ល្បើកឡាហ្វុងតែន

ពីវិគីភីឌា

រឿង​ល្បើក​ឡាហ្វុង​តែន (Les Fables de Jean de La Fontaine)
ប្រែ​ពី​ភាសា​បារាំង​
លោក ផេង ជ្រីវ
(ទស្សនាវដ្តី​កម្ពុជសុរិយា ១៩៦៤)

ម្រឹត្យូវ​ និង ​អ្នក​កាប់​ឧស[កែប្រែ]

មាន​បុរស​កំសត់​ទុគ៌ត​ម្នាក់ រក​ស៊ី​កាប់​ឧស​លក់ ។ ថ្ងៃ​មួយ​កំពុង​តែ​លី​ឧស​មួយ​បាច់ ទាំង​មែក​ទាំង​ស្លឹក​យ៉ាង​ធ្ងន់ ខ្លួន​ក៏​ចាស់ ថ្ងូរ​ផង ដើរ​ផង ខ្នង​កោង ៗ ក្បាល​ងក់ ៗ លើក​ជើង​បោះ​ជំហាន​ស្ទើរ​មិន​រួច គាត់​ខំ​ប្រឹង​ទៅ​ឲ្យ​ដល់​ខ្ទម​កន្រ្ទួច​រុំ​សុទ្ធ​តែ​ផ្សែង​ភ្លើង ។ ដោយ​នឿយ​ព្រួយ​ពេក អស់​កម្លាំង​ស្ទើរ​ដក​ដង្ហើម​មិន​ដល់​គ្នា គាត់​ក៏​ទម្លាក់​បាច់​ឧស អង្គុយ​គិត​នឹក​ដល់​សេចក្ដី​ទុក្ខ​លំបាក​របស់​គាត់​ហើយ​ពោល​ថាៈ «អ្នក​ឯង​បាន​សេចក្ដី​សប្បាយ​យ៉ាង​ណា​ហើយ ចាប់​តាំង​ពី​អ្នក​ឯង​កើត​មក​ក្នុង​លោក​នេះ ! បើ​គិត​ឲ្យ​សព្វ​ទៅ មិន​គឺ​អ្នក​ឯង​ហ្នឹង​ហើយ ដែល​ជា​មនុស្ស​កំសត់​ជាង​គេ​នៅ​លើ​ដី​មូល​នេះ ! ជួន​កាល​ដាច់​ពេល ហើយ​មិន​ដែល​មាន​វេលា​ទំនេរ​សោះ ។ ប្រពន្ធ​អ្នក​ឯង កូន​ប្រុស​ស្រី ទាហាន ពន្ធដារ​សព្វគ្រប់ មេ​បំណុល​នឹង​កំណែន​ទាំង​អស់​នេះ បន្ថែម​បង្ហើយ​នូវ​សេចក្ដី​ក្រ​មក​លើ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​ឯង​ទៅ​ជា​មនុស្ស​លំបាក​វេទនា​មក​ដល់​សព្វ​ថ្ងៃ​នេះ » ។ គិត​ឃើញ​យ៉ាង​ដូច្នេះ​ហើយ ទើប​បុរស​កំសត់​ហៅ​ម្រឹត្យូវ​មក​កាច់​យក​ឲ្យ​ស្រឡះ​ទៅ ។ ម្រឹត្យូវ​មក​ភ្លាម ហើយ​សួរ​ថា ត្រូវ​ឲ្យ​វា​ធ្វើ​ដូចម្ដេច ។ បុរស​កំសត់​ឆ្លើយ​ថាៈ «យើង​ហៅ​រក​អ្នក​ឲ្យ​មក​ជួយ​លើក​ឧស​ដាក់​លើ​ស្មា​បន្តិច រួច​បង្អង់ ថយ​ចេញ​ឲ្យ​ឆាប់​ៗ​ទៅ » ។ ទោះបី​យើង​ចង់​ស្លាប់​ក៏​ដោយ តែ​សេចក្ដី​ស្លាប់​មក​ដល់​ហើយ រមែង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់ ស៊ូ​រង​ទុក្ខ​វេទនា​ជា​ជាង​ស្លាប់ៈ ហ្នឹង​ហើយ​ជា​បំណង​របស់​មនុស្ស​លោក ។

La Mort et le Bûcheron (Fable n° 16, Livre I)

Un pauvre Bûcheron tout couvert de ramée,
Sous le faix du fagot aussi bien que des ans
Gémissant et courbé marchait à pas pesants,
Et tâchait de gagner sa chaumine enfumée.
Enfin, n'en pouvant plus d'effort et de douleur,
Il met bas son fagot, il songe à son malheur.
Quel plaisir a-t-il eu depuis qu'il est au monde ?
En est-il un plus pauvre en la machine ronde ?
Point de pain quelquefois, et jamais de repos.
Sa femme, ses enfants, les soldats, les impôts,
Le créancier, et la corvée
Lui font d'un malheureux la peinture achevée.
Il appelle la mort, elle vient sans tarder,
Lui demande ce qu'il faut faire
C'est, dit-il, afin de m'aider
À recharger ce bois ; tu ne tarderas guère.
Le trépas vient tout guérir ;
Mais ne bougeons d'où nous sommes.
Plutôt souffrir que mourir,
C'est la devise des hommes.

លា​ និង ​ឆ្កែ[កែប្រែ]

ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក នេះ​ហើយ​ជា​ច្បាប់​លោក​នៅ​លើ​ផែន​ដី ។ ថ្ងៃ​មួយ បុរស​ម្នាក់​បណ្ដើរ​លា​នឹង​ឆ្កែ​ទៅ​ក្នុង​ព្រៃ ។ ដល់​ទី​ដំណាក់ ម្ចាស់​វា​ឈប់​ក្រោម​ឈើ​មួយ​ដើម ហើយ​ដេក​លក់​ទៅ ៗ ។ លា​គិត​តែ​ស៊ី​ស្មៅ​ខ្ចី​លាស់​ល្អ​នៅ​ទី​វាល​មួយ ។ ក្នុង​ពេល​នោះ ឆ្កែ​ឃ្លាន​បាយ​ពេក​ទើប​អង្វរ​លា​ថា ៖ អាណិត​គ្នា​ទៅ អា​សំឡាញ់ ចូរ​ឯង​បន្ទាប​ខ្លួន​មក អញ​នឹង​បាយ​ក្នុង​កញ្ជើប​បន្តិច​ស៊ី ដ្បិត​អញ​ឃ្លាន​ណាស់ ។ លា​នៅ​ស្ងៀម​គ្មាន​ឆ្លើយ​មួយ​ម៉ាត់​សោះ ខ្លាច​ខាត​ពេល​ស៊ី​ស្មៅ ឆ្កែ​អង្វរ​យូរ​ណាស់​ទើប​លា​ឆ្លើយ​ថាៈ អា​សំឡាញ់ ! អញ​ប្រាប់​អា​ឯង​ឲ្យ​ដឹង ចាំ​ម្ចាស់​ក្រោក​ឡើង​ពី​សម្រាន្ត​សិន លុះ​លោក​ក្រោក​ឡើង ចំណែក​អា​ឯង​គង់​តែ​មាន​ទេ កុំ​ភ័យ​ឡើយ ។ ឱកាស​នោះ ទទួល​មាន​ចចក​ចេញ​ពី​ព្រៃ​មក ដេញ​ខាំ​លា​ភ្លាម លា​ស្រែក​ហៅ​ឆ្កែ​ឲ្យ​ជួយ ឆ្កែ​មិន​កំរើក​សោះ ឈរ​តែ​មើល​ធ្វើ​ព្រងើយ ហើយ​ស្រែក​ប្រាប់​ទៅ​លា​ថាៈ អា​សំឡាញ់ ! អញ​ប្រាប់​ឲ្យ​អា​ឯង​ខំ​រត់​លឿន​សិន ចាំ​ម្ចាស់​យើង​ក្រោក​ឡើង លោក​មិន​ចេះ​បង្អែ​បង្អង់​ទេ ខំ​ផាយ​រត់​ឲ្យ​លឿន បើ​ចចក​តាម​ទាន់ ធាក់​បំបែក​មាត់​វា​មួយ​ជើង​ទៅ ព្រោះ​គេ​ទើប​នឹង​ដាក់​ដែក​ឲ្យ​ថ្មី ៗ បើ​អា​សំឡាញ់​ជឿ​តាម​អញ​ចូរ​ឯង​ធាក់​វា​ឲ្យ​ដួល​ល​មើល ។ ឆ្កែ​កំពុង​តែ​និយាយ ចចក​ហែក​លា​ស៊ី​រលីង ។ (សុភាសិត​ខ្មែរៈ សង​សឹក ជា​ការ​កំឡៅ) ។

ត្រី​ និង ​ក្អែក​ទឹក[កែប្រែ]

មិន​មាន​ត្រពាំង​ណា​មួយ​នៅ​ជិត​ខាង ដែល​ក្អែក​ទឹក​នេះ​មិន​បាន​ចាប់​ត្រី​យក​មក​បរិភោគ​សោះ បឹង​បួរ​ទាំង​ប៉ុន្មាន​ត្រូវ​បង់​ពន្ធ​ឲ្យ​ក្អែក​ទឹក​គ្មាន​សល់ ។ ម្ហូប​ចំណី​មាន​បរិបូណ៌ លុះ​ជរា​មក​សង្កត់​សង្កិន​សត្វ​នេះ​វេលា​ណា ម្ហូប​ចំណី​មាន​មិន​គ្រប់​គ្រាន់ ចាប់​ត្រី​មិន​បាន ព្រោះ​ខ្លួន​ចាស់ ក្អែក​ទឹក​ដទៃ​ទាំង​អស់​ត្រូវ​ខំ​ប្រឹង​ស្វែង​រក​ដោយ​ខ្លួន​ឯង ។ ក្អែក​យើង​នេះ​ចាស់​ពេក មុជ​ទឹក​ចាប់​ត្រី​មិន​បាន កើត​ទុក្ខ​ខ្លាំង​អំពី​ការ​អត់​អាហារ ។ បើ​ដូច្នេះ តើ​ធ្វើ​ដូច​ម្ដេច ? សេចក្ដី​ត្រូវ​ការ​នាំ​សត្វ​ឲ្យ​បែក​ប្រាថ្នា ។ កំពុង​តែ​ទំ​លើ​មែក​ឈើ ក្អែក​ទឹក​ស្រាប់​តែ​ក្រឡេក​ទៅ​ឃើញ​កំពឹស​មួយ​វា​រគើម ៗ នៅ​មាត់​ត្រពាំង ។ ក្អែក​ទឹក​មាន​វាចា​ទៅ​កាន់​កំពឹស​ថា នែ​សំឡាញ់ ! ចូរ​ឯង​នាំ​ដំណឹង​ដ៏​សំខាន់​នេះ ទៅ​ប្រាប់​ដល់​ញាតិ​សន្ដាន​ឯង​ឲ្យ​បាន​ដឹង​គ្រប់​គ្នា​ថាៈ ពេល​នេះ​មុខ​ជា​ត្រូវ​ស្លាប់​អស់​ហើយ នៅ​តែ​ប្រាំ​បី​ថ្ងៃ​ទៀត​ម្ចាស់​ត្រពាំង​នឹង​មក​ចាប់​យក​ទៅ​ស៊ី​អស់​ជា​មិន​ខាន ។ កំពឹស​ប្រញាប់​ត្រឡប់​ទៅ​ប្រាប់​ហេតុ​អកុសល​ដល់​អ្នក​នៅ​ក្នុង​ទឹក​ទាំង​អស់ ។ ការ​ជ្រួល​ច្របល់​យ៉ាង​ធំ​កើត​មាន​ឡើង​មួយ​រំពេច ។ ពួក​សត្វ​ទឹក​ទាំង​ប៉ុន្មាន​ហែល​មក​ច្រជុំ​គ្នា ដើម្បី​រក​មធ្យោបាយ​ដោះ​ខ្លួន ក៏​សួរ​ការណ៍​នេះ​នឹង​បក្សី​ថាៈ «ឱ​ព្រះ​តេជ​ព្រះ​គុណ​ក្អែក​ទឹក លោក​បាន​ពត៌មាន​ហ្នឹង​ពី​ណា​មក? តើ​លោក​យល់​ថា ជា​ដំណឹង​ពិត​ឬ​មិន​ពិត ចំពោះ​រឿង​ហ្នឹង តើ​លោក​បាន​ដឹង​ពិត​ប្រាកដ​មែន​ឬ ? តើ​លោក​យល់​ឃើញ​ផ្លូវ​ដូច​ម្ដេច​ទៀត ដើម្បី​ដោះ​ស្រាយ​ឬ​ទេ ? តើ​លោក​យល់​ឃើញ​ផ្លូវ​ដូច​ម្ដេច​ដើម្បី​ដោះ​ស្រាយ​ឬ​ទេ ? តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​ស្រួល ? ។ - ក្អែក​ទឹក​ឆ្លើយ​ថា​ត្រូវ​តែ​ផ្លាស់​កន្លែង ។ - បើ​ដូច្នេះ យើង​ខ្ញុំ​នឹង​ត្រូវ​ប្រតិបត្តិ​បែប​ណា ? ។ - អ្នក​រាល់​គ្នា​កុំ​ព្រួយ អញ​ធានា​ពាំ​យក​អ្នក​រាល់​គ្នា​មួយ​ម្ដង ៗ ទាល់​តែ​អស់​ទៅ​ទុក​កន្លែង​អញ ហើយ​កន្លែង​នោះ​មាន​តែ​អញ​នឹង​ទេព្តា​ទើប​ស្គាល់​ផ្លូវ ជា​កន្លែង​យ៉ាង​ស្ងាត់ ជា​ត្រពាំង​មួយ​កើត​ក្នុង​ព្រៃ មនុស្ស​ក្បាល​ខ្មៅ​មិន​ស្គាល់​ទេ មាន​តែ​កន្លែង​ហ្នឹង​ទេ ដែល​អាច​ជួយ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​បាន ។ ពួក​សត្វ​ទឹក​ជឿ​ជាក់​ក្នុង​ចិត្ត ។ ក្អែក​ទឹក​ពាំ​មួយ​ម្ដង ៗ យក​ទៅ​ទុក​នៅ​កន្លែង​មួយ​ក្រោម​ថ្ម​យ៉ាង​ចង្អៀត មិន​មាន​អ្នក​ណា​ទៅ​ត្រង់ ។ ហើយ​ក្អែក​ទឹក​អា​ខូច​ស៊ី​មួយ​ថ្ងៃ​មួយ ៗ មិន​បាច់​នឿយ​ព្រួយ​ទៅ​មុជ​ចាប់​ក្នុង​បឹង ។ (សុភាសិតៈ ចូរ​កុំ​ជឿ​អ្នក​ណា​ដែល​ស៊ី​ខ្លួន​ជា​អាហារ ) ។

នាង​លក់​ទឹក​ដោះ​ និង ​ក្អម​ទឹក​ដោះ[កែប្រែ]

នាង «ពែរ៉ែត» ដាក់​ក្អម​លើ​រង្វេល​ស្រួល​ហើយ ក៏​លើក​ទូល​ប្រាថ្នា​មិន​ចង់​បង្អែ​បង្អង់ ដើម្បី​ឲ្យ​ដល់​ផ្សារ​ឆាប់ ស្លៀក​សំពត់​ធម្មតា កង្ខើញ​ឡើង​យ៉ាង​ខ្លី ពាក់​ស្បែក​ជើង​បាត​រាប ដើរ​បោះ​ជំហាន​វែង ៗ កំពុង​តែ​ដើរ នាង​នោះ​នឹក​គិត​តម្លៃ​ទឹក​ដោះ​ថាៈ បើ​អញ​យក​ថ្លៃ​ទឹក​ដោះ ទៅ​ទិញ​ស៊ុត​មាន់ មិន​មែន​បាន ១ រយ ! ភ្ញាស់​ទៅ​បាន​បី​សំបុក រឿង​នោះ​នឹង​សម្រេច​ដូច​ប្រាថ្នា ដោយ​ការ​ប្រឹង​ប្រែង​ឲ្យ​ហ្មត់ចត់ ហើយ​ចិញ្ចឹម​កូន​មាន់​នៅ​ជុំ​វិញ​ផ្ទះ ជា​ការ​មិន​ពិបាក​ឡើយ បើ​កញ្ជ្រោង​ប្រសប់​យ៉ាង​ដូច​ម្ដេច ក៏​មិន​លែង​ទុក​ឲ្យ​អញ​ទៅ​ទិញ​បាន​កូន​ជ្រូក​មួយ ចិញ្ចឹម​ជ្រូក​ក៏​មិន​អស់​កន្ទក់​ប៉ុន្មាន ដល់​វា​ធាត់​ធំ​កាល​ណា អញ​លក់​បាន​ប្រាក់​ច្រើន​អញ​យក​ប្រាក់​ហ្នឹង​ទៅ​ទិញ​មេ​គោ​មួយ​ដាក់​ក្នុង​ក្រោល យូរ​ទៅ​កើត​បាន​កូន​មួយ ដែល​អញ​ឃើញ​វា​លោត​ហក់​កញ្ឆេង​នៅ​កណ្ដាល​ហ្វូង ។ ដល់​ត្រង់​នេះ នាង​ពែរ៉ត សប្បាយ​ពេក ភ្លេច​ខ្លួន លោត​ដែរ ក្អម​ទឹក​ដោះ​ធ្លាក់​ខ្ពោក​បែក​ខ្ចាយៈ លា​ហើយ ! កូន​គោ មេ​គោ កូន​ជ្រូក កូន​មាន់ ។ ពែរ៉ត​មុខ​ស្ងួត ដើរ​ចេញ​ពី​ទឹក​ដោះ​ដែល​កំពុង​ហូរ​រហាច​ពេញ​ដី ហើយ​មក​សុំ​អភ័យ​ទោស​ពី​ប្ដី ព្រោះ​ខ្លាច​ប្ដី​វាយ ។
"នារី​ណា​ប្ដី​ជេរ​ប្រទេច​ក្ដី ឬ​ប្ដី​សំឡឹង​សំឡក់​ដោយ​ក្ដី​ក្រោធ​ក្ដី នៅ​តែ​ធ្វើ​ទឹក​មុខស្រស់​ស្រាយ​ញញឹម នារី​នោះ​ឈ្មោះ​ជា​ស្រី​គ្រប់​លក្ខណ៍ ។ ស្រី​ណា ​ស្រឡាញ់​ប្ដី ទោះ​ជា​ប្ដី​នៅ​ក្រុង ឬ​នៅ​ស្រុក​ព្រៃ ឬ​ពុំ​នោះ​ទេ ជា​ប្ដី​គ្មាន​បុណ្យ ឬ​មាន​បុណ្យ​ក្ដី ស្រី​នោះ​ទើប​លោក​ទាំង​មូល​ឲ្យ​សេចក្ដី​សុខ ។ សេចក្ដី​ពិត ភស្ដា​ជា​គ្រឿង​អលង្ការ​នៃ​នារី​ទាំង​ឡាយ នារី​ឥត​ភស្ដា ឈ្មោះ​ជា​មិន​មាន​គ្រឿង​អលង្ការ បើ​ទុក​ជា​មាន​រូប​ល្អ ក៏​ឈ្មោះ​ថា​មិន​មាន​រូប​ល្អ​ដែរ ។" (ស្រី​ហិតោបទេស)

យាយ​ចាស់ ​និង ​ស្រី​បម្រើ​ពីរ​នាក់[កែប្រែ]

យាយ​ចាស់​ម្នាក់ មាន​ស្រី​បម្រើ​ពីរ​នាក់ ។ នាង​ទាំង​ពីរ ត្រូវ​តែ​រវៃ​នឹង​ខោរ​អម្បោះ​រាល់​ថ្ងៃ គ្មាន​ឈប់​ទំនេរ ។ យាយ​ចាស់​គ្មាន​ព្រួយ​អ្វី ក្រៅ​តែ​ពី​ចែក​មុខ​ងារ ឲ្យ​នាង​ទាំង​ពីរ​ធ្វើ​ប៉ុណ្ណោះ ។ កាល​ណា​ព្រះ​អាទិត្យ​បំរុង​នឹង​រះ រហាត់​ត្រូវ​តែ​វិល ខ្នារ​អម្បោះ​ត្រូវ​ឲ្យ​មាន គឺ​ថា ត្រូវ​តែ​ឲ្យ​មាន​ការ​ធ្វើ ឥត​ឈប់​ឈរ​ឲ្យ​សោះ ។ កាល​ណា​មេឃ​ក្រហម​ឯ​កើត មាន់​ឈ្មោល​ចង្រៃ​មួយ ចាប់​រងាវ​ភ្លាម​យាយ​ចាស់​យើង ចង្រៃ​ជាង​មាន់​ទៅ​ទៀត ចាប់​ស្លៀក​សំពត់​ក្អែល​ក្រខ្វក់​គួរ​ឲ្យ​ខ្ពើម អុជ​ចង្កៀង​កាន់​ដើរ​តម្រង់​ទៅ​គ្រែ​ដែល​ស្រី​បម្រើ​ទាំង​ពីរ​កំពុង​តែ​ដេក តាម​អំពើ​ចិត្ត​នឹង​យ៉ាង​ឆ្ងាញ់ ។ នាង​មួយ​បើក​ភ្នែក​ព្រឹម​ៗ នាង​មួយ​ លាត​សន្ធឹង​ដៃ​ម្ខាង ហើយ​នាង​ទាំង​ពីរ​នេះ ក្ដៅ​ចិត្ត​ពេក ទើប​និយាយ​រងំ​ៗ​ថា អា​មាន់​ចង្រៃ​! អា​ឯង​ទៀង​តែ​ស្លាប់​មិន​ខាន​! ថា​ដូច្នោះ​ហើយ ស្រី​បម្រើ​ទាំង​ពិរ​លប​ទៅ​ចាប់​មួល​ក​មាន់​ស្លាប់ ដែល​ជា​សត្វ​សម្រាប់​រងាវ​ដាស់​រាល់​ព្រឹក​នោះ ។ ឃាតកម្ម​នេះ មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ចម្រើន​អ្វី​ដល់​ខ្លួន​សោះ មាន​តែ​ទម្លាក់​ទម្ងន់​មក​លើ​អាត្មា​លើស​មុន​ថែម​ទៀត គឺ​ថា​ផ្ទុយ​ទៅ​វិញ​ស្រី​បម្រើ​ទើប​តែ​នឹង​ដេក យាយ​ចាស់ ដោយ​បារម្ភ​ខ្លាច​ក្រែង​ហួស​ម៉ោង ក៏​ដើរ​កុប​ៗ ដូច​ជា​ម្រិញ​គង្វាល ពេញ​ទាំង​ផ្ទះ (ដាស់​ស្រី​បម្រើ​ឲ្យ​ឡើង​ធ្វើ​ការ) ។ ដូច្នេះ​ហើយ បាន​ថាៈ ជា​ញឹក​ញយ​ណាស់ កាល​ណា​គេ​គិត​នឹង​ដោះ​ខ្លួន​ឲ្យ​ចេញ​រួច​ពី​កិច្ចការ​ដ៏​អាក្រក់​អ្វី​មួយ (ជួនកាល) គេ​រឹត​ចូល​កាន់​តែ​ជ្រៅ​លើស​មនុស្ស​ថែម​ទៀត ភស្ដុតាង​ដូច​ស្រី​បម្រើ​ទាំង​ពីរ​ដែល​ត្រូវ​ទទួល​រង្វាន់​ធ្ងន់​លើស​មុន ។ លុះ​អត់​ពី​មាន់​ទៅ (គ្មាន​អ្វី​ជា​គោល) យាយ​ចាស់​ធ្វើ​ឲ្យ​ស្រី​បម្រើ​មាន​ការ​លំបាក​ច្រើន​ហួស​ប្រមាណ ។

មនុស្ស​ព្រៃ​ និង ​អ្នក​ដំណើរ[កែប្រែ]

នៅ​រូង​ភ្នំ មនុស្ស​ព្រៃ​នឹង​កូន រៀបចំ​បរិភោគ​បបរ ដោយ​លើក​ភាជន៍​ហុត ។ គេ​បាន​ឃើញ​ប្ដី​ប្រពន្ធ​នឹង​កូន នាំ​គ្នា​អង្គុយ​លើ​ស្មៅ​គ្មាន​កម្រាល​គ្មាន​សំពត់​អ្វី​ឡើយ តែ​ទាំង​អស់​គ្នា បរិភោគ​យ៉ាង​ឆ្ងាញ់ ។ (ឱកាស​នោះ) មាន​អ្នក​ដំណើរ​ម្នាក់ រងា​ញាក់​ចូល​ទៅ​ក្នុង​រូង​នោះ ដើម្បី​សុំ​ជ្រក​ភ្លៀង ។ មនុស្ស​ព្រៃ​ក៏​អញ្ជើញ​អ្នក​ដំណើរ​ឲ្យ​បរិភោគ​បបរ​របស់​ខ្លួន​ជា​មួយ ។ ភ្ញៀវ​ក៏​ព្រម​ទទួល​តាម​សេចក្ដី​អញ្ជើញ​ឥត​បង្អែ​បង្អង់ ។ ដំបូង​អ្នក​នេះ កំដៅ​ម្រាម​ដៃ​ខ្លួន ដោយ​ផ្លុំ​ខ្យល់​ដាក់ ។ រួច​គាត់​ផ្លុំ​ដាក់​ចាន​បបរ​ក្ដៅ ដែល​គេ​ហុច​ឲ្យ​មក​នោះ​ទៀត ។ ឃើញ​ដូច្នោះ មនុស្ស​ព្រៃ​ងឿង​ឆ្ងល់ ទើប​សួរ​ថា "​អ្នក​ធ្វើ​យ៉ាង​នេះ ប្រយោជន៍​អ្វី​? “ ។ អ្នក​ដំណើរ​ឆ្លើយ​ប្រាប់ "ផ្លុំ​ដំបូង ដើម្បី​កម្ដៅ​ដៃ​របស់​ខ្ញុំ ផ្លុំ​ម្ដង​ទៀត ដើម្បី​ធ្វើ​ឲ្យ​បបរ​ត្រជាក់​" ។ មនុស្ស​ព្រៃ​ពោល​ថាៈ "អ្នក​ត្រូវ​បន្ត​ដំណើរ​របស់​អ្នក​ទៅ​ទៀត​ចុះ " ។ ទេព្ដា​អើយ​! ខ្ញុំ​មិន​អាច​អាស្រ័យ​ដំណេក​ក្នុង​ផ្ទះ​ជា​មួយ​អ្នក​បាន​ទេ ។ ចូរ​ថយ​ចេញ លោក​អ្នក​ណា ដែល​មាន​មាត់​អាច​ផ្លុំ​ក្ដៅ​ផង​ត្រជាក់​ផង​បាន ។

ខ្លា​ឃ្មុំ​ និង ​មិត្រ​ពីរ​នាក់[កែប្រែ]

មិត្រ​ពីរ​នាក់ ដោយ​ត្រូវ​ការ​ប្រាក់​ជា​ប្រញាប់ ក៏​ទៅ​និយាយ​លក់​ស្បែក​ខ្លា​ឃ្មុំ​នៅ​រស់ (មិន​ទាន់​ចាប់​បាន) នឹង​អ្នក​ជិត​ខាង ជា​អ្នក​ជំនួញ​ស្បែក​សត្វ​មាន​រោម ។ លុះ​និយាយ​ត្រូវ​ថ្ងៃ​គ្នា ព្រម​ទាំង​ចុះ​កិច្ច​សន្យា​ហើយ​មិត្រ​ទាំង​ពីរ​ក៏​ចេញ​ស្វែង​រក​ខ្លា​ឃ្មុំ ហើយ​ប្រទះ​ឃើញ​មួយ​យ៉ាង​ធំ រត់​ដាក់​មក អ្នក​ទាំង​ពីរ​ភ័យ​ស្លុត ដូច​ជា​រន្ទះ​បាញ់​ត្រូវ​។ អា​ម្នាក់​ស្ទុះ​ឡើង​ទៅ​ពួន​ឯ​ចុង​ឈើ​ទាន់ អា​ម្នាក់​ទៀត ភ័យ​ត្រជាក់​ខ្លួន​ស្រេង​គិត​អ្វី​មិន​ទាន់ ក៏​ដេក​ផ្កាប់​មុខ​ធ្វើ​ជា​ស្លាប់ ព្រោះ​បាន​ឮ​គេ​និយាយ​ថា ខ្លា​ឃ្មុំ​មិន​សូវ​ដែល​ស៊ី​ខ្មោច​ស្លាប់​ស្រាប់​ទេ ។ ខ្លា​ឃ្មុំ​ឃើញ​មនុស្ស​ដេក​ស្រប៉ាប​នៅ​ដី ក៏​ស្មាន​ជា​មនុស្ស​ស្លាប់​មែន ។ ដោយ​ខ្លាច​គេ​បោក​បញ្ឆោត វា​ដើរ​ទៅ​ចាប់​បង្វិល​តៅ បង្វិល​មក ដើម្បី​ពិនិត្យ​មើល​ហើយ​ថែម​ទាំង​យក​ច្រមុះ​ទៅ​ជិត​ហិត​ដង្ហើម​មើល​ផង ។ ខ្លា​ឃ្មុំ​និយាយ​ថាៈ ប្រាកដ​ជា​ខ្មោច​មែន ត្រូវ​តែ​ថយ​ចេញ ព្រោះ​ធុំ​ក្លិន​ហើយ ។ ពោល​ដូច្នោះ​ហើយ ខ្លា​ឃ្មុំ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ជិត​ខាង​បាត់​ទៅ ។ មិត្រ​ម្នាក់​ដែល​ឡើង​ដើម​ឈើ ត្រឡប់​ចុះ​មក​វិញ រត់​ឆ្ពោះ​ទៅ​រក​មិត្រ​របស់​ខ្លួន ហើយ​និយាយ​ថា ជា​ការ​អស្ចារ្យ​ពេក​ណាស់​ហើយ ដែល​គ្រាន់​តែ​បាន​ភ័យ​ប៉ុណ្ណេះ រួច​គេ​សួរ​បន្ថែម​ថាៈ អើ! ចុះ​ម្ដេច​ទៅ ស្បែក​វា​នោះ​? វា​ខ្សឹប​ដាក់​ត្រចៀក​មិត្រ​ឯង ថា​ម្ដេច​ខ្លះ​? ព្រោះ​ឃើញ​វា​ចូល​ទៅ​ជិត​ណាស់ ហើយ​ចាប់​បង្វិល​មើល​មិត្រ​ឯង​នឹង​ជើង​វា​ផង ។ វា​បាន​ប្រាប់​អញ​ថាៈ មិន​ត្រូវ​លក់​ស្បែក​ខ្លា​ឃ្មុំ ដែល​គេ​មិន​ទាន់​សម្លាប់​នោះ​ទេ ។

សត្វ​សិង្ហ​ និង ​ព្រាន​ព្រៃ[កែប្រែ]

មនុស្ស​អំនួត​ម្នាក់ ជា​អ្នក​លេង​ខាង​បាញ់ ទើប​បាត់​ឆ្កែ​ពូជ​ល្អ​មួយ ហើយ​សង្ស័យ​ក្រែង​សិង្ហ​ចាប់​ស៊ី ក៏​ទៅ​ជួប​នឹង​អ្នក​គង្វាល​ពពែ​រួច​សួរ​ថា់ សូម​មេត្តា​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​នូវ​ទី​កន្លែង​នៃ​អា​មេ​ចោរ​លួច​ឆ្កែ​ខ្ញុំ​ផង ខ្ញុំ​នឹង​សង​សឹក​ឆ្កែ​ខ្ញុំ​ឲ្យ​បាន ។ អ្នក​គង្វាល​ពោល​ថាៈ ន៏​វា​នៅ​ភ្នំ​នុ៎ះ ខ្ញុំ​តែ​ជូន​ចៀម​មួយ​ឲ្យ​ដល់​វា​ទុក​ជា​សួយ​រាល់​ខែ បាន​ជា​ខ្ញុំ​អាច​គោចរ​បាន​នៅ​ទី​វាល តាម​សេចក្ដី​ប្រាថ្នា ហើយ​ខ្ញុំ​បាន​សុខ​អំពី​រឿង​នេះ​ដែរ ។ ក្នុង​ពេល​ដែល​ជន​ទាំង​ពីរ​នាក់ កំពុង​តែ​សន្ទនា​គ្នា ស្រាប់​តែ​សិង្ហ​មួយ​ចេញ​មក ដើរ​យ៉ាង​រហ័ស​មក​រក ។ អ្នក​អំនួត​ស្ទុះ​រត់​ក្លេត ហើយ​ស្រែក​បន់​ថា៖ ឱ​ព្រះ​គុណ​ទេព្ដា​អើយ​! សូម​លោក​មេត្តា​ជួយ​បង្ហាញ​ប្រាប់​ខ្ញុំ នូវ​កន្លែង​ណា​មួយ ដែល​អាច​ឲ្យ​ខ្ញុំ​រួច​រស់​ជីវិត​បាន ។ ដែល​ហៅ​ថា មាន​សេចក្ដី​ក្លាហាន​ដ៏​ពិត​ប្រាកដ​នោះ គឺ​នៅ​ត្រង់​ដែល​មាន​គ្រោះ​ភ័យ ជា​បន្ទាន់​នោះ​ឯង ។ ឧទាហរណ៍ ដូច​អ្នក​អំនួត​ដែល​ថា​ខ្លួន​ស្វែង​រក​សិង្ហ ស្រាប់​តែ​ផ្លាស់​ប្ដូរ​ពាក្យ​សំដី រួច​ស្ទុះ​រត់​ភ្លាម​ទៅ​ពេល​ដែល​ឃើញ​សិង្ហ​មក ។

"គួរ​គប្បី​ឲ្យ​មួយ​រយ តែ​មិន​គួរ​ធ្វើ​ឲ្យ​កើត វិវាទ​មួយ​ទេ នេះ​ជា​មតិ​នៃ​អ្នក​ប្រាជ្ញ សូម្បី​មិន​មាន​ចូល​ហេតុ​អ្វី​ ជា​មាំ​មួន ហើយ ក៏​ធ្វើ​វិវាទ​ដែរ នេះ​ជា​លក្ខណៈ មនុស្ស ។ " ស្រង់​ពី​សៀវភៅ​ស្រី​ហិតោបទេស