ។ ជាឧទាហរណ៍ ល្វីទី១៨ នៃប្រទេសបារាំងបានយកលេខលំដាប់សម្គាល់រាជ្យ ដែលអះអាងដោយប្រយោលថា ល្វីទី១៧ ជាស្តេច ទោះបីជាព្រះអង្គមិនដែលសោយរាជ្យក៏ដោយ។ ការអះអាងថាព្រះអង្គបានសោយរាជ្យគឺនៅក្នុងសម័យ សាធារណរដ្ឋបារាំងដំបូង ។ ករណីស្រដៀងគ្នានេះគឺថា ណាប៉ូឡេអុងទី៣ ដែលលេខសម្គាល់រាជ្យបានអះអាងយ៉ាងជាក់លាក់នូវការសោយរាជ្យរបស់ ណាប៉ូឡេអុងទី២ ។ ល្វីទី១៨ បានរាប់ ឆ្នាំនៃការសោយរាជ្យ របស់ព្រះអង្គបន្ទាប់ពីការចូលទីវង្គតនៃល្វីទិ១៧ ដែលជាអ្វីដែលណាប៉ូឡេអុងទី៣ មិនដែលធ្វើ។

ប្រវត្តិ

[កែប្រែ]

ព្រះមហាក្សត្រ និងសម្តេចប៉ាបនៅអឺរ៉ុបខាងលិចស្ទើរតែទាំងអស់បន្ទាប់ពី មជ្ឈិមសម័យ បានប្រើលេខលំដាប់សម្គាល់។ បទបញ្ជានេះក៏ត្រូវបានអនុវត្តថយក្រោយចំពោះព្រះមហាក្សត្រមុន ៗ នៅក្នុងការងារភាគច្រើននៃឯកសារយោងផងដែរ ដោយសារពួកគេមិនងាយស្រួលក្នុងការបែងចែកពីគ្នាទៅវិញទៅមកដោយមធ្យោបាយប្រព័ន្ធណាមួយផ្សេងទៀត។ ក្នុងករណីជាច្រើន ប្រភេទផ្សេងៗនៃ នៃសមាជិករាជវង្សក៏ត្រូវបានរាប់ជាលេខផងដែរ ដើម្បីជួយសម្រួលដល់លក្ខណៈបុគ្គលរបស់ពួកគេនៅក្នុងកិច្ចការឯកសារយោង ក្នុងករណីដូចជា សហព្រះរាជានុសិទ្ធិ ព្រះអង្គម្ចាស់ មហេសីឬព្រះស្វាមីបន្តបន្ទាប់ នាយករដ្ឋមន្ត្រី និងឧបរាជ។ នៅសតវត្សដំបូងបន្ទាប់ពីមជ្ឈិមសម័យ ការប្រើប្រាស់ពេលខ្លះមានលក្ខណៈជារឿយៗ ប៉ុន្តែត្រូវបានបង្កើតឡើងនៅសតវត្សទី១៨។ ក្នុង​សតវត្ស​កន្លង​ទៅ​នេះ ស្តេច​អឺរ៉ុប​ដែល​គ្មាន​លេខលំដាប់ជា​ផ្លូវការ​គឺ​កម្រមាន​ណាស់។

តាមក្បួនជាទូទៅ ស្តេចអឺរ៉ុបនៅមជ្ឈិមសម័យ មិនបានប្រើលេខលំដាប់ក្នុងរាជ្យព្រះអង្គទេ ហើយអ្នកដែលប្រើគឺកម្រមាន ហើយបើប្រើក៏សម្រាប់តែព្រឹត្តិការណ៏សំខាន់ៗប៉ុណ្ណោះ។ លេខលំដាប់សម្រាប់រាជានិយមមុនសតវត្សទី១៣គឺជាការប្រើសម្រាប់សម្គាល់អតីតកាល ហើយក៏ប្រើសម្រាប់ស្តេចមជ្ឈិមសម័យក្រោយៗទៀតដែរ។ ទោះយ៉ាងណាក៏ដោយ ពួកវាត្រូវបានគេប្រើជាញឹកញាប់ ព្រោះវាជាវិធីជាក់ស្តែងនៃការបែងចែករវាងស្តេចក្នុងប្រវត្តិសាស្ត្រផ្សេងៗគ្នាដែលមានឈ្មោះដូចគ្នា។

សម្តេចប៉ាបគឺជាអ្នកដំបូងគេដែលប្រើប្រាស់លេខលំដាប់ផ្លូវការសម្រាប់អាណត្តិរបស់ព្រះអង្គ។ទោះបីជារឿងនេះទើបតែបានកើតឡើងតែនៅក្នុងសតវត្សចុងក្រោយនៃយុគសម័យកណ្តាលក៏ដោយ។ វាច្បាស់ណាស់ពីការប្តូរលេខរបស់សម្តេចប៉ាប ចនទី១៥–ទី១៩និង សម្តេចប៉ាប ស្ទីវិនទី២–៩ ដែលថានៅសតវត្សរ៍ទី១១ សម្តេចប៉ាបមិនទាន់ប្រើលេខលំដាប់ដែលបានបង្កើតឡើងនៅឡើយ។ ការប្រើប្រាស់ជាផ្លូវការនៃលេខលំដាប់នៃសម្តេចប៉ាបចនទី២១ មានន័យថានៅចុងក្រោយបំផុតចាប់ពីសតវត្សទី ១៣ សម្តេចប៉ាបបានទទួលយកលេខលំដាប់ជាផ្លូវការក្នុងការចូលកាន់តំណែង។

អធិរាជហ្វ្រេដឹរីគទី២ ស្តេចឆាលទី២នៃណេផល និងព្រះបាទប្រេមីស្លាសទី២នៃប្រទេសប៉ូឡូញ ជាក់ស្តែងបានប្រើលេខលំដាប់ពេលខ្លះក្នុងរជ្ជកាលរបស់ពួកទ្រង់ ចំណែកស្តេចសម័យក្រោយៗនៃនគរព្រះអង្គភាគច្រើនមិនបានប្រើទេ។ នៅសតវត្សទី១៤ អធិរាជឆាលទី៤ ពេលខ្លះបានប្រើលេខលំដាប់។ ជាសន្មត ការប្រើប្រាស់លេខលំដាប់របស់ស្តេច ហ្វ្រេដឺរីគទី៣នៃស៊ីស៊ីល ក៏ទើបតែមានក្នុងសហសម័យផងដែរ។ អ្នកកត់ត្រានៃវិហារសាំងដេនីស បានប្រើប្រាស់លេខលំដាប់ដើម្បីសម្គាល់ស្តេចបារាំង តាំងពីនៅដើមសតវត្សទី១៣ម្ល៉េះ ហើយការអនុវត្តបែបនេះក្លាយជាការពេញនិយមក្នុងចំណោមរាជវង្សនិងអភិជននៅចុងសតវត្សទី១៤។ ទំនៀមទំលាប់របស់ជនជាតិអង់គ្លេស នៃការរាប់លេខយ៉ាងជាប់លាប់ និងជាទូទៅនៃមហាក្សត្រមានតាំងពីសម័យស្តេចហេនរីទី៨ និង ម៉ារីទី១ ទោះយ៉ាងណាក៏ដោយ ការប្រើប្រាស់ម្តងម្កាលបានកើតឡើងយ៉ាងហោចណាស់នៅដើមរជ្ជកាលរបស់ស្តេចអេដវ៉ាដទី៣ ។

ប្រវត្តិដ៏យូរលង់នៃអំណាចសម្តេចប៉ាប បាននាំឱ្យមានការលំបាកក្នុងករណីខ្លះ។ ជាឧទាហរណ៍ សម្តេចប៉ាបស្ទីវិន បានកាន់អំណាចតែបីថ្ងៃប៉ុណ្ណោះ មុនពេលសោយទិវង្គតដោយ រោគដាច់សរសៃឈាមក្នុងខួរក្បាល ហើយមិនបានធ្វើពិធីកាន់តំណែងអ្វីទាំងអស់។ ដោយសារតែអ្នកធ្វើកំណត់ត្រាមួយចំនួនមិនបានរាប់គាត់ថាជាសម្តេចប៉ាប (ជាសម្តេចប៉ាបស្ទីវិនទី២) ដូចនេះមានការភ័ន្តច្រឡំខ្លះទាក់ទងនឹងសម្តេចប៉ាបក្រោយៗមកដែលបានជ្រើសរើសឈ្មោះស្ទីវិន។ ជួនកាល ស្ទីវិន ត្រូវបានគេដាក់លេខដោយវង់ក្រចក ឧទាហរណ៍ អ្នកស្នងតំណែងភ្លាមៗរបស់ព្រះអង្គ (នៅក្នុងឈ្មោះ) ត្រូវបានតំណាងថាជាស្ទីវិនទី (II) III ឬ ស្ទីវិនទី III (II)។ ព្រះវិហារកាតូលិកបានចាត់ទុកសម្តេចស្ទីវិនទី២ ជាសម្តេចប៉ាបរហូតដល់ឆ្នាំ១៩៦០ នៅពេលដែលគាត់ត្រូវបានគេដកចេញពីបញ្ជីសម្តេចប៉ាបនៅឆ្នាំ១៩៦១។ ប្រវត្តិសាស្រ្តនៃ លេខរៀងរបស់សម្តេចប៉ាបដែលយកព្រះនាមថា "ចន" កាន់តែមានភាពច្របូកច្របល់ ដោយសារប្រវត្តិដ៏យូរលង់របស់សម្តេចប៉ាបយកឈ្មោះ (ជាឈ្មោះធម្មតាដែលត្រូវបានជ្រើសរើសជាញឹកញាប់ដើម្បីគោរពដល់ សាវ័កព្រះយេស៊ូឈ្មោះចន ) ការរក្សាកំណត់ត្រាមិនល្អ និងការភ័ន្តច្រឡំផ្នែកនយោបាយ។ ក្នុងចំណោមលទ្ធផលផ្សេងទៀត ឈ្មោះសម្តេចប៉ាប "ចនទី២០" ត្រូវបានរំលងទាំងស្រុង។

ការរួបរួមផ្ទាល់ខ្លួន

[កែប្រែ]

ក្នុង​ករណី ​ការរួបរួម​ផ្ទាល់​ខ្លួន ព្រះមហាក្សត្រ​ខ្លះ​មាន​លេខលំដាប់​ច្រើន​ជាង​មួយ ព្រោះ​ពួកព្រះអង្គមានលេខលំដាប់ខុស​គ្នា​ក្នុង​អាណាចក្រ​ផ្សេង​គ្នា។ ជាឧទាហរណ៍ ស្តេចឆាលទី១៥នៃប្រទេសស៊ុយអែត ក៏ជាស្តេចនៃប្រទេសន័រវេសដែរ ប៉ុន្តែនៅប្រទេសន័រវេស ទ្រង់មានព្រះនាមថា ឆាលទី៤។ សហភាពស៊ុយអែត-ន័រវេសបានចូលជាធរមាននៅឆ្នាំ១៨១៤-១៩០៥ ហើយអាណាចក្រទាំងពីរមានស្តេចដែលហៅថាឆាល មុនពេលការរួបរួម ប៉ុន្តែស៊ុយអែតមានស្តេចច្រើនជាងនេះតាមឈ្មោះនោះ។

ក្នុងព្រឹត្តិការណ៍ដែលនគរមួយទទួលបានឯករាជ្យពីអាណាចក្រមួយទៀត ប៉ុន្តែរក្សាបាននូវមហាក្សត្ររដដែលនោះ ព្រះមហាក្សត្រតែងតែរក្សាលេខដដែលដូចដែលបានប្រើរួចហើយនៅក្នុងអាណាចក្រចាស់។ ដូច្នេះស្តេចគ្រីស្ទានទី១០នៃប្រទេសដាណឺម៉ាក បានក្លាយជាស្តេចគ្រីស្ទានទី១០នៃអ៊ីស្លង់ នៅពេលដែលអ៊ីស្លងបានក្លាយជាអាណាចក្រឯករាជ្យមួយ ក្នុងការរួបរួមផ្ទាល់ខ្លួនជាមួយប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៩១៨។ ដូចគ្នានេះដែរគឺជាការពិតសម្រាប់អាណាចក្រកុំមុនវីល ដែលព្រះមហាក្សត្ររក្សាលេខលំដាប់រាជ្យពីខ្សែស្រលាយស្តេចអង់គ្លេស (សូមមើលខាងក្រោម) ។

លេខលំដាប់ និង ច្បាប់នៃសហភាពរបស់អង់គ្លេសឆ្នាំ១៧០៧

[កែប្រែ]

ចាប់ផ្តើមនៅក្នុងឆ្នាំ១៦០៣ នៅពេលដែលប្រទេសអង់គ្លេស និងស្កុតឡេនបានចាប់ផ្តើម ចែករំលែកនូវស្តេចតែមួយអង្គ ប៉ុន្តែនៅតែជាអាណាចក្រដាច់ដោយឡែកពីគ្នាដោយស្របច្បាប់ ស្តេចរបស់ពួកគេត្រូវបានរាប់ដោយឡែកពីគ្នា។ ស្តេចដែលបានចាប់ផ្តើមការរួបរួមផ្ទាល់់ខ្លួនគឺ ជេមទី៦នៃប្រទេសស្កុតលែន ដែលជាជេមទី១នៃប្រទេសអង់គ្លេស ហើយព្រះនាមរបស់ព្រះអង្គត្រូវបានសរសេរជាញឹកញាប់(ជាពិសេសនៅប្រទេសស្កុតឡែន)ដូចជាជេមទី៦និងទី១។ ដូចគ្នាដែរ ព្រះនត្តារបស់ព្រះអង្គគឺ ជេមទី៧និងទី២។ លេខលំដាប់របស់ម្ចាស់ក្សត្រី ម៉ារីទី២ មានលេខលំដាប់ដូចគ្នាដោយចៃដន្យស្របនឹងអតីតមហាក្សត្រគ្រងរាជ្យមុនព្រះអង្គគឺ ម៉ារីទី១នៃប្រទេសអង់គ្លេស និង ម៉ារីទី១នៃស្កុតឡែន ស្វាមី និងជាមហាក្សត្ររួមព្រះអង្គគឺ វីល្លៀមទី៣និងទី២ (លេខលំដាប់នគរអង់គ្លេសស្ថិតនៅទីមួយ)។ស្តេចឆាលទី១ និងឆាលទី២ មានព្រះនាមដែលមិនត្រូវបានប្រើប្រាស់នៅក្នុងប្រទេសណាមួយមុនឆ្នាំ ១៦០៣ទេ។

ច្បាប់នៃសហភាព

[កែប្រែ]

បន្ទាប់ពីអាណាចក្រត្រូវបានបង្រួបបង្រួមជាមួយ ច្បាប់នៃសហភាពឆ្នាំ១៧០៧ លេខលំដាប់ដាច់ដោយឡែកមិនត្រូវបានគេត្រូវការសម្រាប់ស្តេចប្រាំអង្គបន្តបន្ទាប់ទេគឺ អាន និង ចចទាំងបួន។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលស្តេច វីល្លៀមទី៤ បានសោយរាជ្យនៅឆ្នាំ១៨៣០ ទ្រង់មិនត្រូវបានគេហៅថា វីល្លៀមទី៣នៅស្កុតឡេនទេ។[ត្រូវការអំណះអំណាង][ ត្រូវការដកស្រង់ ] ( ចច ក្រូលី បានចង្អុលបង្ហាញនៅឆ្នាំ១៨៣០ ថាក្សត្រថ្មីមានព្រះនាមថា [] វីល្លៀមទី១ ២​ ៣​ និង៤ នៃហានណូវើ អៀរឡង់ ស្កុតឡែន និងអង់គ្លេសរៀងៗខ្លួន។) ដូចគ្នានេះស្តេចអេដវ៉ាដទី៧ និងទី៨ ត្រូវជាស្តេចអេដវ៉ាដទី១ និងទី២ (ឬអាចជាទី២ និងទី៣ ប្រសិនបើគេរាប់បញ្ជូលរាជ្យដ៏ចម្រូងចម្រាសនៃ អេដវ៉ាដ បាល្យុល)នៃស្កុតឡែន។ ការអនុវត្តនេះបានបង្កឲ្យមានភាពចម្រូងចម្រាសនៅប្រទេសស្កុតឡែន។ ជាឧទាហរណ៍ លេខលំដាប់របស់ស្តេចអេដវ៉ាដទី៧ ត្រូវបានលុបចោលម្តងម្កាលនៅប្រទេសស្កុតឡែន សូម្បីតែដោយស្ថាប័នព្រះវិហារនៃស្កុតឡេន ដោយយោងទៅលើការតវ៉ាដែលថា នាមអេដវ៉ាដមុនៗគឺជាស្តេចអង់គ្លេសដែល "ត្រូវបានដកចេញពីស្កុតឡែនដោយការប្រយុទ្ធច្បាំងគ្នា" ។

ស្ថានភាពបច្ចុប្បន្ន

[កែប្រែ]

បញ្ហា​នេះ​បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​ការ​ឡើងគ្រងរាជ្យនៃ ​ព្រះ​មហាក្សត្រីអេលីហ្សាប៊ែតទី២ ដោយ​សារ​ប្រទេស​ស្កុតឡែន​មិន​ធ្លាប់​មាន​ម្ចាស់ក្សត្រីអេលីហ្សាប៊ែត ដែល​សោយរាជ្យ​ពី​មុន​មក​ទេ ម្ចាស់​ក្សត្រី​មុន​នៃ​ឈ្មោះ​នោះ ​គឺ​ជា​មហាក្សត្រី​នៃ​ប្រទេស​អង់គ្លេស​តែ​ប៉ុណ្ណោះ។ ការជំទាស់ត្រូវបានលើកឡើង និងជាមួយនឹងការធ្វើពហិការមិនប្រើប្រាស់ ព្រះរាជសញ្ញា E II R គ្រប់ទីកន្លែងក្នុងប្រទេសស្កុតឡែន ដែលបណ្តាលឱ្យមានឧប្បត្តិហេតុហឹង្សាជាច្រើន រួមទាំង ការបំផ្លិចបំផ្លាញ បង្គោលប្រអប់ប្រៃសនីយ៍ E II R ថ្មីដំបូងបង្អស់នៅប្រទេសស្កុតលែន នៅ ឡេត នៅចុងឆ្នាំ១៩៥២។ ចាប់តាំងពីពេលនោះមក ព្រះរាជសញ្ញាដែលប្រើក្នុងប្រទេសស្កុតឡែន លើទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល និងមហាក្សត្រ និងគ្រឿងសង្ហារិមតាមដងផ្លូវ មិនមានជាសញ្ញានោះទេ ប៉ុន្តែគ្រាន់តែជា ម្កុដនៃស្កុតឡែន ពី គ្រឿងសោយរាជ្យនៃស្កុតឡែន ។ សំណុំរឿងរបស់តុលាការ MacCormick v Lord Advocate ដែលចោទជាសំណួរពាក់ព័ន្ធរចនាបថ "Elizabeth II" នៅក្នុងប្រទេសស្កុតឡែនត្រូវបានសម្រេចនៅឆ្នាំ ១៩៥៣ ដោយហេតុផលថាការរាប់លេខលំដាប់នៃព្រះមហាក្សត្រគឺជាផ្នែកមួយនៃ បុព្វសិទ្ធិរបស់មហាក្សត្រ ហើយថាដើមបណ្តឹងមិនមានសិទ្ធិដើម្បីប្តឹងអង្គព្រះមហាក្សត្រទេ។

ដើម្បីវែកញែកអំពីការប្រើប្រាស់នេះ វាត្រូវបានស្នើដោយ វីនស្តុន ឆឺឈីល ដែលជា នាយករដ្ឋមន្ត្រី នាពេលនោះថា នៅពេលអនាគត លេខលំដាប់ដែលខ្ពស់ជាងគេរវាងសម្រាប់អង់គ្លេស និងស្កុតឡែននឹងត្រូវបានប្រើជានិច្ច។ នេះគឺជាករណីជាក់ស្តែងចាប់តាំងពី ច្បាប់នៃសហភាពឆ្នាំ១៧០៧ ស្តេចប្រាំបួនក្នុងចំណោមដប់បីអង្គចាប់តាំងពីសហភាពមានព្រះនាមដែលមិនធ្លាប់ប្រើពីមុននៅក្នុងប្រទេសអង់គ្លេស ឬស្កុតឡែន (អាន ចចទាំងប្រាំមួយ និងវុិចតូរៀ) ឬប្រើទាំងពីរនគរតែបន្ទាប់ពីការរួបរួមមហាក្សត្រឆ្នាំ១៦០៣ (ឆាលទាំងបី) ដែលបានចាកចេញពីបញ្ហានេះ ខណៈដែលលេខលំដាប់ក្សត្រអង់គ្លេសសម្រាប់ព្រះនាមរបស់ស្តេចទាំងបួនដែលនៅសល់បានប្រើលេខលំដាប់ដែលខ្ពស់ជាងទាំង(វីល្លៀម អេដវ៉ាដទាំងពីរ និងអេលីហ្សាប៊ែត)។ នៅក្រោមច្បាប់របស់ឆឺឈីល ប្រសិនបើស្តេចអង់គ្លេសនាពេលអនាគតត្រូវប្រើនាមសម្រាប់រាជ្យ អាឡិចហ្សង់ឌឺ ទោះបីជាមិនដែលធ្លាប់មានស្តេចនៃប្រទេសអង់គ្លេសនៃនាមនោះក៏ដោយ ព្រះអង្គនឹងក្លាយជា អាឡិចហ្សង់ឌឺទី៤ ដោយមានស្តេចអាឡិចហ្សង់ឌឺនៃស្កុតឡែនចំនួនបី (សោយរាជ្យ ១១០៧-១១២៤ ១២១៤-១២៤៩ និង ១២៤៩-១២៨៦) ។

អៀរឡង់

[កែប្រែ]

ដោយសារ ដែនឡតនៃអៀរឡង់ (១១៧១-១៥៤២) និងព្រះរាជាណាចក្រអៀរឡង់ (១៥៤២-១៨០០) ជាចំណុះនៃព្រះរាជាណាចក្រអង់គ្លេស ដូច្នេះលេខលំដាប់អង់គ្លេសត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអៀរឡង់ សូម្បីតែមុនពេលច្បាប់សហភាពឆ្នាំ១៨០០ក៏ដោយ។ ស្តេចវីល្លៀមទី៣នៃប្រទេសអង់គ្លេស និងវីល្លៀមទី៤នៃចក្រភពអង់គ្លេស នៅតែត្រូវបានគេហៅថា "វីល្លៀមទី៣" និង "វីល្លៀមទី៤" នៅក្នុងប្រទេសអៀរឡង់ ទោះបីជាស្តេច វីល្លៀមទី១ ឬវីល្លៀមទី២ មិនបានគ្រប់គ្រងផ្នែកណាមួយនៃប្រទេសអៀរឡង់ក៏ដោយ។ ស្រដៀងគ្នានេះដែរ ស្តេចហេនរីផ្សេងៗត្រូវបានរាប់លេខ ២-៨ ដូចដែលពួកព្រះអង្គស្ថិតនៅក្នុងប្រទេសអង់គ្លេស ទោះបីជាស្តេច ហេនរីទី១នៃប្រទេសអង់គ្លេស មិនដែលគ្រប់គ្រងផ្នែកណាមួយនៃប្រទេសអៀរឡង់ក៏ដោយ។ អេលីហ្សាប៊ែតទី១នៃប្រទេសអង់គ្លេស ត្រូវបានគេហៅក្នុងឆ្នាំរាជ្យអៀរឡង់ប្រើប្រាស់ក្នុងច្បាប់ថា "អេលីហ្សាប៊ែត" ជាជាង "អេលីហ្សាប៊ែតទី១" ពីព្រោះអៀរឡង់បានក្លាយជាសាធារណរដ្ឋ មុនពេលអេលីហ្សាប៊ែតទី២ ក្លាយជាមហាក្សត្រី។ []

"ទីមួយ"

[កែប្រែ]

នៅក្នុងរាជាធិបតេយ្យខ្លះ វាជាទំនៀមទំលាប់ក្នុងការមិនប្រើប្រាស់លេខលំដាប់ នៅពេលដែលអ្នកកាន់តំណែងឈ្មោះនោះមានតែម្នាក់ប៉ុណ្ណោះ។ ឧទាហរណ៍ ម្ចាស់ក្សត្រីវុិចតូរៀ នឹងមិនត្រូវបានគេហៅថា វុិចតូរៀទី១ ទេលុះត្រាតែមាន វុិចតូរៀទី២ ។ ប្រពៃណីនេះត្រូវបានអនុវត្តនៅក្នុង ចក្រភពអង់គ្លេស បែលហ្សិក លុចសំបួ ន័រវេស និងហូឡង់។ វា​ត្រូវ​បាន​គេ​អនុវត្ត​ផង​ដែរ​នៅ​ក្នុង​ភាគច្រើន​នៃ​អតីតរាជាធិបតេយ្យ​អាល្លឺម៉ង់ និង​នៅ​ហុងគ្រី។ នៅប្រទេសស៊ុយអែត ការអនុវត្តមិនមានភាពទៀតទាត់នោះទេ ព្រោះថាស្តេច ស៊ីគីស្មាន់ និង អាដុលហ្វ៍ ហ្វ្រេដឺរីក មិនដែលប្រើប្រាស់លេខលំដាប់ទេ ចំណែក ហ្វ្រេដឺរីកទី១ តែងតែប្រើប្រាស់។

រាជានិយម​ដទៃ​ទៀត​ចាត់​តាំង​លេខរៀងឲ្យ​ទៅមហាក្សត្រ ទោះ​ជា​ព្រះ​នាមមាន​តែ​មួយ​ក៏​ដោយ។ នេះ​ជា​ការ​បង្កើតថ្មីៗ ហើយ​ហាក់​ដូចជា​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ពេល​ដែលស្តេច ហ្វ្រង់ស្វ័រទី១ នៃ​ប្រទេស​បារាំង ​បាន​ចេញ​កាក់ប្រាក់ ដែល​មានអក្សរ FRANCISCVS I DE. GR.FRANCORV REX។ បច្ចុប្បន្ននេះ គឺជាការអនុវត្តជាប្រចាំនៅក្នុងប្រទេសអេស្ប៉ាញ និងម៉ូណាកូ (យ៉ាងហោចណាស់សម្រាប់ព្រះអង្គម្ចាស់អាល់បឺតទី១ ខណៈដូចជាព្រះអង្គម្ចាស់ក្សត្រី ល្វីស អ៊ីប៉ូលីត ដែលបានសោយរាជ្យកាលពី១៥០ឆ្នាំមុន ហាក់ដូចជាមិនបានប្រើលេខលំដាប់ទេ)។ វាត្រូវបានគេអនុវត្តផងដែរនៅក្នុង ប្រទេសប្រេស៊ីល ក្រិក អ៊ីតាលី ម៉ិកស៊ិក ម៉ុងតេណេហ្គ្រោ ព័រទុយហ្គាល់ (ដែលស្តេច ចូសែហ្វ ល្វី និង ឆាល ត្រូវបានគេសំដៅជាធម្មតាថាជា "ចូសែហ្វទី១" "ល្វីទី ១" និង "ឆាលទី ១" ទោះបីជាមិនទាន់មានចូសែហ្វទី ២ ល្វីទី២ ឬឆាលទី២ ក៏ដោយប៉ុន្តែស្តេចដេនីស អេដវ៉ាដ សេបាស្ទៀន និងហេនរី ត្រូវបានគេហៅជាធម្មតា។ លេខលំដាប់សម្រាប់ស្តេច ខ្វាន់ កាឡូសទីមួយនៃប្រទេសអេស្ប៉ាញ ត្រូវបានប្រើជាភាសាអេស្ប៉ាញ និងភាសាអង់គ្លេស ប៉ុន្តែជួនកាលត្រូវគេហៅថា ស្តេចខ្វាន់កាឡូសនៃប្រទេសអេស្ប៉ាញជាភាសាអង់គ្លេស។ នៅក្នុងប្រទេសរុស្ស៊ី ការប្រើពាក្យលេខលំដាប់ "ទីមួយ" បានចាប់ផ្តើមជាមួយប៉ូលទីមួយនៃប្រទេសរុស្ស៊ី។ នៅជំនាន់មុនព្រះអង្គ ទាំងរាជនីអាណានៃរុស្សី និងអេលីហ្សាប៊ែតនៃរុស្សី មិនមានប្រើលេខលំដាប់"ទីមួយ"នោះទេ។ នៅប្រទេសអេត្យូពី អធិរាជហាលី សេឡាស៊ី បានប្រើលេខលំដាប់ "ទីមួយ" ( Ge'ez , qädamawi ) ថ្វីត្បិតតែស្តេចអេត្យូពីមុនៗមិនបានប្រើវាក៏ដោយ ហើយពួកគេមិនត្រូវបានគេហៅថា "ទីមួយ" ទេ លុះត្រាតែមានអ្នកស្នងតំណែងដែលមានឈ្មោះដូចគ្នា។

សម្តេចប៉ាបកាតូលិកបានប្រើលេខលំដាប់ទីមួយក្រោម ការដឹកនាំរបស់សម្តេចប៉ាប ចន ប៉ូលទីមួយ ប៉ុន្តែសម្តេចប៉ាបមុនៗដែលមាននាមតែមួយអង្គមិនត្រូវបានគេហៅថាជា "ទីមួយ" ទេ (ឧទាហរណ៍ ភីទ័រសាវ័កយេស៊ូ អ្នកស្នងតំណែងភ្លាមៗរបស់ព្រះអង្គគឺ សម្តេចប៉ាបលីនើស ក៏ដូចជា សម្តេចប៉ាបអាណាលេខតើស ត្រូវបានគេសំដៅដោយគ្មានលេខលំដាប់)។ សម្តេចប៉ាប ហ្វ្រង់ស៊ីស បច្ចុប្បន្នបានបដិសេធមិនប្រើលេខលំដាប់ទេ ប៉ុន្តែផ្ទុយទៅវិញ សមភាគីគ្រិស្តអរតូដុកបស់ព្រះអង្គគឺ សម្តេចសង្ឃបាត្លូមីទីមួយនៃកុងស្តង់ទីណុប បានប្រើប្រាស់វាក៏ដូចជា អារាមទី១ ដែល ជាមេដឹកនាំ នៃ វិហារគ្រិស្តសាសនានិកាយអាមេនី ។

នៅ ប្រទេសអូទ្រីស អធិរាជ ហ្រ្វង់ស៊ីស ហ្វែរឌីណង់ ហ្រ្វង់ ចូសែហ្វ និងឆាល ទាំងអស់បានកំណត់លេខលំដាប់ខ្លួនឯងថាជា "ទីមួយ" ទោះបីជាអធិរាជទាំងអស់នៃប្រទេសអូទ្រីសដែលមានឈ្មោះព្រះអង្គតែមួយអង្គក៏ដោយ។ ឈ្មោះទាំងបីនេះពីមុនគឺជាឈ្មោះរបស់ អាឆឌុចអូទ្រីស(Archdukes)(អាឆឌុចឈីនៃអូទ្រីស គឺជារដ្ឋមួយនៅក្នុងចក្រភពហូលីរ៉ូម៉ាំង និងចក្រភពអូទ្រីស) ដែលធ្វើអោយអធិរាជទាំងបីនេះក្លាយជា ហ្រ្វង់ស៊ីសទី២ ហ្វែរឌីណង់ទី៥ និង ឆាលទី៤ ក្នុងតួនាទីជាអាឆឌុច។ មានតែ ហ្រ្វង់ ចូសែហ្វ ប៉ុណ្ណោះគឺជាអាឆឌុចជនជាតិអូទ្រីសដំបូងគេនៃឈ្មោះនោះ។

ការប្រើពាក្យលេខលំដាប់ "ទីមួយ" ក៏ជារឿងធម្មតាដែរចំពោះ "ស្តេច" ឬ "អធិរាជ" ដែលប្រកាសដោយខ្លួនឯងដូចជា ណាប៉ូឡេអុងទី១ នៅប្រទេសបារាំង ។ ដេសាលីន, គ្រីស្តូហ្វ និង ស៊ូលូក នៅហៃទី អ៊ីទើប៊ីត នៅម៉ិកស៊ិក ហ្សុក នៅប្រទេសអាល់បានី បូកាសា នៅចក្រភពអាហ្វ្រិកកណ្តាល ស្កូសស៊ីរែហ្វ នៅអង់ដូរ៉ា ធីអូដរ នៅក័រស៊ីកា និង"អធិរាជ" ន័រតុន នៅសាន់ហ្វ្រាន់ស៊ីស្កូ ។ នៅក្នុងករណីទាំងនោះ ពួកគេចង់សង្កត់ធ្ងន់លើការផ្លាស់ប្តូររបបដែលពួកគេបានណែនាំ ឬព្យាយាមណែនាំ។

ពួកស្តេចក្លែងក្លាយ

[កែប្រែ]

វា​ជា​ប្រពៃណី​ក្នុង​ចំណោម​អ្នក​រាជានិយម​បារាំង​ក្នុង​ការ​បន្ត​រាប់ស្តេច​ក្លែង​ក្លាយ ​របស់​ពួកគេ​ទោះបី​ជា​ពួកគេ​មិន​ធ្លាប់​សោយរាជ្យ​ក៏ដោយ។ អាស្រ័យហេតុនេះ អ្នកគាំទ្រនៃអតីតកុងនៃប៉ារីស នឹងហៅគាត់ថាជា ស្តេចហង់រីទី៧ ទោះបីជាមានបុរសតែបួននាក់ដែលមានឈ្មោះថា "ហង់រី" ជា ស្តេចនៃប្រទេសបារាំង ក៏ដោយ។

លេខលំដាប់ដែលមិន​ជាប់​គ្នា​អាច​បង្ហាញ​ពី​ការ​ទាមទារ​រាជវង្ស​សម្រាប់​ក្សត្រ​ដែល​មិន​បានសោយរាជ្យ។ ជាឧទាហរណ៍ បន្ទាប់ពី ស្តេចល្វីទី១៦នៃប្រទេសបារាំង ត្រូវបានប្រហារជីវិតក្នុងកំឡុង បដិវត្តន៍បារាំង ពួកអ្នកគាំទ្រព្រះអង្គ ចាត់ទុកថាព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយបុត្រារបស់ទ្រង់ ដែលពួកគេបានហៅថា ល្វីទី១៧។ ទោះបីជាព្រះរាជកុមារបានចូលទីវង្គតនៅក្នុងគុកប៉ុន្មានឆ្នាំក្រោយមក ហើយមិនដែលសោយរាជ្យក៏ដោយ ក៏ព្រះបិតុលាព្រះអង្គដែលបានឡើងគ្រងរាជ្យបល្ល័ង្ករបស់បារាំងនៅក្នុងការស្តាររាជវង្សបួរបុងឡើងវិញ បានយកព្រះនាមថា ល្វីទី១៨ ដើម្បីទទួលស្គាល់សិទ្ធិរបស់រាជវង្សរបស់ទ្រង់។ ស្រដៀងគ្នានេះដែរ បន្ទាប់ពីរបបរបស់អធិរាជណាប៉ូឡេអុងទី១ បានដួលរលំ ទ្រង់បានដាក់រាជ្យថ្វាយរាជបុត្រាព្រះជន្ម៤វស្សា ដែលត្រូវបានប្រកាសថាជាណាប៉ូឡេអុងទី២។ ព្រះចៅអធិរាជវ័យក្មេងត្រូវបានទម្លាក់ពីតំណែងត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមកដោយគូប្រជែងនៅអឺរ៉ុបរបស់ណាប៉ូឡេអុង ហើយមិនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ។ ប៉ុន្តែនៅពេលដែលបងប្អូនជីដូនមួយរបស់ព្រះអង្គគឺ ល្វី ណាប៉ូឡេអុង បូណាប៉ាត បានប្រកាសខ្លួនឯងជាអធិរាជនៅឆ្នាំ១៨៥២ ដោយបានប្រកាសខ្លួនឯងថាជា ណាប៉ូឡេអុងទី៣ ជាការទទួលស្គាល់អ្នកស្នងតំណែងមុនរបស់ទ្រង់។

ការប្រើប្រាស់របស់ពួកហ្សាកូបែត

[កែប្រែ]

បន្ទាប់ពីបដិវត្តន៍ដ៏រុងរឿង ខ្សែស្រលាយបន្តពីស្តេចដែលគេបណ្តេញចេញពីបល្ល័ង្ក ជេមទី៧និងទី២ បានទាមទាររាជ្យបល្ល័ង្កហើយប្រកាសខ្លួនឯងថាជា ជេមទី៨និងទី៣ ឆាលទី៣ និង ហង់រីទី៩និង១។ ពួកគេបានរាប់លេខរៀងខ្លួនដាច់ដោយឡែកពីគ្នាសម្រាប់ស្កុតឡែន និងអង់គ្លេស ពីព្រោះពួកគេមិនទទួលស្គាល់ ច្បាប់នៃសហភាព ដែលបានបញ្ចូលនគរទាំងពីរទៅជាតែមួយក្នុងឆ្នាំ១៧០៧ ថាមានសុពលភាព។

កូនចៅស្របច្បាប់ចុងក្រោយរបស់ស្តេចជេមទី៧ បានស្លាប់នៅឆ្នាំ១៨០៧ ហើយសិទ្ធិទាមទារបានបញ្ជូនទៅកូនចៅរបស់អនុជរបស់ទ្រង់ ហេនរីអ៊ែតតា ឌុចឈែសនៃអរលីយ៉ុង។ ទោះបីជាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានទាមទារយ៉ាងសកម្មនូវបល្ល័ង្កក៏ដោយក៏អ្នកគាំទ្ររបស់ពួកគេបានកំណត់ឱ្យពួកគេនូវលេខលំដាប់ដែលពួកគេ "គួរមាន" ។ ជាឧទាហរណ៍ ចាប់ពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩៥៥ ការទាមទារនេះត្រូវធ្លាក់ចំ "រូប៊ើតទី១ និងទី៤" ដែលត្រូវបានដាក់លេខសម្រាប់ប្រទេសអង់គ្លេស និងស្កុតឡែនរៀងៗខ្លួន។

ទំនៀមទម្លាប់នេះបច្ចុប្បន្នមិនត្រូវបានអនុវត្តតាមដោយក្រុមជនជាតិផ្សេងទៀតក្រៅពីជនជាតិបារាំង និងជនជាតិអង់គ្លេស (ហ្សាកូបែត) ដែលមានលក្ខណៈប្លែកពីគេ ដោយក្រុមរាជានិយមមកពីប្រជាជាតិផ្សេងទៀតជាធម្មតាមិនប្រើលេខលំដាប់រាជ្យសម្រាប់អ្នកក្លែងបន្លំដែលពួកគេគាំទ្រនោះទេ។

ម្ចាស់ក្សត្រីជាព្រះជាយា

[កែប្រែ]

ខណៈដែលស្តេចសោយរាជ្យប្រើលេខលំដាប់ តែវាមិនត្រូវបានប្រើសម្រាប់ព្រះជាយាព្រះអង្គទេ។ ដូច្នេះ ខណៈពេលដែល ស្តេចចចទី៥ បានប្រើលេខលំដាប់ដើម្បីសម្គាល់ព្រះអង្គពីស្តេចដទៃទៀតនៅក្នុងចក្រភពអង់គ្លេសដែលហៅថា ចចនោះ មហេសីរបស់ទ្រង់គឺ ម្ចាស់ក្សត្រីម៉ារី មិនមានលេខលំដាប់សំគាល់ទេ។

ការខ្វះលេខលំដាប់នៅក្នុងករណីនៃព្រះរាជមហេសីធ្វើឱ្យមានភាពស្មុគស្មាញដល់ការកត់ត្រាប្រវត្តិសាស្ត្រ ព្រោះប្រហែលជាមានមហេសីមួយចំនួនដែលមានព្រះនាមដូចគ្នាដោយគ្មានវិធីបែងចែករវាងពួកព្រះអង្គឡើយ។ ដោយហេតុផលនោះ ជួនកាលមហេសីព្រះមហាក្សត្រ គឺបន្ទាប់ពីការសោយទិវង្គតរបស់ពួកទ្រង់ ត្រូវបានគេកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ និងសព្វវចនាធិប្បាយ ដោយប្រើឈ្មោះមុនពេលរៀបអភិសេក​ ឬប្រសិនបើពួកគេមកពីរាជវង្ស ឬគ្រួសារអភិជន គេយកនាមនៃរាជង្សឬប្រទេសកំណើត។ ជាឧទាហរណ៍ មហេសីទីប្រាំរបស់ស្តេចហង់រីទី៨នៃប្រទេសអង់គ្លេស គឺ ខាតឺរីន​ ហាវវ៉ាដ (មានពូជពង្សអភិជន ប៉ុន្តែមិនមែនមកពីរដ្ឋអធិបតេយ្យភាព) ត្រូវបានគេស្គាល់ដោយនាមត្រកូលរបស់នាង ហើយមហេសីរបស់ចចទី៥ (ជាកូនចៅនៃគ្រួសារលោកឌុចនៃវើតេមប៊ើក) ត្រូវបានគេស្គាល់ជាទូទៅថា ម៉ារីនៃតិក (ជាឋានៈឪពុករបស់នាង) និងមហេសីរបស់ស្តេច អេដវ៉ាដទី៧ (បុត្រីនៃព្រះមហាក្សត្រនៃដាណឺម៉ាក) ត្រូវបានគេស្គាល់ជា អាឡិចសង់ដ្រានៃដាណឺម៉ាក ។

ឯកសារយោង

[កែប្រែ]
  1. Johannes Magnus. 1910 https://runeberg.org/nfbm/0036.html. {{cite encyclopedia}}: Missing or empty |title= (help)
  2. "Estats de la Couronne de Suede. 1719". The Map House of London. Jacques Chiquet. Archived from the original on 2020-02-23. Retrieved 2025-02-18.
  3. "Menilek II". Britannica. Retrieved 5 November 2020.
  4. (ជាen) Bradshaw's illustrated hand-book to Germany. 1867. p. 114. https://books.google.com/books?id=vGUDAAAAQAAJ&dq=reuss+numbering&pg=PA114. 
  5. (ជាen) Granta 165: Deutschland. 2023-11-23. ល.ស.ប.អ. 978-1-909889-60-6. https://books.google.com/books?id=Nj3kEAAAQBAJ&dq=reuss+heinrich+regnal+number&pg=PT285. 
  6. The life and times of his late majesty, George the fourth. London. 1830. p. xlix. https://archive.org/details/lifeandtimesgeo00crolgoog. 
  7. "Statute Law Revision (Pre-Union Irish Statutes) Act, 1962, Schedule 1". Irish Statute Book. Archived from the original on 29 May 2016. Retrieved 10 September 2016. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)